ចំនួន​មហាសេដ្ឋី​ថ្មី​ប្រា​ក់ពាន់​លាន​ដុល្លារ​នៅ​ចិន​កើនឡើង ២៥៩នាក់ វ៉ា​ដាច់សហរដ្ឋអាមេរិក

ដោយៈ ម៉ា​ណេ​ត

ប្រទេស​ចិនៈ ចំនួន​មហាសេដ្ឋី​នៅ​ប្រទេស​ចិន កើនឡើង២៥៩នាក់​កាលពី​ឆ្នាំមុន បើទោះបី​ជាមាន​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក។ នេះ​បើ​យោងតាម​របាយការណ៍​មួយ ដែល​ចេញផ្សាយ​ជាស​កល​នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។

ចំនួន​មហាសេដ្ឋី​នៅ​ប្រទេស​ចិន បាន​កើនឡើង​ស្ទើរតែ​ទ្វេដង ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​ប្រទេស​មហា​អំ​ណា​សេដ្ឋកិច្ច លំដាប់​ទី២របស់​ពិភពលោក​បន្ត​កើន​វ៉ា​ដាច់ផ្សេងៗទៀត ក្នុង​ការបង្កើត​មហាសេដ្ឋី មាន​ទឹកប្រាក់​លើសពី១ពាន់​ដុល្លារ ហើយ​សមត្ថភាព​របស់​វា​ក្នុងការ​គេចផុត​ពី​វិបត្តិ​កូ​វីដ១៩ ។

យោងតាម​របាយការណ៍​របស់ Hurun Global Rich បាន​បង្ហាញថា ប្រជាជន​ចិន​ចំនួន២៥៩នាក់ បានក្លាយ​ជាម​ហ​សេដ្ឋកិច្ច មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ហើយ​ចំនួន​ប្រជាជន ដែល​ទើប​ក្លាយ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​នេះ គឺ​ច្រើនជាង​ប្រទេសផ្សេងៗទៀត​នៅលើ​ពិភពលោក។

សហរដ្ឋអាមេរិក​ឈរ​នៅ​លំដាប់​ទី២ ដែលមាន​ប្រជាជន​ក្លាយ​ប​មហាសេដ្ឋី​ថ្មី​ប្រា​ក់ពាន់​លាន​ដុល្លារ​ចំនួន ៧០នាក់​ប៉ុណ្ណោះ។

ជារួម ប្រទេស​ចិន បន្ត​នាំមុខ​ក្នុង​ការបង្កើត​ទ្រព្យសម្បត្តិ​លើ​ពិភពលោក ដោយ​បន្ថែម​មហាសេដ្ឋី​ថ្មី​ចំនួន ៤៩០នាក់ ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ បើ​ប្រៀបធៀប​នឹង​សហរដ្ឋអាមេរិក ដែលមាន​មហា​ម​សេដ្ឋី​ថ្មី​ចំនួន១៦០នាក់។

លោក Rupert Hoogewerf ប្រធាន​ក្រុមហ៊ុន Hurun Report បាន​និយាយថា ទោះបី​ជាមាន​ភាពវឹកវ​រ ដោយសារ​ជំងឺ​រាតត្បាត​ក៏ដោយ​ឆ្នាំកន្លងមក ចិន​មាន​ចំនួន​មហាសេដ្ឋី កើនឡើង​នូវ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​បំផុត ក្នុង​ទសវត្ស​ចុងក្រោយ​នេះ ដោយសារតែ​ការចុះបញ្ជី​ថ្មី និង​ទីផ្សារ​ភាគហ៊ុន​កំពុង​រីកចម្រើន។

លោក​បាន​បន្ថែមថា “នេះ​ជា​លើក​ទី១សំរាប់​ទ្វីបអាស៊ី ក្នុង​រយៈពេល​ប្រហែលជា​រាប់រយឆ្នាំ ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ នៅលើ​ពិភពលោក​រួមបញ្ចូល​គ្នា” ៕

អ្នកជំនាញ៖ ការវិនិយោគ​សំណង់ធំៗ អាច​ប្រសើរ​ឡើងវិញ​អាស្រ័យ​លើ​កំណើនសេដ្ឋកិច្ច​ជា​សាកល

ដោយៈ រ៉ា​ណេ​ត 

ភ្នំពេញៈ វិស័យ​សំណង់ និង​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្មធំៗ ដែល​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​នាពេល​បច្ចុប្បន្ន អាច​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​បាន គឺ​អាស្រ័យទៅលើ​កត្តាសេដ្ឋកិច្ច​នៅ​កម្ពុជា​ទាំងស្រុង ថា​តើ​អាច​ស្រោចស្រង់​សេដ្ឋកិច្ច ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​បាន​នៅពេលណា។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Advance បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​បែងចែក​ប្រភេទ និង​ផ្នែកផ្សេងៗពីគ្នា ហើយ​ផ្នែកនីមួយៗ ក៏​ទទួលរង​នូវ​ផលប៉ះពាល់​មិន​ដូចគ្នា​នោះដែរ។

លោក​បន្តថា “វា​មាន​ផ្នែកផ្សេងៗពីគ្នា ហើយ​ការ​ទទួលរង​នូវ​ផលប៉ះពាល់​ក៏មាន​កម្រិត​ខុសគ្នា​ដែរ។ មាន​ផ្នែក​ខ្លះ​ប៉ះពាល់​ខ្លាំង ដែល​ត្រូវ​ចំណាយពេល​យូរ ទម្រាំ​អាចមាន​ភាពល្អ​ប្រសើរឡើង​វិញ​បាន ហើយ​ផ្នែក​ដទៃទៀត​ប៉ះពាល់​តិចតួច និង​អាចមាន​លទ្ធភាព​វិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី” ។

លោក​ឡុង គឹមសួគ៌ បាន​បន្តថា ទីផ្សារ​ដីធ្លី​ក្នុង​ទ្រង់ទ្រាយ​តូច ឬ​សម្រាប់​សាងសង់​លំនៅដ្ឋាន និង​សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​រូបភាព​អាជីវកម្មតូចៗ វា​ស្រដៀង​គ្នា​ទៅនឹង​ទីផ្សារ​លំនៅដ្ឋាន​ផ្ទាល់​ដី ដែលមាន​តម្លៃ​សមរម្យ​ដែរ ដែល​មិនសូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ។ព្រោះ​វា​មាន​តម្រូវការ​ជាក់ស្ដែង​ច្រើន​ពី​អ្នក​ក្នុងស្រុក ដូច្នេះ​ទោះជា​គ្មាន​អ្នកវិនិយោគ​ដែលជា​ជនជាតិ​បរទេស​ចូលមក​កម្ពុជា ក៏​ទីផ្សារ​ទាំង២ផ្នែក​នេះ អាច​បន្ត​ដំណើរការបាន​រលូន សំខាន់​ឱ្យតែ​សភាពការណ៍​នាពេល​បច្ចុប្បន្ន ត្រូវបាន​ទប់ស្កាត់ និង​មាន​ភាព​ធូរស្រាល មនុស្ស​អាច​ចេញ​ដើរ​ច្រើន​វិញ នោះ​ទីផ្សារ​ទិញ​លក់​ក៏​ដើរ​វិញ​ដែរ។

ដោយឡែក​ពាក់ព័ន្ធ​ការវិនិយោគ និង​អភិវឌ្ឍន៍​ទៅលើ​គម្រោងធំៗ ដែលមាន​ទុន​រាប់លាន​ដុល្លារ អាច​ដំណើរការ​ល្អ្រ​សើរ​ឡើងវិញ បាន​នៅពេលណា​នោះ ត្រូវបាន​អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា នៅ​មិនទាន់​អាច​សន្ម​ត់​ច្បាស់​បាន​នោះទេ​ថា វា​នឹង​ល្អប្រសើរ​នៅពេលណា​ឱ្យ​ប្រាកដ បើទោះជា​កម្ពុជា​នាំយក​វ៉ាក់សាំង មកចាក់​ជូន​ប្រជាជន​កម្ពុជា​ឥតគិតថ្លៃ​ក្នុងដំណាក់កាល​ដំបូង​នាពេលនេះ​ក៏ដោយ ព្រោះ​គម្រោង​វិនិយោគធំៗ ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ច្រើនតែ​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ដូច្នេះ​ខណៈពេល​នៅតាម​ប្រទេស​មួយចំនួនធំ ហាក់​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​នោះទេ។

លោក ឡុង គឹមសួគ៌ បាន​បញ្ជាក់ថា “ទោះជា​នៅក្នុង​ប្រទេស​យើង អាច​បញ្ចប់​ការឆ្លង​រាលដាល ហើយ​នៅតាម​បណ្តា​ប្រទេស​នានា ចាប់ផ្ដើម​ប្រើប្រាស់​វ៉ាក់សាំង​នៅ​ឆ្នាំ២០២១ក៏ដោយ ក៏​មិនអាច​ជំ​រុញឱ្យ​អ្នកវិនិយោគ​អន្តរជាតិ នៅតាម​ប្រទេស​ទាំងនោះ​ចូលមក​វិនិយោគ​នៅ​កម្ពុជាភ្លាមៗនោះដែរ” ។

លោក​បន្តថា ពួកគេ​ក៏ត្រូវ​ការ​ពេលវេលា​មួយ សម្រាប់​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ឡើងវិញ បន្ទាប់ពី​ជួប​វិបត្តិ​អស់​រយៈពេល​ជាង១ឆ្នាំ​កន្លងទៅនេះ។ ឥឡូវ​យើង​មើល​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា មាន​អ្នករកស៊ី និង​អ្នកវិនិយោគ​ច្រើនណាស់​ដែល​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ដោយសារតែ​ការយាយី​ពី​វិបត្តិ​ជា​សាកល​នេះ។ ដូច្នេះ​អ្នកវិនិយោគ​ទាំងនោះ​ក៏​ដូចគ្នា ធំ​ខាត​បង់ធំ តូច​ខាតបង់​តិច ចឹ​ង​ពួកគេ​ក៏ត្រូវ​ការ​ពេលវេលា​ដែរ។

លោក​បន្តថា “ខ្ញុំ​គិតថា​គម្រោង​វិនិយោគ​លើ​សំណង់​អគារធំៗ ដែលមាន​តម្លៃ​រាបលាន​ដុល្លារ​នៅ​កម្ពុជា អាចមាន​សន្ទុះ​ឡើងវិញ យ៉ាងហោចណាស់២-៣ឆ្នាំ​ទៀត ខណៈដែល​សេដ្ឋកិច្ច​សាកល​ចាប់ផ្តើម​មាន​ភាពរឹងមាំ​ឡើងវិញ” ។

ជាមួយគ្នានេះ អ្នកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បានលើកឡើង​ដ​ស្រដៀង​គ្នា​ថា បណ្តា​អ្នកវិនិយោគធំៗ ពួកគេ​មិនទាន់បាន​រៀបចំខ្លួន​រួចរាល់​សម្រាប់​ចេញ​វិនិយោគ​នៅ​បរទេស ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ មិនទាន់មាន​ភាពប្រាក​ដ​ប្រជា ពិសេស​ប្រ​សិ​ទ្ឋ​ភាព​នៃ​វ៉ាក់សាំង​កូ​វីដ។

អ្នកស្រី​បន្តថា “បញ្ហា​សុវត្ថិភាព​របស់​ពួកគេ​ជា​រឿង​ចម្បង ដែល​អ្នកវិនិយោគធំៗតែង​គិតគូរ​ជា​ចម្បង ហេតុនេះ​ការមកដល់​របស់​អ្នកវិនិយោគ​បរទេសធំៗ ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត” ៕

លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង ប្រាប់​ពី​វិធីសាស្ត្រ​រកលុយ​ពី​វិស័យ​អចលនទ្រព្យ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មនុស្ស​ជាច្រើន​ត្រូវបាន​គេ​ដឹងថា សុទ្ធ​តែមាន​ក្ដី​ប្រាថ្នា ក្នុង​ការរកចំណូល​ឱ្យបាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​ទាស់​ត្រង់​ថា​តើ​ការរកចំណូល ឬ​រកលុយ​ឱ្យបាន​ច្រើន និង​ប្រក​ដោយ​និរន្តរភាព​ត្រូវធ្វើឡើង ដោយ​វិធីសាស្ត្រ​បែបណា​តែប៉ុណ្ណោះ។

ប្រធាន KW Cambodia លោក​បណ្ឌិត​គីម ហ៊ាង ដែល​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា មាន​ភាពជោគជ័យ​ខ្ពស់ ជាពិសេស​ក្នុងនាម​ជា​ភ្នាក់ងារ​ដែល​ធ្លាប់មាន​លទ្ធភាព​លក់​អចលនវត្ថុ ដែលមាន​តម្លៃ​រហូតដល់​ជាង ១០០លាន​ដុល្លារ​បាន​ចូលរួម​ចែករំលែក​នូវ​ចំណេះដឹង រួម​ជាមួយនឹង​បទពិសោធន៍​ផ្ទាល់ខ្លួន របស់លោក​អំពី​វិធីសាស្ត្រ​រកលុយ​បាន​ច្រើន ពី​វិស័យ​អចលនទ្រព្យ ហើយ​អាចមាន​និរន្តរភាព​ថែមទៀត​ផង។

លោក​បន្តថា “វិធីសាស្ត្រ​ក្នុងការ​រកលុយ ពី​វិស័យ​អចលនទ្រព្យ​ត្រូវបាន​គេ​អនុវត្តផ្សេងៗពីគ្នា ហើយ​ប្រសិទ្ធភាព​ដែល​ទទួលបាន​ក៏មាន​កម្រិត​ខុសគ្នា​ផងដែរ” ។ លោក​បាន​បញ្ជាក់ថា “វិធីសាស្ត្រ​រកលុយ​វា​មាន​ច្រើន វា​មាន​វិធី​រកលុយ​តែម្នាក់ឯង វិធី​រកលុយ​ជា​ក្រុម​វិធី​ឱ្យគេ​រកលុយ​ឱ្យ ឬ​វិធីសាស្ត្រ​ដាក់​លុយ ហើយ​រង់ចាំ​ទទួលយក​លុយ​ចំណេញ​មកវិញ​ជាដើម” ។

លោក​បណ្ឌិត​គីម ហ៊ាង បាន​បន្ថែមថា “ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ណែនាំ គឺ​វិធីសាស្ត្រ​ឱ្យគេ​រកលុយ​មកឱ្យ ទោះបីជា​យើង​ដេកលក់​ក៏​លុយ​រត់​មករក​យើង​ដែរ” ។

លោក​ថា ចង់​អនុវត្ត​នូវ​វិធីសាស្ត្រ​មួយ​នេះ​បាន ដំបូង​ឡើយ​គឺ​ចាំបាច់​ត្រូវតែ​បើក​ក្រុមហ៊ុន​ភ្នាក់ងារ​ស្របច្បាប់(ទិញ​លក់​ជួល)សិន ហើយ​ព្យាយាម​ដំណើរការ​ក្រុមហ៊ុន​រហូត​មានការ​ទទួលស្គាល់ ពី​សំណាក់​ក្រុមហ៊ុន​ជា​ដៃគូ ជាពិសេស​ទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន។ នៅពេល​ក្រុមហ៊ុន​មានដំណើរ ក្រុមហ៊ុន​មាន​បុគ្គលិក​បំពេញការងារ​ជំនួស​ម្ចាស់ ជាពិសេស​មាន​បណ្តា​ក្រុមហ៊ុន​ដទៃទៀត សហការ​ជា​ដៃគូ នោះ​ស្ថិរភាព​នៃ​ការរក​លុយ​នឹង​កើតមាន ហើយ​លុយ​ក៏​ចេះតែ​បន្ត​រត់​មករក​យើង​ជា​បន្តបន្ទាប់។

លោក​ឧក​ញ៉ាប​បន្តថា “អ្វី​ដែលជា​រឿង​លំបាក គឺ​ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​មានដំណើរ​ការល្អ រហូត​ទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន និង​មាន​ក្រុមហ៊ុន​ជា​ដៃគូ” ។ លោក​បន្តថា “ក្រៅពី​ដើមទុន​ដំបូង ក្នុង​ការបើក​ក្រុមហ៊ុន គឺ​ចំណេះដឹង (បានមកពី​រៀន) បទពិសោធន៍(បាន​ពី​ការអនុវត្ត​ការងារ) ដូច្នេះ​នៅពេល​យើង​មានចំណេះដឹង​ពាក់ព័ន្ធ មានបទពិសោធន៍ ស្គាល់​ពី​ទីផ្សារ​អចលនទ្រព្យ​ពិតប្រាកដ នោះ​ឱកាស​នៃ​ការពង្រឹង​ក្រុមហ៊ុន​គឺមាន​ច្រើន ហើយ​ក្រោយពេល​ក្រុមហ៊ុន​មាន​លំនឹង មាន​ដៃគូ​សហការ​ច្រើន និង​មាន​ក្រុម​បុគ្គលិក​បម្រើ​ការងារ ដែលមាន​សមត្ថភាព​ច្រើន​នាក់ នោះ​លុយ​ក៏​នឹង​រត់​មករក​អ្នក​ជាក់​ជាមិនខាន ហើយ​ចំណូល​ដែល​យើង​នឹង​ទទួលបាន វា​មិនមែនជា​ចំណូល​នៃ​ឱកាសនិយម​នោះទេ” ៕

តើ​នៅ​ប៉ែក​ខាង​ណា​ក្រុងភ្នំពេញ​មានតម្លៃ​ដី​ថ្លៃ និង​អភិវឌ្ឍ​ច្រើនជាងគេ?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ទើរតែ​តំបន់​ទាំងអស់ ដែល​ស្ថិតនៅ​ជាយក្រុង ត្រូវបាន​គេ​មើលឃើញថា កំពុង​តែមាន​សកម្មភាព​អភិវឌ្ឍ​ទាំងអស់ ទាស់​ត្រង់​ខ្លះ មានការ​អភិវឌ្ឍ​ទាំងអស់នោះ​មាន​សកម្មភាព​លឿន​រហ័ស និង​យឺត​ជាង​តែប៉ុណ្ណោះ។

តំបន់​នៅ​ជាយក្រុង ទីតាំង​ដែលមាន​សកម្មភាព​អភិវឌ្ឍ និង​មាន​តម្រូវ​ប្រើប្រាស់​ដី​ដើម្បី​សាងសង់​ជា​អគារ​ពាណិជ្ជ ឬ​សំណង់​លំនៅដ្ឋាន ភាគច្រើន​គឺ​ស្ថិត​នៅជាប់ ឬ​ក្បែរ​ផ្លូវជាតិ​ទាំងអស់ ជាពិសេស​ច្រក​ទាំង៤ ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន៤ផ្សេងគ្នា របស់​ខេត្តកណ្តាល​តែម្ដង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា តំបន់​ដែល​ស្ថិតនៅក្នុង​ខណ្ឌ​នា នា​ចំណុះ​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ​ស្ទើរតែ​រក​ផ្ទៃដី​ទំនេរ សម្រាប់​អភិវឌ្ឍ​គម្រោង​ធំ​បាន​ទៀតហើយ ព្រោះតែ​ក្រុមហ៊ុន​អ​ភ​វឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នានា បាន​ទិញ​សម្រាប់​ដំណើរការ​គម្រោង​របស់​ពួកគេ។

លោក​បន្តទៀតថា “នៅតាម​តំបន់​ជាយក្រុង ភាគច្រើន​ឃើញ​មានការ​រីកដុះដាល​ទៅលើ​វិស័យ​សំណង់​លំនៅដ្ឋាន និង​គម្រោង​ឧស្សាហកម្ម​នានា ដូចជា រោងចក្រ សហគ្រាស និង​ឃ្លាំង ជាដើម” ។

លោក​បាន​បន្តទៀតថា នៅពេល​តំបន់​ជាយក្រុង​ទាំងនេះ មាន​តម្រូវការ​ប្រើប្រាស់​ដីកា​ន់​តែ​ច្រើន នោះ​វា​នឹង​ជំរុញ​ឱ្យ​តំបន់ ដែល​ស្ថិត​នៅជាប់​គ្នា​ក៏មាន​សក្ដានុពល​ដែរ។ ដូចជា​នៅ​តំបន់​ផ្លូវជាតិ​លេខ១ បច្ចុប្បន្ន​តម្រូវការ​នៃ​ការប្រើប្រាស់ ដែល​ស្ថិតនៅក្នុង​គម្រោង​ធំ​មួយចំនួន​បាន​រុញច្រាន ទៅដល់​តំបន់​មួយចំនួន នៃ​ស្រុក​កៀនស្វាយ ហើយ​តម្លៃ​ក៏​បន្ត​កើនឡើង។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal  លោក​ឧកញ៉ា​នួន រិទ្ធី ដែលជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន នៅ​តំបន់​ជាយក្រុង ក៏បាន​ទទួលស្គាល់​ទៅនឹង​ការលើកឡើង​ខាងលើ​នេះដែរ។

លោ​បន្តទៀតថា “នៅពេល​តំបន់​កណ្តា​ក​ក្រុង កាន់តែ​មានការ​អភិវឌ្ឍ មនុស្ស​ចូលមក​ធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញ​កាន់តែច្រើន វា​នឹង​ធ្វើឱ្យ​ក្រុង​កាន់តែ​ពង្រីក វិសាលភាព​របស់ខ្លួន” ។

លោក​ឧកញ៉ា​នួន រិទ្ធី បាន​បន្តទៀត នៅពេល​ក្រុង​កាន់តែ​ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ទូលាយ នោះ​តំបន់​ជាយក្រុង​នឹងមាន​តម្រូវការ​អភិវឌ្ឍ។ ដោយសារ​ការអភិវឌ្ឍ​មាន​សន្ទុះ​យ៉ាង​លឿន បាន​ជម្រុញ​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង ស្ថិត​តាមផ្លូវ​ជាតិ​លេខ១មានការ​កើនឡើង។

ចាប់ពី​ចំណុច​គល់ស្ពាន​ច្បារអំពៅ រហូតដល់​ម្តុំ​បុរី​ប៉េង​ហួត តម្លៃ​ដី​អាច​ចាប់ពី២០០០ ទៅ ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ចាប់ពី​តំបន់​ម្ដុំ​បឹង​ស្នោ រហូតដល់​តំបន់​ផ្លូវបំបែក​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ អាចមាន​តម្លៃ​ក្នុង​ចន្លោះ ១៥០០-២០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

ដោយឡែក​ចាប់ពី​តំបន់​ផ្លូវបំបែក ចូល​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ រហូតដល់​ផ្សា​រគរ​គី អាចមាន​តម្លៃ​ក្នុង​ចន្លោះ២៥០ -៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បើ​នៅ​តំបន់​ទីប្រជុំជន​ផ្សារ​គឺមាន​តម្លៃ​ថ្លៃ។ ប៉ុន្តែ​បើ​ចាប់ពី​តំបន់​ផ្សារ​គគី រហូតដល់​ផ្លូវបំបែក​ចូលទៅ​តំបន់​ពុទ្ធ​មណ្ឌល (ផ្លូវ​លេខ១១៦) ដែល​ស្ថិតនៅ​ក្នុ​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ គឺមាន​តម្លៃ​ជាង១០០ដុល្លារ​ឡើងទៅ ហើយ​វា​នឹង​បន្ត​កើនឡើង​បន្ថែមទៀត។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់ លោក​ឧកញ៉ា​នួន រិទ្ធី៕

តម្លៃ​រថយន្ត​មួយ​ទឹក​មកកាន់​កម្ពុជា​ចាប់ផ្ដើម​ឡើងថ្លៃ ខណៈ​ពន្ធ​នាំចូល​រថយន្ត​ថ្មី​ថយចុះ

ដោយៈ​សហការី

ភ្នំពេញៈ ទីផ្សារ​រថយន្ត​មួយ​ទឹក​ឬ​ជជុះ​នៅ​កម្ពុជា នឹង​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ខណៈ​ពន្ធ​នាំចូល ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ដំឡើងថ្លៃ ។តែ​សម្រាប់​ប្រភេទ​រថយន្ត​មួយចំនួនទៀត តម្លៃ​ពន្ធ​ក៏មាន​ការ​ថយ​បន្តិច​ដែរ។

យោងតាម​តារាង​តម្លៃ​ពន្ធ​នាំចូល​រថយន្ត​មួយ​ទឹក មកកាន់​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ ២០២១នេះ​បាន​បង្ហាញថា រថយន្ត​ខ្លះ បាន​ឡើងថ្លៃ​ពន្ធ​រហូតដល់២ម៉ឺន​ដុល្លារ និង​ខ្លះទៀត​ត្រឹម១ពាន់ ឬ២ពាន់​ដុល្លារ យោងទៅតាម​ឆ្នាំ​ផលិត និង​កំលាំង​ម៉ាស៊ីន ។

លោក​សុខ រឹទ្ធី​សៅ ជា​អ្នកទិញ​លក់ និង​នាំចូល​រថយន្ត​ពី​ក្រៅប្រទេស​មកកាន់​ទីផ្សារ​កម្ពុជា​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា តម្លៃ​ឡាន​មួយ​ទឹក​ពិតជា​ឡើងថ្លៃ​មែន តែ​ក៏មាន​ប្រភេទ​រថយន្ត​ខ្លះ​ចុះថ្លៃ​ដែរ ក្នុងនោះ​ឡើង​ជាង​មុន សម្រាប់​រថយន្ត​ផលិត​ឆ្នាំ២ឥ០៦ចុះក្រោម នឹង​ឡើងថ្លៃ​ខ្ទង់ ២ទៅ៣ពាន់​ដុល្លារ​ដែរ បើ​ធៀប​ជាមួយនឹង​ឆ្នាំមុន ឆ្នាំ២០២០ ។

លោក​បន្តថា បើ​រថយន្ត​ផលិត​នៅ​ឆ្នាំ២០០៧ ទៅ២០០៩ ចុះថ្លៃ​ប្រហែល២ពាន់​ដុល្លារ​អាមេរិក ហើយ​សម្រាប់​ឡាន​ផលិត​នៅ​ឆ្នាំ២០១០ មាន​ខ្លះ​ចុះថ្លៃ​រហូតដល់៥ពាន់​ទៅ៦ពាន់​ដុល្លារ​ក៏មានដែរ។ ចំណែក​ឡាន​រថយន្ត​ឡិច​ស៊ី​ស៤៧០ ផលិត​ឆ្នាំ២០០៦ចុះក្រោម​គ្រាន់តែ​សាច់​ពន្ធ​ឡើងថ្លៃ ខ្ទង់៥ពាន់​ដុល្លារ​អាមេរិក​រួចទៅហើយ។

លោក​បន្តថា ហាងឆេង​ឡាន​មួយ​ទឹក មិន​ងាយ​ធ្លាក់​ចុះថ្លៃ​នោះទេ ដោយសារតែ​អ្នករកស៊ី​ឡាន​មួយ​ទឹក​ច្រើនពេក ហើយ​អ្នកខ្លះ​យក​ឡានអន់ៗមក​លក់​ក្នុងតម្លៃ​ទាប ធ្វើឱ្យ​ភ្ញៀវ​ចង់​ទិញ​តែ​ឡាន​ដែលមាន​តម្លៃ​ទាប តែ​មិន​ប៉ុន្មាន​ឡាន​នោះទេ ឡាន​ក៏​ខូច​ធ្វើឱ្យ​ហាងឆេង​ឡាន​មួយ​ទឹក​មាន​បញ្ហា​តែម្ដង។

លោក​សុខ រិ​ទ្ឋី​សៅ​បាន​បន្ថែមថា មាន​ពលរដ្ឋ​មួយចំនួន​មិន​ចង់​ប្រើ​ឡាន​ថ្មី​ទេ ព្រោះ​គេ​គិតថា ឡាន​ថ្មី​ឆាប់​ស្រអាប់​ពណ៌ ហើយ​ពេល​លក់​វិញ​ទៅ​ខាត​ច្រើន ទើប​គេ​ទិញ​តែ​ឡាន​មួយ​ទឹក​ពី​ស្រុក​គេ​មក​ជិះ ហើយ​បើ​ចង់​លក់​វិញ​ក៏​មិន​ខាត​ច្រើន​ប៉ុន្មាន​ដែរ ពេលខ្លះ​ថែមទាំង​ចំណេញ​ទៅទៀត ចំណែក​ឡាន​ថ្មី​ដឹង​តែ​ខាត​ហើយ ។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ រដ្ឋាភិបាល​បានសម្រេច​បន្ធូរបន្ថយ ពន្ធ​នាំចូល​រថយន្ត​ថ្មី​មកកាន់​ប្រទេស​កម្ពុជា ជាពិសេស​រថយន្ត​ប្រភេទ​ទេសចរណ៍ ហើយ​អ្នក​នាំចូល​រថយន្តថ្មីៗមកកាន់​កម្ពុជា​ក៏​អបអរ​នូវ​ការសម្រេច​នេះដែរ តែ​រដ្ឋាភិបាល​ក៏បាន​ដំឡើង​ពន្ធ​នាំចូល​រថយន្ត​សម្រាប់​អ្នក​នាំចូល​ផ្ទាល់ខ្លួន​ផងដែរ។

លោក​សេង វឹង ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន RMA Asia ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​កម្ពុជា ពិសេស​ទីក្រុង​ភ្នំពេញ រថយន្ត​ថ្មី​ដែល​ចរាចរណ៍​នៅលើ​ដក​ផ្លូវ​មាន​ប្រមាណ១០ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​នឹង​បន្ត​កើនឡើង ដោយសារ​ប្រជា ពលរដ្ឋ​កាន់តែ​មានកា​រ​យល់ដឹង​ពី​រថយន្ត​ថ្មី ដែល​ផ្តល់​ផាសុខភាព សុវត្ថិភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់៕

ចំណេះដឹង​ជំនួញ៖ បើ​ខ្វះ​ចំណុច១ ក្នុងចំណោម៤ អាជីវកម្ម​របស់​អ្នកនឹង​បរាជ័យ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មិន​ថា​ការ​ទោះជា​ប្រកប​មុខ​ជំនួញ​ប្រភេទ​ណា​នោះទេ មុនពេល​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម ក្រៅពី​មាន​ដើមទុន​បម្រុង ដែលជា​ចំណុច​មួយ​ក្នុងចំណោម​ទាំង៤ រួចរាល់​ហើយ​នោះ អ្នក​ចាំបាច់​ត្រូវតែមាន​ចំណុចសំខាន់ៗទាំង៣បន្ថែមទៀត ហើយ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ទើប​អាជីវកម្ម​របស់​អ្នក​មិន​ជួប​ហា​នី​ភ័យ។

ផ្អែក​តាម​ការបង្ហាញ​នៅក្នុង​កំណត់ត្រា ពី​វិធី​អាជីវកម្ម​ឈានមុខ ដែល​លើកឡើង​ពីបទ​ពិសោធន៍​របស់​ស​ហ​គ្រិន បង្កើត​អាជីវកម្ម​ខ្នាតតូច និង​មធ្យម និង​ទទួលបាន​ជោគជ័យ បានបញ្ជាក់​ពី​ចំណុចសំខាន់ៗ ដែលជា​គោលការណ៍​ក្នុងការ​ដំណើរការ​អាជីវកម្ម ដើម្បី​បញ្ចៀស​នូវ​រាល់​ហានិភ័យផ្សេងៗ ក្រោម​ការប្រកួតប្រជែង​ពី​សំណាក់​ដៃគូ នៅលើ​ទីផ្សារ។

តើ​អ្វី​ជា​ចំណុចសំខាន់ៗ ដែល​ធ្វើជា​សរសរ​ស្តម្ភ​ទាំង៤?

១.ដើមទុន

តាម​ធម្មតា​ការធ្វើ​អាជីវកម្ម អាច​ទទួលបាន​ជោគជ័យ ឬ​ជួបនឹង​ហានិភ័យ​គឺ​ដើរ​ទន្ទឹមគ្នា។ ដូច្នេះ​ដើម្បីឱ្យ​ប្រាកដថា អាជីវកម្ម អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន លុះត្រាតែ​អ្នកជំនួញ​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​រៀបចំ​ដំណើរការ​ក្រុមហ៊ុន និង​មាន​ថវិកាបម្រុង​មួយចំនួន នៅពេលដែល​ក្រុមហ៊ុន​មាន​តម្រូវ​ការចាំបាច់ ឬ​បន្ទាន់​ណាមួយ។

២.ពេលវេលា

អ្នកជំនួញ​ត្រូវ​ចេះ​មើល​ឱកាស និង​ពេលវេលា​ស័ក្ដិសម សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន។ ថ្វី​ត្បិត​ថា​អាជីវកម្ម​ប្រភេទ​ខ្លះ មាន​ច្រើន​នៅលើ​ទីផ្សា​រួចហើយ ប៉ុន្តែ​យើង​នៅតែ​អាច​មើលឃើញ​ឱកាស ដើម្បី​ប​ញ្ជ្រៀ​ត​ផលិតផល​របស់ខ្លួន ចូលក្នុង​ទីផ្សារ​បាន។ ការប្រកួតប្រជែង​ត្រូវបាន​ធ្វើឡើង​ទាំង​តម្លៃ និង​គុណភាព ធ្វើយ៉ាងណា​ទទួលបាន​កា​រ​គាំទ្រ​ពី​អតិថិជន។

អ្នកជំនួញ​វ័យឆ្លាត មិនមែន​គិតតែ​ពី​ការយក​ពេលវេលា និង​ចំណាយ​ដើមទុន​ទៅ​ប្រជែង​ជាមួយ​គេ​នោះទេ តែ​ត្រូវ​ទុក​ឱកាស​ស្វែងរក​យុ​ទ្ឋ​សាស្ត្រល្អៗ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ដើម្បី​អាជីវកម្ម​របស់ខ្លួន។

៣.ជំនាញ

ចង់​ធ្វើ​អាជីវកម្ម​អ្វីមួយ​ត្រូវ​ប្រាកដថា ខ្លួនឯង​មាន​ជំនាញ​ច្បាស់លាស់ ទើប​អាជីវកម្ម​ដំណើរ​ទៅមុខ​ដោយ​រលូន បើ​គ្មាន​ជំនាញ​រវល់​តែ​រឿង​ស្វែងរក​ឱ្យគេ​ជួយ វា​អាច​នឹង​មិនមាន​លទ្ធផល ឬ​អាច​អូសទាញ​អាជីវ​កម្មបស់​អ្នក ឱ្យ​ធ្លា​ក់ដាំ​ក្បាល​ចុះ​ក៏​អាច​ថា​បាន។ ដូច្នេះ​អ្នក​ត្រូវតែមាន​ជំនាញ ដែល​ពាក់ព័ន្ធ​ធ្វើជា​បង្អែក មិន​ថា​ជំនាញ​អ្នកគ្រប់គ្រង ឬ​ជំនាញ​ដែល​ប្រភេទ​អាជីវកម្ម​នោះទេ។

ប៉ុន្តែ ទោះជា​អ្នកមាន​ជំនាញ​ផ្ទាល់ខ្លួន អ្នក​ក៏ត្រូវ​រក​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​នោះដែរ ដើម្បី​ជា​ជំនួយការ​ដល់​ការងារ​របស់ខ្លួន។ បន្ថែម​ពីនេះ អ្នក​ក៏ត្រូវ​ដាក់​មនុស្ស​ឱ្យធ្វើ​ការ​ទៅតាម​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ​ផងដែរ ទើប​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ដំណើរការ​ទៅមុខ​បាន​លឿន។

៤.ការសម្រេចចិត្ត

មុននឹង​សម្រេចចិត្ត​បើក​អាជីវកម្ម ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ឱ្យ​ច្បាស់លាស់ ពិសេស​ស្វែងរក​មិត្ត​ភក្ត្រ ឬ​អ្នកជំនាញ ធ្វើការ​ប្រឹក្សា​យោបល់​លើ​មុខ​ជំ​នូ​ញ ដើម្បី​ប្រាកដថា​អាជីវកម្ម​ដែល​ចង់​រកស៊ី អាច​ដំណើរការ​ទៅបាន​ដោយ​រលូន។ នៅពេលដែល​មានការ​ប្រឹក្សា​យោបល់​ច្បាស់លាស់​ហើយ យើង​ត្រូវ​ពិនិត្យ​ពេលវេលា​បន្ថែមទៀត បើ​គិតថា​ពេលវេលា​មកដល់​ហើយ ឱកាស​បាន​ហុច​មកឱ្យ​ហើយ គួរ​ចាប់​ឱ្យ​ជាប់ ដើម្បី​យក​ឱកាស​ទាំង​នោះមក​ធ្វើជា​ប្រយោជន៍ ធ្វើជា​មាស​ពេជ្រ​សម្រាប់​ក្រុមហ៊ុន​ឱ្យបាន៕

ការនាំចេញស្រូវ-អង្ករកម្ពុជាក្នុងរយៈពេល២ខែ សម្រេចបានចំណូលជិត១៨០លានដុល្លារ

ដោយ ៖ ឧត្តម

ភ្នំពេញ ៖ បើទោះបីជាជំងឺកូវីដចូលរាតត្បាតយ៉ាងក្តី ប៉ុន្តែកសិផលកម្ពុជា នៅតែបន្តការនាំចេញ គ្រាន់តែរយៈពេល២ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តជាតិសរុប ៧៦ ២២២តោន បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការធ្លាក់ចុះ ៤៤.១៦ភាគរយ ។ ដោយឡែកការនាំចេញស្រូវទៅលក់ប្រទេសវៀតណាម តាមខេត្តព្រៃវែង បានជាង៤០ម៉ឺនតោន ដែលគិតជាទឹកប្រាក់នៃការនាំចេញទាំង២ប្រភេទនេះសរុបជិត១៨០លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការនាំចេញអង្ករជាង៧ម៉ឺនតោន នៅរយៈពេល២ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជិត៦៥លានដុល្លារអាមេរិក។ ចំពោះទិសដៅទីផ្សារនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧ភាគរយ គិតជាបរិមាណគឺមានចំនួន ៣៧,៦៣០ តោន។ ហើយទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១ភាគរយ គិតជាបរិមាណ មានចំនួន ១៨,៩៩៦ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨,៨៥០ តោន។

ចំណែកទីផ្សារបន្ទាប់ ដែលមានចំណែក ៨ភាគរយ គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសង្ហបុរី ដែលមានចំនួន ៦,២២៩ តោន និងចំណែក ១៨ភាគរយ ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣,៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេនជាដើម។

ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧ភាគរយ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល, ម្លិះ, សែនក្រអូបជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦៥,៣៧៤តោន។ អង្ករស ត្រូវបាននាំចេញ ១០,១១៦ តោន និងអង្ករចំហុយ មាន៧៣២តោន ។

ដោយចំពោះ ការនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនក្នុងខេត្តព្រៃវែង ក៏កំពុងដំណើរការយ៉ាងរលូនផងដែរ ក្នុងនោះ រយៈពេល២ខែ ឆ្នាំ២០២១នេះ ទំនិញស្រូវនាំទៅលក់ បានចំនួន៤១៧,៤៣៦តោន គិតជាទឹកប្រាក់ស្មើនឹង១១១,០៩៦,០០២ដុល្លារ ខណៈអាជ្ញាធរខេត្តព្រៃវែង បានខិតខំចុះសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឲ្យទំនិញខ្មែរ ទៅលក់នៅក្នុងប្រទេសវៀតណាម បានដោយរលូន។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយថា ស្ថានភាពស្រូវនាំចេញតាមច្រកនីមួយៗ និងតម្លៃស្រូវក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្រូវនាំចេញតាមច្រកពាមន្ទា នៅស្រុកកំពង់ត្របែក ចំនួន២៦០តោន ក្នុងមួយថ្ងៃ និងតាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ចំនួន៨,៨៩៥តោន ក្នុងមួយថ្ងៃ និងតាមច្រកកោះរកា ស្រុកពាមជរ ចំនួន៤,០៤៥តោន ក្នុងមួយថ្ងៃ ហើយការនាំចេញស្រូវទូទាំងខេត្តព្រៃវែង សរុប១៣,២០០តោន ក្នុងមួយថ្ងៃ។ ស្រូវរបស់កសិករដែលនាំមកលក់នៅតាមច្រកព្រំដែន នៅខេត្តព្រៃវែងនេះ មានមកពីខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្នុងនោះស្រូវ OM ៥៤៥១ មានតម្លៃ១ ,០១០រៀល ក្នុងមួយគីឡូក្រាម និងស្រូវអីអ៊ែរ៥០៤ មានតម្លៃ១,០៩០រៀល ក្នុងមួយគីឡួក្រាម ៕

ការសិក្សាៈ តម្លៃលំនៅដ្ឋាននៅកម្ពុជាខ្ពស់ជាងចំណូលរបស់ប្រជាជនជិត៤០ដង

ដោយៈ សាវុធ

ភ្នំពេញៈ តម្លៃអចលនទ្រព្យ បើប្រៀបធៀបនឹងប្រាក់ចំណូល គិតជាមធ្យមនៅកម្ពុជា និងទីក្រុងហុងកុង បានធ្លាក់ចុះច្រើនជាងប្រទេសដទៃទៀត ចាប់តាំងពីមានវិបត្តិនៃជំងឺរាតត្បាត។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Aetna ចេញផ្សាយកាលពីថ្មីៗនេះ។

តម្លៃអចលនទ្រព្យនៅកម្ពុជា បានធ្លាក់ចុះពី -៦.៥៨ ឬថ្លៃជាង៣៩.៨៩ដង ប្រៀបធៀបនឹងប្រាក់ចំណូល ជាមធ្យមរបស់ប្រជាជនកម្ពុជា នៅចន្លោះឆ្នាំ២០១៩ និង២០២០ ហើយនៅហុងកុងធ្លាក់ចុះ៥,៨៦ ឬស្មើនឹង៤៣.៥២ដឹង ខណៈទីផ្សារអាស៊ីទាំងពីរនេះនៅតែមានតម្លៃថ្លៃជាងគេនៅលើពិភពលោក។

តម្លៃអចលនទ្រព្យនៅកម្ពុជាស្មើនឹង៤៦ដង បើធៀបនឹងប្រាក់ចំណូលរបស់ប្រជាជនជាមធ្យម នៅឆ្នាំ២០១៩ ហើយធ្លាក់ចុះ៦.៥៨ភាគរយ មកនៅត្រឹម៣៩.៨៩ដងនៅឆ្នាំ២០២០។

តម្លៃអចលនទ្រព្យ ដែលសំដៅទៅលើលំនៅដ្ឋាន (ផ្ទះ) ធ្លាក់ចុះនេះ មានន័យថា លំនៅដ្ឋានមានតម្លៃទាប ធៀបនឹងចំណូលរបស់ប្រជាជន។

គិតត្រឹមឆ្នាំ២០២១ ចំណូលរបស់ប្រជាជនម្នាក់ៗ គិតជាមធ្យមមាន១,.៦៨០,០២ដុល្លារ ខណៈតម្លៃលំនៅដ្ឋានគិតជាមធម្យម៧ម៉ឺនដុល្លារ នៅតំបន់ជាយក្រុង និងតម្លៃលំនៅដ្ឋានទាប ឬខ្ពស់អាស្រ័យទៅលើទីតាំង និងគម្រោងអភិវឌ្ឍន៍។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់សំណង់ទូទាំ​ងប្រទេសចំនួន៤.៨៤១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង២៩លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ៧,៧៥ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ៣២,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕

ផ្សារទំនើបខា្នតយក្សចំនួន៣ កំពុងប្រមូលផ្តុំគ្នាក្នុងតំបន់មួយនៅរាជធានីភ្នំពេញ

ដោយៈ ឧត្តម

ភ្នំពេញៈ ជាមួយនឹងការរីកចម្រើន នៃវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញ និងនៅតាមតំបន់ជាយៗក្រុងនោះ គេសង្កេតឃើញមានផ្សារទំនើបធំៗ មួយចំនួនត្រូវបានបង្កើតឡើង ទាំងនៅកណ្តាលទីក្រុង និងនៅជាយក្រុងភ្នំពេញ។

ប៉ុន្តែគេក៏មានការចាប់អារម្មណ៍ ទៅលើផ្សារខ្នាតយក្សចំនួន៣ ដែលត្រូវបានបង្កើតឡើងនៅក្នុងតំបន់តែមួយ នៃប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅខណៈពេលតំបន់ដទៃទៀតមិនទាន់មានផ្សារទំនើប និងធំៗបែបនេះនៅឡើយ។

ផ្សារខ្នាតយក្សទាំង៣នោះ រួមមាន៖ផ្សារទំនើប PH  Diamonond Place ផ្សារទំនើ​បជីបម៉ុង២៧១មេហ្គាម៉ល និងផ្សារទំនើបអ៊ីអនម៉ល៣។ តើការបង្កើតផ្សារទំនើបខ្នាតយក្ស នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នោះផ្តល់សារៈសំខាន់ និងភាពទាក់ទាញអ្វីខ្លះ?។

លោកឧកញ៉ានួន រិទ្ធី ជាអ្នកជំនាញលើវិស័យអចលនទ្រព្យបានមានប្រសាសន៍ថា ការបង្កើតផ្សារធំៗ នៅតំបន់ប៉ែកខាងត្បូងនោះ គឺវាពាក់ព័ន្ធនឹងតម្រូវការ ហើយពាក់ព័ន្ធនឹងការពង្រីកទីក្រុងថ្មីច្រើន ជាពិសេសព្រលានយន្តហោះ នៅប៉ែកខាងត្បូងរាជធានីភ្នំពេ​ញ ជាពិសេសខេត្តកណ្តាល ដែលត្រូវបានអភិវឌ្ឍន៍ទៅជាលំនៅដ្ឋន ក្នុងនោះយើងឃើញហើយថាមានតម្រូវការផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម សម្រាប់ផ្គត់ផ្គង់ទៅលើភាពត្រូវការ និងផ្តល់ផលប្រយោជន៍ធំទៅលើផ្នែកពាណិជ្ជកម្ម។

ពាក់ព័ន្ធនឹងការផ្គត់ផ្គង់នេះ យើងមើលឃើញពីតម្រូវការនាពេលអនាគត ការរីកលូតលាស់នៃខ្សែក្រវ៉ាត់ក្រុងទី២ និងទី៣នៅប៉ែកខាងត្បូងនោះ អ៊ីចឹងហើយកាលណាមានផ្លូវ មានទឹក ភ្លើង មានការអភិវឌ្ឍន៍ មានមនុស្សរស់នៅគឺមានតម្រូវការ ។

លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងបន្តទៀតថា ការកកើតសំណង់នៅប៉ែកខាងត្បូងជាសំណង់ថ្មី ដែលមានតម្លៃលើសពីមធ្យមភាគច្រើន។ ដូច្នេះតម្រូវការរបស់អ្នកមានមធ្យម និងលើមធ្យមគឺមានច្រើន គេធ្វើផ្សារដើម្បីផ្គត់ផ្គង់ឱ្យអ្នកទាំងអស់នោះ ជាទីផ្សារគោលដៅ ដែលបានធ្វើឱ្យតម្លៃដីនៅតំបន់នោះហក់ឡើងខ្លាំង។

លោកបន្តថា “យើងឃើញហើយ នៅតំបន់ភាគខាងត្បូងជុំវិញផ្សារ គោលដៅនោះគឺពាក់ព័ន្ធនឹងតម្លៃ អាចចន្លោះពី២០០០ដុល្លារទៅ ៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់ដែលសាងសង់ផ្សារនោះ។

ទោះជាយ៉ាងណាលោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានព្រលានថា ទំហំផ្សារទំនើបនៅកម្ពុជា នឹងកើនឡើងដល់៨៦ម៉ឺនម៉ែត្រការ៉េ​នៅដំណាច់ឆ្នាំ២០២១នេះ ដែលធ្វើឲ្យការប្រកួតប្រជែងមានការកើនឡើង។លោកស្រី​បន្តថា ទំហំផ្សារទំនើបបានកើនឡើងលើសតម្រូវការនៅតំបន់ខ្លះ ដែលធ្វើឲ្យផ្សារទំនើបខ្លះអាចពន្យាពេលបើកដំណើរការនៅចុងឆ្នាំ២០២១នេះ។

លោកស្រីបន្តថា “វាត្រូវការពេលវេលានៃការស្រូបយក អំណាចប្រើប្រាស់ពីអតិថិជន បើទោះកំលាំងទិញបានកើនឡើងក្តី ប៉ុន្តែវាមិនទាន់ដល់កម្រិតដែលយើងចង់បាន ពិសេសវាមិនទាន់ឆ្លើយតបនឹងការផ្គត់ផ្គង់នៅឡើយទេ”៕

រយៈពេល២ខែដំបូងដើមឆ្នាំ២០២១ កម្ពុជាទទួលបានទុនវិនិយោគថ្មីបន្ថែមជិត៧៥០លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២១កន្លងទៅ បើទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈម ទៅនឹងការរីករាលដាលនៃព្រឹត្តិការណ៍២០កុម្ភៈ កំពុងអូសបន្លាយក៏ដោយ ប៉ុន្តែសគម្រោងវិនិយោគថ្មីៗកម្ពុជា ទទួលបានចំនួន២៧គម្រោងថ្មីបន្ថែមទៀត ដែលមានទំហំទុនសរុបជិត៧៥០លានដុល្លារ។

តាមរយៈកំណត់ត្រាដែលចេ​ញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ចំនួន២៧គម្រោង ដែលមានទំហំទុនសរុបចំនួន៧៤៦.៣លានដុល្លារ និងផ្តល់ឱកាសការងារបានចំនួន១៩ ២៦៨កន្លែង។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង២៧ខាងលើនេះ ភាគច្រើន ជាគម្រោងបង្កើតរោងចក្រក្នុងវិស័យកាត់ដេរ វាយនភណ្ឌ កាបូប ហើយក្រៅពីនោះមានរោងចក្រផលិតសំបកកង់យានយន្ត គ្រឿងបន្លាស់ ផលិតសាឡុង គ្រែ គ្រឿងសង្ហារឹម អេឡិចត្រូនិក និងគម្រោងសាងសង់មន្ទីរពេទ្យ រួមទាំងគម្រោងបង្កើតរោងចក្របន្ថែមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

កាលពីឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក ដោយតម្លៃទុនវិនិយោគនេះ គឺធ្លាក់ចុះ១២ភាគរយបើធៀបនឹងឆ្នាំ២០១៩៕