អ្នកជំនាញ៖ ការទិញ​អចលនទ្រព្យ​ទុក​លក់​បន្ត​គឺ​ជួយ​ជំរុញ​ឱ្យ​វិស័យនេះ​មានការរីកចម្រើន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ និន្នាការ​នៃ​ការទិញ​អចលនទ្រព្យ ទុក​មាន​ទាំង​លំនៅឋាន និង​ដីធ្លី​ជាដើម​នាពេល​បច្ចុប្បន្ននេះ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ធនធាន​សម្រាក់​លក់​បន្ត នឹងធ្វើ​ឱ្យ​វិស័យ​មួយ​នេះ កាន់តែរ​មាន​សន្ទុះ​រីកចំរើន​បន្ថែមទៀត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា និន្នាការ និង​សកម្មភាព​នៃ​ការទិញ​អចលនទ្រព្យ​មាន​ទាំង​ទ​ដីធ្លី និង​លំនៅឋាន​ទុក​សម្រាប់​វិនិយោគ​បន្ត ពុំមាន​ផលប៉ះពាល់​ដល​វិស័យ​អចលនទ្រព្យ​នោះទេ ពោលគឺ​វា​នឹងធ្វើ​ឱ្យ​វិស័យ​មួយ​នេះ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​ថែមទៀត។

លោក​បន្តថា “កាលណា​អត់​មានការ​ទិញ​ទុក​លក់ ឬ​វិនិយោគ​បន្ត​ទេ វា​នឹង​ធ្វើឱ្យ​ចរន្ត​ទីផ្សារ​ហ្នឹង វា​អត់​ដំណើរការ​ទេ។ ចឹ​ង​មាន​អ្នកទិញ​ទុក​ខ្លះ មាន​ទិញ​ប្រើប្រាស់​ខ្លះ ចឹ​ង​ទៅ វា​នឹង​បង្កើន​នូ​ឪ​កាស​សម្រាប់ធ្វើ​អាជីវកម្មផ្សេង” ។ លោក​បន្តថា “ម្យ៉ាង​ដោយមាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ធនាគារផ្សេងៗ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ កាន់តែ​រីកចំរើន​បន្ថែម​ទៀតផង​ដែរ” ។

បន្ថែម​ពីនេះ កំណើន​នៃ​ការវិនិយោគ​ពី​ក្រៅប្រទេស​កាន់តែច្រើន ក៏​ធ្វើឱ្យ​វិស័យនេះ មានការ​រីកចម្រើន គួបផ្សំ​ជាមួយ​អ្នក​វិយោគ​ក្នុងស្រុក” ។

លោក​បន្ថែមទៀតថា “ការ​និ​យោគ​លើ​វិស័យ​អចលនទ្រព្យ មិនត្រូវ​បាន​គេ​រំពឹង​ពី​ការ​ចំណេញ​ភ្លាម​នោះទេ ពោលគឺ​ទុក​កាន់តែ​យូរ​បាន​ផលចំណេញ​កាន់តែច្រើន” ។

លោក​វ៉ា វិ​រៈ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹង​ដែរ​ថា ជាការ​ពិតណាស់​និន្នាការ របស់​ប្រជាពលរដ្ឋ​ទិញ​ដីធ្លី និង​ផ្ទះ សម្រាប់​ទុក​វិនិយោគ​បន្ត​យក​ផលចំណេញ។ តែ​ក្នុង​ចំណុច​សំរាប់​អ្នក ដែលមាន​ផ្ទះ​រួចហើយ គឺ​ពួកគាត់​ទិញ​ដី​បន្ត​ភាគច្រើន។

លោក​បន្ថែមថា “ជាមួយគ្នានេះ​តម្លៃ​ដីធ្លី​ឡើងថ្លៃ​លឿន​ជាង​តម្លៃ​លំនៅឋាន ខណៈ​តំ​ម្លៃ​លំនៅឋាន​មួយចំនួន​នៅ​ទ្រឹង និង​មាន​ការឡើង​តិចតួច តែ​ក៏មាន​ហា​នី​ភ័យ​ចំពោះ​ការទិញ​ដី​រួចហើយ មិនបាន​យកទៅ​អភិវឌ្ឍន៍​បន្ត និង​មិនមាន​ការបង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ ស្របពេល​ការអនុវត្ត​ច្បាប់​បង់ពន្ធ​នៅ​កម្ពុជា​នៅមានកំរិត  មិន​ដូច​ស្រុក​គេ​នោះទេ” ។

លោក​វ៉ា វីរៈ​បាន​បន្តថា “ការទិញ​ដី​ទុក​យូ​ដែល​មិន​ប្រើប្រាស់ យើង​ត្រូវការ​បង់ពន្ធ​ច្រើន  ហើយ​មិន​ទទួលបាន​ផលចំណេញ​ច្រើន​នោះទេ  តែបើ​ទិញ​ហើយ​យកមក​អភិវឌ្ឍន៍​ភ្លាម នឹង​ទទួលបាន​ផលចំណេញ​ខ្ពស់” ។

ជាមួយគ្នានេះ​លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បានឱ្យដឹងថា សម្រាប់​ស្ថានភាព​អចលនទ្រព្យ នាពេល​បច្ចុប្បន្ននេះ ការទិញ​អ​ល​ចនទ្រ​ព្យ ស​ម្រា​ង់​ទុក​វិនិយោគ​បន្ត គឺជា​យុទ្ធសាស្ត្រ​ល្អ ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​អចលនទ្រព្យ​មាន​ពីរធំៗ រួមមាន ១) ការទិញ​លក់ភ្លាមៗ និង២) ការទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត។

លោក​បន្ថែមទៀតថា “ស្ថានភាព​អចលនទ្រព្យ​នៅ​ម្ពុ​ជា​កំពុង​មានតម្លៃ​ទាប ហើយ​នៅពេល​គេ​ប្រើ​យុទ្ធសាស្ត្រ នៃ​ការទិញ​អចលនទ្រព្យ​ទុក​សម្រាប់​វិនិយោគ​នេះ មាន​ភាពងាយស្រួល និង​ទទួល​បាល​ផលចំណេញ​ខ្ពស់” ។

តែ​យ៉ាងណាក៏ដោយ ក៏​វា​មាន​ផល​មិនល្អ សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ផងដែរ តាមរយៈ​ការមិន​លក់​សម្រាប់​ឱ្យគេ​វិនិយោគ​បន្ត និង​ទទួលបាន​ផល​តិចតួច​នៅពេល​ខ្ចីលុយ​ពី​ធនាគារ៕

Condo Le Condé BKK1 រៀបចំ​ការតាំងពិព័រណ៍​ផ្តាច់មុខ​និង​ដំបូង​គេ​ក្នុងផ្សារ​ទំនើប​អ៊ី​អន១

ដោយ សហការី

ភ្នំពេញៈ គម្រោង​ខុន​ដូ Le Condé BKK1 បានរៀបចំ​ការតាំងពិព័រណ៍​គម្រោង​អចលនទ្រព្យ​ដំបូង​គេ​នៅក្នុង​ផ្សារ​អ៊ី​អន១ ដែលជា​ផ្សារ​ទំនើប និង​ល្បីឈ្មោះ​ជាងគេ​នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងមកនេះ។

គម្រោង Le Condé BKK1 គឺជា​គម្រោង​ដ៏​ល្បីល្បាញ​មួយ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ជាមួយនឹង​ចំនួន​នៃ​ការលក់​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​មហាជន ទោះបីជា​ស្ថិតនៅ​កំឡុងពេល​ដ៏​លំបាក ដែល​រង​ពី​ឥទ្ធិពល​កូ​វីដ១៩ នា​ឆ្នាំ២០២០ ។ លទ្ធផល​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា គម្រោង​នេះ​ត្រូវបាន​ទទួលស្គាល់​យ៉ាងខ្លាំង នៅក្នុង​ទីផ្សារ​របស់​យើង។ ហើយ​យើង​ពិត​ជាមាន​មោទនភាព ដែល​គម្រោង Le Condé BKK1 ត្រូវបាន​បង្កើតឡើង ដើម្បី​បំពេញតម្រូវការ​ក្នុងការ​រស់នៅ​របស់​អតិថិជន​ក្នុងស្រុក។ ក្នុងនោះ ៨៤ភាគរយ​នៃ​ម្ចាស់​ស្មា​ត​ហូ​ម​របស់​យើង គឺជា​ប្រជាជន​កម្ពុជា។

លទ្ធផល​ដែល​សម្រេចបាន​នេះ បង្ហាញ​ពី​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់​ពី​តម្រូវការ​ជាក់ស្តែង របស់​ទីផ្សារ​សម្រាប់​វឌ្ឍនភាព លើ​គម្រោង​លំនៅឋាន​នាពេល​អនាគត។

ស្ថិតនៅ​ទីតាំង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​គឺ បឹង​កេងកង១ នៃ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ស្គាល់​ថា ជា​តំបន់​ដែលមាន​សក្តានុភាព​ខ្លាំង​ក្នុងការ​រស់នៅ ដែល​ក្នុងនោះ​ព័ទ្ធជុំវិញ​ទៅដោយ​មហាវិថីធំៗចំនួន៤ មាន​ស្ថានទូត​ជុំវិញ​ចំនួន២៩ អង្គការ​អន្តរជាតិ​ច្រើនជាង៥០ អង្គការ​អន្តរជាតិ និង​ធនាគារ​អន្តរជាតិ​ចំនួន៣៦មាន​ទីតាំងនៅ​មូលដ្ឋាន​រួម។

តំបន់​នេះ​ត្រូវបាន​ស្គាល់​ថា ជា​តំបន់​ដែល​សំបូរ​ទៅដោយ​ហាង​ម្ហូប មកពី​បណ្តា​ប្រទេស​នានា​លើ​សកលលោក ដូចជា ហាង​កាហ្វេល្បីៗ ភោជនីយដ្ឋាន​គ្រប់លំដាប់ ប៊ូ​ទិ​ក និង​ហាង​សំលៀកបំពាក់​ជាច្រើន។ លោកអ្នក​ក៏​អាច​ស្វែ​ករក​ហាង​ដែលមាន ម៉ាក​ទំនើបល្បីៗលំដាប់​ពិភពលោក​ក្នុង​តំបន់​នេះ​ផងដែរ។

ដើម្បី​បង្កើត​គម្រោង​ដ៏​ធំ​មួយ​នេះ ក្នុង​រាជធានី​ភ្នំពេញ យើង​បាន​សិក្សា​យ៉ាង​យកចិត្តទុកដាក់​លើ​និន្នាការ នៃ​លំនៅឋាន​ក្នុង​ភ្នំពេញ ព្រមទាំង​ការពិភាក្សា និង​ពិសោធ​ជាច្រើនលើក​ច្រើនសារ។

គម្រោង Le Condé BKK1 បានផ្តល់​នូវ​គុណ​តម្លៃ​ជាច្រើន សម្រាប់​ការរស់នៅ​ប្រកបដោយ​ផាសុខភាព និង​ភាពទាន់សម័យ ដែល​ក្នុងនោះ​មាន៖

  • ទីតាំង​ដែលមាន​សក្តានុពល​ខ្ពស់ បឹង​កេងកង១
  • ជា​គម្រោង​ស្មា​ត​ហូ​ម​ដំបូង​គេ​នៅ​កម្ពុជា
  • បរិក្ខាទំនើបៗជាច្រើន
    • កន្លែង​អាន​សៀវភៅ​បែប​ប៊ូ​ទិ​ក
    • ផ្លូវ​រត់​លើ​អាកាស និង​កន្លែង​ហាត់ប្រាណ​ធំ​ទូលាយ
    • កន្លែង​ក្មេង​លេង (៨០០ម៉ែត្រការ៉េ)
    • សួនច្បារ​អាកាស (១០០០ម៉ែត្រការ៉េ)
  • អ្នកគ្រប់គ្រង​អចលនទ្រព្យ​ស្តង់ដា​ជប៉ុន HOPETREE
  • គម្រោង​ដែល​ទទួលបាន​ពានរង្វាន់​ពី PropertyGuru

កាលពី​ខែកញ្ញា ២០២០ គម្រោង Le Condé BKK1 ត្រូវបាន​ជាប់​ឈ្មោះ​គ្រប់​ពានរង្វាន់​ក្នុង​ប្រភេទ អា​ផាត​ម៉ិ​ន​សេវាកម្ម​ល្អ​បំផុត ដោយ​កម្មវិធី​ប្រគល់​ពានរង្វាន់ អចលនទ្រព្យ​កម្ពុជា PropertyGuru

  • អា​ផាត​មិន​សេវាកម្ម​ល្អ​បំផុត ផ្នែក​រចនា​ខាងក្នុង
  • អា​ផាត​មិន​សេវាកម្ម​ល្អ​បំផុត ផ្នែក​អភិវឌ្ឍ​គម្រោង
  • អា​ផាត​មិន​សេវាកម្ម​ល្អ​បំផុត ផ្នែក​រចនា​ស្ថាបត្យកម្ម

ចាប់ពី​បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​កម្ពុជា គម្រោង​Le Condé BKK1 ត្រូវបាន​កោតសរសើរ​ពី​សំណាក់​មហាជន និង​ដៃគូ​ភ្នាក់ងារ​ជាច្រើន​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​គម្រោង​យើង​ទទួលស្គាល់ និង​ការកោតសរសើរ​ពី​សំណាក់​គ្រួសារ​រាជវង្ស​នៃ​ប្រទេស​កម្ពុជា ហើយ​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង ក្រោម​ព្រះរាជអធិបតីភាព ព្រះអង្គម្ចាស់​ព្រះ​នាង នរោត្តម ពង្ស​សូរិយា រាជទូត​សុ​ឆ​ន្ទះ​នៃ​គម្រោង​របស់​យើង៕

រដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍កីឡាជិះកង់នៃក្តីស្រលាញ់នៅខេត្តព្រះសីហនុដើម្បីបង្ហាញសក្តានុពលថ្មី

ដោយ:គង់ សូរិយា

ព្រះសីហនុៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយ សហព័ន្ធខ្មែរកីឡា​ទោចក្រយានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” ។

 

យោងតាមព៌តមានដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនង របស់រដ្ឋបាល​ខេត្តព្រះសីហនុ ដែលបានចេញផ្សាយនារសៀលថ្ងៃទី៨ កុម្ភៈនេះបានឲ្យដឹងថា កម្មវិធីនេះ នឹងធ្វើឡើងនៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។

វិញ្ញាសាកីឡាជិះកង់មានចំនួនបីសំខាន់ៗ រួមមាន ទី១ ប្រណាំងកង់ភ្នំ *៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។ ទី ២. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី “២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ និងទី៣. “Family Couple Rde” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ -១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់នៅក្រុងព្រះសីហនុ។ គណៈកម្មការរៀបចំគ្រោងរៀបចំ ទីកន្លែងបោះតង់តាមឆ្នេរសមុទ្រ ជូនអ្នកចូលរួមទាំងអស់ដោយសុវត្ថិភាពសណ្តាប់ធ្នាប់ និងអនាម័យខ្ពស់៕

 

ការស្ថាបនាធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤ដែលគ្រោងចំណាយប្រាក់១០០លានដុល្លារកំពុងដំណើរការយ៉ាងសកម្ម

ដោយ:គង់ សូរិយា

ភ្នំពេញៈ ការស្ថាបនានិងកែលំអរឡើងវិញផ្លូវជាតិលេខ៤ បាននិងកំពុងដំណើរការយ៉ាងសកម្ម ខណៈគំរោងកែលំអរផ្លូវនេះគ្រោងចំណាយទឹកប្រាក់១០០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឈនភាពនៃការសាងសង់ផ្លូវនេះ កាលពីចុងសប្តាហ៍មុន ដើម្បីធ្វើឲ្យប្រាក​ដថាផ្លូវនេះសាងសង់បានតាមផែនការ និងប្រកបដោយគុណភាព។

ធនាគារពិភពលោកជាអ្នកផ្តល់ហិរញ្ញប្បទាន សម្រាប់ការកែលំអរនិងលើកកំពស់ផ្លូវនេះឲ្យបានល្អ ដោយសារតំបន់មួយចំនួនតែងតែលិចទឹក នៅរដូវវស្សាឬរដូវទឹកជំនន់ ដែលរំខានដល់ការធ្វើដំណើរ ពិសេសមានបញ្ហាលើការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ទៅកាន់កំពង់ផែក្រុងព្រះសីហនុ។

រដ្ឋាភិបាលនឹងលើកកំពស់តំបន់ខ្លះលើផ្លូវនេះ ដើម្បីបញ្ចប់លការជន់លិចនៅរដូវ​វស្សា។ ជាមួយគ្នានេះ រដ្ឋាភិបាលបានចាត់ទុកផែនការស្ថាបនា កែលំអរ និងពង្រីកផ្លូវជាអាទិភាព ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួង បាននិងកំពុងផ្តោតសំខាន់លើការអនុវត្ត ផែនការនៃការស្ដារ និងកសាងស្ពាន ផ្លូវដែក និងផ្លូវថ្នល់សំខាន់ដែលបម្រើ ដល់វិស័យដឹកជញ្ជូន ដែលក្នុងនោះរួមមាន ដូចជា ការពង្រីកផ្លូវជាតិលេខ៥ ពីភ្នំពេញ ប៉ោយប៉ែត ការពន្លឿនសកម្មភាពសាងសងផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាស្ដារផ្លូវជាតិលេខ៣ ការស្ថាបនាផ្លូវជាតិលេខ៤៨ រួមជាមួយនឹងផ្លូវជាតិផ្សេងៗទៀត ដែលសុទ្ធតែជាផ្លូវសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូន។

លោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានមានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាលបានបង្ហូរថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់ទាំងថវិកាជាតិ និងថវិកាហិរញ្ញប្បទានពីបណ្តាប្រទេសជាមិត្ត ក្នុងការស្ដារ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ដល់វិស័យដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរ។

លោកបានបន្តទៀតថា “ហេដ្ឋារចនាសម្ព័ន្ធទាំងអស់រួមមានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវដែក រួមទាំងផ្លូវល្បឿនលឿន គឺសុទ្ធតែអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម និងសមាហរណកម្មជាមួយបណ្តាប្រទេសនានាក្នុងតំបន់”។លោកបន្តថា “វាក៏ជាវិភាគទានមួយដ៏សំខា​ន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ តាមរយៈការទាក់ទាញបណ្តាវិនិយោគិនអន្តរជាតិឱ្យចូលមកកាន់កម្ពុជា”៕

កម្ពុជាទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់ជិត៨០០០លានដុល្លារកាលពីឆ្នាំមុន

ដោយៈណែត

ភ្នំពេញៈ ប្រទេសកម្ពុជានៅតែជាទីកន្លែង ដែលស្រូបទាញការវិនិយោគច្រើនក្នុងវិស័យសំណង់ ដោយទុនវិនិយោគប្រមាណ៧៧០០លានដុល្លារ ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់សំណង់ទូទាំងប្រទេសចំនួន៤.៨៤១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង២៩លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ៧,៧៥ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ៣២,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងចំនួន៤៤១គម្រោង ស្ថិតនៅក្រោមសមត្ថកិច្ចក្រសួង និងមានផ្ទៃក្រឡាកម្រាលសំណង់ចំនួន២៦,២៤លានម៉ែត្រក្រឡា មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ៦,៦៥ពាន់លានដុល្លារអាមេរិក ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩មានការចុះ៣៦,២៥ភាគរយ ដោយឆ្នាំ ២០១៩ គម្រោងនៅក្រោមសមត្ថកិច្ចក្រសួង មានចំនួន៥០០គម្រោង គិតជាទឹកប្រាក់មានប្រមាណ១០,៤៣ពាន់លានដុល្លារអាមេរិក។

សម្រាប់គម្រោងស្ថិតនៅក្រោមសមត្ថកិច្ច រដ្ឋបាលរាជធានីខេត្ត មានចំនួន៤.៤០០គម្រោង មានតម្លៃប៉ាន់ស្មានសរុប ប្រមាណ១,១០ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណ៩,៧៥ភាគរយ ។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាជួបវិបត្តិកូវីដ១៩ តែការអភិវឌ្ឍសំណង់នៅតែបន្ត និងមានការទិញលក់ជាហូរហែ តែយ៉ាងណាឥទ្ធិពលនៃវិបត្តិកូវីដ១៩ ពិតជាធ្វើឱ្យវិស័យសំណង់និងអចលនទ្រព្យរងផលប៉ះពាល់ផងដែរ។

របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថាវិស័យសំណង់បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយឺត ដែលវាជាចំណែកមួយដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចក្នុងឆ្នាំ២០២០។

ជាមួយគ្នានេះ លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជារងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ស្រាលជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងមានឳកាសងើបឡើងវិញលឿន បើធៀបជាមួយប្រទេសក្នុងតំបន់ផងដែរ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិកាប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានថ្លែងថា វិស័យសំណង់បានក្លាយជាជន្ទល់យ៉ាងសំខាន់ ក្នុងការទប់សេដ្ឋកិច្ចកម្ពុជាមិនឲ្យមានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន៕

តំបន់រាមកំពុងបង្ហាញសក្ដានុពលលើការវិនិយោគក្នុងគម្រោងធំតម្លៃរាប់ពាន់លានដុល្លារ

ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ មិនខុសពីតំបន់ឆ្នេរនៃខេត្តកោះកុងដែលទទួលបានគម្រោងអភិវឌ្ឍន៍ខ្នាតយក្សលើការរៀបចំ និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមជាមួយទីក្រុងបែបទំនើបនៅតំបន់ឆ្នេរដែលមានតម្លៃទុនវិនិយោគរាប់ពាន់លានដុល្លារនោះ ពេលនេះសម្រាប់តំបន់រាម ខេត្តព្រះសីហនុក៏កំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនយ៉ាងអស្ចារ្យជាមួយផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអន្តរជាតិរៀបចំបង្កើតក្រុងថ្មីដ៏ស៊ីវិល័យបំផុតប្រចាំប្រទេសកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបង្ហាញពីក្ដីសាទរទៅនឹងផែនការ លើគម្រោងរៀបចំបង្កើតជាទីក្រុងថ្មីដែលមានតម្លៃរាប់សិបពាន់លានដុល្លារខាងលើនេះ ជាមួយនឹងការបង្ហើបពីឱកាសល្អក្នុងការវិនិយោគដីធ្លីនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

លោកច្រឹក សុខនីមបានបញ្ជាក់ថា “វាជារឿងល្អសម្រាប់កម្ពុជាដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍ធំៗពីសំណាក់ក្រុមហ៊ុនអន្តរជាតិដែលមានតម្លៃយ៉ាងសន្ធឹកសន្ធាប់ ដែលក្រៅពីអាចជួយដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់កម្ពុជា វាក៏បានក្លាយជាចំណុចពិសេសមួយក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាផងដែរ ហើយប្រសិនបើគម្រោងខាងលើនេះជាគម្រោងដែលនឹងត្រូវអភិវឌ្ឍន៍ពិតមែន វាគឺជារឿងល្អបំផុតសម្រាប់កម្ពុជា ជាពិសេសខេត្តព្រះសីហនុដែលកំពុងរៀបចំ និងអភិវឌ្ឍន៍ទៅជាប៉ូលសេដ្ឋកិច្ចប្រចាំប្រទេស និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មពហុបំណង”។

លោកបានបន្តថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខ្ញុំជឿថាក្រុមហ៊ុនអភិវឌ្ឍន៍បានទិញរួចរាល់ហើយមុនពេលគេប្រកាសពីគម្រោង ប៉ុន្តែវានៅតែជាឱកាសសម្រាប់អ្នកដែលមានបំណងវិនិយោគដីធ្លីនៅក្បែរតំបន់អភិវឌ្ឍន៍ទាំងនេះនៅឡើយ។ បច្ចុប្បន្នក្រៅពីគម្រោងអភិវឌ្ឍន៍បង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មពីវិស័យឯកជន រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ដូចជាផ្លូវថ្នល់ជាដើមដែលកាន់តែងាយស្រួលដល់ការធ្វើដំណើរ។ ដោយឡែកសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យដីធ្លី ក៏អាចស្វែងរកទិញនៅតំបន់ក្បែរទីតាំងគម្រោងអភិវឌ្ឍន៍ធំៗទាំងនោះ ជាពិសេសនៅក្នុងកាលទេសនេះតែម្ដង ដោយសារតែតម្លៃដីនៅមានកម្រិតនៅឡើយ បើរង់ចាំ២-៣ឆ្នាំទៀត តម្លៃអាចនឹងឡើងថ្លៃ និងបាត់បង់ឱកាសចំណេញ”។

គម្រោងអភិវឌ្ឍន៍ធំៗដែលស្ថិតនៅក្នុងផែនការនៃការបង្កើតក្រុងទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានតម្លៃរាប់សិបពាន់លានដុល្លារទាំងនេះរួមមាន ទី១ គម្រោងអភិវឌ្ឍន៍ទីក្រុងរាមថ្មី ដែលមានតម្លៃសរុប១៦ពាន់លានដុល្លារក្រោកការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន Canopy Sands Development ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន Prince Holding Group នៅលើផ្ទៃដីសរុបប្រមាណ ៨៣៤ហិចតា ។ ទី២ គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL Ville Ream Beach ដែលជាកិច្ចសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសិង្ហបុរី ដែលមានឈ្មោះថា FURI Corporation ក្រោមទុនវិនិយោគជាង១០០០លានដុល្លារ ដែលបច្ចុប្បន្នកំពុងដំណើរបុកគ្រឹះសាងសង់នៅក្នុងដំណាក់កាលដំបូងដោយការសាងសង់ប្រភេទវីឡាប្រណីតប្រមាន១០០ខ្នង រួមជាមួយនឹងផ្សារទំនើបផងដែរ៕

ស្របពេលការអភិវឌ្ឍចាប់ផ្តើម ស្ថាប័នហិរញ្ញវត្ថុធំៗបានចាប់ផ្តើមពង្រីកខ្លួនទៅកាន់ខេត្តមណ្ឌលគិរី

ដោយ:គង់ សូរិយា

ភ្នំពេញៈ នៅពេលដែលក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិជាច្រើនបាននិងកំពុងរៀបចំផែនការវិនិយោគរបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើនបានពង្រីកខ្លួន ទៅកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈគំរោងធំៗជាច្រើនបាននិងកំពុងពង្រីកខ្លួនទៅក្នុងខេត្តមួយនេះ។

 

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៨ កុម្ភៈនេះថា បច្ចុប្បន្នស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើន បានពង្រីកខ្លួនទៅកាន់ខេត្តមណ្ឌលគិរី ដូចជាធនាគារABA ធនាគារកាណាឌីយ៉ា បន្ថែមលើស្ថាប័នធនាគារដូចជាធនាគារហត្ថា និងមីក្រូហិរញ្ញវត្ថុដែលមានមូលដ្ឋានស្រាប់នៅទីនោះ។

លោកបន្តថា “បច្ចុប្បន្នសកម្មភាពនៃការអភិវឌ្ឍខេត្តមណ្ឌលគិរី បាននិងកំពុងកើនឡើង ដោយទស្សនទាននៃការអភិវឌ្ឍរបស់ខេត្ត កំពុងទាក់ទាញការវិនិយោគ ពិសេសគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន រមណីយដ្ឋានបែបលំហែរកាយ”។លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍក្នុងខេត្ត មានសភាពស្រដៀងគ្នានឹងខេត្តសៀមរាប ប៉ុន្តែខេត្តមណ្ឌលគិរីផ្តោត​លើទេសចរណ៍ក្នុងស្រុកច្រើនេះជាង ដោយសារខេត្តនេះមានអាកាសថាតុល្អ ទេសភាព​ស្អាត”។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុនPower China Groupវិនិយោគសាងសង់ព្រលានយន្តហោះខ្នាតតំបន់ មានលក្ខណៈអន្តរជាតិ ដែលការវិនិយោគនេះធ្វើឡើងក្នុងរូបភាពBOT។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានថ្លែងឲ្យដឹងកាលពីឆ្នាំមុនថា រដ្ឋាភិបាលគ្រោងវិនិយោគខេត្តមណ្ឌលគិរី ជាតំបន់សេដ្ឋកិច្ចពហុបំណង ខណៈដែលវិស័យទេសចរណ៍ ជាវិស័យអាទិភាពដែលត្រូវវិនិយោគ ដោយរដ្ឋាភិបាលគ្រោងដាំផ្កា បន្លែ ដើម្បីទាក់ទាញទេសចរណ៍ទៅទស្សនាផង និងដើម្បីពង្រីកមូលដ្ឋាននៃការផ្គត់ផ្គង់បន្លែ ដល់សេវាកម្មបដិសណ្ឋារកិច្ចក្នុងស្រុកផង។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា ធនាគារបានពង្រីកការិយាល័យទៅកាន់ខេត្តរួចហើយ ដែលការិយាល័យទី១មាននៅក្នុងក្រុងសែនមនោរម្យ និងទី២ មាននៅទីប្រជុំជនស្រុកកែវ សីមារបស់ខេត្ត។លោកបន្តថា ការរីកចម្រើនរបស់ខេត្តបាន និងកំពុងធ្វើឲ្យតម្រូវការឥណទានពីធនាគារហត្ថាកើនឡើង ដោយសារកំនើនប្រជាពលរដ្ឋ និងការវិនិយោគកើនឡើង។

លោកបន្តថា “ទោះជាយ៉ាងណាធនាគារមិនទាន់មានគំរោង ពង្រីកសាខាបន្ថែមនៅក្នុងខេត្តនៅឡើយទេ ដោយសារអ្នកវិនិយោគភាគច្រើន បានប្រើប្រាស់មូលធនរបស់ពួកគេដែលមាននៅរាជធានីភ្នំពេញ”៕

ក្រុមហ៊ុនSUN DOORកំពុងរួមចំណែកលើកកំពស់សោភ័ណភាពសំណង់នៅកម្ពុជា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន SUN DOOR ផលិត និងផ្គត់ផ្គង់ពិដាន និងទ្វារ PVC នៅពេលបច្ចុប្បន្ន បាននិងកំពុងពង្រីកទីផ្សារកាន់តែទូលាយ លើផលិតផលខាងលើនេះនិងកំពុងរួមចំណែកលើកកំពស់សោភ័ណភាពលំនៅដ្ឋាន នៅតាមសំណង់បុរី ខុនដូ និងអាគារសំណង់នានាជាច្រើននៅកម្ពុជា។

ក្រុមហ៊ុននេះបាននាំចូលនូវបច្ចេកវិទ្យាម៉ាស៊ីនផលិត វត្ថុធាតុដើមពីប្រទេសចិន និងប្រទេសជាច្រើនទៀត ដើម្បីឆ្លើយតបនឹងការគាំទ្រពីម្ចាស់បុរី និងអាគារសំណង់ធំៗ​នៅកម្ពុជា ពិសេសរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានការរីកចម្រើនលើវិស័យសំណង់ និងអចលនទ្រព្យ។ Sun Door ជាផលិតផលផលិតក្នុងស្រុក ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាមកពីបរទេស ក្រុមហ៊ុនផលិតទ្វារនិងពិដានSun Door PVC ម៉ាក SUNDOOR បាននិងកំពុងទទួលបានការគាំទ្រពីអ្នកវិនិយោគសំណង់លំនៅដ្ឋាន បុរី ខុនដូ និងអាផាតម៉ិននានាយ៉ាងច្រើន។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះបានឲ្យដឹងថា បច្ចុប្បន្នបុរីធំៗដូចជា បុរីអ័រគីដេ ជីប ម៉ុង ខុនដូ អាផាតម៉ិនជាច្រើនបាននិងកំពុងប្រើប្រាស់ផលិតផលរបស់SUN DOOR ដោយសា​រ​​យើងមានផលិតផលមានគុណភាពខ្ពស់ មានក្រុមការងារដែលធ្វើការបានយ៉ាងម៉ត់ចត់ ទទួលខុសត្រូវ និងលឿនរហ័សជាមួយការយកចិត្តទុកដាក់លើសោភ័ណភាព និងគុណភាពជាចម្បង។

កម្ពុជានាពេលបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព សោភ័ណភាព និងភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ការបំពាក់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម ស្រក អាចកម្មង់ទំហំទៅតាមតម្រូវការបែបទំនើបទាន់សម័យ។

ថ្នាក់ដឹកនាំក្រុមហ៊ុនSUNDOOR បានបញ្ជាក់ថា នៅក្នុងរយៈពេលដ៏ខ្លីនៃកិច្ចដំណើ​រការផ្គត់ផ្គង់ផលិតផល ក្នុងវិស័យសំណង់នៅកម្ពុជាកន្លងទៅនេះ ខ្សែសង្វាក់ផលិត​កម្មរបស់ក្រុមហ៊ុនបានប្រព្រឹត្តទៅយ៉ាងរលូន ខណៈដែលក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ ជាមួ​យនឹងការខិតខំប្រឹងប្រែង ក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅ នៃភាពជោគជ័យយ៉ាងត្រចះត្រចង់។

គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺចាំបាច់បំផុត ធ្វើគ្រប់មធ្យោ​បាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានា នៅទូទាំងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលថ្មីៗ ប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំនើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168៕

សាលាអន្តរជាតិចុង អុីងពង្រីកខ្លួនជាមួយគុណវុឌ្ឍិ និងបេសកកម្មពង្រឹងភាពជាអ្នកដឹកនាំសម្រាប់សិស្សានុសិស្ស

ដោយគង់ សូរិយា

ភ្នំពេញៈ គុណតម្លៃ និងគុណវុឌ្ឍិនៃការអប់រំ ជាអ្វីដែលមាតាបិតា អ្នកអាណាព្យា​បាលគ្រប់រូបតែងតែយកចិត្តទុកដាក់ សម្រាប់បុត្រ ធីតាឆ្ពោះទៅកាន់អនាគតភ្លឺស្វាងមួយ និងក្លាយជាអ្នកដឹកនាំទៅអនាគត។

ចាប់ផ្តើមដំណើរការពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១នេះ សាលាអន្តរជាតិ ចុង អុីង បាននិងកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ជាមួយសាខាចំនួន៥ ដែលសាខាទី១ មានទីតាំងនៅតំបន់ផ្សារឈូកមាស ពោធិ៍ចិនតុង សាខាទី២ នៅក្រុងតាខ្មៅ សាខាទី៣ នៅតំបន់ផ្សារទំនើបAEON Mall2 សាខាទី៤ នៅតំបន់ផ្សារដេប៉ូ និងសាខាទី៥ នឹងបើកនៅតំបន់ទួលទំពូង និងគ្រោងពង្រីកសាខាជាច្រើនទៀត។

ស្ថាបនិក និងជាអគ្គនាយកសាលាអន្តរជាតិ ចុង​ អុីង លោកសេង វណ្ណារិទ្ធបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីពេលថ្មីៗនេះថា ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ និងទំនុកចិត្តរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស គណៈគ្រប់គ្រងសាលាបានផ្តោត និងយកចិត្តទុកដាក់ខ្លាំងបំផុតលើគុណភាពសិស្សា ឲ្យស្របតាមសម័​យកាលដែលពិភពលោកត្រូវការ ពោលគឺធនធានមនុស្ស ដែលប្រកបទៅដោយគុណភាព និងគុណវុឌ្ឍិពេញលេញ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកដឹកនាំនៅពេលអនាគត។

លោកបន្តថា “ទស្សនវិស័យរបស់សាលា គឺបន្សល់ទុកនូវមរតកកេរ្តិ៍ឈ្មោះដ៏ថ្លៃថ្លាក្នុងការជួយកុមារនៅកម្ពុជា និងពិភពលោក ឲ្យក្លាយជាបុគ្គលដ៏ជោគជ័យសម្រាប់អនាគត”។ លោកក៏បន្តថា “ដើម្បីសម្រេចបាននូវទស្សនវិស័យទាំងនេះ យើងមិនអាចគ្មានបេសកកម្មដ៏មានប្រសិទ្ធភាពនោះទេ គឺ “បង្កើតសាលារៀនកម្រិតស្តង់ដារអន្តរជាតិបីភាសា ចិន អង់គ្លេស ខ្មែរ ពីថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២ និងទទួលសិស្សចាប់ពីអាយុ ២ឆ្នំាឡើងទៅ”។

កម្មវិធីសិក្សាមានលក្ខណៈច្នៃប្រតិដ្ឋល្អពិសេសដាច់គេ ដែលធ្វើឲ្យសិស្សានុសិស្សមានភាពសប្បាយរីករាយ ក្នុង ការរៀនសូត្រ និងទទួលបានចំណេះដឹងពេលលេញ ដើម្បីក្លាយខ្លួនជាមនុស្សជោគជ័យនៅក្នុងជីវិតបានឆាប់រហ័ស។

លោកសេង វណ្ណារិទ្ធបានពន្យល់ថា សាលាស្តង់ដា យើងសំដៅលើការបណ្តុះប ណ្តាលស្របតាមនិយាមគរុកោសល្យជាតិ និងអន្តរជាតិ ដោយផ្តោតលើវិធីសាស្រ្តបង្រៀ​ន បុគ្គលិកសិក្សាពង្រីកសមត្ថភាពជាប្រចាំ ដើម្បីចែករំលែកចំណេះដឹង បំណិន និងឥរិយាបថដល់សិស្សានុសិស្សបានទូលំទូលាយ ពិសេសត្រឹមរយៈពេលពីរឆ្នាំ ធានាថាសិស្សានុសិស្សអាចនិយាយភាសាចិន អង់គ្លេស និងខ្មែរបានយ៉ាងស្ទាត់ជំនាញដូចជនជាតិដើម។

លោកបន្តថា “កម្មវិធីសិក្សារបស់សាលាអន្តរជាតិ ចុងអុីង ស្របតាមកម្មវិធីសិក្សាទំនើបរបស់ជាតិ និងកម្មវិធីសិក្សាអន្តរជាតិ ប្រកបដោយភាពច្នៃប្រតិដ្ឋមានលក្ខណៈពិសេស ដែលមានតែនៅសាលាអន្តរជាតិ ចុងអុីង”។ លោកបន្តថា “ដើម្បីឲ្យមានចំណេះដឹងពេញលេញ យើងផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា បណ្តុះសិស្សានុសិស្សរបស់យើងឲ្យមានជំនាញទំនាក់ទំនង ជំនាញបច្ចេកវិទ្យា ជំនាញសហគ្រិនភាព និងជំនាញភាពជាអ្នកដឹកនាំ”។

តាមការសិក្សាស្រាវជ្រាវ អ្នកដឹកនាំពូកែ គឺត្រូវមានលក្ខណៈសម្បត្តិពូកែទំនាក់ទំនង និងប្រើប្រាស់បច្ចេកវិទ្យាស្ទាត់ជំនាញ។ នាសម័យកាលបច្ចេកវិទ្យា យើងត្រូវបណ្តុះបណ្តាលសិស្សានុសិស្សរបស់យើង ឲ្យពូកែជំនាញសហគ្រិនភាព ឲ្យគាត់ហ៊ានបង្កើតអ្វីដែលថ្មី គាត់ហ៊ានជោគជ័យ និងហ៊ានទទួលយកការបរាជ័យ គាត់ហ៊ានប្រឈមមុខនឹងហានិភ័យ គាត់ហ៊ានប្រថុយប្រថាន ឲ្យគាត់ចេះក្បួនច្បាប់នៃការរកស៊ី និងឲ្យគាត់ក្លាយជាអ្នករកស៊ីដ៏ពូកែក្នុងពេលអនាគត។ លោកសេង វណ្ណារិទ្ធបញ្ជាក់។

លោកបានបន្ថែមថា “ចំណុចពិសេសចុងក្រោយ គឺយើងនឹងបណ្តុះសិស្សានុសិស្សឲ្យក្លាយជាអ្នកដឹកនាំពូកែ ដែលអាចជួយមនុស្សបានច្រើន និងដឹកនាំមនុស្សឲ្យទទួលបានចិត្តសប្បាយ កាយរឹងមាំ និងទ្រព្យចម្រើន”៕

ក្រុមហ៊ុនល្បែងដ៏ធំមួយនឹងបើកកាស៊ីណូថ្មីនៅក្នុងគំរោងតារាសាគរ ខេត្តកោះកុង

ដោយៈសុខុម

ភ្នំពេញ:  ក្រុមហ៊ុនល្បែង និងកម្សាន្តCentury Entertainment International Holdings Ltd ដែលចុះបញ្ជីនៅក្រុងហុងកុង នឹងបើកកាស៊ីណូថ្មីមួយ នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង។

ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានវិនិយោគលើគំរោងនេះ បានចុះកិច្ចព្រមព្រៀងជាមួ​យលោក Ng Man Sun ប្រធាន និងជានាយកប្រតិបត្តិរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យដាក់ដំណើរការតុល្បែងជាជួរ (mass table gaming) ក្នុងកាស៊ីណូថ្មីមួយនៅរមណីយដ្ឋានតារាសាគរ ដែលមានភូមិសាស្ត្រស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងខែមីនា ខាងមុខនេះ។ នេះបើយោងតាមគេហទំព័រ asgam.com ចុះផ្សាយកាលពីថ្ងៃទី៨ កុម្ភៈ។

កិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងនៅពេលក្រុមហ៊ុន Century Entertainment ដែលពីមុនគេស្គាល់ថា Amax International បានបញ្ជាក់ថា ការសម្ពោធកាស៊ីណូថ្មីខាងលើនេះត្រូវបានលើកពេលពីខែមករា ទៅដើមខែមីនាវិញ ខណៈអាជីវកម្មនានាត្រូវបានបិទផ្អាកជាបណ្ដោះអាសន្នកាលពីពេលថ្មីៗនេះ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងការរអាក់រអួលនៅក្នុងទីផ្សារដឹកជញ្ជូនពិភពលោក ដែលធ្វើឱ្យការដឹកជញ្ជូនឧបករណ៍សំខាន់ៗមួយចំនួនត្រូវពន្យារពេល។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនCentury Entertainment បានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន Lion King Entertainment Company Ltd ដែលលោក Ng Man Sun ជាម្ចាស់កាន់កាប់ទាំងស្រុង និងជាក្រុមហ៊ុនដែលគ្រប់គ្រងកាស៊ីណូខាងលើនេះ ដើម្បីដំណើរការតុល្បែងជាជួរចំនួន៤នៅកាស៊ីណូ របស់លោកស្ថិតក្នុងខេត្តព្រះសីហនុ។

ទោះជាយ៉ាងណា ដំណើរការកាស៊ីណូនានា បានបង្ខំចិត្តបិទទ្វារនៅខែមេសា ឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលក្រោយមកលោក Ng Man Sun បានទម្លាយឱ្យដឹងថា លោកទទួលបានកិច្ចព្រមព្រៀងដ៏គួរឱ្យជាក់ទាញជាងនេះ នោះគឺការផ្លាស់ប្ដូរទីតាំងកាស៊ីណូរបស់លោក ទៅកាន់រមណីយដ្ឋានតារាសាគរ។

ក្រុមហ៊ុន Century Entertainment បានលើកឡើងកាលពីថ្ងៃសុក្រ ទី៥ កុម្ភៈ ថា ទីតាំងកាស៊ីណូថ្មីនេះ នឹងមានផ្ទៃសរុប១០.៥០០ម៉ែត្រការ៉េ ជាមួយតុល្បែងជាជួរវែងសរុបចំនួន២០តុ ក្នុងនោះ៧តុសម្រាប់បៀផែ (poker) ១០តុសម្រាប់បាការ៉ាត (Baccarat) ១តុសម្រាប់ Blackjack, Sicbo និងបៀផែ ២៥ តុសម្រាប់ភ្ញៀវ VIP ទូហ្គេម EGM ចំនួន៥០ទូ និងភោជនីយដ្ឋានចិនមួយ។

តាមការរំពឹងទុកថា ក្រុមហ៊ុនCentury Entertainment នឹងទទួលបានប្រាក់ចំណេ​ញយ៉ាងតិច២៨លានដុល្លារហុងកុង (៣,៦ លានដុល្លារអាមេរិក) សម្រាប់រយៈពេល១២ខែដំបូង និង៣២លានដុល្លារហុងកុង (៤,១ លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១២ ខែបន្ទាប់ស្ថិតក្រោមរយៈពេលនៃកិច្ចព្រមព្រៀងថ្មីខាងលើនេះ៕