ចំណេះដឹង​អចលនទ្រព្យ៖ តើ​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​នៅ​កម្ពុជាធ្វើឡើង​ដូចម្តេច

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ថ្មី​មួយ​ស្តីពី ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ សំដៅ​ធានា​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង និង​ការអនុវត្តន៍ ត្រួតពិនិត្យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ និង​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍ​គោរព​តាមផ្លូវ​ច្បាប់។

តាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​ដែល​បានចេញ​កាលពី​កន្លងមកនេះ​បានឱ្យដឹងថា ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ទទួលបាន​ផលប្រយោជន៍សំខាន់ៗចំនួន៥ រួមមាន ទី១ ធានា​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ទី២ ធានា​សមធម៌ និង​តុល្យភាព​នៃ​ផលប្រយោជន៍​រវាង​អ្នក​អភិវឌ្ឍន៍ រវាង​អ្នកត្រួតពិនិត្យ និង​អ្នកប្រើប្រាស់ ទី៣ បង្កា​ទប់ស្កាត់​ហានិភ័យ​ហិរញ្ញវត្ថុ ក្នុង​វិស័យ​អចលនវត្ថុ។

ទី៤ ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​អចលនវត្ថុ សំដៅ​បង្កើន​ជំនឿ​ទុកចិត្ត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទី៥ រួមចំណែក​ទប់ស្កាត់​សកម្មភាព លាង​សំអាត​ប្រាក់​ក្នុង​វិស័យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ។

ម្យ៉ាងទៀត ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ​នេះ ប្រសិនបើ​ម្ចាស់​គម្រោង​មិនមាន​អាជ្ញា​បណ្ណ​នោះទេ បញ្ជាក់ថា​គម្រោង​នោះ​គឺជា​គម្រោង​ខុសច្បាប់ ហើយ​សាធារណជន​មិនគួរ​ទិញ​លំនៅឋាន​ពី​គម្រោង​នោះទេ។ ជាមួយគ្នានេះ នៅពេលដែល​លោកអ្នក​ដែលមាន​បំណង​ចង់​ទិញ ត្រូវ​សួររក​អាជ្ញា​បណ្ណ​អភិវឌ្ឍ​អចលនវត្ថុ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ដើម្បី​កុំឱ្យ​មានការ​ខាតបង់​ប្រយោជន៍៕

ខណ្ឌច្បារអំពៅបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកទីផ្សារអគារខ្ពស់ៗ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុចំណោមខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ ខណ្ឌដែលកំពុងត្រៀមខ្លួនក្នុងទទួលយកទីផ្សារខុនដូ និងអាគារពាណិជ្ជកម្មធំៗបន្ទាប់ពីខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌសែនសុខ និងខណ្ឌទួលគោកនោះ គឺខណ្ឌច្បារអំពៅ ខណៈដែលខណ្ឌជ្រោយចង្វារ បានឈានមួយជំហានមុនរួចទៅហើយ។

ស្របពេលដែលគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីកោះនរា ស្ថិតនៅក្នុងខណ្ឌច្បាររអំពៅកំពុងមានភាពនមមាញឹក ក្នុងការសាងសង់គម្រោងរបស់ខ្លួន គេសង្កេតឃើញមានគម្រោ​ងអភិវឌ្ឍន៍សំណង់អាគារខុនដូខ្ពស់ៗជាច្រើន គម្រោងដែលភាគច្រើនក្រោមការវិនិយោគរួមគ្នារវាងអ្នកនៅក្នុងស្រុក និងអ្នកវិនិយោគមកពីប្រទេសចិនត្រៀមបង្ហាញខ្លួន។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia  លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ដោយសារតែតម្លៃដី នៅកណ្តាលរាជធានីភ្នំពេញមានកម្រិតខ្ពស់ បានជំរុញឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងអគារពាណិជ្ជកម្ម ខុនដូ ក៏ដូចជា អាផាតម៉ិន បង្វែរគោលដៅរបស់ខ្លួន ទៅតាំងនៅតំបន់ផ្សេងមួយចំនួនទៀត ដែលជាតំបន់ទី២បន្ទាប់ពីកណ្តាលក្រុង។

លោកស្រីបន្តថា “ខណ្ឌដែលពេញនិយម និងមានសក្ដានុពលខ្ពស់ ក្នុងទីផ្សារអាគារខ្ពស់ៗ គឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន បន្ទាប់មកគឺខណ្ឌទួលគោក”។ លោកស្រីបន្តថា “ប៉ុន្តែដោយសារតែកត្តាតម្លៃដីធ្លីមានកម្រិតខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍មួយចំនួនបង្វែរគោលដៅរបស់ខ្លួនទៅតំបន់ទី២ដែលមានសក្ដានុពល ដែលក្នុងនោះឃើញមានខណ្ឌជ្រោយចង្វារ កំពុងមានគម្រោងថ្មីៗ រួមជាមួយនឹងសកម្មភាពសាងសង់គួរឱ្យកត់សម្គាល់”។

លោកស្រីបញ្ជាក់ថា “ខណ្ឌជ្រោយចង្វារ គឺមានលក្ខខណ្ឌល្អសមស្របទៅនឹងការរស់នៅ និងតំបន់ពាណិជ្ជកម្មកម្រិតមធ្យម ប៉ុន្តែនៅមិនទាន់អាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ដូចខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌដូនពេញនោះទេ ដោ​យសារតែកត្តាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ ឱកាសនៃការអភិវឌ្ឍ ឱ្យដូចនឹងខណ្ឌទាំង៣ខាងលើនេះ គឺត្រូវការពេលវេលាបន្តិចទៀត អាចក្នុងចន្លោះ៣-៥ឆ្នាំទៀត បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបធំៗ ចាប់ផ្តើមបង្ហាញវត្តមានព្រមគ្នា ជាមួយនឹងការសាងសង់ តភ្ជាប់ផ្លូវថ្នល់ ស្ពាន បន្ថែមទៀតដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ក្រោយពេលបញ្ចប់បញ្ហាកូវីដ។

ដោយឡែកលោកម៉ម សិរីបញ្ញា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យEASY Property Investment បានលើកឡើងថា បច្ចុប្បន្នគម្រោងអភិវឌ្ឍក្រុងរណបរបស់ក្រុមហ៊ុនOCIC និងគម្រោងក្រុងរណបរបស់ក្រុមហ៊ុន លីយ៉ុងផាត់ នៅក្នុងខណ្ឌជ្រោយចង្វារ កំពុងតែដំណើរសាងសង់ជាបណ្តើរៗ ហើយបន្តិចទៀតតំបន់នេះនឹងក្លាយជាបណ្តុំសំណង់អគារពាណិជ្ជកម្មធំៗ និងខ្ពស់ៗកម្រិតអន្តរជាតិស្រដៀងគ្នាទៅនឹងតបន់កណ្តាលក្រុងដែរ។

លោកបញ្ជាក់ថា  “ខណ្ឌបន្ទាប់ ដែលនឹងមានទីផ្សារអគារខ្ពស់ៗចូលទៅតាំងនៅគឺខណ្ឌច្បារអំពៅ។ ជាក់ស្ដែងបច្ចុប្បន្ន ខណ្ឌមួយនេះកំពុងចាប់ផ្តើមមានវត្តមានគម្រោងអភិវឌ្ឍន៍ធំៗ ជាមួយទុនវិនិយោគរាប់សិបលានដុល្លារ ចូលទៅជាបន្តបន្ទាប់ ពោ​លគឺមានមិនក្រោម១០គម្រោងនោះទេ ដែលភាគច្រើនផ្តោតទៅលើ ប្រភេទខុនដូកម្រិតសមរម្យ និងកម្រិតមធ្យម ហើយវានឹងមានគម្រោងថ្មីៗចូលបន្ថែមទៀត”។

ជាមួយនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ សំណង់អាគារពាណិជ្ជកម្ម និងសំណង់ខុនដូ នៅក្នុងខណ្ឌច្បារអំពៅបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដើម្បីបញ្ចៀសបញ្ហាកកស្ទះ ដែលតែងកើតមាន ដូចជា គម្រោងការសាងសង់ស្ពានបន្ថែមឆ្លងកាត់ទន្លេបាសាក់ គម្រោងសាងសង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ មកកាន់ទីក្រុងកោះនរា និងទីក្រុងកោះពេជ្រ ក៏ដូចជាគម្រោងបង្កើតកំពង់ចម្លងផងដែរ៕

បច្ចុប្បន្នភាពៈផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុតម្លៃជិត២០០០លានដុល្លារត្រៀមចាក់អ៊ុតកៅស៊ូ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ ដែលស្ថាបនាសម្រេចបានប្រមាណ៤០ភាគរយ ពេលនេះត្រៀមចាក់អ៊ុតកៅស៊ូហើយ ដែលគំរោងនេះ នឹងបញ្ចប់តាមផែមការគ្រោងទុក។

យោងតាមទំព័របណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមីនាការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បង នៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរហើយ។

ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្វករនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូ ជារួម ដែលសឱ្យឃើញពីសមិទ្ធិផលមួយជំហានទៀត។

ប្រភពដដែលបានឱ្យដឹងថាវិបត្តិកូវីដ-១៩ មិនបានប៉ះពាល់ដំណើរការសាងសង់គម្រោងទេ ហើយគិតត្រឹមចុងឆ្នាំ២០២០ ការដ្ឋានសម្រេចបានប្រមាណ៣៩.៩៨% ហើយ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។

ផ្លូវនេះមានប្រវែងជាង១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd ក្រោមថវិកាប្រមាណ២ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់៤៨ខែ។ វាជាផ្លូវប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា និងចិន ដែលបង្ហាញនូវ​តម្លៃមិត្តភាព កិច្ចសហប្រតិបត្តិការ ដោយឈរលើភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៃសហគមន៍ពីរវាសនាតែមួយ៕

មន្រ្តីពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ថៃស្វែងរកកិច្ចសហការដើម្បីជំរុញទំហំពាណិជ្ជកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមប្រឹក្សា​ធុរកិច្ចកម្ពុជា​ (CBC) ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​ បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ និង​កម្ពុជា (TCBC) របស់​ប្រទេស​ថៃ ​ដើម្បី​ជួយ​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ​រវាង​ប្រទេស​ទាំង​២ក្នុងអំឡុងពេល​ដ៏ពិបាក​ ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង២ធ្លាក់ចុះ​កាលពី​ឆ្នាំមុន​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ កាលពីដើមខែមីនានេះ បាន​ជួប​ជាមួយ​ក្រុម​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ និង​កម្ពុជា (TCBC) ដែល​ដឹកនាំ​ដោយ​លោកChanitr Charn-chainarong ប្រធាន​ក្រុម​ប្រឹក្សា​នេះ​ដើម្បី​ពិភា​ក្សា​​ពី​ការរីកចម្រើន​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

លោកបានមានប្រសាសន៍ថា ភាគី​ទាំង ២ ​បាន​ពិភាក្សា​អំពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែលមាន​ដូចជា សកម្មភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម ការវិនិយោគ​ទ្វេភាគី ការប្រើប្រាស់​លិខិត​ឆ្លងដែន​វ៉ាក់សាំង ព្រមទាំង​លទ្ធភាព​នៃ​ការបើក​ដំណើរការ​ច្រកព្រំដែន ជប់​គគីរ (​ខេត្ត​ឧត្តរមានជ័យ​) និង​សៃតាគូ​ (​ក្នុង​ខេត្ត​ប៊ុរីរ៉ាំ​) ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​របស់​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​ “ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​ ពិតជា​រង​ផលប៉ះពាល់​នា​អំឡុងពេល​ដ៏ពិបាក​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ទោះបី​ជា​មាន​ការរឹតបន្តឹង​នៅតាម​ព្រំដែន ក៏​យើង​មិន​ហាមឃាត់​ការនាំចូល ឬ​ការនាំចេញ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​នោះទេ​”។ លោកបន្តថា “យើង​រឹតបន្តឹង​តែ​លើ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាជន​ប៉ុណ្ណោះ​។ ដូច្នេះ ការផ្លាស់ប្តូរ​ទំនិញ​របស់​យើង នៅតែ​មាន​គ្រាន់តែ​វា​ធ្លាក់ចុះ​បរិមាណ​តិចតួច​ប៉ុណ្ណោះ”​។

​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ និង​កម្ពុជា​បាន​ពិភាក្សា​គ្នា ​ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​បន្ថែមទៀត ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​ព្រំដែន​។ យើង​ក៏បាន​ពិភាក្សា​អំពី ​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​២ ​របស់​យើង​ផងដែរ ហើ​យ​យើង​ក៏បាន​ពិភាក្សា​អំពី​ការចរាចរ​ទំនិញ ដើម្បី​ឱ្យមាន​ផលិតផល​ដែល​ផលិត​នៅ​ប្រទេ​ស​កម្ពុជា ​កាន់តែ​ច្រើន​ចូលទៅ​ប្រទេស​ថៃ ពិសេស​ក្នុង​ផ្សារទំនើបBig C Super Markets និង​ផ្សារ​ 7 Eleven»​។

ការនាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​មាន​តម្លៃ​១១៤៨ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ ៤៩,៤៩ ​ភាគរយ ​ធៀប​ឆ្នាំ​ ២០១៩ និង​បាន​នាំចូល​តម្លៃ​ ៦ ០៨៩ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ ១៤,៨០ ​ភាគរយ​៕

ក្រុមហ៊ុនតែគជ់ដ៏ល្បីល្បាញរបស់ម៉ាឡេស៊ីគ្រោងបើកដំណើរការអាជីវកម្ម២៥ទីតាំងនៅកម្ពុជា

ដោយៈ សុខុម

គូឡាឡាំពួ: Tealive ដែលជាប៊្រែន (ម៉ាកយីហោ) តែគជ់ដ៏ល្បីល្បាញឈានមុខគេនៅអាស៊ីអាគ្នេយ៍ គ្រោងឈានជើងចូលទីផ្សារប្រទេសកម្ពុជា ដើម្បីបើកដំណើរការអាជីវកម្មជាមួយនឹងផែនកាពង្រីករហូតដល់២៥ទីតាំងនៅកម្ពុជា។ នេះបើយោងតាមសារព័័ត៌មាន The Star ចុះផ្សាយកាលពីថ្ងៃទី៣ មីនា។

ក្រុមហ៊ុន Loob Holding Sdn Bhd មានមូលដ្ឋាននៅម៉ាឡេស៊ី ដែលជាម្ចាស់ប៊្រែនតែគជ់មួយនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិអាជីវកម្មជាមួយក្រុមហ៊ុន HSC Group ដែលជាក្រុមហ៊ុនចំណីអាហារ និងភេសជ្ជៈធំជាងគេនៅប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនម៉ាឡេស៊ី មួយនេះនិយាយថា ប្រទេសកម្ពុជា នឹងក្លាយជាទីផ្សារទី៨ បន្ទាប់ពីប្រទេសម៉ាឡេស៊ី វៀតណាម មីយ៉ាន់ ព្រុយណេ ហ្វីលីពីន អូស្រ្តាលី និងអង់គ្លេស។

លោក Bryan Loo ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Loob Holding បានលើកឡើងថា ក្រុមហ៊ុន HSC Group គឺស័ក្ដិសមបំផុតសម្រាប់ប៊្រែន Tealive ព្រោះក្រុមហ៊ុននេះ តែងតែរក្សាគុណតម្លៃនៃប៊្រែនអន្តរជាតិជាច្រើន នៅក្នុងឧស្សាហកម្មចំណីអា​ហារ និងភេសជ្ជៈ។

ក្រុមហ៊ុន Loob Holding បានបញ្ជាក់ថា សាខាតែគជ់Tealive ទី១ នៅប្រទេសកម្ពុជា នឹងបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ។

លោកឧកញ៉ា សុខ ហុង ម្ចាស់ក្រុមហ៊ុន HSC Group មានប្រសាសន៍ថា ពេលវេលានេះគឺស័ក្ដិសមបំផុត ខណៈប្រជាជនកម្ពុជា ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកតែគជ់បែបសម័យទំនើប ព្រោះប៊្រែនអន្តរជាតិជាច្រើនបានចូលមកកម្ពុជា ជាហូរហែរួចមកហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយនឹងចូលមកជាច្រើនទៀតនៅថ្ងៃអនាគត។

បច្ចុប្បន្នក្រុមហ៊ុនរបស់កម្ពុជាមួយនេះ គ្រប់គ្រងប៊្រែនចំណីអាហារ និងភេសជ្ជៈអន្តរជាតិជាច្រើន ដូចជា ហាងដុតនំParis Baguette ភោជនីយដ្ឋាន Crystal Jade ភោជនីយដ្ឋាន Burger King ភេសជ្ជៈ 100 Plus និងជាច្រើនទៀតក្រៅពីប៊្រែនលក់រាយ និងផលិតផលគ្រឿងសម្អាង៕

ការរីកចម្រើននៃស្ថាបត្យកម្មនៅកម្ពុជាឆ្លងកាត់សហសវត្សរ៍បាននិងកំពុងផ្លាស់ប្តូរនិន្នាការនៃការរស់នៅ

ដោយៈគង់ សូរិយា

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា បាននាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ។

អគារចាស់ៗមួយចំនួន ត្រូវបានកែលម្អ និងជួលសារជាថ្មីឡើងវិញ ខណៈដែលអគារខ្លះទៀតត្រូវបានបំផ្លាញទាំងស្រុងដើម្បីទុកកន្លែងទំនេរថ្មីៗ។ ប៉ុន្តែទាំងនេះ មិនមែនជារឿងងាយស្រួលនោះទេ ក្នុងការរ​ចនាម៉ូតស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈទេ។

ខណៈដែលឥទ្ធិពលរបស់បស្ចិមប្រទេស កំពុងបញ្ចេញនូវទស្សនវិជ្ជារចនាលើគម្រោងថ្មីៗ ក៏បានមានការលេចទ្បើងទន្ទឹមគ្នា ដែលមានការទាក់ទាញ និងបំផុសគំនិតប្រវត្តិសាស្រ្តដ៏យូរលង់ និងសំបូរបែបរបស់ប្រទេសកម្ពុជា ដែលបានគេឲ្យឈ្មោះថាជា គឺស្ថាបត្យកម្មបែបថ្មី។

ស្ថាបត្យកម្មបែបថ្មីនេះ គឺជាទស្សនៈនៃការរចនាដែលបង្កើតឡើងដោយលោកស្រី Helen Grant Ross និងលោក Darryl Leon Collins នៅក្នុងសៀវភៅរបស់ពួកគាត់ “Building Cambodia: the New Khmer Architecture” ដែលបានបោះពុម្ពនៅឆ្នាំ២០០២។

បំល្លាស់ប្តូរនេះត្រូវបានពិពណ៌នាថា ជាការរួមបញ្ចូលគ្នានូវគោលការណ៍ទំនើប ដែលបានបង្កើតឡើងនៅភាគខាងលិច ជាមួយនឹងការរចនាបែបបុរាណរបស់ខ្មែរ ដែលមានតាំងពីបុរាណកាល រហូតដល់ស្ថាបត្យកម្មសម័យអង្គរ (ឧទាហរណ៍ប្រាសាទអង្គរវត្ត) ។

ការចាប់ផ្ដើមនៃស្ថាបត្យកម្មបែបថ្មី

បើទោះបីជាគំហើញនេះ មិនទាន់ហៅឈ្មោះជាផ្លូវការថាជា ស្ថាបត្យកម្មបែបថ្មី ក៏ដោយ ប៉ុន្តែវាត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមតាំងពីកំឡុងឆ្នាំ១៩៥០មកម្ល៉េះ ក្រោយពេលប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំង រហូតដល់កំឡុងឆ្នាំ១៩៧០​ មុនពេលសង្គ្រាមស៊ីវិលចាប់ផ្ដើម។

ស្ថិតនៅក្រោមការឧបត្ថម្ភ និងចក្ខុវិស័យរបស់អតីតសម្តេចព្រះនរោត្តម សីហនុ ដែលបានចាប់ផ្តើម ក្នុងការអភិវឌ្ឍទីក្រុងរបស់ប្រទេសកម្ពុជា ក្នុងទសវត្សឆ្នាំ១៩៥០ ។ បញ្ញវន្តខ្មែរជាច្រើន ជាពិសេសអ្នកដែលបានសិក្សា នៅបរទេសបានមកយកបទពិសោធន៍ និងចំណេះដឹងអំពីបេតិកភណ្ឌខ្មែរ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ជាពិសេសស្ថាបត្យករ បានក្លាយជាមនុស្សសំខាន់ ក្នុងការសម្រេចចក្ខុវិស័យរបស់ព្រះមហាក្សត្រ។

ចំនុចនេះហើយដែលបានបញ្ជាក់ថា លោក វណ្ណ ម៉ូលីវណ្ណ ជាបុរសដែលកំណត់ និងរៀបចំប្លង់មេ នៃរាជធានីភ្នំពេញ សម្រាប់ពាក់កណ្តាលសតវត្សបន្ទាប់។

លោក វណ្ណ ម៉ូលីវណ្ណ គឺជាសសរស្តម្ភមួយ នៅក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ គាត់ជាបុគ្គលមួយរូបដែលលេចធ្លោបំផុត ក្នុងនាមជាស្ថាបត្យកររដ្ឋក្រោមការ ដឹកនាំរបស់ព្រះមហាក្សត្រ។

 

លោក ម៉ូលីវណ្ណ បានរៀបចំប្លង់រចនាសម្ពន្ធ័ជាច្រើននៅក្នុង ប្រទេសកម្ពុជា រួមមានអគារពហុកីឡាជាតិ សាលសន្និសិទចតុមុខ និងវិមានឯករាជ្យ និងស្នាដៃសំណង់ជាច្រើនទៀត រហូតទទួលបានងារជាស្ថាបត្យករលេចធ្លោជាងគេនៅកម្ពុជា។

ស្ថាបត្យកម្មបែបថ្មីនាបច្ចុប្បន្ន

យោងតាមអត្ថបទ គម្រោងលោកវណ្ណ ម៉ូលីវណ្ណ ដែលជាឯកសារ និងអត្ថបទសិក្សាអំពីស្នាដៃរបស់លោកវណ្ណម៉ូលីវណ្ណ និងស្ថាបត្យកម្មបែបទំនើបដទៃទៀត ស្ថាបត្យកម្មបែបថ្មីអាចត្រូវបានកំណត់លក្ខណៈ ដូចជា ការប្រើប្រាស់បេតុង។ ឯកសារយោងទាក់ទងទៅនឹង បច្ចេកទេសសំណង់នៅកម្ពុជាដែលមានស្រាប់។ ការបង្កើតលំហូរខ្យល់ធម្មជាតិ និងការដាក់ស្រមោលស្រប តាមអាកាសធាតុត្រូពិករបស់ប្រទេសកម្ពុជា។ ការប្រើគ្រឿងលំអ ដោយបំផុសគំនិតនៃការតុបតែងបែបប្រាសាទអង្គរ។

បច្ចុប្បន្ននេះ ស្ថាបត្យកម្មបែបថ្មីនេះ កំពុងបង្ហាញខ្លួនសារជាថ្មីម្ដងទៀតនៅក្នុងវិស័យ ស្ថាបត្យកម្ម និងសំណង់របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន The Room Design Studio ដែលត្រូវបានគែស្គាល់ថាជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុង ដែលនាំយកនូវគំនិតនៃការរចនាម៉ូដឈានមុខគេនិងលក្ខណៈទំនើបមកប្រទេសកម្ពុជា៕

អ្នកជំនាញៈ តម្រូវការដីបែបទេសចរណ៍កំពុងមានការកើនឡើង ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ តម្រូវការប្រភេទអចលនទ្រព្យបែបទេសចរណ៍នៅតាមបណ្តាខេត្តទេសចរណ៍សក្តានុពល កំពុងមានកើនឡើងនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យវិនិយោគិនមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរទៅរកការអភិវឌ្ឍរមីយដ្ឋាន ឬកន្លែងកម្សាន្ត ដោយមានការពុះដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ។

លោកម៉ម សេរីបញ្ញាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ថា តម្រូវការប្រភេទដីបែបទេសចរណ៍នៅតាមបណ្តាខេត្ត ដែលមានសក្តានុពល កំពុងមានកើនឡើងនាពេលបច្ចុប្បន្ន ខណៈវិនិយោគិននៅបណ្តាខេត្តទាំងនេះចាប់ផ្តើមផ្លាស់ប្តូរឥរិយាបទវិនិយោគ ពីការលក់ដីធំៗ ទៅការអភិវឌ្ឍរមីយដ្ឋាន ឬកន្លែងកម្សាន្ត ដោយមានការពុះដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ។

លោកបានថ្លែងថា នៅអ្នកទិញទៅដើរកម្សាន្តតំបន់ទេសចរណ៍មួយចំនួន ពួកគាត់តែងមានក្តីស្រៃចង់បានផ្ទះ និងដីនៅតំបន់នោះតែម្តង ហើយបច្ចុប្បន្ន ពួកគាត់មានលំនៅដ្ឋានរួចហើយនៅទីក្រុងភ្នំពេញ ហើយដោយសារការងារមានភាពស្មុគស្មាញ គាត់ទៅកម្សាន្តនៅតាមបណ្តាខេត្ត គាត់លែងចង់ជួលសណ្ឋាគារ និងផ្ទះសំណាក់ ដោយចង់បានដីខ្លួនឯងជាប្រភេទដីចម្ការ ឬដីនៅតំបន់ទេសចរណ៍។

លោកបានឱ្យដឹងទៀតថា ដូច្នេះបច្ចុប្បន្នមានវិនិយោគិនជាច្រើនបានក្លាយការវិនិយោគរបស់ពួកគាត់ ពីការលក់ទំហំធំទៅជាការអភិវឌ្ឍន៍រីសត (រមីយដ្ឋាន) ដោយមានការពុះឡូតិ៍លក់នៅគម្រោងនោះតែម្តង ហើយអ្នកទិញអាចទិញទំហំដី ក្នុងគម្រោងទាំងនេះ ទៅតាមទំហំដែលគាត់ចង់បាន ដើម្បីសាងសង់លំនៅដ្ឋានបែបលំហែកាយ។

លោកបានបន្តថា “ការវិនិយោគលើគម្រោងដីឡូតិ៍បែបរីសតនេះឃើញថាមានកើនឡើងនៅតាមខេត្តទេសចរណ៍មួយចំនួន ដូចជាខេត្តកំពត កោះកុង និងមណ្ឌលគីរីជាដើម”។

នៅពេលវិនិយោគិនទាំងក្នុង និងក្រៅស្រុកចាប់ផ្តើមគម្រោងដីឡូតិ៍រីសតក្នុងខេត្តទេសចរណ៍ណាមួយ ឧទាហរណ៍ដូចក្នុងខេត្តកំពត ហើយក្នុងខេត្តកំពត យើងមានទេសភាពភ្នំ ទឹក និងចំការជាដើម នឹងផ្តល់ប្រយោជន៍ដល់សហគមន៍ក្នុងតំបន់។

លោកថ្លែងទៀតថា “អ្វីដែលផ្តល់ផលប្រយោជន៍ប្រជាជន គឹយើងអាចជួយដល់សហគមន៍ ដោយបង្កើតការងារ និងចំណូល តាមរយៈការអភិវឌ្ឍន៍បែបចម្រុះនៅក្នុងគម្រោងរីសត”។

ទាក់ទងនឹងវិបត្តិកូវីដ១៩ លោកបានលើកឡើងថា “ក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ពិភពលោកកំពុងជួបប្រទះនឹងបញ្ហា ហើយយើងក៏ជួបនឹងបញ្ហាដូចគ្នា ដោយសារវិបត្តិកូវីដ១៩។ ខ្ញុំអាចនិយាយបានថា វាមានផលប៉ះពាល់ ប៉ុន្តែយើងមិនអាចអង្គុយកាប់បំពង់ រងចាំទឹកភ្លៀងនោះទេ ឬនៅក្នុងរណ្តៅមួយ ដោយមិនប្រឹងវារឡើងនោះទេ ព្រោះបើយើងមិនធ្វើសកម្មភាពអ្វីសោះ យើងនឹងដួលទាំងអស់គ្នា”។

លោកបានថ្លែងទៀតថា “ដូច្នេះយើងត្រូវបានធ្វើយ៉ាងម៉េចឱ្យមានដំណើរចរន្តសាច់ប្រាក់ ហើយយើងឃើញថា អ្នកវិនិយោគមួយចំនួននៅប្រឹងប្រែងធ្វើ និងអ្នកទិញនៅបន្តទិញ ដែលជាឱកាសមួយល្អ ក្នុងការទទួលបានតម្លៃល្អ”។

លោកអំនាវពាវដល់វិនិយោគិនទាំងអស់កុំឱ្យមានការភិតភ័យសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ និងវិនិយោគទៅតាមគម្រោង និងផែនការរបស់ខ្លួន ប៉ុន្តែត្រូវគោរពតាមការណែនាំរបស់រដ្ឋភិបាល តាមរយៈការដាក់គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់ផងដែរថា បច្ចុប្បន្ន រំហូរនៃអ្នកទេសចរ ដើម្បីស្វែងរកអចលនទ្រព្យ មានការកើនឡើងច្រើន ពិសេសនៅតាមបណ្តាខេត្តទេសចរណ៍សក្តានុពល ដូចជានៅខេត្តកំពត មណ្ឌលគីរី និងរតនគីរីជាដើម។

លោកបានថ្លែងទៀតថា ការវិនិយោគលើអចលនទ្រព្យប្រភេទកើនឡើង ដោយសារតែអ្នកវិនិយោគអាចទិញ ដីនៅតំបន់ទេសចរណ៍ សម្រាប់ការសាងសង់លំនៅដ្ឋានបែបនលំហែកាយផង ក៏ដូចទុកសម្រាប់ផលចំណេញនាខាងមុខផង៕

ក្រសួងសាធារណការ និងក្រុមហ៊ុនសឹង្ហបុរីចំនួន២ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន​ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា តាមរយៈវីដេអូខន់ហ្រ្វិន(Video Conference)។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex(PP-LC)។

ក្រុមហ៊ុនYCH និងក្រុមហ៊ុន Infratructure Asia(IA)របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើគម្រោងនេះ ជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូន។

ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ដូចដែលធ្លាប់បានអនុវត្តកន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ- បាវិត។

លោកស៊ុន ចាន់ថុលបានថ្លែងថា ភ័ស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈ ប្រកួតប្រជែង ជាមួយ នឹង ប្រទេស ក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម ។ មជ្ឈមណ្ឌល ភ័ស្តុភារកម្ម ភ្នំពេញក៏ជាកម្លាំងចលករ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យ កាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យ របស់ រដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជា ទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ  ២០៥០៕

ទីក្រុងពាណិជ្ជកម្មភ្នំតូចកំពុងអភិវឌ្ឍន៍៍លឿន និងផ្តល់ប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៣០០០ដុល្លារ

ដោយៈសហការី

ភ្នំពេញៈ សំណង់អគារជាច្រើននៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចកំពុងរីកដុះដាលជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងសម្រេ​ចបានផ្ទះអាជីវកម្ម ផ្ទះវីឡា ឃ្លាំង និងប្រព័ន្ធភ្លើងជាដើម ដែលកត្តាទាំងអស់នេះ ជួយជម្រុញសក្កានុពលសេដ្ឋកិច្ចគម្រោងកាន់តែខ្លាំង ​មានសោភ័ណភាពស្រស់ស្អាត ទាក់ទាញអតិថជនកាន់តែខ្លាំងឡើងៗ។

ក្រុមហ៊ុនខេអេចលែនបានឱ្យដឹងនៅថ្ងៃនេះថា ផ្ទះអាជីវកម្មចំនួន១៨ និងផ្ទះគំរូ  ហើយនិង​ផ្ទះវីឡាគំរូ កំពុងដំណើរការសាងសង់ដោយរលូន និង​គ្រោង​បញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ ចំណែកឯការសាងសង់ឃ្លាំង ​​​ការរៀបចំ​ប្រព័ន្ធភ្លើង ត្រង់ស្វូរ ក៏កំពុងដំណើរការនិងសម្រេចបានជាបន្តបន្ទាប់។

​កាន់តែពិសេសជាងនេះ ការអភិវឌ្ឍទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលសម្រេចបានជាស្ថាពរ រួមមាន ដីឡូតិ៍ចំនួន៦០០០ឡូតិ៍  ហាងកាហ្វេអារ៉ាប៊ីធាដ៏ស្រស់ស្អាត កំពុងដំណើរការនិងផាប់ដ៏ទាន់សម័យ ដែលអាចទទួលស្វាគមន៍អតិថិនជនយ៉ាងកក់ក្ដៅ និងមានផា​សុកភាព។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មានការអភិវឌ្ឍដូចជា ​ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល ​​មជ្ឍមណ្ឌលពាណិជ្ជកម្មទាំង១០ប្រភេទ រួមមាន ហាងកាហ្វេអារ៉ាប៊ីធា ផាប់ ហាងលក់គ្រឿងអេឡិចត្រូនិក ហាងលក់ទូរស័ព្ទ ​ម៉ាត សាឡន ​ហាងលក់សម្លៀកបំពាក់ ហាងនំ ហាងស៊ុប និងហាងអាហារ ព្រមទាំងមាន ផ្សារធំទូលាយ ​និងទីធ្លារសម្រាប់រៀបចំកម្មវិធីនិងពិព័រណ៍ពាណិជ្ជកម្ម រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ប្រព័ន្ធផ្លូវបេតុង ប្រព័ន្ធលូ ប្រព័ន្ធទឹកភ្លើងជាដើម។

​ក្រុមហ៊ុនខេអេចលែនបានបញ្ជាក់ថា​ ការអភិវឌ្ឍបោះពួយយ៉ាងលឿនស្លេវ​នេះ បូករួមនឹងកត្តាភូមិសាស្ត្រនិងប្រជាសាស្ត្រ ធ្វើឱ្យគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានទំហំ១០០ហិកតា ក្លាយជាគម្រោងដ៏មហិមា មានសក្ដានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លា ស្រស់ស្អាត ស៊ីវីល័យ ស្រូបទាញអតិថិជននិងអ្នកវិនិយោគជាច្រើន។

ក្រុមហ៊ុនខេអេចលែនបានលើកឡើងថា អតិថិជន គួរតែចាប់យកឱកាសដ៏អស្ចារ្យនេះជាមួយនឹងប្រូម៉ូសិនពិសេស គឺការបញ្ចុះតម្លៃ 3000$ សម្រាប់ដីឡូតិ៍ និងបញ្ចុះតម្លៃជាច្រើនទៀតសម្រាប់ផ្ទះ។ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល រំលស់គ្មានការប្រាក់ ប្លង់រឹងស្របច្បាប់១០០%។

គម្រោងដ៏ប្រណិតនេះ ​មានទីតាំងស្ថិតនៅជិតផ្លូវក្រវាត់ក្រុង៥១ ជិតផ្លូវល្បឿនលឿ​នភ្នំពេញ-ព្រះសីហនុ និងជិតសួនឧស្សាកម្មកាណាឌីយ៉ាទំហំ៥០០ហិកតា និងមានកម្មការរាប់ម៉ឺននាក់ ដែល​តំបន់នេះ កំពុងមានការអភិវឌ្ឍដូចជា ​ផែស្ងួត​ រោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានជាដើម៕

សហគមន៍អឺរ៉ុបត្រៀមផ្តល់ជំនួយជាង៥០០លានដុល្លារដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ សហគមន៍អឺរ៉ុបគ្រោងនឹងផ្តល់ជំនួយ ចំនួន៥១០លានដុល្លារបន្ថែមទៀត ដើម្បីជួយប្រទេសកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងរយៈពេលពីឆ្នាំ២០២១ ទៅដល់២០២៧។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

លោកស្រីCarmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានឱ្យដឹងថា សហភាពអឺរ៉ុបបាន រៀបចំសេចក្តីព្រាងបឋមនៃយុទ្ធសាស្ត្ររួមរបស់ខ្លួន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧។

លោកស្រីបានថ្លែងបន្តថា “កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ ដែលទើបត្រូវបានបញ្ចប់និងគ្រោងដាក់ពិភាក្សា និងប្រមូលធាតុចូលក្នុងកិច្ចពិ​គ្រោះយោបល់រវាងកម្ពុជា និងសហភាពអឺរ៉ុប- ដៃគូអឺរ៉ុបបន្ទាប់ពីការអនុម័តពីគណៈកម្មា​ធិការអឺរ៉ុបនៅទីក្រុងព្រូចសែល”។

លោកស្រីរំពឹងថា ទំហំហិរញ្ញប្បទានកម្មវិធីណែនាំពហុឆ្នាំ របស់សហភាពអឺរ៉ុបឆ្នាំ ២០២១-២០២៧នេះ នឹងមានទំហំប្រហាក់ ប្រហែលនឹងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០កន្លងទៅផងដែរ។

ភាគីកម្ពុជា និងសហភាពអឺរ៉ុប និងដៃគូអឺរ៉ុប បានឯកភាពជាគោលការណ៍លើ អាទិភាពសម្រាប់យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧ ដែលបានតម្រឹមជាមួយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ គឺ៖ ១) ការអភិវឌ្ឍធនធាន មនុស្ស, ២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣) ការលើកស្ទួយវិស័យឯកជន និងការងារ និង ទី៤) ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដោយឡែក ចំពោះកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ ២០២១-២០២៧ ដែលជាឧបករណ៍ប្រតិបត្តិរវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានគាំទ្រ និងឯកភាព លើវិស័យអាទិភាពចំនួន៣ រួមមាន៖ ១) កំណើនបៃតង និងការងារ ២) វិស័យអប់រំ និងបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និង ទី៣) វិស័យអភិបាលកិច្ច។

លោកឈៀង យ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា អឺរ៉ុបគឺជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។

កន្លងមកសហភាពអឺរ៉ុបបានអនុវត្តន៍បានយ៉ាងល្អ នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាក់ស្ដែងក្នុងយុទ្ធសាស្ត្រឆ្នាំ២០១៤ -២០២០សហភាពអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា៕