ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមអ្នកជំនាញកំពុងជំរុញឱ្យរដ្ឋាភិបាលពន្លឿនការអនុវត្តច្បាប់ Zoning ឬច្បាប់កំណត់តំបន់អភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ។
អវត្តមានឬ ការគ្មានច្បាប់កំណត់តំបន់អាចនាំឱ្យមានភាពចលាចលក្នុងវិស័យអចលនទ្រព្យ ដោយអ្នកអភិវឌ្ឍន៍នៅតែមានសេរីភាពក្នុងការសាងសង់អ្វីក៏បានតាមចិត្ត ហើយនៅទីបំផុត វាអាចនាំឱ្យមានបញ្ហាមួយចំនួនធំ ដូចជាការកកស្ទះចរាចរណ៍ ការបំពុលដោយសំឡេង និងគ្មានកន្លែងទីធ្លាបៃតង ដែលអាចរារាំងដល់ការប្រែក្លាយទីក្រុងភ្នំពេញទៅជាទីក្រុងមួយប្រកបដោយនិរន្តរភាព។
-->

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែចាប់ផ្តើមជំហាននានាដើម្បីអនុវត្តច្បាប់កំណត់តំបន់នៅទូទាំងរាជធានីភ្នំពេញ។
លោកបន្តថា“រដ្ឋាភិបាលត្រូវតែដាក់ចេញនូវច្បាប់កំណត់តំបន់ ដែលបែងចែកតំបន់ផ្សេងៗគ្នានៃរាជធានីក្រោមប្រភេទតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ហើយច្បាប់នោះក៏ត្រូវតែមានបទប្បញ្ញត្តិពិសេសដើម្បីការពារទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌ផងដែរ”។

លោក ឡោ វិចិត្រ បានគូសបញ្ជាក់ទៀតថា ច្បាប់កំណត់តំបន់នេះក៏ត្រូវតែអនុវត្តចំពោះបណ្តាទីក្រុងដែលកំពុងរីកចម្រើនដូចជា សៀមរាប ព្រះសីហនុ និងកំពតផងដែរ។
យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ថ្វីបើផែនការមេឆ្នាំ២០៣៥សម្រាប់រាជធានីភ្នំពេញ ផ្តល់នូវផែនការកំណើនប្រកបដោយនិរន្តរភាពសម្រាប់ទីក្រុងយ៉ាងណាក្តី ក៏ប៉ុន្តែផែនការ និងយន្តការអនុវត្តច្បាប់នេះ មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។
ជាក់ស្តែង“ផែនការមេឆ្នាំ២០៣៥” បានបង្ហាញពីគម្រោងផ្លាស់ប្តូររាជធានីភ្នំពេញទៅជាទីក្រុងមានស្តង់ដារអន្តរជាតិ និងជាទីក្រុងដែលផ្តល់សេវាសង្គមឱ្យបានកាន់តែប្រសើរឡើង ព្រមទាំងការពារបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ទីក្រុង។
លោក Jovany Antonio អ្នកប្រឹក្សាអចលនទ្រព្យឯករាជ្យសម្រាប់ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា និងជាអ្នកជំនាញខាងឧស្សាហកម្មឈានមុខគេបានលើកឡើងថា ច្បាប់កំណត់តំបន់អាចមានតម្លៃសម្រាប់ហេតុផលផ្សេងៗគ្នា ជាពិសេសនៅពេលសម្លឹងមើលវាពីទស្សនៈអចលនទ្រព្យលំនៅដ្ឋាន។

លោកបានបន្តថា “វាអាចបន្ថែមប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការ។ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺវាអាចរួមចំណែកដល់ការវាយតម្លៃអចលនទ្រព្យ”។
លោកបានបន្ថែមថា ច្បាប់នេះក៏អាចរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិត បង្កើតការវិនិយោគដែលមានភាពទាក់ទាញជាងមុន និងអាចនាំទៅដល់ការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ចផងដែរ។
លោកបានបញ្ជាក់ទៀតថា “វិនិយោគិននឹងកាន់តែមានទំនុកចិត្តខ្ពស់ ព្រោះពួកគេនឹងមានភាពច្បាស់លាស់ជាងមុន និងផ្តល់នូវការវិនិយោគកាន់តែមានសក្តានុពលដើម្បីទទួលបានទាំងតម្លៃ និងភាពរឹងមាំជាមួយនឹងការវិនិយោគនាពេលអនាគត”៕