ក្រុងបាត់ដំបង នឹងមានតំបន់កម្សាន្តសាធារណៈនៅស្របមាត់ស្ទឹងសង្កែក្បែរស្ពានថ្មី

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងអនុវត្តតាមប្លង់គោលនៃការរៀបចំ និងអភិវឌ្ឍន៍ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែទាក់ទាញខ្លាំង ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់ ការបង្កើតសួនច្បារសាធារណៈ ជាពិសេសកំពុងបង្កើតតំបន់កម្សាន្តនៅស្របតាមមាត់ស្ទឹងសង្កែរក្បែរស្ពានថ្មថ្មីដែលទើបបញ្ចប់ការសាងសង់កាលពីពេលកន្លងទៅនេះ។

អភិបាលរងខេត្តបាត់ដំបង លោកសឿម ប៊ុនរិទ្ធីបានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា គម្រោង និងផែនការនៃការរៀបចំ អភិវឌ្ឍន៍ក្រុងបាត់ដំបងឱ្យកាន់តែមានសោភ័ណភាពគួរជាទីទាក់ទាញនោះ បច្ចុប្បន្នកំពុងតែអនុវត្តជាបណ្តើរៗហើយ។

លោកបន្តថា “រដ្ឋបាលខេត្តបាត់ដំបងបាន និងកំពុងស្ថាបនានៅតាមបណ្តាសួនច្បារនានាដែលមានស្រាប់ឱ្យកាន់តែស្រស់ស្អាត រួមជាមួយនឹងការបង្កើតទីកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនទីតាំង ជាក់ស្ដែងពេលនេះកំពុងតែរៀបចំ និងសាងសង់សួនច្បារស្ថិតស្របមាត់ស្ទឹងសង្កែរ និងនៅគល់ស្ពានថ្មថ្មីដែលស្ថិតនៅទល់មុខសាលាខេត្តបាត់ដំបង”។

លោកបន្តថា “យើងបានរៀបចំជាបណ្តើរៗហើយ ប៉ុន្តែនៅមានភាពយឺតយ៉ាវបន្តិចបន្តួចដោយសារទុកពេលឱ្យពលរដ្ឋដែលគាត់រស់នៅលើដីច្រាំងមាត់ស្ទឹងដែលជាសម្បត្តិរបស់រដ្ឋរុះរើលំនៅដ្ឋាន ដោយរដ្ឋបាលខេត្តអនុវត្តនូវការផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់ដែលជាទីតាំងមានសុវត្ថិភាពយ៉ាងត្រឹមត្រូវ”។

ជាមួយនឹងការរៀបចំបង្កើតជាតំបន់កម្សាន្តសាធារណៈនៅក្នុងក្រុងបាត់ដំបង លោកសឿម ប៊ុនរិទ្ធី ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តបាត់ដំបងទាំងមូលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិគួរឱ្យកត់សម្គាល់ ដែលក្នុងនោះក៏មានកំណើននៃការបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ផងដែរ ដូចជាគម្រោងសាងសង់បុរី លំនៅដ្ឋានបែបទំនើបតម្លៃសមរម្យជាច្រើនគម្រោងផងដែរ ហើយក្រៅពីនោះនៅមានគម្រោងវិនិយោគសាងសង់ជាសំណង់សណ្ឋាគារខ្ពស់ៗផងដែរ៕

រោងចក្រស៊ីម៉ងត៍ចំនួន៥នៅកម្ពុជាផលិតស៊ីម៉ងត៍បាជិត៨លានតោនដើម្បីផ្គត់ផ្គង់ដល់វិស័យសំណង់

ដោយ៖ ប៊ី

ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ចំនួន៥ នៅប្រទេសកម្ពុជាផលិតស៊ីម៉ងត៍បាន៧,៩លានតោនកាលពីឆ្នាំមុន បានកើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ខណៈការកើនឡើងនេះបានឆ្លុះបញ្ជាំងពីកំណើនៃតម្រូវការស៊ីម៉ងត៍នៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA)។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានថ្លែងប្រាប់អ្នកសារពត័ត៌មានកាលម្សិលម៉ិញថា ការផលិតស៊ីម៉ងត៍នៅកម្ពុជា ពុំបានធ្លាក់ចុះនោះទេ ទោះបីជាប្រឈមនឹងស្ថានភាពកូវីដ១៩ ក៏ពិតមែន ប៉ុន្តែផ្ទុយទៅវិញផលិតភាពស៊ីម៉ងត៍របស់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដែលជាសមាជិកសមាគម ជារួមបានកើនឡើងប្រមាណ៧ភាគនៅឆ្នាំ២០២០ ហើយកំពុងបន្តមានកំណើនបន្តបន្ទាប់ទៀត នៅដើមឆ្នាំ២០២១នេះតែម្តង។

លោកបានថ្លែងថា ការបន្តរក្សាបាននូវកំណើនបែបនេះ ដោយសារតែកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នូវសំណង់ អគារនានា ជាមួយនឹងការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការខិតខំទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពម៉ត់ចត់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបានឱ្យដឹងទៀតថា វិស័យនេះនឹងបន្តកើនឡើងថែមទៀត នៅឆ្នាំ២០២១នេះ ដើម្បីជាចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ ដោយហេតុតែកម្ពុជា ទទួលបានវ៉ាក់សាំង និងការថមថយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។

លោកបានថ្លែងបន្តថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ និងគិតគូរជួយដល់វិស័យឯកជន នៅក្នុងស្ថានភាពលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ កន្លងមក ជាកត្តាមួយចូលរួមចំណែកជួយដល់ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជារីកចម្រើននាពេលនេះ។

រហូតមកដល់ពេលនេះ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានសមាជិកចំនួន៥ក្រុមហ៊ុនហើយ ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ៕

អ្នកជំនាញ​អន្តរជាតិ៖ ពេលនេះ​ជា​វេលា​ដ៏​ល្អ​ក្នុងការ​បោះទុន​ក្នុង​វិស័យ​អចលនទ្រព្យ

ដោយ៖ សាវុធ

ភ្នំពេញ៖ អ្នកជំនាញ​អន្តរជាតិ​បាន​លើកឡើងថា ជាមួយនឹង​សេដ្ឋកិច្ច​កំពុង​មានការ​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស និង​តម្លៃ​ផ្ទះ​គួរឱ្យ​ទាក់ទាញ វា​ជា​ពេលវេលា​ដ៏​ល្អ សម្រាប់​វិនិយោគិន ក្នុងការ​បោះទុន​ក្នុង​វិស័យ​អចលនទ្រព្យ។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន Business Standard នៅ​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

អ្នកនា​ញ​បាន​លើកឡើងថា ជាទូទៅ​មិន​ថា​នៅ​ប្រទេស​កម្ពុជា និង​បណ្តាល​ប្រទេសផ្សេងៗទៀត អ្នក ដែលមាន​ថវិកា​ច្រើន ហើយ​កំពុង​សម្លឹង​រកមើល​ការវិនិយោគ​ទិញ​លំនៅដ្ឋាន​ឥឡូវនេះ អាចជា​ជម្រើស​ដ៏​ល្អ​មួយ សម្រាប់​ទស្សនវិស័យ​វែងឆ្ងាយ។

ការរំពឹងទុក​ផលចំណេញ​ត្រឡប់មកវិញ​របស់​វិនិយោគិន ពី​ការវិនិយោគ​លើ​អចលនទ្រព្យ នឹងមាន​លទ្ធផល​ល្អ ដោយសារ​ការវិនិយោគ​លើ​អចលនទ្រព្យ គឺ​ការវិនិយោគ​មួយ​មាន​សុវត្ថិភាព ស្របពេល​កំណើនសេដ្ឋកិច្ច​ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​សញ្ញា​វិជ្ជមាន​នៅ​ឆ្នាំនេះ។ យោងតាម​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនៈទ្រព្យ ANAROCK ។

លោក Prashant Thakur ប្រធាន​ក្រុមហ៊ុន ANAROCK Property ដែលមាន​មូល​ដ្ឋា​នៅ​ឥណ្ឌា បាន​ថ្លែងថា មិន​ថា​នៅ​ប្រទេស​ឥណ្ឌា ឬ​ប្រទេស​ដទៃទៀត​ទេ ក្នុងតំណាក់កាល​នេះ វិនិយោគិន​ត្រូវតែមាន​សកម្ម​វិនិយោគ​ឡើងវិញ ហើយ​បើ​មិន​ដូច្នេះ​ទេ ការទទួលបាន​ប្រាក់ចំណេញ​យ៉ាង​ឆាប់រហ័ស និង​ច្រើន​ពី​អចលនទ្រព្យ នឹង​អាច​រសាត់​បាត់​នា​មុខឆាប់ៗនេះ។

លោក​បាន​បន្តថា វិនិយោគិន ត្រូវតែ​បោះជំហាន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នាពេលនេះ ព្រោះ​ផលចំណេញ​ត្រឡប់មកវិញ ពី​ការវិនិយោគ​ច្បាស់​ណាស់ ដែល​វិនិយោគិន​ទទួលបាន នាពេល​អនាគត។

លោក​បាន​ថ្លែង​ទៀតថា ការវិនិយោគ​លើ​អចលនទ្រព្យ​រយៈពេល​ខ្លី​មិនទាន់​ទទួលបាន​ផលចំណេញ​នោះទេ ប៉ុន្តែ​ការកើនឡើង​នៃ​តម្រូវការ​នឹងធ្វើ​ឱ្យ​តម្លៃ​ឡើងថ្លៃ​រយៈពេល​វែង៕

លោក ម៉ាន់ ច័ន្ទឌី ៖ មិនថាស្ថិតក្នុងកាលទេសៈណានោះទេ ការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ និយាយពីឱកាសចំណេញដែលអាចទទួលបានពីការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានអ្នកប្រតិបត្តិនៅក្នុងវិស័យនេះអះអាងផ្សេងៗពីគ្នាដោយការលើកយកហេតុផលមកបញ្ជាក់ផងដែរ។ ប៉ុន្តែសម្រាប់លោក ម៉ាន់ ច័ន្ទឌី បានអះអាងថា ផលចំណេញពីការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យដែលអាចទទួលបានចំណេញច្រើន គឺការទិញលក់ដី។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅក្នុងវិស័យអចលនទ្រព្យ លោកបានវិនិយោគទៅក្នុងផ្នែកជាច្រើន ដូចជាការវិនិយោគទៅលើការអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋានកម្រិតសមរម្យ ការវិនិយោគទៅលើការនាំចូលគ្រឿងសំណង់ ការវិនិយោគទៅលើការផ្តល់កម្ចីសម្រាប់ទិញលំនៅដ្ឋាន ក៏ដូចជាការវិនិយោគទៅលើផ្នែកដីធ្លី ទាំងដីសម្រាប់ជួល និងដីសម្រាប់លក់ចេញយកចំណេញ។

លោកបានបញ្ជាក់ថា “តាមការកត់សម្គាល់ និងជាទស្សនទានរបស់ខ្ញុំ ឱកាសនៃការទទួលបានផលចំណេញច្រើនជាងគេនៅក្នុងចំណោមមុខជំនួញខាងលើន គឺការវិនិយោគទៅលើដីធ្លី (ទិញ-លក់) ដែលក្នុងរយៈពេលដ៏ខ្លីយើងអាចទទួលបានប្រាក់ចំណេញច្រើនស្ទើរតែ ១X ២ ឬ ១X៣ ក៏មានដែរ អាស្រ័យទៅតាមទីតាំង និងតម្រូវការជាក់ស្ដែងរបស់ទីផ្សារ”។

សំណួរសួរថា បើវិនិយោគទៅលើដីធ្លីអាចទទួលបានចំណេញច្រើនជាងគេ តើហេតុអ្វីលោកត្រូវធ្វើការវិនិយោគទៅលើផ្នែកដទៃទៀត?

លោក ម៉ាន់ ច័ន្ទឌី បញ្ជាក់ថា “ថ្វីត្បិតការវិនិយោគទៅលើដីធ្លីអាចទទួលបានប្រាក់ចំណេញច្រើន ប៉ុន្តែយើងក៏ត្រូវការផ្នែកដទៃទៀតមកធ្វើការរួមផ្សំផងដែរ។ ខ្ញុំទិញ-លក់ដី បើចំណេញច្រើនខ្ញុំនឹងលក់ចេញភ្លាមៗ បើចំណេញតិច ឬអាចវិនិយោគទៅផ្នែកដទៃទៀតដែលអាចទទួលចំណេញច្រើនជាង ដូចជាការសង់ផ្ទះលក់ជាដើម ខ្ញុំក៏ត្រូវពិចារណា”។

លោកថា “បើត្រូវសាងសង់ផ្ទះលក់ ខ្ញុំក៏មានក្រុមហ៊ុនសាងសង់ បើត្រូវការគ្រឿងសំណង់ ខ្ញុំក៏មានក្រុមហ៊ុនផ្គត់ផ្គង់ ហើយបើត្រូវការស្ថាប័នហិរញ្ញវត្ថុសម្រាប់ជួយជ្រោមជ្រែងដល់ការផ្តល់លក្ខខណ្ឌបង់រំលស់ខ្ញុំក៏មាន ដូច្នេះ អ្វីៗទាំងអស់នេះ ជាបណ្តុំនៃមុខជំនួញពាក់ព័ន្ធរបស់ខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែបើសួរថា មួយណាចំណេញជាង ខ្ញុំនៅតែអះអាងថា ការទិញ-លក់ដីគឺមានឱកាសចំណេញច្រើន និងក្លាយជាអ្នកមានលឿនជាងគេ” ៕

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សរជនដំបូងគេដែលទទួលវ៉ាក់សាំងការពារកូវីដ១៩នៅព្រឹកថ្ងៃស្អែកនេះ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកបណ្ឌិតហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែតនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ។


លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រៅពីលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលនឹងទទួលវ៉ាក់សាំងការពារកូវីដ១៩នៅព្រឹកថ្ងៃស្អែកនេះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែរដូចជា លោកហ៊ុន ម៉ានិត, លោកហ៊ុន ម៉ានី, លោកឌី វិជ្ជា, លោកសុខ ពុទ្ធិវុធ, លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិកមិញនេះ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រេចដាក់ឲ្យដំណើរការក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានពីមហាមិត្តចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ដោយការចាក់វ៉ាក់សាំងនឹងត្រូវធ្វើជាដំណាក់ៗកាល ទៅតាមចំនួនវ៉ាក់សាំងដែលទទួលបានរួចហើយ និងវ៉ាក់សាំងដែលអាចនឹងទទួលបាននៅក្នុងពេលឆាប់ៗខាងមុខនេះ។
ការចាក់វ៉ាងសាំងកូវីដ១៩ នឹងប្រព្រឹត្តទៅដោយមានចំនួន៤ទីតាំង រួមមាន៖ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ នៅមន្ទីរពេទ្យកេតុមាលា៕

រាជរដ្ឋាភិបាលនឹងរៀបចំបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចុងឆ្នាំ២០២១នេះ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១ ខាងមុខនេះក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ។

ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះឱ្យបានល្អប្រសើររលូនទៅបាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិសេសមួយនៅរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សាជាមួយក្រសួង-ស្ថាប័ន មន្ទីរ អង្គភាពជំនាញត្រៀមកិច្ចការមួយចំនួនបណ្ដើរៗ។

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូនជោគជ័យ។ ក្នុងនោះដែរមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត បន្ថែមជាមួយនឹងការរៀបចំឱ្យមានវិថីម្ហូបអាហារផងដែរ។

នៅក្នុងពិធីនេះក៏មានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុកមកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុត។ ក្រៅពីនេះត្រូវផ្សព្វផ្សាយផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ដែលមាននៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ សក្ដានុពលនៅតាមតំបន់ឆ្នេរសមុទ្រ នៅតាមកោះ និងនៅសមុទ្រឱ្យបានទូលំទំលាយនៅក្នុងពិធីបុណ្យនេះ។

លោកបណ្ឌិតថោង ខុន បានបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះក៏ពិតមែន ប៉ុន្តែគណៈកម្មការរៀបចំត្រូវតែប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ការអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប់ជានិច្ច ដាច់ខាតត្រូវរួមគ្នាអនុវត្តឱ្យបានហ្មត់ចត់បំផុត។

អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានប្ដេជ្ញាអំពីការចូលរួមអនុវត្តកិច្ចការជាមួយក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានការចាត់ឱ្យមន្ត្រីជំនាញនៅរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារតាមមុខការរៀងខ្លួន ទាំងការងាររៀបចំទីតាំងពិធីបុណ្យ ការត្រៀមការការពារបញ្ហាសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ អ្នករៀបចំកម្មវិធី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំតុបតែងកែលម្អសោភ័ណភាពក្នុងទីក្រុង តាមផ្លូវសាធារណៈជាដើម។

លោកបានលើកឡើងឱ្យមានការតាក់តែងនិពន្ធរឿង ឬសិល្បៈសម្ដែងនៅព្រឹត្តិការណ៍ទេសចរណ៍នេះ ដែលរៀបរាប់ពីប្រវត្តិខេត្តព្រះសីហនុ ឬហៅតាមឈ្មោះចាស់ថា កំពង់សោម ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។

ការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នេះ គឺជាឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិឱ្យកាន់តែល្បីសុះសាយបន្ថែមទៀត ខណៈឆ្នេរសមុទ្រកម្ពុជាទាំងមូល (ព្រះសីហនុ កំពត កែប និងកោះកុង) ត្រូវបានអង្គការឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ចាត់បញ្ចូលជាឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោកកន្លងមក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រសិទ្ធនាមតំបន់ឆ្នេរសមុទ្រទាំងបួនខេត្តរបស់ខ្លួននេះជា «តារារះនាទិសនិរតី» ទៀតផង។

ចំពោះទីតាំងរៀបចំកម្មវិធីបុណ្យធំៗ និងកម្មវិធីនានាទៀតនោះ ក្រុមការងារនឹងបន្តពិភាក្សាកំណត់ឱ្យបានច្បាស់លាស់បន្ថែមទៀត៕

អ្នកជំនាញបង្ហើបពីប្រភេទអចលនវត្ថុដែលមានតម្រូវការទីផ្សារខ្ពស់ និងមានឱកាសចំណេញច្រើនពីការវិនិយោគ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អចលនវត្ថុដែលកំពុងតែមានសកម្មភាព និងដំណើរការទូទាំងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ដោយក្នុងនោះ ផ្នែកនីមួយៗមានតម្រូវការជាកស្ដែងមិនដូចគ្នានោះទេ។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា អចលនវត្ថុដែលកំពុងមានសកម្មភាព នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេបែងចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ហើយសម្រាប់តម្រូវការ និងតម្លៃដែលត្រូវបានដាក់លក់ ជួល នៅលើទីផ្សារក៏មានកម្រិតខុសគ្នាផងដែរ។

លោក វ៉ា វីរៈ បានពន្យល់ថា អចលនវត្ថុទាំង៦ប្រភេទដែលត្រូវបានបែងចែកដូចការលើកឡើងខាងលើនេះរួមមានដូចជា ទី១ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋានសម្រាប់ស្នាក់នៅ ទី២ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន ឬផ្ទះអាជីវកម្ម ទី៣ អចលនវត្ថុបម្រើផ្នែកទីតាំងជួល ឬលក់រាយ ទី៤ អចលនវត្ថុបម្រើផ្នែកឧស្សាហកម្ម ទី៥ អចលនវត្ថុបម្រើផ្នែកកសិកម្ម និងទី៦ អចលនវត្ថុបម្រើផ្នែកសេវាកម្មផ្សេងៗដូចជាការិយាល័យជួល និងទេសចរណ៍។

-ទី១ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋានសម្រាប់ស្នាក់នៅ ៖ អចលនវត្ថុប្រភេទនេះ គឺមានតម្រូវការច្រើនជាងគេនាពេលបច្ចុប្បន្ន ហើយនឹងនៅបន្តទៅថ្ងៃខាងមុខទៀត ខណៈដែលតម្រូវការទីផ្សារនៅមានក្នុងកម្រិតខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ អចលនវត្ថុប្រភេទនេះ រួមមានផ្ទះល្វែង ផ្ទះវីឡា ដែលស្ថិតនៅជាន់ផ្ទាល់ដី ក៏ដូចជាផ្ទះសហកម្មសិទ្ធិ ឬជាប្រភេទខុនដូ។

-ទី២ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន ឬផ្ទះអាជីវកម្ម ៖ សម្រាប់អចលនវត្ថុប្រភេទនេះគឺមានតម្លៃថ្លៃ និងច្រើនស្ថិតនៅជាប់ផ្លូវធំ ជួរមុខ ដែលក្រៅពីសម្រាប់ស្នាក់នៅក៏មានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗ មិនជាការបើហាងអាហារដ្ឋាន ហាងកាហ្វេ ឬជាអាជីវកម្មប្រចាំគ្រួសារជាច្រើនប្រភេទទៀត។

-ទី៣ អចលនវត្ថុបម្រើផ្នែកទីតាំងជួល ឬលក់រាយ ៖ អចលនវត្ថុប្រភេទនេះ គឺបម្រើដល់ការជួល ឬទីតាំងលក់រាយនៅក្នុង Supper Market, Mall , Shopping Mall ឬ Mart ជាដើម។

-ទី៤ អចលនវត្ថុបម្រើផ្នែកឧស្សាហកម្ម ៖ សម្រាប់បម្រើជាទីតាំងសាងសង់រោងចក្រ សហគ្រាស ឃ្លាំង ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស ដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម។

-ទី៥ អចលនវត្ថុបម្រើផ្នែកកសិកម្ម ៖ សម្រាប់បម្រើដល់ការដាំដុះ ការបង្កបង្កើនផល អាចប្រភេទកសិដ្ឋានលក្ខណៈគ្រួសារ ឬសហគមន៍ ក៏ដូចជាកសិដ្ឋានកម្រិតខ្ពស់សម្រាប់ធ្វើការនាំចេញ។

-ទី៦ អចលនវត្ថុបម្រើផ្នែកសេវាកម្មផ្សេងៗ ៖ អចលនវត្ថុប្រភេទនេះ រួមមានដូចជាការិយាល័យជួល សណ្ឋាគារដែលបម្រើផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ក៏ដូចជាតំបន់អភិវឌ្ឍជាមជ្ឈមណ្ឌលកម្សាន្តជាដើម។

គ្រប់ប្រភេទអចលនវត្ថុទាំងអស់ដូចបានរៀបរាប់ខាងលើនេះ បច្ចុប្បន្នគឺសុទ្ធតែមានសកម្មភាព និងតម្រូវការទីផ្សារទាំងអស់ ហើយមានកម្រិតតម្លៃផ្សេងៗពីគ្នា អាស្រ័យទៅតាមទីតាំង និងភាពមានតម្រូវការចាំបាច់ជាក់ស្ដែង៕

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022)

ដោយៈ គង់ ម៉ាលីន
ភ្នំពេញ៖ កម្ពុជា បាននិងកមពុងត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានអាស៊ានឆ្នាំ២០២២(ASEAN Tourism Forum-ATF 2022) ខាងមុខនេះ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការលើកម្ពស់ និងបង្ហាញពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

តាមរយៈក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានក្រោមប្រធានបទ “អាស៊ាន សហគមន៍សន្តិភាព និងវាសនាតែមួយ” (ASEAN – A Community of Peace and Shared Future) ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ មានព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន(ASEAN Tourism Ministers Meetings) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន(ASEANNTOS Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន(ASEANTA Meetings) សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX)។

ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ានដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុនក្រុមហ៊ុនជាអ្នកទិញ(Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ -អន្តរជាតិ ១០០រូប មកពីជុំវិញពិភពលោក។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញសាធារណជន ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋឯកជន ស្ថាប័នពាក់ព័ន្ធសហគមន៍ទេសចរណ៍អ្នកសារព័ត៌មានចូលរួមសហការនិងផ្សព្វផ្សាយផលិតផលទេសចរណ៍ល្អៗរបស់យើងដល់អ្នកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានខាងលើ ឱ្យបានទូលំទូលាយ ក៏ដូចជាចូលរួមស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ៕

អ្នកវិភាគឯករាជ្យ: នេះជាពេលដ៏ល្អគួរទិញភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp

ដោយ: សុខុម

ភ្នំពេញ: លោកHoward J Klein អ្នកវិភាគឯករាជ្យប្រចាំក្រុមហ៊ុន Smartkarma ដែលជាបណ្ដាញស្រាវជ្រាវការវិនិយោគ បានលើកឡើងថានេះជាពេលវេលាដ៏ល្អគួរ “ទិញ” ភាគហ៊ុនរបស់ក្រុមហ៊ុនល្បែង និងសណ្ឋាគារNagaCorp ដែលចុះបញ្ជីនៅហុងកុង និងដែលជាម្ចាស់កាស៊ីណូ Naga World នៅប្រទេសកម្ពុជា ឱ្យបានមុនក្រុមហ៊ុននេះចេញរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំសារពើពន្ធ ឆ្នាំ២០២០ របស់ខ្លួន។

 

អ្នកវិភាគដដែលបានគូសបញ្ជាក់ថា យោងតាមការស្រាវជ្រាវបង្ហាញថា អាជីវកម្មរបស់ក្រុមហ៊ុននេះ ទទួលបានលទ្ធផលល្អប្រសើរ អំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ហើយតាមការរំពឹងទុកថា នឹងងើបឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមគេហទំព័រ ASGAM ចុះផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ០២១។

ដោយលើកឡើងពីទស្សនៈប្រយ័ត្នប្រយែង ជ្រុលរបស់វិនិយោគិន ចំពោះភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp ដែលពេលនេះបានធ្លាក់ថ្លៃ៣ដុល្លារហុងកុង ពីតម្លៃ១២,៤០ដុល្លារហុងកុង ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៥២សប្ដាហ៍មក នៅត្រឹម៩,១៨ដុល្លារហុងកុង លោក Howard J Klein បានពន្យល់ថា ក្រុមហ៊ុននេះកំពុងស្ថិតក្នុងស្ថានភាពងើបឡើងវិញ ហើយវាជាពេលដ៏ល្អ គួរទិញយកភាគហ៊ុនរបស់ក្រុមហ៊ុននេះ ក្រោយតម្លៃបានធ្លាក់ចុះជាង៥ដុល្លារហុងកុង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ១៩។

ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគSmartkarma ជឿជាក់ថា អាចមានដំណឹងវិជ្ជ​មានអំពីប្រាក់ចំណូល នៅពេលរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំសារពើពន្ធ២០២០ របស់ក្រុមហ៊ុន NagaCorp ត្រូវបានបញ្ចេញ។

មុននេះក្រុមហ៊ុនNagaCorp បានប្រកាសចំណូលមុនពេលកាត់ពន្ធ EBITDAចំនួ​ន៨៨,៧លានដុល្លារអាមេរិក និងប្រាក់ចំណេញ២០,៦លានដុល្លារអាមេរិក ក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ទោះបើខ្លួនបិទទ្វារផ្អាកដំណើរការ ជាបណ្ដោះអាសន្នរយៈពេល៣ខែ ពីខែមេសា ដល់ខែកក្កដាក្ដី។

ក្រោយមកក្រុមហ៊ុននេះបានបញ្ជាក់ថា ចំណូលសរុបបានពីល្បែង (Gross Gaming Revenue (GGR)) របស់ខ្លួនទទួលបាន៩១ភាគរយ បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅត្រឹមដំណាច់ត្រីមាសក្នុងខែកញ្ញា ឆ្នាំ២០២០។

ទោះជាយ៉ាងណា លោក Howard J Klein រំពឹងថា ក្រុមហ៊ុននេះនឹងទទួលបានកំណើនប្រមាណ១២ភាគរយ ត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២១៕

រដ្ឋាភិបាលសម្រេចប្រកាសដាក់ឱ្យប្រើនិមិត្តសញ្ញាសម្គាល់គុណភាពផលិតផលកម្ពុជាជាផ្លូវការដើម្បីអាចជ្រៀតចូលផ្សារទំនើប

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពផលិតផលក្នុងស្រុកជាផ្លូវការ ដើម្បីអាចជ្រៀតចូលផ្សារទំនើប។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគេហទំព័រ propertyarea.asia បានទទួលឱ្យដឹងថា ក្រសួងបានចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារក្នុងគោលបំណងជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជន។

ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដូច្នេះម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅលើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕