ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិCBRE Cambodiaបានរកឃើញហានិភ័យធំៗក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះ ដោយសារការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចកំពុងសបន្លាយ។
ការសិក្សារបស់ក្រុមហ៊ុននេះ បានរកឃើញហានិភ័យធំៗចំនួនបី ដែលបាននិងកំពុងកើតមាននៅក្នុងវិស័យនេះ រួមមាន ទី១ ការផ្គត់ផ្គង់លើសតម្រូវការ ទី២ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងទី៣ ការពន្យារពេលបញ្ចប់ការដ្ឋាន នៃគម្រោងអចលនទ្រព្យនានា ជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពល ដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។
-->
ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀត ដូចជា ការដាក់ទណ្ឌកម្មពីអន្តរជាតិ កង្វះហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក គ្រោះមហន្តរាយធម្មជាតិ និងហានិភ័យភូមិសាស្ត្រនយោបាយជាដើម។
កត្តាហានិភ័យដែលលើកឡើងទាំងនេះ ជាក់ស្ដែងដូចជា ការដាក់ទណ្ឌកម្មពីឆាកអន្តរជាតិ និងការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក រំពឹងថានឹងមិនសូវធ្ងន់ធ្ងរទេក្នុងឆ្នាំ ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្រៅពីហានិភ័យទាំងអស់នេះ ទីផ្សារអចលនទ្រព្យនៅពេលនេះ ក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីការផ្ទុះឡើងនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែលឈនដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។

នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge បានមានប្រសាសន៍ឲ្យដឹងក្នុងបទបង្ហាញកាលពីពេលថ្មីៗនេះថា មុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឃើញថាទីផ្សារចាប់ផ្ដើមមានសន្ទុះខ្លាំងវិញហើយ ប៉ុន្តែការឆ្លងក្នុងសហគមន៍ បានធ្វើឱ្យទីផ្សារក្លាយជាមិនប្រាកដប្រជាវិញ។
លោកបន្តថា “ចំណុចល្អគឺកិច្ចព្រមព្រៀងទិញលក់ ឬជួល មួយចំនួនធំត្រូវបានធ្វើឡើងមុនព្រឹត្តិការណ៍២០ កុម្ភៈ ហើយភាគច្រើនជាកិច្ចព្រមព្រៀងរយៈពេលវែង។ ដូច្នេះ ម្ចាស់គម្រោង ឬម្ចាស់អគារជួលនានា នៅតែបន្តទទួលបានចំណូល”៕