ដោយៈ រ៉ាណេត
ភ្នំពេញៈ មុននឹងមានសិទ្ធិក្នុងការអភិវឌ្ឍប្រភេទសំណង់នានា នៅក្នុងប្រទេសកម្ពុជា ត្រូវតែដាក់ពាក្យស្នើសុំទៅក្រសួងស្ថាប័នពាក់ព័ន្ធ ជៀសវាងហានភ័យ ឬការផាកពិន័យណាមួយពីមន្ត្រីមានសមត្ថកិច្ច។
ចំពោះការដាក់ពាក្យអភិវឌ្ឍលំនៅឋាន ឬ អគាសហកម្មសិទ្ធិ តម្រូវឱ្យអ្នកអភវឌ្ឍន៍ត្រូវដាក់ប្រាក់ដំកលធានាអាជីវកម្មរបស់ នៅក្នុងធនាគារណាមួយ។
យោងតាមច្បាប់ស្តីពីសំណង់បានឱ្យដឹងថា អ្នកអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ២(ពីរ)ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗទៅតាមវិធីសាស្ត្រណាមួយដូចខាងក្រោម ៖
ក. តម្កល់ជាសាច់ប្រាក់ ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយ ឬជា
ខ. លិខិតធានា ពីធនាគារពាណិជ្ជក្នុងស្រុកណាមួយដែលមានតម្លៃស្មើ។
ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបានលុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់បានចាប់ពី ៧០%(ចិតសិបភាគរយឡើង ឬចប់ជាស្ថាពរ ដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែង ពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ។
ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬអ្នកអភិវឌ្ឍមាន គម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះ អាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុន ឬតម្រោងមុនសាងសង់បាន៥០%(ហាសិប) ភាគរយឡើង។
ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួល ទៅតាមទំហំជាក់ស្តែងនៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញបាន លុះត្រាតែអ្នកអភិវឌ្ឍដីឡូត៍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ជ្ជនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ៕