វិស័យ​អចលនទ្រព្យ​នឹង​វិល​ទៅ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ប្រសិនបើ​ការធ្វើដំណើរត្រូវបាន​បើកចំហរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ រួមជាមួយ​នឹង​វិស័យ​ផ្សេងទៀត កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ការបិត​ខ្ទប់​ទីក្រុង​ភ្នំពេញ ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ប៉ុន្តែ​វិស័យនេះ​អាច​នឹង​វិលត្រឡប់ ទៅរក​ស្ថានភាព​ល្អប្រសើរ​បន្តិច​ឡើង​វិញ ប្រសិនបើ​ស្ថាន​ឆ្លង​ជំងឺ​ត្រូវបាន​ថមថយ ហើយ​រដ្ឋាភិបាល​ដក​បំ​រាម និង​បើក​ឱ្យ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ឡើងវិញ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ ក្រុមហ៊ុន​អចលនទ្រព្យ​នានា គឺ​មិន​អាចធ្វើ​អ្វី​បាន​នោះទេ ក្រៅតែពី​ការ​ស្នាក់នៅ​ក្នុងផ្ទះ និង​ចូលរួម​ជាមួយនឹង​រាជ​រដ្ឋ​ភិ​បាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នូវ​ជំ​ងឹ​កូ​វីដ១៩ ដែល​កំពុង​រីក​រាល​នៅក្នុង​ប្រទេស។

លោក​បាន​បន្តថា “នៅក្នុង​អំឡុង​ពេលនេះ គ្មាន​អ្វីដែល​ល្អប្រសើរ​នោះទេ ទាំង​ប្រតិបត្តិ​ការទិញ​លក់ និង​សកម្មភាពផ្សេងៗទៀត ហើយ​បច្ចុប្បន្ននេះ មាន​អចលនទ្រព្យ​ដែលមាន​តម្លៃ​សមរម្យ ប៉ុន្តែ​គ្មាន​អ្នកទិញ​នោះទេ” ។

លោក​សំ សុខ​នឿន បាន​បញ្ជាក់ថា នៅពេលដែល​ប្រជាពលរដ្ឋ​បាន​ចូលរួម​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ហើយ​អាចមាន​ភាព​ថមថយ​កាន់តែ​លឿន ដែល​អាចឱ្យ​រដ្ឋាភិបាល​ពិចារណា ក្នុងការ​បញ្ចប់​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេង និង​អនុញ្ញាតឱ្យ​ធ្វើឱ្យ​អាជីវកម្ម គ្រប់​ប្រភេទ​ឡើងវិញ នោះអ្វីៗនឹង​អាច​វិល​មករក​ស្ថានភាព​ដើម​វិញ​ជាបណ្ដើរ។

លោក​បន្តថា “តាម​ការរំពឹងទុករ​បស់​ខ្ញុំ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​បានបញ្ចប់ ដោយ​យើង​រួមគ្នា​ទប់ស្កាត់បាន នោះ​ទីផ្សារ​អចលនទ្រព្យ វា​នឹង​វិលត្រឡប់​មកវិញ ហើយ​ចលនា​នៃ​ការអភិវឌ្ឍន៍ ចលនា​ការសាងសង់ ចលនា​នៃ​ការទិញ​លក់​ក៏​នឹង​ត្រឡប់មកវិញ ប៉ុន្តែ​នេះ​គ្រាន់តែ​ការ​ព្យាករ​ទុក​តែប៉ុណ្ណោះ ចំពោះ​ស្ថានភាព​ជាក់ស្តែង​គឺ​មិនទាន់​ដឹង​នោះទេ” ។

ជាមួយគ្នានេះ លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century 21 Advance បាន​ទទួលស្គាល់ថា នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់ ទីក្រុង​ភ្នំពេញ​បានធ្វើឱ្យ ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន បាត់បង​ចំណូល​របស់ខ្លួន​ស្ទើរតែ១០០ភាគរយ រហូត​ធ្វើឱ្យ​អ្នករក​ស៊ីក្នុង​វិស័យនេះ​បាត់បង់​ចំណូល ជួប​បញ្ហា​ហិរញ្ញវត្ថុ និង​ត្រូវ​ចំណាយ​ជាប្រចាំ។

លោក​ថា “បើ​ស្ថានភាព​វិល​មករក​ប្រក្រតីភាព​វិញ កាន់តែ​លឿន នោះ​វា​នឹង​ជំរុញ  ឱ្យ​សកម្មភាព​ទីផ្សារ​គ្រប់​វិស័យ​កើតមាន​ដែរ ទាំង​ប្រតិបត្តិការ ទាំង​ការទិញ​លក់ និង​អាជីវកម្មផ្សេងៗ ហើយ​ក្នុងនោះ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ភ្នាក់ងារ ក៏​អាច​ប្រតិបត្តិការ​អាជីវកម្ម​វិញ​បានដែរ។ ពេលនោះអ្វីៗ នឹង​ល្អប្រសើរ​ជាង​ពេលនេះ” ។

រាជរដ្ឋាភិបាល​កបាន​សម្រេច​បន្ត​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ សម្រាប់​រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ​បន្តទៀត រហូតដល់​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។

ទោះជា​យ៉ាងណាក៏ដោយ យោងតាម​សេចក្តីសម្រេច​លេខ៥៤ សសរ ចុះ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១របស់​រាជរដ្ឋាភិបាល បញ្ជាក់ថា រយៈពេល​នៃ​ការបិទ​ខ្ទប់​នេះ អាច​ត្រូវបាន​បន្ត​បន្ថែមទៀត អាស្រ័យ​លើ​ការចូលរួម​អនុវត្តន៍ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់ និង​ស្ថានភាព​នៃ​ការវិវត្ត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ៕

តើ​ផ្នែក​អ្វីខ្លះ​នៃ​វិស័យ​អចលនទ្រព្យ​នៅតែមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត?

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញៈ ផ្នែក​ចំនួន៣នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ផ្នែក​ដទៃទៀត នៃ​វិស័យ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា។

អ​តី​តៈ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា (CREA) លោកស្រី​ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពីពេលថ្មីៗនេះ​ថា នៅលើ​ទីផ្សារ​អចលនទ្រព្យ​នៅពេល​បច្ចុប្បន្ននេះ ផ្នែក​ចំនួន៣ រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ឈានមុខ​គេ លើ​កម្លាំង​បញ្ជា​ទិញ ហើយ​នៅតែ​បន្តទៅ​ថ្ងៃ​ខាងមុខ​ទៀត ជាពិសេស​ក្រោយពេល​វិបត្តិ​ជំងឺឆ្លង​ជា​សាកល ត្រូវ​ផុតរលត់​ទាំងស្រុង។

លោកស្រី​បញ្ជាក់ថា “ប្រជាជន​កម្ពុជា​នៅតែ​បន្ត​មាន​តម្រូវការ លំនៅឋាន​សម្រាប់​ស្នាក់នៅ​ជាច្រើន​ទៀត ជាពិសេស​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​ការផ្គត់ផ្គង់​នៅពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ” ។ លោកស្រី​បន្តថា “លំនៅឋាន ជា​តម្រូវ​ការចាំបាច់​មុនគេ​របស់​មនុស្ស​គ្រប់រូប ដូច្នេះ​បន្ទាប់ពី​តម្រូវការ​អាហារ គឺ​លំនៅដ្ឋាន​នេះ​តែម្ដង។ ក្រោយពី​បំពេញតម្រូវការ​ទាំង២នេះ​គ្រប់គ្រាន់ ទើប​បំបែក​គោលបំណង​ទៅលើ​ការ​សន្សំទុក​នូវ​ទ្រព្យ តាមរយៈ​ការធ្វើ​អាជីវកម្ម និង​មុខ​ជំនួញផ្សេង” ។

ក្រៅពី​តម្រូវការ​ទីផ្សារ​ផ្នែក​លំនៅឋាន សម្រាប់ ដីធ្លី និង​ខុន​ដូ ក៏ត្រូវ​បាន​គេ​សម្លឹង​ឃើញថា មាន​ស្ថានភាព​ល្អប្រសើរ ក្នុងខណៈ​ពេលដែល​ផ្នែក​ដទៃទៀត នៅក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​ជួប​ភាពជាប់គាំង។

លោកស្រី ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ថា “ដីធ្លី​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​មានតម្លៃ​ចាប់ពី៥០ម៉ឺន​ដុល្លារ​ចុះក្រោម នៅតែមាន​តម្រូវការ ខណៈពេលដែល​អ្នកជំនួញ​នៅក្នុង​ផ្នែក​មួយ​នេះ នៅតែ​បន្ត​ស្វែងរក​ទិញ​ទុក​ធ្វើការ​វិនិយោគ​បន្ត​យកចំណេញ។ លោកស្រី​បន្ថែមថា “ដោយឡែក​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍ ក៏មាន​តម្រូវការ​ពី​អ្នក​ដែលមាន​ធនធាន​តិច ដែល​ចង​ទិញ​ទុក​ដោយ​ការ​សន្សំ ឬ​បង់​រំ​លោះ​សម្រាប់​សង់​លំនៅឋាន​ស្នាក់នៅ​ផងដែរ” ។

ដោយឡែក​សម្រាប់​ទីផ្សារ​ខុន​ដូ ត្រូវបាន​លោកស្រី​បញ្ជាក់ថា “បច្ចុប្បន្ន​ទីផ្សារ​ខុន​ដូ ក៏មាន​តម្រូវការ​ដូចគ្នា គ្រាន់តែ​មិន​ផុសផុល​ខ្លាំង​ដូច​កាលពី​ចុងឆ្នាំ២០១៩ ដែល​ភាគច្រើន​អ្នកទិញ​ជា​អតិថិជន​ក្នុងស្រុក ដែលមាន​តម្រូវការ​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ ដោយ​ក្នុងចំណោម​អ្នកទិញ​ទាំងនោះ​មាន២ប្រភេទ គឺ​អ្នកទិញ​ដែលមាន​តម្រូវការ​ជាក់ស្ដែង​ក្នុងការ​ស្នាក់​ដោយផ្ទាល់ និង​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត” ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កាលពីដើម​សប្ដាហ៍​នេះ ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ថា ប្រជាពលរដ្ឋ​ខ្មែរ នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន នៅតាម​គម្រោង​សាងសង់​លំនៅឋាន​នានា បើទោះជា​មានការ​រីក​រា​ល​ដាល​ជំងឺ Covid-19 ។

សម្ដេច​បាន​មានប្រសាសន៍​បន្តថា “ក្រុមហ៊ុនធំៗ ដែល​សម្តេច​បាន​ជួប​បាន​លើកឡើងថា ការលក់​គម្រោង​លំនៅឋាន​នានា នៅតែមាន គ្រាន់​តែមាន​ចំនួន​តិចជាង​មុន ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ថា ប្រជាជន​ខ្មែរ​នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន ទោះបី​មាន​វិបត្តិ Covid-19 ក៏ដោយ” ៕

តំបន់​ភាគ​ខាងលិច​នៃ​ក្រុងភ្នំពេញ​កំពុង​ទាក់ទាញ​គំរោង​ង​អភិវឌ្ឍន៍​លំនៅឋាន និង​តំបន់ឧស្សាហកម្ម

ដោយ​សហការី

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​បាន​ថ្លែងថា រាជធានី​ភ្នំពេញ​បាន និង​កំពុង​មានការ​រី​រក​ចំរើន​យ៉ាង​ឆាប់រ​ហ័យ លើ​វិស័យ​លំនៅឋាន រោងចក្រ សហគ្រាស យ៉ាងខ្លាំង​គួរឱ្យកត់សម្គាល់ នៅ​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ខណៈដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ដោះស្រាយ​លើ​ផលប៉ះពាល់ ជាពិសេស​ទឹកជំនន់​នា​រដូវ​ស្សា។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ” កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​ភ្នំពេញ​កាលពី​មុ​នេះ តាម​ផែនការ​គឺមាន​ឱ្យ​មនុ  ស្សរស់​តែ៣០ម៉ឺ​នាក់​គត់ នៅក្នុង​សម័យ​បារាំង​តែ​ដល់ពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​បាន កើនឡើង​ជាង៣លាន​នាក់ ដែល​ធ្វើ​ភូមិសាស្ត្រ​មានការ​រីកចំរើន និង​ពង្រីក​ក្រុង​ជាពិសេស​ភាគ​លិច​មានការ​រីកចំរើន​យ៉ាងខ្លាំង។

លោក​បន្តថា “ភាគ​ខា​លិច​នៃ​ទីក្រុង​ភ្នំពេញ មានការ​រីកចំរើន​យ៉ាង​ខ្លាំ​លើ​លំនៅឋាន និង​រោងចក្រ​សហគ្រាស​នានា​គួរឱ្យកត់សម្គាល់” ។ លោក​បន្ថែមថា “ខ្ញុំ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រមើល​ជាមួយ​ខ្ញុំ ពី​កំពង់ស្ពឺ មក​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ  ពីមុន​អម​សងខាង​ផ្លូវជាតិ​លេ​ល៤ គឺជា​ដីស្រែ​ស្តុក​ទឹក តែ​បច្ចុប្បន្ននេះ​មាន​សំណង់​ព្រោងព្រាត​ក្រោម​ការដឹកនាំ​ាំ​របស់​សម្តេច​តេ​ជោ” ។

លោក​បន្ថែមថា  អម​សងខាង​ផ្លូវជាតិ​លេខ៤ បាន​ក្លាយជា​តំបន់​ដែលមាន​រោងចក្រ​សហគ្រាស និង​មាន​លំនៅឋាន​អម​សងខាង​ផ្លូវ​ជាច្រើន​ផងដែរ។  នេះ​គឺជា​មោទនភាព​ជាតិ ដែល​យើង​ទទួលបាន​នូវ​សមិទ្ធិផល​យ៉ាង​ធំធេង​ក្រោម​ម្លប់​សន្តិភាព។

លោក​ឃួ​ង ស្រេង​បាន​បញ្ជាក់ថា ការរីកចំរើន​នេះ បានធ្វើ​ឱ្យមាន​ផល​លំបាក​ដល់​ការ​ជន​លិច​ទឹក​នៅ​ក្នុ​តំបន់​មួយចំនួន តែ​យ៉ាងណាក៏ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ក​យកចិត្តទុកដាក់​ដោះស្រាយ ធ្វើយ៉ាងណា​រំដោះ​ទឹកជំនន់​នា​រដូវវស្សា ជូន​ប្រជាពលរដ្ឋ​ឱ្យ​ខាន​តែ​បាន ហើយ​សូម​ពលរដ្ឋ​ពល​ល​រដ្ឋ សូម​មេ​ត្ត​យោគយល់​ចំពោះ​ផល​លំបាក់​នេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ គឺមាន​ការរីកចម្រើន និង​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​បុរី លំនៅឋាន និង​ឃ្លាំង​សម្រាប់​ដាក់​ទំនិញ ក្នុង​រយៈពេល​ប៉ុ​ន្មា​ឆ្នាំង​ចុងក្រោយ​នេះ។

លោក​បន្តថា “តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ កំពុង​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍បណ្តើរៗ ដោយសារតែ​បន់​កំពុងមាន​ការទាក់ទាញ​វិនិយោគ​ច្រើន ដោយសារ​មាន​កត្តា​ជាច្រើន​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អជា​ដើម” ។

នៅក្នុង​រយៈពេល២-៣ឆ្នាំ​កន្លងមកនេះ តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​មើលឃើញថា មាន​សកម្មភាព​ផុសផុល​ទៅលើ​ការទិញ-លក់​ដីធ្លី ជាពិសេស​សកម្មភាព​ពុះ​ដីឡូត៍​លក់​ជូន​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​ទាប និង​មធ្យម សម្រាប់​ទុក​សង់ផ្ទះ​នៅពេល​អនាគត​ផងដែរ៕

អ្នកជំនាញ​បង្ហាញ​ពី​អ្នកវិនិយោគ​អចលនទ្រព្យ៥ប្រភេទ ដែល​គួរ​សិក្សា​ស្វែងយល់

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ អ្នកជំនាញ​អចលនទ្រព្យ​មួយរូប បានបង្ហាញ​នូវ​អ្នកវិនិយោគ​អចលនទ្រព្យ៥ប្រភេទ ដែល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​ដឹង និង​សិក្សា​ស្វែងយល់។

អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property លោក​គា​ម សៀក​ឡុង បាន​សរស​រលើ​បណ្តាញ ទំនាក់ទំនង​សង្គម​របស់លោក​កាលពី​ថ្ងៃទី២៧ មេសា​កន្លងមក​ថា ប្រភេទ​អ្នកទិញ​អចលនទ្រព្យ ដែល​លោក​បានបង្ហាញ​ចំនួន៥ប្រភេទ​ដូចជា

១ អ្នកទិញ​ទុក​ចំណេញ

អចលនទ្រព្យ​លក់​បន្ទាន់ តម្លៃ​ក្រោម​ទីផ្សារ​ចន្លោះ​ពី១៥% ទៅ៣០% ដែលមាន​តម្លៃ​សរុប​ត្រូវ​នឹង​ទឹកប្រាក់ ដែល​គាត់​មានលទ្ធភាព និង​ទីតាំង​ដែល​គាត់​ចង់បាន។ គាត់​អាចមាន​លុយ​សុទ្ធ ឬ​មានលទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ពី​ធនាគារ ហើយ​ត្រូវការ​ពេលវេលា​សមរម្យ​មួយ ដើម្បី​លក់​វិញ​យកចំណេញ។

ជា​ប្រភេទ​អ្នកទិញ ឬ​អ្នកវិនិយោគ​ប្រើ​ម៉ាស៊ីន​គិត​លេខ ឬ​ខួរក្បាល វិភាគ​ពី​ចំណេញ​ខាត មុននឹង​សម្រេចចិត្ត។ ដូចនេះ​យើង​ត្រូវតែមាន​ទិន្នន័យ និង​ព័ត៌មាន​វិភាគ​គ្រប់គ្រាន់ និង​លំអិត ដើម្បី​ជួយ​គាត់​សម្រេចចិត្ត​ឱ្យបាន​លឿន។

២ អ្នកទិញលក់ៗរយៈពេល​ខ្លី

ស្រដៀង​ខាងលើ​ដែរ តែ​អ្នកទិញ​ប្រភេទ​នេះ គឺ​ទិញលក់ៗភ្លាម ដោយ​ប្រើ​រយៈពេល​ខ្លី ពេលខ្លះ​ទើប​កក់​ប្រាក់ ឬ ធ្វើ​កិច្ចសន្យា​ទិញ​លក់​រួច គាត់​ក៏​ដាក់លក់​វិញ​ភ្លាម។ ពេលខ្លះ​គាត់​កែច្នៃ ជួស​ជុស សំអាត ចាក់ដី ធ្វើ​របង​ព្រំ រួច​ក៏​ដាក់​វិញ ហើយ​ពេលខ្លះ​ក៏​លក់​វិញ​ដោយ​មិន​កែឆ្នៃ​អ្វី​នោះដែរ។

៣ អ្នកទិញ​សម្រាប់​រស់នៅ​ឬ​ប្រើប្រាស់

គោលបំណង​របស់គាត់​គឺ​ដើម្បី​រស់នៅ ឬ​ប្រើប្រាស់​អចលនវត្ថុ​នោះ​តែម្តង ឧទាហរណ៍ គាត់​ទិញ​ផ្ទះ​សម្រាប់​រស់នៅ។ អ្នកទិញ​ប្រភេទ​នេះ​គឺ​ប្រើ​បេះដូង ឬ​អារម្មណ៍​ស្រលាញ់​ចូលចិត្ត ទោះបីជា​តម្លៃ​ទីផ្សារ ឬ​ពេលខ្លះ​លើស​ទីផ្សារ​បន្តិចបន្តួច​ក៏​គាត់​នៅតែ​ទិញ តែ​ពួកគាត់​ជា​អ្នកសម្រេចចិត្ត​យឺតយ៉ាវ ជាពិសេស​សម្រាប់​អ្នកទិញ​ផ្ទះ​លើកដំបូង ត្រូវការ​ប្រឹក្សា​យោបល់​ពី​មនុស្ស​ជុំវិញខ្លួន​ជាច្រើន។

ពេលណា​ក៍​ទិញ​បានដែរ​ឱ្យតែ​គាត់​មាន​លុយ តម្លៃ​មិនមាន​ជា​កត្តា​តែមួយគត់​ក្នុងការ​សម្រេចចិត្ត​នោះទេ សំខាន់​ឱ្យតែ​គាត់​ស្រលាញ់ ហើយ​គាត់​ក៏​មិនមែនជា​អ្នក​ឆក់​ឱកាស​នោះដែរ។

៤ អ្នកទិញ​ទុក​ជួល

ទាំង​ប្រភេទ​អចលនទ្រព្យ​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​ឃ្លាំង​នានា។ គាត់​ទិញ​ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួល​បាន​ចំណូល​ប្រចាំខែ មាន​លំហូរ​សាច់ប្រាក់​ជាប្រចាំ និង អចលនទ្រព្យ​ឡើងថ្លៃ​ពេល​លក់​ទៅវិញ។

៥ អ្នកទិញ​ដើម្បី​អភិវឌ្ឍ

ជា​ប្រភេទ​អ្នកទិញ​ឬ​អ្នកវិនិយោគ ដែល​ត្រូវការ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​រយៈពេល​វែង សុំ​សិទ្ធិ​អភិវឌ្ឍ​ហើយ​មាន​សិទ្ធិ​លក់បណ្តើរ៕

ចំណេះដឹងៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ​ខុន​ដូ​ត្រូវ​តម្កល់​ប្រាក់​ប៉ុន្មាន ដើម្បី​ទទួលបាន​សិទ្ធិ​ស្របច្បាប់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ  មុន​នឹងមាន​សិទ្ធិ​ក្នុងការ​អភិវឌ្ឍ​ប្រភេទ​សំណង់​នានា នៅក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជៀសវាង​ហាន​ភ័យ ឬ​ការផាកពិន័យ​ណាមួយ​ពី​មន្ត្រី​មាន​សមត្ថកិច្ច។

ចំពោះ​ការដាក់​ពាក្យ​អភិវឌ្ឍ​លំនៅឋាន ឬ អគា​សហកម្មសិទ្ធិ តម្រូវឱ្យ​អ្នក​អ​ភ​វឌ្ឍន៍​ត្រូវដាក់​ប្រាក់​ដំកល​ធានា​អាជីវកម្ម​របស់ នៅក្នុង​ធនាគារ​ណាមួយ។

យោងតាម​ច្បាប់​ស្តីពី​សំណង់​បានឱ្យដឹងថា អ្នក​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​ដែល​ស្នើសុំ​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​អាជីវកម្ម​ប្រភេទ២ ត្រូវដាក់​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ចំនួន ២(ពីរ)ភាគរយ នៃ​តម្លៃ​សំណង់​សរុប ឬ​តម្លៃ​សំណង់​តាម​ដំណាក់កាលនីមួយៗទៅតាម​វិធីសាស្ត្រ​ណាមួយ​ដូចខាងក្រោម ៖

ក. តម្កល់​ជា​សាច់ប្រាក់ ក្នុង​គណនី​ទោល​រតនាគារជាតិ ដែល​បើក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ឬ​នៅ​ធនាគារពាណិជ្ជ​ក្នុងស្រុក​ណាមួយ ឬ​ជា

ខ. លិខិតធានា ពី​ធនាគារពាណិជ្ជ​ក្នុងស្រុក​ណាមួយ​ដែលមាន​តម្លៃ​ស្មើ។

ប្រាក់​តម្កល់​ធានា​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​អាច​ដក​វិញ​បាន​លុះត្រាតែ​គម្រោង​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​នោះ​សាងសង់​បាន​ចាប់ពី ៧០%(ចិតសិប​ភាគរយ​ឡើង ឬ​ចប់​ជា​ស្ថាពរ ដោយមាន​លិខិត​បិទ​ការដ្ឋាន​សាងសង់ និង​លិខិតបញ្ជាក់​គុណភាព​សំណង់ ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង/ ឬ​ក្រោយពី​មាន​ការចុះ​វាយតម្លៃ​ជាក់ស្តែង ពី​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន ឬ​មន្ទីរ។

ក្នុងករណី​គម្រោង​អភិវឌ្ឍ​លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ​មាន​ច្រើន​ដំណាក់កាល ឬ​អ្នក​អភិវឌ្ឍ​មាន គម្រោង​ថ្មី​មួយ​ផ្សេងទៀត ប្រាក់​តម្កល់​ធានា​អាជីវ​កម្មនេះ អាចធ្វើ​ការផ្ទេរ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ឬ​ពីមួយ​គម្រោង​ទៅមួយ​គម្រោង​ទៀត​បាន បន្ទាប់ពី​ដំណាក់កាល​មុន ឬត​ម្រោ​ង​មុន​សាងសង់​បាន៥០%(ហាសិប) ភាគរយ​ឡើង។

ប៉ុន្តែ​ចំនួន​ទឹកប្រាក់​តម្កល់​នោះ អាចមាន​ការប្រែប្រួល ទៅតាម​ទំហំ​ជាក់ស្តែង​នៃ​ការវិនិយោគ​របស់​គម្រោង ឬ​ដំណាក់កាល​បន្ទាប់។ ប្រាក់​តម្កល់​ធានា​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាច​ដក​វិញ​បាន លុះត្រាតែ​អ្នក​អភិវឌ្ឍ​ដីឡូត៍ បាន​បំពេញ​កាតព្វកិច្ច​ចប់សព្វគ្រប់ រួមទាំង​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ ជ្ជ​ន​អ្នកទិញ​ទៅតាម​កិច្ចសន្យា និង/ឬ​ក្រោយពី​មាន​ការចុះ​វាយតម្លៃ​ជាក់ស្តែង​ពី​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន ឬ​មន្ទីរ៕

តោះ​ពិនិត្យមើល​តើ​មូលដ្ឋាន​របស់​អ្នក​ស្ថិតក្នុង​តំបន់​ក្រហម លឿន​ទុំ និង​ព៌​ណ​លឿង ឬ​យ៉ាងណា?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី២៦ មេសា​កន្លងមក​បានបង្ហាញ​ពី​ផែនទី ដែល​ត្រូវ​បានកំណត់​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង យ៉ាង​ជាក់ច្បាស់ ជាមួយនឹង​ការជំរុញឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ទាំងអស់គ្នា។

តាមរយៈ​ផែនទី​បង្ហាញ​ពី​តំបន់ ដែល​ត្រូវបាន​ហាមឃាត់ រួមមាន​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ដែល​អាច​អនុញ្ញាត​ឱ្យមាន​ការប្រកប​អាជីវកម្ម និង​ចរាចរណ៍​នៅក្នុង​តំបន់ ប៉ុន្តែ​តម្រូវ​អនុវត្ត​បំរាម​គោ​ចរណ៍​ចាប់ពី​ម៉ោង៨យប់ ដល់​ម៉ោង៥ភ្លឺ ត្រូវ​បានកំណត់​ដូចខាងក្រោម៖

– តំបន់​ក្រហម

១. ខណ្ឌទួលគោក៖ សង្កាត់​បឹង​សាឡាង (ភូមិ១៤ ភូមិ១៦ និង​ភូមិ១៧)។

២. ខណ្ឌដង្កោ៖ សង្កាត់​ព្រៃ​ស (ភូមិ​រការ ) និង​សង្កាត់​ដង្កោ (ភូមិ​ម័ល ភូមិ​ថ្មី និង​ភូមិ​សំបូរ)។

៣. ខណ្ឌមានជ័យ៖ សង្កាត់​ស្ទឹងមានជ័យ​ទី១ សង្កាត់ ស្ទឹងមានជ័យ​ទី២.សង្កាត់​ស្ទឹងមានជ័យ​ទី៣ និង​សង្កាត់​បឹងទំពន់​ទី១ ។

៤. ខណ្ឌ​ឬ​ស្សី​កែវ៖ សង្កាត់​ទួល​សង្កែ​ទី១ ។

៥. ខណ្ឌ​ពោធិ៍​សែន​ជ័យ៖ សង្កាត់​ចោមចៅ​ទី១ ។

– តំបន់​លឿងទុំ

១. ចំការមន៖ សង្កាត់​ទួល​ទំពូង២បឹងត្របែក,ទន្លេបាសាក់ (ភូមិ៩ និង​ភូមិ១៦)

២ខណ្ឌដូនពេញ៖ សង្កាត់​ផ្សារកណ្តាល១ និង២ និង​ផ្សារ​ចាស់

៣. ខណ្ឌ៧មករា៖ សង្កាត់​អូរ​ឬ​ស្សី១ ២ និង៣, វាលវង់ និង​បឹង​ព្រលឹត

៤. ខណ្ឌទួលគោក៖ សង្កាត់​ផ្សារ​ដើម​គរ , បឹង​សាឡាង (លើកលែង​ភូមិ១៤ ១៦និង១៧)។

៥. ខណ្ឌដង្កោ៖ សង្កាត់​ព្រៃ​ស(លើកលែង​ភូមិ​ប្រការ), ដង្កោ(លើកលែង​ភូមិ​ម័ល ភូមិ​ថ្មី និង​ភូមិ​សំបូរ)។

៦. ខណ្ឌមានជ័យ៖ សង្កាត់​ចាក់អង្រែលើ, ចាក់អង្រែ​ក្រោម និង​បឹងទំពុន២

៧. ខណ្ឌ​ឬ​ស្សី​កែវ៖ សង្កាត់​គីឡូ​លេខ៦ , ឬ​ស្សី​កែវ, ច្រាំង​ចំបះ១ និង​ច្រាំង​ចំរោះ២ ៨. ខណ្ឌ​សែន​សុខ៖ សង្កាត់​ទឹកថ្លា, អូរ​បែកក្អម និង​គោក​ឃ្លាង។

៩. ខណ្ឌ​ពោធិ៍​សែន​ជ័យ៖ សង្កាត់​ចោមចៅ​ទី២និង៣ និង​កា​កាប​ទី១

១០. ខណ្ឌ​ជ្រោយចង្វារ៖ សង្កាត់​ជ្រោយចង្វារ និង​ព្រែកលៀប

១១. ខណ្ឌ​ព្រែក​ព្នៅ៖ សង្កាត់​ព្រែក​ព្នៅ(ភូមិ​ព្រែក​ព្នៅ, កណ្តាល, ផ្សារ​លិច និង​ពោធិ៍​មង្គល), ពញា​ពន់(ភូមិធំ​ត្បូង) និង​គោក​រការ(ភូមិ​គោក​រការ , មិ​អណ្តូង, ខ្មែរលើ, ពុទ្រា, ត្រពាំង​ពោធិ៍ និង​ភ្លូ​ផ្អែម)។

១២. ខណ្ឌ​ច្បារអំពៅ៖ សង្កាត់​ច្បារអំពៅ១និង ២, ព្រែកប្រា និង​និរោធ (លើកលែង​តំបន់​បុរី​ប៉េង​ហួត​បឹង​ស្នួរ។

១៣. ខណ្ឌ​បឹង​កេងកង៖ សង្កាត់​បឹង​កេងកង៣ និង​ទួល​ស្វាយព្រៃ១

១៤. ខណ្ឌ​កំបូល៖ សង្កាត់​កន្ទោក (ភូមិ​កន្ទោក​ជើង) និង​ស្ងោរ (ភូមិ​ទូល​លៀប)។

– តំបន់​លឿង

១ . ចំការមន៖ សង្កាត់​ទូល​ទំពូង១ផ្សារ​ដើមថ្កូវ , និង​ទន្លេបាសាក់(លើកលែង​ភូមិ៩ និង១៦)។

២. ដូនពេញ៖ សង្កាត់​ផ្សារ​ថ្មី១២ និង៣, បឹងរាំង ចតុមុខ, ជ័យជំនះ, ស្រះចក និង​វត្តភ្នំ។

៣. ៧មករា៖ សង្កាត់​អូរ​ឬ​ស្សី៤, មនោ​រម្យ, មិត្តភាព, បឹង​ព្រលឹត(លើកលែង​ភូមិ៤ និង៦)។

៤. ទួលគោក៖ សង្កាត់​ផ្សារ​ដេប៉ូ១, ២ និង៣, ទឹកល្អក់១,២ និង៣, បឹងកក់១ និង២ ។

៥. ដង្កោ៖ សង្កាត់​ពងទឹក, ព្រៃវែង, ក្រាំង​ពង្រ, សាក់​សំពៅ, ជើងឯក, គង​ន​យ, ព្រែកកំពឹស,រលួស, ស្ពានថ្ម និង​ទៀន។

៦. ឬ​ស្សី​កែវ៖ សង្កាត់​ស្វាយប៉ាក និង​ទួល​សង្ក២

៧. សែន​សុខ៖ សង្កាត់​ភ្នំពេញ​ថ្មី, ឃួ​ញ និង​ក្រាំងធ្នង់

៨. ពោធិ៍​សែន​ជ័យ៖ សង្កាត់​ត្រពាំង​ក្រសាំង, សំរោងក្រោម និង​កា​កាប២

៩. ជ្រោយចង្វារ ៖ សង្កាត់​ព្រែក​តាសេក, កោះដាច់, និង​បាក់​ខែង

១០. ព្រែក​ព្នៅ៖ សង្កាត់​សំរោង ព​ន្សាំ​ង, ព្រែក​ព្នៅ(លើកលែង​ភូមិ​ព្រែក​ព្នៅ, កណ្ដាល, ផ្សារ​លិច, ពោធិ៍​មង្គល) , ញាព​ន់ (លើកលែង​ភូមិធំ​ត្បូង) និង​គោក​រកា(លើកលែង​ភូមិ​គោក​រកា, អណ្ដូង, ខ្មែរលើ, ពុទ្រា,ត្រពាំង​ពោធិ៍ និង​ភ្លូ​ផ្អែម)។

១១. ច្បារអំពៅ៖ សង្កាត់​វាល​ស្បូវ, ព្រែក​ឯង, ក្បាលកោះ និង​និរោធ(តំបន់​បុរី​ប៉េង ហួត បឹង​ស្នួរ)។

១២. បឹង​កេងកង៖ សង្កាត់​បឹង​កេងកង១ និង២, អូឡាំពិក, ទំនប់ទឹក និង​ទូល​ស្វាយ​ព២ ។

១៣កំបូល៖ សង្កាត់​កំបូល, ឪឡោក , ភ្លើង​ឆេះ​រទេះ, បឹង​ធំ, ប្រទះ​ឡាង , កន្ទោក(លើកលែង​ភូមិ​កន្ទោក​ជើង) និង​ឆ្នេរ (លើកលែង​ភូមិ​ទូល​លៀប)៕

តើអ្វីទៅជាវ៉ាក់សាំងពហុភាគីនិយម និងវ៉ាក់សាំងជាតិនិយម អំឡុងពេលវិបត្តិកូវីដ១៩នេះ?

ដោយៈ សាវុធ

ភ្នំពេញៈ នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ មានការសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ “វ៉ាក់សាំងពុហភាគីនិយម”។

ផ្ទុយទៅវិញ បច្ចុប្បន្ន ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន កំពុងធ្វើការស្តុកទុកនូវវ៉ាក់សាំងក្នុងចំនួនច្រើន សម្រាប់ជាការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។ នេះបើយោងតាមលើកឡើងរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។
តើអ្វីទៅជា «វ៉ាក់សាំងពហុភាគីនិយម»?

លោកបណ្ឌិតឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ បានលើកឡើងថាៈ

«វ៉ាក់សាំងពហុភាគីនិយម» គឺជារូបមន្តមួយនៃការរួបរួមគ្នារវាងបណ្តាប្រទេសមិនថាមាន មិនថាក្រ មិនថាតូច មិនថាធំ ជាមួយនឹងដៃគូផ្សេងៗទៀត ដើម្បីចងក្រងទៅជាយន្តការមួយដែលគេហៅថា «យន្តការពហុភាគីនិយម» ដែលសំដៅធ្វើយ៉ាងឲ្យមានការបែងចែក ការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំង អាចផ្តល់ទៅដល់ប្រទេសដែលត្រូវការវ៉ាក់សាំង តាមពេលវេលាសមស្របណាមួយ ស្របតាមសមត្ថភាពនៃការផលិតនិងការផ្គត់ផ្គង់ផង និងតម្រូវការជាក់ស្តែងរបស់ប្រទេស និងសង្គមនិមួយៗផង។

វ៉ាក់សាំងពហុភាគីនិយមនេះ គឺជារូបមន្តមួយដែលគេយល់ឃើញថា អាចមានប្រសិទ្ធិភាពជាងគេបំផុតនៅក្នុងចំណោមការផ្គត់ផ្គង់ និងយន្តការនៃការបែងចែកវ៉ាក់សាំងផ្សេងៗទៀត។ ឧទាហរណ៍ដូចជា ការបែងចែកការផ្គត់ផ្គង់ និងការផលិតវ៉ាក់សាំងដោយប្រទេសតែមួយ ឬក៏ដោយ Block ណាមួយនៅក្នុងតំបន់ផ្សេងៗនៅក្នុងពិភពលោក។

វ៉ាក់សាំងពហុភាគីនិយមនេះ គឺក្នុងន័យធំបំផុត ធ្វើឡើងដើម្បីប្រមូលផ្តុំនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យា ក្នុងការចងក្រងគ្នាជាយន្តការមួយដែលផលិត និងផ្គត់ផ្គង់នូវវ៉ាក់សាំងដែលមានគុណភាព ដែលមានហានិភ័យទាបបំផុត និងដែលអាចបំពេញនូវតម្រូវការរបស់សង្គមជាតិ ពោលគឺបណ្តាប្រទេសទាំងអស់ ទាំងមាន ទាំងក្រ ទាំងតូច ទាំងធំ គឺនឹងទទួលបាននូវវ៉ាក់សាំងដូចៗគ្នាទៅតាមពេលវេលាជាក់ស្តែង និងតម្រូវការចាំបាច់ណាមួយបាទ។

តើអ្វីទៅជា «វ៉ាក់សាំងជាតិនិយម»?

លោកបណ្ឌិតឆេង គីមឡុងបានឱ្យដឹងទៀតថាៈ

«វ៉ាក់សាំងជាតិនិយម» កើតឡើងដោយសកម្មភាពរបស់ប្រទេសមួយ ឬមួយចំនួនតូចដែលផ្តល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនឯកជនណាមួយ នៅក្នុងការផលិត និងផ្គត់ផ្គង់ឲ្យតែប្រជាជនរបស់ខ្លួន។ ទង្វើបែបនេះភាគច្រើន ផ្ទុយទៅនឹងគោលការណ៍ពហុភាគីនិយម ឬកិច្ចសហប្រតិបត្តិការ និងសាមគ្តីភាពអន្តរជាតិ ដែលរារាំង និងរំខានទៅដល់លទ្ធភាពរបស់ប្រទេសតូចទន់ខ្សោយ នៅក្នុងការទទួលបាននូវវ៉ាក់សាំង ដើម្បីផ្តល់ និងផ្គត់ផ្គង់ឲ្យប្រជាជនរបស់ខ្លួន។

យើងឃើញថា មានបណ្តាប្រទេសធំៗមួយចំនួននៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក អង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀត នៅប៉ែកអឺរ៉ុប ដែលយើងឃើញថា ប្រទេសទាំងអស់នោះបានស្តុកទុកនូវវ៉ាក់សាំងច្រើន ហើយប្រទេសមួយចំនួននោះ បានបញ្ជាទិញនូវទំនិញនៅក្នុងចំនួនច្រើន តាំងពីជាងកន្លះឆ្នាំមុនម្លេះ មុននឹងអង្គការអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក បានទទួលស្គាល់នូវវ៉ាក់សាំងទាំងអស់នោះ ថាជាវ៉ាក់សាំងមានគុណភាព អាចនឹងផ្គត់ផ្គង់ និងផ្តល់ឲ្យប្រជាជន ដើម្បីការពារទប់ស្កាត់នូវការឆ្លងរីករាលដាលនេះ។

ទង្វើរបស់ប្រទេសមួយចំនួននេះ ផ្ទុយទៅនឹងក្របខណ្ឌគោលការណ៍នៃប្រព័ន្ធពហុភាគីនិយម ឬក៏សណ្តាប់ធ្នាប់អន្តរជាតិមួយចំនួនដូចជា ការរារាំង ឬក៏ការរឹតត្បិតការនាំចេញនូវវ៉ាក់សាំង មានន័យថា ប្រទេសមួយចំនួនបានរារាំងការនាំចេញនូវវ៉ាក់សាំងដែលប្រទេសខ្លួនបានផលិតនោះ ទៅឲ្យបណ្តាប្រទេសមួយទៀត ដែលនេះក៏ជារូបភាពមួយដែលយើងហៅថា «វ៉ាក់សាំងជាតិនិយម» បានដែរ៕

បងប្អូនកម្មករសំណង់បុរីប៉េងហួតថ្លែងអំណរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនក្នុងគ្រាលំបាក

ក្នុងគ្រាដ៏លំបាកដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងអំឡុងពេលបិទខ្ទប់ទីក្រុងមួយរយៈនេះ ធ្វើឲ្យកម្មករសំណង់ជាច្រើនម៉ឺននាក់ជួបប្រទះបញ្ហាផ្អាកការងារជាបណ្តោះអាសន្ន ដែលការងារនេះជាមុខរបរចិញ្ចឹមក្រពះតែមួយគត់របស់គាត់។ ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗដែលផ្តល់ការងារដល់កម្មកររាប់ម៉ឺននាក់មានដូចជាបុរី ប៉េងហួត និងក្រុមហ៊ុនបុរីផ្សេងៗជាច្រើនទៀត ។ល។

ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករជាង ​ ៧០០០នាក់ ក្នុងអំឡុងពេលបិទខ្ទប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគនិងបរិភោគដែលមាន អង្ករ ត្រីខ មី និងទឹកស៊ីអ៊ីវ ចែកជូនដល់កម្មករគ្រប់ការដ្ឋានក្នុងតំបន់នានាក្នុងភូមិសាស្រ្ដទីក្រុងភ្នំពេញដូចជា៖

១) គម្រោង ហ្គ្រេនស្តា ផ្លាទីនីម ​(បុរីប៉េងហួតបឹងស្នោ)​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១
២)    គម្រោង ដឹស្ដា មេរាហ្កាដិន ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី២

៣)    គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

៤)     គម្រោង ដឹស្ដា មុនីរ៉ាហ៍ ស្ថិតនៅផ្លូវជាតិលេខ ៦A

ឆ្លើយតបនឹងទឹកចិត្តដ៏ថ្លៃថ្លានេះ បងប្អូនកម្មករសំណង់គ្រប់ការដ្ឋានសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះជីវភាពរបស់ពួកគាត់ក្នុងគ្រាលំបាកនេះ។   “សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុនដែលបានចែកអំណោយមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឲ្យយើងខ្ញុំ។ មួយរយៈនេះពិបាកមែនហ្នឹងឯង…សង្ឃឹមថាអាកូវីដនេះនឹងចប់ឆាប់ៗ អាលនឹងបានធ្វើការវិញ។ ជូនពរឲ្យក្រុមហ៊ុនរីកចម្រើន កម្មករសម្បូរការងារធ្វើ”។  នេះជាការលើកឡើងរបស់បងស្រីកម្មករម្នាក់មកពីខេត្តព្រៃវែងដែលបានធ្វើជាកម្មករសំណង់ជាងពីរឆ្នាំមកហើយក្នុងការដ្ឋានមួយរបស់ បុរី ប៉េង ហួត។

ចំពោះសកម្មភាពចែករំលែកនេះ លោក ចាន់រដ្ឋា តំណាងក្រុមហ៊ុនបានលើកឡើងថា៖ “ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក ​គឺគុណតំលៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណដល់កងកម្លាំង និងអជ្ញាធរដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់ក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ និងជួយសម្រួលដល់ក្រុមការងាររបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនគ្រឿងឧបភោគនិងបរិភោគ ដើម្បីចែកជូនដល់បងប្អូនកម្មករទាំងអស់គ្នាក្នុងអំឡុងពេលបិទខ្ទប់នេះ”។ ចុងក្រោយសូមថ្លែងអំណរគុណដល់ភាពអំណត់របស់បងប្អូនកម្មករ ហើយសង្ឃឹមថាយើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា។ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឲ្យបានខ្ជាប់ខ្ជួន។

រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ៧ថ្ងៃទៀតរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១  ដើម្បីប្រយុទ្ធឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកច្រឹក សុខនីមបង្ហើបពីវិធីសាស្រ្តប្រើប្រាស់បំណុលសម្រាប់ទាញយកប្រយោជន៍ពីវិស័យអចលនទ្រព្យ

ដោយគង់ ម៉ាលី​ន

ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ មិនថាការទិញដី ឬទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកផលចំណេញវិញ មិនមែនជារឿងងាយស្រួលនោះទេ ហើយក៏មិនមែនជារឿងដែលពិបាកនោះដែរ។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជានឹងចូលខ្លួនមកបកស្រាយលើប្រធានបទ “តើគួរប្រើប្រាស់បំណុលបែបណា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងវិស័យអចលនទ្រព្យកម្ពុជា”?។

លោកច្រឹក សុខនីម បានឱ្យដឹងថា ជាទូទៅនៅក្នុងពិភពលោក តែងតែមានបំណុ​លដែលបំណុលទាំងនេះ មានលក្ខណៈជាគ្រួសារ សហគមន៍ ឯកជន ក្រុមហ៊ុន និងប្រទេសជាតិ  ហើយនៅពេលដែលប្រើប្រាស់បំណុលទាំងនេះ មានប្រសិទ្ធិភាពនោះ នឹងជំរុញឱ្យជីវភាព នៅក្នុងស្ថានភាពសេដ្ឋកិច្ចគ្រួសារ សហគន៍ ប្រទេស និង ក្រុមហ៊ុន មានការរីកចំរើន។

លោកពន្យល់ថា “បំណុលគឺជាការប្រើប្រាស់ធនធានអ្នកដទៃ តាមរយៈការប្រើប្រា​ស់ជាថវិកាឬជាទ្រព្យសម្បត្តិ និងអ្វីផ្សេងៗទៀតសម្រាប់ធ្វើការការដោះដូរ និងជាប្រយោ​ជន៍ក្នុងការវិស័យជំនួញឱ្យមានប្រសិទ្ធិភាព”។

លោកបន្តថា នៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ អ្នកវិនិយោគអាចស្វែងរកបំណុល តាមរយៈធនាគារដែលជាស្ថាប័នឯករាជ្យ ក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនទូទៅ ក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ ឬទិញលំនៅឋានសម្រាប់ធ្វើការវិនិយោគ​បន្ត ។

លោកពន្យល់ថា “មុនដំបូងយើងត្រូវធ្វើការសិក្សានូវគុណតម្លៃ នៃវិស័យអចលនទ្រព្យដែលយើងត្រូវវិនិយោគ តើជាប្រភេទអចលនទ្រព្យបែបណា ។ ឧទាហរណ៍បើយើងវិនិយោគលើលំនៅឋាន ដូចជាផ្ទះ ឬខុនដូ ឬមួយជាគម្រោងដែលកំពុងសាងសង់ សម្រាប់ទុកវិនិយោគបន្ត ឬសម្រាប់ជួលជាដើមនោះ យើងត្រូវសិក្សាពីចំណូល និងកំណើនតម្លៃអចលនទ្រព្យនៅពេលខាងមុខ ដោយធៀបជាមួយនឹងបំណុល”។

លោកបន្ថែមទៀតថា នៅពេលដែល យើងមានគម្រោងដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយចីរភាព យើងត្រូវវិភាគអំពីឱកាសនៅក្នុងការវិនិយោគ រួមផ្សំជាមួយនឹងការសងត្រឡប់ បូកជាមួយប្រាក់បំរ៉ុងទុក។ បើយើងមានធនធានទាំងអស់នេះ បំណុលនៅក្នុងវិស័យអចលនទ្រព្យ គឺទុន និងជាលទ្ធភាពល្អបំផុត ពីព្រោះ នៅពេលដែលយើងប្រើប្រាស់បំណុលធ្វើឱ្យយើងចំណេញពេលវេលា និងអាចធ្វើឱ្យជីវភាពដើរលឿនជាអ្នកដែលមិនប្រើប្រាស់បំណុល។

លោកបញ្ជាក់ថា “ដូច្នេះនៅពេលដែលយើងប្រើប្រាស់បំណុលបានត្រឹមត្រូវ ហើយ ស្ទង់មើលនូវឥទ្ធិពល នៅក្នុងកម្រិតដែលជាវិជ្ជមាន គឺជាហេតុផលចម្បងដែលធ្វើឱ្យសេដ្ឋកិច្ចក្រុមគ្រួសារ មានការរីកចំរើន ។ ការប្រើប្រាស់បំណុល ជាទ្រព្យសម្បត្តិ នឹងទទួលបាននូវគុណតម្លៃពីការវិនិយោគ”។

លោកបន្ថែមថា ជាមួយគ្នានេះដើម្បីទទួលបាននូវព័ត៌មានជុំវិញ ការប្រើប្រាស់បំណុលើការវនិយោគវិស័យអចលចនទ្រព្យ លោកអ្នកអាចប្រឹក្សាយោបល់ជាមួយភ្នាក់​ងារអចលនវត្ថុ ឬ ក៏មន្ត្រីធនាគារ៕

អ្នកឧកញ៉ាលី ហួរៈក្នុងដំណាក់កាលនេះការវិនិយោគលើវិស័យកសិកម្មជារឿងដែល

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានថ្លែងថា ក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបវិបត្តិនេះ ការវិនិយោគលើវិស័យកសិកម្មជារឿងល្អប្រសើរមួយ ខណៈវិស័យដទៃទៀតកំពុងរងផលប៉ះពាល់។

អ្នកឧកញ៉ាដែលជាប្រធានសមាគម អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរនោះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា ក្នុងពេលពិភព​លោកកំពុងជួបវិបត្តិបែបនេះ កម្ពុជាក៏កំពុងប្រឈមបញ្ហាដែរ ទាំងវិស័យពាណិជ្ជកម្ម ទេស​ចរណ៍ជាដើម ប៉ុន្តែវិស័យមួយនៅតែល្អ គឺវិស័យកសិកម្ម ដែលនៅតែមានតម្រូវការ​និងតម្លៃល្អប្រសើរ។

អ្នកឧកញ៉ាបានបន្តថា “វិស័យកសិកម្មជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ហើយវារីកចម្រើ​នបានក្នុងដំណាក់កាលនេះ ដែលមានទាំងតម្លៃ និងតម្រូវការល្អប្រសើរ”។លោកបន្តថា “ខ្ញុំក៏បានវិនិយោគលើវិស័យកសិកម្មផងដែរ ប៉ុន្តែវាមិនទាន់ឲ្យផលនៅឡើយទេ”។

អ្នកឧកញ៉ាលី ហួរបានបន្តថា នៅពេលបច្ចុប្បន្នក្រុមហ៊ុនធំៗលើពិភពលោក សុទ្ឋតែជួបបញ្ហា ហេតុនេះបើចង់ឲ្យលោកផ្តល់យោបល់ពីការធ្វើជំនួញ គឺយើងកំពុងពិបាកដូចគ្នា ព្រោះនៅលើពិភពលោកប្រទេសនិមួយៗ តែងតែពឹងផ្អែកគ្នាទៅវិញទៅមក ហេតុនេះបើសិនជាយើងលែងមានបញ្ហាក៏ដោយ ក៏ប្រទេសដទៃទៀតនៅមានបញ្ហា ប្រទេសក្នុងតំបន់នៅមានបញ្ហា ក៏យើងមិនអាចធ្វើអ្វីបានដែរ។

អ្នកឧកញ៉ាបានបន្តថា “”ទាល់តែពិភពលោករកឃើញថ្នាំ និងវ៉ាក់សាំងសម្លាប់ជំងឺCovid-19ទើបពិភពលោកអាចដើរទៅមុខ ហើយសេដ្ឋកិច្ចដំណើរការបានល្អប្រសើរឡើងវិញ”៕