ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកនាំពាក្យនៃអាជ្ញាធរអន្តោប្រវេសន៍ និងត្រួតពិនិត្យ (ICA) បានលើកឡើងថា សិង្ហបុរីកំពុងរង់ចាំការឆ្លើយតបរបស់ម៉ាឡេស៊ី ចំពោះសំណើសុំទិញដីតូចៗចំនួន២ឡូតិ៍ ដែលជាកម្មសិទ្ធិរបស់ស្នងការដែនដីសហព័ន្ធនៃប្រទេសម៉ាឡេស៊ី (Federal Lands Commissioner of Malaysia)។
អាជ្ញាធរICA របស់សិង្ហបុរី បានឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីរបាយការណ៍របស់កាសែត The Star ជាភាសាអង់គ្លេស បានចុះផ្សាយថា ប្រទេសម៉ាឡេស៊ី មិនទាន់សម្រេចចិត្តថាតើខ្លួននឹងលក់ដីចំនួន២ឡូតិ៍ នោះទៅឱ្យសិង្ហបុរីនៅឡើយនោះទេ។
-->

ICA បានអះអាងថា “បច្ចុប្បន្នដីចំនួនពីរឡូតិ៍នោះ មិនទាន់ត្រូវបានគេប្រើប្រាស់នៅឡើយទេ។ ទីតាំងដីនោះស្ថិតនៅចំកណ្តាលតំបន់ ដែលសិង្ហបុរីនឹងត្រូវអភិវឌ្ឍន៍ ទៅជាប៉ុស្តិ៍ត្រួតពិនិត្យច្រកព្រំដែនគោក Woodlands ថ្មីរបស់ខ្លួន”។
កាសែតម៉ាឡេស៊ីបានដកស្រង់សម្តី ឧត្តមស្នងការម៉ាឡេស៊ីប្រចាំប្រទេសសិង្ហបុរី គឺលោក Azfar Mohamad Mustafar មកចុះផ្សាយថា “វាជារឿងសមហេតុផលណាស់ សម្រាប់សិង្ហបុរីក្នុងការទិញយកដីនោះ”។
លោកក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងលក់ ឬប្តូរដី ដែលប្រទេសទាំងពីរបានធ្វើកន្លងមក នៅមិនទាន់សម្រេចចេញជាផ្លែផ្កាបានទេ។

នៅក្នុងរបាយការណ៍របស់កាសែត The Star លោក Datuk Azfar បានអះអាងថា “ដីទំនេរចំនួន២កន្លែងនោះ គ្របដណ្តប់លើផ្ទៃដីប្រហែល០,៩៣ហិកតា ហើយខ្ញុំបានស្នើរសុំការប្តូរដី ប៉ុន្តែរឿងនេះអាស្រ័យលើរដ្ឋាភិបាលសហព័ន្ធ ជាអ្នកធ្វើការសម្រេចចិត្ត”។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា “ប្រទេសសិង្ហបុរីបានទាមទារដី ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរម៉ាឡេស៊ី សម្រាប់យកទៅអភិវឌ្ឍប៉ុស្តិ៍ត្រួតពិនិត្យ Woodlands ថ្មីឡើងវិញ ហើយម៉ាឡេស៊ីនឹងសម្រួលដល់ការលក់ដីទាំងនោះ”។
គម្រោងពង្រីកប៉ុស្តិ៍ត្រួតពិនិត្យ Woodlands ថ្មី ឱ្យដល់ប្រហែល៥ដង នៃទំហំរបស់ប៉ុស្តិ៍ត្រួតពិនិត្យបច្ចុប្បន្ន គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥ និងចែកចេញជាច្រើនដំណាក់កាល៕