អ្នកវិនិយោគវិស័យអចលនទ្រព្យបង្ហាញពីក្ដីរំពឹងកំណើនសេដ្ឋកិច្ចងើបឡើងវិញលឿនក្រោយពេលកម្ពុជាទទួលបានវ៉ាក់សាំងការពារកូវីដ១៩

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីមហាមិត្តចិន និងចាប់ផ្តើមប្រើប្រាស់នៅកម្ពុជា បណ្តាអ្នកវិនិយោគ និងអ្នកតំណាងវិស័យឯកជនបានបង្ហាញពីក្ដីសាទរ និងការរំពឹងទុកថាភាពល្អប្រសើរលើវិស័យជាច្រើន ជាពិសេសភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមមានពន្លឺឡើងវិញជាក់ជាមិនខាន។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការចាប់អនុវត្តប្រើប្រាស់នៃការចាក់វ៉ាក់សាំងនៅកម្ពុជា គឺជារឿងដ៏ប្រសើរបំផុតសម្រាប់បណ្តាអ្នកវិនិយោគនៅក្នុងស្រុក ប្រជាពលរដ្ឋទូទៅផងដែរ ជាពិសេសបានបង្កើនទំនុកចិត្តចំពោះវិនិយោគិនអន្តរជាតិឱ្យមកកាន់កម្ពុជាប្រកបដោយភាពជឿជាក់។

លោកឧកញ៉ាបានបញ្ជាក់ថា “វាជារឿងល្អបំផុតដែលក្រៅពីអាចកាត់បន្ថយនូវការឆ្លងរាលដាលនៅក្នុងស្រុក ថែមទាំងជួយសម្រាលនូវជំងឺផ្លូវអារម្មណ៍ ជួយឱ្យសេដ្ឋកិច្ចជាតិអាចដំណើរការទៅបាន ជាពិសេសបណ្តាវិនិយោគិនជាតិ និងអន្តរជាតិមានទំនុកចិត្តអាចធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយបានប្រកបដោយទំនុកចិត្តខ្ពស់”។

លោកបន្តថា “ក្នុងគ្រាដែលប្រឈមនឹងការឆ្លង គ្រប់ពេលដែលធ្វើដំណើរចេញចូលប្រទេសណាមួយចាំបាច់ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសូម្បីតែត្រូវជំនួបនៅប្រជុំជាមួយដៃគូវិនិយោគត្រឹម៤-៥ម៉ោងប៉ុណ្ណោះ ហើយពេលត្រឡប់ចូលប្រទេសសមីខ្លួនវិញក៏ត្រូវចំណាយពេល១៤ថ្ងៃធ្វើចត្តាឡីស័កម្ដងទៀត ដូច្នេះវាជាបញ្ហារាំងស្ទះមួយចំពោះមុខ។ ប៉ុន្តែក្រោយពេលមានការប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ភាពភ័យបារម្ភត្រូវបានកាត់បន្ថយ មិនមានការធ្វើចត្តាឡីស័កទៀតនោះទេ ហើយកម្ពុជានឹងមានលទ្ធភាពក្នុងការទទួលគម្រោងវិនិយោគថ្មីៗពីបរទេសកាន់តែច្រើន។ ដោយឡែកប្រសិនបើក្រោយការទទួលបានការចាក់វ៉ាក់សាំង និងមានបណ្ណបញ្ជាក់ពីក្រសួងសុខាភិបាលសម្រាប់ការធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងៗដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតគឺជាចំណុចប្រសើរបំផុត និងបង្កើនទឹកចិត្តសម្រាប់បណ្តាអ្នកវិនិយោគ”។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍ថា ការដែលទទួលបានវ៉ាក់សាំងពីមហាមិត្តចិនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះគឺជារឿងមួយដ៏ប្រសើរសម្រាប់គ្រប់មុខជំនួញទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយសារតែក្នុងរយៈពេលជិតមួយឆ្នាំកាលពីពេលកន្លងទៅស្ទើរតែគ្រប់ការធ្វើជំនួញ កិច្ចការងារវិនិយោគនានា ឬការធ្វើដំណើរផ្សេងៗត្រូវបានកាត់ផ្ដាច់ ដូច្នេះនៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំង និងចាប់អនុវត្តប្រើប្រាស់ គឺជាពន្លឺនៃក្ដីសង្ឃឹមដែលកម្ពុជាទន្ទឹងរង់ចាំ។ មិនមែនតែកម្ពុជានោះទេ គ្រប់បណ្តាប្រទេសលើសាកលលោកគឺទន្ទឹងរង់ចាំវ៉ាក់សាំងមានប្រសិទ្ធភាពដូចគ្នា។

លោកឧកញ៉ាបញ្ជាក់ថា “សម្រាប់តែវិស័យអចលនទ្រព្យនៅកម្ពុជា បើទោះជាមានការវាយឡុកដោយកូវីដ១៩ ប៉ុន្តែនៅតែទទួលបានការបណ្តាក់ទុនវិនិយោគជាច្រើនពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយក៏មានក្រៅស្រុកមួយចំនួនផងដែរ”។

លោកបន្តថា “ជាការពិតកម្ពុជា គឺជាប្រទេសមួយដែលមានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដប្រកបដោយប្រសិទ្ធភាពក្រោមការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលក្រោមការតាំងចិត្តរបស់ប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ដែលទាំងនេះមិនមែនជារឿងចៃដន្យនោះទេ។ ប្រសិនបើមិនមានយន្តការប្រកបដោយភាពត្រឹមត្រូវនោះទេ កម្ពុជានឹងអាចធ្លាក់ក្នុងវិនាសកម្មសេដ្ឋកិច្ចជាក់ជាមិនខាន ដូច្នេះទោះស្ថិតនៅក្នុងស្ថានភាពនៃវិបត្តកូវីដក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់នូវកញ្ចប់ថវិកាសម្រាប់ប្រជាពលរដ្ឋដែលជនងាយរងគ្រោះ ក៏ដូចជាបណ្តាសហគ្រិន និងបណ្តាក្រុមហ៊ុនដែលស្ថិតវិស័យផ្សេងផងដែរ ដើម្បីធ្វើយ៉ាងណាអាចជួយសម្រាល និងទ្រទ្រងដំណើរការអាជីវកម្ម ផលិតកម្មបានក្នុងស្ថានការដែលលំបាក”។

លោកឧកញ៉ានួន រិទ្ធីបានបញ្ជាក់ទៀតថា “ក្នុងនាមខ្ញុំជាប្រជាជាតិខ្មែរពិតជាមានមោទនភាពចំពោះថ្នាក់ដឹកនាំរបស់កម្ពុជាដែលជ្រកក្រោមម្លប់សន្តិភាព និងមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម និងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញជាសាកល។ ដោយឡែក សម្រាប់វិស័យធ្វើជំនួញទោះស្ថិតក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការឆ្លងជំងឺយ៉ាងណា សម្ដេចតេជោបានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េ ហើយបានបន្តទៅដល់ប្រទេសចិនដើម្បីសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់មហាមិត្តចិន ខណៈដែលប្រទេសចិនកំពុងស្ថិតក្នុងភាពឯកោ”។

ក្រោមទឹកចិត្តមនុស្សធម៌ និងរួមសុខរួមទុក្ខជាមួយគ្នារវាងថ្នាក់ដឹកនាំកម្ពុជា និងមហាមិត្តចិន ជាលទ្ធផលកម្ពុជាបានស្រូបទាញទុនវិនិយោគ និងពាណិជ្ជកម្មមកពីបណ្តាប្រទេសនានាជាច្រើនលើសាកលលោក ជាពិសេសប្រទេសចិនដែលបានក្លាយជាដៃគូវិនិយោគដ៏ធំធេង និងឈរនៅលំដាប់កំពូលជាងគេនៅកម្ពុជា ហើយនឹងបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗជាច្រើនទៀតនៅពេលខាងមុខនេះបន្ទាប់ពីកម្ពុជាប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធផាពដែលជាជំនួយក្នុងដំណាក់កាលដំបូងពីមហាមិត្តចិនក្នុងនាមជាសម្ព័ន្ធមិត្តដែកថែប៕

ការសិក្សាថ្មីៈតម្លៃដីធ្លីនៅរាជធានី ខេត្តមួយចំនួននឹងមានសក្តានុពលកើនឡើងនៅឆ្នាំនេះ

ដោយ:ស៊ីវ ម៉េង

ភ្នំពេញៈ ការសិក្សាថ្មីមួយដែលធ្វើឡើង ដោយក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា ទីផ្សារដីធ្លីជាផ្នែកមានសក្តានុពលជាងគេ នៅក្នុងឆ្នាំ២០២១នេះ ដែលដីធ្លីនៅតាមបណ្តារាជធានី ខេត្តមួយចំនួននឹងកើនឡើងតម្លៃ។

អ្នកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីម្សិលម៉ិញនេះថា ឆ្នាំ២០២១នេះ ដីធ្លីជាផ្នែកដែលមានភាពលេចធ្លោជាងគេ ក្នុងវិស័យអចលនទ្រព្យ ដោយសារមានតម្រូវការកើនឡើង ប៉ុន្តែមិនមែនមានន័យថាគ្រប់ខេត្តសុទ្ឋតែទទួលបានសញ្ញាវិជ្ជមាននោះទេ។

លោកស្រីបន្តថា “អ្វីៗវាអាស្រ័យលើសក្តានុពលរបស់តំបន់និមួយៗ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល”។ លោកស្រីបន្តថា “ដីធ្លីនៅរាជធានីភ្នំពេញនឹង​បន្តឡើងថ្លៃនៅតំបន់មួយចំនួន ខេត្តកណ្តាល ព្រះសីហនុ និងខេត្តសៀមរាបតម្លៃដីធ្លី និងតម្រូវការប្រើប្រាស់ដីធ្លីនឹងកើនឡើង”។

អ្នកស្រីបន្តថា ទោះជាយ៉ាងណា ការកើនឡើងតម្លៃដីធ្លីមិនខ្ពស់នោះទេ ដោយសារលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) នឹងស្ថិតនៅមានកម្រិត បើទោះជាអ្នកជំនាញជាតិ អន្តរជាតិ និងរដ្ឋាភិបាលមានសុទិដ្ឋិនិយមច្រើន លើកំនើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះក្តី។

អ្នកស្រីបន្តថា “ការកើនឡើងតម្លៃដីធ្លី វាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល អាស្រ័យលើផែនការអភិវឌ្ឍន៍ កំនើនសេដ្ឋកិច្ច និងសក្តានុពលរបស់តំបន់និមួយៗ”៕

ធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ចិននឹងកើនឡើងបន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)

ដោយ:គង់ សូរិយា

ភ្នំពេញៈ អ្នកវិភាគអន្តរជាតិបានលើកឡើងថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ចិនកាន់តែរីកធំឡើងជាពិសេស បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆ្នាំ២០២០ ដែលមានប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ ចូលរួមក្នុងនោះរួមមានទាំងចិនផងដែរ។

លោក ដាវីដ សេមបូស (David Shambaugh) ជាសាស្ត្រាចារ្យជំនាញផ្នែកសិក្សាតំបន់អាស៊ី និងជានាយកកម្មវិធីគោលនយោបាយចិនមកពីGeorge Washington University បានមានប្រសាសន៍នៅក្នុងវេទិកាមួយរៀបចំឡើងដោយអង្គការ Hinrich Foundationកាលពីដើមខែនេះថា ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងអាស៊ានមានរហូតដល់៦០០ពាន់លានដុល្លារ ឬជិតស្មើនឹងពាក់កណ្ដាលនៃទំហំពាណិជ្ជកម្ម របស់ប្លុកមួយនេះជាមួយចិន ហើយក្រុមហ៊ុនអាមេរិកច្រើនជាង៤,២០០ក្រុមហ៊ុន កំពុងប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបន្តថា ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មានទំហំធំជាងចិន ជប៉ុន និងកូរ៉េខាងត្បូង រួមបញ្ចូលគ្នាទៅទៀត ដែលមានត្រឹម៣២៩ពាន់លានដុល្លារ ខណៈការវិនិយោគរបស់ចិន មានត្រឹមតែ១៣៨ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ចិនកាន់តែរីកធំឡើងជាពិសេស បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆ្នាំ២០២០ ដែលមានប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ ចូលរួមក្នុងនោះរួមមានទាំងចិនផងដែរ។

សហរដ្ឋអាមេរិក នៅក្រោមការគ្រប់គ្រងនៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន មានទាំងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ក្រោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ប្រទេសជាសមាជិកចំនួន១១ ដែលនៅសល់បានចុះហត្ថលេខាប្ដូរឈ្មោះ កិច្ចព្រមព្រៀងនេះទៅជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

យ៉ាងណាក៏ដោយ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មិនមានសំណុំគោលនយោបាយច្បាស់លាស់ចំពោះតំបន់អាស៊ីអាគ្នេយ៍ឡើយ ដោយចូលចិត្តធ្វើការ និង ប្រើប្រាស់យុទ្ធសាស្ត្រតាមកាលៈទេសៈ។ ពោលគឺមានន័យថាទាល់តែចិនធ្វើសកម្មភាពប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន ទើបអាមេរិកចេញមុខ ឬបញ្ចេញប្រតិបត្តិកម្មឆ្លើយតប ដែលនេះជាមូលហេតុមួយធ្វើឱ្យប្រទេសអាស៊ានខ្លះចាប់ផ្ដើមមើលឃើញពីនយោបាយមិនច្បាស់លាស់របស់ អាមេរិក។

អវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចព្រមព្រៀងទាំង២នេះ កាន់តែផ្ដល់ឱកាសឱ្យចិនពង្រីកឥទ្ធិពល និងលេចមុខមាត់ឡើងក្នុងនាមជា អ្នកការពារប្រព័ន្ធពហុភាគីនិយមប្រឆាំងនឹងប្រព័ន្ធគាំពារនិយម។ រដ្ឋបាលអាមេរិកថ្មីក្រោមការដឹកនាំដោយលោក ចូ បៃដិន បានសន្យាថានឹង ត្រឡប់ចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីឡើងវិញ។ ក៏ប៉ុន្តែក្រុមមន្ត្រីអាមេរិកមួយចំនួននៅតែមានការសង្ស័យ និងព្រួយបារម្ភខ្លាចក្រែង ការត្រឡប់ចូលកិច្ចព្រមព្រៀងទាំងនោះអាចនឹងជំរុញឱ្យក្រុមហ៊ុនអាមេរិកធំៗ សម្រុកដំឡើងរោងចក្រនៅក្រៅស្រុក ដែលនេះអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់កិច្ចខិតខំបង្កើតការងារនៅក្នុងស្រុករបស់លោក ចូ បៃដិន។

ចំណែក លោក វ៉ាង គុនវ៉ូ (Wang Gungwu) ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងជាអ្នកជំនាញលើប្រវត្តិសាស្ត្រចិន និងតំបន់អាស៊ីអាគ្នេយ៍ ក៏យល់ឃើញផងដែរថាចិន សមនឹងទទួលបានទំនាក់ទំនងសេដ្ឋកិច្ចល្អដែលខ្លួន មានជាមួយអាស៊ានបូកបី ដែលបង្កើតឡើងក្នុងគោលដៅលើកកម្ពស់ពាណិជ្ជកម្ម រួមបញ្ចូលទាំងជប៉ុន កូរ៉េខាងត្បូង និងចិន៕

ក្រុមហ៊ុនជប៉ុន និងម៉ាឡេស៊ីប្រកាសពីគម្រោងបណ្តាញចែកចាយអគ្គិសនីតម្លៃជិត៤១លានដុល្លារនៅកម្ពុជា

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Pestech International Bhd (PSB) របស់ម៉ាឡេស៊ី ជាមួយនឹងដៃគូវិនិយោគរបស់ខ្លួនក្រុមហ៊ុន Furukawa Electric Co Ltd ដែលមូលដ្ឋានៅជប៉ុន ទទួលបានកិច្ចសន្យាការងារចំនួន២ លើគម្រោងបណ្តាញបញ្ជូន និងចែកចាយខ្សែអគ្គិសនីក្រោមដី ដែលមានតម្លៃ១៦៥លានរីងហ្គីត (ជាង៤០,៨លានដុល្លារ) នៅកម្ពុជា។

ក្រុមហ៊ុន Pestech បានឱ្យដឹងថា នេះគឺជាការវិនិយោគរួមគ្នាជោគជ័យដំបូងបង្អស់របស់ក្រុមហ៊ុន ក្នុងការធ្វើការងារលើខ្សែកាបក្រោមដី ដែលមានតង់ស្យុងខ្ពស់ និងបង្ហាញសមត្ថភាពនៅក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star របស់ប្រទេសម៉ាឡេស៊ី កាលពីម្សិលម៉ិញ។

ក្រុមហ៊ុន Pestech បានឱ្យដឹងនៅក្នុងឯកសារមួយដែលបានជូនផ្សារហ៊ុនម៉ាឡេស៊ី ថា អគ្គិសនីកម្ពុជា (EDC) តបានផ្តល់កិច្ចសន្យាការងារដល់ក្រុមហ៊ុននៅថ្ងៃនេះ សម្រាប់គម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញដំណាក់កាលទី២ លទ្ធកម្មការងារបណ្តាញបញ្ជូន និងចែកចាយខ្សែក្រោមដី។

តម្លៃកិច្ចសន្យាសរុបមានទំហំទឹកប្រាក់២,២២ពាន់លានយ៉េន (៨៨,៨លានរីងហ្គីត) ឬប្រមាណ២០,៩លានដុល្លារ និង ១៩,៩៤លានដុល្លារអាមេរិក សម្រាប់កិច្ចសន្យាការងារនេះ។

ក្រុមហ៊ុន Pestech បានបញ្ជាក់ថា នេះគឺជាគម្រោងខ្សែកាបក្រោមដី ដែលមានថាមពល២៣០គីឡូវ៉ុលដំបូងបង្អស់ ដែលអនុវត្តដោយអគ្គិសនីកម្ពុជានៅកម្ពុជា។

ក្រុមហ៊ុនបានឱ្យដឹងថា “នេះក៏ជាការបណ្តាក់ទុនដ៏ជោគជ័យដំបូងបង្អស់របស់ PSB ក្នុងការងារលើការឌីសាញខ្សែកាបក្រោមដីតង់ស្យុងខ្ពស់ និងបញ្ចេញសមត្ថភាពនៅក្រៅប្រទេស”៕

ខណ្ឌមានជ័យ​បាននិងកំពុង​ចាប់ផ្តើម​លេចធ្លោ​លើ​វិស័យ​អចលនទ្រព្យ

ដោយ ​រ៉ា​ណេ​ត

ភ្នំពេញ៖ ខណ្ឌមានជ័យ​ដែល​ស្ថិតនៅ​ភាគខាងត្បូង នៃ​ទីក្រុង​ភ្នំពេញ​នាពេល​ប​ច្ចុ ប្បន​នេះ បាន​នឹង​កំពុង​សក្តានុពល និង​រីកចំរើន​ខ្លាំង លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដូចជា​វិស័យ​ដីធ្លី គម្រោង​ខុន​ដូ គម្រោង​ផ្សារ​ទំនើប និង​លំនៅឋាន​ជាដើម។

លោកស្រី ចេ​វ សុ​ឃុន នាយិកា​ក្រុមហ៊ុន CAT Appraisal បានឱ្យ​ដឹ​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៧ កុម្ភៈ​កន្លងមក​ង​ថា ខណ្ឌ​ម​ណ្ឌ​ជ័យ គឺជា​ខណ្ឌ​មួយ​ដែល​កំពុងមាន​សក្តានុពល​លើ​វិស័យ​អចលនទ្រព្យ​ខ្លាំង ដោយសារ​មាន​គម្រោង​វិនិយោគធំៗជាច្រើន​បាននិងកំពុង​មាន​វត្ត​មាននៅ​ទីនោះ  ហើយ​ធ្វើឱ្យ​តំបន់​នោះ កាន់តែ​ទាក់ទាញ​គម្រោង​វិយោគផ្សេងៗទៀត ។

លោកស្រី​ថ្លែងថា “តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ យើង​ឃើញ​នៅ​តំបន់​ភាគខាងត្បូង​មាន​សន្ទុះ​ខ្លាំង ជាពិសេស​នៅ​ង​ខណ្ឌមានជ័យ​ស្ថិតនៅ​តំបន់​គម្រោង​ផ្សារ​ទំនើប​អេ​អន៣ (តំបន់ ៦០ ម៉ែត្រ)គម្រោង​ប៉េង​ហួត និង​គម្រោង​របស់​ជីប​ម៉ុង​ជាដើម ដែល​អ្នក​អភិវឌ្ឍន៍​មួយចំនួន​កំពុង​អនុវត្ត​គម្រោងធំៗរបស់ខ្លួន” ។

លោកស្រី​ចេ​វ សុ​ឃុន បាន​បន្ថែមថា នៅ​តំបន់​នេះ មាន​គម្រោង​អភិវឌ្ឍន៍ធំៗជាច្រើន ដែល​បា​នឹង​កំពុង​ដុះ​ឡើង និង​កំពុងអភិវឌ្ឍន៍​ដែល​នឹង​ជួយ ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​សន្ទុះ​រីកចំរើន​កាន់តែខ្លាំង  តែ​យ៉ាងណា​នៅ​តំបន់ផ្សេងៗ ទៀត​ក៏មាន​ការរីកចំរើន​ផងដែរ។

ជាមួយគ្នានេះ លោកស្រី​តាំង ហ៊ួ​រ នាយិការ​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service ឱ្យដឹង​ដែរ​ថា តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​បាន និង​កំពុង​រីកចំរើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ច្រើន ជាង​បណ្តា​ជាយក្រុង​នានា ជាពិសេស​តំបន់​ផ្លូវ៦០ម៉ែត្រ ឬ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន ដោយសារ​មាន​គម្រោងធំៗជាច្រើន​ទៅកាន់​ទីនោះ។

លោកស្រី​បន្តថា “តំបន់​ផ្លូវ៦០ម៉ែត្រ ហាក់​មាន​សកម្មភាពរ​ស់រ​វើក​ខ្លាំង​ជាង ដោយសារតែ​តំបន់​នេះ មាន​គម្រោងធំៗជាច្រើន កំពុង​រីកដុះដាល់​នៅ​តំបន់​នេះ ជាពិសេស​មាន​គម្រោង​ផ្សារ​ទំនើប AEON Mall 3 ដោយពេល​ខ្លះ អ្នក​វិយោគ​ស្វែងរក​ទិញ​នៅ​តំបន់​នេះ​មិនបាន ព្រោះ​វា​មានតម្លៃ​ខ្ពស់” ។

រីឯ​លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century 21 Dream Property  បានឱ្យដឹង​ដែរ​ថា ស្ទើ​តែ​គ្រប់​តំបន់​នៃ​រាជធានី​ភ្នំពេញ គឺមាន​ការរីកចំរើន​វិស័យ​អចលនទ្រព្យ​ទាំងអស់ ប៉ុន្តែ សម្រាប់​ខណ្ឌមានជ័យ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ គឺមាន​ការរីកចំរើន​ខ្លាំង។

លោក​បន្តថា “ការរីកចំរើន​លើ​វិស័យ​អចលនទ្រព្យ​នេះ ដោយសារ​រដ្ឋាភិបាល​គាត់​ដាក់ចេញ​នូវ​គោលនយោបាយ ពង្រីក​ក្រុង និង ផែនការអភិវឌ្ឍន៍​ទី​ក្រុងភ្នំពេញ ដូច​ប្រសា​សាន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​លើកឡើង គឺថា តំបន់​ភាគខាងត្បូង ភាគ​ខាង​លិ​ខ និង​ខាង នឹងត្រូវ​ពង្រីក​បន្ថែម  ប៉ុន្តែ ភាគ​ខាងកើត​រងចាំ​សិន” ៕

ទំហំ​ទីផ្សារ​លក់រាយ​នៅ​ឆ្នាំនេះ​កើនឡើង​ដល់ ១៨៦ពាន់​ម៉ែត្រការ៉េ ដែល​ធ្វើ​ឲ្យការផ្គត់ផ្គង់​ជួប​វិបត្តិ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ទំហំ​ផ្សារ​ទំនើប​ឬ​ទីតាំង​លក់រាយ​នៅតាម​បណ្តា​ផ្សារ​ទាំងនោះ កំពុងមាន​កំនើន​ខ្លាំង ធៀប​នឹង​ឆ្នាំ២០២០កន្លងមក ដោយ​ទំហំ​ផ្សារ​នឹង​កើនឡើង​ដល់ ១៨៦ពាន់​ម៉ែត្រការ៉េ គិត​ត្រឹម​ដំណាច់​ឆ្នាំនេះ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកស្រី អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​នេះ​ថា ការកើនឡើង​នូវ​ទីផ្សារ​លក់រាយ ឬ​ទីផ្សារ​ជួល​នៅតាម​ផ្សារ​ទំនើប​នានា​នឹងមាន​កំនើន​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ផ្សារ​មួយចំនួន​អាច​នឹង​ពន្យា​ពេល​បើក​ដំណើរការ​នៅ​ឆ្នាំ២០២១ខាងមុខនេះ ដោយ​អាច​នឹង​ពន្យា​ពេល​បើក​ដំណើរការ​រហូតដល់​ឆ្នាំ២០២២ ឬ២០២៣ខាងមុខនេះ។

អ្នកស្រី​បន្តថា “ការកើនឡើង​នូវ​ទំហំ​ទីផ្សារ​លក់រាយ ជា​កំនើន​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ការផ្គត់ផ្គង់​លើស​តម្រូវការ ដោយសារ​អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ មិនទាន់​សមស្រប​នៅឡើយ” ។ អ្នកស្រី​បន្តថា “ផ្សារ​ទំនើប​ខ្លះ​បាន​សាងសង់​នៅ​ទីតាំង​មួយ ដែល​មិនមាន​ភាព​អំណោយផល លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មូលដ្ឋាន និង​លក្ខ​ខ័​ណ្ឌ​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ធំ​មួយ” ។

អ្នកស្រី អាន សុធី​តា បាន​បន្តថា ទីតាំង​ខ្លះ​មាន​ផ្សារ​បី​ជាប់​គ្នា ប៉ុន្តែ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មិន​អំណោយផល ជាហេតុ​ធ្វើ​ឲ្យ​ផ្សារ​មិនអាច​ទាក់ទាញ​អតិថិជន​បាន ជាមួយនឹង​ល​ទ្ឋ​ភាព​ប្រជាពលរដ្ឋ​ខ្មែរ​នៅមានកម្រិត ប៉ុន្តែ​អ្នកវិនិយោគ ដោយសារ​មើលឃើញ​ផលចំណេញ​ខ្ពស់​ពី​ផ្នែក​នេះ ពួកគេ​បាន​វិនិយោគ​ទាំង​ខ្លួនឯង មិនមាន​ជំនាញ​លើ​ផ្នែក​នេះ​ឲ្យ​បាន​ត្រឹម​ត្រី​វ​និង​ច្បាស់លាស់។

អ្នកស្រី​បន្ថែមថា “ហេតុនេះ ខ្ញុំ​គិតថា​ផ្សារ​មួយចំនួន​នឹងមាន​អត្រា​ជួល​ទាប នៅពេល​ខាងមុខ ដោយសារ​ទំហំ​នៃ​ការផ្គត់ផ្គង់​ចាប់ផ្តើម​លើស​តម្រូវការ និង​កំលាំង​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត” ។ អ្នកស្រី​បន្ថែមថា “ខ្ញុំ​គិតថា​ផ្សារ​មួយ​ចំនូ​ន នឹង​ពន្យា​ពេល​បើក​ដំណើរការ​នៅ​ឆ្នាំនេះ ដោយសារ​សម្ពាធ​នៃ​ការប្រកួតប្រជែង​កើនឡើង​ខ្ពស់” ៕

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អះអាងថា វ៉ាក់សាំង​កូ​វីដ១៩ នឹង​បង្កើន​លទ្ធភាព​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២០បាន​ធ្លាក់ចុះ​ជា​អវិជ្ជមាន មិន​ធ្លាប់​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ជា២ទសវត្សរ៍​កន្លងមក ហើយ​វិស័យ​ជាច្រើន ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច ក៏បាន​រងគ្រោះ​ផងដែរ ដោយសារតែ​វិបត្តិ​កូ​វីដ១៩ ។

ប៉ុន្តែ​ចូល​ដើមឆ្នាំ ២០២១ ជាពិសេស​នៅ​ដើមខែ​កុម្ភៈ២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ដំបូង ពី​ប្រទេស​ចិន​បាននិងកំពុង​ចាក់​ជូន ដល់​ពលរដ្ឋ​កម្ពុជា​បន្តបន្ទាប់​ផងដែរ។

ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប ការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​រសៀល​ថ្ងៃទី១៧ កុម្ភៈ២០២០នេះ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា រយៈ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ កំណើនសេដ្ឋកិច្ច​ជាតិ​ក​ម្ពុ​ជា សម្រេច​បានជា​មធ្យម​ប្រមាណ៧ភាគរយ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ដោយសារតែ​ផលប៉ះពាល់​នៃ​កូ​វីដ១៩ នៅ​ឆ្នាំ២០២០ ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្វើឱ្យ​ធ្លាក់ចុះ​សេដ្ឋកិច្ច​រហូតដល់ ៤ភាគរយ។

លោក​បាន​ថ្លែង​បន្តទៀតថា សម្រាប់​ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់៤ភាគរយ ស្របគ្នា​ជាមួយនឹង​ក្ដី​រំពឹង​នៃ​ការមកដល់​ដំបូង នៃ​វ៉ា​ក់កូ​វីដ១៩ នៅ​ខែកុម្ភៈ​នេះ និង​ដំណាក់កាល​បន្តបន្ទាប់ និង​កាន់តែ​បង្កើន​លទ្ធភាព ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម រក្សា​លំនឹង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាជន និង​កាត់បន្ថយ​ហានិភ័យ​ទាំងឡាយ ដែល​បណ្ដាលមកពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក​បន្តថា “នៅក្នុង​បរិបទ​នៃ​សម័យ​កូ​វីដ១៩នេះ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ របស់​កម្ពុជា មិនមាន​ការផ្អាក ឬ​ពន្យារពេល​ឡើង ប៉ុន្តែ​ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុញ្ញាតឱ្យ​ប្រើប្រាស់ កញ្ចប់​ថវិកា​សន្សំ​រប​ស់​ជាតិ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ រួមមាន ដូចជា​គម្រោង​ផ្លូវ ៣៤ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ និង​ផ្លូវ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប” ។

លោក អូន ព័​ន្ឋ​មុនី​រ័ត្ន បាន​ថ្លែង​ទៀតថា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាច្រើន​ទៀត ដូចជា​ស្ពាន ផ្លូវ​ល្បឿន​លឿន ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និង​ប្រព័ន្ធគ្រប់គ្រង​មធ្យ​បាយ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​ដែលជា​វិស័យ​ដ៏​សំខាន់ និង​ជា​សរសៃឈាម​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ជំរុញ កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា​ផងដែរ។

លោក​បន្ថែមថា ការអភិវឌ្ឍ​រីកចម្រើន​ឧស្សាហកម្ម៤.០ ការប្រើប្រាស់​ឌីជីថល​ក្នុង​សេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា ចូលក្នុង​សេដ្ឋកិច្ច​អាស៊ាន។ កម្ពុជា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់ ដើម្បី​ប្រែក្លាយ​វិបត្តិ​កូ​វីដ១៩ ឱ្យទៅជា​ឱកាស ឬ​កាលានុវត្តភាព​ទៅតាម​តម្រូវការ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​និង​ភស្តុភា​រកម្ម ទាំង​ក្នុង​ទិដ្ឋភាព គុណភាព ទំហំ និង​តំបន់ ដែល​គ្រប​បណ្ដ​ប់ ដើម្បី​ធានា​ឱ្យបាន​ប្រព័ន្ធ​ដឹកជញ្ជូន​ភស្ដុភា​រកម្ម​មួយ ដែលមាន​ប្រសិទ្ធ​ខ្ពស់។

គិត​មកដល់​ថ្ងៃទី១៦ ខែកុម្ភៈ ២០២១ ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ លើក​ទី១មាន​ចំនួន២៦១១នាក់ និង​មានការ​ចាក់​ជា​បន្តបន្ទាប់​ទៀត ខណៈ​វ៉ាក់សាំង​ជំនួយ​ពី​ប្រទេស​ចិន​មកដល់​កម្ពុជា​ចំនួន៦០ម៉ឺន​ដូ​ស៕

ការសិក្សា៖ ចំនួន​ជនជាតិខ្មែរ​ទិញ​ខុន​ដូ​មាន​កំណើន​គួរឱ្យកត់សម្គាល់​កំឡុង​វិបត្តិ

ដោយៈ លក្ខិណា

ភ្នំពេញៈ យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានបង្ហាញ នៅក្នុង​ឆ្នាំ២០២០កន្លងទៅ និន្នាការ​ជនបរទេស​ទិញ​ខុន​ដូ នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ តែ​ជំនួស​មកវិញ​ដោយ​ជនជាតិខ្មែរ និង​មាន​កំណើន​មិនគួរ ឱ្យ​ជឿ។

កញ្ញា​គឹម គិ​ន​កេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១៧ កុម្ភៈ​កន្លងមក​ថា បើ​និយាយ​វិស័យ​អចលនទ្រព្យ ជាពិសេស​ទៅលើ​ផ្នែក​លំនៅដ្ឋាន ឃើញថា​ក្នុង​ឆ្នាំ២០២០កន្លងទៅ ជនបរទេស ដែល​ទិញ​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ថយចុះ តែ​យើង​មិនបាន​សរុប​តួលេខ​ថា ជនបរទេស​ប៉ុន្មាន​ជា​អ្នកទិញ​ខុន​ដូ ហើយ​ប៉ុន្មាន​ភាគរយ​ទៀត​ជា​ជនជាតិខ្មែរ​នោះទេ។

កញ្ញា​បាន​ថ្លែង​ទៀតថា “កាលពីមុន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ខុន​ដូមួយៗ មាន​ជនបរទេស ទិញ​គម្រោង​រហូតដល់ ៧០ភាគរយ​ឯណោះ តែ​ចូល​មកដល់​ឆ្នាំ២០២០ បរិបទ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ ដោយ​ជនជាតិខ្មែរ​ជាច្រើន​បាន​ទិញ​ខុន​ដូ នៅក្នុង​ប្រទេស​កម្ពុជា​ទៅវិញ” ។កញ្ញា​បាន​បន្តថា “ទន្ទឹមនឹង​ការធ្លាក់ចុះ​នៃ​ជនបរទេស​ទិញ​ខុន​ដូ នៅក្នុង​ប្រទេស​កម្ពុជា​នេះដែរ សម្រាប់​សេវាកម្ម​ជួល​ខុន​ដូ និង​អា​ផាត​មិន ក៏មាន​ការធ្លាក់ចុះ​ដែរ ព្រោះថាអ្វីៗគឺ​ពឹង​លើ​បរទេស” ។

ផ្នែក​ទាំងនេះ ភាគច្រើន​ផ្គត់ផ្គង់​សម្រាប់​ជនបរទេស ហើយ​បើសិនជា​ជនបរទេស​ចូលមក​កម្ពុជា មានការ​ធ្លាក់ចុះ​ហើយ​នោះ ផ្នែក​ទាំងនោះ ក៏មាន​ការធ្លាក់ចុះ​ដែរ។

កញ្ញា​គឹម កិន​កេសា បាន​បន្ថែមថា សម្រាប់​ឆ្នាំ ២០២១នេះ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា គឺ​នៅតែ​ពឹង​លើ​ជនបរទេស។ បើសិនជា​ឆ្នាំ ២០២១នេះ ជនបរទេស​ចាប់ផ្ដើម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ឡើងវិញ នោះ​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​ខុន​ដូ និង​អា​ផាត់​មិន​គឺ​នឹងមាន​កំណើន​ងើបឡើង​វិញ តែ​វា​ក៏​អាស្រ័យ​លើ​វិបត្តិ​កូ​វីដ១៩ ត្រូវបាន​បញ្ចប់​ឬ​យ៉ាងណា។

កញ្ញា​បាន​ថ្លែងថា “សម្រាប់​វិស័យនេះ អ្នក​អភិវឌ្ឍន៍​គួរតែ​ផ្ដោតលើ​អ្នកទិញ​ជា​ជនជាតិខ្មែរ ព្រោះ​ដូច​យើង​បានឃើញ​ស្រាប់ ក្នុង​ឆ្នាំ២០២០កន្លង​ទ ជនជាតិខ្មែរ​កាន់តែច្រើន​បាន​ទិញ​ខុន​ដូ សម្រាប់​វិនិយោគ និង​ស្នាក់នៅ” ។

ជាមួយគ្នានេះ លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល ក៏បាន​ឱ្យដឹង​ផងដែរ​ថា ដោយសារតែ​កំណើន​នៃ​ការទិញ ខុន​ដូ​ពី​ជនជាតិខ្មែរ​នេះ អ្នក​អភិវឌ្ឍន៍​ខុន​ដូ គួរតែ​អភិវឌ្ឍន៍​ដោយ​ផ្តោតលើ​ជនជាតិខ្មែរ និង​រចនា​សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ។ អ្វីដែល​សំខាន់ តម្លៃ​ក៏​ជា​កត្តា​ក្នុង​ការលក់​ដល់​ជនជាតិខ្មែរ​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ មិន​ច្រើន​នោះទេ​មានលទ្ធភាព​ទិញ​ខុន​ដូ​តម្លៃ​ខ្ពស់។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE ឱ្យដឹងថា បន្ទប់​ខុន​ដូ​ចំនួន៩៣៧យូ​នី​ត​ត្រូវ​បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០២០ ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុន​ដូ ក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដំណាច់ឆ្នាំ២០២០ កើនឡើង​ដល់២៥ ៩១៤យូ​នី​ត ។

ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​នេះ ក៏បាន​រកឃើញ​ផងដែរ​ថា តម្លៃ​លក់​បន្ទប់​ខុន​ដូ​បាន​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត នៅក្នុង​ត្រីមាស​ទី៤ ធៀប​នឹង​ត្រីមាស​ទី៣ ដោយ​ប្រភេទ​ខុន​ដូ​ប្រណីត High-End) មានតម្លៃ​ម​មធ្យម៣០០០ដុល្លារ​ក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ១,១៩ភាគរយ ប្រភេទ​តម្លៃ​មធ្យម(Mid-Range) មានតម្លៃ​មធ្យម២២៥០ដុល្លារ ធ្លាក់ចុះ ៥,៨៩ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ (Affordable) មានតម្លៃ​មធ្យម១៤០០ដុល្លារ ធ្លាក់ ១,៥៦ភាគរយ៕

ក្រសួងសាធារណការប្រមូលបានជាង១៦លានដុល្លារពីការលក់ផ្លាកលេខពិសេស

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា កាលពីឆ្នាំ២០២០ក្រសួងប្រមូលបានចំណូល ជាង១៦លានដុល្លារពីការលក់ផ្លាកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងបានចុះបញ្ជីលេខពិសេសសម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាលសរុបចំនួន ៤២ ៧២៧ ផ្លាក បានទទួលចំណូលប្រមាណជាង ៣៤ ពាន់លានរៀល ស្មើនឹង ៨,៥៨ លានដុល្លារអាមេរិក (កើនឡើង ៤៥ភាគរយធៀបនឹងឆ្នាំ២០១៩)។

លោកបានមានប្រសាសន៍បញ្ជាក់ថា “បន្ទាប់ពីបានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន គិតចាប់ពីថ្ងៃទី៧ ខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២០ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៣ ៧១៩ ផ្លាក និងប្រមូលចំណូលបានចំនួន ៨ លានដុល្លារអាមេរិក។ និយាយរួម សរុបចំណូលពីការលក់លេខពិសេសសម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល និងផ្លាកលេខពិសេសផ្ទាល់ខ្លួនបានសរុបប្រមាណ ១៦ លានដុល្លារអាមេរិក”៕

រោងចក្រសហគ្រាសនៅរាជធានីភ្នំពេញជិត១០០ទីតាំងផ្អាកដំណើរការក្នុងដំណាក់កាលកូវីដ១៩

DCIM100MEDIADJI_0007.JPG

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងគ្រាលំបាកដែលបណ្តាលមកពីបញ្ហានៃជំងឺកូវីដ១៩ គិតរហូតមកដល់ដើមឆ្នាំ២០២១នេះ មានរោងចក្រ សហគ្រាសជិត១០០ទីតាំងបានផ្អាកសកម្មភាពប្រតិបត្តិការរបស់ខ្លួន ដោយក្នុងនោះមានចំនួន៧៦ទីតាំងបានបង្ខំចិត្តបិទទ្វារ ហើយចំនួន២៣ទីតាំងទៀតបានបង្ខំចិត្តព្យួរការងារ។


លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្នុងដំណាក់កាលកូវីដ១៩ នៅក្នុងឆ្នាំ២០២០នេះ បានធ្វើឱ្យរោងចក្រសហគ្រាសចំនួន៧៦ នៅក្នុងរាជធានីភ្នំពេញបានបង្ខំចិត្តបិទទ្វារ និងបានធ្វើឱ្យបងប្អូនកម្មករកម្មការិនីប្រមាណជាង ៣៥ ០០០នាក់ អត់ការងារធ្វើ។ បន្ថែមពីលើនេះទៀត រោងចក្រចំនួន២៣ ក៏បានបង្ខំចិត្តព្យួរការងាររបស់ខ្លួនផងដែរ ដែលបានធ្វើឱ្យកម្មករប្រមាណជាជិត៤ម៉ឺននាក់ទៀតត្រូវព្យួរការងារ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះគណៈ ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាដែលចុះមកជួបពិភាក្សាការងារនេះគឺដើម្បី ពិនិត្យទៅលើ ការងារមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការងារដែលរាជរដ្ឋាភិបាលប្រតិ ភូកម្មពីថ្នាក់ជាតិមកឱ្យថ្នាក់ក្រោមជាតិអនុវត្តន៍។ ចង់ដឹងពីវឌ្ឍនភាពការងារ ចង់ដឹងពីបញ្ហា ប្រឈម និងតម្រូវការមួយចំនួនរបស់ថ្នាក់ក្រោមជាតិសំដៅធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋ អាចទទួលយកបាននូវសេវាដែលអាជ្ញាធរថ្នាក់ក្រោមជាតិប្រគល់ទៅឱ្យ ប្រជាពលរដ្ឋ

លោកជួន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា រោងចក្រសហគ្រាសនៅក្នុងរាជធានី ភ្នំពេញ នៅក្នុងឆ្នាំ២០២០ មានរោងចក្រចំនួន ៦៧៥រោងចក្រ មានកម្មករចំនួន ៣៦១៤៥២នាក់ ក្នុងនោះស្រីចំនួន២៩៤៤០១នាក់។ ដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យរោងចក្រ ចំនួន១២៣ បានបង្ខំចិត្តព្យួរការងារ និងបានធ្វើឱ្យកម្មករចំនួន៣៨១៧៧នាក់ព្យួរការងារ។
លោកថា ដោយសារជំងឺកូវីដ១៩ នេះដែរ ក៏បានធ្វើឱ្យរោងចក្រចំនួន៧៦ បានបិទទ្វារនឹងបានធ្វើឱ្យកម្មករចំនួន៣៥៤៧១នាក់ អត់ការងារធ្វើផងដែរ។ ប៉ុន្តែទោះបីជា យ៉ាងណាក្តី ក្នុងដំណាក់កាលកូវីដ-១៩នេះ នៅក្នុងរាជធានីភ្នំពេញក៏បានបង្កើត រោងចក្រថ្មី ចំនួន៤៦រោងចក្រ ដែលបានឱ្យកម្មករចំនួន៨៥៤២នាក់ មានការងារធ្វើផងដែរ។ ពាក់ព័ន្ធនឹង កម្មករដែលអត់ការងារធ្វើ គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាបានឱ្យដឹងថា កម្មករ ដែលអត់ការងារធ្វើដោយសារតែការបិទរោងចក្រ បណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩នោះ គឺកម្មករទាំងនោះទទួលបានផលប្រយោជន៍ចំនួន៣ពីខាងរោងចក្រ ក្នុងនោះទទួល បាននូវប្រាក់បំណាច់អតីតភាពការងារ ទទួលបានប្រាក់បៀវត្សរ៍ចុងក្រោយ និងទទួលបាន ប្រាក់ថ្លៃឈប់សម្រាកដែលនៅសេសសល់។