ឧកញ៉ាកាង សុធី បង្ហើប​ពី​ដី​ស្ថិតនៅ​ទីតាំង​ចំនួន៥ ដែល​មិនគួរ​វិនិយោគ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នក​ជ​នា​ញ​ផ្នែក​អចលនទ្រព្យ ពិសេស​ជា​អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដីធ្លី​បាន​ប្រាប់​ពី​លក្ខ​ខ័​ណ្ឌ​ដី​ចំនួន៥ប្រភេទ ដែល​អ្នកវិនិយោគ​មិនគួរ​ទិញ​នោះទេ ដោយសារ​វា​ពិបាក​ក្នុង​ការលក់​ចេញ។

លោក​ឧកញ៉ា កាង សុធី អគ្គ​នាយ​អគ្គនាយក​នៃ​ក្រុមហ៊ុន Century21 Land Station Real Estate បាន​មានប្រសាសន៍ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​ដីធ្លី អ្នកណា​ក៏​ចង់​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​លឿន​ដែរ ប៉ុន្តែ​លក្ខ​ខ័​ណ្ឌ​ទីតាំង សណ្ឋាន​ដី​ពិតជា​កត្តា​សំខាន់ ដើម្បី​ឲ្យ​ដី​របស់ខ្លួន​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​ខ្ពស់។

ទី១ ដី​មាន​ទីតាំងនៅ​ជុំវិញ​វត្ត​អា​រ៉ា​ម

លោក​ឧកញ៉ា​លោក កាង សុធី បាន​ឲ្យ​ដឹងថា ទោះជា​ប្រជាជន​ខ្មែរ​និយម​ទៅធ្វើ​បុណ្យ​នៅ​វត្ត​អា​រ៉ា​ម​ក្តី តែ​ទីតាំង​ដី​ដែល​នៅក្បែរ​វត្ត​អា​រ៉ា​ម ទាំង​ខាងមុខ​ខាងក្រោយ និង​ជាប់​របង​វត្ត ពិតជា​ដី​មិន​ងាយ​លក់​ចេញ​នោះទេ ទោះជា​ដី​នោះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ក៏ដោយ។ លោក​បន្តថា ដី​នៅតាម​ជុំវិញ​វត្ត​អា​រ៉ា​ម ពិតជា​មិន​ងាយ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​នោះទេ និង​មិន​ងាយ​លក់​ចេញ​បានឡើយ។

ប្រហែល​ពួកគេ​មិន​ចង់​មាន​សម្លេង​រំខាន នៅពេល​មានកម្ម​វិធី​បុណ្យទាន​នានា ក៏ដូចជា​បញ្ហា​ហុងស៊ុយ​ផងដែរ។

ទី២ដី​មាន​ផ្នូរ​ឬ​ម៉ុង​ខ្មោច​នៅក្បែរ
          ជាទូទៅ​មនុស្ស​ណា​ក៏​ស្លាប់​ដែរ តែ​ពេល​ស្លាប់​ពួកគេ​នឹង​ក្លាយជា​ខ្មោច ហេតុនេះ​ទីតាំង​ដី​ដែល​នៅក្បែរ​ផ្នូរខ្មោច ឬ​ចេតិយ មិនគួរ​ទិញ​នោះទេ ដោយសារ​មនុស្ស​មិន​ចូលចិត្ត​ផ្នូរ ឬ​ម៉ុង​ខ្មោច​នោះឡើយ។

ការទិញ​ដី​មាន​ទីតាំង​បែបនេះ ពិតជា​ពិបាក​លក់​ចេញ និង​មិន​ងាយ​បាន​ផលចំណេញ។

ទី៣ រាង​ឬ​សណ្ឋាន​ដី

រាង​ឬ​សណ្ឋាន​ដី​ក៏មាន​សារៈសំខាន់ ដើម្បី​ទាក់ទាញ​អ្នកទិញ​បន្ត ឬ​អ្នកវិនិយោគ​ផងដែរ ព្រោះ​បើ​រាង​ដី​មិន​សមស្រប និង​មាន​សណ្ឋាន​វៀច ពិតជា​មិន​ធ្វើ​ឲ្យ​ដី​នោះ​ងាយ​លក់​នោះទេ ហើយ​វា​ក៏​មិន​ឡើងថ្លៃ​លឿន​ដែរ។

លោក​ឧកញ៉ា​កាង សុធី​បាន​ឲ្យ​ដឹងថា ដើម្បី​ដឹង​ពី​រាង​ឬ​សណ្ឋាន​ដី​ណាមួយ សូមកុំ​មើល​នឹង​ភ្នែក​ទទេ តែ​ត្រូវសុំ​ប្លង់​ម្ចាស់​ដី​យកមក​មើល ទើប​យើង​អាច​ដឹងថា​រាង​ឬ​សណ្ឋាន​ដី​នោះ​មាន​លក្ខណៈ​ដូចម្តេច។

ទី៤ ការខ្ចីប្រាក់​ពី​ធនាគារ

ការខ្ចីប្រាក់​ឬ​ឥណទាន​ពី​ធនាគារ ជា​រឿង​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​មួយ ព្រោះ​អ្នកវិនិយោគ​ឬ​ទិញ​ដីធ្លី ត្រូវ​សិក្សា​លំហូរ​សាច់ប្រាក់​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​នៅពេល​ដី​ជាប់គាំង ឬ​លក់​មិន​ចេញ។

លោក​ឧកញ៉ា​កាង សុធី បាន​បញ្ជាក់ថា ដីធ្លី​នៅ​តំបន់​ណាមួយ​អាច​ជាប់គាំង​មួយរយៈ និង​កញ្ជ្រោល​តម្លៃ​ឡើង​ខ្ពស់ភ្លាមៗ ហើយ​តម្លៃ​ដីធ្លី​មិន​កើនឡើង​គ្រប់​តំបន់​នោះទេ ហេតុនេះ​ការសិក្សា​ពី​ចរន្ត​សាច់ប្រាក់​របស់​យើង បើសិនជា​រកឃើញថា លំហូរ​សាច់ប្រាក់​របស់​យើង​មិន​រលូន និង​មិន​ធានាបាន​នូវ​ការជាប់គាំង​ណាមួយ មិនគួរ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​ដើម្បី​វិនិយោគ​ទិញ​ដីធ្លី​នោះទេ។

ទី៥ ដី​មាន​ប្រវត្តិ​មិន​ច្បាស់លាស់

ដី​មាន​ប្រវត្តិ​មិនសូវ​ច្បាស់លាស់ ច្រើន​ជា​ដី​នៅ​ខេត្ត​ទើប​មានការ​រីកចម្រើន និង​ទាក់ទាញ​ការវិនិយោគ ដែល​បច្ចុប្បន្ន​ដី​ប្រភេទ​នេះ​ច្រើន​មាននៅ​ខេត្តមណ្ឌលគិរី កំពង់ស្ពឺ​ជាដើម ដោយសារ​មាន​មន្ត្រី​ខិលខូច​មួយចំនួន បានចេញ​ប្លង់ដី​ត្រួត​លើ​គ្នា ដែល​ដី​ខ្លះ​មាន​ប្លង់​កាន់កាប់​រហូតដល់៤ទៅ៥នាក់​ក៏មាន។

បញ្ហា​នេះ​កើតមាន​មួយផ្នែក ដោយសារ​ការចុះ​ដីធ្លី​ជា​លក្ខណៈ​ប្រ​ព័​ន្ឋ​មិនទាន់​បានបញ្ចប់ ប៉ុន្តែ​យ៉ាងណា​បញ្ហា​ចម្បង​ជាងគេ គឺ​មន្ត្រី​ខិលខូច​បានដឹង​រឿង​ហើយ នៅតែ​បន្ត​បំពាន និង​ឃុ​ប​ខិត​គ្នា​ចេញ​ប្លង់​ជាន់​លើ​គ្នា ជា​ថ្នូរ​នឹង​ផលប្រយោជន៍៕

តើ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ណា ដែល​ត្រូវបាន​ព្យាករណ៍​ថា​មានតម្លៃ​កើនឡើងខ្ពស់​ជាងគេ

ដោយៈ​សហការី

ពិភពលោកៈ តំលៃ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ចំនួន២ គឺ​ទីក្រុង​ក្រុង Cape Town និង​ទីក្រុង Shanghai  នឹង​កើនឡើង៥ដង​នៅក្នុង​ឆ្នាំ ២០២១ខាងមុខនេះ ព្រោះ​តម្រូវការ លំនៅឋាន​មានការ​កើនឡើង​ខ្ពស់ ប៉ុន្តែ​ការផ្គត់ផ្គង់​នឹង​ស្ថិតនៅក្នុង​សភាព​ទ្រឹង​ក្នុង​ទីក្រុង​Cape Town និង​ធ្លាក់ចុះ​បន្តិច​នៅ​សៀង​ហៃ។

យោងតាម​ការព្យាករណ៍​ពិភពលោក​ចុងក្រោយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​ក្រុមហ៊ុន Knight Frank បានអោយដឹងថា នៅ​ឆ្នាំ​ក្រោយនេះ ទីក្រុង​ចំនួន២០ ក្នុងចំណោម​ទីក្រុង២២ ត្រូវបាន​គេ​រំពឹងថា​តម្លៃ​នៅតែមាន​ស្ថានភាព​ដដែល ឬ​កើន២ ភាគរយ។

ទោះបី​ជាមាន​ភាពចលាចល​ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​មាន​ភាព​រឹង​មុំ​ា​ង និង​គាំទ្រ​ដោយ​កម្ចី​ដែលមាន​តម្លៃ​ទាប។

របាយការណ៍​ដដែល​ន្ត​ថា នៅក្នុង​ទីក្រុង​ឡុង​ដ៍​នាពេល​បច្ចុប្បន្ននេះ អ្នកទិញ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពីថ្ងៃ​ឈប់សម្រាក ពន្ធ​ត្រា ដែល​កាត់​បន្ថយពន្ធ​លើ​ការលក់​លំនៅឋាន​រហូត​ដល់ ៥០០,០០០ផោន (៦៦៦,៤២៧ ដុល្លារ​អាមេរិក) មានការ​កើន​កើនឡើង ៤ភាគរយ ដែល​ជួយ​ដល់​ការកាត់បន្ថយ​ពន្ធ​បន្ថែម​លើ​តម្រូវការ និង​មូលដ្ឋានគ្រឹះ​ទីផ្សារ​ក្រុមហ៊ុន។

លោក Tom Bill ប្រធាន​ផ្នែក​ស្រាវជ្រាវ​លំនៅដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ នៃ​ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទីក្រុង​នេះ​ហួស​រយៈពេល​នៃ​ការកើនឡើង តម្លៃ​អចលនទ្រព្យ និង​ជាពិសេស​ទីក្រុង​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីរ​លក នៃ​តម្រូវការ​ពី​អ្នកវិនិយោគ​អន្តរជាតិ​ផងដែរ ដោយសារ​ការធ្វើដំណើរ និង​ការដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ត្រូវបាន​បន្ធូរបន្ថយ។

ដោយឡែក នៅក្នុង​ទីក្រុង Vancouver និង​ទីក្រុង Miami ការកើនឡើង​នៃ​សកម្មភាព​លក់ ដែល​មើលទៅ​ដូចជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ធ្វើឱ្យ​ត​តម្លៃ​អចលនទ្រព្យ​កើន ៣ភាគរយ និង ៤ភាគរយ​នៅ​ឆ្នាំ២០២១ នៃ​ទីក្រុង​នីមួយ។

នៅក្នុង​ទីក្រុង Monaco នឹង​កើនឡើង៣ភាគរយ​នៅ​ឆ្នាំ​ក្រោយនេះ ព្រោះ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ នៃ​ទីផ្សារ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​អ្នកទិញ​អន្តរជាតិ​ជាច្រើន មិនអាច​ធ្វើដំណើរ​បាន ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ញូវយ៉ក ដែល​នៅពេលនេះ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ៣ភាគរយ និង​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំ២០២១ ៕

ស​ញ្ញ​វិជ្ជមាន! ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក សម្រេចបាន​ទំហំ​ទឹកប្រាក់ ៦១៥លានដុល្លារ​នៅ​ដើមឆ្នាំ​នេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក សម្រេចបាន​ទំហំ​ទឹកប្រាក់៦១៥លាន​ដុល្លារ​ក្នុង​ខែមករា ឆ្នាំ២០២១ កើនឡើង​ជិត៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋអាមេរិក ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក ខែមករា​ឆ្នាំ២០២១នេះ មាន​ទំហំ​ជា​ទឹកប្រាក់ ៥៨០.៦លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​វិញ មាន​ទំហំ​ប្រមាណ ៣៣.៩លាន​ដុល្លារ។

កំណើន​នៃ​ការដោះដូរ​ពាណិជ្ជ​កម្មនេះ ត្រូវបាន​គេ​មើលឃើញថា ជា​ឱកាស​ស​ម្រា ប់​ជំរុញ​កំណើន​វិនិយោគ មកកាន់​កម្ពុជា​ឲ្យ​កាន់តែច្រើន ដើម្បី​ផលិត​នាំ​ចេញទៅ​សហរដ្ឋអាមេរិក។

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ទោះជា​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​របៀបរបប​រស់​នៅ​របស់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅតែមាន​ការកើនឡើង​កាលពី​ឆ្នាំ​កន្លងទៅ។

លោក​បន្តថា “កម្ពុជា​បាន​ចូល​និង​កំពុង​សិក្សា ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​អន្តរជាតិ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើន​ទៀត ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការបន្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដែលថ្មីៗនេះ​បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម តាម​ប្រព័ន្ធ​ព័ត៌មាន (CamDX) សំដៅ​សម្រួលការ​ចុះបញ្ជី​ព​អាជីវកម្ម និង​ទាក់ទាញ​វិនិយោគ​បន្ថែមទៀត” ។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​បន្តថា កម្ពុជា និង​អាមេរិក​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​លទ្ធភាព ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ការរៀបចំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល ការងារ​អាទិភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២ និង​បញ្ជាក់​ជាថ្មី​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​អនុវត្តបាន​យ៉ាង​ល្អ ក្នុងការ​ចូលរួម​ធានា​នូវ​និរន្ត​ភាព នៃ​ដំណើរការ​អាជីវកម្ម ផលិតកម្ម និង​ពាណិជ្ជកម្ម តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ សេចក្តីណែនាំ និង​តាមដាន​ត្រួត​ពិនិត្យមើល​ការអនុវត្ត​របស់​រោង​ចក្រ និង​សហគ្រាស៕

ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​កោះនរា តម្លៃ ២០០០លាន​ដុល្លារ​សម្រេចបាន​ជាង ៣០ភាគរយ​ហើយ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​ថ្មី​កោះនរា ដែល​បាននិងកំពុង​ចាក់​ខ្សាច់ និង​ថ្ម​ដើម្បី​បំពេញ​គ្រឹះ​របស់​ទីក្រុង​នេះ សម្រេចបាន​ចន្លោះ ៣០ទៅ ៣៥ភាគរយ​ហើយ​គិត​រហូត​មកទល់ពេលនេះ។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា សកម្មភាព​កសាង​មូលដ្ឋានគ្រឹះ នៃ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នានា​សំរាប់​ទីក្រុង​កោះនរា កំពុង​ឆ្ពោះទៅមុខ​យ៉ាងសកម្ម ដោយ​មិនមាន​ចំណុច​ណា​រអាក់រអួល​នោះទេ ដោយ​គិតពី​ពេល​ចាប់ផ្តើម​រហូតមកទល់​ពេលនេះ ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បានសម្រេច​តាម​ផែនការ។

លោក​បន្តថា “ផែនការមេ​នៃ​ការអភិវឌ្ឍ​ទីក្រុង​នេះ​បាន និង​កំពុងដំណើរការ តាម​ផែនការ ប៉ុន្តែ​ដោយសារ​វិបត្តិ​នៃ​ជំងឺ Covid-19 បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​កំពុង​ផ្អាក​សកម្ម​ភា​ពេ​របស់​ពួកគេ” ។ លោក​បន្តថា “ទស្សនទាន​នៃ​ការអភិវឌ្ឍ​ទីក្រុង​កោះនរា មាន​ភាពស្រដៀងគ្នា នឹង​ទីក្រុង​កោះ​ពេជ្រ​នាពេល​បច្ចុប្បន្ននេះ ដោយ​វា​នឹង​ក្លាយជា​ទីក្រុង​រណប​មួយ ដែល​នឹង​រួច​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា” ។

ក្នុង​កំឡុង​ពិធីបើកការដ្ឋាន​សម្ភោ​ធ​ការដ្ឋាន សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា និង​ស្ពាន​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ១ អ្នកឧកញ៉ា ពុង ឃាវ​សែ​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​ទីក្រុង​កោះនរា នឹង​ផ្តល់​ចំណូល​ចូលដល់​សេដ្ឋកិច្ចជាតិ​ជាង ២០០លាន​ដុល្លារ សហរដ្ឋអាមេរិក​ក្នុងមួយឆ្នាំ៕

អាមេរិក និង​អឺរ៉ុប​ប​ន្ឋូ​រ​បន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ខណៈ​ចិន​នាំមុខ​អាមរ​រិ​កលើ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប

ដោយៈ ប៊ី

ភ្នំពេញៈ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​យល់ព្រម​ពន្យា​ពេល​រយៈពេល៤ខែ​លើ​ពន្ធគយ​ទាំងអស់ ដែល​ទាក់ទង​ទៅនឹង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ លើ​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន Boeing របស់​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ផ្សាយ​របស់​សាវ​ព័ត៌មាន CNN នៅ​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។

ពន្ធគយ ដែល​ត្រូវបាន​ផ្អាក​នេះ ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការផ្សះផ្សា​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ភាព​តានតឹង​ជិត១៧ឆ្នាំ ដោយ​ពាក្យបណ្តឹង​ទាំងសងខាង អំពី​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ពាណិជ្ជកម្ម ឈានមុខ​គេ​នៅលើ​ពិភពលោក​ទាំងពីរ។

ការដាក់​ពន្ធគយ​នេះ បាន​ប៉ះពាល់​ដល់​ការនាំចេញ​របស់​អឺរ៉ុប​ទៅ​អាមេរិក ដែលមាន​ទំហំ​ទឹកប្រាក់ ៧,៥ពាន់​លាន​ដុល្លារ និង​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក​ទៅកាន់​អឺរ៉ុប​មានតម្លៃ ៤ពាន់​លាន​ដុល្លារ។

លោក Valdis Dombrovskis ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “នេះ​គឺជា​ការចាប់ផ្តើម​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ដៃគូ​ដ៏​សំខាន់ និង​សេដ្ឋកិច្ច​របស់​យើង” ។

លោក​បាន​ថ្លែងថា “ការលុបចោល​ពន្ធគយ​ទាំងនេះ គឺ​នយោបាយ​ឈ្នះ-ឈ្នះ សម្រាប់​ភាគី​ទាំងពីរ នៅពេលដែល​ជំងឺ​រាតត្បាត​សកល កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកធ្វើកា​រ និង​សេដ្ឋកិច្ច​របស់​យើង” ។

កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា ជាមួយ​ចក្រភព​អង់គ្លេស ដើម្បី​ព្យួរ​ពន្ធ​លើ​ផលិតផល​អង់គ្លេស រួមទាំង​ស្រា Scotch whisky ។

ជម្លោះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​បំផុត​ទាំងពីរ លើ​ពិភពលោក​នេះ​កើត​តាំងពី​ឆ្នាំ២០០៤ នៅពេលដែល​អាជ្ញាធរ​សហភាព​អឺរ៉ុប​បាន​អះអាងថា ក្រុមហ៊ុន Boeing បានទទួល​ឧបត្ថម្ភ​ធន​ចំនួន ១៩ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល ហើយ​នេះ​គឺជា​ឧបត្ថម្ភ​ធន​មិន​ភាពស្មោះត្រង់ សម្រាប់​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានដាក់​ពាក្យបណ្តឹង​ស្រដៀង​គ្នា​នេះដែរ នៅ​ឆ្នាំ​នោះ ជុំវិញ​ការឧបត្ថម្ភ​ធន​របស់​អឺរ៉ុប​ទៅ​ក្រុមហ៊ុន Airbus ៕

សណ្ឋាគារ​ទី១ នៃ​គម្រោង​រមណី​ដ្ឋា​ន​យក្ស​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ស្វាគមន៍​ភ្ញៀវទេសចរ​នៅត្រឹម​ដំណាច់ឆ្នាំ២០២២

ដោយ​ សុខុម

អា​រ៉ា​ប៊ី​សា​អូឌីត៖  យោងតាម​សារព័ត៌មាន ArchDaily ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទី៥ មីនា ឱ្យដឹងថា ពេលនេះ​ក្រុមហ៊ុន​អង់គ្លេស Foster + Partners កំពុងតែ​ឌី​ហ្សា​ញ​ប្លង់​សណ្ឋាគារ Hotel 12 នៅលើ​កោះ Ummahat AlShaykh ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។

អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក Red Sea Development Company (TRSDC) នេះ​ជា​គម្រោង​សណ្ឋាគារ​មួយ​ក្នុងចំណោម​គម្រោង​សណ្ឋាគារ ២ នៅលើ​កោះ​នេះ។ គម្រោង​សណ្ឋាគារ​ទី១ ត្រូវបានឌី​ហ្សា​ញ​ប្លង់​ដោយ​ក្រុមហ៊ុន​ជប៉ុន Kengo Kuma។

គម្រោង​នៅ​សមុទ្រ​ក្រហម (Red Sea) នេះ​បាន​បញ្ចេញ​រូបភាព​ដ៏​គួរឱ្យ​ទាក់ទាញ​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​គម្រោង​សណ្ឋាគារ Hotel 12 ។ តាមរយៈ​រូបភាព​ទាំងនេះ ផ្លូវ​ដើរ​នឹងត្រូវ​សាងសង់​ជា​លក្ខណៈ​រង្វង់​មូល​យ៉ាង​ធំ​ដោយ​ចំណុចកណ្ដាល​ជា​ទឹកសមុទ្រ និង​មានផ្ទះ​ឈើដាច់ៗពីគ្នា​ជាច្រើន​ព័ទ្ធជុំវិញ​ផ្លូវ​ដើរ​យ៉ាង​ស្រស់ស្អាត​គួរឱ្យ​ចង់ទៅ​កម្សាន្ត។ ផ្ទះ​ឈើ​ខ្លះ​នឹងត្រូវ​សាងសង់​លើ​សសរ​ខ្ពស់​ផុតពី​ទឹក ចំណែកឯ​ផ្ទះ​ខ្លះទៀត​នឹងត្រូវ​សាងសង់​ជាប់​នឹង​ដី។

ទន្ទឹមនេះ ក្រុមហ៊ុន Foster + Partners នឹង​ទទួលខុសត្រូវ​ចំពោះ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​នៅ​សមុទ្រ​ក្រហម។ ក្រុមហ៊ុន​នេះ​ក៏​ត្រូវបានចាត់តាំង​ឱ្យ​ឌី​ហ្សា​ញ​រមណីយដ្ឋាន​កោះ​មួយ​ក្នុងចំណោម​រមនីយដ្ឋាន​កោះ​ចំនួន ២ ក្នុងដំណាក់កាល​ទី១ មាន​ឈ្មោះថា Southern Dunes ដែលមាន​វីឡា​សណ្ឋាគារ​ប្រមាណ ៤០ នៅក្នុង​រមណីយដ្ឋាន​នេះ។

លើសពីនេះ​ទៀត ក្រុមហ៊ុន​នេះ​ក៏​នឹង​ទទួលខុសត្រូវ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ Red Sea International Airport និង​គម្រោង​រមណីយដ្ឋាន Coral Bloom Resort នៅលើ​កោះ Shurayrah ផងដែរ។

គម្រោង​នៅ​សមុទ្រ​ក្រហម ដ៏​មហិច្ឆតា​ដែល​នឹង​ធ្វើឱ្យ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជាប់​លើ​ផែនទី​ទេសចរណ៍​ពិភពលោក​នេះ​គ្រោង​នឹង​ស្វាគមន៍​ភ្ញៀវទេសចរ​ដំបូង​របស់ខ្លួន​នៅត្រឹម​ដំណាច់ឆ្នាំ២០២២ នៅពេល​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ និង​សណ្ឋាគារ​ដំបូង​បើក​ដំណើរការ។

នៅពេល​ដំណើរការ​សាងសង់​បញ្ច​ប់​ជា​ស្ថាពរ​នៅ​ឆ្នាំ២០៣០ គោលដៅ​ទេសចរណ៍​ទាំងមូល​នេះ​នឹងមាន​រមណីយដ្ឋាន​រហូត​ដល់​ទៅ ៥០ កន្លែង​ជាមួយនឹង​បន្ទប់​សណ្ឋាគារ ៨០០០ បន្ទប់ និង​លំនៅដ្ឋាន​ជាង ១០០០ ខ្នង​នៅលើ​កោះ​ទាំង ២២ និង​ទីតាំង​លើគោក​ឆ្ងាយ​ពី​សមុទ្រ​ចំនួន ។

ដោយ​គ្របដណ្ដប់​លើ​ផ្ទៃដី និង​ទឹក​ចម្ងាយ​រហូតដល់​ទៅ​ជាង ២៨.០០០ គីឡូម៉ែត្រ​ការ៉េ គំនិត​ផ្តួចផ្តើម​ដ៏​មហាសាល​នវ​នឹង​រួមមាន​សណ្ឋាគារ លំនៅដ្ឋាន កន្លែង​កម្សាន្ត តំបន់​ពាណិជ្ជកម្ម ព្រមទាំង​ផ្ដល់​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្ដោតលើ​ថាមពល​កកើត​ឡើងវិញ និង​ការអភិរក្ស​ទឹក និង​ការប្រើប្រាស់​ទឹក​ឡើងវិញ​ផងដែរ។ ដំណើរការ​ដោយ​ថាមពល​កកើត​ឡើងវិញ គម្រោង​នេះ​មានបំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ឱ្យបាន ១០០% ។

ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ពី​ទំហំ​វិនិយោគ​លើ​គម្រោង​ខ្នាត​យក្ស​នេះឡើយ៕

អាមេរិក​និង​អឺរ៉ុប​ចាប់ផ្តើម​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ប្រកាស​ព្យួរ​ពន្ធ​ទាំងអស់​ទាក់ទង​នឹង​ជម្លោះ​ក្រុមហ៊ុន Boeing និង Airbus

ដោយៈ ប៊ី

ភ្នំពេញៈ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​យល់ព្រម​ពន្យា​ពេល​រយៈពេល៤ខែ​លើ​ពន្ធគយ​ទាំងអស់ ដែល​ទាក់ទង​ទៅនឹង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ លើ​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន Boeing របស់​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ផ្សាយ​របស់​សាវ​ព័ត៌មាន CNN នៅ​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។

ពន្ធគយ ដែល​ត្រូវបាន​ផ្អាក​នេះ ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការផ្សះផ្សា​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ភាព​តានតឹង​ជិត១៧ឆ្នាំ ដោយ​ពាក្យបណ្តឹង​ទាំងសងខាង អំពី​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ពាណិជ្ជកម្ម ឈានមុខ​គេ​នៅលើ​ពិភពលោក​ទាំងពីរ។

ការដាក់​ពន្ធគយ​នេះ បាន​ប៉ះពាល់​ដល់​ការនាំចេញ​របស់​អឺរ៉ុប​ទៅ​អាមេរិក ដែលមាន​ទំហំ​ទឹកប្រាក់ ៧,៥ពាន់​លាន​ដុល្លារ និង​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក​ទៅកាន់​អឺរ៉ុប​មានតម្លៃ ៤ពាន់​លាន​ដុល្លារ។

លោក Valdis Dombrovskis ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “នេះ​គឺជា​ការចាប់ផ្តើម​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ដៃគូ​ដ៏​សំខាន់ និង​សេដ្ឋកិច្ច​របស់​យើង” ។

លោក​បាន​ថ្លែងថា “ការលុបចោល​ពន្ធគយ​ទាំងនេះ គឺ​នយោបាយ​ឈ្នះ-ឈ្នះ សម្រាប់​ភាគី​ទាំងពីរ នៅពេលដែល​ជំងឺ​រាតត្បាត​សកល កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកធ្វើកា​រ និង​សេដ្ឋកិច្ច​របស់​យើង” ។

កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា ជាមួយ​ចក្រភព​អង់គ្លេស ដើម្បី​ព្យួរ​ពន្ធ​លើ​ផលិតផល​អង់គ្លេស រួមទាំង​ស្រា Scotch whisky។

ជម្លោះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​បំផុត​ទាំងពីរ លើ​ពិភពលោក​នេះ​កើត​តាំងពី​ឆ្នាំ២០០៤ នៅពេលដែល​អាជ្ញាធរ​សហភាព​អឺរ៉ុប​បាន​អះអាងថា ក្រុមហ៊ុន Boeing បានទទួល​ឧបត្ថម្ភ​ធន​ចំនួន១៩ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល ហើយ​នេះ​គឺជា​ឧបត្ថម្ភ​ធន​មិន​ភាពស្មោះត្រង់ សម្រាប់​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានដាក់​ពាក្យបណ្តឹង​ស្រដៀង​គ្នា​នេះដែរ នៅ​ឆ្នាំ​នោះ ជុំវិញ​ការឧបត្ថម្ភ​ធន​របស់​អឺរ៉ុប​ទៅ​ក្រុមហ៊ុន Airbus៕

ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ថៃ​គ្រោង​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់ខ្លួន​មកា​ន់​កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Thai Group Holdings Plc (TGH) ដែល​ធានារ៉ាប់រង​អាយុជីវិត ហើយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្មជួល និង​ផ្តល់​សេវា​កម្ចី បានប្រកាសថា នឹង​ពង្រីក​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា ដោយ​មើលឃើញ​ទីផ្សារ​កម្ពុជា មាន​សក្តានុពល​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់ខ្លួន។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាក​ប៉ុស្តិ៍ នៅ​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។

លោក Thakorn នាយក​ប្រតិបត្តិ​នៃ TGH ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ថៃ បាន​ថ្លែងថា ក្រម​ហ៊ុន TGH បានកំណត់​ផែនការ ដើម្បី​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់ខ្លួន​នៅ​ទីផ្សារ​កៅ​ស្រុក ដោយ​ផ្តោតលើ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម។

នាពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មិនទាន់មាន​មូលដ្ឋាន​ឈរជើង នៅក្រៅ​ប្រទេស​រឹងមាំ​នៅឡើយ​ទេ ព្រោះ​ក្រុមហ៊ុន​បានត្រឹមតែ​គាំទ្រ​សាជីវកម្ម Thai Charoen Corporation (TCC) ជាមួយ​សេវាកម្ម​ធានារ៉ាប់រង​នៅក្នុង​ទីផ្សារ​ខាងក្រៅ​ប្រទេស​ប៉ុណ្ណោះ។

ក្រុមហ៊ុន TCC និង​ក្រុមហ៊ុន TGH ដែល​គ្រប់គ្រង​ដោយ​លោក​មហា​សេដ្ឋកិច្ច Charoen Sirivadhanabhakdi មាន​អាជីវកម្ម​ជាច្រើន នៅក្នុង​ផលប័ត្រ​របស់​ក្រុមហ៊ុន​ទាំងនេះ ដែល​មានការ​គ្របដណ្តប់​លើ​វិស័យ​អចលនទ្រព្យ និង​សេវាកម្ម​ហិរញ្ញវត្ថុ។

ក្រុមហ៊ុន TGH អាច​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ រួមបញ្ចូល​គ្នា​ដោយ​ស្ថិត​ន​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន TCC សម្រាប់​រយៈពេល​វែង ដោយ​ផ្អែកលើ​ផែនការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន។

ក្រុមហ៊ុន TGH អាច​ក្លាយជា​ស្ថាប័ន​សេវាកម្ម​ហិរញ្ញវត្ថុ ឌីជីថល​របស់​ក្រុមហ៊ុន TCC ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន TCC ក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ពង្រីក​អាជីវកម្ម​ធានារ៉ាប់រង ដើម្បី​គ្របដណ្តប់​លើ​សុខភាព និង​ធានារ៉ាប់រងផ្សេងៗនាពេល​អនាគត។

លោក Thakorn បាន​និយាយថា “យើង​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធានារ៉ាប់រង​នៅ​អាគ្នេយ៍ ដោយមាន​ការរួមបញ្ចូល​ជា​បច្ចេកវិទ្យា លើ​ធនា​រ៉ាប់រង និង​ប្រែក្លាយ TGH ទៅជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឌីជីថល ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ។ បន្ទាប់ពីនោះ យើង​នឹង​ពិចារណា​ធ្វើ​មាត្រដ្ឋាន TGH ម្តងទៀត អាស្រ័យ​លើ​ការផ្លាស់ប្តូរ​ទិដ្ឋភាព​សេដ្ឋកិច្ច និង​ឱកាស​អាជីវកម្ម​នៅ​នោះ​តាម​ពេលវេលា​ជាក់ស្តែង” ៕

តើ​ច្បាប់​វិនិយោគ​ថ្មី​មាន​លក្ខណៈពិសេស​ដូចម្តេច ខណៈ​ភាគី​ជប៉ុន​បាន​ចូលរួមក្នុងការ​រៀបចំ​ច្បាប់​នេះ

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបញ្ចប់​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការវិនិយោគ ដែល​ត្រូវបាន​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ។ សេចក្តីព្រាង​នេះ នឹងត្រូវ​បញ្ជូនទៅ​គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុននឹង​ដាក់ជូន​ទីស្តីកា​រ​គណៈរដ្ឋមន្ត្រី និង​អង្គនីតិបញ្ញត្តិ​ពិនិត្យ​ពិភាក្សា។

គេ​រំពឹងថា ច្បាប់​នេះ​អាច​នឹង​ចូល​ជា​ធរមាន នៅ​ដំណាច់​ឆមាស​ទី១ នៃ​ឆ្នាំ២០២១ នេះ ប្រសិនបើអ្វីៗដំណើរការ​ទៅដោយ​រលូន។

សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​បង្កើន​ភាព​អាច​ព្យាករ​បាន និង​ជំរុញ​យន្តការ​លើកទឹកចិត្ត ដែលមាន​លក្ខណៈ​កាន់តែ​អំណោយផល បន្ថែម​លើ​អ្វី​ដែលមាន​ស្រាប់​នៅក្នុង​ច្បាប់​បច្ចុប្បន្ន។

ការលើកទឹកចិត្ត​ថ្មី​ត្រូវបាន​បង្កើតឡើង ដោយ​ផ្អែកលើ​ការពិគ្រោះ​យោបល់​រយៈពេល​វែង​ជាមួយ​វិស័យ​ឯកជន និង​ការពិភាក្សា​ផ្ទៃក្នុង ក្នុងចំណោម​ភាគី​ពាក់ព័ន្ធសំខាន់ៗរបស់​រាជរដ្ឋាភិបាល។ ជា​យន្តការ​ផ្ទៃក្នុង​រាល់​ការបញ្ចូល​ការលើកទឹកចិត្ត​ថ្មី​ណាមួយ គឺជា​ការ​តតាំង​ឥតឈប់ឈរ​រវាង​កាតព្វកិច្ច​ទ្វេ និង​ការ​អល់អែក​នៃ​ជម្រើស​រវាង​តម្រូវការ នៃ​ការរក្សា និង​បង្កើន​ការប្រមូល​ចំណូល​ជាតិ និង​តម្រូវការ​នៃ​ការចិញ្ចឹម​បីបាច់​អាជីវកម្ម​រយៈពេល​វែង និង​ការទាក់ទាញ​វិនិយោគថ្មី។

វា​ប្រៀបដូចជា​ការពិភាក្សា​អំពី “មាន់ និង​ស៊ុត” ថា តើ​មួយណា​កើតមុន ទន្ទឹមគ្នា​នឹង​ការព្យាយាម​មិន​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កម្រិត​ចំណូល​ជាតិ​បច្ចុប្បន្ន។

ដើម្បី​ស្វែងយល់​ពី​ច្បាប់​នេះ ទិដ្ឋភាព​រួម​នៃ​កិច្ចប្រជុំ​លើក​ទី២១ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ អាច​បង្ហាញឱ្យឃើញ​នូវ​ការប្រើប្រាស់​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ដោះស្រាយ​នូវ​សេចក្តី​កង្វល់​នានា​របស់​វិនិយោគិន។

វេទិកា​នេះ គឺជា​ការសន្ទនា​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ស្តីពី​លក្ខខណ្ឌ​សម្រាប់​ការវិនិយោគ ហើយ​ពេលខ្លះ​ក៏​សឹងតែ​អាច​ក្លាយជា​ការពិភាក្សា ដេញដោល​អន្តរ​ភាគី​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា របស់​រាជរដ្ឋាភិបាល​ផងដែរ។ វេទិកា​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​វិនិយោគិន​ជប៉ុន ហើយ​ការពិភាក្សា​គឺមាន​កម្រិត​បច្ចេកទេស​ខ្ពស់ ហើយ​លម្អិត​ខ្លាំង​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការធ្វើ​អាជីវកម្ម និង​ការអនុវត្ត​ក្របខ័ណ្ឌ​ការពារ និង​ថែរក្សា​វិនិយោគ។

ភាគី​ជប៉ុន​ត្រូវបាន​តំណាង​ដោយ សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC) ដែល​បច្ចុប្បន្ន​មាន​សមាជិក​ជា​ក្រុមហ៊ុន​ជប៉ុន​ចំនួន២៧០ ដែល​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ជាច្រើន ដូចជា​ឧស្សាហកម្ម​កម្មន្តសាល សំណង់​អចលនទ្រព្យ ពាណិជ្ជកម្ម​ដឹកជញ្ជូន ហិរញ្ញវត្ថុ​ធានារ៉ាប់រង និង​សេវាកម្ម។

ក្រុមហ៊ុន​ទាំងនេះ សុទ្ធតែជា​ក្រុមហ៊ុន​ដែលមាន​ស្តង់ដា អនុលោមភាព​ខ្ពស់​ជាមួយនឹង​ច្បាប់​របស់​កម្ពុជា ហើយ​គោរព​ខ្ជាប់ខ្ជួន​តាម​បទ​ប្បញ្ញត្តិថ្មីៗ វិធាន​នៅក្នុង​សង្គម​ខ្មែរ និង​គោរព​លក្ខខណ្ឌ​ការងារ។ ដូច្នេះ​សេចក្តី​កង្វល់​ទាំងឡាយ​របស់​ពួកគេ តែងតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា។

ពិតណាស់ថា វេទិកា​បែបនេះ​មាន​ប្រយោជន៍ មិន​ត្រឹមតែ​សម្រាប់​វិនិយោគិន​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​សារៈសំខាន់​ជារួម សម្រាប់​ការកែលម្អ​បរិយាកាស និង​ទំនុកចិត្ត​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ផងដែរ។

ក្រៅពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលមាន​តួនាទី​ជា​អ្នកសម្របសម្រួល អ្នកពាក់ព័ន្ធសំខាន់ៗរបស់​កម្ពុជា រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងបរិស្ថាន និង​ក្រសួង​ស្ថាប័ន​ផ្សេងទៀត ដែល​អាច​ប្រែប្រួល​ទៅតាម​បញ្ហា​ប្រឈម​ដែល​លើកឡើង​ដោយ​ភាគី​ជប៉ុន។

ការពិភាក្សា​បាន​ផ្តោតលើ​បញ្ហា ដែលមាន​កម្រិត​បច្ចេក​ទេស​ខ្លាំង​ដូចជា (១) ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ (២) សំណើ​អនុវត្ត​ប្រព្រឹត្តិកម្ម​គណនេយ្យ​សម្រាប់​វិស័យ​កាត់ដេរ ជាមួយនឹង​វិស័យ​កម្មន្តសាល​ទាំងមូល (៣) ការអនុវត្ត​នីតិវិធី​នាំចូល​រថយន្ត និង​ការប្រកួតប្រជែង​មិន​ស្មើភាព (៤) តារាង​តម្លៃ​អគ្គិសនី​ថ្មី (៥) បញ្ហា “មូលនិធិ​ទេយ្យទាន​បរិស្ថាន” ដែលជា​យន្តការ​ស្ម័គ្រចិត្ត និង “មូលនិធិ​បរិស្ថាន និង​សង្គម” ដែលជា​យន្ត​ការជាប់​កាតព្វកិច្ច (៦) ការ​ព​ន្លឿ​ន​ការបើក​ឱ្យ​ដំណើរការ​ច្រកព្រំដែន​អន្តរជាតិ ស្ទឹង​បត់ និង (៧) ការអភិវឌ្ឍ​ធនធានមនុស្ស​បច្ចេកទេស ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន។

ការពិភាក្សា​ទល់មុខ​គ្នា បាន​ជួយ​ឱ្យ​ភាគី​ទាំងសងខាង ស្រាយ​បំភ្លឺ​អំពី​គម្លាត​នៃ​ការបកស្រាយ និង​ការអនុវត្ត​បទ​ប្បញ្ញត្តិថ្មីៗ បង្ហាញ​ពី​សេចក្តី​កង្វល់​ទៅវិញទៅមក និង​ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ហា​គោលនយោបាយសំខាន់។

សេចក្តី​កង្វល់សំខាន់ៗមួយចំនួន សម្រាប់​ក្រុមហ៊ុន​ជប៉ុន គឺជា​បញ្ហា​ប្រឈម​ជា​លក្ខណៈ​រចនាសម្ព័ន្ធរ​បស់​កម្ពុជា ដូចជា​ថ្លៃ​អគ្គិសនី​នៅ​ថ្លៃ​នៅឡើយ ការលំបាក​ក្នុងការ​បណ្តុះបណ្តាល និង​ស្វែងរក​ធនធានមនុស្ស​ថ្នាក់​គ្រប់គ្រង គុណភាព និង​ផលិតភាព​បុគ្គលិក ការដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដែល​នៅមានកម្រិត​ទាប និង​ការលំបាក​ក្នុងការ​ស្វែងរក​វត្ថុធាតុដើម និង​គ្រឿងបន្លាស់​ក្នុងស្រុក។ ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​គ្រឿងបន្លាស់​ក្នុងស្រុក​នៅ​កម្ពុជា មាន​កម្រិត​ទាប​ណាស់ បើ​ធៀប​ទៅនឹង​តំបន់។

យោងតាម​ការស្ទង់មតិ​ចុងក្រោយ ដែល​ធ្វើឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO) បាន​បង្ហាញថា នៅ​កម្ពុជា ធាតុ​ចូលក្នុង​ស្រុក​មានតែ៥,៤ ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ផ្គត់ផ្គង់​ទៅឱ្យ​ក្រុមហ៊ុន​ជប៉ុន បើ​ប្រៀបធៀប​ទៅនឹង​អត្រា​យ៉ាងហោចណាស់២០ភាគរយ សម្រាប់​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់។

បញ្ហា​ប្រឈម​ទាំងអស់​ខាងលើ​នេះហើយ ដែល​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការតាក់តែង​បន្ថែម​នូវ​ខ្លឹមសារ នៃ​យន្តការ​លើកទឹកចិត្ត​ថ្មី នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការវិនិយោគ​នេះ។

ឧទាហរណ៍​ជាក់ស្តែង សេចក្តីព្រាងច្បាប់​នេះ ផ្តល់នូវ​ការលើកលែង​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ការទិញ​ធាតុ​ចូល ផលិតកម្ម​ដែល​ផលិត​ក្នុងស្រុក។ សេចក្តីព្រាងច្បាប់​នេះ​ក៏​ផ្តល់នូវ​អត្រា​កាត់កង ចំណាយ​ពិសេស​ចំនួន១៥០ភាគរយ ពី​មូលដ្ឋាន​គិត​ពន្ធ​សម្រាប់​ការចំណាយ​របស់​ក្រុមហ៊ុន​លើ​ការស្រាវជ្រាវ ការអភិវឌ្ឍ និង​នវានុវត្តន៍ ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជំនាញ​ដល់​កម្មករនិយោជិត​ខ្មែរ ការធ្វើ​ទំនើបកម្ម​គ្រឿង​ម៉ាស៊ីន ដើម្បី​បម្រើ​ដល់​ខ្សែចង្វាក់​ផលិតកម្ម ការសាងសង់​កន្លែង​ស្នាក់នៅ អាហា​រដ្ឋា​ន ទារកដ្ឋាន ការផ្តល់​មធ្យោបាយ​ដឹកជញ្ជូន ប្រកបដោយ​ផាសុកភាព និង​ការចំណាយ​ផ្សេងទៀត ដែលមាន​គោលបំណង​លើកកម្ពស់ សុខុមាលភាព​របស់​ក​ម្មករ-និយោជិត​ខ្មែរ។

ទាំងនេះ គឺជា​ការរក​ដំណោះស្រាយ តាម​លក្ខណៈ​គោលនយោបាយ​ជាក់ស្តែង ដែល​ត្រូវ​បានផ្តល់​ដោយ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ក៏ដូចជា​ផ្តល់​ការគាំទ្រ​សុខុមាលភាព​ដល់ក​ម្មក​រ​ខ្មែរ ដែលជា​លទ្ធផល​ដំណោះស្រាយ​ទាំងនោះ​ក៏​អាចឆ្លើយតប​ផងដែរ ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​ត្រូវ​បានលើកឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន​ដូចខាងលើ។

លើសពីនេះ​ទៀត ការលើកលែង​ពន្ធ​ត្រូវបាន​កែលម្អ ដើម្បី​ធ្វើឱ្យមាន​លក្ខណៈ​កាន់តែ​អំណោយផល សម្រាប់​គម្រោង​វិនិយោគ ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ (QIPs) ដែល​អាច​ទទួលបានរ​យៈ​ពេល លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ពី ៣ ទៅ៩ឆ្នាំ គិត​ចាប់ពី​ពេលដែល​ទទួលបាន​ប្រាក់ចំណូល​លើកដំបូង។

បន្ទាប់ពី​ផុត​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល គម្រោង​QIPs មាន​សិទ្ធិ​ទទួលបាន​ការលើកទឹកចិត្ត ឱ្យ​បង់ពន្ធ​លើ​ប្រាក់ចំណូល តាម​អត្រាកំណើន​តាម​ពេល​សម្រាប់​រយៈពេល៦ឆ្នាំ។ គម្រោង​ទាំងនោះ​មាន​សិទ្ធិ​នាំចូល​ដោយ​ពន្ធគយ អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​របស់​រដ្ឋ។

ទាក់ទង​នឹង​ទិដ្ឋភាព​ប្រតិបត្តិការ​សេចក្តីព្រាងច្បាប់​នេះ ក៏បាន​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​ការសម្របសម្រួល វិនិយោគ​ជាពិសេស តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ “យន្តការ​ច្រកចេញ-ចូល​តែមួយ” ។

ឆ្លងកាត់​មេរៀន បទពិសោធន៍​ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ១៩ សេចក្តីព្រាងច្បាប់​នេះ​ក៏បានផ្តល់​ដល់​រាជរដ្ឋាភិបាល​នូវ​ភាពបត់បែន ក្នុងការ​ផ្តល់​ការលើកទឹកចិត្ត​ពិសេស សម្រាប់​វិស័យ​អាទិភាព​ជាក់លាក់​ណាមួយ ដែល​យើង​មិនអាច​ព្រាង​ទុកជាមុន​បាន ឬ​វិស័យ​ឧស្សាហកម្ម​ទើប​កកើត​ថ្មី តាមរយៈ​ការដាក់បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី ការគ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ត្រូវ​ឆ្លង​សភា​ជា​រៀងរាល់ឆ្នាំ។

ស្ថិរភាព និង​ភាព​អាច​ព្យាករ​បាន គឺជា​គន្លឹះ​សម្រាប់​ទំនុកចិត្ត​វិនិយោគ។ និយាយ​ផ្ទុយ​មកវិញ អស្ថិរភាព និង​ភាព​មិនអាច​ព្យាករ​បាន គឺជា​សត្រូវ​របស់​វិនិយោគិន។ ទោះបី​ជាមាន​ភាព​ទាក់ទាញ តាមរយៈ​យន្តការ​លើកទឹកចិត្ត​ក៏ដោយ វា​ជា​រឿង​ធម្មតា​ដែល​វិនិយោគិន​តែងតែ​ខិតខំ​ស្វែងយល់ ពី​ហានិភ័យ​ទុកជាមុន ហើយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​ការផ្លាស់ប្តូរ​គោលនយោបាយ ដែលមាន​លក្ខណៈ​ប្រញាប់ប្រញាល់ភ្លាមៗដែល​អាច​បង្ក​ជាការ​រំខាន​ធ្ងន់ធ្ងរ ដល់​ការរៀបចំ​ផែនការ វិនិយោគ​រយៈពេល​មធ្យ​ម និង​វែង។

cdc

ស្ថិរភាព​នយោបាយ​សង្គម និង​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ គឺជា​ធនធាន​ដ៏​សមប្រកប និង​អំណោយផល​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល២ទសវត្សរ៍​ចុងក្រោយ​នេះ ដែលជា​កត្តា​ជំរុញ​កំណើន​ទំនុកចិត្ត​វិនិយោគ​កាន់តែខ្លាំង​ឡើង។

យ៉ាងណាក្តី កម្ពុជា​នៅតែ​ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ទទួលបាន​ការទុកចិត្ត និង​ការជឿជាក់​ពី​វិនិយោគិន ជាពិសេស​នៅក្នុង​ទិដ្ឋភាព​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​ភាពប្រាកដប្រជា​ក្នុងការ​អនុវត្ត​ជាក់ស្តែង ដើម្បី​រក្សា និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់៕

អ្នកជំនាញៈ មុនពេល​សម្រេចចិត្ត​ទិញ​លំនៅដ្ឋាន​ក្នុង​បុរី​ណាមួយ គ​ម្បី​ត្រូវ​សិក្សាលើ​ចំណុច​ចំនួន សំខាន់ៗ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រាកដ​ណាស់​ថា គ្រប់​អតិថិជន​ទាំងអស់ ដែល​ស្វែងរក​ទិញ​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ ប្រកបដោយ​ផាក​សុខភាព មាន​សុវត្ថិភាព និង​អាច​ទទួលបាន​ផលចំណេញ​បន្ថែម ដែលជា​អត្ថប្រយោជន៍​ពី​ការ​ចំណាយលុយ​ដើម​នោះ គឺអាច​បង្កើន​ទ្រព្យ​ក្រោយពេល​ស្នាក់នៅ។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​លំនៅដ្ឋាន​បែប​ទាន់សម័យ លោក សុខ ជា អគ្គនាយករង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ PAPA & MAMA បាន​បង្ហើប​ប្រាប់ថា បើ​ចង់បាន​នូវ​ចំណុច​ទាំងអស់ ដូច​បានលើកឡើង​ខាងលើនេះ ក្ដី​ប្រាថ្នា​របស់លោក​អ្នក​អាច​នឹង​សម្រេចបាន ប៉ុន្តែ​ត្រូវ​សិក្សា​ទៅលើ​កត្តាសំខាន់ៗចំនួន៤ ដូចខាងក្រោម​ជាមុនសិន។

ទី១-ទីតាំង​គម្រោង

យើងទាំងអស់គ្នា​សុទ្ធសឹងតែ​ដឹង​ហើយ​ថា ទីតាំង​គឺជា​ចំណុច​សំខាន់ ក្នុងការ​ជ្រើសរើស ឬ​វិនិយោគ​ទៅលើ​អចលនទ្រព្យនីមួយៗ ហើយ​លោកអ្នក​អាច​ជ្រើសរើស​ទីតាំង​ដែល​លោកអ្នក​ពេញចិត្ត និង​ផ្តល់​អាទិភាព​ក្នុងការ​រស់នៅ ដូចជា ជិត​កន្លែងធ្វើការ ផ្សារ ឬ​ជិត​សាលារៀនកូនៗ ឬ ស្ថិតនៅ​ក្បែរ​តំបន់​ពាណិជ្ជកម្មផ្សេង។ មួយវិញទៀត​លោកអ្នក​ក៏​អាច​ជ្រើសរើស និង​សម្លឹងមើល​បន្ថែម​នូវ​ភាព​រីកចម្រើន​នៅក្នុង​តំបន់​នោះ។

ជានិច្ចកាល តំបន់​ដែល​ទើបតែ​អភិវឌ្ឍន៍​ថ្មី តែងតែ​ផ្តល់ឱកាស​នូវ​ផលចំណេញ​លឿន​ជាង​តំបន់​ដែល​បាន​អភិវឌ្ឍន៍​រួចហើយ។

ទី២- ប្រវត្តិ​ក្រុមហ៊ុន និង​បទពិសោធន៍

យើង​គប្បី​គួរតែ​សិក្សា​ពី​ម្ចាស់​គម្រោង​មាន​ជីវប្រវត្តិ និង​ស្នាដៃ​យ៉ាងដូចម្តេច? ចំណុច​នេះ អាចធ្វើឱ្យ​យើង​ស្វែងយល់ អំពី​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន។ជាក់ស្តែង​យើង​កត់សម្គាល់ឃើញ​មាន​គម្រោង​មួយចំនួន មានតែ​ច្បាប់​សាងសង់ ប៉ុន្តែ​ពុំមាន​វិញ្ញាបនបត្រ​អភិវឌ្ឍន៍​គម្រោង​នោះទេ ដែល​ធ្វើឱ្យ​គម្រោង​នេះ មិនមាន​លក្ខណៈ​ស្របច្បាប់​ពេញលេញ ហើយ​យើង​ក៏ត្រូវ​តែពិនិត្យ​មើល​បន្ថែ​ម​ទៀតថា គម្រោង​នេះ​មាន​ផ្តល់ជូន​នូវ​កម្មសិទ្ធិ​ប្លង់ រឹង​ជូន​ពេល​បញ្ចប់​ការសាងសង់​នេះដែរ​ឬទេ? ហើយ​យើង​ក៏ត្រូវ​សិក្សា​អំពី​កុងត្រា​ទិញ-លក់​របស់​ក្រុមហ៊ុន​ផងដែរ។

ទី៣- គុណភាព​សំណង់ និង​គម្រោង

គម្រោង​មេ​ដែល​រចនា​បានល្អ ពិតជា​ផ្តល់នៅ​គុណ​តម្លៃបន្ថែម​នាពេល​អនាគត។ ចំពោះ​សំណង់ផ្ទះ​ដែល​រឹងមាំ និង​មាន​ស្តង់ដារ​ធ្វើឱ្យ​ការរស់នៅ ប្រកបទៅដោយ​ផាសុកភាព។ លោកអ្នក​ក៏ត្រូវ​មើល​បន្ថែមថា តើ​នឹងមាន​ផ្តល់​អ្វីខ្លះ ដែល​បន្ថែម​ជូន​ដល់​អតិថិជន ដូចជា សម្ភារៈ​ក្នុងផ្ទះ គ្រឿង​បរិក្ខារ​ក្នុង​បុរី សេវាកម្ម​គ្រប់គ្រង​ថែរក្សា​ទូទៅ និង​សេវាកម្ម​គ្រប់គ្រង​សន្តិសុខ​ជាដើម។

ទី៤- ទិញ​ក្នុង​គម្រោង

បើ​និយាយ​ពី​ទិញ​ក្នុង​គម្រោង អតិថិជន​គាត់​អាច​ចំណេញ​ច្រើន ដោយសារតែ ទី១ អតិថិជន​អាច​បង់​រំ​លួស​ដោយ​អត់​ការប្រាក់ ហើយ​ទី២,អតិថិជន​អាច​តាមដាន​គុណភាព​សំណង់។

ជាក់ស្តែង លោក សុខ ជា ដែលជា​ប្រធាន​ផ្នែក​លក់ និង​ជា​អគ្គនាយករង​ក្រុមហ៊ុន Papa & Mama បាន​ណែនាំ​គម្រោង​បុរី​មួយ​ឈ្មោះ បុរី ណា​ឌី ។

បុរី ណា​ឌី គឺជា​បុរី​មួយ​ដែល​នៅ​ជិត​ផ្លូវជាតិ 6A ហ៊ុម​ដោយ​បុរីធំៗនៅ​ព័ទ្ធជុំវិញ នៅ​ជិត​សួនសត្វ​សា​ហ្វា​រី នៅ​ជិត​សួន​ទឹក នៅ​ជិត​ស្តា​ត​តេ​ជោ ជាពិសេស​ទៅទៀត​មាន​ទន្លេ​អម​សងខាង ស័ក្ដិ​សមជា​តំបន់​រស់នៅ​ប្រកបដោយ​សុភមង្គល ព្រោះ​មាន​ខ្យល់អាកាស​បរិសុទ្ធ​ពី​ធម្មជាតិ ចំណែក​ក្នុង​បុរី​មាន​សួនផ្កា​ត្របែកព្រៃ និង​ក្លឹប​ហាត់ប្រាណ។

ជាងនេះទៅទៀត បុរី ណា​ឌី បាន​យក​អ្នកគ្រប់គ្រង​បុរី គឺ​ក្រុមហ៊ុន Keystone ដែលជា​ក្រុមហ៊ុន​ល្បី​មក​គ្រប់គ្រង​បុរី។ លោក សុខ ជា បាន​បន្ថែមទៀតថា មូលហេតុ​ដែល​បុរី ណា​ឌី បាន​យក​ក្រុមហ៊ុន keystone មក​គ្រប់គ្រង មូលហេតុ​ដោយសារ​បុរី​មួយចំនួន​ការគ្រប់គ្រង​សន្តិសុខ​នៅមានកម្រិត ដូចនេះ​អតិថិជន​ដែល​ទិញ​បុរី គួ​សម្រេចចិត្ត​ទិញ​បុរី​ណា​ឌី ដើម្បី​សេចក្ដីសុខ សុវត្ថិភាព និង​មាន​ផាសុកភាព​ខ្ពស់។

សំរាប់​ព័ត៌មាន​លំអិត​អតិថិជន អាច​ទំនាក់ទំនង​តាមរយៈ​លេខ 011 72 51 51 / 016 72 51 51 ៕