សម្ដេចតេជោបញ្ជូនវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅខេត្តក្រុងចំនួន៣ជាបន្ទាន់

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅតាមបណ្តាខេត្តក្រុងចំនួន៣ជាអាទិភាព រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលកំពុងប្រឈមនឹងការរីករាលដាលនៅក្នុងសហគមន៍ក្នុងលក្ខខណ្ឌបន្ទាន់។

នៅក្នុងអង្គសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកាល់ម៉ែត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តទាំង៣ដែលបានលើកឡើងខាងលើនេះ គឺមានអាទិភាពក្នុងការទទួលបានវ៉ាក់សាំង សម្រាប់ចាក់ការពារឆ្លងជំងឺ ដោ​យសារតែស្ថានភាពកំពុងប្រឈមខ្លាំងគួរឱ្យព្រួយបារម្ភ។

សម្ដេចបានបញ្ជាក់ថា “នៅព្រឹកថ្ងៃនេះ ខ្ញុំបានបញ្ជូនវ៉ាក់សាំងទាំង២ប្រភេទទៅកា​ន់ខេត្តព្រះសីហនុ ទាំងប្រភេទស៊ីណូហ្វាម និងប្រភេទអាស្ត្រាហ្សេនីកា”។ លោកបន្តថា “សម្រាប់អ្នកដែលចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម គឺអនុញ្ញាតពីអាយុ៥៩ឆ្នាំចុះក្រោម ហើយប្រភេទវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺសម្រាប់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ”។

សម្ដេចតេជោហ៊ុន សែនបានបន្តថា “នៅក្នុងជំហានដំបូងនេះ តាមការប៉ាន់ស្មានគឺអាចចាក់បានប្រមាណចាប់ពី១០-១៣ម៉ឺននាក់ ក្នុងលក្ខខណ្ឌបន្ទាន់ ហើយផ្តោតសំខាន់ទៅលើមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ។ មន្ត្រីមូលដ្ឋានដូចជាមន្ត្រីភូមិ ឃុំ ស្រុក និងខេត្ត គឺមានមិនច្រើននោះទេ ដូច្នេះប្រជាពលរដ្ឋក៏ទទួលបានច្រើនក្នុងដំណាក់ដំបូងនេះ ហើយជាបន្តបន្ទាប់ យើងនឹងបន្តចាក់នៅទូទាំងប្រទេស ឱ្យគ្រប់តាមផែនការដែលបានគ្រោងទុក”។

ជាមួយនឹងការប្រកាសពីការចាក់វ៉ាក់សាំងជូនមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋខ្មែរនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា នឹងចាក់វ៉ាក់សាំងជូនដល់បណ្តាជនបរទេសនានាដែលកំពុងរស់នៅ និងប្រកបមុខរបរ បំពេញការងារផ្សេងៗដោយឥតគិតថ្លៃផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មានចំនួន២៨នាក់ និង៣នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ អ្នកឆ្លងក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិន១៧នាក់ ជនជាតិខ្មែរ១០នាក់ និងជនជាតិវៀតណាមម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ឆ្លងកូវីដ១៩ ទាំង៣នាក់វិញ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

នៅព្រឹកថ្ងៃទី៤ ខែមីនានេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាសពីការព្យាបា​លជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង “ព្រឹត្តិ​ការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរអាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន”។

គិតត្រឹមម៉ោង៧,០០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ដដែលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤២៥នាក់៕

សម្តេចតេជោ ដាក់ចេញវិធានការបន្ទាន់បិតចរាចរណ៍មនុស្សចេញចូលខេត្តព្រះសីហនុ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានវិធានការបន្ទាន់តាមរយៈការផ្ញើសារជាសំឡេងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាឱ្យអាជ្ញាធរខេត្តព្រះសីហនុត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបិតចរាចរណ៍មនុស្សចេញចូលក្នុងខេត្តព្រះសីហនុជាបន្ទាន់ ប៉ុន្តែមិនបិទការដឹកជញ្ជូនទំនិញសម្រាប់នាំចេញ នាំចូលក្នុងប្រទេសនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ « តាមវិធីនៃការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា គឺយើងបានបិទរួចមក ហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងកុំឱ្យធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុង យើងមិនអាចបិទក្រុងហ្នឹងបានទេ ដោយសារតែវាពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញ។ ប៉ុន្តែចំពោះមនុស្សអាចនឹងមានការតម្រូវឱ្យមានការខិតខំ (ចលនាមនុស្សកុំឱ្យចេញ) ដើម្បីនឹងទប់ស្កាត់នៃការរីករាលដាលចម្លងទៅកាន់ខេត្តផ្សេង។ ចឹងគឺសុំឱ្យគេស្នាក់ខេត្តព្រះសីហនុ កុំឱ្យចេញមកក្រៅ ទៅកែប កំពត ឬទៅតាមផ្លូវជាតិលេខ៤ »។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទាក់ទងនឹងវិធានការទី២ ដែលជាការជំរុញការចាក់វ៉ាក់សាំង ហើយបន្តចាក់វ៉ាក់សាំងសម្រាប់អ្នកអាយុក្រោម៥៩ ឆ្នាំ និងថែម AstraZeneca សម្រាប់អ្នកអាយុ៦០ឆ្នាំឡើង សម្រាប់ប្រជាពលរដ្ឋផង សម្រាប់មន្ត្រីរាជការ និងរាប់ទាំងជនចូលនិវត្តន៍ផងដែរ ដោយវ៉ាក់សាំង ទាំង Sinopharm និង AstraZeneca នឹងត្រូវបញ្ជូនទៅទីនោះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ។

សម្ដេចតេជោមានប្រសាសន៍បន្ថែមថា៖ «ជំរុញបង្កើនការចាក់វ៉ាក់សាំង ហើយត្រូវគ្រប់គ្រងឱ្យបាននូវស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវឌ្ឍអាក្រក់នៅទីនោះ។ ឥឡូវនេះបញ្ហាសំខាន់ គឺកុំឱ្យរីកចេញពីខេត្តព្រះសីហនុ ចេញទៅខេត្តផ្សេង ដោយត្រូវរកវីធីដោះស្រាយបញ្ហា តាមរយៈការរៀបចំរបៀបណា ដើម្បីកុំឱ្យក្រៅពីរថយន្តដឹកទំនិញ មានរថយន្តអ្នកធ្វើដំណើរចេញពីខេត្តព្រះសីហនុ»។

សម្ដេចតេជោបានបញញជាក់ថា៖ «ឥឡូវរកវិធីដើម្បីខ្ទប់មាត់ច្រក ហើយហាមឃាត់រថយន្ត សំខាន់ពលរដ្ឋចិនមួយចំនួនដែលធ្វើការនៅទីនោះ ដែលយើងត្រូវគ្រប់គ្រង។ អ្នកធ្វើចត្តាឡីស័កយើងអាចគ្រប់គ្រងបានហើយ ប៉ុន្តែក្រែងមានអ្នកទាំងហ្នឹងដែលយើងមិនទាន់បានពិនិត្យ អ៊ីចឹងសុំធ្វើកិច្ចការងារហ្នឹងឱ្យបានហ្មត់ចត់ដើម្បីជៀសវាងការចម្លងទៅកន្លែងផ្សេង ប៉ុន្តែកុំឱ្យប៉ះពាល់ទៅលើការដឹកទំនិញនាំចេញនាំចូល ជារឿងចាំបាច់ ដែលអ្នកទាំងនេះមិនពាក់ព័ន្ធនឹងការចម្លងទេ»។

ជាមួយនឹងការដាក់ឱ្យអនុវត្តនូវវិធានបន្ទាន់ខាងលើនេះ សម្ដេចតេជោក៏បានផ្ដាំទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពិនិត្យមើលទាក់ទងនឹងករណីកើនឡើងនៃអ្នកវិជ្ជមានកូវីដ-19 នៅខេត្តព្រះសីហនុ ដែលមិនអាចបិទក្រុងព្រះសីហនុទាំងស្រុងនោះទេ ដោយគប្បីយកវិធានការបន្ទាន់ចំនួន2សម្រាប់អនុវត្តបន្ថែម គឺ៖ទី1- គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុ និងចេញទៅកាន់ខេត្តផ្សេងៗ ហើយទី2- គឺការជំរុញការចាក់វ៉ាក់សាំងដែលនឹងត្រូវបញ្ជូនទៅនឹងព្រឹកថ្ងៃទី4 ខែមីនា ឆ្នាំ2021នេះ។

គិតត្រឹមព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មានចំនួន ២៨នាក់ និង៣នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ អ្នកឆ្លងក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិន ១៧នាក់, ជនជាតិខ្មែរ ១០នាក់ និងជនជាតិវៀតណាមម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ឆ្លងកូវីដ១៩ ទាំង៣នាក់វិញ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

នៅព្រឹកថ្ងៃទី៤ ខែមីនានេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរ អាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ដដែលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅព្រឹកនេះ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រៅពីវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលសំខាន់ៗដទៃទៀតផងដែរ ដូចជាសម្ដេចក្រឡា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ៉ារីទ្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានាជាច្រើននាក់ទៀត។

បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ៕

អ្នក​ធុរកិច្ច​អន្តរជាតិ៖ ក្រុមហ៊ុន​ជាច្រើន​នឹង​បង្វែរ​ទិសដៅ​វិនិយោគ​មក​កម្ពុជា​បន្ទាប់ពីរដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន នឹង​បង្វែរ​ទិសដៅ​វិនិយោគ​ពី​មី​យ៉ាន់​ម៉ា មក​កម្ពុជា បន្ទាប់​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បាននិងកំពុង​ធ្វើឱ្យ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ជាច្រើន ជួបប្រទះ​នឹង​បញ្ហា ហើយ​ក្រុមហ៊ុន ដែល​បម្រុង​នឹង​វិនិយោគ​នៅក្នុង​ប្រទេស បង្វែរ​ទិសដៅ​វិនិយោក​ខ្លួន​ទៅ​ប្រទេស​ក្នុង​តំបន់ ពិសេស​កម្ពុជា។

អ្នកប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធុរកិច្ច​អន្តរជាតិ​បានលើកឡើង​ថា ដោយសារតែ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ទិសដៅ​សម្រាប់​វិនិយោគិន ដើម្បី​ផ្លាស់ប្តូរ​មូលធន​របស់​ពួកគេ​មក​ប្រទេស​នេះ។

លោក Andrew Durke នាយក​ប្រតិបត្តិកា​រិ​យា​ល័​ក្រុមហ៊ុន Obor ដែល​ត្រូវបាន​ដកស្រង់​ពី​សារព័ត៌មាន​ជប៉ុន Nikkei នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ជឿជាក់ថា វិនិយោគិន ដែល​ផ្តោតលើ​ប្រទេស​មី​យ៉ាន់​ម៉ា ប្រហែលជា​ត្រៀម​វិនិយោគ​ប្រទេសផ្សេង។

លោក​បាន​មានប្រសាសន៍ថា“ខ្ញុំ​រំពឹងថា វិនិយោគិន​ជាច្រើន ដែល​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ផ្លាស់ប្តូរ​ពី​យុទ្ធសាស្ត្រ​វិនិយោគ​ពី​មី​យ៉ាន់​ម៉ា ទៅកាន់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់” ។

ក្រុមហ៊ុន​អូ Obor Capital ដែល​បាន​វិនិយោគ លើ​អាជីវកម្ម​ចំនួន៥នៅ​កម្ពុជា និង​ក្រុមហ៊ុន​វៀតណាម​មួយ​បាន​លើក​ឡើ​ថា ប្រទេស​កម្ពុជា​ជា​ទិសដៅ​វិនិយោគ​ដែល​ដ៏​ពេញនិយម។

លោក​បាន​បន្តថា “កម្ពុជា​អាច​ស្រូបយក​ដើមទុន​កាន់តែច្រើន ជាពិសេស​សម្រាប់​កិច្ចព្រមព្រៀង វិនិយោគ​ក្នុង​ចន្លោះ​ពី៥០០.០០០ ទៅ៣លាន​ដុល្លារ” ។ លោក​ថា “ពិនិត្យមើល​លក្ខណៈ ដែល​ធ្វើឱ្យ​មី​យ៉ាន់​ម៉ា​ទាក់ទាញ​អ្នកវិនិយោគ ខ្ញុំ​គិតថា​ប្រទេស​កម្ពុជា​គឺ​ស្រដៀង​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែរ” ។ លោក​លើក​បែបនេះ សំដៅ​ទៅលើ​បរិយាកាស​វិនិយោគ។

បរិយាកាស​វិនិយោគ​របស់​ប្រទេស​កម្ពុជា កំពុងមាន​ភាពប្រសើរ​ឡើង ដែល​ជំរុញ​ដោយ​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង នៅក្នុង​វិស័យ​បច្ចេកវិទ្យា។ នេះ​ក៏​ត្រូវបាន​ជំរុញ​ដោយ​លក្ខខណ្ឌ​ទីផ្សារ​វិជ្ជមាន ដូចជា ស្ថេរភាព​រូបិយប័ណ្ណ ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច​ដុល្លារ​រូបនីយកម្ម ការ​រឹតត្បិត​រំហូរ​មូលធន​មិនសូវ​តឹងរឹង បើ​ប្រៀបធៀប​ទៅនឹង​ទីផ្សារ​អាស៊ាន​ជិតខាង និង​ការបើកចំហ​ចំពោះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (អនុញ្ញាត​ឱ្យមាន​ភាពជា​ម្ចាស់​ភាគហ៊ុន​បរទេស១០០ភាគរយ​នៃ​ក្រុមហ៊ុន ដោយមាន​ករណី​លើកលែង)៕

ក្រុមហ៊ុន Ooctane កំពុង​បង្កើនល្បឿន​ក្នុងការ​សែ្វ​ង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Ooctane ដែល​បាន​បណ្តាក់ទុន​រួម​នៅ​កម្ពុជា គាំទ្រ​ដោយ​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ក្នុងស្រុក Worldbridge Group កំពុង​រិះរក​ឱកាស​វិនិយោគ ដំណាក់កាល​ចុងក្រោយ​នៅ​កម្ពុជា ដោយសារ​ការចរចា​ធុរកិច្ច​កាល ពី​ដំណាក់​ដំបូង​មាន​ភាពខ្វះខាត។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន​ជប៉ុន Nikkei នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។

ក្រុមហ៊ុន​បណ្តាក់ទុន​រួម ដែលមាន​ទឹកប្រាក់ ៥៥លាន​ដុល្លារ​នេះ កំពុង​ស្វែងរក​ការផ្តល់​ប្រឹក្សា​ដល់​ក្រុមហ៊ុន​ផងដែរ ហើយ​ក្រុមហ៊ុន​ក៏​សម្លឹងមើល លើ​ការវិនិយោគ​ក្នុង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឯកជន​ដែរ។

លោក Tapas Kuila ដៃគូ​វិនិយោគ​របស់​ក្រុមហ៊ុន​បាន​ប្រាប់ DealStreetAsia ថា គោលដៅ​របស់​ក្រុមហ៊ុន គឺ “អាជីវកម្ម ដែល​រកប្រាក់​ចំណូល​ល្អ” ដែលមាន​សេដ្ឋកិច្ច​ឯក​តា​យ៉ាងខ្លាំង ជាមួយ​យុទ្ធសាស្ត្រ​កំណើន និង​ផ្លូវ​ឆ្ពោះទៅរក​ប្រាក់ចំណេញ​ច្បាស់លាស់។

ក្រុមហ៊ុន Ooctane បានប្រកាស​បិទ​ការប្រមូល​មូលនិធិ​ដំបូង របស់ខ្លួន​នៅ​ចុងឆ្នាំ២០១៨ ដែល​មូលនិធិ​នេះ ត្រូវបាន​វិនិយោគ​លើ​អាជីវកម្ម​ទាក់ទង នឹង​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​នេះ ផ្តោត​សំខាន់​លើ​វិស័យ​ជាច្រើន ដូចជា​ភ័ស្តុភារ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច អចលនទ្រព្យ និង​សេវាកម្ម​ហិរញ្ញវត្ថុ។ ទោះយ៉ាងណា ក្រុមហ៊ុន​ក៏​បើកចំហ​ចំពោះ​ការវិនិយោគ​លើ​ក្រុមហ៊ុន​ផ្សារ​លករាយ ដែល​កំពុង​ប្រើ​បច្ចេកវិទ្យា ជម្រុញ​ការផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល។

ខណៈ​សកម្មភាព​វិនិយោគ​មាន​ភាពអន់ថយ ដោយសារ​វិបត្តិ​កូ​វីដ១៩ ក្រុម​ហ៊​ន Ooctane បាន​អះអាងថា បាន​ចំណាយ​ពេលវេលា​ជាច្រើន​កាលពី​ឆ្នាំមុន ក្នុង​ការផ្តល់​ប្រឹក្សា និង​ជួយ​ក្រុមហ៊ុន​អំពី​វិធី​ដើម្បី​គេចផុត​ពី​ពី​វិបត្តិ​កូ​វីដ១៩ ។

លោក Kuila បាន​ថ្លែងថា “ជាទូទៅ​យើង​បន្ថែម​គុណ​តម្លៃ ដោយ​ប្រកាន់យក​វិធីសាស្ត្រ​ដោះស្រាយ​ដោយផ្ទាល់ ជាមួយ​ក្រុមហ៊ុន​ផលប័ត្រ​របស់​យើង ដោយ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ប្រតិ​ប​តិ្ត​ការ និង​ផ្តល់យោបល់​សម្រាប់​ពួកគេ តាម​តំរូវការ​របស់​ពួកគេ” ៕

លោក​បណ្ឌិត​តេង រិទ្ធី៖ បរាជ័យ​មិនមែន​កំណត់ថា​យើង​ចុះចាញ់​ទេ តែ​មកពី​យើងធ្វើ​មិនទាន់​បានល្អ

ដោយ​គង់ សូរិយា

ភ្នំពេញៈ លើកឡើង​ពី​ពាក្យ​ថា “បរាជ័យ” មនុស្ស​ភាគច្រើន​ទំនងជា​ខ្លាច និង​មិន​ចង់​ប្រឈមមុខ​នោះទេ ប៉ុន្តែ​លោក​បណ្ឌិត​តេង រិទ្ធី បានលើកឡើង​នូវ​ទស្សនទាន​វិជ្ជមាន​ពី​ចំណុច​នេះ​វិញ។

លោក​បណ្ឌិត​ដែល​បច្ចុប្បន្ន​ជា​អគ្គនាយក​ក្រុមហ៊ុន R Investment Group និង​ជា​អ្នកវិនិយោគ​បុរី Krek City Gardenបាន​សរសេរ​លើ​បណ្តាញ ទំនាក់ទំនង​សង្គម​របស់ខ្លួន​ថា ១.បរាជ័យ មិនមែន​កំណត់ថា​យើង​ចុះចាញ់​នោះទេ ប៉ុន្តែ​វា​បញ្ជាក់ថា​យើង​ធ្វើ​មិនទាន់​បានល្អ ដូច្នេះ​យើង​ត្រូវ​ស្វែងយល់​ពី​ភាពបរាជ័យ ដើម្បី​រក​ចំណុច​ខ្វះខាត​មក​បំពេញបន្ថែម និង​កែលម្អ​ឆ្ពោះទៅរក​ចំណុច​ជោគជ័យ។

២.បរាជ័យ មិនមែន​មានន័យថា​យើង​អស់​ឱកាស​នោះទេ ប៉ុន្តែ​វា​គឺជា​ឱកាស​រៀនសូត្រ និង​ដក​ពិសោធ​ពី​ភាពបរាជ័យ​នោះ ដើម្បី​ចៀសវាង​ការធ្វើ​កំហុស​ម្ដងទៀត និង​ចំណុច​ទី៣ ដែល​លោក​បណ្ឌិត​តេង រិទ្ធី លើកឡើង​នោះ​គឺថា បើ​បរាជ័យ សូមកុំ​បាក់​ទឹកចិត្ត កុំ​បាត់បង់​ក្តីសង្ឃឹម កុំ​បោះបង់ កុំ​សោកសៅ​ហួសហេតុ ត្រូវតែ​តស៊ូ ប្រឹងប្រែង​បន្ថែមទៀត ព្រោះថានរណាៗក៏​ធ្លាប់​បរាជ័យ​ដែរ ប៉ុន្តែ​វា​មិនបាន​កំណត់ថា យើង​បរាជ័យ​ក្នុង​ជីវិត​នោះទេ៕

តំបន់​អេកូឡូស៊ី​ម្ម​ជាតិ​ចំនួន៧ នៅ​ខេត្តកោះកុង​កំពុង​លើក​កំពស់​សក្តានុពល និង​ទាក់ទាញ​ការវិនិយោគ

ដោយៈ ឧ​ត្ត​ម

កោះកុងៈ តំបន់​អេកូឡូស៊ី​ធនធានធម្មជាតិ កំពូល​ទាំង៧ នៅក្នុង​ខេត្តកោះកុង​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង ក្នុងមួយឆ្នាំៗតំបន់​ទាំងនោះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា​កម្សាន្ត​យ៉ាងច្រើន។

តំបន់​ប្រព័ន្ធ​បរិស្ថាន​អេកូឡូស៊ី​ទាំងនោះ មាន​ទាំង​តំបន់​ព្រៃ​អភិរក្ស តំបន់ឆ្នេរ ផ្ទៃ​ទឹកសមុទ្រ និង​តំបន់​ឧទ្យាន​ជាតិ​ជាដើម ។ តំបន់​ដ៏​ទាក់ទាញ​ទាំង៧ នៅក្នុង​ខេត្តកោះកុង​រួមមាន

ទី១ តំបន់​អភិរក្ស​ព្រៃកោងកាង​ធំជាងគេ​ទី២ នៅលើ​ពិភពលោក និង​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ។ ទី២ ឆ្នេរ​ស​មុ​ទ្យ ខ្សាច់​ស​ដ៏​ស្រស់ស្អាត​បំផុត ដែល​ត្រូវបាន​ទូរទស្សន៍ CNN បាន​ចាត់ទុកជា​តំបន់ឆ្នេរ​ស្អាត​បំផុត​នៅលើ​ពិភពលោក។

ទី៣ ទឹកសមុទ្រ​ដែលមាន​ពណ៌​ថ្លាឆ្វេង សាក​សម​សម្រាប់​ការលេងទឹក និង​សកម្មភាព​ផ្សេង​គ្រប់​រដូវ​កាល ទី៤ ឧទ្យាន​ជាតិ បុ​ទុម​សាគរ ជា​ព្រៃធំ​ជាងគេ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​រាប់ពាន់​ហិកតា នៅក្នុង​ខេត្ត​ដ៏​មាន​សក្តានុពល​មួយ​នេះ។ ទី៥ បឹង​ទឹកសាប​ចំនួន២ កន្លែង​មាន​ចំនុចប្រសព្វ​តែមួយ មាន​ទំហំ​សរុប២៥លាន​ម៉ែត​ការ៉េ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពិសេស។

ទី៦ តំបន់​បៃតង ស្រស់បំព្រង​ធម្មជាតិ​បរិសុទ្ធ សំបូរ​ត្រី​បង្គា​ក្តាម​និង​ធនធាន​សមុទ្រ​ដទៃទៀត និង​ទី៧ ជា​ប្រភព​អុកស៊ីហ្សែន ក្នុងប្រទេស អាស៊ីអាគ្នេយ៍​ជា​មធ្យម​ប្រមាណ១៦០០០/សង្ទីម៉ែត្រ​ការ៉េ​ពេញ​មួយឆ្នាំ៕

អ្នកជំនាញ៖ អ្នករកស៊ី​អចលនទ្រព្យ​ពិតប្រាកដ និង​ស្គា​ល់ពី​ទីផ្សារ​ច្បាស់​ទោះ​ស្ថិត​ក្នុងសម័យ​កូ​វីដ​ក៏​នៅតែ​អាច​រកបាន​ចំណេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មិន​ថា​ទោះជា​ស្ថិត នៅក្នុង​អំឡុងពេល​ទីផ្សារ កំពុងមាន​ភាព​រីកចម្រើន មាន​តម្រូវការ​ខ្ពស់ ឬ​ស្ថិតនៅក្នុង​បរិបទ ដែល​កំពុង​កើតមាន​វិបត្តិ​ដូច​ពេលបច្ចុប្បន្ន​នេះនោះ​ទេ សម្រាប់​អ្នក​ដែល​រកស៊ី​ពិតប្រាកដ និង​មានចំណេះដឹង​ស្គាល់​ពី​ទីផ្សារ​អចលនទ្រព្យ​ច្បាស់ ពួកគេ​នៅតែ​មានឱកាស​ចំណេញ​ដដែល។

មានការ​លើកឡើង​ជាច្រើន​ថា ស្ថិតនៅក្នុង​កាលៈទេសៈ ដែល​កំពុង​គំរាមកំហែង​ដោយ​វិបត្តិ​នាពេល​បច្ចុប្បន្ននេះ មុខ​ជំនួញ​អាជីវកម្ម​ជាច្រើន រាប់ទាំង​ទីផ្សារ​អចលនទ្រព្យ​ផងដែរ​បាន​ជួបនឹង​បញ្ហា​រាំងស្ទះ និង​ទទួលរង​នូវ​ការខាតបង់​ជាខ្លាំង។

អគ្គនាយក​ក្រុមហ៊ុន PREMIUM Group លោក​ម៉ាន់ ច័ន្ទ​ឌី ដែលជា​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​ជា​អ្នក​មានមុខ​ជំនួញ ក្នុង​ដៃ​ប្រមាណ១០ក្រុមហ៊ុន​នោះបាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា សម្រាប់​អ្នករកស៊ី​ពិតប្រាកដ មានបទពិសោធន៍ មានចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង​មុខ​ជំនួញ ដែល​កំពុង​ធ្វើ​ពិតប្រាកដ ភាព​ប្រឈម​នឹង​ការខាតបង់​គឺមាន​តិច​បំផុត។

លោក​បន្តថា ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ទទួលរង​នូវ​ការខាតបង់ ឬ​ក្ស័យ​ទុន​ដោយសារតែ​វិបត្តិ​សង្គម ដែលជា​ព្រឹត្តិការណ៍​ក្នុង​រយៈពេល​ខ្លី​នេះ ក៏​ព្រោះ​អ្នក​ទាំងនោះ​ភាគច្រើន​មិន​ស្គាល់​ច្បាស់​ពី​ទីផ្សារ​របស់ខ្លួន ហើយ​មិនមាន​ផែនការអាជីវកម្ម រួមជាមួយ​ស្ថិរភាព​នៃ​ចរន្ត​សាច់ប្រាក់​បម្រុង​ទុក។

លោក​បាន​បញ្ជាក់ថា “ខ្ញុំ​ទទួលស្គាល់ថា​វិបត្តិ​កូ​វីដ១៩ ពិតជា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ទីផ្សារ​វិស័យ​ជាច្រើន ដែល​ក្នុងនោះ​ទីផ្សារ​អចលនទ្រព្យ ក៏​រង​ផលប៉ះពាល់​ខ្លះ​ដែរ” ។ លោក​បន្តថា “ប៉ុន្តែ​សម្រាប់​អ្នកជំនួញ ឬ​អ្នករកស៊ី​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ពិត​ប្រាក មានចំណេះដឹង និង​បទពិសោធន៍​ហាក់​មិន​ប៉ះពាល់​នោះទេ ផ្ទុយទៅវិញ​ពួកគេ​អាច​ឆក់យក​ឱកាស​ដែល​កំពុងមាន​វិបត្តិ​នេះ ប្រែក្លាយ​ទៅជា​ឱកាស​ចំណេញ” ។

អ្វីដែល​សំខាន់ គឺ​ត្រូវ​ពិចារណា​ពី​តំបន់​ណាមួយ ដែល​ត្រូវ​ចាប់​អនុវត្ត​ក្នុង​ជំហាន​បន្ទាប់​តែប៉ុណ្ណោះ ដែល​នេះ​ធ្វើ​ឲ្យ​លោក​យល់ថា ទោះ​ក្នុង​កាលៈទេសៈ​បែបណា​នោះទេ ឱ្យតែ​យើង​មាន​ផែនការ​ច្បាស់ ស្គាល់​ពី​តម្រូវការ​ទីផ្សារ​ពិតប្រាកដ និង​ការតាំង​ចិត្ត​ចាប់​អនុវត្តន៍ ភាគរយ​ជោគជ័យ​នឹងមាន​ច្រើន។

ជាមួយនឹង​ការលើកឡើង ពី​ការវិនិយោគ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ដោយ​គ្មាន​ក្ដីបារម្ភ​ខាងលើនេះ លោក​ម៉ាន ច័ន្ទ​ឌី ក៏បាន​ពន្យល់​បន្ថែម​ផងដែរ​ថា មិនមែន​ចំពោះតែ​ទីផ្សារ​អចលនទ្រព្យ​នោះទេ អ្នកផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​វិស័យ​ដទៃទៀត ក៏ត្រូវ​តែមាន​ផែនការ និង​ការ​ឈ្លាសវៃ​ក្នុងការ​ចាប់យក​ឱកាស​ដូចគ្នា។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា សម្រាប់​អ្នកបើក​អាជីវកម្ម​ចំណីអាហារ ដែល​ផ្គត់ផ្គង់​តម្រូវការ នៅតែ​មួយកន្លែង​រង់ចាំ​អតិថិជន​មក​ទិញ។ លុះ​ក្នុង​គ្រា ដែល​កំពុង​ជួប​បញ្ហា​ដូច​បច្ចុប្បន្ន មនុស្ស​ភាគច្រើន​មិនសូវ​ចេញ​ក្រៅ​ផ្ទះ ដូច្នេះ​ការរង់ចាំ​អតិថិជន​មក​ទិញ​ដល់ទី​តាំង​គឺ​ប្រឈម​នឹង​ការ​ក្ស័យធន ដូច្នេះ​ត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​ការផ្គត់ផ្គង់​តម្រូវការ​ដល់ទី​តាំង​អតិថិជន​ផ្ទាល់ ដោយ​គ្រាន់តែ​បូក​បន្ថែម​កម្រៃ​សេវា បន្តិចបន្តួច​តែ​ប៉ុ ណ្ណោះ។

លោក​បន្ថែមថា “អ្នក​ដែល​ចេះ​បត់បែន និង​ចេះ​ឆ្លៀតឱកាស នៅតែ​អាច​យកប្រាក់​ចំណេញ​បាន​គ្រប់ពេល” ៕

ចំណេះដឹង​ហិរញ្ញវត្ថុ៖ តើ​ធ្វើ​ដូចម្តេច​ដើម្បី​អ្នកទទួលបាន​ចំណូល​អកម្ម

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ អ្នកជំនាញ​បានលើកឡើង​ថា ការ​ក្លាយជា​អ្នកមាន គឺ​មិនមែន​មានន័យថា អ្នក​គឺមាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​នោះទេ។ តាមពិតទៅ មនុស្ស៩៥ភាគរយ មានការ​យល់ច្រឡំ​ពី​រឿងនេះ។

ដូច្នេះ​សំណួរ​ដ៏​ធំ​បំផុត​ស្តីពី​សេរីភាព​ហិរញ្ញវត្ថុ គឺ​អំពី​ការផ្តល់​ដំបូន្មាន​ពី: -របៀប​បង្កើត​ចំណូល​អកម្ម -មធ្យោបាយ​លឿន​បំផុត និង​ងាយស្រួល​បំផុត​ដើម្បី​កាត់បន្ថយ​ម៉ោង​ធ្វើការ។ -ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នក​អាច​ទទួលបាន​ចំនួន​ទឹកប្រាក់​ដូច​មុន ឬ​ច្រើនជាង​មុន។

ប្រាក់ចំណូល​អកម្ម​ម​ជាធម្មតា មាន​មកពី​ការរក​លុយ​បាន ដោយ​មិនចាំបាច់​ធ្វើការ​សម្រាប់​វា។ ចំណូល​អកម្ម​ជា​ចំណូល ដែល​យើង​ទ​ទូល​បាន​ដោយ​មិនចាំបាច់​ធ្វើការ(ដូចជា ថ្លៃ​ផ្ទះជួល ថ្លៃ​ឡាន​ជួល ថ្លៃ​អគារ​ជួល ចំណូល​ពី​អាជីវកម្ម ការប្រាក់​ពី​ធនាគារ​ជាដើម)។

នេះ​ជា​រូបមន្ត​សាមញ្ញ​មួយ ដើម្បី​ស្វែងយល់​ពី​ចំណូល ដែល​អ្នកត្រូវការ​ដើម្បី​រកប្រាក់​ចំណូល​ដែល​បានមកពី​គំនិត បែប​ជា​ចំណូល​អកម្ម ដើម្បី​ទ​ទូល​បាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ។

ដូចនេះ តើ​អ្នក​អាច​សាង​ចំណូល​អកម្ម​ដោយ​របៀប​ណា? នេះ​ជា​វិធី​ពីរ​យ៉ាង​ក្នុងការ​សាង​ចំណូល​អក​ម្មៈ -បង្កើត​ការវិនិយោគ ដើម្បីអោយ​វា​ធ្វើការ​បង្កើត​លុយ​អោយ​អ្នក -បង្កើត​អាជីវកម្ម ដើម្បីអោយ​វា​ធ្វើការ​បង្កើត​លុយ​អោយ​អ្នក។

ប៉ុន្តែ​ជាការ​ពិត អ្នក​ចង់​មាន​ទាំងពីរ គឺ​ទាំង​ការវិនិយោគ និង​ទាំង​អាជីវកម្ម ដែល​ពួកវា​អាចបង្កើត​ចំណូល​អោយ​អ្នក។ ចង់ដឹងថា ត្រូវ​ដូចម្តេច​មែន​ទេ?។

 

ធ្វើការ​វិនិយោគ​អោយ​ច្រើន ដើម្បីអោយ​វា​ធ្វើការ​បង្កើត​លុយ​អោយ​អ្នក

នេះ​ជា​គំនិត​មួយ ក្នុងការ​សាង​ចំណូល​អកម្ម ហើយ​ជាដំបូង លោក អ្នក​គូរ​សន្សំ​លុយ​សិន។ បើ​គ្មាន​ការ​សន្សំ​លុយ​ខ្លះ​នោះទេ នោះ​អ្នកនឹង​គ្មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ទេ ជាពិសេស គឺ​ការ​សន្សំ​លើ​ការវិនិយោគ ដែល​វា​អាចបង្កើត​លុយ​ដោយ​ខ្លួន​វា​អោយ​អ្នក​បាន។

អ្នកជំនាញ​បាន​លើកទឹកចិត្ត​អ្នក អោយធ្វើ​ការ​សន្សំ10%នៃ​ប្រាក់ចំណូល​សរុប​របស់​អ្នក ទៅក្នុង​គណនី​សម្រាប់​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក។ បន្ទាប់ពី​អ្នកធ្វើការ​សន្សំ​បាន​លុយ​ខ្លះ​ហើយ ចូរ​អ្នកប្រើប្រាស់​លុយ​ទាំងនោះ​ទៅធ្វើ​ការវិនិយោគ។

ទាំងនេះ​គឺជា​យាន្តៈ ផ្សារភាគហ៊ុន ការប្តូរ​រូបិយប័ណ្ណ(លុយ) អចលនទ្រព្យ និង​ការវិនិយោគផ្សេងៗទៀត។

ឥឡូវនេះ ចូរ​ធ្វើតាម​ការណែនាំ​ទាំងបី​ជំហាន​នេះ​ដូចជា ទី១ ជ្រើសរើស​យាន្ត​ដែល​សាក​សម​នឹង​អ្នក ដោយ​ជ្រើសរើស​អ្វី ដែល​ធ្វើអោយ​អ្នកមាន​អារម្មណ៍ល្អ នឹង​អ្វីដែល​អ្នក​ចូលចិត្ត។ ទី២ ត្រូវ​ច្បាស់​ថា​យាន្ត​នេះ វា​ជា​ឪ​កាស​ល្អ ព្រមទាំង​វា​ដំណើរ​ការល្អ សូម​ធ្វើការ​ស្រាវជ្រាវ សួរមិត្តៗរបស់​អ្នក ឬ​សួរ​អ្នកជំនាញ។ ទី៣  ប្រសិនជា​អ្នក​កំពុង​ធ្វើ​វា​ដោយ​ខ្លូន​ឯង អ្នក​គួរតែ​ពូកែ​នឹង​វា ព្រមទាំង ជ្រើសរើស​ប្រព័ន្ធ​ណា​ដែល​ស័ក្តិសម​នឹង​អ្នក បើ​មិន​បែបនេះ​ទេ អ្នកនឹង​បោះ​លុយ​ចោល​ហើយ។

តើ​អ្នក​គួរតែ​ជ្រើសរើស​ការវិនិយោគ​ដែលមាន​ផលចំណេញ​ច្រើន ឬក៏​តិច?

អ្នក​គួរតែ​ធ្វើការ​បែងចែក​លុយ​រប​ស់​អ្នក១០ភាគរយ ដើម្បី​សន្សំទុក​សម្រាប់ធ្វើ​ការវិនិយោគ។

“ពេល​អ្នក​អាចធ្វើ​ការគ្រប់គ្រង​ហានិភ័យ​បាន នោះ​លុយ​របស់​អ្នក​គឺ​មិន​ខាត​នោះទេ” ។

បើ​អ្នកមាន​វ័យ​នៅ​ក្មេង អូ​ខេ យើង​និយាយ​ចំពោះ​លុយ​ត្រឹមតែ១០០ដុល្លារ អ្នក​គួរតែ​ដក​លុយ៥០ដុល្លារ ដើម្បី​យក​វា​ទៅ​ដាក់​កន្លែង​ដែលមាន​សុ​វត្តិភាព ដែល​បានផ្តល់​ផលចំណេញ​អោយ​យើង៥ភាគរយ​ក្នុង​មួយឆ្នាំ ដូចជា​ធនាគារ។

បើ​អ្នក​មិន​ទ​ទូល​យក៥ភាគរយ ដែល​ទ​ទូល​បាន​ពី​ផល​នៃ​ការវិនិយោគ ដែល​ប្រកបដោយ​សុ​វត្តិភាព​របស់​អ្នក​នោះទេ អ្នកនឹង​ត្រូវការ​កម្ម​វិធី​ខ្លះ​ហើយៈ។

អ្នក​អាច​ជ្រើសរើស​ប្រព័ន្ធ រួច​រៀន​ពី​វា បើ​អាចធ្វើ​ការព្រៀង​វា​នៅលើ​ក្រដាស​សិន នឹង​បន្ទាប់មក​ធ្វើការ​វិនិយោគ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​នេះ។ ម្យ៉ាងវិញទៀត អ្នក​គួរ​ណាស់​ស្វែងរក​អ្នកគ្រប់គ្រង​ការវិនិយោគ​មួយរូប ដែល​ពិត​ជាមាន​ជំនាញ​ក្នុង​រឿងនេះ។

នេះ​គឺជា​ការប្រើ​លុយ​អោយធ្វើ​ការអោយ​អ្នក ចុះបើ​អាជីវកម្ម​ធ្វើ​ការអោយ​អ្នក​វិញ​តើ​ធ្វើ​ដូ​ម​ម្តេច​ដែរ?

បង្កើត​អាជីវកម្ម ដើម្បីអោយ​វា​ធ្វើការ​បង្កើត​លុយ​អោយ​អ្នក

មាន​ចំណូល​អកម្ម​ដោយ​ផ្អែកលើ​អាជីវកម្ម ហើយ​នេះ​ជា​គន្លឹះ​ក្នុងការ​សួរ​សំនួរ​ក្នុងការ​សាង​អាជីវកម្ម​ដើម្បីអោយ​វា​បង្កើត​លុយ​អោយ​អ្នកៈ។

តើ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន សម្រាប់​អាជីវកម្ម​របស់​អ្នក ឬ​សម្រាប់​អាជីវកម្ម​របស់​អ្នក​នៅ​ថ្ងៃ​អនាគត ដោយ​អ្នក​មិនចាំបាច់​ធ្វើការ​មួយថ្ងៃ10ម៉ោង​អស់​មួយជីវិត​នោះ? ព្រោះថា​ពេល​អ្នក​ចាប់ផ្តើម​សាង​អាជីវកម្ម​មួយ គឺ​អ្នក​ត្រូវ​ប្រើប្រាស់​ថាមពល និង​ការខិតខំ​ប្រឹងប្រែង​អស់យ៉ាង​ច្រើន ដោយ​ធ្វើការ​យ៉ាងតិច​មួយថ្ងៃ១០ម៉ោង តែបើ​អ្នករៀបចំ​បានល្អ​នោះ អ្នកនឹង​ធ្វើការ​តិចជាង​នេះ ដោយ​ការប្រើប្រាស់​ប្រព័ន្ធ។

ប្រព័ន្ធ​អាជីវកម្ម គឺជា​ដំណើរការ​មួយ ដែល​អាចធ្វើ​ម្តង​ហើយទៀតៗ ក្នុងការ​បង្កើត​ប្រាក់ចំណេញ​អោយ​អ្នក៕

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងអភិវឌ្ឍន៍គម្រោងនានាសរុបជាង៧០ កំពុងបន្តសកម្មភាពនៅក្នុងខេត្តកំពត

ដោយ ៖ រ៉ាណេត

កំពត ៖ ខុសប្លែកពីបណ្តាខេត្តក្រុងមួយចំនួនដែលមានភាពស្ងប់ស្ងាត់ក្រោយផលប៉ះពាល់ដោយវិបត្តិជំងឺឆ្លង ជាពិសេសការផ្ទុះឡើងនៃព្រឹត្តិការណ៍២០កុម្ភៈនៅពេលនាបច្ចុប្បន្ននេះ សម្រាប់តែខេត្តកំពត គឺនៅតែមានការទិញលក់ក្នុងវិស័យដីធ្លី ជាពិសេសសកម្មភាពអភិវឌ្ឍន៍ទៅលើគម្រោងសាងសង់នានារបស់ក្រុមហ៊ុនឯកជនសរុបប្រមាណ៧០នៅទូទាំងខេត្ត ក្នុងនោះគម្រោងអភិវឌ្ឍន៍ដីឡូតិ៍មានចំនួនច្រើនជាងគេ។

អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា ដើម្បីធានាដល់ការអភិវឌ្ឍដីប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព គុណភាព ប្រកបដោយចីរភាពតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តកំពត សូមអំពាវដល់ក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងអភិវឌ្ឍន៍ដីទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗឱ្យបានម៉ឹងម៉ាត់។

លោកបានបន្តថា “ខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ កំពុងមានសក្តានុពលខ្លាំង និងអំណោយផលដល់ការងារប្រមូលចំណូលសម្រាប់ខេត្ត ពិសេសវិស័យធំៗចំនួនពីរ គឺវិស័យអចលនទ្រព្យ ឬគម្រោងអភិវឌ្ឍន៍ដី និងវិស័យរ៉ែ ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក។ ទន្ទឹមនឹងមានសកត្តានុពលនេះ ដោយសារតែការអនុវត្តច្បាប់នៅខ្វះចន្លោះ និងមានចំណុចប្រឈមច្រើន ទើបធ្វើឱ្យប្រាក់ចំណូលរបស់ខេត្តនៅមានកម្រិត”។

ជាមួយនឹងការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងដែនដីសម្បត្តិរបស់រដ្ឋ និងឯកជន រដ្ឋបាលខេត្តកំពតបានកំណត់ឱ្យមន្ត្រីជំនាញដែលពាក់ព័ន្ធត្រូវចុះកំណត់ និងបោះព្រំបង្គោលនៅតាមតំបន់អភិរក្សឱ្យបានច្បាស់លាស់ជៀសវាងមានជនខិលខូចបំពាន អាស្រ័យផល និងលក់បន្តទៅឱ្យឈ្មួលដទៃទៀត ដែលអាចកើតជាបញ្ហាទៅថ្ងៃក្រោយ។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកំពត បានមានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្រខេត្តកំពតមានក្រុមហ៊ុនអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ដីនៅក្នុងក្រុង/ស្រុក ទាំង៨ មានចំនួនសរុបជាង៧០គម្រោង។

លោកបញ្ជាក់ថា “ក្នុងនោះគម្រោងដែលមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដីចំនួន ២៣គម្រោង, គម្រោងដែលមិនមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដីចំនួន ៤៨គម្រោង និង ៣គម្រោង កំពុងដំណើរការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី។ ប្រសិនបើម្ចាស់គម្រោងអភិវឌ្ឍន៍ដី មិនបានគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវទេ នោះការអភិវឌ្ឍន៍ដី នឹងក្លាយជាបន្ទុករបស់រាជរដ្ឋាភិបាលនៅពេលមានបញ្ហាណាមួយកើតឡើង”៕