កម្ពុជាកំពុងចរចាជាមួយនឹងអ្នកវិនិយោគថាមពលបៃតងដើម្បីបង្កើនប្រភពថាមពលចូលមកបណ្តាញជាតិ

0

ដោយៈ ប៊ី

ភ្នំពេញៈ ពិភពលោកកំពុងទៅលើថាមពលបៃតង ដែលជាការប្រយុទ្ធប្រឆាំងមួយជាមួយនឹងការឡើងកម្ដៅភពផែនដី ខណៈកម្ពុជាជាក៏កំពុងចរចា ជាមួយនឹងអ្នកផលិតដើម្បីបង្កើននូវប្រភពថាមពលបៃតង ចូលមកបណ្តាញជាតិផងដែរ។

Wind turbines farm

អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃ និងថាមពលលោកវិចទ័រ ហ្សូនា បានថ្លែងក្នុងកម្មពិធីមួយរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីសប្តាហ៍មុនថា តាមពិតទៅ នេះជានិន្នាការសាកលលោកទៅលើថាមពលបៃតង ហើយថាមពលបៃតង មានន័យថា ការផលិតពុំមានចេញផ្សែង មិនមានបំភាយឧស្ម័នទៅលើបរិយាកាស ដែលជាការប្រយុទ្ធប្រឆាំងមួយ ជាមួយនឹងការឡើងកម្ដៅភពផែនដី (Global Warming) ឬការប្រែប្រួលអាកាសធាតុ (Climate Change)។

លោកបន្តថា “ថាមពលពន្លឺព្រះអាទិត្យនេះ វាមានសារៈសំខាន់ណាស់ ហើយម៉្យាងទៀតថ្លៃផលិត ដែលបានពីថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានការថយចុះជាបន្តបន្ទាប់ដែរ”។

ក្នុងឆ្នាំ១៩៩៤ ឬ១៩៩៥ ការផលិតអគ្គីសនីក្នុងមួយគីឡូវ៉ាត់ម៉ោង មានតម្លៃ២០សេនដុល្លារ តែឥលូវជាវាចុះមកនៅថ្លៃ៧សេន។

លោកវិចទ័រ ហ្សូនាបានថ្លែងថា “ខ្ញុំគិតថានៅថ្ងៃខាងមុខ វាអាចនឹងចុះរហូតដល់៦សេន។ ថាមពលពន្លឺព្រះអាទិត្យនេះគឺជាថាមពលបៃតង ហើយក៏ចូលរួមក្នុងការកាត់បន្ថ​យកំដៅផែនដី និងការប្រយុទ្ធប្រឆាំង ជាមួយការប្រែប្រួលអាកាសធាតុ ប៉ុន្តែវាក៏មានផលអវិជ្ជមានផងដែរ”។

តាមការសិក្សារបស់អ្នកឯកទេសធនាគារអភិវឌ្ឍអាស៊ី (ADB) យើងអាចបញ្រ្ជាបថាមពលពន្លឺព្រះអាទិត្យ ទៅក្នុងប្រព័ន្ធបណ្តាញជាតិយើងបាន ដោយមានអនុភាពមិនឱ្យលើស១៥ភាគរយទេ។ បញ្ហាស្ថិរភាព គឺជាបញ្ហាចម្បង។

លោកវិចទ័រ ហ្សូនាបានថ្លែងបន្តថា យើងអាចដឹងទាំងអស់គ្នាថា ថាមពលពន្លឺព្រះអាទិត្យមានតែពេលថ្ងៃទេ អាចមានពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤ល្ងាច ហើយនាពេលថ្ងៃលិច វាក៏ធ្លាក់មកសូន្យ។

បច្ចុប្បន្ននេះ យើងបានដំឡើងប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យពី៣៦០ទៅ៤០០មេហ្គាវ៉ាត់។ ដូចនេះពេលដែលវាធ្លាក់មកសូន្យ តើយើងបានប្រភពណាទៅទប់? ព្រោះថាតម្រូវការពេលយប់កាន់តែកើន ប្រជាពលរដ្ឋត្រឡប់ពីកន្លែងធ្វើការមក ត្រូវការប្រើប្រាស់ថាមពល ហើយការផលិតធ្លាក់ចុះ។

លោកបានឱ្យដឹងទៀតថា លទ្ធភាពដែលយើងអាចបញ្ជ្រាបបាន ដោយសារតែកម្ពុជា បានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris agreement) ដែលមានគោលដៅក្នុងការកាត់បន្ថយកំដៅផែនដី ចូលរួមក្នុងការទប់ស្កាត់បម្រែបម្រួលអាកា​សធាតុ។

ដូច្នេះយើងត្រូវបញ្ជ្រាបតាមលទ្ធភាព ដែលយើងអាចធ្វើបាន គាំទ្រក្នុងការអភិ​វឌ្ឍថាមពលបៃតងនេះ ដែលមានដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស់។ រោងចក្រស្ករសដុតកាកអំពៅចេញភ្លើង ហើយអគ្គិសនីកម្ពុជា (EDC) បានទិញពីរោងចក្រនោះ ផងដែរ។

លោកបានបន្តថា អគ្គិសនីកម្ពុជា (EDC) កំពុងធ្វើការចរចាការផលិតអគ្គិសនីពីថាមពលខ្យល់នៅក្រុងបូកគោយើង ប៉ុន្តែវាមិនទាន់បានដល់ ការចុះហត្ថលេខាជាមួយគ្នាទេ ដោយហេតុថាការចរចាតម្លៃមិនទាន់ត្រូវគ្នានៅឡើយទេ។ ការចរចារបស់អគ្គិសនីកម្ពុជាជាមួយនឹងអ្នកផលិត អាចនឹងទទួលបានជោគជ័យ ហើយយើងនឹងអាចបង្កើននូវប្រភព​ថាមពលបៃតងចូលមកបណ្តាញជាតិ។

បញ្ហាសំខាន់មួយទៀត នៃប្រភពថាមពលកកើតឡើងវិញ ឬថាមពលបៃតងនេះ គឺបញ្ហាអស្ថិរភាព។ យើងដឹងហើយថា ខ្យល់រត់មិនស្មើរហូតនោះទេ ហើយថាមពលព្រះអាទិត្យក៏ប្រែប្រួលពីម៉ោងមួយ ទៅម៉ោងមួយ ដោយវាអាចដើរពេញបន្ទុករយៈពេលតែ២ ទៅ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។

ឧបមាថា ពន្លឺព្រះអាទិត្យយើងដាក់អានុភាព១០មេហ្គាវ៉ាត់ តែម៉ោងដែលដល់១០មេហ្គាវ៉ាត់នោះ គឺនៅខ្ទង់តែពីម៉ោង១១ ទៅដល់ម៉ោង១ប៉ុណ្ណោះ ពោលគឺតែ២ទៅ៣ម៉ោងប៉ុណ្ណោះ។ ក្រៅពីនេះ វាចាប់ផ្តើមស្រកមក៥០% ៣០% ១០% មកដល់ ០%។ ជាទូទៅ យើងគាំទ្រប្រភពថាមពលកកើតឡើងវិញ ឬថាមពលបៃតងនេះ ប៉ុន្តែទៅតាមលទ្ធភាពដែលយើងអាចជ្រៀតចូលបាន។ យើងស្រលាញ់ស្រុកទេស ស្រលាញ់បរិស្ថាន យើងស្រលាញ់ធម្មជាតិរបស់យើង។

នៅក្នុងតំបន់អាស៊ានទាំង១០ប្រទេសយើងនេះ គោលដៅ៥ឆ្នាំទៅមុខទៀតរបស់គេ គឺនៅឆ្នាំ២០២៥ គេចង់ឱ្យថាមពលកកើតឡើងវិញ ឱ្យមានបរិមាណតែ២៣%ប៉ុ ណ្ណោះ។ ដោយឡែក កម្ពុជាបានដើរឆ្ងាយដែរហើយ។ គ្រាន់តែថាមពលពន្លឺព្រះអាទិត្យ បូកថាមពលវារីអគ្គិសនី បូកនឹងថាមពលជីវម៉ាស់ដែលយើងមានស្រាប់ មានលើស៥០%ទៅហើយ។ ជារួមការប្រើប្រាស់ថាមពល ក្នុងស្រុកមានសារៈសំខាន់ណាស់ ប៉ុន្តែយើងត្រូវថ្លឹងថ្លែងធ្វើយ៉ាងណា ឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់ ព្រោះថាស្ថិរភាព គឺជារឿងមួយដ៏សំខាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here