ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​បោះទុន​វិនិយោគ​នៅ​ខេត្តព្រះវិហារ​លើ​វិស័យ​កសិឧស្សាហកម្ម

0

ដោយ រ៉ា​ណេ​ត

ព្រះ​វិហារៈ ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ ដែលមាន​ជំនាញ​ខ្ពស់​ក្នុង​ការកែច្នៃ​ផលិតផល​កសិផល​សម្រាប់​ការនាំចេញ បានសម្រេច​សហការ​ជាមួយ​សហគមន៍​កសិក​ម្ម​ចំនួន៩ ក្នុង​ខេត្តព្រះវិហារ ដើម្បី​បង្កើន​ផលិតភាព​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​ប្រទេស​ដទៃទៀត។

លោក​ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា នៅក្នុង​ឆ្នាំ២០២១នេះ សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​ចំនួន៩ មាន​សមាជិក​សរុប៣៩៥គ្រួសារ បាន​ចុះកិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ស្វាយចន្ទី​សរីរាង្គ លក់​ជូន​ក្រុមហ៊ុន​ជប៉ុន​សម្រាប់​ផ្គត់​ផ្គង​ដៃគូ ក្នុងស្រុក និង​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សា​រ​ក្រៅប្រទេស។

លោក​បាន​បន្តថា តាមរយៈ​ការធ្វើ​កិច្ចសន្យា​កសិកម្ម រវាង​ប្រជា​សហគមន៍ និង​ក្រុមហ៊ុន​ឯកជន​ជប៉ុន​នេះ គឺ​នឹងធ្វើ​ឲ្យ​សហគមន៍ ទទួលបាន​ផលប្រយោជន៍​ជាច្រើន ដោយ​ការផលិត​ឆ្លើយតប ទៅនឹង​តម្រូវការ​ចង់បាន​រប​ស់​ក្រុមហ៊ុន ហើយ​អាច​រក្សា​តម្លៃ​បានល្អ​ថែម​ទៀតផង ដែល​អាចធ្វើ​ឲ្យ​កសិករ​មាន​ផលចំណេញ​ក្នុង​ការធ្វើ​កសិកម្ម​រប​ស់​ខ្លួន។

លោក​បាន​បញ្ជាក់ថា  “នេះ​ជា​គោលដៅ​របស់​ក្រសួងកសិកម្ម ធ្វើ​ម៉េច​ឲ្យ​បងប្អូន​ផលិត សម្រាប់​ដោះស្រាយ​បញ្ហា​ទីផ្សារ ជូន​គាត់​គឺ​ធ្វើ​ម៉េច​ឲ្យ​គាត់​ដាំ​ដុះ​បង្កើន​ផលិតផល​របស់គាត់ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​បន្ថែម ជា​គោលដៅ​សំខាន់​មួយ​របស់​ក្រសួងកសិកម្ម ក្នុង​គោលដៅ​ជាច្រើន​ផ្សេងទៀត” ។

លោក​បន្តថា “តាមរយៈ​ក្រុមហ៊ុន​នេះ ពួកគាត់​បាន​ជួយ​យើង​ច្រើន បើ​យើង​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ចឹ​ង​ដូច​ខ្ញុំ​បញ្ជាក់​មុននេះ​ចឹ​ង​កិច្ចសន្យា​ហ្នឹង​វា​សំខាន់​មែនទែន យើង​មាន​ទីផ្សារ​ច្បាស់លាស់ បើ​យើង​ធៀប​ជាមួយ​ទីផ្សារ​ខាងក្រៅ យើង​បាន​ទីផ្សារ​ល្អ ហើយ​បងប្អូន​កសិករ​មិនមាន​ក្តីបារម្ភ​ថា ប្រមូល​កសិផល​ទៅ​គេ​ទម្លាក់​ថ្លៃ ទម្លាក់​គុណភាព​ការ​ថ្លឹង​មិន​ត្រឹមត្រូវ រកស៊ី​មិនមាន​ភាពស្មោះត្រង់ ដល់ពេល​ចុះកិច្ចសន្យា​ជាមួយ​ក្រុម​ទៅ​គេ​ស្មោះត្រង់” ។

ជាមួយគ្នានេះដែរ លោក​ប្រធាន​មន្ទីរ​បាន​ជំរុញ ឲ្យ​តំណាង​សហគមន៍​ទាំងអស់​បន្ទាប់ពី​បាន​ចុះកិច្ចសន្យា ទួល​សហការ​ក្នុង​ការផលិត និង​ទិញ​រួចរាល់​ហើយ ធ្វើយ៉ាងណា​ត្រូវ​ណែនាំ​ទៅដល់​ប្រជាកសិករ ជា​អ្នក​ផលិត​ត្រូវគោរព​តាម​កិច្ចសន្យា ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ហើយ​កសិករ​ត្រូវមាន​ភាពស្មោះត្រង់ ជាមួយ​ក្រុមហ៊ុន ដោយ​ជៀសវាង​ការ​ក្លែងបន្លំ​ផ​លិ​ផល ដែល​ប្រើប្រាស់​ជីគីមី​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here