ដំណឹងល្អៈវ៉ាក់សាំងចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែក ខណៈប្រជាជនជាង២លាននាក់រួចហើយបានចាក់វ៉ាក់សាំងរួច

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រទេសកម្ពុជានឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន ១ លានដូសទៀត ដែលរាជរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៣ ខែឧសភាស្អែក។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹមយប់ថ្ងៃទី ២១ ខែឧសភានេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់មន្រ្តីរាជការប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធសរុបនៅទូទាំងប្រទេសបានចំនួន ២ ២២៦ ៤៤៦ នាក់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងក្នុងពេលទៅទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ឧសភាថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១ លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ គឺជាវ៉ាក់សាំងលើកទី៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ។

ក្នុងនោះលើកទី១ មានចំនួន ១,៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា, លើកទី២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី ១៧ ខែមេសា, លើកទី៣ មានចំនួន ៥០ ម៉ឺនដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែឧសភា និងលើកទី៤ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងទៅថ្មីៗនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

គិតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤,៥ លានដូសរួចមកហើយ ក្នុងនោះមានវ៉ាក់សាំង ស៊ីណូហ្វាមជាជំនួយរបស់រដ្ឋាភិបាលចិន ១,៧ លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ជាការបញ្ជាទិញពីចិន ២,៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤ ០០០ ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០ លាននាក់ ក្នុងការបង្កើតភាពស៊ាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here