លោកហ៊ុន ម៉ានីលើកទឹកចិត្តឲ្យក្រសួងទេសចរណ៍យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ

ដោយគង់ សូរិយា

ភ្នំពេញៈ លោកហ៊ុន ម៉ានីប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍ បន្តការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចសហប្រតិបត្តិការជាមួយមិត្តអន្តរជាតិ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សា រួមគ្នាក្នុងការជំរុញចលនាទេស​ចរណ៍ក្នុងតំបន់ឱ្យដំណើរការវិញជាធម្មតា ក្នុងដំណាក់កាលសមស្របណាមួយ។

លោកបានមានប្រសាសន៍ សង្កត់ធ្ងន់លើកត្តាសំខាន់ នៃការជំរុញឧស្សាហកម្មទេសចរណ៍ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ដោ​យផ្តោតលើការកសាងនូវទំនុកចិត្តដល់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ ក្នុងប្រទេសប្រកបដោយសុវត្ថិភាព និងស្តង់ដារការពារស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ជាលទ្ធផលឆ្លើយតប ក្រសួងទេសចរណ៍ បានសម្រេចជាសមិទ្ធផលគួរឱ្យកត់សម្គាល់ រួមមានភាពសកម្មនៃការរៀបចំយន្តការ ពង្រឹងសេវាកម្មទេសចរណ៍ និងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការជំរុញទេសចរណ៍ក្នុងស្រុកតាមបណ្តាខេត្ត។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏មានជាកិច្ចសហការយ៉ាងជិតស្និទ្ឋ ជាមួយប្រទេសក្នុងតំបន់អាស៊ាន រហូតទទួលបានការគាំទ្រឱ្យប្រទេសកម្ពុជា ក្លាយជាម្ចាស់ផ្ទះរៀបចំវេទិកា ទេស​ចរណ៍អាស៊ានឆ្នាំ២០២២ នាខែមករា ឆ្នាំ២០២២ ខាងមុខ។

ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការទី៧ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង មន្ត្រី និងប្រតិបត្តិករ ក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ ចំពោះការសហការកន្លងមក ហើយក៏សូមលើកចិត្តចិត្តឱ្យទាំងអស់គ្នា បន្តកិច្ចខិតខំប្រែងក្នុងការបង្ហាញសក្តានុពលរបស់កម្ពុជា លើកិច្ចការស្តារវិស័យទេសចរណ៍ទាំងក្រុងប្រទេស និងការចូលរួមស្តារវិស័យ​ទេសចរណ៍អាស៊ាន៕

រដ្ឋាភិបាលប្រកាសពង្រីក និងកែសម្រួលដែនកំណត់ព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានសម្រេចប្រកាសពីការកែសម្រួលដែនរដ្ឋបាលពីខេត្តកណ្តាល មកស្ថិតក្រោមការគ្រប់គ្រងរបស់រាជធានីភ្នំពេញ និងដែនដីមួយចំនួននៃរាជធានីភ្នំពេញ ដាក់ក្រោមការគ្រប់គ្រងរបស់ក្រុងតាខ្មៅ ខេត្តកណ្តាល។

អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវ រវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២០/១១០៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋស្ដីទី បានសម្រេចកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយកាត់យកភូមិចំនួន៥ គឺភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឬស្សី ភូមិព្រែកតាឡុង នៃសង្កាត់តាក្ដុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ៣០២ហិកតា និង៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល មកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាត់យកផ្ទៃដីទំហំ២ហិកតា និង៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលបានលើកឡើងថា ក្រសួងមហាផ្ទៃបានប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយកន្លងមក រាជធានីភ្នំពេញ បានស្នើឲ្យមានការកែសម្រួលព្រំប្រទល់នេះ ហើយរាជធានីភ្នំពេ ញក៏បានស្នើមកក្រសួងមហាផ្ទៃ បន្ទាប់មកក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារត្រួតពិនិត្យលើកិច្ចការងារនេះ និងដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ហើយក្នុងខែតុលា ឆ្នាំ២០២០កន្លងមក ប្រមុខរដ្ឋស្ដីពីបានចុះហត្ថលេខាលើព្រះរាជក្រឹត្យស្ដីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនេះ។

លោកបានបន្ថែមថា “ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ ដើម្បីបង្កលក្ខណៈងា​យស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីឲ្យការអភិវឌ្ឍតំបន់នេះ ប្រកបដោយសោភណ្ឌភាព និងរបៀបរៀបរយ”។ លោកបន្តថា “ក្រោយពីមានការផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌនេះ គឺមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកទទួលសេវាកម្ម ហើយការផ្ដល់សេវាកម្មទៅកាន់ប្រជាពលរដ្ឋ គឺជាចំណុចគន្លឹះដែលរដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានរលូន និងស្របតាមគោលការណ៍កំណត់”៕

គេហទំព័រ Propertyarea.asia ចុះ MOU សហការជាមួយសារព័ត៌មានជាភាសាចិន CCTIMES

ដោយគង់ សូរិយា

ភ្នំពេញៈ គេហទំព័រ Propertyarea.asia បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសារព៌តមាន The Cambodia China Times (CCTIMES) ដើម្បីសហការគ្នាលើការផ្លាស់ប្តូរព៌តមាន និងការសហការគ្នាក្នុងភាពជា​ដៃគូលើការលក់ពាណិជ្ជកម្មរួមគ្នា។

ស្ថាប័នព៌តមានឈានមុខគេទាំងពីរនេះ មានការផ្សព្វផ្សាយលើទម្រង់ព៌តមានស្រដៀងគ្នា ដោយផ្តោតភាគច្រើនលើវិស័យសេដ្ឋកិច្ច រួមមាន ហិរញ្ញវត្ថុ អចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។


យោងតាមកិច្ចព្រមព្រៀងនៃអនុស្សរណៈនេះ បានចែងលើចំណុចមួយចំនួនដូចជាទី១ ស្ថាប័នព៌តមានទាំងពីរ នឹងជួយលើការផ្សព្វផ្សាយពីសកម្មភាពនៃស្ថាប័ន និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គ្នាទៅវិញទៅមក ទី២ ស្ថាប័នទាំងពីរនឹងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក តាមរយៈការលក់ពាណិជ្ជកម្មសំរាប់គ្នា ដោយភាគីនិមួយៗបានទទួលកម្រៃជើងសារ២០ភាគរយ នៃតម្លៃពាណិជ្ជកម្ម ដែលភាគីទាំងពីរផ្តល់ឲ្យគ្នាទៅវិញទៅមក។
ទី៣ ភាគីទាំងពីរនឹងជួយផ្សព្វផ្សាយ ពីសកម្មភាពរបស់គ្នាទៅវិញទៅមក សំដៅបង្កើនកេរ្ត៍ឈ្មោះ និងកិត្យានុភាពរវាងស្ថាប័នរបស់់យើងទាំងពីរ និងទី៤ ភាគីទាំងពីរនឹងរួមចំណែកជួយគ្នា លើការបណ្តុញបណ្តាល និងការជួយគ្នាលើការងារផ្សេងៗ ដើម្បីពង្រីកសក្តានុពល និងឧត្តមភាពនៃក្រុមហ៊ុនទាំងពីរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយលោកផ្លុង វិចិត្រអគ្គនាយកសារព៌តមាន The Cambodia China Times នាព្រឹកថ្ងៃទី៩ កុម្ភៈនេះថា ការសហការគ្នានេះជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញការរីកចម្រើនរបស់គ្នាទៅវិញទៅមក ដោយយើងឈរលើមូលដ្ឋាននៃភាពឈ្នះ ឈ្នះទាំងអស់គ្នា។

លោកបន្តថា “ការប្រកួតប្រជែងមិនធ្វើឲ្យយើងរីកចម្រើនទេ គឺមានតែការសហការប៉ុណ្ណោះទើបយើងអាចដើរទៅ​មុខបានឆ្ងាយ និងរីកចម្រើនរួមគ្នា”។ លោកបន្តថា “ដោយហេតុនេះហើយ យើងនឹងបង្កើតតម្លៃកញ្ចប់ពាណិជ្ជកម្មរួមគ្នា ដើម្បីផ្តល់ជម្រើសដល់អតិថិជនដៃគូរបស់យើង អាចប្រើប្រាស់សេវាកម្មរបស់យើង បានគ្រប់ជ្រុងជ្រោយ​និងមានប្រសិទ្ឋភាពខ្ពស់”។

ជាមួយគ្នានេះ លោកផ្លុង វិចិត្រអគ្គនាយកសារព៌តមាន The Cambodia China TIMES បានមានប្រសាសន៍ថា ការរីកចម្រើនរួមគ្នា ក្នុងភាពជាដៃគូ យើងសង្ឃឹមថានឹងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក សំដៅរួមចំណែកផ្សព្វផ្សាយព៌តមាន មានលក្ខណៈវិជ្ជមានដល់ប្រជាពលរដ្ឋ និងជួយដៃគូពាណិជ្ជកម្មរបស់យើង អាចផ្សព្វផ្សាយព៌តមានបានទូលំទូលាយក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ អចលនទ្រព្យនៅកម្ពុជា។

លោកបន្តថា“យើងសង្ឃឹមថាឆ្នាំ២០២១ ក្រោយចូលឆ្នាំប្រពៃណីចិន ដែលនឹងមកដល់នាពេលខាងមុខ យើងនឹងអាចមើលឃើញភាពរីកចម្រើនរួមគ្នា និងជោគជ័យទាំងអស់គ្នា”។

The Cambodia China Times(CCTIMES) ជាស្ថាប័នព៌តមានដែលមានជាកាសែតបោះពុម្ពជាភាសាចិន ទស្សនាវដ្តីជាភាសាចិន និងសារព៌តមានអនឡាញដែលដាក់ឈ្មោះលើបណ្តាញទំនាក់ទំនងសង្គមស៊ីស៊ីថាមស៍៕

កម្ពុជាស្រូបទាញទុនវិនិយោគជាង៦០ពាន់លានដុល្លារពីវិស័យសំណង់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ កម្ពុជាទទួលបានទុនវិនិយោគពីវិស័យសំណង់ទូទាំងប្រទេសចំនួនប្រមាណ៦០,៨៧ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២០ ខណៈគម្រោងសាងសង់សរុបទូទាំងប្រទេសមានចំនួន៥៣ ២៨៧គម្រោង នៅលើផ្ទៃក្រឡាសរុបចំនួន១៥៣,៦២លានម៉ែត្រក្រឡា។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមរបាយការណ៍នខាងលើបានបង្ហាញថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន២ ១៨០អគារ ក្នុងនោះខេត្តព្រះសីហនុ មាន៦១៥អគារ។

អគារខ្ពស់ៗចាប់ពី៥ជាន់ ដល់៩ជាន់ មានចំនួន១ ១៧៦អគារ ហើយអគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៦២៥អគារ អគារកំពស់ពី២០ជាន់ ដល់២៩ជាន់ មានចំនួន២០៧អគារ កំពស់ពី៣០ជាន់ ដល់៣៩ជាន់ មាន១២២អគារ និងអគារកំពស់ចាប់ពី៤០ជាន់ឡើង មានចំនួន៥០អគារ។

ក្រៅពីសំណង់អគារខ្ពស់ៗ កម្ពុជាក៏មានការវិនិយោគច្រើនទៅលើបុរីលំនៅឋានផងដែរ ដោយក្នុងនោះ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៣៩៣គម្រោង។

ដោយឡែកគិតចាប់ពីឆ្នាំ២០០៨ ដល់ដំណាច់ឆ្នាំ២០២០ សំណង់សណ្ឋាគារវិញមានចំនួន១ ៩៣៧គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ២ ៦៥១គម្រោង សំណង់អគាររោងចក្រមានចំនួន១០ ៤២២គម្រោង និងសំណង់អគារពហុមុខងារ មានចំនួន២០៧គម្រោង។

អ្នកជំនាញក្នុងវិស័យអចលវត្ថុនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ហើយបណ្ដាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប កំពុងទាក់ទាញខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ ដោយសារតែរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែ ដើម្បីទាក់ទាញ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនក្នុង និងក្រៅប្រទេស។

ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ធំមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសថា ខ្លួនជ្រើសរើសយកភ្នំពេញជាចំណុចស្នូលនៃការអភិវឌ្ឍរបស់ខ្លួន ហើយយកខេត្តព្រះសីហនុ និងសៀមរាបជាស្លាបទាំងពីរនៃការវិនិយោគរបស់ខ្លួនផងដែរ៕

ការគាំទ្រពីរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុនានាធ្វើឱ្យវិស័យអចលនទ្រព្យចាប់ផ្តើមមានសញ្ញាវិជ្ជមានឡើងវិញ

ដោយ៖ រ៉ាណេត

ភ្នំពេញ៖ ដោយមានការគាំទ្រពីគោលនយបាយរបស់រាជរដ្ឋាភិបា និងការគាំទ្រកម្ចីពីធនាគារនានានៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បាន នឹងកំពុងជួយជំរុញឱ្យមានកំណើនលើការទិញលក់អចលនទ្រព្យបានយ៉ាងប្រសើរបើទោះជាស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិកូវីដនៅបន្តក៏ដោយ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យអចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់ចាប់តាំពីដើមឆ្នាំ ២០២០កន្លងមកនេះដោយការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការធ្លាក់ចុះនូវការទិញលក់ ប៉ុន្តែសម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែបន្តធ្វើសកម្មភាព។

លោកបន្តថា “សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានសកម្មភាព ដោយសារមានការគាំទ្រពីអតិថិជននៅក្នុងស្រុក និងមានការគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាលដែលអនុគ្រោះនូវចំណុចនានាជាច្រើនពាក់ព័ន្ធទៅនឹងទៅទីផ្សារអចលនទ្រព្យ ជាពិសេសការលើកលែងពន្ធលើការទិញះលក់អចលនទ្រព្យដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ”។

លោកបន្ថែមទៀតថា “ក្រៅពីមានការគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយដីធ្លី ក៏មានការគាំទ្រពីធនាគារនៅក្នុងស្រុក ដោយនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ” ។

លោកបញ្ជាក់ទៀតថា នៅក្នុងវិបត្តិនេះ ឃើញសកម្មភាពទិញលក់លើវិស័យដីធ្លីនៅក្នុងប្រទេសនៅតែមាន ប៉ុន្តែសម្រាប់តម្លៃវិញមិនមានការធ្លាក់ថ្លៃនោះទេ បើទោះបីស្ថិតនៅក្នុងវិបត្តិនេះជិតមួយឆ្នាំកន្លងមកក៏ដោយ ហើយបញ្ហានេះនឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសនៅតែមានមានសកម្មភាពផងដែរ។

លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានគិតគូរ និងពិចារណាយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្តបោះទុនវិនិយោគ ដោយផ្តោតសំខាន់លើតម្រូវការជាក់ស្ដែងរបស់ពីអតិថិជនក្នុងស្រុក។

លោកស្រីបានបន្តថា “ភាគច្រើនអ្នកអភិវឌ្ឍន៍បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ ពោលគឺក្រោម១០ម៉ឺនដុល្លារចុះក្រោម ដោយសហការជាមួយធនាគារឯកជនដើម្បីជំរុញដល់ការលក់ និងផ្តល់លក្ខខណ្ឌងាយស្រួលដល់អតិថិជនផងដែរ”។

លោកស្រីបញ្ជាក់ថា “ឱ្យតែមានតម្រូវការទីផ្សារក្នុងស្រុក អ្នកអភិវឌ្ឍន៍នៅតែសម្រេចចិត្តបោះទុនវិនិយោគ និងអភិវឌ្ឍន៍គម្រោងជាបន្តបន្ទាប់ទៀត ដែលក្លាយជាចំណុចសំខាន់នៅក្នុងការទ្រទ្រង់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា”៕

អាកាសយានដ្ឋានអន្តរជាតិធំៗចំនួន២របស់កម្ពុជានឹងបញ្ចប់តាមការគ្រោងទុក ទោះមានវិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ន

ដោយ៖ ប៊ី

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ថា អាកាសយនដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល និងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប នឹងអាចបញ្ចប់គម្រោងសាងសង់នៅត្រឹមឆ្នាំ២០២៣ដូចគ្នា ខណៈក្នុងវិបត្តិកូវីដ១៩ ផលប៉ះពាល់ការសាងសង់អាកាសយានដ្ឋាននៅកម្ពុជាក្នុងឆ្នាំ២០២០ មានកម្រិតតិចតួចបំផុត។

លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីម្សិលមិញថា ក្នុងឆ្នាំ២០២០ ផលប៉ះពាល់ការសាងសង់អាកាសយានដ្ឋាននៅប្រទេសកម្ពុជាក្នុងវិបត្តិជំងឺកូវីដ១៩ មានកម្រិតតិចបំផុត។

លោកបានថ្លែងថា “ក្នុងវិបត្តិជំងឺកូវីដ១៩ នៅឆ្នាំ២០២០ កន្លងទៅនេះមានកម្រិតប៉ះពាល់តិចបំផុតទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យអាកាសយានដ្ឋាន ដែលកំពុងដំណើរការនៅកម្ពុជា”។

លោកបានថ្លែងថា “បើតាមការសង្កេតឃើញថា មានផលប៉ះពាល់តិចបំផុត ហើយកម្ពុជាក៏បានរៀបចំពីមុន ដូច្នេះមិនមានការផ្លាស់ប្ដូរទេ ឧទាហរណ៍ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល គឺគម្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣”។

ជាមួយគ្នានេះ លោកស៊ិន ចាន់សិរីវុត្ថា បានប្រាប់ថា សម្រាប់អាកាសយានដ្ឋាននៅខេត្តសៀមរាបថ្មី ក៏នឹងមានគម្រោងបញ្ចប់នៅឆ្នាំ២០២៣ដូចគ្នា។ រីឯអាកាសយានដ្ឋានអន្តរជាតិតារាសាគរក៏នឹងត្រូវបញ្ចប់ទៅតាមកម្មវិធី ដែលបានព្រៀងទុកផងដែរ។

លោកបានឲ្យដឹងថា បញ្ហាដែលប៉ះពាល់តិចទៅលើការសាងសង់វិស័យអាកាសយានដ្ឋាននៅកម្ពុជា ដោយសារតែរាជរដ្ឋាភិបាលមានការដាក់ចេញវិធានការ ទាន់ពេលវេលា។ លោកបានបន្តថា វិធានការទាំងនោះ ដាក់ចេញទៅពាក់ព័ន្ធដល់អ្នកធ្វើដំណើរដូចជា៖ អ្នកជំនាញការវិស្វករ អ្នកជំនាញការផ្សេងៗ និងអ្នកធុរកិច្ចជាដើម ដែលមានទំនាក់ទំនងសាងសង់នៅអាកាសយានដ្ឋាន៕

តម្រូវការ​លំនៅដ្ឋាន​បែប​លំហែកាយ​កើនឡើង ខណៈ​ពលរដ្ឋ​ចាប់ផ្តើម​មាន​និ​ន្នាការ​ឆ្ពោះទៅរក​ភាព​ស៊ី​វិ​ល័យ

ដោយៈ​ប៊ី

ភ្នំពេញៈ អ្នកជំនាញ​បានលើកឡើង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា រក្សាបាន​នូវក្នុង​រង្វង់៧ភាគរយ ក្នុង​រយៈពេល​ជាង២ទសវត្សរ៍​ចុងក្រោយ ធ្វើឱ្យ​ពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ជាមុន និង​បាន​ជំ​រុញឱ្យ​តម្រូវការ​នៃ​ភាព​ស៊ី​វិ​ល័យ ក្នុងប្រទេស​ក៏​កាន់តែ​កើន​ជាង​មុន។

អ្នកជំនាញ​បានលើកឡើង​ថា ជាមួយនឹង​ជីវភាព​កាន់​ប្រសើរឡើង របស់​ប្រជាពលរដ្ឋ តម្រូវការ​លំនៅដ្ឋាន​លំហែកាយ​នៅ​តំបន់​ទេសចរណ៍ មាន​កំណើន​ជាង​មុន និង​កំពុងមាន​ការអភិវឌ្ឍ ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ទីផ្សារ បើទោះបីជា​បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ជួបនឹង​វិបត្តិ​នៃ​កូ​វីដ១៩ក្ដី។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​សន្ទុះ​ក្នុង​រង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ បានធ្វើឱ្យ​កម្រិតជីវភាព​ពលរដ្ឋ​កម្ពុជា បាន​ប្រសើរឡើង​មួយកម្រិត​ទៀត និង​ធ្វើឱ្យ​ភាព​ស៊ី​វិ​ល័យ របស់​ប្រជាជន​កម្ពុជា ចាប់ផ្ដើម​មាន​តម្រូវការ។

លោក​បាន​ថ្លែង​ង​ថា “ដំបូង​ឡើយ​ពលរដ្ឋ​ត្រូវ​មានផ្ទះ​ធម្មតា សំរាប់​ស្នាក់នៅ​អចិន្ត្រៃយ៍ បន្ទាប់មក​ពួកគាត់​ក៏​ស្វែងរក​ផ្ទះ​ទី២ ផ្ទះ​សម្រាប់​ស្នាក់​លំហែ​នៅពេល​ទំនេរ” ។  លោក​បន្តថា “ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ គឺជា​ស្ថានភាព​ដែល​កម្ពុជា​ចាប់ផ្ដើម​មាន​តម្រូវការ​លំនៅឋាន​លំហែកាយ​ចុង​សប្ដាហ៍ ក៏ប៉ុន្តែ​ទន្ទឹមនឹងនោះ ការវិនិយោគ​លើ​លំនៅដ្ឋាន​លំហែកាយ​ក៏ត្រូវ​ជ្រើសរើស​រក​ទីតាំង​សម្រាប់​អភិវឌ្ឍន៍​ផងដែរ” ។

លោក​សុខ​នី​ម​បាន​បន្តថា ទីតាំង​សមស្រប​សម្រាប់​អភិវឌ្ឍន៍ លំនៅដ្ឋាន​លំហែកាយ​គឺជា​កន្លែង ដែលមាន​សក្ដានុពល​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ស្ថិតនៅ​តំបន់​ធម្មជាតិ ជាក់ស្ដែង​ក្នុងនោះ​កំពត គឺជា​ខេត្ត​មួយ​សមស្រប​បំផុត សម្រាប់​ការអភិវឌ្ឍ​ជា​លំនៅដ្ឋាន​លំហែកាយ​ទាំង​បច្ចុប្បន្ន​និង​នៅពេល​អនាគត។

យោងតាម​ធនាគារពិភពលោក​បាន​ឱ្យដឹងថា នៅក្នុង​អំឡុងពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងទៅ ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូរ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយ​ឈានទៅ​ទទួលបាន​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​ទាប​ក្នុង​ឆ្នាំ២០១៥ ហើយ​មាន​ប្រាថ្នា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០ ។

ជាមួយគ្នានេះ លោក​ឆ​ម ចំរើន​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា​បាន​ថ្លែងថា ទីផ្សារ​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន​លំហែរ​កាយ និង​គំរោង​វ​វិនិយោគ​លំនៅដ្ឋា​ន​លំហែរ​កាយ​បាន​កើនឡើង​ខ្ពស់​កាលពី​ឆ្នាំមុន និង​បន្ត​រីកចម្រើន​ថែមទៀត ប៉ុន្តែ​បើ​យើង​និយាយ​ពី​បញ្ហា​កាលពី​ឆ្នាំមុន លំនៅដ្ឋាន​និង​ដី​សម្រាប់​សាងសង់ លំនៅដ្ឋាន​លំហែរ​កាយ​នៅតាម​បណ្តា​ខេត្ត មាន​សក្តានុពល​ទេសចរណ៍​បាន​កើនឡើង​ខ្ពស់ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩ ព្រោះ​ជំងឺ​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំងឺស្ត្រេស​ច្រើន និង​មិនអាច​ចេញទៅ​កំសាន្ត​នៅក្រៅ​ប្រទេស​ច្រើន។

លោក​បន្តថា “ទោះជា​យ៉ាងណា​ការរីកចម្រើន​សេដ្ឋកិច្ច និង​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពិតជា​បានធ្វើ​ឲ្យ​ផ្នែក​នេះ​មានការ​រីកចម្រើន​ផងដែរ” ៕

តំបន់​ទួល​ទំពូង​កំពុង​ក្លាយជា​ជម្រើស​ទី២ បន្ទាប់ពី​បឹង​កេង​កេង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តំបន់​ទួល​ទំពូង បាន​ផ្ទុះឡើង​នូវ​សក្តានុពល​ខ្លាំង ចាប់តាំងពី​ឆ្នាំ២០១៧ កន្លងមក​ម្លេះ និង​ជា​ជម្រើស​ទី២របស់​អ្នកវិនិយោគ និង​ជនបរទេស​ស្នាក់នៅ​បន្ទាប់ពី​តំបន់​បឹង​កេងកង ២ និង​តំបន់​បឹង​កេងកង៣ ។

អ្នកស្រី​អាន​សុធី​តា នាយិកា​ក្រុមហ៊ុន CBRE ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ ថា តំបន់​ទួល​ទំពូង​នេះ នៅ​ជិត​ទៅនឹង​តំបន់​បឹង​កេងកង៣ តែមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ជាង តំបន់​បឹង​កេងកង៣ ហើយក៏​ជា​តំបន់​ដែលមាន​តម្លៃ​ដីធ្លី ក៏មាន​តម្លៃ​ខ្ពស់​ដែរ។

អ្នកស្រី​បន្តថា តម្លៃ​ដីធ្លី​នៅ​តំបន់​ទួល​ទំពូង​នេះ មាន​ចន្លោះ​ពី៣០០០ ទៅ ៤០០០ ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ទំហំ​នៃ​ការសាងសង់​ខុន​ដូរ​វិញ មាន​ទំហំ​តូច និង​មិនអាច​សាង​ស់​ខ្ពស់​បាន​នោះទេ ដោយសារតែ​ទំហំ​ដី​មិនមាន​អំណោយផល​ដូច​តំបន់​បឹង​កេងកង ព្រោះ​វា​មាន​ឡូត៍តូចៗភាគច្រើន ពិបាក​ក្នុងការ​អភិវឌ្ឍន៍ ទោះ​មាន​គម្រោង​សាងសង់​សណ្ឋាគារ ឬ​ខុន​ដូរ​ក៏​ស្ថិតនៅក្នុង​គម្រោងតូចៗដែរ។

អ្នកស្រី​បន្តថា “បើ​តម្លៃ​ជួល​ខុន​ដូរ​វិញ គឺមាន​តម្លៃ​ពាក់កណ្តាល​នៃ​តម្លៃ​ជួល​ក្នុង​តំបន់​បឹង​កេងកង ពោល​តំលៃ​ជួល​ខុន​ដូ ក្នុង​តំបន់​បឹង​កេង​មានតម្លៃ១៥០០ដុល្លារ ដូច្នេះ នៅ​តំប់​ទួល​ទំពូង មាន​ចន្លោះ​ពី៧០០ ទៅ ៨០០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​បន្ទប់​ដែលមាន​គ្រែង​គេ​តែមួយ” ។

ជាមួយគ្នានេះ លោក​ឧកញ៉ា តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន R Investment Group បាន​ទទួលស្គាល់ថា តំបន់​ទួល​ទំពូង​នាពេល​បច្ចុប្បន្ន ពិតជា​បាន​អភិវឌ្ឍ​ខ្លួន​លើ​វិស័យ​សំណង់​យ៉ាងពិត​ប្រាកដ​មែន។

ទួល​ទំពូង គឺមាន​ភាពល្អប្រសើរ​ទៅលើ​ភូមិសាស្ត្រ ជាពិសេស​ជា​តំបន់​ទេសចរណ៍​ប្រចាំរាជធានី​ភ្នំពេញ ដោយសារតែ​ភាគច្រើន​ភ្ញៀវទេសចរ​បរទេស​ភាគ​ច្រើន បាន​ស្គា​ល់ពី​កេរ្តិ៍ឈ្មោះ​របស់​ផ្សារ​មួយ​នេះ​ថា ( Russia Market) តាំងតែ​ពួកគេ​មិនទាន់​មកដល់​ប្រទេស​កម្ពុជា​ម្ល៉េះ ទើប​ធ្វើឱ្យ​តំបន់​នេះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន។

លោក​បន្តទៀតថា “ផ្សារ​ទួល​ទំពូង​ភាគច្រើន ពោរពេញ​ទៅដោយ​ភ្ញៀវទេសចរ​បរទេស ដោយសារតែ​ផ្សារ​មួយ​នេះ មាន​លក់​វត្ថុ​អនុស្សាវរីយ៍​បែប​វប្បធម៌​ខ្មែរ ជា​ផ្សា​រលក់​ផលិតផល​ដែល​ផលិតឡើង​នៅក្នុង​ស្រុក​ច្រើន” ។ លោក​បន​ន្ត​ថា “នៅពេល​តំបន់​ណា​ដែលមាន​អត្រា​ភ្ញៀវទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន គឺ​ត្រូវតែ​មានការ​តម្រូវការ​លើ​ការ​ផ្គត់​ផ្គត់​ផ្នែក​សេវា​ស្នាក់នៅ​ជា​ចាំបាច់ ហើយ​ទន្ទឹមនឹងនេះ ក៏ត្រូវ​តែមាន​សេវា​ផ្សេងទៀត​ផងដែរ ដូចជា​ផ្នែក​ផ្គត់ផ្គង់​ចំណីអាហារ​ជាដើម” ។

លោក​ឧកញ៉ា​តេង រិ​ទ្ឋី​បាន​បន្តទៀតថា ទួល​ទំពូង​ពេលនេះ ប្រៀបបាន​ទៅ​តំបន់​បឹង​កេងកង១កាលពី២-៣ឆ្នាំមុន ហើយ​មិនយូរ​ទៀត​នោះទេ នឹង​បន្ត​អភិវឌ្ឍ​ខ្លួន​ដូច​បឹង​កេងកង១ នាពេល​បច្ចុប្បន្ននេះ​ជាមិនខាន។ ជាក់ស្ដែង​ពេលនេះ​ចំពោះ​តម្លៃ​ដីធ្លី នៅ​ទីតាំង​មួយចំនួន​ក្នុង​តំបន់​ទួល​ទំពូង១ អាចមាន​តម្លៃ​ក្នុង​ចន្លោះ​ចាប់ពី៣,៥០០-៥,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​រួចទៅហើយ៕

តើ​រាជធានី​ភ្នំពេញ​នឹង​បន្ត​ពង្រីក​បន្ថែមទៀត​នាពេល​អនាគត ដោយសារ​អ្វី?

ដោយ​គង់ សូរិយា

ភ្នំពេញៈ រាជធានី​ភ្នំពេញ​បេះដូង​នៃ​ប្រទេស​កម្ពុជា បាន​រីក​ធំ​ជា​បន្តបន្ទាប់​ដោយសារ​ការរីកចម្រើន​របស់​ប្រទេស ការរីកចម្រើន​សេដ្ឋកិច្ច កំនើន​ប្រជាពលរដ្ឋ និង​ការកកស្ទះ​ចរាចរណ៍​កើនឡើង។

តើ​ទីក្រុង​នេះ​បន្ត​រីកចម្រើន​តទៅទៀត​ឬ​យ៉ាងណា? នាពេល​អនាគត និង​ដោយសារ​ហេតុផល​អ្វី?។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ​បាន​បង្ហាញថា នៅ​ឆ្នាំ២០២០រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប៦៩២,៤៦ គីឡូម៉ែត្រ​ការ៉េ ចំនួន​ខណ្ឌ១៤ ចំនួន​សង្កាត់១០។ ចំនួន​គ្រួសារ៣៩៩.២០៣ ចំនួន​ប្រជាពលរដ្ឋ​សរុប២.២៨១.៩៥១នាក់ និង​នៅ​ឆ្នាំ២០២១នេះ រាជធានី​ភ្នំពេញ អាចមាន​កំណើន​ផ្ទៃដី​ដល់​ទៅ ៦៩៥,៤៦ គីឡូម៉ែត្រ​ការ៉េ ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង​ទៅតាម​នោះដែរ។

បើ​យោងតាម​ព្រះរាជក្រឹត្យ​របស់​ចុះ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០របស់​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ក្នុង​មាត្រា១ ត្រូវបាន​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ភូមិ​ចំនួន៥គឺ ភូមិ​ស្ទឹង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើម​មៀន ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែក​ឫស្សី ភូមិ​ព្រែ​កឡុង នៃ​សង្កាត់​តា ក្តុល និង​ភូមិប​ត្តា​ជី នៃ​សង្កាត់​ព្រែក​ហូរ ដែលមាន​ផ្ទៃដី​ទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល មកឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​កាត់​យក​ផ្ទៃដី​ទំហំ ២ហិកតា៥១៥៥ម៉ែត្រការ៉េ(ចំណែក​ដី​នៃ​វត្ត​បុ​ទុម​សាគរ ហៅ​វត្ត​ទួល​តា​ក្របៅ) ពី​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឱ្យមក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។

បើ​យោងតាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ​ខាងលើនេះ រាជធានី​ភ្នំពេញ អាចមាន​កំណើន​ផ្ទៃដី​កើនឡើង​បន្ថែមទៀត ព្រោះ​បាន​កាត់​ផ្ទៃដី​ពី​ខេត្តកណ្តាល និង​កាត់​ខ្លះ​ពី​រាជធានី​ភ្នំពេញ​ទៅឱ្យ​ខេត្តកណ្តាល​វិញ ដូចនេះ​អាច​កើន​ដល់៦៩៥,៤៦៤ គីឡូម៉ែត្រ​ការ៉េ ។

យោងតាម​ប្រភពពី​មន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​បង្ហើប​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា រដ្ឋាភិបាល​នឹង​កាត់​តំបន់​មួយចំនួន ស្ថិតនៅក្នុង​តំបន់​គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹងត្រូវ​កាត់​បញ្ចូល​ក្នុង​ដែន​រដ្ឋបាល​រាជធានី​ភ្នំពេញ ខណៈ​មានការ​បញ្ជាក់​ពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​នឹង​ពង្រីក​ទីក្រុង​នេះ​ថែមទៀត​នៅ​ឆ្នាំ២០២៥ខាងមុខ ខណៈដែល​ទីក្រុង​នេះ​កំពុងមាន​ភាព​រីកចម្រើន។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល ជា​ស្ថាបនិក និង​អគ្គនាយក​គេហទំព័រ​ Propertyarea.asia ដែល​បាន​តាមដាន​ដំណើរ​វិវត្តន៍៍​សេដ្ឋកិច្ច សង្គម​ជាប្រចាំ​បាន​មានប្រសាសន៍ថា ការពង្រីក​ទីក្រុង​ភ្នំពេញ មិនមែន​ដោយសារ​កត្តា​ខាងលើ​ទាំងអស់​នោះទេ ប៉ុន្តែ​ការពង្រីក​ទីក្រុង វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន មានការ​រីកចម្រើន​លឿន​ជាង​រដ្ឋបាល​ដែល​ស្ថិតនៅក្នុង​ដែនដី​របស់​ខេត្ត​ណាមួយ។

លោក​បន្តថា “នៅពេល​ទីក្រុង​រីក​ទៅដល់​ណា ការវិនិយោគ​នឹង​ទៅដល់​ទីនោះ មានន័យថា​លំហូរ​សាច់ប្រាក់ នឹង​បាន​ដល់ដៃ​ប្រជាពលរដ្ឋ​ផ្ទាល់ ពិសេស​ប្រជាពលរដ្ឋ​នឹង​ឆាប់​ទទួលបាន​ផលប្រយោជន៍ ពី​ការអភិវឌ្ឍ​របស់​វិស័យ​ឯកជន និង​រដ្ឋាភិបាល” ៕

រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី ៤៧២ហិកតា​ពី​ខេត្តក្រចេះ​ចូល​ដែន​រដ្ឋបាលខេត្តមណ្ឌលគិរី

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​ទំហំ៤៧២ហិកតា ពី​ដែន​រដ្ឋបាល​ខេត្តក្រចេះ​ចូលមក​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ដែន​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដែលជា​ខេត្ត​កំពុងមាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិនិយោគ។

យោងតាម​ព្រះរាជ​ក្រិត​ឡាយព្រះហស្ត ដោយ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី​បាន​ឲ្យ​ដឹងថា ត្រូវបាន​កែសម្រួល​ព្រំប្រទល់​រវាង​ខេត្ត​ម​ខេត្តមណ្ឌលគិរី ជាមួយ​ខេត្តក្រចេះ​ដោយ​កាត់​យក​ផ្ទៃដី​ទំហំ៣៩០ហិកតា ពី​ឃុំ​ខ្សឹ​ម និង​ផ្ទៃដី​ទំហំ៨២ហិកតា ពី​ឃុំ២ធ្នូ ស្រុក​ស្នូល​ខេត្តក្រចេះ មក​ឲ្យ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។

ព្រះរាជ​ក្រិត​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ផ្អែក​តាម​ការកែសម្រួល​នេះ ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​ត្រូវបាន​កំណត់​ដូច​មាន​ផែនទី​ឧ​បស​ម្ព័​ន្ឋ​នៃ​ព្រះរាជ​ក្រិត​នេះ៕