ដោយគង់ សូរិយា
ព្រះសីហនុៈ ជាមួយនឹងការបិទ ឬរឹតបន្តឹងការចេញចូលក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរខេត្តបានអនុវត្តន៍នូវវិធានការណ៍មួយចំនួន ទាក់ទងនឹងការចេញចូលរបស់ប្រជាពលរដ្ឋ។
លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការរចេញចូលរបស់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ គឺតម្រូវតែលើភាពចាំបាច់ ដូចជាការព្យាបាលជំងឺ ប៉ុន្តែបើមិនមានភាពចាំបាច់ យើងមិនចង់ឲ្យគាត់ចេញចូលននោះទេ ប៉ុន្តែលើកលែងតែគាត់ត្រូវចេញពិនិត្យជម្ងឺ ទើបយើងឲ្យគាត់ចេញបាន។
-->
លោកបន្តថា “បើគាត់ទៅពិនិត្យជម្ងឺ ឬចូលមកកាន់ខេត្តវិញ គាត់ត្រួវបង្ហាញវេជ្ជបញ្ជាពេទ្យទៅសមត្ថកិច្ចគោលដៅ”។ លោកបន្តថា “បើប្រជាពលរដ្ឋចង់ចាកចេញ ត្រូវដាក់លិខិតមករដ្ឋបាលខេត្ត ហើយឯកឧត្តមអភិបាលខេត្តលោកនឹងពិនិត្យ បើមានការចាំបាច់ទើបលោកអនុញ្ញាត្ត ប៉ុន្តែបើមិនចាំបាច់ទេ រដ្ឋបាលខេត្តមិនអនុញ្ញាត្តនោះទេ”។
លោកឃាង ភារម្យបានបន្តថា មានករណីអ្នកជិះម៉ូតូ២នាក់ចេញពីខេត្ត ដោយជិះផ្លូវវាង ដើម្បីគេចពីសមត្ថកិច្ច ប៉ុន្តែពេលមកដល់រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
លោកបន្តថា “នេះជាវិធានការណ៍៍របស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ហេតុនេះសូមប្រជាពលរដ្ឋមេត្តាចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះក្នុងសហគមន៍”៕