រដ្ឋាភិបាលកំពុងរកដំណោះស្រាយបញ្ហាប្រឈមនីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងពីរបានបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ និងដោះស្រាយទៅលើបញ្ហាប្រឈមធ្វើឱ្យប្រសើរឡើង នូវនីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ នៅក្នុងវិក្កយបត្ររួមតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស។

ក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំប្រជុំពិភាក្សានេះ តាមរយៈប្រព័ន្ធវិដេអូពីចម្ងាយ (Zoom)កាលពីថ្ងៃទី៩មិថុនា។

កិច្ចប្រជុំដែលដឹកនាំដោយ លោកលឹម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារ អ.ព.ដ. និង លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយក ដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារ ស.ក.ដ.។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីពិនិត្យទៅលើការបង់ពន្ធផ្លូវ ការបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូននិងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ ការបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងការបង់ពន្ធផ្លូវក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញ ក្នុងការសម្រួលនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ “ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស”។

នីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រា រួមគ្នា ត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

គំនិតផ្តួចផ្តើមនេះ ដើម្បីជួយសម្រួលដល់យន្តការងារ ដែលធានានូវភាពងាយស្រួល ចំណេញពេលវេលា ដល់ប្រជាពលរដ្ឋ ព្រមទាំងធានានូវប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ និងការប្រមូលពន្ធ និងទទួលបានការគាំទ្រ និងសាទរជាខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ គិតចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ការផ្ទរកម្មសិទ្ធិយានយន្តបានចំនួន២៥,០៤០គ្រឿងហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here