រដ្ឋាភិបាលចុះបញ្ជីរភ្នំចំនួន២នៅក្នុងខេត្តកំពតជាតំបន់បេតិកភ័ណ្ឌធម្មជាតិ

ដោយៈ គង់ សូរិយា

កំពតៈ រដ្ឋាភិបាល ដែលមានក្រសួងក្រសួងបរិស្ថានជាសេនាធិការ បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ២ក្នុងទឹកដីខេត្តកំពត ជាតំបន់បេតិកភ័ណ្ឌធម្មជាតិ។

យោងតាមអនុក្រឹត្យលេខ១២ អនក្រ.បក និងលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា ភ្នំទាំងពីរនេះ មានផ្ទៃដីសរុបប្រមាណ១០៨.៤៤ហិក​តា ជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីពង្រឹង និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុ​ស្ស​ជំនាន់ក្រោយ។

អនុក្រឹត្យដដែលបានបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិទី១ គឺភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដីទំហំ២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំទូកមាសខាងលិច ស្រុកបន្ទាយ​មាស ខេត្តកំពត។ និងភ្នំដែលអភិរ័ក្សជាបេតិកភណ្ឌធម្មជាតិទី២ គឺភ្នំទទុង-ភ្នំតូច ដែលមានផ្ទៃដីទំហំ៨៣.៤៤ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។

ការចុះបញ្ជីភ្នំធម្មជាតិទាំងពីរនេះ គឺដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ។

គិតរហូតមកទល់ពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន១១កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណជាង ២៨០០០ហិកតារួចមកហើយ៕

ក្រុមហ៊ុនប៉េង ហួតគ្រុបបន្តចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១០ម៉ឺនដុល្លាអាមេរិកជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា

ដោយៈសហការី

ភ្នំពេញៈក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១០០.០០០ ដុល្លារ ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។

ការចូលរួមឧបត្ថម្ភថវិកានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ សកម្មភាពនេះ គឺជាការចូលរួមរបស់ក្រុមហ៊ុនជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់សមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ។​

សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើត និងទទួលស្គាល់ដោយរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១៩០ប្រក ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ កាលពីឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន​៥០០លានរៀល​ជាការឧបត្ថម្ភដំបូង និង​២៤ម៉ឺនដុល្លារប្រចាំឆ្នាំ។

ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និងក្រុមហ៊ុនផ្សេងៗទៀតបានចាប់ផ្តើមចូលរួមឧបត្ថម្ភជាថវិកាចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំ។

នៅពេលចាប់ផ្ដើមដំណើរការដំបូង សមាគមមានសមាជិកសកម្ម ដែលជាអ្នកប្រក​ប​របរធាក់ស៊ីក្លូសរុប ចំនួន​៣២៣​រូប ប៉ុន្តែ​នាពេលបច្ចុប្បន្ន​សមាគម នៅសល់សមាជិកសកម្មជាង២០០​រូប​តែប៉ុណ្ណោះ ដោយមូលហេតុ​សមាជិកមួយចំនួន បានទទួលមរណភាពដោយជរាពាធ និងរោគាពាធ៕

ការផ្គត់ផ្គង់លំនៅដ្ឋានកាន់តែច្រើន កាន់តែតម្រូវឱ្យអ្នកអភិវឌ្ឍន៍បង្កើនគុណភាព

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅដើមឆ្នាំ២០២១នេះ បើទោះជាស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ នៅតែបន្ត ប៉ុន្តែចំពោះការអភិវឌ្ឍលើវិស័យលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តសកម្មភាពជាមួយនឹងការប្រកួតប្រជែងគ្នា ដើម្បីអាចទទួលបានភាពជោគជ័យ ទៅលើគម្រោងវិនិយោគរបស់ខ្លួន។

អគ្គនាយកក្រុមហ៊ុន Premium Group លោកម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះថា ការប្រកួតប្រជែង បាននាំយកមកនូវភាពល្អប្រសើរ ដែលក្រៅពីផ្តល់ជម្រើសល្អសម្រាប់អតិថិជន វាក៏បានចូលរួមពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែខ្លាំង និងបង្កើនការផ្តល់ទំនុកចិត្តពីអតិថិជន ហើយអ្វីដែលសំខា​ន់គឺអាចពង្រឹងនូវគុណភាព វិស័យសំណង់នៅកម្ពុជាថែមទៀត ដូច្នេះការប្រកួតប្រជែងមានភាពចាំបាច់បំផុត។

លោកបានបញ្ជាក់ថា បច្ចុប្បន្នតំបន់ ដែលមានគម្រោងអភិវឌ្ឍន៍វិស័យសំណង់ និងលំនៅដ្ឋានគឺមាននៅជុំវិញរាជធានីភ្នំពេញ ដូចជា នៅតំបន់ផ្លូវជាតិលេខ៦ក្នុងខណ្ឌជ្រោយចង្វារ នៅតំបន់ផ្លូវ៥១ នៅព្រែកព្នៅ នៅតំបន់ផ្លូវជាតិលេខ៣ នៅតំបន់ព្រៃស នៅក្បែរផ្លូវ៦០ម៉ែត្រ ក៏ដូចជានៅតំបន់ផ្លូវជាតិលេខ១ ដែលមានទាំងគម្រោងលំនៅដ្ឋានកម្រិ​តសមរម្យ និងគម្រោងលំនៅដ្ឋានកម្រិតអភិជន ហើយគម្រោងសាងសង់ទាំងអស់នេះនៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយនោះទេ។

ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាង ប្រធានKw Cambodia និងជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍ថា នៅពេលដែលវិស័យសំណង់កាន់តែមានភាពរីកចម្រើនខ្លាំង ការប្រកួតប្រជែងនៅលើទីផ្សារវិស័យមួយនេះ កាន់តែមានភាពតាន់តឹងខ្លាំង ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ចាំបាច់ ត្រូវតែមានការយកចិត្តខ្ពស់ ទៅលើគុណភាពសំណង់ និងលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។

លោកបន្តទៀតថា  “នៅលើទីផ្សាររួម មិនថាចំពោះតែវិស័យអ្វីនោះទេ ការប្រកួតប្រជែងគឺចាំចាប់ត្រូវតែខ្លាំងជាងដៃគូ និងប្រកបដោយទំនុកចិត្តខ្ពស់ ទើបអាចទទួលជោគជ័យ។ ឧទាហរណ៍ដូចជាវិស័យសំណង់លំនៅដ្ឋានជាដើម”។ លោកបន្តថា “ក្នុងខណៈពេលទីផ្សារអចលទ្រព្យ កំពុងមានការប្រកួតប្រជែងគ្នា អ្នកមានទុនវិនិយោគគ្រប់គ្រាន់នឹងទទួលបានជោគជ័យ។ ផ្ទុយទៅវិញ អ្នកប្រកាសគម្រោងហើយរង់ចាំប្រាក់ពីអតិថិជនយកទៅសាងសង់ មិនទទួលបានជោគជ័យនោះទេ ហើយថែមទាំងអាចប្រឈមមុខនឹងការសាងសង់មិនចប់ទៀតផង”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា មានន័យថា ចំពោះអ្នកមានលុយសាងសង់គ្រប់គ្រាន់ដើម្បីលក់ គឺមិនប្រឈមនឹងបញ្ហានោះទេ ដែលពេលពួកគេសាងសង់ចប់ គម្រោងរបស់ពួកគេនឹងទទួលបានជោគជ័យ មិនមានបញ្ហាក្នុងទីផ្សារនោះឡើយ៕

៥វិធីសាស្រ្តដើម្បីកាត់បន្ថយភាពតានតឹងពីអារម្មណ៍ទាក់ទងជំងឺកូវីដ១៩

ដោយៈសហការី

ភ្នំពេញៈ ភាពតានតឹងក្នុងអារម្មណ៍របស់មនុស្សទាក់ទងនឹងជំងឺកូវីដ១៩ បាននិងកំពុងធ្វើឲ្យមនុស្សជាច្រើនបាក់ទឹកចិត្ត ឬច្របូកច្របល់ក្នុងអារម្មណ៍ ហេតុនេះការរិះរកវិធី​សាស្រ្ត ដើម្បីកាត់បន្ថយភាពតានតឹងមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យសុខភាពផ្លូវចិត្ត​របស់យើងមានភាពប្រសើរឡើង។

គេហទំព័រhealth.clevelandclinicបានបង្ហាញនូវវិធីសាស្រ្តចំនួន៥ ដើម្បីលោក អ្នកអាចកាត់បន្ថយភាពតានតឹង ដោយសារជំងឺដ៏គួរឲ្យភ័យខ្លាចនេះ។

ទី១ អនុវត្តន៍ការហាត់ប្រាណឱ្យបានទៀងទាត់

ការហាត់ប្រាណមានសារៈសំខាន់ណាស់លើទិដ្ឋភាពទាំងអស់ មិនថាក្នុងពេលមានជំងឺកូវីដ១៩ ឬពេលណានោះទេ ប៉ុន្តែនៅពេលមានការរាតត្បាតកន្លែងហាត់ប្រាណ ត្រូវបិទ តែអ្នកនៅតែអាចជំនួសដោយការហាត់ប្រាណងាយ ដូចជា ដើររត់រត់ឡើងភ្នំឬលេងជាមួយកូន ឬសត្វចិញ្ចឹមរបស់អ្នក។

អ្វីៗទាំងអស់អាចជួយបញ្ចេញអរម៉ូន endorphins (សារធាតុធម្មជាតិដែលជួយឱ្យ​អ្នកមានអារម្មណ៍ធូរស្រាល និងរក្សាឥរិយាបថវិជ្ជមាន)។ វិធីពិសេសមួយទៀតដែលណែនាំដោយវេជ្ជបណ្ឌិតSullivan គឺការហាត់យូហ្គា។

ទី២ ការទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ជាទូទៅ

ជំងឺស្ត្រេស អាចជះឥទ្ធិពលអាក្រក់ទាំងទំលាប់ញ៉ាំ និងការរំលាយអាហាររបស់អ្នក។ ការទទួលទានរបបអាហារល្អ មិនប៉ះពាល់ដល់សុខភាព និងអារម្មណ៍គឺជារឿងសំខាន់បំផុត។

យោងតាមការឱ្យដឹងរបស់FOODNETWORK បានបង្ហាញអាហារមួយចំនួន ដែលអាចជួយកាត់បន្ថយស្រ្តេសបានដែលមាន ដូចជា ផ្លែប័រ ចេក តែក្ដៅ ប្រភេទត្រីដែលមានផ្ទុកជាតិខ្លាញអូមេហ្គា៣ ដូចជាត្រីសាម៉ុងត្រី សាឌីន និងត្រីធូណា គ្រប់គ្រងកម្រិតអាដូនីញ៉ូម អាចជួយឱ្យអារម្មណ៍អ្នកស្ងប់ ការ៉ុត ទឹកដោះគោនិងទឹកដោះគោជូ(គួរជៀសវាងការ៉េម) គ្រាប់ធញ្ញជាតិ សូកូឡាខ្មៅ។

ទី៣ ចំណាយពេលសម្រាក ក្នុងស្ថានភាពនៃការចម្លងនេះ

ការទទួលបានព័ត៌មានគឺឥតដែនកំណត់ទេ ហេតុនេះធ្វើឱ្យអ្នកផ្ទុកដំណឹងកាន់តែច្រើន ខ្លះអាចពិតនិងខ្លះក្លែងបន្លំថែមទៀត ធ្វើឱ្យអារម្មណ៍កាន់តែតានតឹង។ ហេតុនេះត្រូវកំណត់ការទទួលព័ត៌មានថ្មី ដោយមានប្រសិទ្ធភាព។ មួយវិញទៀតក្មេងៗក៏ត្រូវមានកម្រិតមួយផ្ដល់ដំណឹង ឱ្យគេទទួលបានព័ត៌មានដែរ កុំឱ្យលើសពេក។

លោក អ្នកក៏គួរដកឃ្លា ទៅធ្វើការកំសាន្តខ្លះដូចជា លេងល្បែងផ្គុំរូបជាមួយកូនៗ បង្ហាត់បង្រៀនកូននូវចំណេះថ្មីប្លែក ដែលពួកគេចូលចិត្តជាដើម ឬប្រើពេលទៅអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតក៏បាន។

៤ ភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស

ការភ័យខ្លាច និងភាពឯកោ អាចនាំឱ្យមានការធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍។ ហេតុត្រូវបង្កើត ទំនាក់ទំនងជាមួយអ្នកដទៃ ឱ្យបានល្អកុំឱ្យមានអារម្មណ៍ថា ឃ្លាតឆ្ងាយ ឬមានភាពឯកា។ទំនាក់ទំនងនោះអាចជា គ្រួសារ មិត្តភក្តិ មិត្តរួមការងារជាដើម ត្រូវផ្ដល់ភាពកក់ក្ដៅពីចម្ងាយឱ្យគ្នា ព្រោះកាលៈទេសៈនេះកាត់បន្ថយការចេញក្រៅគឺល្អបំផុត។

៥ ទទួលដំណេកឱ្យបានគ្រប់គ្រាន់

វេជ្ជបណ្ឌិតជំនាញបានណែនាំឱ្យជៀសវាងការញុំាដូចជា ដូចជាស្រា កាហ្វេអ៊ីននិងជាតិនីកូទីនមុនពេលចូលគេង។ ជំនួយស្មារតី ជួយឱ្យអ្នកគេងបានលក់ល្អមួយទៀតនោះគឺ ការរៀបចំផែកការឱ្យរួចរាល់សម្រាប់ថ្ងៃស្អែក។ វាជាគន្លឹះមុនចូលគេង ដើម្បីឱ្យអារម្មណ៍ស្ងប់។

ក្នុងស្ថានភាពនៃការរាតត្បាតរបស់កូវីដ១៩ នេះសូមប្រជាជនយើងថែរក្សាសុខភាពឱ្យបានល្អ ទាំងកាយនិងចិត្ត ហើយទិកនិកខាងលើនេះ អ្នកអាចអនុវត្តន៍បានជាមួយគ្រួសារ ដើម្បីបង្កើនភាពស្និតស្នាលមួយកម្រិតទៀត និងជួយឱ្យសុខភាពផ្លូវចិត្ត និងរាងកាយកាន់តែរឹងមាំ៕

អង្គការសហប្រតិបត្តិការសៀងហៃរៀបចំពិធីតាំងពិព័រណ៍អន្តរជាតិ ដោយក្រុមហ៊ុននាំផលិតផលចេញពីកម្ពុជាអាចទៅដាក់តាំងបង្ហាញបាន

ដោយៈឧត្តម

ភ្នំពេញៈ ដើម្បីឱ្យទីផ្សារផលិតផលប្រើប្រាស់កាន់តែធំទូលាយនោះ អង្គការសហប្រតិ​បត្តិការសៀងហៃ បានសហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិចិន នឹងរៀបចំពិព័រពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ 2021 SCO International Investmen and Trade Expo។

កម្មវិធីពិព៌ណលំដាប់អន្តរជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១នៅមជ្ឈមណ្ឌល Fengyuan Sport Center ទីក្រុង Jiaozhou,Qingdao។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពិព័រណ៍ពា​ណិ​ជ្ជកម្មនេះ គឺរៀបចំឡើងក្នុងគោលបំណងដាក់តាំងបង្ហាញ នឹងផ្សព្វផ្សាយផលិតផលប្រើប្រាស់ទូទៅ រួមទាំងវិស័យថាមពល ហិរញ្ញវត្ថុ ឡូជីស្ទីក អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធ នឹងគម្រោងវិនិយោគរបស់ប្រទេសចិនជាមួយអន្តរជាតិ។

ដូច្នេះក្រុមហ៊ុនចិន ដែលនាំចូលផលិតផលពីកម្ពុជាចូលទីផ្សារចិន ហើយមានបំ​ណ​ងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ អាចរៀបចំដាក់តាំងបង្ហាញផលិតផលកម្ពុជានៅកន្លែងពិព័រណ៍ផ្ទាល់។

ចំណែកក្រុមហ៊ុន និងសហគ្រាសកម្ពុជា អាចចូលរួមផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមប្រព័ន្ធ Online ដោយមិនបង់ថ្លៃ។ ចង់ដឹងព័ត៌មានលម្អិត សូមមើលនៅក្នុងសេចក្តីជូន ដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោមនេះ៕

គេហំទំព័រPropertyarea សម្រេចបន្ថែមនូវមាតិកាសុខភាព និងអប់រំដើម្បីពង្រីកចំណេះដឹងដល់អ្នកអាន

ដោយ:គង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំ នៃគេហទំព័រPropertyarea.asia និង Facebook Page ឈ្មោះ Property Area Asia បានសម្រចបន្ថែមនូវមាតិកាព័ត៌មានសុខភាព និងការអប់រំដល់អ្នកអានជាតិ និងអន្តរជាតិ ដើម្បីផ្តល់ជូននូវព័ត៌មានកាន់តែសម្បូរបែបដល់អ្នកអានជាតិ និងអន្តរជាតិ។

សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ មិនានេះថា សុខភាព និងការអប់់រំមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សហគមន៍មួយ ប្រទេសជាតិមួយ ព្រោះវិស័យទាំងពីរនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការអភិវឌ្ឍរបស់ប្រទេសជាតិមួយ និងសង្គមមួយ ដែលមានអរិយធ៌មនោះទេ ។

លោកបន្តថា “សង្គម ដែលសម្បូរធនធានមនុស្សមានសុខភាពល្អ និងមានចំណេះដឹង ក្រមសីលធ៌ម ពិសេសគុណវុឌ្ឍិ នឹងជាសង្គមអរិយជន”។លោកបន្តថា “ការធ្វើពិពិធកម្មអត្ថបទរបស់យើង មិនមែន​មានន័យថា យើងកាត់បន្ថយនូវតម្លៃស្នូលរបស់យើងនោះទេ គឺយើងនៅតែបន្តរក្សាភាពខ្លាំងរបស់យើង ក្នុងការផ្សព្វផ្សាយព៌តមានផ្នែកព៌តមានអចលនទ្រព្យ ការអភិវឌ្ឍន៍ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា”។

“ព័ត៌មានសុខភាព និងការអប់រំ នឹងកាន់តែបន្ថែមនូវគុណតម្លៃរបស់យើង និងធ្វើឲ្យគេហទំព័រនេះ មានព័ត៌មានកាន់តែសម្បូរបែបសម្រាប់មិត្តអ្នកអាន”។ លោកយិន លាងគង់បញ្ជាក់ឲ្យដឹង។

លោកបានបន្តថា ប្រទេសជាតិមួយរ៉ឹងមាំបាន និងអភិវឌ្ឍន៍បានលឿនអាស្រ័យលើកត្តាសំខាន់បំផុត គឺ “ធនធានមនុស្ស” ដែលធនធានមនុស្សពូកែ ត្រូវតែមានសុខភាពល្អ ធនធានមនុស្សមានចំណេះដឹង និងក្រមសីលធម៌ខ្ពង់ខ្ពស់។ ហេតុនេះការពង្រីកមូលដ្ឋាន ឬការធ្វើឲ្យគេហទំព័រនេះ កាន់តែមានព៌តមានកាន់តែសម្បូរបែប នឹងជាក្តីរីករាយមួយសម្រាប់ក្រុមការងាររបស់យើង ដែលអាចចែករំលែកព័ត៌មានដល់អតិថិជន ពិសេសអ្នកអានរបស់យើងនឹងទទួលបានព័ត៌មាន ចំណេះដឹងថ្មីៗបន្ថែមទៀត ទាក់ទងនឹងសុខភាព និងការអប់រំ ដែលជាតម្លៃស្នូលនៃមនុស្សជាតិ។

លោកលាងគង់បានបន្តថា ជាមួយនឹងការទទួលបានការគាំទ្រកើនឡើងជាប្រចាំ គេហទំព័រនេះ នឹងបន្តរក្សាការប្តេជ្ញាចិត្ត ក្នុងការផ្សព្វផ្សាយព័ត៌មានកាន់តែលឿន រហ័ស អាចទុកចិត្តបាន និងឈរលើមូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈជាចម្បង៕

អ្នកជំនាញៈព្រឹត្តិការណ៍២០កុម្ភៈមិនរុញច្រានឱ្យតម្លៃដីធ្លីធ្លាក់ចុះនោះទេ

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា បើទោះបីព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលសហគន៍ តម្លៃដីធ្លីមិនមានការធ្លាក់ចុះ ហើយមិនទាន់មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានណាមួយ ប្រកាសផ្អាកដំណើរការនោះទេ។

លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ព្រឹត្តិការណ៍២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលសហគន៍ជាថ្មី មិនមែនជាត្រឹមព្រឹត្តិការណ៍ ដែលកើតឡើ​ងលើកទី១នោះទេ ដោយមិនទាន់អាចវាយតម្លៃបានថា តើអាចប៉ះពាល់កម្រិតណាដល់វិស័យអចលនទ្រព្យប៉ុណ្ណានោះទេ។

ប៉ុន្តែលោកបានថ្លែងថា “រដ្ឋាភិបាលនឹងគ្រប់គ្រងព្រឹត្តិការណ៍នេះ ដូចទៅនឹងព្រឹត្តិ​ការណ៍មុនៗ ប៉ុន្តែទាមទារឱ្យមានការចូលរួម ពីប្រជាជនទាំងនៅកម្ពុជាយើង”។ លោកបន្តថា “ទោះបីព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ កើតឡើងក៏ដោយ ក៏មិនទាន់មានគម្រោងណាមួយ ដូចគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបុរី ប្រកាសផ្អាកឬបញ្ឈប់ដំណើរសាងសង់នៅឡើ​យទេ”។

លោកបានបន្តទៀតថា ទាក់ទងនឹងការទិញលក់ដីធ្លីវិញ នៅតែមានចរន្តធម្មតា ពិ​សេសនៅតំបន់ជាយក្រុង ដែលនៅតែមានសកម្មភផុលផុសរវាងអ្នកលក់ និងអ្នកទិញ។ មួយវិញទៀត តម្លៃដីធ្លីទាំងនៅក្នុងក្រុង និងជាយក្រុងមានទាន់សញ្ហាណាមួយ ដែលធ្លាក់ថ្លៃនោះទេ។

លោកឌឹត ចណ្ណាបានបន្តថា “កត្តាដែលធ្វើឱ្យតម្លៃដីធ្លីមិនធ្លាក់ចុះ និងគម្រោងអភិវឌ្ឍន៍នៅតែបន្តដំណើរការ ដោយសារការវិនិយោគដីធ្លី ជាការរយៈវិនិយោគរយៈធម្យម និងវែង ហើយគម្រោងអភិវឌ្ឍន៍គឺសម្រាប់រយៈពេលវែង ប៉ុន្តែព្រឹតិ្តការណ៍២០កុម្ភៈគឺរយៈពេលខ្លីប៉ុណ្ណោះ”។

ជាមួយគ្នានេះដែរ លោកបានថ្លែងទៀតថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ របស់កម្ពុជាគឺជាជំហានមួយដ៏ល្អសម្រាប់វិស័យសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះនៅពេលប្រជាជនទទួលបានវ៉ាក់សំាងគ្រប់គ្រាន់ ទាំងអ្នករកស៊ីទទួលបានក្នុងវិស័យអចលនទ្រព្យ និងអ្នកទេសចរណ៍ស្វែងរកអចលនទ្រព្យ សម្រាប់វិនិយោគចាប់ផ្តើមមានទំនុកចិត្ត ក្នុងការធ្វើប្រតិបត្តិការវិនិយោគរបស់ពួកគេឡើងវិញ។

ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញបានលើកឡើងថា វិនិយោគិនអច​លនទ្រព្យអាចទាញយកឱកាសនេះ ទៅជាការវិនិយោគសម្រាប់ ផលចំណេញនាពេលអនាគត ពិសេសការវិនិយោគលើដីធ្លី។

អ្នកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងស្ថានភាពមានវិបត្តិជំងឺកូវីដបែបនេះ ការវិនិយោគអចលនទ្រព្យជាឱកាសល្អបំផុត ព្រោះអចលនទ្រព្យដែលត្រូវការលក់ប្រញាប់នាពេលនេះ មានតម្លៃក្រោមទីផ្សារប្រមាណ៣០ភាគរយ។

អ្នកស្រីបន្តថា “នេះជាករណីអចលនទ្រព្យលក់ប្រញាប់ មិនមែនអចលនទ្រព្យទាំងអស់នោះទេ ប៉ុន្តែបើនិយាយពីស្ថានភាពទីផ្សារ វិលមករកភាពប្រក្រតីវិញនាពេលណា វាអាស្រ័យលើស្ថានភាពពិភពលោក”។

អ្នកស្រីបន្តទៀតថា “ទោះជាវិបត្តិកូវីដនៅកម្ពុជា មានភាពធូរស្រាលក៏ដោយ ក៏អ្នកវិនិយោគអន្តរជាតិ នៅតែមិនទាន់ចូលមកកម្ពុជានោះទេ ដោយសារពួកគេ មានអារម្មណ៍មិនទាន់មានសុវត្ថិភាព”៕

កាន់តែបារម្ភៈការបិទទីតាំងដើម្បីទប់ការរាតត្បាតជំងឺកូវីដ១៩កើនឡើងដល់២៩ទីតាំងនៅក្រុងព្រះសីហនុ

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជន ចំនួន២៩ទីតាំងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតផ្អាកអាជីវកម្ម ជាបណ្តោះអាសន្នកន្លងទៅ សម្រាប់ប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

តើអាកាសយានដ្ឋានធំជាងគេបំផុតលើពិភពលោកស្ថិតក្នុងប្រទេសណា?

ដោយៈ ប៊ី

ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិ King Fahd International Airport  (KFIA) ដែលត្រូវបានស្គាល់ថាជា អាកាសយានដ្ឋានអន្តរជាតិKing Fahd Airport គឺជាអាកាសយានដ្ឋានអន្តរជាតិ ដែលបម្រើដល់ទីក្រុងDammam ប្រទេសអារ៉ាប៊ីសាអូឌីត និងអាកា​សយានដ្ឋានធំជាងបំផុតនៅលើពិភពលោក។

អាកាសយានដ្ឋាននេះ មានទីតាំងស្ថិតនៅចម្ងាយ៣១គីឡូម៉ែត្រ ភាគពាយព្យនៃទីប្រជុំជនទីក្រុង Dammam និងត្រូវបានដាក់ឈ្មោះ តាមអតីតស្តេចអារ៉ាប៊ីសាអូឌីត Fahd ibn Abdulaziz។ អាកាសយានដ្ឋាននេះ ក៏បម្រើឱ្យប្រជាជននៅតំបន់ភាគខាងកើតនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត និងជាអាកាសយានដ្ឋានអន្តរជាតិសំខាន់មួយ ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅប្រទេសនេះ។

King Fahd Internationalជាអាកាសយានដ្ឋានធំជាងគេបំផុត នៅលើពិភពលោកគិតលើផ្ទៃដី ដែលមានទំហំប្រមាណជា៧៧៦គីឡូម៉ែត្រម៉ែត្រការ៉េ (៣០០ម៉ាយការ៉េ) ទោះបីជាសំណង់ និងផ្លូវរត់របស់អាកាសយានដ្ឋាននេះ មានត្រឹមតែ៣៦.៧៥គីឡូម៉ែត្រមែត្រការ៉េ (១៤.១៩ ម៉ែលការ៉េ)។

អាកាសយានដ្ឋានទំហំធំជាងគេលើពិភពលោកនេះ មានអ្នកដំណើរត្រឹមរជាង១០លាន ដែលនាក់ប្រើប្រាស់ព្រលានយន្តហោះនេះក្នុងឆ្នាំ ហើយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៧ ប្រតិបត្តិការជើងហោះហើរចេញ និងចូលតាមរយៈព្រលានយន្តហោះនេះ​។

អាកាសយានដ្ឋាននេះ បម្រើជាមជ្ឈមណ្ឌលមួយដល់ក្រុមហ៊ុន សាឌីអារ៉ាប៊ីសាអូឌីតអ៊ែរឡាញ និងFlynas។

ព្រលានយន្តហោះនេះ ត្រូវបានគ្រប់គ្រង និងប្រិត្តិការណ៍ដោយ ក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនប្រេងកាតរបស់រដ្ឋ ដែលប្រើវាមធ្យោបាយដឹកជញ្ជូននិយោជិកចូល និងចេញពីទីតាំងយុទ្ធសាស្ត្រ ដូចជាតំបន់ Yanbu តំបន់Tanajib and តំបន់ Shaybah។

អាកាសយានដ្ឋានត្រូវបានបម្រើដោយផ្លូវរត់ពីរ ប្រវែង៤គីឡូម៉ែត្រ (២,៥ ម៉ៃល) និងមានអគារស្ថានីយទទួលអ្នកដំណើរចំនួន៣ ក្នុងនោះមានស្ថានីយចំណតអ្នកដំណើរ ស្ថានីយ Aramco ត្រូវបានប្រើដោយបុគ្គលិកក្រុមហ៊ុន Aramco និងស្ថានីយបម្រុងទុកសម្រាប់ប្រើប្រាស់ដោយគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត៕

រដ្ឋបាលខេត្តកំពតចាប់ផ្តើមពង្រឹងការគ្រប់គ្រងតំបន់ឆ្នេរ ដើម្បីបញ្ចៀសការអភិវឌ្ឍខុសច្បាប់

ដោយៈ រ៉ាណេត

កំពតៈ ជាមួយនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ជាច្រើន ពីវិស័យឯកជនដែលភាគច្រើន ជាការកែច្នៃបង្កើតតំបន់ទេសចរណ៍កម្សាន្តធម្មជាតិ កម្រិតខ្ពស់នៅតាមតំបន់ដៃព្រែក តំបន់ព្រៃកោងកាង និងតំបន់ឆ្នេរនានានៅក្នុងខេត្តកំពត អាជ្ញាធរបានយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងបន្ថែម ជៀសវាងមានការឆ្លៀតឱកាសពីជនខិលខូច បំពានដីតំបន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិ ឬលក់បន្តដល់វិស័យឯកជនដោយខុសច្បាប់។

អាជ្ញាធរខេត្តកំពតក្រោមការដឹកនាំដោយលោកជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ  បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីធ្វើការត្រួតពិនិត្យទៅលើការងារគ្រប់គ្រងតំបន់សំខាន់ៗ ដែលជាដែនដីហាមឃាត់របស់រដ្ឋ ជាពិសេ​សផ្តោតសំខាន់ទៅលើតំបន់ឆ្នេរ តំបន់ដៃព្រែកមានព្រៃកោងកាង ដែលវិស័យឯកជនចង់ធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ។

ក្រោមការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដី រួមជាមួយនឹងមន្ត្រីជំនាញស្ថាប័នដែលពាក់ព័ន្ធ លោកជាវ តាយបានក្រើនរំលឹកឱ្យមានការបង្កើនកិច្ចយកចិត្តទុកដាក់ឱ្យបានខ្លាំង ទៅលើការគ្រប់គ្រងនៅតាមតំបន់ហាមឃាត់មួយចំនួន ជាពិសេ​សតំបន់ ដែលមានព្រៃកោងកាងនៃតំបន់តំបន់ឆ្នេរ ដែលជាទីតាំងគោលដៅរបស់វិស័យឯកជនអភិវឌ្ឍន៍ជាតំបន់កម្សាន្ត ដែលធ្វើយ៉ាងណាបញ្ចៀសបញ្ហាដែលប្រាសចាកពីច្បាប់ដែលបានកំណត់ ឬអាចខូចខាតដល់វិស័យឯកជន។

អាជ្ញាធរខេត្ត រួមជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធ បានសម្រេចឯកភាពគ្នាទៅលើ ការប្រគល់ភារកិច្ច ជូនក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់ ព្រៃកោងកាងដែលនៅសល់ជាក់ស្តែង ដូចជា ការកំណត់បោះបង្គោលព្រំដែនតំបន់ព្រៃកោងកាង រៀបចំចុះបញ្ជីដីព្រៃកោងកាងជូនក្រសួង ស្ថាប័នណាមួយគ្រប់គ្រងឲ្យបានច្បាស់លាស់ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ដែលគ្រប់គ្រងដោយរដ្ឋបាលជលផល និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដឹងច្បាស់ថាទីតាំងណាខ្លះដែលពាក់ព័ន្ធ ឬត្រួតស៊ីគ្នា។

មួយរយៈចុងក្រោយនេះ ខេត្តកំពត បានក្លាយជាគោលដៅវិនិយោគលើវិស័យទេសចរណ៍របស់វិនិយោគិន ក្នុងស្រុកជាច្រើនគម្រោង ដែលគោលដៅសំខាន់នៃគម្រោងអភិវឌ្ឍន៍មាននៅតាមតំបន់ដៃព្រែក តំបន់ឆ្នេរ តំបន់ព្រៃកោងកាង ដែលភាគច្រើនពាក់ព័ន្ធទៅនឹងដែនអភិរក្សរបស់រដ្ឋ។ ដូច្នេះការកំណត់ និងពង្រឹងការគ្រប់គ្រងខាងលើនេះ អាចថែរក្សាបានទាំងដីសម្បត្តិរបស់រដ្ឋ និងបញ្ចៀសការខាតបង់ផលប្រយោជន៍របស់វិស័យឯកជន ដែលអាចចាញ់បោកជនខិលខូច ក្រោយពេលទិញប៉ះចំដីហាមឃាត់៕