ដោយៈ តែម សុខុម
ញូវយ៉ក: វិនិយោគិនជាច្រើននាក់ កំពុងអំពាវនាវឱ្យក្រុមហ៊ុន Nike បើកប្រាក់ឈ្នួលដែលជំពាក់ជូន កម្មករ និយោជិតកាត់ដេរនៅកម្ពុជា និងប្រទេសថៃ ដែលអង្គការសិទ្ធិការងារនិយាយថា ជាប្រាក់ឈ្នួលដែលបាត់បង់ បន្ទាប់ពីការបិទរោងចក្រដោយសារកូវីដ-១៩។
ផ្អែកតាមលិខិតមួយច្បាប់ចុះថ្ងៃទី៧ ខែកញ្ញា ផ្ញើជូននាយកប្រតិបត្តិក្រុមហ៊ុន Nike លោក John Donahoe ដែល Reuters ទទួលបានបង្ហាញថា វិនិយោគិនទាំងនេះ ចង់ឱ្យក្រុមហ៊ុន Nike បើកប្រាក់ឈ្នួល ដែលជំពាក់ចំនួន២,២លានដុល្លារអាមេរិក ជូនកម្មករជាង៤.០០០នាក់ នៅក្រុមហ៊ុនផ្គត់ផ្គង់ចំនួន២ នៅប្រទេសកម្ពុជា និងថៃ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា។
-->

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយ ជុំវិញការចោទប្រកាន់នេះ។
សំណើរបស់វិនិយោគិននេះ អាចបន្ថែមសម្ពាធបន្ថែមទៀតដល់ក្រុមហ៊ុនសម្លៀកបំពាក់កីឡាខ្នាតយក្ស Nike ដែលគ្រោងរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា។
ក្រុមហ៊ុន Nike ប្រឈមមុខនឹងការត្រួតពិនិត្យ កាន់តែខ្លាំងឡើងលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន រួមទាំងការស៊ើបអង្កេតដោយបណ្ដាទីភ្នាក់ងាររបស់រដ្ឋាភិបាលកាណាដា និងសហរដ្ឋអាមេរិកផងដែរ។
ក្រុមហ៊ុន Nike បានបដិសេធការចោទប្រកាន់នេះ តាមរយៈសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួនមិនបានទទួលយកផលិតផលពីរោងចក្រនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មកម៉្លេះ ហើយថា ខ្លួនក៏បានរកឃើញថា “គ្មានភ័ស្តុតាង” ដែលបង្ហាញថា ខ្លួនជំពាក់ប្រាក់កម្មករនៅប្រទេសថៃនោះដែរ។
ជុំវិញបញ្ហានេះ ទាំងខាងភាគីរោងចក្រ Nike ក៏មិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានដែរ៕ Reuters៕