ដោយៈគង់ សូរិយា
ភ្នំពេញៈ ខេត្តចំនួន៣ផ្សេងគ្នាជុំវិញរាជធានីភ្នំពេញ កំពុងទាក់ទាញការវិនិយោគលើដីធ្លី សម្រាប់ធ្វើការអភិវឌ្ឍ និងលក់បន្តយកចំណេញនៅឆ្នាំបន្ទាប់ ប៉ុន្តែសកម្មភាពទាំងនោះហាក់ស្ងប់ស្ងាត់ ដោយសារវិបត្តិកូវីដ១៩។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បណ្តាខេត្តដែលមានប្រជាប្រិយភាពបន្ទាប់ពីរាជធានីភ្នំពេញ រួមមានចំនួន៣ ដែលស្ថិតនៅក្បែរតំបន់អភិវឌ្ឍន៍ធំៗ ស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ”។
លោកបានបន្តថា “ដីដែលអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ទិញទុកនៅពេលបច្ចុ ប្បន្ននេះ ភាគច្រើនគឺសុទ្ធតែស្ថិតនៅតំបន់ ដែលកំពុងមានការអភិវឌ្ឍ និងក្នុងតំបន់ដែលគ្រោងអភិវឌ្ឍក្នុងពេលឆាប់ខាងមុខនេះ”។
តំបន់ដែលមានភាពពេញនិយមពីអ្នកវិនិយោគ មានដូចជាតំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តចំនួន៣ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ក្រៅពីនេះនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ រួមជាមួយគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលអាចស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
អតីតនាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ក្នុងអំឡុងពេលនេះ ភាគច្រើនអ្នកវិនិយោគ មិនចង់បញ្ចេញកញ្ចប់ថវិកាច្រើននោះទេ បើបញ្ចេញក៏ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចក្រោមទំហំ១លានដុល្លារចុះក្រោយតែប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា “ពេលនេះអ្នកមានលុយ គេសម្លឹងមើលពីឱកាសទិញទុកវិនិយោគ នៅពេលណាមានដី ឬអចលនវត្ថុណាដែលមានតម្លៃក្រោមទីផ្សារ គឺគេទិញទុកភ្លាម ប៉ុន្តែទាំងអស់នេះ ក៏មានតែចំពោះអ្នកមានទុនគ្រប់គ្រាន់តែប៉ុណ្ណោះ បើចំពោះអ្នកមិនមានទុនគ្រប់គ្រាន់ ឬពឹងពាក់ទៅលើកម្ចីពីធនាគារ ក៏មិនមែនជាជម្រើសល្អនោះដែរ”៕