ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lai Huat បានទទួលការអនុម័តជាគោលការណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍទីក្រុងអេកូកសិកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore កាលពីថ្មីៗនេះ។
ទីក្រុង ដែលនឹងត្រូវអភិវឌ្ឍលើដីរបស់ក្រុមហ៊ុន HLH Agriculture នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ នឹងរួមបញ្ចូលទាំងការអភិវឌ្ឍចម្រុះ ឃ្លាំងទំនិញ និងមជ្ឈមណ្ឌលដឹកជញ្ជូន ក៏ដូចជាឧស្សាហកម្មកសិកម្ម និងការរស់នៅបែបសហគមន៍ជាដើម។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា គម្រោងនេះត្រូវបានរំពឹងថា នឹងទាក់ទាញតម្លៃវិនិយោគប្រមាណ១០ពាន់លានដុល្លារអាមេរិក (១៣,៥ពាន់លានដុល្លារសិង្ហបុរី) ហើយនឹងទាក់ទាញអ្នកវិនិយោគក្នុងស្រុក សិង្ហបុរី និងវិនិយោគិនអន្តរជាតិ។
ទីតាំងគម្រោងនេះ ស្ថិតនៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងនៅចន្លោះទីក្រុង និងខេត្តព្រះសីហនុ ដែលជាកន្លែងដែលមានកំពង់ផែសមុទ្រទឹកជ្រៅ។
គម្រោងនេះ នឹងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១០០.០០០ហិកតា ហើយនឹងត្រូវបានអភិវឌ្ឍជាដំណាក់កាល ស្របតាមផែនការ ដែលបានអនុម័ត និងការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះរំពឹងថា នឹងបង្កើតឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជាង៥០០.០០០នៅក្នុងប្រទេសកម្ពុជា។
លោក Ong Jia Jing អគ្គនាយកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា “នៅក្នុងពិភពលោក ដែលរងឥទ្ធិពលយ៉ាងខ្លាំងដោយជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំហើយ សន្តិសុខស្បៀងគឺជាបញ្ហាសំខាន់មួយ ដែលប្រទេសទាំងអស់កំពុងស្វែងរកដំណោះស្រាយ” ។
លោកបានបន្តថា “យើងជឿជាក់ថាគម្រោងនេះ នឹងអនុញ្ញាតឱ្យយើងចូលរួមវិភាគទានដល់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសសិង្ហបុរីផងដែរ” ៕