ឯកអគ្គរដ្ឋទូតឥណ្ឌា សន្យាកៀងគរអ្នកវិនិយោគឥណ្ឌាមកកាន់ខេត្តកោះកុង

ដោយ ៖ រ៉ាណេត
ខេត្តកោះកុង៖ បន្ទាប់ពីបានសិក្សាលម្អិតទៅលើសក្ដានុពលនៃកត្តាភូមិសាស្ត្រ និងឱកាសនៃការវិនិយោគក្នុងខេត្តជាប់តំបន់សមុទ្ររួចរាល់ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ និងកៀងគរបណ្តាវិនិយោគិនឥណ្ឌាឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកោះកុងប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ និងសកម្មបែបទំនើប។

 

ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រីដេវយ៉ានី ឃុប្រាហ្គាដេ បានមានប្រសាសន៍ថា កិច្ចទំនាក់ទំនងនៃប្រទេសយើងទាំងពីរកើតមានតាំងពីយូរណាស់មកហើយ ដោយឥណ្ឌាបានជួយកម្ពុជាច្រើនវិស័យ ហើយរហូតមកដល់ពេលនេះឥណ្ឌាក៏នៅតែបន្តជួយ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ លោកស្រីបានបន្តថា រដ្ឋាភិបាលឥណ្ឌាមានបំណងជួយកម្ពុជាបន្ដទៀត ជាពិសេសខេត្តកោះកុងលើវិស័យមួយចំនួននៅក្នុងតំបន់ដាច់ស្រយាល ដូចជាអប់រំ សុខភាព ទេសចរណ៍ និងកសិកម្ម។ ជាមួយគ្នានេះ លោកស្រីក៏បានចាប់អារម្មណ៍ខ្លាំងទៅលើគម្រោងវិនិយោគនានានៅក្នុងខេត្តកោះកុង ដោយក្នុងលោកស្រីមានគោលបំណងចង់នាំអ្នកវិនិយោគនៅប្រទេសឥណ្ឌាឱ្យមកធ្វើវិនិយោគនៅខេត្តកោះកុង ព្រោះស្ថានភាពភូមិសាស្ត្រខេត្តកោះកុង ស្រដៀងនឹងខេត្តមួយនៅប្រទេសឥណ្ឌា។

អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថង បានស្វាគមន៍ទៅនឹងបំណងល្អរបស់រដ្ឋាភិបាលឥណ្ឌា រួមជាមួយនឹងការព្យាយាមសម្របសម្រួលនូវលក្ខខណ្ឌរដ្ឋបាល និងនីតិវិធីវិនិយោគនានានៅក្នុងខេត្តដើម្បីលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌាមកកាន់ខេត្តកោះកុងកាន់តែច្រើន៕

តម្លៃដីនៅក្បែរផ្សារទំនើបធំៗ៣ខាងត្បូងរាជធានីភ្នំពេញកើនឡើងចន្លោះពី២០០០ ទៅ ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

ដោយៈឧត្តម

ភ្នំពេញៈ ជាមួយនឹងវត្តមានអាគារពាណិជ្ជកម្ម លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកាន់តែស្កេកស្កះ តម្លៃដីនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅតំបន់ណាក៏ដោយ ឱ្យតែមានការអភិវឌ្ឍន៍ តម្លៃដីធ្លីនៅតំបន់នោះបានហក់ឡើងខ្ពស់ ធ្វើឱ្យអ្នកមានដីច្រើននៅតំបន់ទាំងនោះ បានក្លាយជាអ្នកមានស្ទើរគ្រប់គ្នា។ ងាក​មកមើលតម្លៃដីធ្លី នៅក្បែរតំបន់សាងសង់ផ្សារទំនើបខ្នាតយក្សចំនួន៣ នៅខាងត្បូងរាជធានីភ្នំពេញ ឯណោះវិញគឺតម្លៃរបស់វាបានហក់ឡើងខ្លាំង ដែលមិននឹកស្មានដល់ ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisal និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ មានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការអភិវឌ្ឍ ការកកើតសំណង់ និងការបង្កើតផ្សារទំនើបធំៗចំនួន៣ នៅប៉ែកខាងត្បូងរាជធានីភ្នំពេញគឺ ផ្សារទំនើប PH  Diamonond Place ផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល និងផ្សារទំនើបអ៊ីអនម៉ល៣ ជាមួយនឹងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធធំៗ មួយចំនួនទៀត បានធ្វើឱ្យតម្លៃដីធ្លី នៅតំបន់នោះហក់ឡើងខ្លាំង គឺតម្លៃអាចចន្លោះពី២០០០ដុល្លារទៅ ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់ដែលសាងសង់ផ្សារនោះ។

អ្នកជំនាញលើវិស័យអចលនទ្រព្យបានលើកឡើងថា កាលពីមិនទាន់មានគម្រោងបង្កើតផ្សារទំនើបធំៗនោះ តម្លៃដីធ្លីនៅទីនោះមួយម៉ែត្រការ៉េ តែប៉ុន្មានរៀលប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមិនបាច់និយាយ តម្លៃដីធ្លីនៅតំបន់នោះបានហក់ខ្លាំងមែនទែន៕

គម្រោង Naga3 តម្លៃ៣៥០០លានដុល្លារចាប់ផ្តើមបុកគ្រឹះសាងសង់

ដោយៈ ប៊ី

គូឡាឡាំពួៈ ក្រុមហ៊ុនឯកទេសខាងខួង និងបុកគ្រឹះEconpile Holdings Bhd ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី បានចាប់ផ្តើមដំណើរការគម្រោងបុកគ្រឹះរបស់ខ្លួន ដែលមានទំហំ​ទឹកប្រាក់៨៧.៥លានដុល្លារអាមេរិកនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Strait Times កាលពីថ្មីៗនេះ។

ក្រុមហ៊ុនEconpile បានឱ្យដឹងថា គ្រឿងម៉ាស៊ីនសំខាន់ៗរបស់ខ្លាំង សម្រាប់ការ​ងារសាងសង់គ្រឹះ និងដងស្ទួច បានមកដល់កំពង់ផែក្រុងព្រះសីហនុ កាលពីពាក់កណ្តាលខែមករា ហើយបានរៀបចំពេញលេញនៅទីតាំងគម្រោង រួមជាមួយក្រុមការងារជំនាញនៅក្នុងរាជធានីភ្នំពេញ។

លោក Raymond Pang នាយកប្រតិបត្តិក្រុមហ៊ុន Econpile បាននិយាយថា ក្រុមហ៊ុនបានបញ្ជាឱ្យក្រុមការងារ និងគ្រឿងម៉ាស៊ីនបង្កើនល្បឿនបានឆាប់ បន្ទាប់ពីកិច្ចសន្យាត្រូវបានប្រគល់ជូននៅខែធ្នូ ឆ្នាំ២០២០។

លោកបានថ្លែងទៀតថា ការរៀបចំការងារឥឡូវនេះបាន និងកំពុងចាប់ផ្តើម ហើយគម្រោងនឹងចាប់ផ្តើម ចូលរួមចំណែកប្រាក់ចំណូលនៅត្រីមាសទី៣ឆ្នាំនេះ។

ក្រុមហ៊ុន Econpile Holdings Bhd កាលពីខែធ្នូ ឆ្នាំមុន បានកប្រកាសថា ខ្លួនទទួលបានកិច្ចព្រមព្រៀងមួយ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៨៥,៧លានដុល្លារអាមេរិក ហើយប្រាក់នេះ នឹងទទួលបានពីប្រតិបត្តិការសម្រាប់ការងារខួង និងបុកគ្រឹះសម្រាប់គម្រោ​ងសាងសង់ មជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា(ទំនងជាគំរោង Naga3)។

ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនបានបញ្ជាក់ថា គំរោងមជ្ឈមណ្ឌលកំសាន្តដ៏ធំនៅរាជធានីភ្នំពេញ ជាសកម្មសិទ្ឋរបស់ក្រុមហ៊ុនណានោះទេ។

ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលខ្លួន បានកាន់កាប់ទាំងស្រុង Econpile (M) Sdn Bhd ទទួលបានកិច្ចសន្យានេះកាលពីថ្ងៃទី១៤ ធ្នូ ពីក្រុមហ៊ុនចិន MCC International Inc Ltd។

យោងតាមកិច្ចសន្យា គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល៣០ខែ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្ដើម ហើយគេរំពឹងថាវានឹងរួមចំណែកជាវិជ្ជមាន ដល់ប្រាក់ចំណូលរប​ស់ក្រុមហ៊ុន សម្រាប់ការបញ្ចប់ឆ្នាំសារពើពន្ធនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ (ឆ្នាំសារពើពន្ធ ២០២១) តទៅ។

ក្រុមហ៊ុននេះបានបន្ថែមថា “គ្មានហានិភ័យអ្វីធំដុំនោះទេ ក្រៅពីហានិភ័យប្រតិបត្តិការពាក់ព័ន្ធនឹង គម្រោងអំឡុងរយៈពេលនៃកិច្ចសន្យា។ គណៈគ្រប់គ្រងនឹងដាក់ចេញវិធានការគ្រប់គ្រង និងនីតិវិធីប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះពាល់ ឬហានិភ័យដែលអាចកើតមានព្រឹត្តិការណ៍បែបនេះ”៕

ខេត្តមណ្ឌលគិរីចាប់ផ្តើមពិនិត្យលទ្ធភាពលើកកំពស់សោភ័ណភាពរបស់ខេត្តបណ្តើរៗ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អាជ្ញាធរខេត្តមណ្ឌលគិរី ចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកំពស់សោភ័ណភាពខេត្ត ដើម្បីលើកស្ទួយមុខមាត់មូលដ្ឋានរបស់ខ្លួន ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

នៅដើមសប្តាហ៍នេះ លោកស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីបានដឹកនាំក្រុមកាងារ មន្រ្តីជំនាញអញ្ជើញចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ឲ្យមានសោភ័ណ្ឌ និងមានភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើនសក្តានុពលវិស័យទេសចរណ៍ និងកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកអភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នា ក្នុងការរៀបចំកែលម្អនៅបរិវេណសំណង់វិមានឯករាជ្យ ឲ្យកាន់តែមានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្តនៅលើទឹកដី នៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

បន្ថែមលើសនេះ លោកស្វាយ សំអ៊ាង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលចូលមកទស្សនានៅវិមានឯករាជ្យនេះ ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាផងដែរ៕

សមាគមសណ្ឋាគារកម្ពុជារៀបចំយុទ្ឋនាការ “អង្គរ ជីវិតមួយដង”

ដោយៈ គង់ សូរិយា

ភ្នំពេញៈសមាគម​សណ្ឋាគារ​កម្ពុជា (CHA) សាខា​ខេត្ដ​សៀមរាប បង្កើត​យុទ្ធនាការ «អង្គរ​មួយ ជីវិត​មួយ​ដង» ឬក៏ #AngkorLikeNeverBefore និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​នៅ​កម្ពុជា មក​កម្សាន្ដ​ក្នុង​ខេត្ដ​សៀមរាប។

លោកដេវីដ ចាយ៉ាពីយ៉តធ៍ ប្រធាន (CHA) សាខា​ខេត្ដ​សៀមរាបបាន​មានប្រសាស​ន៍ឱ្យ​ដឹង​ថា នេះ​ជា​យុទ្ធនាការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​បង្ហាញ​ពី​ឱកាស​ដំណើរ​កម្សាន្ដ​បែប​ធម្មជាតិ​អំឡុង​ពេល​ជួប​វិបត្ដិ​កូវីដ។ វីដេអូ​ឃ្លីប​រយៈពេល៣០វិនាទី បង្ហាញ​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ​នៅខេត្ត​សៀមរាប ដោយ​ចាប់​ផ្ដើម​ពី​នារី​ម្នាក់​លម្ហែ​ ក្នុង​បរិវេណ​ប្រាសាទ​យ៉ាង​ស្ងប់​សុខ បន្ដ​ទៅ​ទិដ្ឋភាព​លើ​ខ្នង​ភ្នំ​គូលែន របាំ​ប្រពៃណី ការ​សម្ដែង​សៀក ស្នាដៃ​សិប្បកម្ម ភូមិឋាន វាលស្រែ បឹង​ទន្លេសាប មុន​ពេល​បញ្ចប់​ត្រឹម​ស្នាម​ញញឹម​របស់​ពលរដ្ឋ​ខ្មែរ។

វីដេអូ​ត្រូវ​បាន​ផលិត​បំណង​ផ្សព្វផ្សាយ​ នៅ​លើ​បណ្ដាញ​សង្គម​អំពី​បទពិសោធ​ដ៏​វិសេស​ក្នុង​កាល​វេលា​ដែល​អង្គរវត្ដ​គ្មាន​ភាព​អ៊ូអរ។

លោកដេវីដ ជា​អ្នក​គ្រប់គ្រង​សម្ព័ន្ធ​សណ្ឋាគារ​ភូមិ​អង្គរ និង​សហស្ថាបនិក Kulen Elephant Forest បានបន្តថា សៀមរាប​សម្បូរ​សកម្ម​ភាព​កម្សាន្ដ​ជាច្រើន និង​តែងតែ​ទទួលភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន។ វា​ធ្វើឱ្យ​ពួក​គេ​ទទួល​បាន​ភាព​រីករាយ។

លោកដេវីដ ជា​កូនកាត់​ខ្មែរ- បារាំង ដែល​ក្រុម​គ្រួសារ​បាន​ធ្វើ​ការ​វិនិយោគ ​លើ​វិស័យ​បដិសណ្ឋារកិច្ច​តាំង​ពី​ឆ្នាំ១៩៩៣ ដែល​ជា​ផលិតករ​សណ្ឋាគារ​ដំបូង​បំផុត​មួយ ​នៅ​សៀ​មរាប។

យុវជនដែល​ក្លាយជា​ប្រធាន​សមាគម​សាខា​សៀមរាប ក្នុង​ឆ្នាំ២០២០នេះបាន​ឱ្យ​ដឹង​ថា “សៀមរាប និង​វិស័យ​ទេសចរណ៍​ក្លាយ​ជា​ជីវិត​របស់​យើង និង​ជា​អ្វីដែល​ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​បំផុត។ បច្ចុប្បន្ន​នេះ​ជា​ឱកាស​ដ៏​មាន​កំណត់​ក្នុង​ការ​រីករាយ​នូវ​សកម្មភាព​ដ៏​ស្ងប់​សុខ”។

ជា​ផ្នែក​សំខាន់​មួយ​នៃ​បណ្ដាញ​សង្គម និង​អនុញ្ញាត​ឱ្យ​មនុស្ស​ជុំវិញ​ពិភព​លោក​មើល​ឃើញ និង​ទាក់ទង​គ្នា​តាមរយៈ​ប្រធាន​បទ​នានា។

លោក ដេវីដ ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ បាន​ពន្យល់​ប្រាប់​អំពី​ឥទ្ធិពល​នៃ​សញ្ញា​ហាសថេក #OpenInSiemReap ដែល​ជូន​ដំណឹង​ថា សៀមរាប​នៅតែ​បើក​ដំណើរការ​ជំនួញ​ក្រោយពី​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​យ៉ាងច្រើន។

លោក​និយាយ​ថា​ យុទ្ធនាការ «អង្គរ​មួយ ជីវិត​មួយ​ដង» ឬ #AngkorLikeNeverBefore បាន​ផ្ដល់​ឱកាស​ដ៏​វិសេស​សម្រាប់​ទេសចរ​ក្នុង​ស្រុក”។

សហស្ថាបនិក​ជំរំ​ដំរី​អាយុ២៤ឆ្នាំ​រូប​នេះ បាន​និយាយ​ទៀត​ថា “នេះ​ជា​ឱកាស​តែម្ដង​គត់​ក្នុង​មួយជីវិត​របស់​អ្នក ដែល​អាច​មក​ទស្សនា​ប្រាសាទ​ទាំង​អស់ ​ក្នុង​ភាព​ស្ងប់ស្ងាត់ បើ​គ្មាន​មនុស្ស​ទេ​នោះ ប្រាសាទ​នឹង​ទទួល​បាន​មន្ដអាគម​ម្យ៉ាង ​ដែលគេ​មិន​អាច​ពន្យល់​បាន”។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា កាល​កុមារភាព ការ​ទស្សនា​ប្រាង្គប្រាសាទ​អង្គរវត្ដ មាន​លក្ខណៈ​ខុស​ប្លែក ​ពី​អំឡុង​ពេល​សម្បូរ​ភ្ញៀវ​មុន​វិបត្ដិ​កូវីដ។ ប្រាសាទ​មិន​សូវ​មាន​មនុស្ស​អ៊ូអរ ហើយ​អ្នក​អាច​ស្ដាប់ឮ​សំឡេង​ធម្មជាតិ។

លោក​និយាយ​ថា ភ្ញៀវ​អាច​ទទួល​បាន​នូវ​បទពិសោធន៍ ​ស្រស់ស្រាយ​ពី​ធម្មជាតិ។ ដោយ​ធ្លាប់​តែ​មាន​វត្ដមាន​ភ្ញៀវ​ច្រើន​សន្ធឹក ​ដែល​បាន​កែប្រែ​ទីឋាន​ធម្មជាតិ វា​ជា​ឱកាស​ដ៏​វិសេស​ដែល​ភ្ញៀវ​ទេសចរ​ បាន​រីករាយ​ជាមួយ​នឹង​សម្រស់​ប្រាសាទ ​បែប​ធម្មជាតិ​ពិតៗ​នាពេល​នេះ។

សមាគម​សណ្ឋាគារ​កម្ពុជា CHA បាន​បង្កើត​យុទ្ធនាការ​នេះ​ឡើង និង​បាន​សហការ​ជាមួយ​នឹង​សៀក​របស់​អង្គការ​ហ្វា និង​ក្រុមហ៊ុន Grasshopper Adventures ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វីដេអូ​រយៈពេល៣០វិនាទី​នោះ​នៅ​ជុំវិញ​ពិភព​លោក។

លោកដេវីដ បាន​បន្ដ​ថា “យើង​អាច​សង្ឃឹម​ថា គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ទាក់ទាញ​អ្នក​ដែល​ចាប់​អារម្មណ៍ ​នឹង​គោលដៅ​ទេសចរណ៍​លំដាប់​ពិភព​លោក ​ក្នុង​សភាព​ស្ងប់ស្ងាត់”។ លោកបន្តថា “ក្នុងនាម​ជា​អ្នក​ប្រកប​អាជីវកម្ម​សណ្ឋាគារ យើង​មិន​ខ្វះ​សកម្មភាព​កម្សាន្ដ និង​រង់ចាំ​ស្វាគមន៍​វត្ដ​មាន​ភ្ញៀវ​ជានិច្ច”។

ក្នុង​អំឡុង​ពេល​ពិភព​លោក​ កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ លោក ដេវីដ ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មក​បង្កើត​គម្រោង​ជំរំ​ដំរី ក្នុង​ឆ្នាំ ២០១៧ បាន​និយាយ​ថា ទេសចរណ៍​នៅ​សៀមរាប មិន​ខុស​អំពី​គោលដៅ​ទេសចរណ៍​លំដាប់​ពិភព​លោក​ដទៃ​ទៀត នឹង​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​ព្រមៗ​គ្នា។

លោក​និយាយ​ថា “យើង​មិន​ដឹង​ពី​ពេលវេលា​ច្បាស់​ទេ តែ​យើង​អាច​សង្ឃឹម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ទូទាំង​ពិភព​លោក និង​ការ​គ្រប់គ្រង​ជំងឺឆ្លង​របស់​កម្ពុជា​បាន​យ៉ាង​ល្អ​នេះ នឹង​ជួយ​ឱ្យ​យើង​មើលឃើញ​នូវ​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ”។

សមាគម​សណ្ឋាគារ​កម្ពុជា បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ ដែល​មាន​តួនាទី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ព្រះរាជាណាចក្រ​កម្ពុជា​លំដាប់​ពិភព​លោក។ បច្ចុប្បន្ន​សមាគម​មាន​សមាជិក១១៥ ដែល៣៧សមាជិក ស្ថិត​ក្នុង​ខេត្ដ​សៀមរាប៕

ដំណឹងរីករាយៈកម្មករជាង៧០០នាក់នៅរោងចក្រ Y.W ពាក់ព័ន្ធអ្នកផ្ទុកកូវីដ១៩នោះ តេស្តអវិជ្ជមាន

ដោយៈឧត្តម

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)បានផ្សាយឱ្យដឹងថា កម្មករ កម្មការិនីបម្រើការងារនៅក្នុងរោងចក្រY.W នៅព្រែកជ្រៃចំនួន៧១៦នាក់ ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបម្រើការងារនៅក្នុងរោងចក្រនេះ ដែលគាត់មានវិជ្ជមានកូវីដ១៩ គឺលទ្ឋផលអវិជ្ជមានវីរុសកូវីដទាំងអស់។

ទោះជាយ៉ាងណា សូមបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះជំងឺកូវីដ-១៩នេះ នៅតែបន្តការគំរាមកំហែងខ្លាំងក្លានៅឡើយ ។ ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើង និងក៏ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។ យើ​ង ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។

បើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)ដដែលបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន៣៤នាក់(ករណីឆ្លងសហគមន៌នៅភ្នំពេញ:២២នាក់ ក្រុងព្រះសីហនុ:១០នាក់ ខេត្តស្វាយរៀង ២នាក់) និងមានជាសះស្បើយ៤នាក់។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប បានកើនឡើងដល់៨៧៨នាក់ ហើយអ្នកកំពុ​ងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបានកើនឡើងដល់៣៩៦នាក់  និងចំនួនជាសះស្បើយសរុប៤៨២នាក់  និងស្លាប់គ្មាន ៕

ទីស្ដីការក្រសួងរៀបចំដែនដីនឹងផ្លាស់ប្តូរទៅទីតាំងថ្មីនាពាក់កណ្តាលខែមីនានេះ

ដោយៈ ប៊ី

ភ្នំពេញ៖ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទីតាំងពីដី ឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ នឹងត្រូវផ្លាស់ទៅទីតាំងថ្មី ស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១តទៅ។ នេះបើតាម សេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដំណើរការសាងសង់កាលខែមករា ឆាំ្ន២០២០ ហើយមានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប៤៩ ៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។

អគារនេះមានចំណតរថយន្តប្រមាណ ៤៥០កន្លែង ដែលអគារក្រសួងសព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន ៣០០នាក់ ១៥០នាក់ និងសាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា។

អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសម័យតេជោដែលបងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឲ្យរស់ឡើងវិញជាសំណង់របស់រដ្នទុកតជំនាន់ ចំណែកទីស្តីការក្រសួងសព្វថៃ្ងរាជរដ្ឋាភិបាលបានប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីវិញ៕

ប្រធាន GRA អរិយក្សត្រស្វាយជ្រុំ ល្វាឯម ជាតំបន់ដែលអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យមិនគួរមើលរំលង

ដោយៈ រ៉ាណេត

ភ្នំពេញៈ តំបន់ដែលស្ថិតនៅត្រើយម្ខាង ប៉ែកខាងកើតរាជធានីភ្នំពេញ ដែលរដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ពានតភ្ជាប់ ក្នុងពេលឆាប់ៗខាងមុខ ដែលជាទូទៅត្រូវបានគេផ្តោតទៅលើតំបន់អរិយក្សត្រ ស្វាយជ្រុំ និងល្វាឯម ដោយអ្នកជំនាញនៅក្នុងវិស័យអច​លនទ្រព្យបានអះអាងថា តំបន់ទាំងអស់នេះគឺជាគោលដៅចម្បង ដែលអ្នកវិនិយោគមិនគួរមើលរំលង ខណៈដែលសកម្មភាពទិញលក់ដីធ្លី និងការអភិវឌ្ឍគម្រោងសាងសង់នានាកំពុងមានភាពមមាញឹក។

ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Kw Sam Sn Realty លោកសំ សុខនឿន បានមានប្រសាសន៍ប្រាប់Property Area ឱ្យដឹងថា តំបន់អរិយក្សត្រ ល្វាឯម និងតំបន់ក្បែរខាងមួយចំនួនទៀតគឺជាគោលដៅសំខាន់ ដែលអ្នកវិនិយោគអចលនវត្ថុ គ្រប់ប្រភេទមិនគួរមើលរំលងក្នុងការវិនិយោគនោះទេ។

លោកបានបន្តថា “អរិយក្សត្រ ល្វាឯង និងតំបន់ជាប់ ឬជាយអារីក្សត្រនិងល្វាឯម ជាតំបន់មួយដែលស្ថិតនៅជិតនឹងរាជធានីភ្នំពេញ ប៉ុន្តែស្ថានភាពទីផ្សារ និងតម្លៃដីធ្លីនៅតំបន់ទាំងនេះនៅធូរថ្លៃនៅឡើយ ដែលអាចផ្តល់ឱកាសឱ្យអ្នកវិនិយោគ ទទួលបានចំណេ​ញខ្ពស់ពីការទិញទុកវិនិយោគបន្តនៅថ្ងៃខាងមុខ”។

លោកសំ សុខនឿនបានបញ្ជាក់ថា “អរិយក្សត្រ ល្វាឯម និងតំបន់ជាប់នឹងអរិយក្សត្រ ក៏ដូចជាល្វាយឯម នឹងក្លាយជាតំបន់មួយដូចតំបន់ជ្រោយចង្វារ ដែលតំបន់ខ្លះនៃតំបន់ជ្រោយចង្វារ មានតំលៃរហូតទៅដល់៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

លោកបន្តថា “តម្លៃដីតាមបណ្តោយផ្លូវជាតិ៣៨០ ដែលជាផ្លូវមេមានតម្លៃពី៧០០-១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើចុះពីផ្លូវជាតិលេខ៣៨០ ចាប់ពី១-៤គីឡូម៉ែត្រ តម្លៃដីអាចមានចាប់ពី១៣០- ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចំងាយពីផ្លូវជាតិលេខ ២៨០ ចាប់ពី៤-៨គីឡូម៉ែត្រ តម្លៃអាចចាប់ពី៨០-១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចំងាយពី៨- ២០គីឡូម៉ែត្រ តម្លៃចាប់ពី២៥-៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ”។ ប្រៀបធៀបទៅនឹងតំបន់ជ្រោយចង្វារ ចំងាយមិនខុសគ្នាទេទៅនឹងកណ្តាលក្រុងភ្នំពេញ ប៉ុន្តែតម្លៃដីគឺពិតជាខុសគ្នាខ្លាំងណាស់”។

លោក សុខនឿន បានពន្យល់ថា ជ្រាយចង្វារ និងអរិយក្សត្រ ឬល្វាឯម គឺខុសគ្នាត្រង់ថា ជ្រោយចង្វារមានស្ពានឆ្លង ហើយអរិយក្សត្រឬល្វាឯម មិនទាន់មានស្ពានឆ្លងតែប៉ុណ្នោះ។

លោកសំ សុខនឿនបានបន្ថែមថា លោកបានសម្លឹងមើលឃើញថា តំបន់អរិយក្សត្រ និងល្វាឯមឬតំបន់ជាប់នឹងល្វាឯម នឹងក្លាយជាក្រុងរណបសម្រាប់ការរស់នៅថ្មីមួយទៀតក្នុងពេលឆាប់ៗ ព្រោះសម្អាងទៅលើកត្តារួមផ្សំមួយចំនួនដូចជា ទី១ នៅពេលមានស្ពានឆ្លង នោះតំបន់នេះងាយស្រួចេញចូលមកកណ្តាលក្រុងភ្នំពេញ។ ទី២ បើមើលតាមភូមិសាស្ត្រ ល្វាឯម និងតំបន់ជាប់ល្វាឯម ពិតជាជិតទៅនឹងប្រលានយន្តហោះអន្តរជាតិភ្នំពេ​ញ​ណាស់។ ទី៣ ប្រសិនបើរាជរដ្ឋាភិបាលបង្កើតផ្លូវថ្មី១ តភ្ជាប់ពីមហាវិថីឈ្នះឈ្នះ កាត់តាមតំបន់ល្វាឯម និងតំបន់ជាប់ល្វាឯម ឆ្ពោះទៅប្រលានយន្តហោះថ្មី នោះតំបន់នេះនឹងក្លាយជាតំបន់ ដែលមានសក្ដានុពលផ្នែកខាងកើតនៃរាជធានីភ្នំពេញ ដែលអាចឆ្ពោះទៅប្រលានយន្តហោះបាន ដោយមិនចាំបាច់ឆ្លងកាត់តាមក្រុងភ្នំពេញ នាំឱ្យចំណាយពេលយូរ និងដោយការកកស្ទះចរាចរណ៍នោះទេ៕

ដំណឹងល្អៈស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់ក្រូចឆ្មារនឹងបើកដំណើរការននៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ដោយៈ ឧត្តម

កំពង់ចាម,ត្បូងឃ្មុំៈ ការស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនោះ សម្រេចបាន៩៦ភាគរយហើយ តាមគម្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនោះ ជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ ការស្ថាបនាស្ពាននេះ សម្រេចបាន៩៦ភាគរយហើយ ហើយក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះ។ នេះជាស្ពានទី៨ហើយ ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ មានប្រវែ​ងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ គ្រោងចំណាយថវិកាអស់ចំនួន៥៦,៩៩៨ លានដុល្លារ៕

ឱកាសឈ្នះរង្វាន់​មហាសាលពីធនាគារ ហត្ថា

ដោយ ៖ សហការី

ភ្នំពេញ ៖ ក្រោយពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​កាល​ពី​ឆ្នាំ​២០២០​កន្លងទៅថ្មីៗនេះ ធនាគារ ហត្ថា​ បាន​ពង្រីក​ និង​ពង្រឹង​សេវាកម្មរបស់​ខ្លួនកាន់​តែសំបូរបែប​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន។​ នាដើម​ខែមីនា ឆ្នាំ២០២១នេះផងដែរ ធនាគារ ហត្ថា​ បានផ្សព្វ​ផ្សាយ​ជាសាធារណៈ​នូវ​កម្មវិធី “បើកគណនីចរន្តបានរង្វាន់មហាសាល” ដល់អតិថិជនទាំងអស់ដែល​តែងតែ​គាំទ្រធនាគារ​ ហត្ថា ដើម្បីមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់។

កម្មវិធី​ “បើកគណនីចរន្ត បានរង្វាន់មហាសាល” ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃទី០១ ខែមីនា​ ឆ្នាំ២០២១ រហូតដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រង្វាន់​រួម​មាន​​ទូរសព្ទដៃម៉ាក iPhone 12 Pro Max ចំនួន១០រង្វាន់ ម៉ូតូ​ម៉ាក​ Honda PCX ចំនួន៣រង្វាន់ និងរង្វាន់ធំរថយន្ត​ម៉ាក Ford Ranger XLT 2021 ចំនួន១រង្វាន់។ ការចាប់​រង្វាន់​នឹង​ប្រព្រឹត្តទៅជារៀងរាល់​៤ខែម្តង ហើយ​កម្ម​វិធីនេះ​នឹង​ធ្វើការ​ចាប់​រង្វាន់​ចំនួន​៤ដង ដូច្នេះ​អតិថិជន​ដែល​បាន​បើក​គណនី​មុនគេ​នោះ​​នឹង​មាន​ឱកាស​​ច្រើន​ដង​ជាង​គេក្នុង​ការ​​ឈ្នះ​រង្វាន់ ពី​ព្រោះ​ប្រសិន​បើ​ការ​ចាប់​រង្វាន់​លើក​ទី​១​មិន​ត្រូវឈ្មោះ​របស់​អតិថិជន​នឹង​រក្សា​ដើម្បី​ចាប់​រង្វាន់​នៅវគ្គ​បន្តបន្ទាប់​ទៀត​។ ដើម្បី​ចូល​រួម​ក្នុងកម្មវិធី​ដ៏អស្ចារ្យ​នេះ អតិថិជន​គ្រាន់​តែ​បើក​គណនី​ចរន្ត​ជាមួយ​ធនាគារ ហត្ថា ព្រម​ទាំង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​កម្មវិធី​ ហើយ​កម្មវិធី​នេះ​ផ្តល់​ជូន​ទាំង​អតិថិជន​ជាបុគ្គល និង​ជាក្រុមហ៊ុន។ នៅរង់ចាំអីទៀត? ​បើក​គណនីចរន្ត​​ឥលូវនេះ ដើម្បីទទួល​បាន​ឱកាសឈ្នះ​កាន់តែច្រើន។

សូម​បញ្ជាក់​ផងដែរ​ថា​គណនី​ចរន្ត​របស់​ធនាគារ​ ហត្ថា ​ផ្តល់​អត្ថ​ប្រ​យោជន៍​ជាច្រើន​ដល់​អតិថិជន​រួម​មាន​ការ​ផ្តល់អត្រា​ការប្រាក់​ដែល​ជាចំណូលបន្ថែម ការ​ផ្តល់​ជូន​មូល​ប្បទាន​ប័ត្រ កាត​អេធីអឹម និង​ការ​ភ្ជាប់​កម្ម​វិធី Hattha Mobile App ដោយ​ឥតគិតថ្លៃ។ ការ​ប្រើ​ប្រាស់​គណនី​ចរន្ត​ ក៏នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើ​ប្រាស់​ឥណទាន​វិបារូបណ៍ និង​សេវាកម្ម​ផ្សេងៗទៀត​ផងដែរ។ នាពេល​បច្ចុប្បន្ននេះ គណនី​ចរន្ត​ត្រូវបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​តែ​ក្នុងការិយាល័យ​សាខា ​ធនាគារ ហត្ថា នៅ​ទី​ក្រុង​ភ្នំពេញ និងសាខា​មួយ​ចំនួន​នៃ​ខេត្ត​កណ្តាល​តែប៉ុណ្ណោះ។

ដើម្បី​ជ្រាប​ព័ត៌មានកាន់តែ​ច្បាស់ ឬទំនាក់ទំនងដើម្បីបើក​គណនី សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។