ហ្វ្រី ហ្វ្រី ! ប្រា​សាក់ ផ្ដល់​សេវា​បញ្ចូល​កាត​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន

ដោយ ប្រា​សាក់

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ទិញ​កាត​ទូរស័ព្ទ​ប្រព័ន្ធ​មិត្ត​ហ្វូ​ន ដោយ​អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់ ឬ ទូរស័ព្ទ​របស់​ញាតិមិត្ត​បាន​ដោយ ស្វ័យប្រវត្តិ​តាមរយៈ​សេវា​ធនាគារ​ចល័ត ( PRASAC Mobile Banking ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង ឬ PRASAC Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​មិន​អស់​កម្រៃ​សេវា។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «យើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ចំពោះ​ភាពជា​ដៃគូ​សម្រាប់​ការផ្តល់សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ ដែល​នឹង​នាំមក​នូវ​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​របស់​យើង។ ឥឡូវនេះ អតិថិជន​មិនចាំបាច់​ធ្វើដំណើរ ឬ រក​តូប​លក់​កាត​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​នោះទេ។ ជាមួយនឹង​សេវា​ធនាគារ​ចល័ត (ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង) និង​អេ​ធី​អឹម​របស់​ប្រា​សាក់ លោកអ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​កោស​កាត បាន​យ៉ាង​ងាយស្រួល​និង​លឿន​រហ័ស។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ​មិន​អស់​កម្រៃ​សេវា​នោះឡើយ»។

លោក សាយ សូ​នី បាន​បន្តទៀតថា នេះ​គឺជា​ភាពជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​នឹង​ផ្តល់នូវ​ដំណោះស្រាយ​បន្ថែម​លើ​សេវា​ធនាគារ​ដែល​ប្រកបដោយ​ភាពងាយស្រួល​និង​ច្នៃប្រឌិត​ថ្មី​សម្រាប់​អតិថិជន​ដែ​ប្រើ​ប្រព័ន្ធ Metfone ទាំងអស់។ ពួកគាត់​អាច​បើក​គណនី​សន្សំ​និង​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត​នៅតាម​សាខា​ណាមួយ​របស់​ប្រា​សាក់​នៅ​ទូទាំងប្រទេស។ ជាមួយ​សេវា​នេះ លោកអ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដោយផ្ទាល់​ពី​គណនី​សន្សំ​របស់លោក​អ្នក​បាន​គ្រប់ពេលវេលា ដែល​ធានាថា​ទូរស័ព្ទ​លោកអ្នក​នឹងមិន​អស់​សមតុល្យ​ទឹកប្រាក់​នៅក្នុង​ទូរស័ព្ទ​ហើយ​ដើររក​ទិញ​កាត​ទូរស័ព្ទ​ទៀតឡើយ»។

សូមបញ្ជាក់​ផងដែរ​ថា ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ជូន​អតិថិជន​រួមមាន៖ សេវា​ធនាគារ​ចល័ត ឬ ប្រា​សាក់​ម៉ូ​ប៊ា​ល​ប៊ែ​ង​ឃី​ង សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ឥណទាន ផ្ទេរប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង និង​រី​ធែ​ល​ផេ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា CSS (ប្រើ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ជា​សមាជិក CSS)  និង​សេវាផ្សេងៗទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម  សូម​ចូលទៅ​កាន់​វេ​ប​សាយ​ត៍ www.prasac.com.kh ឬ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ 023 999 911 ឬ 086 999 911 ៕

ក្រុមហ៊ុនធំៗជាច្រើនរបស់ថៃត្រៀមពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់កម្ពុជាបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្មធំៗជាច្រើនរបស់ថៃត្រៀមពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩បានបញ្ចប់។ នេះបើយោងតាមលើកឡើងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

ស្ថានទូតកម្ពុជាបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនសាជីវកម្មធំៗដូចជា BJC (ប្រតិបត្តិករផ្សារទំនើប BigC) ក្រុមហ៊ុន CP ALL (ប្រតិបត្តិករហាងលក់ទំនិញរាយ 7-Eleven) ក្រុមហ៊ុន KTIS Group (ប្រតិបត្តិកររោងចក្រស្ករសធំជាងគេលើពិភពលោក) ក្រុមហ៊ុន Betagro Group (ប្រតិបត្តិកររោងចក្រអាហារកែច្នៃធំទី២ បន្ទាប់ពីក្រុមហ៊ុន CP)។

ស្ថានទូតក៏បានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន P.P.J. Engineering (ប្រតិបត្តិកររោងចក្រម៉ាស៊ីនត្រជាក់ធំជាងគេ) ព្រមទាំងក្រុមហ៊ុនជាច្រើនទៀត ដើម្បីស្វែងយល់ពីប្រតិបត្តិការធុរកិច្ចទូទៅ និងផ្សព្វផ្សាយគោលនយោបាយវិនិយោគ កាលានុវត្តភាពធុរកិច្ច ព្រមទាំងសក្តានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

ស្ថានទូតបានឱ្យដឹងថា “ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនសុទ្ធតែបានសន្យាពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានបញ្ចប់”។

នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២០ បើទោះបីជារងសម្ពាធពីវិបត្តិជំងឺកូវីដ១៩ ដែលបានកំពុងរាតត្បាតទូទាំងសាកលលោក ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រោមការដឹកនាំរបស់លោក អ៊ូក សោភ័ណជាឯកអគ្គរាជទូត បានធ្វើសកម្មភាពជាច្រើន ដោយសម្រេចបានលទ្ធផលធំៗគួរជាទីមោទនៈសម្រាប់រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ស្ថានទូតបានទទួលជួបពិភាក្សា និងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកធុរកិច្ចឥតគិតថ្លៃ ជូនប្រតិភូធុរជនថៃ និងបរទេស ដោយក្នុងនោះបានជម្រាបជូនពីកំណើនសេដ្ឋកិច្ចកម្ពុជា កាលានុវត្តភាពធុរកិច្ច គោលនយោបាយវិនិយោគ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនមិនត្រឹមតែកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ប៉ុន្តែសម្តែងការពេញចិត្តចំពោះទីផ្សាររបស់កម្ពុជា ព្រមទាំងកម្មវវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

មហាយក្សចិនដាក់ចេញចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រថ្មី ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត

ដោយៈ សុខុម

ប៉េកាំងៈ មហាយក្សចិន នៅថ្ងៃសុក្រ ទី៥ ខែមីនានេះ បានដំឡើងគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) សាជាថ្មី ក្រោយសេដ្ឋកិច្ចរបស់ខ្លួនចាប់ផ្ដើមងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ក្នុងថ្ងៃដដែល។

មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានកំណត់គោលដៅGDP លើស៦% ហើយបានសន្យាបង្កើតការងារបន្ថែមទៀតនៅក្នុងទីក្រុងនានាឱ្យបានច្រើនជាងឆ្នាំមុន ខណៈខ្លួនចាប់ផ្ដើមងើបពីវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ជាបណ្ដើរៗ។

ក្នុងឆ្នាំ២០២០ ប្រទេសចិន បានបន្ទាបគោលដៅកំណើន GDP របស់ខ្លួននៅក្នុងរបាយការណ៍ការងាររបស់នាយករដ្ឋមន្រ្តីជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២មក ក្រោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួន។

នាយករដ្ឋមន្ត្រីលី ខឹឈាង (Li Keqiang) បានលើកឡើងតាមរយៈរបាយការណ៍ការងារឆ្នាំ២០២១ របស់លោកថា “ជាគោលដៅទូទៅ អត្រាកំណើនរបស់ប្រទេសចិន ត្រូវបានកំណត់លើស៦% សម្រាប់ឆ្នាំនេះ។ នៅក្នុងការកំណត់គោលដៅនេះ យើងបានគិតគូរដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច”។

ជាការកត់សម្គាល់ បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏ GDP របស់ប្រទេសចិន នៅតែអាចទទួលបានកំណើន២,៣% កាលពីឆ្នាំមុន ហើយចិនគឺជាមហាអំណាចសេដ្ឋកិច្ចតែមួយគត់ដែលទទួលបានកំណើន។

លោកលី ខឹឈាងបានថ្លែងក្នុងកិច្ចប្រជុំសភានៅឆ្នាំនេះថា ប្រទេសចិន នឹងកំណត់គោលដៅបង្កើតការងារថ្មីៗឱ្យបានជាង១១លានកន្លែងនៅក្នុងទីក្រុង បើធៀបនឹងគោលដៅបង្កើតការងារថ្មីៗជាង៩លាន់កន្លែងក្នុងឆ្នាំ២០២០។

ស្របនឹងការងើបឡើងនៃសេដ្ឋកិច្ច រដ្ឋាភិបាលចិន កំពុងកំណត់គោលដៅឱនភាពថវិកាសម្រាប់ឆ្នាំ២០២១ ប្រមាណ៣,២% នៃ GDP ដែលតិចជាងគោលដៅលើស៣,៦% កាលពីឆ្នាំមុន៕

ក្រុមហ៊ុនប៊ឺហ្គឺរអាមេរិកដ៏ធំមួយប្រកាសបន្តពង្រីកការវិនិយោគនៅទីផ្សារកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន The Habit Burger Grill ដែលមានបទពិសោធន៍ជាង៥០ឆ្នាំ លើប៊ឺហ្គឺររសជាតិឆ្ងាញ់បំផុតរបស់អាមេរិក នឹងបើកសាខាថ្មីបន្ថែមនៅអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃទី៧ ខែមីនាខាងមុខនេះ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ។

ក្រុមហ៊ុនភោជនីយដ្ឋាន ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាល្បីឈ្មោះ បានប្រកាសថា នឹងបើកដំណើរការភោជនីយដ្ឋានទី៣របស់ខ្លួន នៅខេត្តកណ្តាល ដោយមានការដៃគូសហការជាមួយនឹងក្រុមហ៊ុនកម្ពុជាតេលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុន The Habit Burger Grill ទទួលបានពានរង្វាន់ផ្តោតលើអាហារផ្សេងៗគ្នានៅសហរដ្ឋអាមេរិក។ The Habit បានបម្រើនូវប៊ឺហ្គឺររសជាតិឆ្ញាញ់បំផុតនៅអាមេរិកតាំងពីឆ្នាំ ១៩៦៩ ។

លោក Iwona Alter ប្រធានក្រុមហ៊ុន The Habit Burger Grill បានថ្លែងថា “យើងរីករាយនឹងបន្តការពង្រីកវត្តមាននៅទីផ្សារអន្ដរជាតិ ដោយចូលរួមសហការជាមួយដៃគូថ្មីរបស់យើងគឺក្រុមហ៊ុន Kampuchea Tela Company ដើម្បីពង្រីកទីតាំងរបស់យើងនៅកម្ពុជា”។

លោក បានបន្តថា “យើងទន្ទឹងរង់ចាំបង្កើតអ្នកគាំទ្រ Habit ថ្មីដោយអញ្ជើញពួកគេឱ្យរីករាយនឹងម្ហូបដែលធ្វើដោយដៃរបស់យើង និងទទួលបានបដិសណ្ឋារកិច្ចល្អបំផុត ហើយនិងប្រកបដោយបរិយាកាសស្វាគមន៍ដូចនៅកាលីហ្វ័រញ៉ាខាងត្បូង”។

The Habit កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Kampuchea Tela Company ដើម្បីអភិវឌ្ឍ និងដំណើរការភោជនីយដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ក្រុមហ៊ុន Las Vegas Sands Corp នឹង​លក់​កាស៊ីណូ​របស់ខ្លួន​ក្នុងតម្លៃ ៦,២៥ពាន់​លាន​ដុល្លារ

ដោយ សុខុម

ញូវយ៉កៈ  ក្រុមហ៊ុន​រី​សត និង​កាស៊ីណូ​ដំ​ដាប់​ខ្ពស់ Las Vegas Sands Corp ដ៏​ធំ​មួយ​បាន​លក់​ក្នុងតម្លៃ ៦,២៥ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី៣ មីនា។

ក្រុមហ៊ុន​គ្រប់គ្រង​មូលធន Apollo Global Management និង​ក្រុមហ៊ុន​អចលនទ្រព្យ Vici Properties កំពុង​ចាប់​ដៃគូ​សហការ ដើម្បី​ទិញយក​សណ្ឋាគារ​ប្រណីត និង​រី​សត​កាស៊ីណូ The Venetian Las Vegas ដែលមាន ៧.០០០បន្ទប់ នៅតាម​បណ្ដា​យ​កំណាត់​មហាវិថី Las Vegas Strip ជិត​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត Sands Expo and Convention Center។

ក្រុមហ៊ុន Apollo នឹង​ចេញ​លុយ ២,២៥ពាន់​លាន​ដុល្លារ ទិញយក​ក្រុមហ៊ុន​ប្រតិបត្តិការ​របស់​Venetian ហើយ​ក្រុមហ៊ុន Vici នឹង​ចំណាយលុយ ៤ពាន់​លាន​ដុល្លារ ដើម្បី​ទិញយក​ដី និង​ទ្រព្យសកម្មផ្សេង។

ក្រុមហ៊ុន Apollo និយាយថា ការទិញ​នេះ​គឺជា​ការប្រថុយប្រថាន​ដ៏​ធំ ខណៈ​ចំនួន​ភ្ញៀវទេសចរ និង​អាជីវកម្ម​សន្និបាត​នៅ​ឡាស​វេ​ហ្គាស បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ក្រុមហ៊ុន​នេះ​បាន​បន្ថែមទៀតថា “ការវិនិយោគ​នេះ ក៏​ឆ្លុះបញ្ចាំង​ផងដែរ​ពី​ការជឿជាក់​យ៉ាង​មុតមាំ​របស់​យើង​ថា សេដ្ឋកិច្ច​នៅ​ឡាស វេ​ហ្គាស នឹង​ងើប​ឡើងវិញ​ខ្លាំង ខណៈ​វ៉ាក់សាំង​ជំរុញ​ឱ្យ​វិស័យ​កម្សាន្ដ និង​ទេសចរណ៍​បើក​ដំណើរ​ឡើងវិញ នៅ​សហរដ្ឋអាមេរិក និង​ទូទាំង​ពិភពលោក” ។

ក្រុមហ៊ុន Las Vegas Sands បាន​បង្រួម​ឈ្មោះ​របស់ខ្លួន​មក​នៅត្រឹម Sands ដោយសារ​ត្រូវ​ផ្លាស់​ចេញពី​ក្រុង​ឡាស វេ​ហ្គាស។ ក្រុមហ៊ុន​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ការផ្លាស់ប្តូរ​នេះ​គឺ “សប្បាយ​លាយ​ក្រៀមក្រំ” ហើយនឹង​ជួយ​ឱ្យ​ខ្លួន​ងាក​មក   ផ្តោតលើ​ទីផ្សារ ដែល​កំពុង​រីកចម្រើន​លឿន​ដូចជា​តំបន់​អាស៊ី​ជាដើម។

លោក Robert Goldstein នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sands បាន​លើកឡើងថា “Venetian បាន​ផ្លាស់ប្តូរ​មុខមាត់ នៃ​ការអភិវឌ្ឍ​កាស៊ីណូ​នាពេល​អនាគត ហើយនឹង​ពង្រឹង​កេរដំណែល​របស់លោក Sheldon Adelson ក្នុងនាម​ជា​បុគ្គល​ម្នាក់ ក្នុងចំណោម​បុគ្គល​មាន​ឥទ្ធិពល​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​ល្បែង និង​បដិសណ្ឋារកិច្ច។ សណ្ឋាគារ​ប្រណីត និង​រី​សត​កាស៊ីណូ Venetian បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ១៩៩៩ ដែល​ជួយ​ជំរុញ​ឱ្យ Sands ក្លាយជា​ក្រុមហ៊ុន​កាស៊ីណូ​ធំ​បំផុត​ក្នុង​ពិភពលោក។

សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា កាលពី​នៅមាន​ជីវិត លោក Sheldon Adelson ធ្លាប់បាន​ពិចារណា​លក់​កាស៊ីណូ របស់លោក​នៅ​ឡាស វេ​ហ្គាស​ផងដែរ មុនពេល​លោក​ទទួលមរណភាព នៅ​ថ្ងៃទី១១ ខែមករា ដើមឆ្នាំ២០២១ នេះ​ក្នុង​វ័យ៨៧ ឆ្នាំ៕

ពិចារណា៖ តើ​ដំណាក់កាល​នេះ​គួរ​បន្ត​វិនិយោគ​អចលនទ្រព្យ ឬ​ផ្អាក​សិន ?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងពេល​កម្ពុជា កំពុង​ជួបប្រទះ​នឹង​រលក​ទី៣ នៃ​ការឆ្លង​ជា​សហគមន៍​នៃ​ជំងឺ​កូ​វីដ១៩ និង​កាន់​តែមាន​ទ្រង់ទ្រាយ​ធំ​ជាង​ពេលមុននៗនោះ វិនិយោគិន​ខ្លះ​នៅតែ​បន្ត​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន ហើយ​វិនិយោគិន​ខ្លះទៀត ក៏​កំពុង​សិក្សា​លើ​ការវិនិយោគ​បន្ត។

តើ​ក្នុង​ដំណាក់​នេះ វិនិយោគិន​អចលនទ្រព្យ​គួរ​ផ្អាក ឬ​បន្ត​គម្រោង​បន្តទៀត?។

បើតាម​លោក​ង៉ែត ជូ សេដ្ឋវិទូ​មួយរូប និង​វិនិយោគិន​អចលនទ្រព្យ​មួយរូប​ផងដែរ​នោះ បាន​មានប្រសាសន៍​នៅក្នុង​វេទិកា​មួយ កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា នៅក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ១៩ វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការវិនិយោគ ប៉ុន្តែ​មាន​វិនិយោគិន​មួយចំនួន នៅតែ​បន្ត​ការអភិវឌ្ឍ​របស់ខ្លួន​ដដែល ទោះ​ស្ថិតនៅក្នុង​វិបត្តិ​យ៉ាងណាក្ដី ។

លោក​បន្តថា “សម្រាប់​អ្នក​ដែល​វិនិយោគ ក្នុង​រយៈពេល​យូរអង្វែង​មិនគួរ​ផ្អាក​គម្រោង​សាងសង់ ឬ​អភិវឌ្ឍន៍​នោះទេ ព្រោះថា​នៅក្នុង​រយៈពេល​ខាងមុខ​ទៀត វិបត្តិ​នឹងត្រូវ​បានបញ្ចប់” ។ លោក​បន្តថា “ដំណើរការ​នៃ​ការសាងសង់​ក៏​នឹងត្រូវ​បានបញ្ចប់ ពេលនោះ​វិនិយោគិន អាច​ទទួលបាន​ផលចំណេញ ត្រលប់​មកវិញ​ពី​ការវិនិយោគ​របស់ខ្លួន” ។

លោក​ង៉ែត ជូ បាន​បន្តទៀតថា សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ យកចំណេញ​ក្នុងពេល​ខ្លី ឬភ្លាមៗមិនគួរ​ធ្វើ​នោះទេ​ក្នុង​ពេលនេះ ព្រោះ​វា​ពិបាក​នឹងធ្វើ​ឱ្យ​ពួកគេ​ទទួលបាន​ផលចំណេញ​ណាស់ ក្នុងពេលដែល​សេដ្ឋកិច្ច​កំពុងមាន​បញ្ហា​យ៉ាង​ដូចនេះ។

លោក​បន្ថែមថា រូបលោក​ក៏​ជា​អ្នកវិនិយោគ​មួយរូប​ផងដែរ តែ​ក្នុងពេល​មាន​វិបត្តិ​នេះ រូបលោក​មិនបាន​ផ្អាក ឬ​ពន្យារ​ការអភិវឌ្ឍ​នោះឡើយ គឺ​នៅតែ​បន្ត​ទៅមុខ ដោយសារតែ​គម្រោង​រប​ស់លោក ជា​គម្រោង​សម្រាប់​ទទួលយក​ប្រាក់ចំណេញ នៅពេល​អនាគត​ខាងមុខ ដោយ​មិនមែនភ្លាមៗក្នុង​ឆ្នាំ២០២០ ឬ២០២១នោះទេ ។

ជាមួយគ្នានេះ លោក​លីម រដ្ឋា ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្តកំពត និង​កែប​ក៏បាន​ឱ្យដឹងថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩នេះ តែ​អ្នកស្វែងរក​ទិញ​អចលនទ្រព្យ​ក៏មាន​ច្រើន​ដែរ។ អ្នកស្វែងរក​ទិញ​អចលនទ្រព្យ ជា​អ្នក​ដល់​សល់​លុយ​ពី​ការផ្គត់ផ្គង់​ជីវភាព ហើយ​ពួកគេ​ក៏​អាច​រកបាន​នូវ​ទីតាំង​អចលនទ្រព្យល្អៗ ជាមួយនឹង​តម្លៃ​ទាប​ជាង​ទីផ្សារ​ផងដែរ ពីព្រោះ​តែ​អ្នកលក់​នៅក្នុង​សម័យនេះ គឺជា​អ្នក​ទល់​ច្រក មាន​បញ្ហា​ហិរញ្ញវត្ថុ​ដូច្នេះ​ទើប​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ទើប​មាន​អ្នកទិញ ។

លោក​បន្តថា “អ្នកទិញ​ខ្លះ​សម្រាប់​ទុក​លក់​ចំនេញ​វិញ នៅពេល​ចប់​វិបត្តិ ហើយ​អ្នកទិញ​ខ្លះទៀត​ក៏​ប្រាប់ថា ទុក​អភិវឌ្ឍ​ខ្លួនឯង​នៅពេល​ចប់​វិបត្តិ ឬ​អភិវឌ្ឍ​នៅពេលឆាប់ៗនេះ ដើម្បី​ទុក​បម្រើឱ្យ​វិស័យ​អចលនទ្រព្យ ពេលដែល​ចប់​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ៕

ឧកញ៉ា​ម៉ន សុខា៖ ទិញ​ដីឡូត៍​គឺជា​ការ​សន្សំទ្រព្យ​ដោយ​មិនដឹង​ខ្លួន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ទោះជា​នៅក្នុង​បរិការណ៍ ដែល​កំពុង​ជួប​នាពេល​បច្ចុប្បន្ននេះ ទីផ្សារ​ដីឡូត៍​នៅតាម​តំបន់​ជាយក្រុង និង​ក្បែរ​ទីប្រជុំជន​មួយចំនួន​ជុំវិញ​ក្រុង នៅតែមាន​សកម្មភាព ខណៈដែល​ការទិញ​ឡូត៍ បានផ្តល់​ផលចំណេញ​ទាំង​អតិថិជន ដែលមាន​ចំណូល​មធ្យម ចំណេញ​ទាំង​អ្នកលក់ ចំណេញ​ទាំង​សេដ្ឋកិច្ចជាតិ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ឧកញ៉ា​ម៉ន សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗថា ទីផ្សារ​ដីឡូត៍​នៅតែមាន​ប្រជាប្រិយភាព ព្រោះ​អ្នកមាន​តម្រូវការ​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅមានកម្រិត​ច្រើន ហើយ​ម្ចាស់​អភិវឌ្ឍន៍​គម្រោង​ដីឡូត៍ ក៏បានផ្តល់​ឱកាស​ដល់​អ្នក​ដែលមាន​ចំណូល​តិច ឬ​មធ្យម ដែល​គ្មាន​លទ្ធភាព​ទិញ​ដី ទំហំ​ដោយ​ការបង់​ផ្ដាច់​នោះ អាចធ្វើ​ការទិញ​តាមរយៈ​វិធីសាស្ត្រ​នៃ​ការបង់​រំ​លោះ​ប្រចាំខែ​បាន​យ៉ាង​សុវត្ថិភាព។

លោក​ឧកញ៉ា​បាន​បន្តថា “មិន​ថា​ពេលនេះ ឬ​បន្ត​ទៅមុខ៥-១០ឆ្នាំ​ទៀត​នោះទេ ទីផ្សារ​ដីឡូត៍ នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់ ព្រោះ​អ្នក​ដែលមាន​តម្រូវការ​នៅមានកម្រិត​ច្រើន ហើយ​អ្នក​អភិវឌ្ឍន៍​មិនសូវ​ពិបាក​ក្នុង​ការរក​ទីផ្សារ​នោះទេ” ។ លោក​បន្តថា “លើសពីនេះ តាមរយៈ​ការ​ពុះ​គម្រោង​ដីឡូត៍ លក់​ជូន​ដល់​អ្នកមាន​ចំណូល​តិ និង​ចំណូល​ដែល​ចង់បាន​ដី​កម្មសិទ្ធិ​ស្រប​ច្បា ប់​សម្រាប់​សាងសង់​លំនៅដ្ឋាន​នេះ អ្នក​អភិវឌ្ឍន៍​បាន​សប្បាយចិត្ត​ក្នុងការ​ចូលរួម​ជួយ​លើកកម្ពស់​សង្គម​ផងដែរ” ។

លោក​ម៉ន សុខា បាន​បញ្ជាក់ថា តាម​ការពិត​ទីផ្សារ​ដី​ឡូ​តិ៍​បាន​ចូលរួម​ជួយ​សង្គមជាតិ​ដោយ​ប្រយោល ដែល​មនុស្ស​មួយចំនួន​មើលមិនឃើញ។ គម្រោង​ដីឡូត៍​ស្របច្បាប់ បាន​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចំណូល​តិច​គ្មាន​លទ្ធភាព​ទិញ​ដី​ទំហំ​ធំ​ដោយ​ការបង់​ផ្តាច់​រាប់ម៉ឺន​ដុល្លារ ឱ្យមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​មាន​ដី​ជា​កម្មសិទ្ធិ​ស្របច្បាប់​សម្រាប់​សាងសង់​លំនៅដ្ឋាន​ស្នាក់ ដោយ​ការលក់​ក្នុងតម្លៃ​ទាប ជួយ​សម្រួល​ដល់​លក្ខខណ្ឌ​នៃ​ការបង់ប្រាក់ ឬ​បង់​រំ​លោះ​ប្រចាំខែ។

លោក​ឧកញ៉ា​ម៉ន សុខា​បាន​បន្តថា “ទោះជា​ពួកគាត់​មិន​ទិញ សម្រាប់​សាងសង់​លំនៅដ្ឋាន ដែលជា​តម្រូវការ​ជាក់ស្ដែង ប៉ុន្តែ​ក្រោយពេល​បង់​រំលស់​អស់ ពួកគាត់​នឹង​សល់​ជា​ទ្រព្យ ប្រៀប​ដូច​គាត់​សន្សំ​ប្រាក់​យ៉ាង​ដូច្នោះ” ។ លោក​បន្ថែមថា “បន្ថែម​ពីនេះ តម្លៃ​ដី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តែងមាន​កំណើន ដូច្នេះ​ពួកគាត់​ក្រៅពី​ជាការ​សន្សំ​ប្រាក់​ថែមទាំង​អាច​ទទួលបាន​ចំណេញ​ថែមទៀត” ៕

ហេតុអ្វី​បាន​វិនិយោគិន​ក្នុងស្រុក​កាន់តែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​អចលនទ្រព្យកំឡុងពេល​មាន​វិបត្តិ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា អ្នកវិនិយោគ​ក្នុងស្រុក​មាន​សារៈសំខាន់ ក្នុងការ​ជំរុញ​កំណើន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុងអំឡុង​វ​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តថា វិនិយោគិន​ក្នុងស្រុក​នៅតែ​សំខាន់បំផុត ក្នុងការ​ជំរុញ​កំណើន​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ចកម្ពុជា ហើយ​ជាក់ស្ដែង​សម្រាប់​វិស័យ​អចលនទ្រព្យ ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩ ដែល​ធ្វើឱ្យ​វិនិយោគិន​ក្រៅ​ស្រុក​មាន​ផល​លំបាក ក្នុងការ​មក​វិនិយោគ​កម្ពុជា ប៉ុន្ដែ​សកម្មភាព​វិនិយោគិន​ក្នុងស្រុក​នៅ​ដំណើរការ។

លោក​បន្តថា “បន្ទាប់ពី​ឆ្លងកាត់​វិបត្តិ​នេះ នឹងធ្វើ​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ភាពរឹងមាំ ចាស់ទុំ និង​អាច​ដោះស្រាយ​នៅពេល​មាន​វិបត្តិ នៅពេលក្រោយៗទៀត” ។ លោក​បន្ថែមថា “អ្នកវិនិយោគ​ក្នុងស្រុក​នៅតែ​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​កំណើន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​មួយ​ភាគ​ធំ” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា វិបត្តិ​កូ​វីដ១៩នេះ ក៏​ជាការ​ផ្ដល់ឱកាស​ក្នុងការ​រៀនសូត្រ​អំពី​ភាព​ប្រឈម ក្នុង​វិបត្តិ​បញ្ហា​លើ​ពិភពលោក​ផងដែរ។ បន្ទាប់ពី​ឆ្លងកាត់​វិបត្តិ​នេះ នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ ចាស់ទុំ និង​អាច​ដោះស្រាយ​នៅពេល​មាន​វិបត្តិ នៅពេលក្រោយៗទៀត។

លោក​បញ្ជាក់ទៀតថា អ្នកវិនិយោគ​នឹង​ចាប់ផ្ដើម​ធ្វើដំណើរ នៅពេល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ និង​ប្រទេស​ដែល​ត្រូវ​ទៅ​វិនិយោគ មាន​វ៉ាក់សាំង​ដូចគ្នា។ បច្ចុប្បន្ន​ទោះបី​កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩រួចរាល់​ក្ដី ប៉ុន្ដែ​ប្រទេស​ដទៃទៀត​មិនទាន់ ទទួលបាន​ពេញលេញ។

លោក​បន្ដថា “បើ​ជំងឺ​កូ​វីដ១៩ នៅតែ​បន្ដ​អូសបន្លាយ លោក​មើលឃើញថា អចលនវត្ថុ​កម្ពុជា អាច​ប្រឈម​នឹង​ការ​ថមថយ​ខ្លះ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​សញ្ញា​ថម​ថយ​ណាមួយ​ឡើយ ដោយសារតែ​វិស័យ​ធនាគារ នៅតែ​បន្ដ​ប្រាក់កម្ចី​លើ​វិស័យនេះ ដូច្នេះ​វិស័យ​អចលនទ្រព្យ នៅ​បន្ដ​ភាពរឹងមាំ​ដដែល” ។

ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បានលើកឡើង​កាលពីថ្មីៗនេះ​ថា វិស័យ​អចលនទ្រព្យ និង​សំណង់​ជា​ជ​ន្ទ​ល់​យ៉ាងរឹងមាំ ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេល​នៃ​ការរីក​រាល​ដាន នៃ​ជំងឺ​កូ​វីដ១៩ ផងដែរ៕

ពេលណា ដែល​អ្នក​គួរ​លក់​ដីធ្លី ឬ​អចលនទ្រព្យ​របស់​អ្នកចេញ​ដើម្បី​កុំ​ឲ្យ​ជាប់គាំង

ដោយៈ ស៊ីវ ម៉េង   

ភ្នំពេញៈ អ្នកវិនិយោគ​ភាគច្រើន ពិសេស​អ្នកវិនិយោគ​ផ្នែក​ដីធ្លី តែងតែ​លោភលន់ ដោយ​មិន​លក់​អចលនទ្រព្យ​របស​ខ្លូន​នោះទេ នៅពេល​វា​កំពុង​មានតម្លៃ​កើនឡើង​ខ្ពស់ ដែល​ការសម្រេចចិត្ត​បែបនេះ មាន​ចំណុច​ល្អ និង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ផងដែរ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល និង​ជា​អ្នកវិនិយោគ​អចលនទ្រព្យ​មួយរូប ដែល​ធ្លាប់មាន​បទពិសោធន៍​ជាប់គាំង លើ​ការទិញ​លក់​អចលនទ្រព្យ​មួយចំនួន បាន​លើកយក​បទពិសោធន៍ និង​ទស្សន​របស់ខ្លួន​លើ​ចំណុច ដែល​គួរ​វិភាគ​ពិចារណា​ចំនួន៤ចំណុច​យកមកចែក​រំលែក ដែល​ចំណុច​ទាំងនោះ​រួមមាន។

ឡើងថ្លៃ​សមល្មម

តាម​ធម្មតា​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត តែងតែ​ឡើងថ្លៃ​នៅពេល​កាលៈទេសៈ​មកដល់ ប៉ុន្តែ​វា​មិន​ឡើងថ្លៃ​រហូត​នោះទេ ហេតុនេះ​អ្នកវិនិយោគ​គួរតែ​ដោះដូរ​ដី​របស់ខ្លួន ប្រសិនជា​ទទួលបាន​ផលចំណេញ ចាប់ពី៥០ភាគរយ​ឡើងទៅ។ នៅពេល​អ្នកលក់​ដី នោះ​ភ្លាម អ្នកនឹង​ចំណេញ ហើយ​សប្បាយចិត្ត ប៉ុន្តែ​សូម​យក​ទុន​នោះ​ទៅ​ទិញ​ដី​បន្ថែម​នៅ​ទីតាំង​ល្អ មាន​សក្តានុពល​ចំណេញ​ខ្ពស់។

នៅពេល​ការទិញ​លក់​ញឹកញាប់​កើតឡើង អ្នក​អាច​សល់​ដី២ទៅ៣កន្លែង និង​កើនឡើង​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​របស់​អ្នក កាន់តែ​ទទួលបាន​ផលចំណេញ និង​មាន​ទីតាំង​ច្រើន លើសពី​ពីរ​កន្លែង។ អ្នក​អាច​លក់​ចេញ១ ដើម្បី​យកលុយ​មក​ចាយ ដើរលេង​សប្បាយ​ផងដែរ ដែល​នេះ​ជា​វិធីសាស្ត្រ​ផ្តល់​កំលាំងចិត្ត​ដល់​ខ្លួនឯង ហើយ​រិះរក​ទុន យកមក​វិនិយោគ​បន្ថែមទៀត។

កាលៈទេសៈ​មកដល់

តាម​ធម្មតា​នៅពេល​រដ្ឋាភិបាល អភិវឌ្ឍន៍​ផ្លូវ​នៅ​តំបន់​ណាមួយ ដី​តំបន់​នោះ​តែងតែ​កញ្ជ្រោល​ឡើងថ្លៃ​ខ្ពស់ ប៉ុន្តែ​តម្លៃ​របស់​វា​នៅពេល​សាងសង់​ផ្លូវ​រួច​អាច​នៅ​ទ្រឹង ឬ​ធ្លាក់ចុះ​បន្តិច​មកវិញ បើសិនជា​សកម្មភាព​សេដ្ឋកិច្ច​តំបន់​នោះ​មិនសូវ​ដំណើរ​ការល្អ។

ឧទាហរណ៍ ដី​នៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ បាន​ឡើងថ្លៃ ប៉ុន្តែ​ក្រោយមក​បាន​ធ្លាក់ចុះ​មកវិញ ដោយសារតែ​ផ្លូវ​នេះ​ធ្វើ​រួច​នឹងមាន​ការសាងសង់​របង សងខាង មិនអាច​ឲ្យ​គោ ក្របី ឬ​អ្នកដំណើរ​ឆ្លងកាត់​បាន ដែល​បង្ក​ការកកស្ទះ​ចរាចរណ៍។

បញ្ហា​ការសាងសង់​ស្ពាន​អាកាស ក៏បាន​ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ និង​ដីធ្លី​ជាប់​នឹង​ស្ពាន​ធ្លាក់​ថ្លៃ​ផងដែរ ដោយសារ​មិនមាន​ចរាចរណ៍​ងាយស្រួល ឆ្លងកាត់ ដែល​បច្ចុប្បន្ន​យើង​ឃើញ​មាន​ឧទាហរណ៍​ស្រាប់។

ពេល​សេដ្ឋកិច្ច​ងើបឡើង​ខ្ពស់

តាម​ធម្មតា​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា សេដ្ឋកិច្ច​បណ្តា​ប្រទេសផ្សេងៗទៀត តែងតែ​កើនឡើង​ខ្ពស់ ប៉ុន្តែ​ក៏មាន​រយៈពេល​កំណត់​ផងដែរ។ ពេល​សេដ្ឋកិច្ច​កើនឡើង​ខ្ពស់​រយៈពេល៥ទៅ៧ឆ្នាំ​ជាប់​គ្នា វា​ជា​ពេលដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​លំនៅដ្ឋាន​របស់​អ្នក កើនឡើង ដែល​នេះ​វា​ជា​ពេលវេលា​ល្អ​បំផុត ដែល​លោក អ្នក​គួរ​បញ្ចេញ​ឬ​លក់​ចេញ​នូវ​អចលនទ្រព្យ​របស់​អ្នក ដើម្បី​យកទៅ​វិនិយោគ​នៅ​តំបន់​ដទៃទៀត។

ប្រសិនជា​សេដ្ឋកិច្ច​កើនឡើង៣ ទៅ៤ឆ្នាំ​ជាប់​គ្នា វា​ជា​ពេលវេលា​ដ៏​ល្អ ដែល​អ្នក​គួរ​លក់​ដីធ្លី​ឬ​អចលនទ្រព្យ​របស់​អ្នក ដើម្បី​លោក អ្នក​អាច​ដក​លុយ​ទុក​ខ្លះ និង​យកទៅ​វិនិយោគ​លើ​គំរោង​អ្វីមួយ​ផ្សេង ឬ​យកទៅ​វិនិយោគ​លើ​អចលនទ្រព្យ​ដដែល តាម​ធនធាន​និង​អ្វីដែល​លោក អ្នក​ចង់បាន។

ជិត​ដល់​វដ្ត​នៃ​វិបត្តិ​សេដ្ឋកិច្ច

វា​ជា​ចំណុច​ពិសេស ដែល​អ្នក​បាន​រៀនសូត្រ និង​ដឹងបណ្តើរៗហើយ​ថា សេដ្ឋកិច្ចពិភពលោក​នឹង​ធ្លាក់ចុះ រៀងរាល់១០ឆ្នាំ​ម្តង ដូចជា វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ១៩៩៧ វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ២០០៨ វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ នៅ​ឆ្នាំ២០២០ជាដើម។

តាមពិត​វិបត្តិ​នេះ មិនមែន​កើតឡើង​ដោយ​ខ្លួនឯង​នោះទេ តែ​វា​ជាការ​បង្កឡើង​ដោយ​ប្រទេស​មហាអំណាចធំៗលើ​ពិភពលោក ដើម្បី​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទើប​ងើបឡើង មាន​កំនើន​ខ្ពស់​ពេក ឬ​វា​ជា​ហ្គេម​មួយ​របស់​មហាអំណាច ដើម្បី​ប្រជែង​ឥ​ទ្ឋិ​ពល​គ្នា​លើ​ពិភពលោក។

ហេតុនេះ បើ​ដឹង​ដូច្នេះ តើ​លោក អ្នក​គួរតែ​លក់​អចលនទ្រព្យ​របស់​អ្នក​ឬទេ? នៅពេល​វដ្ត​នៃ​វិបត្តិ​សេដ្ឋកិច្ច​ជិត​ចូលមក​ដល់?៕

អ្នកជំនាញ​អន្តរជាតិ៖ យុទ្ធសាស្ត្រ​ការទូត​ផ្តោតលើ​សេដ្ឋកិច្ច​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ការទូត​សេដ្ឋកិច្ច​អាច​ផ្ដល់​ប្រយោជន៍ ចម្បង​ចំនួន​បី​សម្រាប់​កម្ពុជា ដោយ​ជំរុញ​ឲ្យ​កម្ពុជា លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​បណ្ដា​ប្រទេសផ្សេងៗ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្ពស់ និង​ធ្វើ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ ក្នុងការ​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) លោក​សុវណ្ណ ពិសី​រតនៈ​បាន​ថ្លែង​នៅក្នុង​កម្មវិធី AVI VOICE កាលពីដើម​សប្តាហ៍​នេះ​ថា នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​មួយចំនួន ដែល​បង្កឡើង​ដោយ​ការរីក​រាលដាល នៃ​ជម្ងឺ​រាតត្បាត​សាកល​កូ​វីដ១៩ ឥទ្ធិពល នៃ​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច ផលប៉ះពាល់​នៃ​សភាពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក និង​ចិន រួមទាំង​ការដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​សហភាព​អឺរ៉ុប ការដាក់ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​របស់​រដ្ឋាភិបាល “ការទូត​សេដ្ឋកិច្ច” អាច​ផ្ដល់​ប្រយោជន៍​ចំបង​ចំនួន​បី​សម្រាប់​កម្ពុជា។

លោក​បាន​ថ្លែងថា អត្ថប្រយោជន៍​ទី ១ គឺ​ការទូត​សេដ្ឋកិច្ច នឹង​ជំរុញ​ឲ្យ​កម្ពុជា​លើកកម្ពស់ ទំនាក់ទំនង​សេដ្ឋកិច្ចកម្ពុជា ជាមួយ​បណ្ដា​ប្រទេសផ្សេងៗ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្ពស់ ដូចដែល​យើង​បានដឹងហើយថា កាលពី​ខែតុលា​ឆ្នាំ២០២០កន្លងទៅ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន ដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុង​ការលក់​ផលិតផល​លើ​ទីផ្សារ ក៏ដូចជា កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​និង​សហភាព​អ៊ឺរ៉ុប។

កិច្ចព្រមព្រៀង​នេះ អាច​នឹង​ផ្ដល់នូវ​កាលានុវត្តភាព​ជាច្រើន តាមរយៈ​ការពង្រីក​ទីផ្សារ​ផលិតផល​ខ្មែរ ឆ្ពោះទៅកាន់​ទីផ្សារ​របស់​ចិន ដែលជា​ទីផ្សារ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ជាពិសេស​គឺ​ផលិតផល​កសិកម្ម​និង​ជលផល​របស់​កម្ពុជា។

ក្រៅពី​ប្រទេស​ចិន កាលពីពេលថ្មីៗនេះ កម្ពុជា​ក៏​បាននិងកំពុង​សិក្សា​ពី​លទ្ធភាព ដើម្បី​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទាំង​ទ្វេភាគី និង​ពហុភាគី​បន្ថែមទៀត ជាមួយនឹង​ប្រទេស​កូរ៉េខាងត្បូង ចក្រភព​អង់គ្លេស ជប៉ុន ឥណ្ឌា ម៉ុង​ហ្គោ​លី​និង​សហភាព​សេដ្ឋកិច្ច​អ៊ឺរ៉ុប​អាស៊ី។

ប្រសិនបើ​សម្រេចបាន​កិច្ចព្រមព្រៀង​ទាំងនេះ អាច​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ព្រមទាំង​បង្កើតអោយមាន​ទំនើបកម្ម​ឧស្សាហកម្ម នៃ​ផលិតកម្ម​របស់​កម្ពុជា​ផងដែរ។ ការទូត​សេដ្ឋកិច្ច​នេះ ក៏​អាច​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​នានា មក​ដាក់​ទីតាំង​ផលិត​នៅ​កម្ពុជា​បន្ថែមទៀត។

លោក​សុវណ្ណ ពិសី​រតនៈ​ថ្លែងបន្តថា អត្ថប្រយោជន៍​ទី ២ គឺ​ការទូត​សេដ្ឋកិច្ច នឹង​ជួយ​លើកស្ទួយ​មុខមាត់ ក៏ដូចជា​កេ​រ្ត៍​ឈ្មោះ​កម្ពុជា​ជាស​កល ការទូត​សេដ្ឋកិច្ច​នឹង​ជំ​រុញអោយ​កម្ពុជា ផលិត​ព្រមទាំង​នាំចេញ​ម៉ាក​ផលិតផល​របស់​ខ្មែរ ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន។

ជាក់ស្ដែង ផលិតផល​ម្រេច​កំពត ដែល​ត្រូវបាន​សហភាព​អ៊ឺរ៉ុប ទទួលស្គាល់ថា​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា ព្រមទាំង​ផលិតផលថ្មីៗរបស់​ខ្មែរ​យើងផ្សេងៗទៀត នឹង​ត្រូវបាន​ផ្សព្វផ្សាយ​លក់​កាន់តែ​ទូលំទូលាយ នៅលើ​ទីផ្សារ​អន្តរជាតិ។

លើសពីនេះទៅទៀត កម្ពុជា​អាច​លើកស្ទួយ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​យើង​តាមរយៈ​សកម្មភាព​ការទូត​សេដ្ឋកិច្ច​នេះ​ផងដែរ ជា​ឧទាហរណ៍ ការផ្សព្វផ្សាយ​អំពី​ម្ហូប​ល្បី​របស់​ខ្មែរ ក៏ដូចជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួមមាន​ប្រាសាទអង្គរវត្ត និង​ប្រាសាទព្រះវិហារ និង​កាន់តែ​ទទួលបាន​កិត្យានុភាព​ក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ។

អត្ថប្រយោជន៍​ទី៣ ការទូត​សេដ្ឋកិច្ច នឹង​ជួយ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយជា​ប្រទេស ដែលមាន​ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។

នៅក្នុង​ឆ្នាំ២០១៥ កម្ពុជា​បានក្លាយ​ជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប​ហើយ​បើ​យើង​ក្រឡេក ទៅ​មើល​ប្រាក់ចំណូល​ជាតិ​សរុប ក្នុង​មនុស្ស​ម្នាក់​នៅក្នុង​ឆ្នាំ ១៩៩៨ មាន​ត្រឹមតែ$២៩០សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នេះ​បាន​កើន​មកដល់​ប្រមាណ $១៤០០នៅក្នុង​ឆ្នាំ២០១៨ ។

ជាមួយនឹង​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច កម្ពុជា​នឹង​អនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ​គ្រប់​ជ្រុងជ្រោយ រួមទាំង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដែល​អាចជួយ​ធានា​នូវ​កំណើនសេដ្ឋកិច្ច​សមភាព និង​វិបុលភាព​របស់​កម្ពុជា។ កត្តា​ទាំងនេះហើយ ដែល​ចូលរួម​ជំរុញ​ឲ្យ​យើង​សម្រេចបាន​នូវ​ចក្ខុវិស័យ ដែល​បាន​កំណត់ទុក គឺ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​ក្នុង​ឆ្នាំ២០៣០ និង​ប្រាក់ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ខាងមុខនេះ៕