ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា (CVEA) រំពឹងថា វិនិយោគិនបរទេសលើវិស័យអចលនទ្រព្យ នឹងចាប់ផ្តើមត្រឡប់មកចូលវិនិយោគនៅកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ ដែលនឹងធ្វើឱ្យវិស័យមួយនេះ ងើបឡើងវិញយ៉ាងចាប់រហ័ស។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា បានថ្លែងក្នុងសន្និសីទសារព៌តមាន ទាក់ទងនឹងបច្ចុប្បន្នភាពអចលនទ្រព្យមួយកាលពីថ្មីៗនេះថា វិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នឹងមានកំណើនសក្តានុពលឡើងវិញ ព្រោះនៅពេលវិបត្តិកូវិដ១៩ ត្រូវបានគ្រប់គ្រងក្នុងថ្នាក់ជាតិ តំបន់ និងពិភពលោក ដូច្នេះចរន្តនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជា ក៏ដូចជាលើពិភពលោក មានច្រើន ដែលធ្វើឱ្យចរន្តនៃការធ្វើជំនួញមានការកើនឡើងវិញ។
-->
លោកបានថ្លែងបន្តថា “ការត្រឡប់មកវិញរបស់វិនិយោគិនបរទេស នាខាងមុខនេះកើនឡើងច្រើន ពិសេសវិនិយោគជនជាតិចិន ដែលនឹងត្រៀមមកកម្ពុជាឡើងវិញ ហើយពួកគេមកវិនិយោគមិនត្រឹមតែនៅភ្នំពេញនោះទេ ប៉ុន្តែថែមបណ្តាខេត្តផ្សេងៗ ពិសេសនៅខេត្តព្រះសីហនុ”។
លោកបានឱ្យដឹងទៀតថា ការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យជាច្រើន គឺត្រូវតែមានកំណើនខ្ពស់ជាងមុន។ មូលហេតុ គឺដោយសារកំណើននៃការវិនិយោគកាន់កើនឡើង វិនិយោគិនជាតិ និងជនជាតិបរទេសចាប់ផ្តើម ចូលមកវិនិយោគនៅកម្ពុជាឡើងវិញ ដោយពួកគាត់នឹងមើលឃើញអំពីទំនុកចិត្ត និងឱកាសក្នុងការវិនិយោគ ដែលនឹងធ្វើឱ្យវិស័យអចលនទ្រព្យនមានការរីកចម្រើនជាងមុន។
ជាមួយគ្នានេះ លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា វដ្តសេដ្ឋកិច្ចហាក់ដូចកើតឡើងរៀងរាល់១០ម្តង ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែបន្ទាប់ពីវដ្តនៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចនេះ សេដ្ឋកិច្ចនឹងកើនឡើងខ្លាំង។

លោកសង្ឃឹមថា “កំណើនសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ នឹងកើនឡើងវិញខ្លាំងជាងមុនកម្រិតវិបត្តិកូវីដ១៩”៕