តើស្ថានភាពពេលនេះទីផ្សារអចលនទ្រព្យមានការប្រែប្រួលយ៉ាងដូចម្តេច?

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅពេលនិយាយពីទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្ន ភាគច្រើនតែងត្រូវបានគេកត់សម្គាល់ទៅលើវិស័យដីធ្លី ដែលកំពុងសកម្មភាពច្រើនជាងផ្នែកដទៃទៀត ខណៈដែលតម្លៃទីផ្សារស្ថិតនៅក្នុងសភាពទ្រឹង ស្រដៀងគ្នាទៅនឹងកាលពីឆ្នាំកន្លងទៅ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅថ្ងៃ២ ខែមេសា ឆ្នាំ២០២១នេះថា ស្ថានភាពនៃទីផ្សារអចលនទ្រព្យពេលនេះ បើប្រៀបធៀបទៅនឹងកាលពីដើមឆ្នាំ២០២០ មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដែលអាចនិយាយបានថា តម្លៃទីផ្សារស្ថិតនៅក្នុងសភាពទ្រឹង។

លោកបញ្ជាក់ថា “តាមភាពជាក់ស្ដែងនៅពេលនេះ វិស័យដីធ្លីដូចជាមិនមានអ្វីប្រែប្រួលខ្លាំងនោះទេ ទាំងសកម្មភាពនៅក្នុងទីផ្សារ ទាំងកត្តាតម្លៃ ពោលគឺនៅមានកម្រិតស្រដៀងគ្នាកាលពីដើមឆ្នាំ២០២០”។លោកបន្តថា “បើទោះជាស្ថានភាពនៃវិបត្តិជំងឺផ្លូវដង្ហើ​មនៅក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់ក្នុងលទ្ធផលល្អ ដែលអនុគ្រោះដល់ការធ្វើអាជីវកម្មមួយចំនួនផ្តើមដំណើរការឡើងវិញពិតមែន ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យនៅមិនទាន់មានសកម្មភាពខ្លាំងក្លានោះទេ”។

សកម្មភាពក្នុងវិស័យនេះ មានតែអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុកតែប៉ុណ្ណោះ ដែលវាត្រូវការពេលវេលាយូរបន្តិចទៀត។

ដោយឡែកសម្រាប់ទីផ្សារដីធ្លីត្រូវបាន លោកច្រឹក សុខនីម បញ្ជាក់ថា “ថ្វីត្បិតយើងឃើញមានសកម្មភាពទិញ-លក់សព្វថ្ងៃនៅតែបន្តមាន ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃនៅលើទីផ្សារមិនមានការឡើងថ្លៃនោះទេ ផ្ទុយទៅវិញសម្រាប់អ្នកដែលមានធុរៈបន្ទាន់ត្រូវការបង្វិលចរន្តសាច់ប្រាក់ បានបង្ខំចិត្តលក់ក្នុងតម្លៃក្រោមទីផ្សារ ហើយបើយើងធ្វើការប្រៀបធៀបទៅនឹងសេដ្ឋកិច្ច សង្គមកម្ពុជានៅពេលនេះ អាចនិយាយបានថា មានភាពប្រទាប់ប្រសងគ្នាបានន័យថា អត្រាកំណើនសេដ្ឋកិច្ចសង្គមមានកម្រិតទាប តម្រិតនៃតម្លៃដីក៏មិនមានការឡើងថ្លៃនោះដែរ”។

យោងតាមរបាយការណ៍ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា CBRE Cambodia កាលពីពេលកន្លងទៅបានបង្ហាញពីស្ថានភាពនៃតម្លៃដីនៅក្នុងរាជធានីភ្នំពេញ ដោយនៅតាមបណ្តាខណ្ឌនីមួយមានតម្លៃផ្សេងៗគ្នា ដូចជា ខណ្ឌបឹងកេងកង ដូនពេញ ចំការមន និងខណ្ឌ៧មករា នៅតែមានតម្លៃខ្ពស់ជាងគេដែលគិតជាមធ្យមក្នុងចន្លោះចាប់ពី៥០០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ដោយឡែកសម្រាប់ខណ្ឌទួលគោក ឫស្សីកែវ សែនសុខ និងខណ្ឌជ្រោយចង្វារ មានតម្លៃគិតជាមធ្យមក្នុងចន្លោះចាប់ពី ១០០០ -៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

រដ្ឋាភិបាលចេញសេចក្តីណែនាំប្រជាពលរដ្ឋជាច្រើនចំណុចពីការការពារជំងឺកូវីដ១៩ កំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃខាងមុខនេះ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលកម្ពុជា ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញសារាចរ ណែនាំជំរុញឱ្យការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះដែរ ខណៈដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត ឈប់សម្រាកពីការងារ។

តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មានទទួលបាន ក្រសួងសុខាភិបាល បានជំរុ​ញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជូន និងគ្រប់ៗគ្នានូវវិធានការ «៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត) និង «៣កុំ» (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ

អ្នកជំនាញថាតម្លៃដីតាមបណ្ដោយផ្លូវជាតិលេខ៤១បានកើនឡើងលើសពីទ្វេរដង

        ដោយៈរតនៈ

ភ្នំពេញៈ អ្នកជំនាញទីផ្សារអចលនទ្រព្យបានឲ្យដឹងថា តម្លៃដីនៅតាមបណ្ដោយផ្លូវជាតិលេខ៤១ កើនឡើងធ្វើដង ឬលើសទ្វេរដងនាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹង២ទៅ៣ឆ្នាំមុន។

ឧកញ៉ាឃាង ពុទ្ធី  ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់​​​​​គេហទំព័រPropertyareaនារសៀលថ្ងៃទី២ មេសានេះថា ដីតាមបណ្ដោយផ្លូវជាតិ​លេខ៤១នេះ អាចក្លាយជាតំបន់ឧស្សាហកម្ម​​​​មួយ ​ព្រោះថាផ្លូវមួយនេះ គឺឆ្ពោះទៅកាន់ខេត្តកំពត ដែលខេត្តមួយនេះក៏នឹងមានកំពង់ផែផងដែរ ហើយផ្លូវមួយនេះក៏នៅមិនឆ្ងាយប៉ុន្មានពីព្រលានយន្ដហោះភ្នំពេញថ្មី។

លោកបន្តថា តម្លៃដីនៅជាប់ផ្លូវជាតិនេះ ពិបាកកំណត់ព្រោះថាទីតាំងខ្លះមានដីតូច ទីតាំងខ្លះមានដីធំ  និងតាមចម្ងាយជិត ឬឆ្ងាយពីទីប្រជុំជនផងដែរ តែទោះជាយ៉ាងណាលោកថាតាមបណ្ដោយផ្លូវនេះ តម្លៃអាចចន្លោះពី​១០ទី​៤០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

ឧកញ៉ាឃាង ពុទ្ធីបានបន្ថែមថា តម្លៃដីតាមបណ្ដោយជាតិផ្លូវលេខ​៤១ អាចនឹងកាន់តែឡើងថ្លៃ ប្រសិនបើប្រព័ន្ធទឹកភ្លើង ត្រូវបានតភ្ជាប់កាន់តែទូលំទូលាយ និងមានមនុស្សរស់នៅកាន់តែច្រើន។

ជាតិលេខ៤១មានប្រវែងសរុបជាង៩៥គីឡូម៉ែត្រ ដោយផ្លូវនេះបំបែកចេញពីផ្លូវជាតិលេខ៤ ទីប្រជុំជនស្រុកអង្គស្នូល ខេត្តកណ្តាល ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ ដោយ​ឆ្លងកាត់ខេត្តកណ្តាល និងខេត្ត តាកែវ ទៅដល់ផ្លូវជាតិលេខ៣ នៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

ជាមួយគ្នានេះ លោកឌឹត ចាន់ណា  អគ្គនាយកក្រុមហ៊ុនLucky real estate ក៏បានលើកឡើងថា ដីតាមបណ្ដោយផ្លូវជាតិលេខ៤១មួយនេះ គឹពិតជាមានសក្ដានុពល ទាំងផ្នែកឧស្សាហកម្ម និងលំនៅដ្ឋាន ពិសេសការអភិវឌ្ឍជាតំបន់ឧស្សាហកម្ម។

លោកបានបែងចែកតម្លៃដី តាមបណ្ដោយផ្លូវមួយនេះជាពីរផ្នែក គឺទី១ចាប់ពីផ្លុវបំបែកថ្នល់ទទឹង ដល់ស្រុកគងពិសី ដីតំបន់នេះមានតម្លៃ ចាប់ពី៣០ដុល្លាសហរដ្ឋអាមេរិកដល់១០០ដុល្លាក្នុងមួយម៉ែត្រការ៉េ និងចាប់ពីស្រុកគងពិសី ទៅដល់ផ្លូវជាតិលេខ៣ មានតម្លៃចាប់ពី ១០ទៅ៥០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ៕

 

សុទិដ្ឋិនិយមៈកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ៧លាននាក់នៅឆ្នាំ២០២៣

ដោយៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងសុទិដ្ឋិនិយម ដោយរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវក្នុងស្រុក១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវអន្តរជាតិ៧លាននាក់ នៅឆ្នាំ២០២៥ បន្ទាប់ពីមានការដាក់ចេញ ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវស្ដីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបែងចែកជា៣ដំណាក់កាល ដំណាក់កាលទី១ (Resilience & Restart) សំដៅការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារទេសចរណ៍ឡើងវិញ (២០២០-២០២១) ហើយធ្វើឱ្យអាជីវកម្មនៅរស់រាន និងអាចរក្សាការងារក្នុងវិស័យទេសចរណ៍ឱ្យមានភាពធន់ ហើយស្ដែងចេញតាមរយៈការអន្ដរាគមន៍ របស់រាជរដ្ឋាភិបាលជាបន្ដបន្ទាប់ចំនួន៧ជុំរួចហើយ និងការជំរុញចលនាទេសចរណ៍ក្នុងស្រុក អមជាមួយការដាក់ចេញនូវ “វិធានសុវត្ថិភាពទេសចរណ៍”។

ដំណាក់កាលទី២ (Recovery) ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ឱ្យបានជាអតិបរមា រាជរដ្ឋាភិបាល នឹងបន្តផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗឱ្យស្របតាមតម្រូវការទីផ្សារក្រោយវិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាពកម្ពុជាជា គោលដៅទេសចរណ៍ប្រកប​ដោយសុវត្ថិភាព ក្រោយវិបត្តិជំងឺកូវីដ-១៩។

ដំណាក់កាលទី៣ (Relaunch) ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី (ឆ្នាំ២០២៤-២០២៥) នៃវិស័យទេសចរណ៍កម្ពុជា សំដៅទាញយកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យបានជាអតិបរមាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវឱ្យបានលើសមុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ កសាងអនាគតនៃវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តភាព គុណភាព និងឆ្លាតវៃ។

ជំងឺកូវីដ១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាធ្លាក់ចុះ៨០.២ភាគរយ និងភ្ញៀវទេសចរក្នុងស្រុក ធ្លាក់ចុះក្នុងរង្វង់ប្រមាណ២០ភាគរយ ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០៕

 

ក្រុមហ៊ុនលំដាប់យក្សរបស់ម៉ាឡេស៊ីមួយររកបានចំណូលខ្ពស់ពីទីផ្សារកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: យោងតាមការព្យាករបង្ហាញថា ក្រុមហ៊ុនវិស្វកម្មខ្នាតយក្សរបស់ម៉ាឡេស៊ី Muhibbah Engineering Bhd នឹងទទួលបានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២ ដោយសារអាជីវកម្មសម្បទានអាកាសយានដ្ឋាន (Airport Concession) របស់ខ្លួនទទួលបានប្រាក់ចំណូលខ្ពស់ ហើយផ្នែកសំណង់របស់ខ្លួនក៏ងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Malaysian Reserve ចុះផ្សាយកាលពីថ្ងៃទី១ មេសា។

ធនាគារវិនិយោគម៉ាឡេស៊ី MIDF Amanah Investment Bank បានលើកឡើងកាលពីថ្ងៃទី៣១ មីនា ថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបានជោគជ័យទូទាំងពិភពលោក នឹងជួយជំរុញសន្ទុះនៃការងើបឡើងក្នុងវិស័យហោះហើរ ដែលអាចជួយឱ្យក្រុមហ៊ុនដ៏ធំមួយនេះ ទទួលបានចំណូលខ្ពស់ពីអាជីវកម្មសម្បទាន ព្រលានយន្តហោះរបស់ខ្លួន។

តាមរយៈរបាយការណ៍មួយ ធនាគារនេះបានលើកឡើងថា “យើងយល់ឃើញថា ទស្សនវិស័យនៃអាកាសយានដ្ឋាននៅកម្ពុជា ដែលក្រុមហ៊ុននេះកាន់កាប់២១% និងដែ​លជួយរកចំណូលបានរហូតដល់ទៅ៧០% នៃប្រាក់ចំណូលសរុបរបស់ក្រុមនេះ នឹងងើបឡើងសន្សឹមៗរយៈពេល២ឆ្នាំ បន្ទាប់ដោយសារការបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងពិភពលោក ជាពិសេសប្រទេសចិន សហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍”។

របាយការណ៍ដដែលបន្ថែមទៀតថា ការហោះហើរអន្តរជាតិក៏នឹងមានសន្ទុះកើនឡើងផងដែរ នៅពេលព្រំដែននៃប្រទេសនានាបើកឡើងវិញ ដែលអាកាសយានដ្ឋាននៅកម្ពុជា នឹងទាក់ទាញអ្នកដំណើរជនជាតិចិន នៅក្នុងស្រុកបានច្រើន។

ធនាគារវិនិយោគខាងលើបានលើកឡើងថា យើងយល់ថា ការណ៍នេះទំនងជានឹងជួយបង្កើនចំនួនអ្នកធ្វើដំណើរផ្លូវអាកាស សម្រាប់អាកាសយានដ្ឋាននានារបស់ក្រុមហ៊ុននេះនៅកម្ពុជា។ ជាការកត់សម្គាល់ប្រហែល១ភាគ៣ នៃអ្នកដំណើរទៅកាន់អាកាសយានដ្ឋានទាំងនេះជាពលរដ្ឋចិន។ ដូចនេះ សន្ទុះនៃកំណើនប្រាក់ចំណូល សម្រាប់ក្រុមនេះត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកលទ្ធផលវិជ្ជមាន ដោយពឹងផ្អែកលើការងើបឡើងវិញ នៃកំណើនថ្លៃសំបុត្រយន្តហោះក្នុងតំបន់ និងចំនួនអ្នកធ្វើដំណើរនៅអាកាសយានដ្ឋាននានារបស់ខ្លួននៅកម្ពុជា”។

កត្តានេះក៏ទំនងជាធ្វើឱ្យថ្លៃសំបុត្រយន្តហោះ ឡើងថ្លៃជិតដល់កម្រិតមុនពេលផ្ទុះវិបត្ដិកូវីដ-១៩ផងដែរ។

ទន្ទឹមនេះ ផ្នែកសំណង់និងដងស្ទូចរបស់ក្រុមហ៊ុន Muhibbah Engineering ក៏កំពុងឆ្ពោះទៅរកការងើបឡើងវិញផងដែរ ដោយផ្អែកលើការបញ្ជាទិញដងស្ទូចយ៉ាងច្រើ​នក្នុងទំហំទឹកប្រាក់រហូតដល់១០១,៤ លានរីងហ្គីត (២៤,៥ លានដុល្លារអាមេរិក) ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Favelle Favco Bhd ទទួលបានក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១៕

តើតម្លៃដីធ្លីក្នុងខ័ណ្ឌព្រែកព្នៅខ្ពស់បំផុតមានតម្លៃចន្លោះពី៤០ដល់ជាង១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ការសិក្សាមួយបានរកឃើញថា តម្លៃដីធ្លីក្នុងខ័ណ្ឌព្រែកព្នៅបានកើនឡើងខ្ពស់ ដោយតម្លៃបានហក់ឡើងចន្លោះពី៤០ ដល់ជាង១៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង ទំហំផ្លូវ និងទំហំដី។

យោងតាមការសិក្សារបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data Co.,LTD បានបង្ហាញថា ខណ្ឌព្រែកព្នៅ ជាតំបន់ដែលនៅមានឱកាសវិនិយោគច្រើន ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍លំនៅឋាន ដោយសារការវិនិយោគលំនៅឋានក្នុងខណ្ឌនេះ មានចំនួនតិចតួចនៅឡើយ បើធៀបនឹងខណ្ឌជាយក្រុងផ្សេងទៀតដូចជាខណ្ឌ កំបូល និងខណ្ឌដង្កោជាដើម។

តាមទិន្ន័យរបស់ គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌព្រែកព្នៅមានផ្ទះសង់ថ្មីជាប់ដីសរុប៤ ០១១ខ្នង ដែលមានចំណែកតែ២ភាគរយប៉ុណ្ណោះ នៃការផ្គត់ផ្គង់ផ្ទះជាប់ដីនៅរាជធានីភ្នំពេញសរុប១៨៦,៣០៩ខ្នង។

តាមទិន្ន័យដដែលបានឲ្យដឹងថា ចំនួនលំនៅឋានសរុបទាំង៤ ០១១ ខ្នង ក្នុងខណ្ឌព្រែកព្នៅ សម្រេចការលក់បាន៣៣៥២ខ្នង ឬស្មើនឹង៨៤ ភាគរយនៃការផ្គត់ផ្គង់។ ដូច្នេះ មានន័យថា លទ្ធភាពនៃការស្រូបកយកទីផ្សារលំនៅឋាន ក្នុងខណ្ឌនេះមានអត្រាកំណើនខ្ពស់ ស្របពេលដែលតម្លៃដីធ្លីវិញនៅមានតម្លៃធូរថ្លៃនៅឡើយ។

ទិន្ន័យពីក្រុមហ៊ុនដដែលបានឲ្យដឹងថា សង្កាត់ ព្រែកព្នៅមានតម្លៃដីដាក់លក់ខ្ពស់ជាងគេ ដែលទីតាំងដីនៅតាមផ្លូវធំ (main road) មានតម្លៃចន្លោះពី៣៦០ ទៅ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដី មានទីតាំងដីនៅតាមផ្លូវតូច (sub-main road) មានតម្លៃចន្លោះពី៧០ ទៅ២៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការសិក្សាដដែលនេះបានបង្ហាញថា សង្កាត់ពន្សាំង មានតម្លៃដីទាបជាងគេចន្លោះពី៧៥ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉ សម្រាប់ទីតាំងដីឋិតនៅតាមបណ្តោយផ្លូវធំ។ ហើយទីតាំងដីនៅតាមផ្លូវតូចវិញ មានតម្លៃចន្លោះពី ៤០ ទៅ៩០ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ៕

 

ម៉ាឡេស៊ីជំរុញឱ្យអ្នកអភិវឌ្ឍន៍ស្វែងរកដៃគូថ្មីៗដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យ នៅតំបន់អាស៊ាន

ដោយៈ ប៊ី

កូឡាឡាំពួរៈ រដ្ឋមន្រ្តីលំនៅដ្ឋានម៉ាឡេស៊ី បានជំរុញឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅតំបន់អាស៊ាន ចាប់យកនវានុវត្តន៍ (Innovation) ឬការច្នៃប្រឌិត និងស្វែងរកដៃគូថ្មីៗ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអចលនទ្រព្យនៅក្នុងតំបន់។

រដ្ឋមន្រ្តីលំនៅដ្ឋានលោកស្រី Datuk Zuraida Kamaruddin បាននិយាយថា ការធ្វើបែបនេះ នឹងអាចជួយឱ្យតំបន់នេះមានភាពរឹងមាំជាងមុន ដូចនឹងកម្រិតមុនវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី The Star នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។

លោកស្រីបាននិយាយនៅក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យអាស៊ានឆ្នាំ២០២០ ដែលរៀបចំដោយក្រុមហ៊ុន Des Prix Infinitus Media កាលពីម្សិលមិញថា “គម្រោងអភិវឌ្ឍន៍ មិនមែនគ្រាន់តែផ្តោតលើការឈ្នះពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកដល់និរន្តរភាព និងសុខុមាលភាពរបស់ប្រជាជនផងដែរ”។

លោកស្រីក៏បានកោតសរសើរថា អ្នករៀបចំពានរង្វាន់នេះ បានធ្វើការងារយ៉ាងប្រសើរ ដើម្បីប្រមូលអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន ក្នុងគោលបំណងភ្ជាប់កីឡាករម៉ាឡេស៊ី និងសមភាគីក្នុងតំបន់។

លោកស្រីបានថ្លែងថា “ក្នុងនាមជារដ្ឋមន្រ្តី វាពិតជាមានកិត្តិយសណាស់ ដែលបានធ្វើជាអ្នកតំណាងផ្លូវការ ដើម្បីផ្តល់ការគាំទ្ររបស់យើង ដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី និងក្នុងតំបន់អាស៊ាន ជាពិសេសក្នុងកំឡុងពេលដ៏លំបាកនេះ”៕

ការសិក្សាៈខុនដូចំនួន១០គំរោងទៀតនឹងដាក់ចូលទីផ្សារនៅដំណាច់ឆ្នាំនេះ

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ គំរោងខុនដូថ្មីៗចំនួន១០ ដែលមានយូនីតសរុបចំនួន១៤,០០០នឹងបញ្ច ប់ការសាងសង់ និងដាក់ឲ្យដំណើរការលើទីផ្សារនៅដំណាច់ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia។

របាយការណ៍ដដែលបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២០កន្លងមកនេះ នៅរាជធានីភ្នំពេញ មានគំរោងខុនដូចំនួន១០០អាគារបានដាក់ចូលទីផ្សារ ដែលមានយូនីតសរុបចំនួន២៥,០០០ ខណៈពេលរយៈពេល១ឆ្នាំ២០២០ មានគំរោងខុនដូចំនួន១៧គំរោង និងមានយូនីតសរុប១០,០០០បានដាក់ចូលទីផ្សារ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា និន្នាការទិញខុនដូរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ននេះ គឺពួកគាត់ទិញសម្រាប់រស់នៅ ជាជាងសម្រាប់ទុកវិនិយោគយកផលចំណេញ ឬទិញសម្រាប់ជួល។

លោកស្រីបន្តថា “ការវិនិយោគលើខុនដូមានអត្រាចំណេញពីការវិនិយោគទាប បើធៀបនឹងការទិញលំនៅដ្ឋាន និងអត្រាចំណេញពីការវិនិយោគបានថយពីកម្រិត៧ មកត្រឹម៥ភាគរយ”។លោកស្រីបន្តថា “ហេតុនេះទីផ្សារខុនដូ កំពុងមានការប្រែប្រួលពីអ្នកទិញ ដោយអ្នកទិញភាគច្រើនជាជនជាតិខ្មែរនាពេលបច្ចុប្បន្ននេះ”។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារខុនដូបានផ្តោតលើអតិថិជនបរទេសភាគច្រើន សំរាប់គំរោងលំដាប់ប្រណីត ប៉ុន្តែខុនដូមានតម្លៃមធ្យមភាគច្រើនផ្តោតលើទីផ្សារក្នុងស្រុក ហើ​យការលក់នៅតែដំណើរការយឺតជាងមុន ដោយសារកម្ពុជាកំពុងស្ថិតក្នុងកំឡុងវិបត្តិកូវីដ១៩ក្តី។

លោកបន្តថា “ទោះជាយ៉ាងណាការវិនិយោគខុនដូនាពេលនេះ មានឳកាសចំណេ​ញខ្ពស់ ដោយសារការលក់បញ្ចុះតម្លៃពិសេសពីម្ចាស់គំរោងនានា”៕

ឧកញ៉ានួន អកកំពុងជំរុញចិត្តកាន់តែខ្លាំងលើការវិនិយោគរមណីយដ្ឋានលំហែរកាយ ក្នុងកំឡុងវិបត្តិកូវីដ១៩

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ខណៈមនុស្សស្ទើរគ្រប់គ្នារងភាពច្របូកច្របល់ ដោយសារបញ្ហាជំងឺកូវីដ​១៩ ប៉ុន្តែម្ចាស់គំរោងកំពតឋានសួគ៌ ឧកញ៉ានួន អកបានផ្លាស់ប្តូរផ្នត់គំនិត ដោយសម្រុកវិនិយោគរមណីយដ្ឋានលំហែរកាយកាន់តែច្រើន។

អ្នកជំនាញទេសចរណ៍ និងអចលនទ្រព្យមើលឃើញថា រមណីយដ្ឋានលំហែរកាយ នឹងមានតម្រូវការកើនឡើងខ្លាំង ក្រោយពេលបញ្ចប់វិបត្តិជំងឺកូវីដ១៩ ដោយសារជំងឺនេះបានធ្វើឲ្យមនុស្សស្រ្តេសច្រើន ហេតុនេះពួកគេនឹងត្រលប់មកដើរលេង កំសាន្តកាន់តែច្រើន បន្ទាប់ពីជំងឺនេះធូរស្បើយ លែងគំរាមកំហែងដល់សុខភាពសាធារណៈ។

លោកឧកញ៉ានួន អកម្ចាស់គំរោងកំពតឋានសួគ៌បានមានប្រសាសន៍លើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃម្សិលម៉ិញនេះថា ឆ្លងកាត់សម័យកាលCovid-19រយះពេលជាងមួយឆ្នាំមកនេះ លោកហាក់បីដូចជាផ្ទុះគំនិត ឬបែកគំនិតយ៉ាងខ្លាំងក្នុងការងារសាងសង់Resorts ។

លោកបន្តថា “ខ្ញុំចាប់ផ្តើមស្រលាញ់ងុបងល់ និងចាប់ផ្តើមមើលឃើញឪកាសដ៏ធំសំម្បើមក្នុងវិស័យនេះ”។ លោកបន្តថា “រាល់ថ្ងៃនេះខ្ញុំបានចំណាយពេលមិនក្រោម10ម៉ោងនោះទេក្នុង១ថ្ងៃ ជាមួយនិងការងារសាងសង់Resort ក្នុងគំរោងខេត្តកំពត។ ខ្ញុំដឹងថាក្រោយចប់Covid-19នេះភ្លាម មនុស្សនិងចាប់ផ្តើមដើរហើយទីផ្សារ Resort ក្នុងខេត្តកំពតនិងផ្ទុះខ្លាំងបំផុត”។

លោកឧកញ៉ានួន អកបានបន្តថា យើង(កំពតឋានសួគ៌)ពិតជាត្រូវសាង់សង់បន្ទប់ច្រើនខ្លាំងណាស់ ប៉ុន្តែបើទោះជាយើងអាចសាងសង់ បានបន្ទប់ច្រើនប៉ុនណាក៏ដោយ ក៏យើងមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់ដែរ ។ សាកគិតមើល បើមួយបន្ទប់តំលៃចន្លោះពី35$ទៅ65$ក្នុងមួយយប់ ហើយយើង(កំពតឋានសួគ៌)មាន1000បន្ទប់ ហើយយើងអាច Occupied បាន50% តើក្នុង1ខែយើង និងមានចំណូលអកម្មចំនួនប៉ុន្មានទៅបងប្អូន??? តោះបងប្អូន។

លោកបន្តថា “សូមជួយសាកគុណគូរ បូកដក ជាមួយខ្ញុំមួយភ្លែតមក បន្ទាប់មក សូមបងប្អូនជួយ Comment នៅខាងក្រោមនេះ។ អរគុណបងប្អូនដែលបានចំណាយពេលវេលាជួយខ្ញុំ”។លោកបន្ថែមថា “ខ្ញុំនិងផ្តល់រង្វាន់ជូនដល់បងប្អូនណា ដែលបានផ្តល់ចំលើយបានល្អជាងគេ”៕

ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទឹកប្រាក់៣៥ពាន់លានដុល្លារកាលពីឆ្នាំមុន

ដោយៈរតនៈ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជាមានចំនួន៣៥,៨ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញមានទឹកប្រាក់ចំនួន១៧២ ១៥.៣៧លានដុល្លារអាមេរិក និងការនាំចូលមានទឹកប្រាក់ជាង១៨,៥៩០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីម្សិលម៉ិញនេះបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មឆ្នាំ២០២០ កើនឡើង២.៥៤ភាគរយ ក្នុងនោះការនាំចេញមាន១៧,២១៥លានដុល្លារអាមេរិក កើនឡើង១៦.៧២ភាគរយ  តែការនាំចូលមានជាង១៨,៥៩០លានដុល្លារអាមេរិក ថយចុះ៧.៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ក្រសួងក៏បានផ្ដល់អាជ្ញាប័ណ្ណនាំចូល ចំនួន១០ច្បាប់ មានទឹកប្រាក់១២៤១ ២៧៥ដុល្លារអាមេរិក និងបានពន្យារអាជ្ញាប័ណ្ណនាំចូលចំនួនមួយច្បាប់។

របាយការណ៍ដដែលឲ្យដឹងទៀតថា ក្រសួងបានផ្ដល់អាជ្ញាប័ណ្ណនាំចេញចំនួន៥៣ច្បាប់ មានទឹកប្រាក់៥,៣០៧,៨៥៨ដុល្លារអាមេរិក និងពន្យារអាជ្ញាប័ណ្ណនាំចេញចំនួន២៣ច្បាប់ និងផ្ដល់លិខិតជូនដំណឹងទំនិញ ឆ្លងកាត់ចំនួន៣៣ច្បាប់៕