ដោយៈ ប៊ី
ភ្នំពេញៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) បានព្យាករកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ថា សេដ្ឋកិច្ចកម្ពុជានឹងរើបឡើងវិញនៅឆ្នាំនេះ បើទោះបីជាវិបត្តិកូវីដ១៩ មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។
យោងតាមរបាយការណ៍ស្តីពី ស្ថានភាពរួមនៃចក្ខុវិស័យកំណើនសេដ្ឋកិច្ច របស់ប្រជាជាតិអាស៊ាន+៣ នៃការិយាល័យAMROបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំនើនឡើងវិញ ក្នុងវង្វង់៤,៧ភាគរយ នៅឆ្នាំ២០២១នេះ ហើយនឹងបន្តកើនឡើងដល់៦,១ភាគរយនៅឆ្នាំក្រោយ។
-->
ការិយាល័យAMRO ក៏បានព្យាករដែរថា សេដ្ឋកិច្ចអាស៊ាន នឹងមានកំណើនងើបឡើងវិញ៤,៩ភាគរយនៅឆ្នាំ២០២១នេះ ហើយនឹងបន្តកើនឡើងដល់៥,៧ភាគរយនៅឆ្នាំក្រោយ។
ប្រធានសេដ្ឋវិទូ AMRO លោក Hoe Ee Khor មានប្រសាសន៍ថា “រដ្ឋាភិបាលមានបទពិសោធន៍ច្រើន ក្នុងការដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត ហើយវិធានការ ដែលមានប្រសិទ្ធិភាព នឹងជួយឱ្យសេដ្ឋកិច្ចមានសកម្មភាព”។
ជាមួយគ្នានេះដែរ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ចុងក្រោយរបស់ធនាគារពិភព (World Bank) ក៏បានឱ្យដឹងដែរថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញក្នុងរង្វង់៤ភាគរយក្នុងឆ្នាំ២០២១នេះ ហើយនឹងបន្តរីកលូតលាស់បានប្រមាណ៥,២ភាគរយ ក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១៕