ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទឹកប្រាក់៣៥ពាន់លានដុល្លារកាលពីឆ្នាំមុន

ដោយៈរតនៈ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជាមានចំនួន៣៥,៨ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញមានទឹកប្រាក់ចំនួន១៧២ ១៥.៣៧លានដុល្លារអាមេរិក និងការនាំចូលមានទឹកប្រាក់ជាង១៨,៥៩០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីម្សិលម៉ិញនេះបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មឆ្នាំ២០២០ កើនឡើង២.៥៤ភាគរយ ក្នុងនោះការនាំចេញមាន១៧,២១៥លានដុល្លារអាមេរិក កើនឡើង១៦.៧២ភាគរយ  តែការនាំចូលមានជាង១៨,៥៩០លានដុល្លារអាមេរិក ថយចុះ៧.៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ក្រសួងក៏បានផ្ដល់អាជ្ញាប័ណ្ណនាំចូល ចំនួន១០ច្បាប់ មានទឹកប្រាក់១២៤១ ២៧៥ដុល្លារអាមេរិក និងបានពន្យារអាជ្ញាប័ណ្ណនាំចូលចំនួនមួយច្បាប់។

របាយការណ៍ដដែលឲ្យដឹងទៀតថា ក្រសួងបានផ្ដល់អាជ្ញាប័ណ្ណនាំចេញចំនួន៥៣ច្បាប់ មានទឹកប្រាក់៥,៣០៧,៨៥៨ដុល្លារអាមេរិក និងពន្យារអាជ្ញាប័ណ្ណនាំចេញចំនួន២៣ច្បាប់ និងផ្ដល់លិខិតជូនដំណឹងទំនិញ ឆ្លងកាត់ចំនួន៣៣ច្បាប់៕

ធនាគារ ហត្ថា បរិច្ចាគគ្រែពេទ្យដល់មន្ទីរពេទ្យបង្អែកឧដុង្គដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការព្យាបាលគ្រប់គ្រាន់ និងមានផាសុកភាព

ដោយៈសហការី

កំពង់ស្ពឺៈ ធនាគារហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ក្នុង​ប្រទេសកម្ពុជា បានបរិច្ចាគគ្រែពេទ្យចំនួន១០ ជូនដល់មន្ទីរពេទ្យបង្អែកឧដុង្គ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ការចូលរួមបរិច្ចាគនេះផងដែរ គឺធ្វើឡើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ នៅក្នុងសហគមន៍ទាំងមូល ទទួលបានសេវាថែទាំសុខភាព និងការថែទាំជំងឺពេញលេញប្រកដោយផាសុកភាពបំផុត ជាពិសេសស្របពេលដែរមន្ទីរពេទ្យ កំពុងតែត្រូវការគ្រែជាចាំបាច់សម្រាប់ត្រៀមថែរទាំ អ្នកជំងឺក្នុងកំឡុកពេលដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។

ការឧបត្ថម្ភគ្រែពេទ្យនេះ មិនមែនជាសកម្មភាពការងារសង្គមលើកទីមួយរបស់ ធនាគារ ហត្ថានោះទេ។  កន្លងមក ធនាគារ បានផ្តួចផ្តើម និងចូលរួមការងារសង្គមផ្សេងៗទៀតយ៉ាងសកម្មបំផុត​ និងបានឧបត្ថម្ភគ្រែពេទ្យជាច្រើន ដល់មន្ទីរពេទ្យបង្អែកនៅតាមទីជនបទ ដើម្បីឱ្យមន្ទីរពេទ្យមានគ្រែគ្រប់គ្រាន់ សម្រាប់អ្នកជំងឺសំរាកព្យាបាល និងប្រាកដថាប្រជាពលរដ្ឋ នឹងទទួលបានសេវាថែទាំសុខភាពបានយ៉ាងល្អ ពីសំណាក់លោកគ្រូអ្នកគ្រូពេទ្យរបស់យើង។

ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រង​  ព្រមទាំងបុគ្គលិកទាំងអស់ នៃធនាគារ ហត្ថា តែងតែផ្តោតសំខាន់ និងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមសហគមន៍ ឱ្យទទួលបានសេវាថែទាំសុខភាពស្មើៗគ្នា និងប្រកបដោយគុណភាពខ្ពស់។

ការឧបត្ថម្ភមួយនេះ មិនត្រឹមតែជួយលើកកម្ពស់សុខុមាលភាព តែមួយមុខនោះទេ តែនេះគឺជាទង្វើដ៏ល្អប្រពៃមួយ ដែរបញ្ជាក់ពីការជួយគ្នាក្នុងគ្រាខ្វះខាត ជាពិសេសជាការឆ្លើយតប ខណៈពេលដែលប្រទេសជាតិយើង កំពុងតែជួបទុក្ខលំបាកដោយសារជំងឺកូវីដ១៩។

អំពីធនាគារហត្ថា

ធនាគារហត្ថា បានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង២៦ឆ្នាំ។ គិតត្រឹមខែមីនា ឆ្នាំ២០២១  ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប៨២២លានដុល្លារអាមេរិក និងផលប័ត្រឥណទានសម្រេចបាន១,៤១២លានដុល្លារអាមេរិក។

នាពេលបច្ចុប្បន្ននេះ ធនាគារហត្ថា ផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជន ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់​ឆ្លង​ធនាគារ​ក្នុង​ស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំង​ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។

ធនាគារហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

វិស័យអចលនទ្រព្យនៅកម្ពុជានឹងរើបឡើងវិញបន្ទាប់ពីមានលិខិតបញ្ជាក់សុខភាពសម្រាប់ការធ្វើដំណើររវាងកម្ពុជា-ចិន

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័អចលនទ្រព្យនៅកម្ពុជារំពឹងថា ទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់លិខិតបញ្ជាក់សុខភាពរវវាងកម្ពុជា-ចិន ដើម្បីជំរុញការធ្វើដំណើរចេញចូល រវាងប្រទេសទាំងពីរ។

លោកឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានប្រាប់គេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ថា ការបង្កើតគំនិត  ផ្តួចផ្តើមឱ្យការធ្វើដំណើរឡើងវិញនៅតំបន់អាស៊ាន ក៏ដូចជានៅផ្សេងៗក្រៅពីតំបន់អាស៊ាន តាមរយៈលិខិតបញ្ជាក់ពីការទទួលបានវ៉ាក់សាំងកូវវីដ១៩ គឺគំនិតមួយល្អក្នុងការជំរុញឱ្យ និងលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការចាប់ផ្តើមការវិនិយោគឡើងវិញ។

លោកបានថ្លែងបន្តថា “ការធ្វើដូច្នេះ នឹងបង្កើតឱ្យលំហូរអ្នកវិនិយោគអន្តរជាតិអាចបន្តផែនការ និងគម្រោងវិនិយោគរបស់ពួកគេនៅក្រៅប្រទេស ពេលប្រទេសនីមួយៗចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ក្នុងចំនួនសមស្របណាមួយ នៃចំនួនប្រជាជនរបស់ខ្លួន”។លោកបានថ្លែងថា “កម្ពុជាក៏ទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះដែរ ព្រោះនាពេលបច្ចុប្បន្ន ក្រៅពីវិនិយោគិនក្នុងស្រុក យើងក៏ត្រូវការវិនិយោគិនអន្តរជាតិ ពិសេសវិនិយោគិនជនជាតិចិន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែម ពិសេសក្នុងវិស័យអចនទ្រព្យ ដោយសារ គម្រោងអចលនទ្រព្យជាច្រើននៅកម្ពុជា វិនិយោគ ដោយជនជាតិចិន”។

លោកឌឹត ចណ្ណាបានឱ្យដឹងទៀតថា វិនិយោគិនក្នុងស្រុកបានក្លាយជាកម្លាំងស្នូលនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាយើង ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែយើងក៏ត្រូវការវិនិយោគិនអន្តរជាតិដើម្បីជំរុញវិស័យនេះ ឱ្យការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត។

កាលពីថ្មីៗនេះ កម្ពុជា និងចិនពិចារណាប្រើប្រាស់លិខិតបញ្ជាក់សុខភាព ដើម្បីជំរុញការធ្វើដំណើរចេញចូរវាងប្រទេសទាំងពីរ។

លោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងកាលពីថ្មីៗនេះថា កម្ពុជា និងប្រទេសចិនបានពិចារណា ក្នុងការដាក់ឱ្យប្រើប្រាស់លិខិតបញ្ជាក់សុខភាពទម្រង់ជា «QR Code» សម្រាប់ការធ្វើដំណើរចេញចូលរវាង ប្រទេសទាំងពីរ។

លោកវ៉ាង វិនធានបានថ្លែងថា ការធ្វើបែបនេះ ដើម្បីពន្លឿនដល់ការស្តារឡើងវិញ នូវទំនាក់ទំនង និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលបានយាយីដោយជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។

ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិនត្រូវបានគេមើលឃើញមានសកម្មភាពយ៉ាងមមាញឹក នៅមុនពេលកើតមានជំងឺកូវីដ១៩។ ប៉ុន្តែនៅពេលជំងឺកូវីដ​១៩ កើតមាននៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ និងកើតមាននៅកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនាក់ទំនង នៃប្រជាជនប្រទេសទាំងពីរ ក៏ដូចជាប៉ះពាល់ទៅលើវិស័យទេសចរ និងការធ្វើពាណិជ្ជកម្មផងដែរ។

កម្ពុជា និងចិន បានបង្កើតកិច្ចសហប្រតិបត្តិការនឹងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាពិសេសកំពុងបង្កើនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដោយរំពឹងថា វ៉ាក់សាំងនេះធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរអាចវិលរកភាពប្រក្រតីឡើងវិញ។

លោកវ៉ាង វិនធាន បានទម្លាយពីគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជិនពីង ប្រធានា​ធិបតីចិន លើការទទួលស្គាល់ទៅវិញទៅមកជាអន្តរជាតិ នូវលិខិតបញ្ជាក់សុខភាពដោយឈរលើមូលដ្ឋានតេស្តរកមេរោគក្រោមទម្រង់ QR Code។

លោកឯកអគ្គរដ្ឋទូតបានបន្តថា យន្តការនេះក៏កំពុងពិចារណាអនុវត្តន៍ រវាងកម្ពុជា និងចិនផងដែរ។

លោក វ៉ាង វិនធាន បានបញ្ជាក់ថា “យើងក៏មានកិច្ចសហការជាមួយប្រទេសកម្ពុជា ក្នុងការគិតពិចារណាធ្វើការងារទ្វេភាគី ដើម្បីជំរុញការធ្វើដំណើរទៅវិញទៅមក មានភាពងាយស្រួលប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់សិស្សនិស្សិត អ្នកវិនិយោគ អ្នកទេសចរ និងបុគ្គលដទៃទៀត”។

លោកឌឹត ចណ្ណាបានថ្លែងថា “កម្ពុជានឹងទទួលបានផលប្រយោជន៍ ពីគំនិតផ្តួចផ្តើម ព្រោះវិនិយោគិនជនជាតិចិន បានបោះទុនជាច្រើននៅកម្ពុជា ពិសេសក្នុងវិស័យអចន​ទ្រព្យ”៕

ស្ពានថ្មចំនួន២ក្នុងក្រុងបាត់ដំបងនឹងដាក់ឱ្យចរាចរណ៍ឯកទិសនៅសប្ដាហ៍ក្រោយនេះ

ដោយៈ រ៉ាណេត

បាត់ដំបងៈ ស្ពានថ្មចំនួន២ទីតាំង ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង គ្រោងនឹងដាក់ឱ្យដំណើរការចារចរណ៍បណ្តោះអាសន្នជាផ្លូវឯកទិស នៅក្នុងសប្ដាហ៍ក្រោយនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាទេសចរជាតិ និងអន្តរជាតិនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះថា បច្ចុប្បន្នស្ពានថ្មថ្មី ដែលទើបតែបញ្ចប់ការសាងសង់ ស្របគ្នានឹងស្ពានថ្មចាស់បន្សល់ទុកតាំងពីសម័យសង្គមនិយមបារាំង និងត្រូវបានដាក់ឈ្មោះថាជាស្ពាន១៣មករា គ្រោងនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោកបន្តថា “ក្រោយពីការសាងសង់រួចរាល់ជាស្ថាពរ និងរង់ចាំពេលវេលាសមស្រប ដើម្បីសម្ពោធដាក់ឱ្យដំណើរនូវស្ពានថ្មថ្មី១៣មករា ដែលសាងសង់ទន្ទឹមគ្នាជាមួយស្ពានថ្មចាស់ បន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ដែលមកទល់ពេលនេះមានចំណាស់ជាង១០០ឆ្នាំហើយនោះ រដ្ឋបាលខេត្តគ្រោងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាន់តែកៀកខិតចូលមកដល់ឆាប់ខាងមុខនេះ”។

លោកបញ្ជាក់ឱ្យដឹងថា គោលបំណងរបស់ខេត្ត ផ្តោតសំខាន់លើការរៀបចំកែលម្អឱ្យប្រសើរឡើងបន្ថែមទៀត ទាំងសណ្តាប់ធ្នាប់ការធ្វើចរាចរទៅមក នឹងមានការដាក់ស្លាកសញ្ញាចរាចរណ៍ ការកំណត់កែប្រែផ្លូវមួយចំនួនជា “ផ្លូវឯកទិស” និងស្ពានចំនួន២ កំណត់ជាស្ពានធ្វើចរាចរណ៍ជា “ស្ពានឯកទិស” ក្នុងនោះគឺមានស្ពានថ្ម សម្តេចតេជោហ៊ុនសែន ដែលស្ថិតនៅមុខរតនាគារខេត្ត ដោយកំណត់ពីការធ្វើចរាចរណ៍ ឆ្លងស្ពាននេះបាន គឹកំណត់ការឆ្លងស្ពានមកពីទិសតាដំបងក្រញូង។ គ្រប់យានជំនិះបើកបរ អាចឆ្លងស្ពានថ្មសម្តេចតេជោ ដោយមកពីទឹសខាងកើត ឆ្លងទៅទឹសខាងលិច។

ដោយឡែក អ្នកមកពីទិសខាងលិច មិនអាចបើករឆ្លងស្ពានថ្មសម្តេចតេជោទៅទឹសខាងកើតបានទៀតទេ។ ដោយស្ពានថ្មសម្តេចតេជាជាស្ពានឯកទិស សម្រាប់អ្នកបើកបរមកពីទឹសខាងកើតធ្វើដំណើរឆ្លងមកទិសខាងលិច។ ចំពោះអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ដែលមកពីទិសខាងលិចបើចង់ឆ្លងទៅទិសខាងកើត គឺអាចឆ្លងបាន ដោយធ្វើដំណើរឆ្លងស្ពានថ្មថ្មី១៣មករា នៅមុខសាលាខេត្តដែលជាស្ពានឯកទិស ក្នុងការធ្វើដំណើរបើកបរឆ្លងយានជំនិះគ្រប់ប្រភេទ ឆ្ពោះទៅទិសខាងកើត និងទៅកាន់គោលដៅផ្សេងៗទៀត៕

ក្រុមហ៊ុនចិនធំមួយកំពុងកែសម្រួលផែនកាមេអភិវឌ្ឍន៍តំបន់ឆ្នេរមាស ឆ្នេរប្រាក់ នៅក្រុងព្រះសីហនុ

ដោយវឌ្ឈន

ព្រះសីហនុៈ ក្រុមហ៊ុនចិនដ៏ធំមួយបាន និងកំពុងធ្វើការកែសម្រួលប្លង់មេសម្រាប់ផែនកាមេនៃតំបន់ឆ្នេរមាស ឆ្នេរប្រាក់ មកជាទម្រង់អភិវឌ្ឍន៍រចនាសម្ព័ន្ធ”ទីក្រុងជាយ” នៃផែនការដើមតំបន់ឆ្នេរប្រាក់ បានកែសម្រួលមកជាទម្រង់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ “អ័ក្ស១ ខ្សែតំបន់២ អនុតំបន់៤”។

លោក Fu Xian Ting អគ្គនាយកក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីរេឡុបមេន ខមភេនី បានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិធីបង្ហាញរបាយការណ៍របស់ក្រុមហ៊ុនជូនលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កន្លងមកបានបញ្ជាក់ថា ដីប្រើប្រាស់សម្រាប់ការអភិវឌ្ឍ បែងចែកជាប្រភេទផែនការ នៃប្រទេសជឿនលឿនដោយបែងចែកជា៨ប្រភេទធំៗ និង២៦ប្រភេទបន្ទាប់បន្សំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការអភិវឌ្ឍ។

លោកបន្ថែមថា “ការរៀបចំបណ្តាញផ្លូវត្រូវបានធ្វើឡើង ដោយផ្អែកលើការវិភាគភូមិសាស្ត្រយ៉ាងត្រឹមត្រូវ ក្រុមហ៊ុនបានប្តូរបណ្ដាញផ្លូវដែល” ចេញពីចំណុចកណ្ដាល”មកជា” បណ្តាញផ្លូវហ៊ុមព័ទ្ធតំបន់ភ្នំធម្មជាតិ” មានប្រវែងសរុបកើនឡើង៤០ភាគរយ បើធៀបនឹងផែនការដើម”។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា រដ្ឋបាលខេត្តចង់ឃើញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ ក្រុមហ៊ុនត្រូវរៀបចំប្លង់គោល នូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នា ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ផ្តល់សក្តានុពលដល់ការអភិវឌ្ឍ ដើម្បីប្រើប្រាស់ប្រយោជន៍រួម ទន្ទឹមនោះត្រូវពិនិត្យសាវតារអ្នកកាន់កាប់ដីឱ្យបានត្រឹមត្រូវ។

លោកអភិបាលខេត្តស្នើថា  ក្រុមហ៊ុនត្រូវគោរពតាមប្លង់មេ របស់ខេត្តព្រះសីហនុ ព្រោះការអភិវឌ្ឍត្រូវពិនិត្យមើលប្រភពទឹក ភ្លើង ផ្លូវ និងអាងប្រព្រឹត្តកម្ម ដើម្បីបំរើឱ្យការ​ងា​រអភិវឌ្ឍន៍ប្រកបដោយតម្លាភាព រក្សាធនធានធម្មជាតិ និងបរិស្ថានល្អក្នុងតំបន់៕

 

រដ្ឋាភិបាលកម្ពុជាទទួលបានគម្រោងថ្មីៗចំនួន៤០បោះទុនជាង២១០០លានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាល តាមយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន៤០គម្រោង ដែលបោះទុនវិនិយោគ២.១១៥,៥លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ និងបង្កើតការងាររាប់ម៉ឺនកន្លែង សម្រាប់ប្រជាជននៅក្នុងស្រុក បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate បានឱ្យដឹងថា នៅក្នុងដំណាក់កាលនេះ យើងបានមើលឃើញថា ការវិនិយោគទៅលើរោងចក្រ ដូចជា ការទិញដីសម្រាប់សង់រោងចក្រ និងការសង់ឃ្លាំងសម្រាប់ជួលបម្រើ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែមានកំណើនជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញប្រកាសជាហូរហែពីការវិនិយោគលើវិស័យរោងចក្រនេះ។

លោកបានឱ្យដឹងទៀតថា “នៅក្នុងពេលនេះ វិស័យ ដែលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា គឺនៅតែជាវិស័យឧស្សាហកម្មកាត់ដេរ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងសម្រួលដល់ការវិនិយោគសម្រាប់វិស័យនេះ និងវិស័យផ្សេងៗជាច្រើនទៀត”។

CDC ក្នុងខែមីនា ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន១៣ ដែលបោះទុនវិនិយោគ១.៣៦៩,២លានដុល្លារ ឬជាង១,៣៦ពាន់លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាជនក្នុងស្រុក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។

គម្រោងវិនិយោគថ្មីទាំង១៣ រួមមានដូចជា គម្រោងបង្កើតរោងចក្រសម្លៀកបំពាក់ រោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិក រោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ គម្រោងបង្កើតវារីវប្បកម្ម រោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយាន រោងចក្រផលិតឱសថ រោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម និងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្មជាដើម។

ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ គម្រោងវិនិយោគចំនួន១៦ ដែលមានទឹកប្រាក់សរុបជាង៧០០លានដុល្លារ ត្រូវបានអនុម័ត ដោយបានបង្កើតការងារថ្មីជាង១ម៉ឺនកន្លែង បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែតាមយាយីសេដ្ឋកិច្ចកម្ពុជាក្នុងតំបន់ និងពិភពលោកក្តី។

របាយការណ៍របស់CDC បានឱ្យដឹងថា CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១៦ ដែលមានទុនវិនិយោគចំនួន ៧០២,៥ លានដុល្លារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្រាប់គម្រោងវិនិយោគថ្មីទាំង១៦នោះ គឺទៅលើការបង្កើតរោងចក្រក្នុងវិស័យកាត់ដេរ វាយនភណ្ឌ កាបូប រោងចក្រផលិតសម្បកកង់យានយន្ត រោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ គម្រោងបង្កើតរោងចក្រផលិតសម្ភារបរិក្ខារ សម្រាប់ចង្ក្រាន BBQ, ផ្គុំដំឡើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស និងគម្រោងបង្កើតរោងចក្រផលិតក្រដាស។

យោងតាមទិន្នន័យកត់ត្រា ដោយ CDC បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១១ ដែលមានទុនវិនិយោគចំនួន៤៣.៨លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។

ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សកលលោកក្តី ក៏កម្ពុជា នៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតបានផងដែរ។

គម្រោងវិនិយោគថ្មីទាំង១១នោះរួមមាន បង្កើតរោងចក្រផលិតបង់ស្អិត គ្រប់ប្រភេទ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតស្បែកជើង រោងចក្រផលិតប្រអប់ក្រដាសកាតុង និងផលិតផលវេចខ្ចប់ពីក្រដាសគ្រប់ប្រភេទ រោងចក្រផលិតកាបូប និងរោងចក្រផលិតធុងទឹកកកជាដើម៕

តើ​គួរ​ចាត់ចែង​ធនធាន​គ្រួសារ​បែបណា​ទើប​អាច​រក្សា​ភាព​រីកចំរើន​ស្របតាមការវិវត្ត​របស់​សេដ្ឋកិច្ចជាតិ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​ប្រចាំឆ្នាំ​ជា​មធ្យម៧ភាគរយ និង​អតិផរណា​ប្រមាណ៣ភាគរយ។ ដូច្នេះ​គ្រួសារ​និមួយៗគប្បី​ចាត់ចែង​ធនធាន និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ យកទៅ​វិនិយោគ ដើម្បីឱ្យ​ទទួលបាន​ផលចំណេញ​យ៉ាងតិចណាស់​រង្វង់១០ភាគរយ​ក្នុង១ឆ្នាំ។ នេះ​ជាការ​លើកឡើង​របស់លោក ង៉ែត ជូ អ្នកជំនាញ​វិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​កម្ពុជា។

កិច្ចប្រឹងប្រែង​ក្នុង​ការរកចំណូល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ វា​គឺជា​កាតព្វកិច្ច​ចម្បង​ដែល​ត្រូវតែ​ធ្វើ​ជាប់​ជាប្រចាំ ប៉ុន្តែ​កាលដែល​ចេះ​យកប្រាក់​ចំណូល និង​ទ្រព្យធន​ដែលរ​កមក​បានធ្វើការ​ចាត់ចែង បែងចែក ដើម្បី​ទប់ទល់​នឹង​ការចំណាយ​ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ទិដ្ឋភាព​សង្គម និង​សេដ្ឋកិច្ច​ទើប​ជា​រឿង​ដែល​ត្រូវ​គិត​ជាសំខាន់។

អ្នកជំនាញ​វិភាគ​សេដ្ឋកិច្ចសង្គម និង​អចលនទ្រព្យ​កម្ពុជា លោក ង៉ែត ជូ បាន​លើកឡើងថា តាមរយៈ​សំណេរ​នៅលើ​គណនី​ផ្ទាល់ខ្លួន កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ជាទូទៅ​សេដ្ឋកិច្ច​នៅ​កម្ពុជា តែងមាន​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម ក្នុង​រង្វង់​ប្រមាណ៧ភាគរយ ជាមួយនឹង​អតិផរណា​ប្រមាណ៣ភាគរយ ដែល​តម្រូវឱ្យ​គ្រួសារ​នីមួយ​រក​ចំណូល និង​ប   ង្កើ​ន​ធនធាន​ឱ្យបាន​ប្រមាណ១០ភាគរយ​ប្រចាំ ដែល​ក្នុងនោះ​អាចជា​ការបង្កើន​ទ្រព្យ​ដោយ​ការវិនិយោគ ឬ​ប្រកប​អាជីវកម្ម​ក្នុង​រូបភាព​ណាមួយ។

លោក​បន្តថា ក្នុង​គ្រា​ដែល​មិនអាច​មានលទ្ធភាព ឬ​អាច​យក​ទ្រព្យសម្បត្តិ ដែល​គ្រួសារ​មាន​ទាំងអស់ ទៅ​វិនិយោគ​បាន​ដោយហេតុថា ការចំណាយ​របស់​ប្រចាំ​របស់​គ្រួសារ មាន​តំរូវការ​ជា​មូលដ្ឋាន​ខ្ពស់​នោះ លោកអ្នក​ត្រូវតែ​បែងចែក​រវាង​ការចំណាយ​អាទិភាព និង​ការចំណាយ​មិនចាំបាច់។ ប្រសិនបើ​ស្ថិតក្នុង​ស្ថានភាព​គ្រួសារ មិនសូវ​សម្បូរ​ធនធាន ឬ​ទ្រព្យសម្បត្តិ​ច្រើន តើ​គួរ​ធ្វើ​យ៉ាងដូចម្តេច ទើប​អាច​តាម​ទាន់​ស្ថាន​ការ​នៃ​ភាព​រីកចម្រើន​របស់​ស​ង្គ​ម​បាន?។

ជា​ដំណោះស្រាយ លោក ង៉ែត ជូ បាន​បញ្ជាក់ថា យ៉ាងហោចណាស់៥០ភាគរយ​នៃ​ទ្រព្យសម្បត្តិ គួរតែ​យកទៅ​វិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ​ច្រើនជាង១០ភាគ​ក្នុងឆ្នាំៗ ប្រសើរ​ជាង​ការ​សន្សំទុក​នៅតែ​ក្នុង​ប្រអប់ ដោយ​គ្មាន​ចរន្ត​សាច់ប្រាក់។ឧទាហរណ៍ ទី១ ប្រសិនបើ​គ្រួសារ​ទី១មានទ្រព្យ​សរុប១០ម៉ឺន​ដុល្លារ​អាមេរិក គ្រួសារ​នោះ​គប្បី​រស់នៅ​ផ្ទះ និង​ជិះ​រថយន្ត​ដែលមាន​តម្លៃ​សរុប​មិន​លើសពី៥ម៉ឺន ដុល្លារ​អាមេរិក​នោះទេ។

ប្រសិនបើ​យក​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ៥ម៉ឺន​ដុល្លារ​អាមេរិក (៥០ភាគរយ) ទៅ​វិនិយោគ​ក្នុង​រយៈពេល១០ឆ្នាំ ដោយ​ទទួលបាន​ផលចំណេញ ផ្គួប​ប្រចាំឆ្នាំ១៥ភាគរយ នោះ១០ឆ្នាំ ក្រោយ​គ្រួសារ​នោះ​នឹងមាន​ទ្រព្យ​សរុប​តម្លៃ​ជាង២០ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​មិន​រាប់បញ្ចូល​តម្លៃ​ផ្ទះ​ដែល​កំពុង​រស់នៅ​នោះទេ។

ទី២ ប្រសិនបើ​គ្រួសារ​ទី២ មានទ្រព្យ​សម្បត្តិ២០ម៉ឺន​ដុល្លារ​អាមេរិក ហើយ​យក​ទ្រព្យ៥០ភាគរយ ទៅ​វិនិយោគ​ដូច​គ្រួសារ​ទី១ (រយៈពេល១០ឆ្នាំ នឹង​ទទួលបាន​កំណើន​ផ្គួប​ប្រចាំឆ្នាំ១៥ភាគរយ​ដូចគ្នា) នោះ១០ឆ្នាំក្រោយ​គ្រួសារ​នេះ នឹងមាន​ទ្រព្យសម្បត្តិ​ទ្វេដង​នៃ​គ្រួសារ​ទី១គឺ​ជាង៤០ម៉ឺន ដុល្លារ។

៣) ប្រសិនបើ​គ្រួសារ​ទី៣ មានទ្រព្យ​សម្បត្តិ៣០ម៉ឺន​ដុល្លារ​អាមេរិក ហើយ​យក​ទ្រព្យ៥០ភាគរយ ទៅ​វិនិយោគ​ដូច​គ្រួសារ​ទី១ និង​គ្រួសារ​ទី២ (រយៈពេល១០ឆ្នាំ នឹង​ទទួលបាន​កំណើន​ផ្គួប​ប្រចាំឆ្នាំ១៥ភាគរយ​ដូចគ្នា) នោះ១០ឆ្នាំក្រោយ​គ្រួសារ​នេះ​នឹងមាន​ទ្រព្យសម្បត្តិ​រហូត​ដល់​ជាង៦០ម៉ឺន​ដុល្លារ​អាមេរិក។

ផ្ទុយទៅវិញ ប្រសិនបើ​គ្រួសារ​ទាំង៣ សង្វាត​តែ​រថយន្តទំនើបៗ ផ្ទះធំៗ និង​ជីវិត​ស៊ីវីល័យ នោះ​ជីវភាព​គ្រួសារ​នឹងមិន​មានការ​រីកចម្រើន និង​បង្កើន​ទ្រព្យ​ទៅមុខ​នោះទេ៕

អាគារ​ទីស្នាក់ការ​កណ្តាល​នៃ​បណ្ដាញ​ស្ថានីយទូរទស្សន៍​យក្ស​ចិន CCTV ស្ថាបត្យកម្មដ៏​លេចធ្លោ​របស់​ចិន

ដោយៈ​សុខុម

ប៉េកាំង:  គ្រាន់តែ​ឃើញ​ភ្លាម យើង​ប្រាកដជា​ស្ញើ​ច​សរសើរ មិន​ដាច់​ពី​មាត់​ចំពោះ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​អ​ស្ចារ នៃ​អគារ​ខ្ពស់​រូបរាង​ដ៏​ចម្លែក ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ដោយមាន៥១ ជាន់ កម្ពស់២៣៤ ម៉ែត្រ និង​ផ្ទៃក្រឡា​សរុប៤៧៣.០០០ ម៉ែត្រការ៉េ អគារ​កញ្ចក់​នេះ​គឺជា​ទីស្នាក់ការ​កណ្តាល​ថ្មី នៃ​បណ្ដាញ​ស្ថានីយទូរទស្សន៍​ចិន China Central Television (CCTV)។

អគារ​ត្រូវបាន​ឌី​ហ្សា​ញ​ឡើង ដោយ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​ជនជាតិ​ហូ​ឡង់ លោក Rem Koolhaas និង​ស្ថាបត្យករ​ជនជាតិ​អាល្លឺម៉ង់ លោក Ole Scheeren ដែល​មកពី​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ហូ​ឡង់ Office for Metropolitan Architecture (OMA)។

អាគារ​ទាំងមូល​នេះ ត្រូវបាន​ផ្គុំ​ចូលគ្នា​ដោយ​អគារ​ប៉ម​ធំ២ មាន​រាង​អក្សរ​L ដែល​ទ្រេត​រកគ្នា​ក្នុង​កម្រិត៩០ដឺ​ក្រេ នៅ​ចំណុចកំពូល និង​ចំណុច​បាត​ក្រោម​ដើម្បី​បង្កើតបានជា​ទម្រង់​ទុយោ​ទេរ​រកគ្នា​យ៉ាង​អស្ចារ្យ។

អគារ​នេះ អាច​ទប់​លំនឹង​បាន​យ៉ាងរឹងមាំ ដោយសារ​ចម្រឹង​នៅ​ខាងលើ ដែល​ភ្ជាប់​អគារ​ប៉ម​ទាំង២ ហើយ​នៅ​ខាងលើ​នោះ ក៏ត្រូវ​បាន​សាងសង់​ជា​ជាន់​ការិយាល័យ ដូច​អគារ​ប៉ម​ទាំង២ដែរ ដោយ​បង្កើតបានជា​ទម្រង់​ជា​ទុយោ៦ទេរ​រកគ្នា។

នៅក្នុង​អគារ​ទាំងមូល​នេះ រួមបញ្ចូល​មុខងារ​រដ្ឋបាល ជាមួយ​ផ្នែក​ព័ត៌មាន ការផ្សាយ ស្ទូ​ឌី​យោ និង​ការផលិត​កម្មវិធី។

អាគារ​នេះ ជួយ​ឱ្យ​បណ្ដាញ​ស្ថានីយទូរទស្សន៍​រដ្ឋ​ដ៏​ធំ​មួយ​នេះ មាន​សមត្ថភាព​ផ្សាយ​យ៉ាង​ទី​លំ​ទូលាយ​ទូទាំង​ពិភពលោក ក្រោយ​ពង្រីក​ការផ្សាយ​របស់ខ្លួន​ពី​ចំនួន១៣ ប៉ុស្តិ៍​រហូតដល់​ជាង២០០ ប៉ុស្ដិ៍​នៅពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ។

អាគារ​នេះ បាន​បញ្ចុះបឋមសិលា​ដំណើរការ​សាងសង់ នៅ​ថ្ងៃទី០១ មិថុនា ឆ្នាំ២០០៤ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ខែមករា ឆ្នាំ២០០៨ ។ ប៉ុន្តែ​ដោយសារ​ការសាងសង់​ត្រូវបាន​ពន្យារពេល ក្រោយ​មាន​អគ្គិភ័យ​ដ៏​ធំ​មួយ​ក្បែរ​នោះ នៅ​ខែកុម្ភៈ ឆ្នាំ២០០៩ អគារ​ទីស្នាក់ការ​កណ្ដាល​នេះ ត្រូវបាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ នៅ​ខែឧសភា ឆ្នាំ២០១២ ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែមិថុនា ឆ្នាំ២០១៣ ។

ដោយសារ​ស្ថាបត្យកម្ម​មាន​ភាព​លេចធ្លោ​ខ្លាំង អគារ​នេះ​បានឈ្នះ​ពានរង្វាន់​អគារ​ខ្ពស់​ល្អ​ដាច់​គេ​ទូទាំង​ពិភពលោក ប្រចាំឆ្នាំ២០១៣ (2013 Best Tall Building Worldwide) ពី “ក្រុមប្រឹក្សា​វាយតម្លៃ​អគារ​ខ្ពស់ និង​លំនៅដ្ឋាន​ក្នុង​ទីក្រុង” (Council on Tall Buildings and Urban Habitat) ជា​ស្ថាប័ន​អន្តរជាតិ​មួយ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក៕

តំបន់​ភាគ​ខាងជើង​រាជធានី នៅតែមាន​ភាពរស់រវើក​ផ្នែក​អចលនទ្រព្យទោះបី​កូ​វីត​វាយប្រហារ

ដោយៈ រតនៈ

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញថា ក្នុងចំណោម​តំបន់​ដែល​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ទាំងអស់ គឺ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ មាន​សកម្ម​ភាពរស់រវើក​ជាងគេ​បើ​ប្រៀបធៀប​នឹង​តំបន់​ផ្សេង។

ឧកញ៉ា​ឃាង ពុ​ទ្ធី  ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​ប្រាប់​គេហទំព័រ Propertyarea តាម​ទូរ​សព្ទ​នា​រសៀល​ថ្ងៃទី១ មេសា​កន្លងមក​ថា ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា ត្រូវបាន​វាយប្រហារ​ដោយ​ជំងឺ​កូ​វីត១០ វិស័យ​អ​ច​នល​ទ្រព្យ​នៅ​រាជធានី​ភ្នំពេញ ហាក់​មានការ​ថមថយ​បន្តិច។

ប៉ុន្តែ​ទោះជា​យ៉ាង​តំបន់​ភាគ​ខាងជើង ឈៀង​ខាងលិច ដូចជា តំបន់​មួយចំនួន​នៃ​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅតែមាន​សកម្មភាព​ទិញ លក់ រស់​វើក​លើ​វិស័យ​មួយ​នេះ។

លោក​បន្តថា “មូលហេតុ​ដែល​តំបន់​នេះ នៅតែមាន​សកម្មភាពរ​ស់រ​វើក ព្រោះថា​តំបន់​នេះ មាន​សំណង់​អគារ​ស្ថាប័នរដ្ឋ​ជាច្រើន បាន​ផ្លាស់ប្តូរ​ទៅជិត​នោះ ដែល​ធ្វើ​ឲ្យ​តំបន់​នោះ​ហាក់​នៅ​កៀក​ភ្នំពេញ” ។

ជាមួយគ្នានេះ លោកស្រី តាំង ហួរ ក្រុមហ៊ុន Amatak Property Service Co, Ltd បាន​មានប្រសាសន៍៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​បរិបទ​ដែល​ជំងឺ​កូ​វីត១៩ កំពុងតែ​រាតត្បាត​នៅ​ប្រទេស​កម្ពុជា​ពិតមែន តែ​សកម្មភាព​នៃ​ការទិញ​ដូរ ដីធ្លី​នៅតែមាន​សកម្មភាព​ដដែល។

លោកស្រី​បន្តថា “នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​តំបន់ ដែល​លោកស្រី​មើលឃើញថា វិស័យ​អចលនទ្រព្យ នៅតែមាន​សកម្មភាព​នោះ នៅក្នុង​ខណ្ឌ​សែន​សុខ និង​តំបន់​ជិត​នោះ រួមទាំង​តំបន់​ជិត​ផ្លូវ​ក្រវ៉ាត់​ក្រុង​ផងដែរ” ៕

ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​បង្កើត​ផល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) និង​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន (AMRO) បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា នឹងមាន​កំណើន​ងើប​វិញ​ក្នុង​អត្រាកំណើន​រង្វង់៤ភាគរយ​នៅ​ឆ្នាំនេះ ខណៈ​អ្នកជំនាញ​អះអាងថា ការ​ងើប​ឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ច​នេះ នឹង​បង្កើត​ផល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ តែ​ស្ថានភាព​ជំងឺ​កូ​វីដ១៩បច្ចុប្បន្ន​ត្រូវ​ស្ថិតក្នុង​ការគ្រប់គ្រង។

យោងតាម​របាយការណ៍​ស្តីពី ស្ថានភាព​រួម​នៃ​ចក្ខុវិស័យ​កំណើនសេដ្ឋកិច្ច របស់​ប្រជាជាតិ​អាស៊ាន+៣ នៃ​ការិយាល័យ AMRO បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ងើបឡើង​វិញ​ក្នុង​វ​ង្វ​ង់ ៤,៧ភាគរយ នៅ​ឆ្នាំ២០២១នេះ ហើយនឹង​បន្ត​កើនឡើង​ដល់ ៦,១ភាគរយ នៅ​ឆ្នាំក្រោយ ខណៈ​ធនាគារពិភពលោក​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់ ៤ភាគរយ​នៅ​ឆ្នាំនេះ និង ៥,២ភាគរយ​នៅ​ឆ្នាំក្រោយ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ថា ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជារ​បស់​ស្ថាប័នធំៗនេះ ប្រហែល​ធ្វើឡើង​មុន​ព្រឹត្តិការណ៍២០ កុម្ភៈ ដែល​ជំងឺ​កូ​វីដ១៩ ឆ្លង​ចូល​សហគមន៍ ដែល​ទាន់​អាច​និយាយបានថា តើ​ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​នឹង​ជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​យ៉ាងដូចម្តេច​នោះទេ។

លោក​បាន​ថ្លែងថា “យើង​អាច​និយាយថា វា​លឿន​ពេក​ក្នុងការ​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ពេលនេះ ហើយ​ព្រឹត្តិការណ៍​នេះ​នៅតែ​អូសបន្លាយ នោះ​សេដ្ឋកិច្ច​នឹង​អាច​រង​ផលប៉ះពាល់ ប៉ុន្តែ​ប្រសិន​វា​ត្រូវបាន​គ្រប់គ្រង​បាន​លឿន នោះ​សេដ្ឋកិច្ច​ងើប​មាន​ឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស” ។

លោក​សុខ​នី​ម​បាន​ថ្លែងបន្តថា ព្រឹត្តិការណ៍២០ កុម្ភៈ បាន​បង្ក​ផលប៉ះពាល់​មួយចំនួន​ដល់​សកម្មភាព​សេដ្ឋកិច្ច ប៉ុន្តែ​អ្វីដែល​ខ្ញុំ​មើលឃើញ​នាពេល​បច្ចុប្បន្ន វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​មិនទាន់​រង​ផលប៉ះពាល់​ដល់​ថ្នាក់​ដួលរលំ​នោះទេ ខណៈ​សកម្មភាព​មួយចំនួន នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅតែ​ដំណើរ​ធម្មតា ដូចជា​សកម្មភាព​សាងសង់ និង​ការដោះដូរ (អចលនទ្រព្យ) នៅក្នុង​ស្រុក​មួយចំនួន​នៅតែមាន។

លោក​បាន​ឱ្យដឹងទៀតថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ របស់​រាជរដ្ឋាភិបាល​នឹង​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន ក្នុង​ការធ្វើ​ដំណើរការ​វិនិយោគ​ធម្មតា​ឡើងវិញ នៅពេល​វ៉ាក់សាំង​ត្រូវបាន​ចាក់​ជូន​ប្រជាជន​ក្នុង​ចំនួន​មួយ​ស្រប។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ក​ឧកញ៉ា​ឃាង ពុ​ទ្ធី បាន​មានប្រសាសន៍ថា ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា រួម​ជាមួយនឹង​ទីផ្សារ​នៃ​វិស័យ​ដទៃទៀត​រាប់ទាំង​អចលនទ្រព្យ​ផងដែរ អាច​នឹងមាន​ភាពល្អប្រសើ​រ​ឡើងវិញ ឬ​យ៉ាងណា​អាស្រ័យទៅលើ ស្ថានភាព​ជាក់ស្តែង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។

លោក​ឧកញ៉ា​បញ្ជាក់ថា “បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ ទាំង​ការដាក់ចេញ​នូវ​វិធានការ​ទាំង​ការដាក់​បំរាម ជាពិសេស​ការនាំយក​វ៉ាក់សាំង​ការពារ ជំងឺឆ្លង​មកចាក់​ជូន​ប្រជាជន គឺ​ក្នុង​គោលបំណង​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាជន រក​សុខសន្តិភាព​ជូន​ប្រទេសជាតិ​រួមជាមួយ​នឹង​ការអភិវឌ្ឍ​ផងដែរ” ។

ឧកញ៉ា​ឃាង ពុ​ទ្ធី បាន​បន្តថា យើង​ហើយ​ថា​នៅក្នុង​មួយរយៈ​ពេល​ខ្លី នៃ​ការឆ្លង​ក្នុង​សហគមន៍ គឺ​ទាំង​ប្រជាជន​ទូទៅ ទាំង​អ្នករកស៊ី​គ្រប់​វិស័យ​គ្រប់​ទ្រង់ទ្រាយ ជាពិសេស​រាជរដ្ឋាភិបាល​គឺ​ជួប​ផល​លំបាក​ណាស់ ដូច្នេះ​ដើម្បី​ជួយ​ប្រទេស​មាន​ភាពល្អ​ប្រសើរឡើង​វិញ​ក្នុងពេលឆាប់ៗ ប្រជាជន​ទាំ​អ​អស់​គ្នា ត្រូវតែ​ចូលរួម​ឱ្យបាន​សកម្ម​ជាមួយ  រដ្ឋាភិបាល និង​អនុវត្ត​ឱ្យបាន៣កុំ ៣ការពារ ជាពិសេស​ត្រូវ​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា​កុំ​ខកខាន៕