ដោយៈសុខុម
ប្រទេសចិនៈ ក្រោយអបអរសាទរចំពោះការគេចផុត ពីមហន្តរាយហិរញ្ញវត្ថុយ៉ាងប៉ផុតប៉ផើយបានត្រឹមតែ៨ខែ ស្រាប់តែកំពូលមហាសេដ្ឋី Hui Ka Yan ដែលជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិន China Evergrande Group បានជួបវិបត្តិហិរញ្ញវត្ថុធ្ងន់កជាថ្មី។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី១១ មិថុនា នេះ។
ការព្រួយបារម្ភជាថ្មីអំពីស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី Hui Ka Yan បានបណ្ដាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ ដាំក្បាលចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ពេលនេះក្រុមអ្នកទិញប័ណ្ណបំណុល (Bondholder) ពីក្រុមហ៊ុនរបស់លោក ក៏កំពុងសម្រុកដកខ្លួនចេញដែរ ដោយសារពួកគេបារម្ភខ្លាចដកប្រាក់ នៅតាមបណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះមិនបាន។
ទន្ទឹមនេះក៏មានព័ត៌មានបែកធ្លាយថា ពេលនេះក្រុមនិយ័តករចិន កំពុងបើកការស៊ើបអង្កេតជុំវិញទំនាក់ទំនងរបស់ក្រុមហ៊ុន Evergrande ជាមួយធនាគារមិនច្បាស់លាស់មួយ ដែលអាចជាធនាគារខ្យល់នៅភាគខាងជើងប្រទេសចិន។
នេះឆ្លុះបញ្ចាំងពីស្ថានការណ៍ ក្រឡាប់ចាក់មួយទៀត សម្រាប់ពួកមហាសេដ្ឋីចិន ដែលមានយីអ៊ុនឡើងចុះមិនទៀង នៅក្នុងទីផ្សារដ៏ផុយស្រួលរបស់ប្រទេសចិន។ ក្នុងពេលដ៏ខ្លី ទ្រព្យសម្បត្តិចំនួន១៩ពាន់លានដុល្លាររបស់លោក Hui Ka Yan បានបាត់បង់រហូតដល់ទៅប្រមាណ១ភាគ៣ ចាប់តាំងពីលោកបានចុះកិច្ចព្រមព្រៀង ជាមួយបណ្ដាវិនិយោគិន ដើម្បីទប់ស្កាត់វិបត្តិសាច់ប្រាក់កាលពីខែកញ្ញា។
យោងតាមសន្ទស្សន៍កំពូលមហាសេដ្ឋី Bloomberg Billionaires Index ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Hui Ka Yan បានថយចុះជាងពាក់កណ្ដាលពីឆ្នាំ២០២០។
ស្ថានភាពចលាចលនេះ មានសក្តានុពលរីករាលដាលយ៉ាងធំធេង។ ជាមួយនឹងបំណុលរហូតដល់ ទៅ៣០៥ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនEvergrande បានជាប់ឈ្មោះជាក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត នៅលើពិភពលោក ហើយក៏ស្ថិតក្នុងចំណោមអ្នកខ្ចីប្រាក់ ជាលក្ខណៈប្រព័ន្ធធំៗបំផុតនៅក្នុងប្រទេសចិន ផងដែរ។
ប្រសិនបើលោក Hui Ka Yan មិនអាចស្ដារទំនុកចិត្ត ពីបណ្ដាវិនិយោគិនបានវិញទេនោះ វិបត្តិសាច់ប្រាក់អាចជះផលអាក្រក់ធ្ងន់ធ្ងរ ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន។ ហានិភ័យនេះមានសភាពធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់ក្រុមនិយ័តករចិន កាលពីពេលថ្មីៗនេះបានណែនាំឱ្យធនាគារនានា ធ្វើការវាយតម្លៃជាថ្មីលើក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានហានិភ័យខកខានសងបំណុលតាមពេលវេលាកំណត់។
លោកស្រី Lan Deng សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ University of Michigan ដែលសិក្សាពីការអភិវឌ្ឍអចលនទ្រព្យនៅប្រទេសចិន និងសហរដ្ឋអាមេរិក បានលើកឡើងថា “ប្រសិនបើមានបញ្ហាបែបនេះមែន ច្បាស់ណាស់ថា វានឹងជះផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទីផ្សារលំនៅដ្ឋាន និងសេដ្ឋកិច្ចទូទៅរបស់ប្រទេសចិន”។
លោកស្រីបានបន្ថែមទៀតថា “វាមិនត្រឹមតែធ្វើឱ្យម្ចាស់បំណុលរបស់ខ្លួន ប្រឈមហានិភ័យខ្ពស់ ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះផលប៉ះពាល់រាលដាល ទៅដល់វិស័យផ្សេងទៀត នៃសេដ្ឋកិច្ចរបស់ប្រទេសចិ ផងដែរ ព្រោះសេដ្ឋកិច្ចនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍អចលនទ្រព្យ”៕