អ្នកជំនាញៈ ការបង្កើត​រំហូរ​សាច់​ប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ​នឹង​ជួយ​ឱ្យ​វិស័យនេះ​ងាក​ចេញពី​វិបត្តិ​បាន​លឿន

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ វិបត្តិ​កូ​វីដ១៩បាននិងកំពុង​បង្ក​ផលប៉ះពាល់ ដល់​វិស័យ​ជាច្រើន​លើ​ពិភពលោក ហើយ​វិស័យ​អចលនទ្រព្យ​កម្ពុជា ក៏​គេច​មិន​រួច​ពី​ផលប៉ះពាល់ ពី​វិបត្តិ​ជំងឺ​រាតត្បាត​មួយ​នេះដែរ ប៉ុន្តែ​អ្នកជំនាញ​បានលើកឡើង​បាន​ថា អ្នកវិនិយោគ អ្នក​អភិវឌ្ឍន៍​គួរ​បង្កើត ឱ្យមាន​ដំណើរការ​ចរន្ត ឬ​រំហូរ​សាច់ប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ ដើម្បី​អាចឱ្យ​វិស័យ​មួយ​នេះ​ងើប​ឡើងវិញ​បាន​លឿន។

ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Easy Property Investment លោក ​ម៉ម សេរី​បញ្ញា បាន​ថ្លែងប្រាប់​ក្នុង​សប្តាហ៍​នេះ​ថា ក្នុង​ស្ថានការណ៍​បច្ចុប្បន្ននេះ ពិភពលោក​កំពុង​ជួបប្រទះ​នឹង​បញ្ហា ហើយ​យើង​ក៏​ជួបនឹង​បញ្ហា​ដូចគ្នា ដោយសារ​វិបត្តិ​កូ​វីដ១៩ ។

លោក​បាន​ថ្លែងបន្តថា “ខ្ញុំ​អាច​និយាយបានថា វា​មាន​ផលប៉ះពាល់ ប៉ុន្តែ​យើង​មិនអាច​អង្គុយ​កាប់​បំពង់ រង់ចាំ​ទឹកភ្លៀង​នោះទេ ឬ​នៅក្នុង​រណ្តៅ​មួយ ដោយ​មិន​ប្រឹង​វារ​ឡើង​នោះទេ ព្រោះ​បើ​យើង​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ យើង​នឹង​ដួល​ទាំងអស់គ្នា” ។

លោក​បាន​ថ្លែង​ទៀតថា “ដូច្នេះ​យើង​ត្រូវបានធ្វើ​យ៉ាងម៉េច ឱ្យមាន​ដំណើរការ​ចរន្ត​សាច់ប្រាក់ (cash flow) ហើយ​យើង​ឃើញថា អ្នកវិនិយោគ​មួយចំនួន នៅ​ប្រឹងប្រែង​ធ្វើ និង​អ្នកទិញ​នៅ​បន្ត​ទិញ ដែលជា​ឱកាស​មួយ​ល្អ ក្នុងការ​ទទួលបាន​តម្លៃ​ល្អ” ។

លោក​អំ​នាវ​ពា​វ​ដល់​វិនិយោគិន​ទាំងអស់ កុំឱ្យ​មានការ​ភិតភ័យ សម្រាប់​ការវិនិយោគ​នាពេល​បច្ចុប្បន្ន និង​បន្ត​អភិវឌ្ឍន៍ និង​វិនិយោគ​ទៅតាម​គម្រោង និង​ផែនការ​របស់ខ្លួន ប៉ុន្តែ​ត្រូវគោរព​តាម​ការណែនាំ​របស់​រដ្ឋ​ភិ​បាល តាមរយៈ​ការដាក់​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ​លោក​សំ សុខ​នឿន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បានឱ្យដឹង​កាលថ្មីៗថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ជា​សហគមន៍​ជាថ្មី​នៅ​ក្នុ​ប្រទេស​កម្ពុជា នាពេលនេះ គឺជា​រឿង​មិន​នឹកស្មាន​មួយ ក៏ប៉ុន្តែ​លោក​ជំ​រុញឱ្យ​វិនិយោគិន​នានា ក្នុង​វិស័យនេះ គួរតែ​បន្ត​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ប​ន្ត ដោយសារតែ​កូ​វីដ​សហគមន៍​នេះ នឹងត្រូវ​ទប់ស្កាត់បាន។

លោក​បាន​ថ្លែង​ទៀតថា “ជា​បទពិសោធន៍​កន្លង​មក កម្ពុជា​បាន​ទប់ស្កាត់​ការរីក​រាល​និង​គ្រប់គ្រង​បានល្អ លើ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ហើយ​សម្រាប់​ការឆ្លង​សហគមន៍​លើក​នេះ លោក​ក៏​ជឿថា​អាច​ទប់ស្កាត់បាន​ដូចគ្នា ជាមួយនឹង​វត្តមាន​វ៉ាក់សាំង​នៃ​កូ​វីដ១៩ ដែល​កំពុង​ចាក់​ជូន​ពលរដ្ឋបណ្ដើរៗផងដែរ” ។

លោក​សំ សុខ​នឿន បាន​បន្តថា សម្រាប់​ពេលនេះ ប្រជាពលរដ្ឋ​ទាំង​សូម​ស្ដាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​កាន់តែ​ធំ ដើម្បីឱ្យ​ការឆ្លង​សហគមន៍​នេះ បានបញ្ចប់​នៅពេលឆាប់ៗ និង​អាច​ស្ដារ​សេដ្ឋកិច្ចកម្ពុជា​បាន​ប្រសើរ​ឡើងវិញ៕

វិបត្តកូ​វីដ១៩ បានធ្វើ​ឲ្យ​ទីក្រុង​នៅ​កម្ពុជា​ចំនួន​ពីរ​ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ បាននិងកំពុង​ធ្វើ​ឲ្យ​ទីក្រុង​ចំនួន​ពីរ​ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ​អញ្ចឹង វា​ពិតជា​គួរ​ឲ្យ​ស្រណោះ ប៉ុន្តែ​គេហទំព័រ Propertyarea.asia សង្ឃឹម និង​ជឿជាក់​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថា នឹង​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​នេះ និង​ធ្វើ​ឲ្យ​ស្ថានការណ៍​វិល​មកកាន់​ភាពប្រក្រតី​វិញ។

ទីក្រុង​ដែលមាន​សភាព​ដូច​ទីក្រុង​ខ្មោច នា​អតីតកាល បានមក​លងបន្លាច​ជដ​ថ្មី នោះ​គឺ​ក្រុងព្រះសីហនុ ដែល​មិនមាន​អ្នកធ្វើដំណើរ​ឆ្លងកាត់ ទោះបី​ផ្លូ​រលោង​ស្អាត ទើប​បញ្ចប់​ការសាងសង់​នៅពេលថ្មីៗនេះ​ក្តី។

ទីក្រុង​មួយទៀត គឺ​ក្រុង​បាវិត ក៏មាន​សភាព​ស្ងប់ស្ងាត់​ផងដែរ ដែល​នៅលើ​ដងផ្លូវ​នៃ​ទីក្រុង​ទាំងពីរ​នេះ ពិតជា​មិនសូវមាន​ចរាចរណ៍​ឆ្លងកាត់ និង​ស្ងប់ស្ងាត់​មិន​ធ្លាប់មាន​ចាប់តាំងពី​កម្ពុជា​បានបញ្ចប់​សង្គ្រាម ក្នុង​រយៈពេល​ជាង៣០ឆ្នាំ​មកនេះ។

សម្តេច​តេ​ជោ ហ៊ុន សែន កាលពីដើម​សប្តាហ៍​នេះ បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ក្រុងព្រះសីហនុ ត្រូវ​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​ក្រុងព្រះសីហនុ ក្នុងករណី​មិនចាំបាច់ ដោយ​មិន​ឲ្យ​ឆ្លង​ទៅកាន់​ខេត្ត​ដទៃ លើកលែងតែ​អ្នកបើករថយន្ត​ដឹកទំនិញ។

ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏​បន្ត​ប្រកាស​ផ្អាក​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​រយៈពេល​ពីរ​សប្តាហ៍​បន្ថែមទៀត ខណៈ​ជំងឺ​នេះ​រីក​រាលដាល និង​ទីតាំង​រ៉ុ​រក​កាន់​ត​តែ​ធំ និង​មាន​សភាព​ស្មុ​គ្រ​ស្មាញ។

លោកស្រី​តាំ ង ហួរ នាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd បាន​មានប្រសាសន៍ថា វិបត្តិ​នៃ​ព្រឹត្តិការណ៍២០កុម្ភៈ បាននិងកំពុង​ធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​អចលនទ្រព្យ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​លោកស្រី​បានបង្ហាញ​ជំនឿ​ចិត្ត​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​នឹង​អាច​គ្រប់គ្រង​ជំងឺ​នេះ​បានឆាប់ៗ ដើម្បី​ឲ្យ​ស្ថានភាព​វិល​មករក​ភាពប្រក្រតី​វិញ។

លោកស្រី​បន្តថា “ខ្ញុំ​ជឿ​លើ​ប្រមុខ​រដ្ឋាភិបាល ពិសេស​សម្តេច​តេ​ជោ ដែល​លោក​មាន​សមត្ថភាព​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន” ។

ជាមួយគ្នានេះ លោក សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​មានប្រសាសន៍ថា ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ ជា​រឿង​មិន​នឹង​ស្មាន​ដល់ ខណៈដែល​វា​កំពុង​រីក​រាលដាល​នេះ លោក​ជឿថា ប្រមុខ​រដ្ឋាភិបាល​នឹង​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន ព្រោះ​ព្រឹត្តិការណ៍៣វិច្ឆិកា និង២៨ វិច្ឆិកា​កន្លងមក រដ្ឋាភិបាល​បាន​គ្រប់គ្រង​ជំងឺ​នេះ​បានល្អ៕

អ្នកជំនាញ​បង្ហើប​ពី​វិធីសាស្ត្រងាយៗទិញ​ដី​វិនិយោគ​បាន​ចំណេញ​ក្នុងសម័យ​កូ​វីដ១៩

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​បរិបទ​ដែល​កំពុង​ញាំញី ដោយ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ១៩ បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច ស្ទើរ​គ្រប់​បណ្តា​ប្រទេស​នោះ មាន​មនុស្ស​ជាច្រើន​សម្ងំ​ទុក​លុយ​មិន​ហ៊ាន​ចំណាយ ទៅលើ​ការវិនិយោគ​នោះឡើយ សូម្បីតែ​វិស័យ​អចលនទ្រព្យ និង​ទីផ្សារ​ដីធ្លី​នៅ​តំបន់​ខ្លះ​ក៏ត្រូវ​ជាប់គាំង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បានទទួល​ស្គាល់​នូវ​ឱនភាព នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប៉ុន្តែ​មិនមែន​ធ្លាក់ចុះ ឬ​នៅ​ទ្រឹង​ទាំងអស់​នោះទេ ព្រោះ​ផ្នែក​ខ្លះ​នៅក្នុង​វិស័យ​មួយ​នេះ នៅតែ​អាច​បន្តដំណើរ​បាន​យ៉ាង​រលូន ជាពិសេស​មាន​អ្នកជំនួញ​ខ្លះ អាច​ទទួលបាន​ផលចំណេញ ពី​វិបត្តិ​មួយ​នេះ​យ៉ាងច្រើន​ថែមទៀត​ផង។

លោក​បញ្ជាក់ថា “ខ្ញុំ​និយាយ​តែ​ផ្នែក​មួយ ដែល​ស្ថិតនៅក្នុង​វិស័យ​អចលនទ្រព្យ នោះ​គឺ​ទីផ្សារ​ដីធ្លី។ ទីផ្សារ​ដីធ្លី​ទោះ​ជាមាន​វិបត្តិ​ជំងឺ​កូ​វីដ ក៏​ផ្នែក​មួយ​នេះ​នៅតែមាន​សកម្មភាព​ទិញ​លក់ ដូចជា​ទីផ្សារ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ដែរ ហើយ​អាច​មានឱកាស​ទទួលបាន​ចំណេញ​ពី​ការវិនិយោគ​យ៉ាងច្រើន​ថែម​ទៀតផង” ។

លោក​បន្តថា “សម្រាប់​អ្នកចេះ​វិនិយោគ​ដីធ្លី នៅក្នុង​កាលៈទេសៈ​នេះ គឺមាន​ឱកាស​ចំណេញ​ច្រើន នោះ​គឺ​ការចេះ​វាយតម្លៃ និង​ស្គា​ល់ពី​ស្ថានភាព​ទីតាំង។ ការវាយតម្លៃ​មុនពេល​សម្រេចចិត្ត​គឺ​សំខាន់បំផុត។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​តម្លៃ​ដីធ្លី នៅលើ​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់” ។ លោក​បន្តថា “បើ​មិនចេះ​វាយតម្លៃ គួរ​ប្រឹក្សា​ជាមួយ​ភ្នាក់ងារ​ជំនាញ ដែលមាន​ក្រមសីលធម៌ និង​វិជ្ជាជីវ ហើយ​ធ្វើការ​ប្រៀបធៀប​រវាង​តម្លៃ ដែល​ម្ចាស់​ដី​បាន​កាត់​លក់ និង​តម្លៃ​ទូទៅ​នៅលើ​ទីផ្សារ ជាពិសេស​នៅក្នុង​កំឡុងពេល ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​នេះ​តែម្ដង។ ពេលនោះ​អ្នកនឹង​បានដឹងថា ដី​ដែល​អ្នក​ចង់​ទិញ​ទុក​វិនិយោគ​អាច​ផ្តល់ឱកាស​ចំណេញ​ដល់​មាន​អត្រា​ប៉ុន្មាន​ភាគរយ” ។

លោក​ច្រឹ​ក សុខ​នី​ម បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា នៅក្នុង​បរិបទ​នៃ​សម័យ​កូ​វីដ​នេះ ប្រសិនបើជា​អ្នកមាន​លុយ​គ្រប់គ្រាន់ មិន​ពាក់ព័ន្ធ​ទៅនឹង​បំណុល​របស់​ធនាគារ នឹង​អាច​មានឱកាស​ចំណេញ​បាន​ច្រើន ដោយសារតែ​រង់ចាំ​ទិញ​ដី​ទាំងឡាយ ដែល​ម្ចាស់​ត្រូវការ​លុយ​បង្វិល ហើយ​បង្ខំចិត្ត​លក់​ដី​ក្នុង​តម្លៃថោក ឬ​ទាប​ជាង​ទីផ្សារ លុះ​ពេល​ស្ថាន​ការ​ទៅជា​ល្អ​វិញ​ក្រោយ​វិបត្តិ​ត្រូវបាន​បញ្ចប់ នោះ​តម្លៃ​ដី​នឹង​ឡោះ​ង​ថ្លៃ​វិញ​ជាក់​ជា​មិ​ខាន។

លោក​បន្តថា “ដូច្នេះ សម្រាប់​អ្នកមាន​លុយ គួរ​ទិញ​ដី​ទុក​វិនិយោគ​នៅក្នុង​ពេលនេះ​អាច​មានឱកាស​ទទួលបាន​ចំណេញ​ច្រើន” ៕

ចំណេះដឹងវិនិយោគៈតើអ្វីទៅជាការវិនិយោគសកម្ម និងការវិនិយោគអកម្ម

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្នគេមើលឃើញថា ការវិនិយោគលើទិញមូលបត្រ និងការ​វិ​និយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ ដោយមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនចូលក្នុងវិស័យទាំងពីរ។

នៅក្នុងការវិនិយោគនេះដែរ គេបានបែងចែកជាពីរ គឺការវិនិយោគសកម្ម និងការវិនិយោគសកម្ម ។ អ្វីទៅជាការវិនិយោគសកម្មនិងការវិនិយោគអកម្ម?។

ការវិនិយោគគឺជាសកម្មភាពនៃការទិញនូវប្រភេទមូលប័ត្រផ្សេងៗ និងអចលនទ្រព្យជាដើម ដើម្បីអាចទទួលបាននូវផលចំណេញត្រឡប់មកវិញ ក្នុងពេលវេលាណាមួយ។ ដើម្បីអាចវិនិយោគបាន គឺទាមទារឱ្យយើងមាននូវចំណេះដឹង និងវិធីសាស្រ្ដនានានៃការវិនិយោគនោះ។ ដែលថ្ងៃនេះ យើងនឹងស្វែងយល់ពីប្រភេទនៃការវិនិយោគចំនួនពីរ គឺការវិនិយោគសកម្ម (Active Investing) ជាសកម្មភាពដែលវិនិយោគិនទិញលក់ ឬជួញដូរនៅក្នុងទីផ្សារជាប្រចាំ រីឯការវិនិយោគអកម្ម (Passive Investing) ជាសកម្មភាពដែលវិនិយោគិនទិញលក់ ឬជួញដូរនៅក្នុងទីផ្សារដែរ ប៉ុន្ដែមិនសូវមានសកម្មភាពញឹកញាប់នោះទេ ។

មានកត្តាសំខាន់ៗ៥យ៉ាង ដែលបង្ហាញពីភាពខុសគ្នានៃការវិនិយោគសកម្ម និងការវិនិយោគអកម្មនេះ ដូចជា

ទី១ រយៈពេលនៃការវិនិយោគ

ការវិនិយោគអកម្ម គឺវិនិយោគិនទិញ និងរក្សាទុក (buy and hold) ដើម្បីទទួលបានប្រាក់ចំណេញនៅក្នុងរយៈពេលវែង។ ឧទាហរណ៍ វិនិយោគិនទិញភាគហ៊ុន និងរក្សាទុកក្នុងរយៈពេលវែង ដើម្បីទទួលបានប្រាក់ចំណេញឬភាគលាភរបស់ក្រុមហ៊ុន តាមរយៈការឡើងថ្លៃនៃភាគហ៊ុនដែលបានទិញនោះ។ ចំពោះការវិនិយោគសកម្ម វិនិយោគិនផ្ដោតទៅលើការវិនិយោគក្នុងរយៈពេលខ្លី ពោលគឺពួកគេអាចទទួលបានប្រាក់ចំនេញ ពីការប្រែប្រួលតម្លៃនៅក្នុងទីផ្សារក្នុងពេលដ៏ខ្លីនោះ។

ទី២ ផលចំណេញ កំហាត និងហានិភ័យ

ការវិនិយោគអកម្មអាចទទួលបានផលចំណេញខ្ពស់ ប្រសិនបើអ្នកសម្រេចចិត្តវិនិយោគត្រូវ។ ប៉ុន្ដែប្រសិនបើមានការប្រែប្រួលថ្លៃក្នុងរយៈពេលវែង នោះវាក៏នាំឱ្យកើតមាននូវហានិភ័យផងដែរ ដូចនេះដើម្បីបញ្ចៀសនូវហានិភ័យនេះ។ វិនិយោគិនប្រភេទនេះគួរជ្រើសរើសវិធីពិពិធកម្មផលបត្រ រីឯការវិនិយោគសកម្ម ទទួលបានការចំណេញខ្ពស់នៅពេលដែលតម្លៃទីផ្សារកើនក្នុងរយៈពេលខ្លី ប៉ុន្ដែក៏មានហានិភ័យខ្ពស់ ប្រសិនបើមានការធ្វេសប្រហែស ឬគិតខុសមួយពេល។

ទី៣ ការចំណាយផ្សេងៗ

ការវិនិយោគអកម្ម មិនទាមទារឱ្យមានការចំណាយច្រើនដង លើឈ្មួញជើងសារក្នុងការធ្វើប្រតិបត្តិការនោះទេ ព្រោះថាវិនិយោគិនបែបអកម្មនេះ មិនសូវមានសកម្មភាពច្រើនក្នុងទីផ្សារ។ រីឯការវិនិយោគសកម្ម ទាមទារឱ្យមានការចាយវាយ លើថ្លៃប្រតិបត្តិការនានា ដូចជាចំណាយលើឈ្មួញជើងសារជាដើម ដោយសារវិនិយោគិនត្រូវធ្វើសកម្មភាពប្រតិបត្តិការនៅលើទីផ្សារជាញឹកញាប់។

៤ ភាពបត់បែនក្នុងការវិនិយោគ

ការវិនិយោគអកម្ម មិនសូវមានភាពបត់បែនច្រើននោះទេ ដោយសារការទិញនិងលក់ផ្អែកលើការប្រែប្រួលថ្លៃ ក្នុងរយៈពេលវែងមួយ ខណៈពេលដែលការវិនិយោគសកម្ម តម្រូវឱ្យមានភាពបត់បែនខ្ពស់ ដោយវិនិយោគិនសម្រេចចិត្ត ក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី ដូចជា ការជួញដូររូបិយប័ណ្ណបរទេស (FOREX) ដែលវិនិយោគិនត្រូវសម្រេចចិត្តទិញ និងលក់វិញភ្លាមៗទៅការតាមឡើងចុះ នៃតម្លៃរូបិយប័ណ្ណនោះ។

ទី៥ តម្រូវការជំនាញ

ការវិនិយោគអកម្ម វិនិយោគិនអាចនឹងមិនទាមទារពេលវេលា ដិតដល់ច្រើនលើជំនាញបច្ចេកទេស ដ្បិតថាវិនិយោគិនបែបអកម្មនេះកម្រ នឹងចូលធ្វើប្រតិបត្តិការវិនិយោគ និងមិនសូវតាមដាន ពីស្ថានភាពទីផ្សារជាប្រចាំទេ។ ពួកគេតែងតែមានឈ្មួញជើងសារ ឬអ្នកជំនាញហិរញ្ញវត្ថុ ជួយសម្រេចចិត្តក្នុងការវិនិយោគរបស់ពួកគេ។ រីឯការវិនិយោគ​សកម្ម តម្រូវឱ្យវិនិយោគិនមានជំនាញ ក្នុងការវិភាគពីទីផ្សារ តម្លៃ និងការវិភាគបច្ចេកទេ​សផ្សេងៗទៀត ដើម្បីអាចទទួលបានផលចំណេញច្រើន ក្នុងរយៈពេលខ្លី និងជៀសផុតពីហានិភ័យនានា។

សរុបសេចក្តីមក ការវិនិយោគសកម្ម និងការវិនិយោគអកម្មគឺសុទ្ធតែជាវិធីសាស្រ្ដដ៏ពេញនិយម ដែលត្រូវបានគេប្រើប្រាស់ដើម្បីវិនិយោគ។ ប្រសិនបើអ្នកចង់សម្រេចចិត្តវិនិយោគ អ្នកគួរស្វែងយល់ពីវិធីសាស្រ្ដទាំងពីរនេះ ឱ្យបានស៊ីជម្រៅ ឬក៏ប្រឹក្សាជាមួយអ្នកជំនាញ និងពិចារណាលើសមត្ថភាព ក៏ដូចជាពេលវេលាផ្ទាល់ខ្លួន និងការត្រៀមខ្លួនក្នុងការប្រឈមនឹងហានិភ័យនានាជាមុនសិន ដើម្បីឱ្យសម្រេចចិត្តវិនិយោគដោយត្រឹមត្រូវ៕

ការនាំចេញដំឡូងមីកម្ពុជាកំពុងមានទីផ្សារល្អប្រសើរ ខណៈទំហំនាំចេញកសិផលសរុបកើនដល់១,៦លានតោន

ដោយ: គង់ សូរិយា

ភ្នំពេញ: ក្រៅពីផលិតផលអង្ករ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាគិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២១ មានទំហំប្រមាណជិត១,៦លានតោន កើនឡើងជាង ៥៦ម៉ឺនតោន ស្មើប្រមាណជាង៥៥ភាគរយ ក្នុងនោះទីផ្សារនាំចេញ ដំឡូងមីទាំងស្រស់និងក្រៀមក៏មានភាពល្អប្រសើរផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទបានឱ្យដឹងថា ផលិតផលដែលបានទទួលការបញ្ជាទិញច្រើនជាងគេ រួមមាន៖ ដំឡូងមីក្រៀមចំនួនប្រមាណជាង៨០ម៉ឺនតោន ដំឡូងមីស្រស់ជាង១៥ម៉ឺនតោនស្រូវជាង២៨ម៉ឺនតោន ក្នុងនោះមិនបានឆ្លងកាត់ច្រកភូតគាមអនាម័យ មានចំនួនជិត៥៦ម៉ឺនតោន គ្រាប់ស្វាយចន្ទីជាង៧៩ពាន់តោន គ្រាប់ពោតក្រហមជាង៧៨ពាន់តោន ផ្លែចេកស្រស់ជាង៧៥ពាន់តោន ផ្លែស្វាយស្រស់ជាង ៤៣ពាន់តោនជាដើម។

លោក នី កាណ ប្រធានសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១កន្លងមកបានឱ្យដឹងថា កាលពីចុងឆ្នាំ២០២០ ប្រជាកសិករបានជួបបញ្ហាដោយសារទឹកជំនន់ ធ្វើឲ្យផលដំណាំជាពិសេសដំឡូងមី ខូចខាតក្នុងរង្វង់ប្រមាណ៣០ទៅ៤០ភាគរយ ប៉ុន្តែអ្វីដែលជាលទ្ធផលការនាំចេញ ដំឡូងមីឆ្នាំនេះមានទីផ្សារល្អ។ ជាក់ស្តែងការនាំចេញដំឡូងមីក្រៀម ក្នុងខេត្តបាត់ដំបង មានប្រមាណ៣០ម៉ឺនតោន ក្នុងមួយគីឡូក្រាមទទួលបានជិត៦បាត។

លោកមានសុទិដ្ឋិនិយមថា “តម្លៃនេះនឹងកើនឡើងថែមទៀត ខណៈដែលបរិមាណដំឡូងមីឆ្នាំនេះ ទទួលបានផលតិចជាងឆ្នាំមុនៗ និងកំពុងស្ថិតនៅចុងដៃនៃការប្រមូលផល”។ លោកបញ្ជាក់ទៀតថា “ទីផ្សារនាំចេញ ផលិតផលកសិកម្មរបស់កម្ពុជា និងមានទីផ្សារកាន់តែល្អប្រសើរ ខណៈដែលរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗបន្ថែមចូលជា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េជាដើម”។

លោកបន្តថា សម្ព័ន្ធសមាគមដំឡូងមី បានរៀបចំឯកសារដាក់បញ្ចូលទៅក្នុងក្រមខណ្ឌពាណិជ្ជកម្មសេរីជាមួយចិន -កម្ពុជា ដើម្បីនាំចេញទៅកាន់ខេត្តក្វាងទុង និងខេត្តសាន់ស៊ី ក្រោមការសម្របសម្រួលដោយក្រសួងពាណិជ្ជកម្ម។

គិតត្រឹមរយះពេល២ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ ក្នុងនោះការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ប្រទេស មានចំនួនជិត១,៦តោន កើនឡើងចំនួនជាង៥៦ម៉ឺនតោន ស្មើជាង៥៥ភាគរយ ប្រៀបធៀបរយះពេលដូចគ្នានិងឆ្នាំមុន៕

ក្រុមហ៊ុនអន្តជាតិកាន់តែច្រើននឹងចូលមកវិនិយោគនៅកម្ពុជាក្រោមការផ្តល់លក្ខខណ្ឌពិសេស

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមការជួយសម្របសម្រួលពីសំណាក់រាជរដ្ឋាភិបាល និងការអនុវត្តច្បា​​ប់វិនិយោគថ្មី កម្ពុជានឹងកាន់តែទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាជនបរទេ​សនានាចូលមកវិនិយោគ បន្ថែមនៅកម្ពុជាកាន់តែច្រើនទៀត ខណៈដែលនៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់មួយចំនួន មិនបានការផ្តល់ជូនលក្ខខណ្ឌពិសេស សម្រាប់ជនបរទេសនោះឡើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះថា ភាពទាក់ទាញលើការវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាបណ្តាជនបរទេសនានាមកកម្ពុជា នឹងកាន់តែមានកំណើនជាបន្តបន្ទាប់ ខណៈដែលទទួលបានការជួយសម្របសម្រួល និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលកាន់តែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ពួកគេ។

លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នកម្ពុជាបានធ្វើកំណែទម្រង់ និងដាក់ឱ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលកាន់តែផ្តល់ភាពងាយស្រួល ដល់បណ្តាក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាបណ្តាជនបរទេសនានាផងដែរ”។ លោកបន្តថា “នៅក្នុងប្រទេសកម្ពុជា ជនបរទេសអាចមានសិទ្ធិវិនិយោគផ្ទាល់១០០ភាគរយ ដោយមិនចាំបាច់សហការកម្មសិទ្ធិជាមួយអ្នកវិនិយោគក្នុងស្រុក(៥១%+៤៩%) ដូចជាបណ្តាប្រទេសជិតខាង ក្នុងតំបន់មួយចំនួននោះឡើយ មានន័យថា ជនបរទេសមានសិទ្ធិធ្វើជាម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុនដោយឯកតោភាគី១០០ភាគរយ”។

អ្វីដែលកាន់តែពិសេស គឺកម្ពុជាបានក្លាយជាប្រទេសផ្តល់សេវាកម្ម ក្នុងនាមជាភ្នាក់​ងារចែកចាយទំនិញ ផលិតផលចម្រុះ ទៅកាន់ទៅផ្សារដ៏ធំរបស់ប្រទេសចិន ដែលជាង១៤០០លាននាក់ រួមជាមួយនឹងទីផ្សារនៃបណ្តាប្រទេសមួយចំនួនទៀត ដែលនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដូចជាប្រទេសកូរ៉េ ជប៉ុន ឥណ្ឌា ហុងកុង ជាដើម។ បន្ថែមពីនេះ ជនបរទេសក៏មានសិទ្ធិក្លាយជាម្ចាស់អចលនវត្ថុផងដែរ ដោយអាចទិញអាគារធ្វើជាកម្មសិទ្ធិចាប់ជាន់ទី១ឡើងទៅ។

ពាក់ព័ន្ធទៅនឹងការអនុគ្រោះដល់បណ្តាជនបរទេសមានសិទ្ធិក្លាយជាម្ចាស់អចលនវត្ថុនៅកម្ពុជា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKw Cambodia ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការផ្តល់សិទ្ធិដល់ជនបរទេសក្លាយជាម្ចាស់អចលនវត្ថុចាប់ពីជាន់ទី១ឡើង វាគឺជារឿងមួយដែលលើកទឹកចិត្តដល់ជនបរទេសដែលចូលមករស់នៅ និងប្រអាជីវកម្មនៅក្នុងកម្ពុជា។ ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានបង្កើត និងបែងចែកទីតាំងនៅតំបន់ណាមួយ ដែលអាចអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យជាន់ផ្ទាល់ដី ធ្វើជាកម្មសិទ្ធិបានគឺកាន់តែល្អជាងនេះទៅទៀត។

លោកឧកញ៉ាបញ្ជាក់ថា “កម្ពុជាគួរបង្កើតតំបន់អចលនទ្រព្យពិសេស សម្រាប់ជនបរទេស។ នៅពេលដែលមានការបង្កើត តំបន់អចលនទ្រព្យពិសេសណាមួយ ដែលអនុ​ញ្ញាតឱ្យជនបរទេសមានសិទ្ធិក្នុងការទិញដី និងកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗ វានឹងជះឥទ្ធិពលល្អដល់តំបន់ដែលស្ថិតនៅក្បែរ ដែលយ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងរង្វង់១០គីឡូម៉ែត្រជុំតំបន់អភិវឌ្ឍន៍នោះដែរ”។

លោកបន្តថា ជាធម្មតាជនបរទេសដែលមកទិញដី ទិញអចលនទ្រព្យនៅប្រទេសណាមួយគឺជាអ្នកមានលុយ ដូច្នេះនៅពេលប្រទេសណាមួយ មានអ្នកមានរស់នៅច្រើន កំណើននៃការអភិវឌ្ឍន៍នឹងកើតមាន ហើយការអភិវឌ្ឍនេះទៀតសោត គឺជាចលករមួយដែលជំរុញឱ្យមានតម្រូវការអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃនៅលើទីផ្សារឡើងថ្លៃ ដោយ​ស្វ័យប្រវត្តិ៕

ក្រុមហ៊ុនCentury21 Cambodia តំរង់ទិសចាប់យកទីផ្សារចិន ដើម្បីចាប់ចំណែកទីផ្សារអចលនទ្រព្យកាន់តែធំ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំ ដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នឹងល្អប្រសើរឡើងនៅឆ្នាំនេះ។

លោកGao Shan នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Allwin Realty បានមាន​ប្រសាសន៍ថា កម្ពុជាគឺជាទីតាំងសក្តានុពលសម្រាប់វិនិយោគិនចិន ដាក់ទុនវិនិយោគដោយសារស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច និងអំណោយផលនៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកបន្តថា ភាពងាយស្រួលនៃការធ្វើដំណើរ ដោយមានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីកម្ពុជា ទៅស្ទើរគ្រប់ទីក្រុងសំខាន់ៗនៃប្រទេសចិន ក៏ជាអំណោយផលយ៉ាងសំខាន់ ហើយកត្តានេះធ្វើឲ្យការធ្វើដំណើរ តភ្ជាប់ប្រទេសទាំងពីរចំណាយត្រឹមចន្លោះពី២ ទៅ៥ម៉ោងប៉ុណ្ណោះ នៅពេលដែលស្ថានភាពជំងឺឆ្លងគ្រប់គ្រងបាន និងសុវត្ថិភាពត្រូវបានធានា។

លោកបន្តថា “វិនិយោគិនចិននៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនឹងបន្តកើនឡើងនាពេលខាងមុខ។ កន្លងមកវិនិយោគិនទាំងនោះតែងមានបញ្ហាប្រឈមទាក់ទង នឹងការរកទីតាំងវិនិយោគនិងការទិញដី សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម”។

លោកបន្តថា ពេលនេះក្រុមហ៊ុន Century 21 Allwin Realty គឺជាសមាជិកមួយរបស់ក្រុមហ៊ុនCentury 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យមានបណ្តាញធំទូលាយនៅកម្ពុជា ហើយប្រតិបត្តិការក្រុមហ៊ុនលោក នឹងជួយសម្រួលដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនចិនធ្លាប់ជួបប្រទះកន្លងមក។

ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty នាពេលនេះក៏សមស្របតាមការលើកឡើងរបស់ ជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានអះអាងថាទីផ្សារក្នុងវិស័យនេះ កំពុងមានសញ្ញាវិជ្ជមានឡើងវិញ នៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីវត្តមានវ៉ាក់សាំងការពារជំងឺCovid19 ចាប់ផ្តើមមានហើយកំពុងចាក់ជូនក្រុមអទិភាព ដែលជួយបង្កើនទំនុកចិត្តវិនិយោគិន ជាពិសេសក្នុងចំណោមពាណិជ្ជករចិន ដែលជាវិនិយោគិនសក្តានុពល។

អ្នកស្រីGrace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា និងលំហូរវិនិយោគិនចិននៅកម្ពុជា នឹងស្ទុះឡើងប្រកប ដោយភាពវិជ្ជមាននៅឆ្នាំ ២០២១នេះ ដោយសារការរួមចំណែកនៃជំនួយវ៉ាកសាំង Covid 19 រហូតទៅដល់១លានដូសពីរដ្ឋាភិបាលចិនមកកម្ពុជា។

អ្នកស្រីថ្លែងថា #ឆ្នាំ ២០២១លំហូរវិនិយោគិនចិននៅកម្ពុជា នឹងបង្កើន ហើយការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើទីផ្សារចិននាពេលនេះ នឹងជួយឲ្យពាណិជ្ជករចិនវិនិយោគនៅកម្ពុជា ទទួលបានផលចំណេ ញ និងវិនិយោគដោយសុវត្ថិភាព”។

គិតមកទល់ពេលនេះ ក្រុមហ៊ុនCentury 21 Cambodia កំពុងដំណើរការដោយមានការិយាល័យ២៣នៅភ្នំពេញ និង៣៨សាខានៅគ្រប់បណ្តាខេត្តនៅកម្ពុជា ហើយមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត៧០០នាក់៕

វិថីឆ្ពោះទៅកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានត្រៀមខ្លួនដូចម្តេច?

ដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

ភ្នំពេញៈ នៅសល់រយៈពេលជាង៩ខែទៀតប៉ុណ្ណោះ ឆ្នាំ​២០២២ នឹងចូល​មកដល់​ហើយ ហើយ​ប្រទេស​កម្ពុជា​ ក៏​នឹង​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៣​។ តួនាទី​នេះ​អាច​ជា​មោទនភាព​ផង ហើយ​ក៏​អាច​ជា​សម្ពាធ​ផងដែរ​។

 

អាស៊ាន​តែងតែ​ជា​ផ្នែក​ដ៏សំខាន់​មួយ ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​។ ទោះបី​ជា​កម្ពុជា ជា​អ្នក​មក​យឺត​ក្នុង​កិច្ចការ​អាស៊ាន​ក្តី កម្ពុជា​តែងតែ​បាន​បង្ហាញថា ខ្លួន​ជា​អ្នកគាំទ្រ​ដ៏សកម្ម និង​មាន​លក្ខណៈ​ស្ថាបនា​ សម្រាប់​ការកសាង​សហគមន៍​អាស៊ាន​។ ភាពក្លាហាន​របស់​កម្ពុជា ​ក្នុង​ការទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ជាលើកដំបូង​ក្នុង​ឆ្នាំ​២០០២ បន្ទាប់ពី​ចូល​ជា​សមាជិក​បាន​រយៈពេល៣​ឆ្នាំ ​ទៅក្នុង​សមាគម​តំបន់​មួយ​នេះ​បានបង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ដ៏រឹងមាំ និង​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​ របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​ចំពោះ​សមាហរណកម្ម​តំបន់ និង​ពហុភាគី​និយម​។ ការប្តេជ្ញាចិត្ត​ទាំងនេះ​នៅតែ​ស្ថិតស្ថេរ​ជានិច្ច ហើយ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​។

យើង​មាន​មោទនភាព ​ដែល​បាន​ក្លាយ​ជា​តួអង្គ​សកម្ម​ម្នាក់​ នៅក្នុង​សហគមន៍​អាស៊ាន​ដែល​ជា​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ និង​ចូលរួម​ខ្លាំង​នៅក្នុង​សហគមន៍​អន្តរជាតិ​។ ទោះបី​មាន​ការរិះគន់​ថា អាស៊ាន​គ្រាន់តែ​ជា​ “​វេទិកា​ព្រោក​ប្រាជ្ញ​” ក្តី ក៏​ប្រទេស​នៅក្រៅ​តំបន់​ជារឿយៗ​ តែងតែ​ចង់​ប្រើប្រាស់​វេទិកា​អាស៊ាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​នៅក្នុង​តំបន់ ​ស្វែងរក​គោលដៅ​វិនិយោគ និង​ដៃគូ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​ផ្សេងទៀត​ដែល​វេទិកា​ពហុភាគី​និយម​អាច​ផ្តល់ជូន​។

ជា​ការពិត​ចំពោះមុខ ​នៃ​បញ្ហា​ប្រឈម​ពី​ការរីក​រាលដាល ​នៃ​ជំងឺ​កូវីដ១៩ អាស៊ាន​ប្រហែល​ជា​ស្ថាប័ន​តំបន់​ដែល​សកម្ម​បំផុត​មួយ ដែល​កំពុង​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ ​ដែលមាន​ការច្នៃប្រឌិត និង​ជំរុញ​ការសម្របសម្រួល​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​។

ការបង្កើត​មូលនិធិ​អាស៊ាន​ សម្រាប់​ការឆ្លើយតប​ចំពោះ​កូវីដ​១៩ ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ACRF), ក្របខ័ណ្ឌ​ការរៀបចំ​ច្រក​ធ្វើដំណើរ​អាស៊ាន (TCAF) និង​ការស្នើ​បង្កើតឱ្យ​មាន​មជ្ឈមណ្ឌល​អាស៊ាន ​សម្រាប់​ភាពបន្ទាន់​សុខភាព​សាធារណៈ និង​ជំងឺ​ដែល​កំពុង​កើតមាន (ACPHEED) និង​ការអភិវឌ្ឍ​ប្រព័ន្ធ​សម្របសម្រួល​បន្ទាន់​ ផ្នែក​សុខភាព​សាធារណៈ​អាស៊ាន (APHECS) ជាដើម គឺជា​ភ័ស្តុតាង​សំខាន់​ ដែល​បញ្ជាក់ពី​ការងារ​សម្របសម្រួល​គោលនយោបាយ​ ដែលមាន​លក្ខណៈ​បុរេ​សកម្ម​របស់​អាស៊ាន ហើយ​ដែល​សកម្មភាព​សម្របសម្រួល​ ជា​លក្ខណៈ​តំបន់​បែបនេះ យើង​ស្ទើរតែ​ពុំ​ឃើញ​មាន​ នៅក្នុង​តំបន់​ផ្សេងទៀត​ទូទាំង​ពិភពលោក​។

ក្នុង​នាម​ជា​ពលរដ្ឋ​អាស៊ាន យើង​គួរតែ​មាន​មោទនភាព​ចំពោះ​ស្នាដៃ​ទាំងនេះ ជា​ជាង​ការទទួល​យក​ការដាក់​ឈ្មោះថា “​អាស៊ាន​ជា​វេទិកា​ព្រោកប្រាជ្ញ​”​។

តើ​អ្វី​ទៅ​ដែល​នឹង​ក្លាយ​ជា​កិច្ចការ​សំខាន់​ សម្រាប់​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២២?

ជាដំបូង និង​សំខាន់​ជាងគេ គឺ​យើង​ត្រូវ​កំណត់​និន្នាការ​សកល​សំខាន់ៗ (mega trends) ដែលមាន​ឥទ្ធិពល​លើ​តំបន់​។

បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​១៩ នឹង​នៅតែ​ជា​បញ្ហា​ប្រឈម​ សម្រាប់​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ដែល​កំពុងតែ​ស្វិតស្វាញ​ស្វែងរក​វិធីសាស្ត្រ​ស្តារ​សេដ្ឋកិច្ច និង​ធុរកិច្ច​ដែល​ស្ទើរតែ​ដួលរលំ​។ យើង​ដឹងថា លទ្ធភាព​នៃ​ការធ្វើដំណើរ​មក​ចូលរួម​ប្រជុំ​ ដោយផ្ទាល់​នៅ​កម្ពុជា ​នៅតែ​មាន​បញ្ហា​នៅឡើយ ទោះបី​ជា​កម្ពុជា​មានបំណង​រៀបចំ​កិច្ចប្រជុំ ​នៅក្នុង​ឆ្នាំ​ ២០២២ ដោយ​មាន​វត្តមាន​ផ្ទាល់​ក៏ដោយ​។

ការប្រកួតប្រជែង​រវាង​មហាអំណាច ​នឹង​នៅតែ​បន្ត​មាន​ភាពតានតឹង ​ហើយ​ការបែងចែក​ពិភពលោក​ជា​២ ទាំង​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម លម្ហ​ឌីជីថល និង​បច្ចេកវិទ្យា​គឺជា​សេចក្តី​កង្វល់​ដ៏ធំ​មួយ​។

នៅក្នុង​តំបន់​របស់​យើង សេចក្តី​កង្វល់​អំពី​សន្តិសុខ​ជា​ប្រពៃណី ដូចជា ការកើតមាន​នូវ​ជម្លោះ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ បញ្ហា​ដ៏ស្មុគស្មាញ​នៃ​ព្រំដែន​គោក និង​ព្រំដែន

សមុទ្រ​ជាដើម​នឹង​នៅតែ​បន្ត​មាន​។ ចំពោះ​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី មានដូចជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ការជួញដូរ​មនុស្ស​ ជនបាត់បង់​ទីលំនៅ​ក្នុងស្រុក​ ការផ្លាស់ប្តូរ​អាកាសធាតុ ជាដើម​នឹង​បន្ត​ក្លាយ​ជា​បញ្ហា​ប្រឈម​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​។

ជា​ការពិត​ប្រទេស​កម្ពុជា​មិនអាច​សម្តែង​ថា យើង​នឹង​មាន​លទ្ធភាព​ទទួលជោគ​ជ័​យ​ក្នុង​ការផ្លាស់ប្តូរ​របត់ ​សម្រាប់​និន្នាការ​សកល​ធំៗ​ទាំងនោះ​ទេ នៅពេល​ដែល​តួនាទី​ជា​ប្រធាន​របស់​យើង​នឹង​បញ្ចប់​។ យើង​ដឹង​ច្បាស់​ថា អ្វី​ទៅ​គឺជា​ការអនុវត្ត​ប្រកប​ដោយ​ភាពប្រាកដនិយម និង​សេចក្តី​ស្រមៃ​ដែល​យើង​ចង់បាន​។

កម្ពុជា​នឹង​បោះជំហាន​ឆ្ពោះ​ទៅរក​សេចក្តី​ស្រមៃ ​ប្រកបដោយ​ភាពប្រាកដ​និយម​

កម្ពុជា​ដឹងថា ភាពជា​ប្រធាន​អាស៊ាន​ប្តូរវេន​របស់​កម្ពុជា មិនមែន​ជា​ជោគជ័យឬ​បរា​ជ័យ ដាច់ដោយ​ឡែក​សម្រាប់​កម្ពុជា​នោះទេ​។ ភាពជា​ប្រធាន​របស់​កម្ពុជា គឺជា​ការប្តូរ​វេន​ជាមួយ​នឹង​ប្រធាន​មុនៗ ដូច្នេះ​រាល់​សមិទ្ធផល ឬ​វឌ្ឍនភាព​ទាំងឡាយ​គឺជា​ស្នាដៃ​រួម​របស់​សមាជិក​អាស៊ាន​ទាំង​១០​។

នេះ​គឺជា​សារៈសំខាន់​នៃ “​មាគ៌ា​អាស៊ាន​” ក្នុង​ការថែរក្សា​មជ្ឈភាព​អាស៊ាន និង​សារៈសំខាន់​របស់​អាស៊ាន នៅពេល​ប្រឈម​នឹង​និន្នាការ​សកល​ដែល​លំបាក​ និង​ប្រកប​ដោ​យ​​ការរើសអើង​បែងចែក​។

ការណ៍​ដែល​ស្ថាប័ន​អាស៊ាន ​នៅតែមាន​ភាពស្អិតល្មួត​ផ្ទៃក្នុង​មិន​ប្រេះឆា គឺ​ដោយ​សារ​តែ​យើង​រក្សា​បាន​នូវ​គោលការណ៍ ​ប្រតិបត្តិ​មូលដ្ឋាន​ដែលជា“​មាគ៌ា​អាស៊ាន​” ដែល​ផ្តល់​តម្លៃ​ ទៅលើ​ការ​ឯកភាព​គ្នា​នៅក្នុង​ភាពចម្រុះ​ ការគោរព​គោលការណ៍​កុង​សង់ស៊ីស​ ការខិតខំ​ជំរុញ​ការសន្ទនា និង​ពិគ្រោះ​យោបល់ ដែល​មាន​លក្ខណៈ​ស្ងាត់ស្ងៀម ​ដែល​គោរព​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ​របស់​ប្រទេស​សមាជិក​នៅ​រាល់​ពេលដែល​យើង​ជួបប្រទះ​បញ្ហាលំបាក​ ពីព្រោះថាអាស៊ាន​តែងតែ​លើកកម្ពស់​ការឯកភាព​គ្នា​ដើម្បី​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ប៉ុន្តែ​អាស៊ាន​មិន​ជំរុញឱ្យ​មាន​ការឯកភាព​គ្នា ដើម្បី​ជំរុញ​ការប្រឈមមុខ​ដាក់គ្នា​នោះទេ​។

ជាមួយ​នឹង​និន្នាការ​សកល​ធំៗ​ខាងលើ ​អាទិភាព​សំខាន់បំផុត​របស់​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០២២ ​គឺ​យើង​ត្រូវ​បន្ត​រក្សា និង​គ្រប់គ្រង​ស្ថានភាព​/​បរិស្ថាន​ ដែល​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ដើម្បី​ទ្រទ្រង់​ការជំរុញ​វិបុលភាព​ក្នុង​តំបន់​។

ដូច​ប្រធាន​អាស៊ាន​ទាំងអស់​ផ្សេងទៀត​ដែរ កម្ពុជា​នឹង​ខិតខំ​ជំរុញ​របៀបវារៈ​ទាំង​ឡាយ​ណា ​ដែល​ចងភ្ជាប់​យើង​ទាំងអស់​គ្នា ជា​ជាង​បញ្ហា​ដែល​បែងចែក​យើង​ទាំងអស់​គ្នា​។ នេះ​មិនមែន​មានន័យថា អាស៊ាន​កំពុង​គេចវេះ​ពី​បញ្ហា​នោះទេ ប៉ុន្តែ​អាស៊ាន​តែងតែ​ប្រកាន់​ជំហរ​ជាក់ស្តែង​និយម ​នៅពេល​ដែល​យើង​ជួបប្រទះ ​នូវ​បញ្ហា​ប្រឈម​ណាមួយ​។ ​

ឧទាហរណ៍ ជាការ​អនុវត្ត​ជាក់ស្តែង អាស៊ាន​ពុំ​អាច​ធ្វើអ្វី​បាន​ច្រើន​ឡើយ ​ចំពោះ​បញ្ហា​ការប្រកួតប្រជែង​រវាង​មហាអំណាច​។

ដូច្នេះ ប្រសិន​បើ​មហាអំណាច​ទាំង​២អាច​ស្វែងរក ឬ​ជួយ​អាស៊ាន​ក្នុង​ការស្វែងរក​របៀបវារៈ​ទាំងឡាយណា ​ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ​ រវាង​មហាអំណាច​ទាំង​២ ជំនួស​ឱ្យ​ការចោទប្រកាន់​ និង​ការលាប​ពណ៌​ដាក់គ្នា​ឥត​ឈប់ឈរ នោះ​ប្រហែល​ជា​ប្រធា​ន​អាស៊ាន​ទាំងអស់ ​នឹងមាន​ភាពធូរស្រាល​ក្នុង​ចិត្ត​។ ប៉ុន្តែ​នេះ​ប្រហែល​បានត្រឹម​តែ​ជា​ក្តី​ស្រមៃ​ប៉ុណ្ណោះ​។

អ្វីដែល​សំខាន់​ដែរនោះ គឺ​យើង​ត្រូវ​ព្យាយាម​លើក​កម្ពស់​ “​ភាព​ជាក់ស្តែង​”(tangibility) នៃ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​។

នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​សាមញ្ញ ប៉ុន្តែ ពិបា​ក​ឆ្លើយ​ចំពោះ​ពលរដ្ឋ​អាស៊ាន​ថា តើ​សហគមន៍​អាស៊ាន​មាន​ផលប្រយោជន៍​អ្វីខ្លះ ​សម្រាប់​ពួកគេ​?។

ក្នុងការ​កំណត់​អាទិភាព​ សម្រាប់​ការធ្វើជា​ប្រធាន​ឆ្នាំ​២០២២ ​យើង​ព្យាយាម​ផ្តោត​លើ​វិធីសាស្ត្រ​ ដែល​យើង​អាច​ផ្តល់នូវ​ផលប្រយោជន៍ ​ជាក់ស្តែង​សម្រាប់​ពលរដ្ឋ​អាស៊ាន​។ ផលប្រយោជន៍​ដែល​អាច​ប៉ះ​បាន និង​អាច​ដឹងឮ​បាន ដើម្បីឱ្យ​យើង​អាច​ផ្តល់ឱ្យ​ពលរដ្ឋ​អាស៊ាន​នូវ​មោទនភាព និង​ក្តីសង្ឃឹម​សម្រាប់​អនាគត និង​ទំនុកចិត្ត​សម្រាប់​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​ក្រោយ​របស់​អាស៊ាន ដោយ​គ្មាន​បោះបង់​នរណាម្នាក់​ឡើយ​។

ក្នុង​ស្មារតី​នេះ យើង​កំពុង​ព្យាយាម​ពិនិត្យមើល​វិធី ​ដែល​យើង​អាច​លើកកម្ពស់ “​ភាពជាក់ស្តែង​” នៃ​ផលប្រយោជន៍​សម្រាប់​ប្រជាជន ​តាមរយៈ​សកម្មភាព​របស់​យើង​ទៅលើ​ជំងឺ​កូវីដ​១៩ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ​គ្រប់​ជ្រុងជ្រោយ​តំបន់(RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​ទៀត​ ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​អាស៊ាន​ សេដ្ឋ​​កិច្ច​ឌីជីថល​ ការពង្រឹង​ការការពារ​ពលករ​ចំណាកស្រុក​ ការពង្រឹងសមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ ការផ្លាស់ប្តូរ​អាកាសធាតុ​ ការតភ្ជាប់​ផ្លូវដែក​ ការតភ្ជាប់​រវាង​តំបន់ឧស្សា​ហកម្មជាដើម។

បន្ថែម​ទៅលើ​អត្ថប្រយោជន៍​ជាក់ស្តែង​ ដែល​កំពុងមាន​ស្រាប់ ដូចជា​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​រវាង​សមាជិក​អាស៊ាន​ ការតភ្ជាប់​ផ្លូវ​ហាយវ៉េ​អាស៊ាន​ ឱកាស​ផ្លាស់ប្តូរ​យុវជន និង​អាហារូបករណ៍​ ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​,​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ពី​ដៃគូជាដើម​។​ល​។

យើង​ក៏​ព្យាយាម​ធ្វើឱ្យ​មាន​តុល្យភាព​ផងដែរ ​រវាង​សសរស្តម្ភ​ទាំង​៣​របស់​អាស៊ាន នោះ​គឺ​សហគមន៍​សន្តិសុខ ​នយោបាយ​ សហគមន៍​សេដ្ឋកិច្ច​ និង​សហគមន៍​សង្គម​វប្បធម៌​។ ជា​ទិដ្ឋភាព​ក្នុងប្រទេស យើង​មាន​បំណង​ធានាថា យើង​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​ការទទួល​ធ្វើជា​ប្រធាន​អាស៊ាន ​ជា​ប្រវត្តិសាស្ត្រ​នេះ​។

ជា​ទិដ្ឋភាព​ក្នុង​តំបន់ យើង​ចង់​ធានាថា រាល់​អត្ថប្រយោជន៍​ទាំង​អស់ ពី​កិច្ចខិតខំ​ប្រឹងប្រែង​ ក្នុង​ការកសាង​សហគមន៍ ​ត្រូវបាន​ចែករំលែក​ដល់​គ្រប់​កម្រិត និង​គ្រប់​វិស័យ និង​ជាពិសេស​បាន​ទៅ​ផ្ទាល់​ដល់​ប្រជាជន​អាស៊ាន ​ដែល​យើង​មាន​កាតព្វកិច្ច​បម្រើ​៕

 

តម្លៃអចលនទ្រព្យនៅរក្សាតម្លៃថេរ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថានៅតែរក្សាតម្លៃថេរ ទាំងដីធ្លី និងលំនៅឋាន បើទោះបីជាឆ្នាំ២០២០ និង២០២១នេះកម្ពុជានៅតែបន្តជួបវិបត្តិដោយសារតែកូវីដ១៩ និងមានលក្ខណៈទ្រង់ទ្រាយធំក៏ដោយ។

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មិនានេះថា ទោះ​បីជាកម្ពុជាយើងជួបវិបត្តិដោយសារតែកូវីដ១៩ក្នុងឆ្នាំ ២០២១នេះបន្តទៀតក្ដី តែតម្លៃដីធ្លី និងលំនៅឋាន ក្នុងខេត្តជាប់មាត់សមុទ្រដូចជាកំពត និងកែបជាទូទៅមិនមានការធ្លាក់ចុះនោះទេ គឺនៅរក្សាតម្លៃដដែល។ ដោយឡែក សម្រាប់ដីធ្លីមួយចំនួនដែលពលរដ្ឋ ប្រញ៉ាប់លុយដោះស្រាយជីវភាពនិងបញ្ហាហិរញ្ញវត្ថុ ក៏បានលក់ចេញក្រោមតម្លៃទីផ្សារបន្តិច។

លោកបន្តថា “ដីដែលល្អ ដីដែលមានសក្ដានុពល នៅតែលក់នៅក្នុងតម្លៃទីផ្សារ ដោយអត់មានការចុះថ្លៃនោះទេ ហើយទោះបីស្ថិតនៅក្នុងដំណាក់កាលនេះក្ដី ក៏មានភ្ញៀវជាច្រើនបានមកស្វែងរកដីធ្លីនៅកំពតនិងកែប និងមានការទិញលក់ជាហូរហែផងដែរ មិនស្ងប់ស្ងាត់នោះឡើយ”។លោកថា “អ្នកមានលុយ គឺមានឱកាសនៅក្នុងដំណាក់នេះ គឺឱកាសក្នុងការរកទីតាំងដីតំបន់ល្អៗ និងមានតម្លៃទាបជាងទីផ្សារផងដែរ បើសិនជាទិញប៉ះចំម្ចាស់ដីដែលមានបញ្ហាហិរញ្ញវត្ថុ”។

ចំណែកលោកងិន ភីរម្យ ជាភ្នាក់ងារអចលនទ្រព្យម្នាក់នៅខេត្តកែបក៏បានឱ្យដឹងផងដែរថាការទិញលក់ដីធ្លីតូចធំនៅតែមាន ជាក់ស្ដែងក្រុមលោកបានទទួលភ្ញៀវមកមើល​ដីនិងសម្រេចចិត្តទិញភ្លាមៗ ដោយរំពឹងថានឹងអភិវឌ្ឍជាគម្រោងសម្រាប់ វិស័យទេសច​រណ៍នៅពេលអនាគត ជាពិសេសក្រោយចប់វិបត្តិកូវីដ១៩ ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងថា ជាទូទៅតម្លៃអចលនទ្រព្យមិនមានការចុះថ្លៃទេ នៅក្នុងពេលដែលកម្ពុជាមានវិបត្តិដោយសារជំងឺកូវីដ១៩ តែអចលនទ្រព្យមួយចំនួនក៏មានការថមថយ ដោយ​សារតែម្ចាស់អចលនទ្រព្យត្រូវការលក់បន្ទាន់ ដូច្នេះហើយទើបមានការធ្លាក់ចុះនៃតម្លៃ តែក៏មិនមែនធ្លាក់ចុះខ្លាំងនោះដែរ ៕

ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងអូសទាញការវិនិយោគវិស័យសំណង់

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បាន និងកែប្រែមុខមាត់យ៉ាងប្រសើរជាមួយនឹងសន្ទុះនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មចំរុះយ៉ាង សម្បូរបែប ជាពិសេស គម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់ខ្ពស់ៗ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃមធ្យម ដែលកំពុងតែមានសកម្មភាព។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យបណ្តាអ្នកវិនិយោគផ្នែកវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅស្រុក ចាប់ផ្តើមសកម្មភាពបោះទុនវិនិយោគទៅលើវិស័យសំណង់ ជាពិសេសក្រោយពេលដែលរដ្ឋាភិបាលបង្ហាញពីគម្រោងបង្កើតតំបន់ឧស្សាហកម្មនៅតាមបណ្តាយផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បាន និងកំពុងតែមានសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់មានភាពល្អប្រសើរជាងមុន។

លោកបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល វិស័យឧស្សាហកម្មបាន និងកំពុងតែដើរឈានមុខគេ ដោយចំនួនរោងចក្រ សហគ្រាសតូចធំសរុបច្រើនជាង ២៧០គម្រោង ដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទូទៅជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់ ហើយនៅគម្រោងប្រមាណ ១០០ទៀត ដែលភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន កំពុងតែរៀបចំឯកសារស្នើសុំដំណើរការក្នុងពេលខាងមុខនេះ ខណៈដែលគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងច្បារកំពុងបន្តដំណើរការដ្ឋានដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក វ៉ី សំណាង បានបញ្ជាក់ថា “ក្រៅពីគម្រោងទាំងនេះ នៅមានគម្រោងធំៗជាច្រើនទៀតដែលកំពុងដំណើរការនីតិវិធី ដូចជាគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងបង្កើតទីក្រុងវៃឆ្លាតលើដីទំហំ ១០០ហិកតា រួមជាមួយការសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា លើដីទំហំ១២៦ហិកតា ក្នុងទឹកប្រាក់វិនិយោគប្រមាណ១០លានដុល្លារ ស្ថិតក្នុងស្រុកភ្នំស្រួច ដែលរហូតមកដល់ពេលនេះសាងសង់បានប្រមាណ២០ភាគរយ”។

ងាកមកចាប់អារម្មណ៍ជាមួយនឹងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានវិញត្រូវបានគេកត់សម្គាល់ឃើញថា មានសកម្មភាពគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្នុងក្រុងច្បារមន ដែលជាប្រភេទលំនៅដ្ឋានតម្លៃមធ្យមក្នុងចន្លោះចាប់ពី៥-១២ម៉ឺនដុល្លារ៕