ស្ថានីយប្រេងឥន្ធនៈ ១៣៤កន្លែង ក្នុងចំណោមជាង ៥០០កន្លែង ត្រូវបានអាជ្ញាធររកឃើញថា បានលក់បន្លំគុណភាព និងបរិមាណ

0
មន្ត្រីសាខា ក.ប.ប. ក្នុងការអនុវត្តច្បាប់

យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង១០០កន្លែងក្នុងចំណោមជាង៥០០កន្លែងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បន្ដរកឃើញថា ប្រកបអាជីវកម្មមិនត្រឹមត្រូវតាមរយៈការលក់បន្លំបរិមាណ និងគុណភាពនៅក្នុងរយៈពេល៥ខែឆ្នាំនេះ។ ម្ចាស់ដេបូប្រេងឥន្ធនៈប្រកបអាជីវកម្មមិនត្រឹមត្រូវទាំងនេះ ត្រូវបានមន្ត្រីជំនាញ ក.ប.ប.ផាកពិន័យជាប្រាក់ និងធ្វើកិច្ចសន្យាដោយតម្រូវឱ្យកែតម្រូវបរិមាណនិងគុណភាពឲ្យស្របតាមច្បាប់ស្តីពីការពារអ្នកប្រើប្រាស់។

អាជ្ញាធរបន្ដរកឃើញដេប៉ូចំនួន ១៣៤ លក់ប្រេងបន្លំគុណភាព និងបរិមាណក្នុងករណីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រកឃើញម្ចាស់ដេប៉ូទាំងនេះបន្ត រកស៊ីមិនត្រឹមត្រូវនោះពួកគេនឹងត្រូវកសាងសំណុំបញ្ជូនទៅដោះស្រាយនៅតុលាការ។ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាង៥ខែកន្លងមកនេះមន្ត្រីអគ្គនាយកដ្ឋាន ក.ប.បបានចុះត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់នៅតាមស្ថានីយនិងដេប៉ូប្រេងឥន្ធនៈចំនួន៥៧៤ស្ថានីយ/ដេប៉ូ។ ក្នុងចំណោមស្ថានីយ/ដេប៉ូទាំងនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រកឃើញដេប៉ូចំនួន ១៣៤កន្លែងបានប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការលក់បន្លំគុណភាព និងបរិមាណ

មន្ត្រីសាខា ក.ប.ប. ក្នុងការអនុវត្តច្បាប់

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ក្រោយរកឃើញការប្រកបអាជីវកម្មមិនត្រឹមត្រូវ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.បានអនុវត្តវិធានការពិន័យជាប្រាក់លើម្ចាស់ដេប៉ូទាំងនោះ និងបានធ្វើកិច្ចសន្យាដោយតម្រូវឲ្យពួកគេបញ្ឈប់ការប្រកបអាជីវកម្មមិនស្មោះត្រង់ និងកែតម្រូវរាល់កំហុសឆ្គងឲ្យស្របតាមស្តង់ដារង្វាស់រង្វាល់ ដែលកំណត់ដោយច្បាប់ស្តីពីការពារអ្នកប្រើប្រាស់។ ប៉ុន្តែក្នុងករណីម្ចាស់ដេប៉ូទាំងនេះមិនរាងចាល ហើយបន្តធ្វើអាជីវកម្មមិនស្មោះត្រង់ នោះពួកគេអាចប្រឈមនឹងការកសាងសំណុំរឿងទៅតុលាការ បើសិនមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រកឃើញធ្វើអាជីកម្មមិនត្រឹមត្រូវម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here