អាស៊ានដាក់ទិសដៅជំរុញចលនាទេសចរឲ្យទៅដល់សហគមន៍ និងតំបន់ធម្មជាតិ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មេដឹកនាំទេសចរណ៍មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងអគ្គលេខា​ធិការអាស៊ាន ពិគ្រោះគ្នាយ៉ាងយកចិត្តទុកដាក់ និងសម្រេចឯកភាពគ្នាដាក់ទិសដៅជំរុញ ចលនាទេសចរក្នុងស្រុករៀងៗខ្លួន ពិសេសគឺជំរុញឱ្យភ្ញៀវទេសចរបានទៅទស្សនាដល់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍ជនបទឱ្យកាន់តែខ្លាំងក្លាជាងមុន។

លោកទ្រី ឈីវប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍កម្ពុជានៅសណ្ឋាគារសូហ្វីតែភ្នំពេញភូកេត្រា។

លោកបន្តថា “ក្នុងចំណោមផែនការដែលអាស៊ានដាក់ចេញ ដើម្បីស្ដារវិស័យទេស​ចរណ៍ឡើងវិញ ក៏មានការដាក់ទិសដៅសំខាន់មួយផងដែរ គឺការជំរុញចលនាទេសចរក្នុងស្រុករៀងៗខ្លួន ពិសេសគឺជំរុញឱ្យភ្ញៀវទេសចរ បានទៅទស្សនាដល់សហគមន៍ទេសច​រណ៍ តំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍ជនបទឱ្យកាន់តែខ្លាំងក្លាជាងមុន”។

អាស៊ានបានជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងវិស័យ​ទេសចរណ៍ ដែលជាយុទ្ធសាស្ត្រមួយបង្កើតឱកាសការងារផ្សេងៗ ជាពិសេសផ្ដោតលើតំបន់ជនបទ។ យុទ្ធសាស្ត្រនេះ គឺផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ធម្មជាតិនៅតាមសហគមន៍ និងទេសចរណ៍ព្រឹត្តិការណ៍ ដូចជាពិធីបុណ្យទេសចរណ៍ជាដើម។

សមាជិកអាស៊ានក៏បានឯកភាពគ្នាធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការជំរុញទេសចរផ្ទៃក្នុងនៃប្រទេសរៀងៗខ្លួន ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្ត។

នាពេលកន្លងមក កម្ពុជាក៏ដូចជាអាស៊ាន ក៏បានយកចិត្តទុកដាក់ខ្ពស់ដែរ ទៅលើការអភិវឌ្ឍសមាគមន៍ទេសចរណ៍ ឬទេសចរណ៍ធម្មជាតិនេះ គឺបានចាត់ទុកជាអាទិភាពមួយដែល ប៉ុន្ដែដោយឆ្លងនូវវិបត្តិកូវីដ១៩នេះ អាស៊ានឃើញថាជាឱកាស ព្រោះថាមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន ដូច្នេះវាជាឱកាសមួយដែលអាចជំរុញទេសចរក្នុងស្រុក ហើយការជំរុញនេះ ក៏អាចជួយសម្រាលដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍តាមសហគមន៍ ឬនៅតាមតំបន់ជនបទ។

ច្បាស់ណាស់ថា វិស័យទេសចរណ៍ក្នុងស្រុក មិនអាចប៉ះប៉ូវទៅនឹងការខាតបង់លើវិស័យទេសចរណ៍អន្តរជាតិ ប៉ុន្ដែវាជាវិធីសាស្ត្រមួយ ដើម្បីជួយឲ្យគាត់នៅរស់រៀនមានជីវិត ដោយពួកគាត់អាចនៅបន្តការងារគាត់បាន។

លោកទ្រី ឈីវ បានមានប្រសាសន៍ថា អាស៊ានបានបង្កើនការយកចិត្តទុកដាក់បន្ថែមទៅលើការអភិវឌ្ឍ គឺការជំរុញទេសចរណ៍ក្នុងស្រុកររៀងៗខ្លួនតាមរយៈការចែករំលែកបទពិសោធន៍ ហើយនឹងមានកិច្ចប្រជុំគ្នាតទៅមុខទៀត។

ជាធម្មតា កម្ពុជាត្រូវធ្វើជាម្ចាស់វេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២១នៅកម្ពុជា ប៉ុន្ដែដោយបញ្ហាកូវីដ អាស៊ានមិនអាចរៀបចំបានទល់មុខគ្នា រួមទាំងមិនអាចរៀបចំពិព័រណ៍ដែលវាជាព្រឹត្តិការណ៍មួយដ៏ធំ ដូច្នេះសមាជិកអាស៊ានក៏បានគាំទ្រកម្ពុជាឲ្យលើកការរៀបចំវេទិការទេសចរណ៍ពេញលក្ខណៈនេះទៅធ្វើនៅឆ្នាំ២០២២។

ជាលទ្ធផលនៃការទន្ទឹងរង់ចាំរបស់ប្រទេសសមាជិកអាស៊ាន ចាប់ពីពេលនេះដល់ឆ្នាំ២០២២ ប្រទេសសមាជិកទាំងអស់គេទុកចិត្តកម្ពុជា ក្នុងការដឹកនាំនូវកិច្ចប្រជុំផ្សេងៗដើម្បីឲ្យស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់៕

ក្រុមហ៊ុនសិង្ហបុរីដ៏ធំមួយទទួលបានការអនុម័តអភិវឌ្ឍន៍គម្រោងទីក្រុងរាមថ្មីតម្លៃ១៦ពាន់លានដុល្លារ

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Canopy Sands Development សមាជិកនៃក្រុមហ៊ុន Prince Holding Group បានអនុម័តប្លង់មេសម្រាប់ទីក្រុងរាមថ្មី ដែលនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Canopy Sands Development នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

គម្រោងទីក្រុងរាមថ្មីនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីទំហំ៨៣៤ហិកតា ដែលមានទុនវិនិយោគសរុបប្រមាណ១៦ពាន់លានដុល្លារ ហើយនឹងត្រូវអភិវឌ្ឍលើតំបន់ ដែលចំណាយពេល១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

គម្រោងទីក្រុងរាមនេះនឹងដើរតួជាកត្តាលីករសម្រាប់ទស្សនវិស័យកំណើននៃខេត្តព្រះសីហនុទាំងមូល ដែលជាទីក្រុងធំទី៣ មានកំពង់ផែទឹកជ្រៅប្រចាំនៅក្នុងប្រទេសកម្ពុជា។

លោក Yeo Choon Chong នាយកប្រតិបត្តិក្រុមហ៊ុន Surbana Jurong ប្រចាំតំបន់អាស៊ានបានមានប្រសាសន៍ថា “កម្ពុជា បន្តទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេសឥតឈប់ឈរ។ ជាមួយដៃគូរបស់យើង យើងមើលឃើញសក្តានុពលដ៏ធំធេងក្នុងការជំរុញកំណើននៅក្នុងទីផ្សារដ៏សំខាន់នេះ តាមរយៈការចូលរួមរបស់យើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័នរូបនេះ។

លោក Yeo បានបន្ថែមថា “សំណើរបស់យើងនេះ ផ្តល់អាទិភាពដល់ការធ្វើសមាហរណកម្មធម្មជាតិ ដើម្បីលើកកម្ពស់បរិស្ថាន។ ផ្នែកសំខាន់នៃផែនការរួមបញ្ចូលទាំងឆ្នេរខ្សាច់ដ៏ធំទូលាយ ដែលលាតសន្ធឹងលើសពី៦គីឡូម៉ែត្រ ដែលទាំងអស់នេះនឹងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ដ៏ធំទូលាយ និងចាក់បញ្ចូលភាពរស់រវើកដល់សហគមន៍”។

លោកបានថ្លែងបន្តទៀតថា ផែនការនេះ ក៏រួមបញ្ចូលទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដល់សហគមន៍ផងដែរ ដើម្បីគាំទ្រដល់ពលរដ្ឋ និងកន្លែងសហគមន៍ ដូចជាសាលារៀន ឧទ្យាន កន្លែងលេងកីឡា និងសោភ័ណភាពក្នុងគម្រោង។ នៅពេលដែលមានការអភិវឌ្ឍពេញលេញ គម្រោងទីក្រុងរាមនឹងក្លាយជាគោលដៅដ៏អស្ចារ្យមួយសម្រាប់ការលក់រាយ ការងារ ការកម្សាន្ដ និងការរស់នៅ។

លោក MrKhong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានមានប្រសាសន៍ថា “យើងបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Surbana Jurong ក្នុងរយៈពេលជាងមួយឆ្នាំមកហើយ ហើយយើងពិតជារីករាយណាស់ជាមួយនឹងគម្រោងមេ ដែលពួកគេបានស្នើសុំសម្រាប់ទីក្រុងរាម។

លោកបានបន្តទៀតថា ក្រុមហ៊ុន Surbana Juronghas បានធ្វើឱ្យអតិថិជននៅជុំវិញពិភពលោកកោតសរសើរជាប្រចាំ និងមានកេរ្តិ៍ឈ្មោះ ដោយសារបទពិសោធន៍ទូលំទូលាយរបស់ពួកគេ ក្នុងការអភិវឌ្ឍទីក្រុង ខណៈពួកគេបានអភិវឌ្ឍន៍គម្រោងធំៗជាច្រើននៅក្នុងប្រទេសជាង៣០។

លោកបានបន្ថែមថា “យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីផ្លាស់ប្តូរផែនការប្រើប្រាស់ដីធ្លី ដែលបានស្នើទៅជាការពិត និងបង្កើតដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ការរស់នៅ ដើម្បីភាពប្រសើរឡើងនៃក្រុងព្រះសីហនុ និងប្រជាជនកម្ពុជា”។

គម្រោងទីក្រុងរាមនេះ នឹងផ្លាស់ប្តូរមុខមាត់ក្រុងព្រះសីហនុ ជាមួយអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ ពាណិជ្ជកម្ម និងលំនៅដ្ឋានប្រកបដោយនិរន្តរភាព ដែលមានសក្តានុពលអាចផ្ទុកអ្នករស់នៅបាន រហូតដល់ទៅ១៣ម៉ឺននាក់។ នៅពេលបញ្ចប់គម្រោងមេផ្តោតលើការសាងសង់ភាពទាក់ទាញគ្រួសារ ខុនដូ ផ្ទះជាប់ដីក្បែរឆ្នេរខ្សាច់ និងតំបន់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ផ្សារទំនើប កន្លែងលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានឆ្នេរសណ្ឋាគារខុនដូ និងទូកកម្សាន្តជាដើម។

ប្រទេសកម្ពុជាស្ថិតនៅចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយត្រូវបានចាត់ទុកជាទិសដៅវិនិយោគដ៏ទាក់ទាញសម្រាប់អាជីវកម្ម ដែលកំពុងសម្លឹងរកការពង្រីកខ្លួននៅក្នុងតំបន់អាស៊ាន៕

រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងលើកឡើងពីវឌ្ឍន ភាព បញ្ហាប្រឈមក្នុងវិស័យកសិកម្មនៅក្នុងកិច្ចសម្ភាសន៍ពិសេសថ្ងៃនេះ

ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ កម្មវិធីចក្ខុវិស័យសេដ្ឋកិច្ចឆ្នាំ២០២១ នៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះនឹងចាក់ផ្សាយកិច្ចសម្ភាសន៍ពិសេសជាមួយឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចសម្ភាន៍ពិសេសមួយនេះត្រូវបានធ្វើឡើងរវាងលោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច www.propertyarea.asia ជាមួយនឹងឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗកន្លងទៅនេះដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាពក្នុងវិស័យកសិកម្ម ផែនការយុទ្ធសាស្ត្រ និងការដាក់ចេញនូវគោលនយោបាយថ្មីៗនៅក្នុងវិស័យមួយនេះ ដើម្បីជំរុញឱ្យមានភាពរីកចម្រើន ព្រោះវិស័យកសិកម្មគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងនាមជាកម្លាំងចលករជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។

នៅក្នុងកិច្ចសម្ភាសន៍នេះផងដែរក៏បានលើកឡើងពីការរៀបចំខ្លួនរបស់កម្ពុជានៅក្នុងការធ្វើឱ្យមានផលិតផលកសិកម្ម និងកសិ ឧស្សាហកម្មកាន់តែច្រើនអាចនាំចេញទៅកាន់ប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលរដ្ឋាភិបាលនៃប្រទេសទាំង២បានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ចង់ដឹងកិច្ចសម្ភាសន៍ពិសេសនេះលម្អិតមានខ្លឹមសារយ៉ាងណានោះសូមរង់ចាំតាមដានទស្សនានៅវេលាម៉ោង១១៖៣០នាទីថ្ងៃនេះ៕

អ្នកជំនាញ ក្រើនរំលឹក​កុំឱ្យ​ទិញ​អចលនវត្ថុ​ទាំងឡាយណា​ដែល​លើសពីសមត្ថភាព​របស់ខ្លួន

លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​ណែនាំ​ថា ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ មានឱកាស​ទទួលបាន​ចំណេញ​ច្រើន ប៉ុន្តែ​មុនពេល​ទិញ​អចលនវត្ថុ​ណាមួយ​គ​ម្បី​ពិនិត្យ​ទៅលើ​ចរន្ត​សាច់ប្រាក់ ឬ​លទ្ធភាព​របស់ខ្លួន ជៀសវាង​ទិញ​លើសពី​សមត្ថភាព ឬ​ខ្ចី​ពី​ធនាគារ​ទិញ ដែល​អាច​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

លោក​ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century 21 Advance  បានឱ្យដឹងថា ការទិញ​អចលនវត្ថុ ដោយ​មិន​បានដឹង​ពី​គោលបំណង​ច្បាស់លាស់ ដោយ​ចេះតែ​ទិញ​តាម​គ្នា និង​តាម​ការអូសទាញ​ពី​ឈ្មួញ​ជាដើម ដែល​លើសពី​លទ្ធភាព​របស់ខ្លួន អាច​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ។

លោក​បន្តថា “បើ​ការទិញ​អចលនវត្ថុ សម្រាប់​វិនិយោគ​បន្ត​យក​ផលចំណេញ គួរ​ទិញ​តំបន់​ណា ដែលមាន​ការអភិវឌ្ឍ​ន៍ និង​ចាប់ផ្តើម​អភិវឌ្ឍ ទើប​ទទួលបាន​ចំណេញ​ខ្ពស់ ហើយ​បើ​ទិញ​នៅ​តំបន់​ឆ្ងាយ ឬ​តំបន់​ដែល​មិនមាន​គម្រោង​អភិវឌ្ឍ​ច្បាស់លាស់” ។ លោក​បន្តថា “ការវិនិយោគ​បែបនេះ វា​នឹង​ចំណាយពេល​យូរ​ដែល​នឹង​ធ្វើឱ្យ​កប់ដើម និង​ប្រឈម​នឹង​ការទទួលបាន​ចំណូល​ទាប” ។

ដោយឡែក​សម្រាប់​អ្នកមាន​ធនធាន​គ្រប់គ្រាន់ មិនជា​បញ្ហា​នោះទេ ប៉ុន្តែ​បើ​អ្នក​មិនមាន​ធនធាន​គ្រប់គ្រាន់ ឬ​ខ្ចីបុល​ធនាគារ​បន្ថែម​សម្រាប់​ទិញ​ទុក​វិនិយោគ ទើប​ប្រឈម​នឹង បញ្ហា​ធំ។

លោក​ឡុង គឹមសួគ៌​បាន​បន្ថែមថា “ចំណុច​មួយទៀត​ដែល​សំខាន់ អ្នកវិនិយោគ​មុននឹង​ស​ម្រេ​ចិត្ត​ទិញ​អចលនវត្ថុ​ណាមួយ​ទុក​វិនិយោគ​បន្ត គួរ​គិតពី​ចំណូល​ប្រចាំខែ​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​សិន  តើ​ចំណូល​របស់ខ្លួន​មាន​ភាពរឹងមាំ​ដែរ ឬទេ អ្នកខ្លះ​មាន​ចំណូល​មិន​រឹងមាំ​ទេ ពោលគឺ​បាន​មួយឆាវៗ ហើយ​វា​បាត់បង់​ទៅវិញ” ។

លោក​ពន្យល់ថា កុំ​ទិញ​អចលនទ្រព្យ​ដែល​លើសពី​សមត្ថភាព​ខ្លួន (អ្នកខ្លះ​ប្រាក់ខែ៥០០ ដុល្លារ តែ​ទិញ អស់ ៤០០ ដុល្លារ សល់​តែ ១០០ដុល្លារ) នេះ គឺមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការចំណាយ​លើ​ជីវភាព​ប្រចាំថ្ងៃ ដោយ​ក្នុងការ​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​ចំពោះ​អ្នក​ដែលមាន​ធនធាន​តិចតួច គួរ​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ៥០ ភាគរយ​នៃ​ចំណូល​របស់ខ្លួន ទើប​មិនមាន​ហានិភ័យ​ដល់​ជីវភាព​ប្រចាំថ្ងៃ” ៕

ការទិញ​ខុន​ដូ​ជា​ជម្រើស​វិនិយោគ​មួយ​សមស្រប​ក្នុង​កំឡុង​វិបត្តិ​សេដ្ឋកិច្ច

ដោយ​គង់ សូរិយា

ភ្នំពេញៈ ខុន​ដូ​ជា​ផ្នែក​ថ្មី​មួយ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​ចាប់​ផ្តើ​មាន​ភាព​ពេញនិយមបណ្តើរៗ ក្នុង​ស្រទាប់​មនុស្ស​សម័យថ្មី​នៅ​កម្ពុជា ដែល​ចង់​ផ្លាស់ប្តូរ Lifestyle របស់​ពួកគេ។

ក្នុង​កំឡុង​វិ​ប​តិ្ត​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ជំងឺ Covid-19 គម្រោង​ខុន​ដូ​ជាច្រើន​បាន​លក់​បញ្ចុះតម្លៃ​ចន្លោះ​ពី១០ ទៅ៣០ភាគរយ ដើម្បី​ទាក់ទាញ​អតិថិជន ខណៈ​តម្លៃ​របស់​វា​នឹង​កើនឡើង​វិញ បន្ទាប់ពី​វិបត្តិ​នេះ​បា​នប​ធូរស្រាល។

ការវិនិយោគ​ដែលមាន​ផលចំណេញ​ខ្ពស់

ការវិនិយោគ​ខុន​ដូ​ទុក​សំរាប់​លក់​យកចំណេញ និង​ទុក​សំរាប់​រស់នៅ វា​ពិតជា​ឳ​កាស​កម្រ ដែល​ស្ថិតក្នុង​អន្តរកាល​បែបនេះ។ ការវិនិយោគ​នៅពេលនេះ ជា​ពេលដែល​អ្នកវិនិយោគ​ដឹង​ពី​ផលចំណេញ​ត្រលប់​ពី​ការវិនិយោគភ្លាមៗ ជាជាង​ទិញ​ខុន​ដូ ដើម្បី​ទុក​ឲ្យ​ពេល​វា​ឡើងថ្លៃ ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន ការវិនិយោគ​ខុន​ដូ​បានទទួល​ផលចំណេញ១០ទៅ៣០ភាគរយ នៃ​តម្លៃ​ដែល​ដែល​បាន​លក់​ចេញ។

ហេតុនេះ​ការវិនិយោគ​នាពេលនេះ ផ្តល់​ឲ្យ​អ្នក​នូវ​ផលចំណេញ​ផង ជ្រើសរើស​គំរោង​បាន​ត្រឹមត្រូវ​ផង ព្រោះ​ខុន​ដូ​ដែលមាន​អ្នកវិនិយោគ មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រ៉ឹង​មាំ គំរោង​ពួកគេ​មិន​ជាប់គាំង​នោះទេ។

ការរស់នៅ​ក្នុង​ភាព​ស៊ី​វិ​ល័យ

ខុន​ដូ​ជា​លំនៅដ្ឋាន​បែប​ថ្មី ដែល​គំរោង​ខ្លះ​មាន​លក្ខណៈ​ជា​សហគមន៍ ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​សាច់ញាតិ​ជិតខាង​បាន​ច្រើន ប៉ុន្តែ​អ្នករស់នៅ​ខុន​ដូ​ក៏ត្រូវ​បានដាក់​កម្រិត​លើ​ផ្នែក​មួយចំនួន​ផងដែរ ដូចជា​មិន​ឲ្យ​ចិញ្ចឹមសត្វ មិនអាច​ជួសជុល​ឬ​វាយដំ​អ្វីមួយ​ដោយ​បន្លឺសម្លេងខ្លាំងៗរំខាន​អ្នកជិតខាង (ខុន​ដូ​ខ្លះ​មិន​ឲ្យ​ជក់បារី) មិន​ឲ្យ​ជួបជុំ​ផឹកស៊ី​បង្ក​សម្លេង​ហ៊ោ​ក​ញ្ចៀ​វ​ជាដើម៕

សម្ដេច​តេ​ជោ​គ្រោង​ចរចា​ជាមួយ​ចិន​សម្រួលការ​ធ្វើដំណើរ​រ​វាង​ប្រទេស​ទាំង២ដើម្បី​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ពី​គម្រោង​នៃ​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ រវាង​ប្រទេស​ទាំង២ឱ្យ​កាន់តែ​ទូលាយ ជាពិសេស​ពិភាក្សា ទៅលើ​ការកាត់បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ទាប់ពី​អនុវត្តន៍ នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៅក្នុង​ឆ្នាំ២០២១នេះ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ស​ន្និសិទ​សារព័ត៌មាន​នៃ​ឱកាស​ទទួល​វ៉ាក់សាំង ដែលជា​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​នៅ​ល្ងាច​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក​ថា សម្ដេច​កំពុងតែ​ពិចារណា ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង​មួយ​ដែល​អាចជួយ​សម្របសម្រួល ក្នុងការ​ធ្វើដំណើរ​ទៅមក​តាមបែប​ណាមួយ​នោះ ដែល​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ប្រកបដោយ​សុវត្ថិភាព និង​អាចជួយ​ដល់​បណ្តា​ធុរកិច្ច​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ដោយ​បញ្ហា​នេះ​តម្រូវឱ្យមាន​ការពិភាក្សា​ដោយ​ម៉ត់ចត់។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា “ឧទាហរណ៍ ពេលដែល​អ្នកវិនិយោគ​កម្ពុជា​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន តើ​ត្រូវ​បន្ត​ឱ្យធ្វើ​ច​ត្តា​លី​ស័ក្តិ រយៈពេល១៤ថ្ងៃ​តទៅទៀត ហើយ​ជនជាតិ​ចិន​មក​កម្ពុជា ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤ថ្ងៃ ឬ​ត្រូវ​កាត់បន្ថយ។សម្តេច​បន្តថា “ចំណុច​អស់ទាំង​នេះ គឺ​ក្លាយជា​ប្រធានបទ​ដ៏​រសើប និង​ត្រូវតែ​យកចិត្តទុកដាក់” ។

សម្តេច​បាន​បន្តថា បទពិសោធន៍ ឥឡូវ​កម្ពុជា​បាន​រង​នូវ​សម្ពាធ ហើយ​តាមរយៈ​នៃ​ការរង​សម្ពាធ​នោះ គឺ​យើង​បានឃើញ​នូវ​ចំណុច​មួយចំនួន ដែល​មិនអាច​លើកលែង​បាន។ចំណុច​ខ្លះ​ដែល​មិនអាច​លើកលែង​បាន។ សម្ពាធ​ដែល​កម្ពុជា​ទទួលបាន ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ ពី​ទិស​ខាងលិច (ប្រទេស​ថៃ) ការឆ្លង​ក្នុង​សហគមន៍ ដ៏​លឿន​នៅក្នុង​ប្រទេស​ថៃ ដែល​មុន​ការឆ្លង​ក្នុង​សហគមន៍​នោះ ប្រទេស​ថៃ​មាន​មនុស្ស​ឆ្លង​ប្រមាណ​ជាង៦ទៅ ៧ពាន់​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​ថ្ងៃនេះ​បាន​កើន​ប្រមាណ ២៣០០០នាក់។

ឯ​ផ្នែក​ខាងកើត (ប្រទេស​វៀតណាម) គឺ​ឆ្លង​ក្នុង​ល្បឿន​មួយ​លឿន ហើយ​បើតាម​ព័ត៌មាន​មានការ​ឆ្លង​កូ​វីដ​ក្លែងភេទ​ទៀតផង ដែល​បាន​រីក​រាលដាល​រហូតមក​ដល់​ខេត្ត​មួយ​ជាប់​នឹង​ខេត្ត​ព្រំដែន​កម្ពុជា គឺ​ខេត្ត​មណ្ឌល​គី​រី។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ពន្យល់ថា “ដូច្នេះហើយ​ទើប​ខ្ញុំ​ប្រកាសអាសន្ន កុំឱ្យ​មានការ​ឆ្លងកាត់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ ទោះជា​យ៉ាងណា ពេលនេះ​ស្ថានភាព​នៃ​ការ​រាលដាល ក្នុងប្រទេស​ទាំង២ត្រូវបាន​កាត់បន្ថយ និង​ធូរ​ស្រាយ​វិញ​ហើយ” ។

ពាក់ព័ន្ធ​ទៅនឹង​ការទទួលបាន​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ១៩ ដែលជា​ជំនួយ​ពី​សំណាក់​មហាមិត្ត​ចិន​ចំនួន ១លាន​ដូ​ស ដែល​ក្នុង​ជំហាន​ដំបូង​បាន​មកដល់​កម្ពុជា​ចំនួន៦០ម៉ឺន​ដូ​ស និង​បន្ត​មក​ពេល​ក្រោយ​ទៀត​ចំនួន ៤០ម៉ឺន​ដូ​ស​ទៀត គឺជា​ការបង្ហាញឱ្យឃើញ​ពី​គុណ​តម្លៃ​នៃ​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ទេ្វ​ភាគី​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជាតិ​នៃ​ប្រទេស​ទាំង២ក្នុងនាម​ជា​មហាមិត្ត​ដែកថែប៕

ទិញ​ដី​ជុំវិញ​ក្រុង​ម្ងា​យ ៣០គីឡូម៉ែត្រ នៅតែមាន​ឱកាស​ចំណេញ​ខ្ពស់​នាពេល​អនាគត

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគ​ដីធ្លី ដែលមាន​ឳ​កាស​ចំណេញ​ខ្ពស់ និង​មិន​ពិបាកធ្វើ​ដំណើរ​ទៅ​មើល គួរ​វិនិយោគ​ដី​នៅ​ជាយក្រុង ដែលមាន​ចម្ងាយ​ចន្លោះ​ពី៣០ ទៅ៤០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

ហេតុផលសំខាន់ៗ ដែល​អ្នកជំនាញ​លើក​យកមក​បង្ហាញ ពី​មូលហេតុ​គួរ​វិនិយោគ​ដី​នៅ​ជាយក្រុង​មានដូចជា៖

ជា​តំបន់​ងាយ​ទទួលបាន​គំរោង​អភិវឌ្ឍន៍

តាម​ធម្មតា​ទីក្រុង​តែងតែ​រីក​ជាប្រចាំ ដោយសារ​កំនើន​ប្រជាពលរដ្ឋ កំនើន​នគរូបនីយកម្ម កំណើន​យានយន្ត កំនើន​នៃ​ការវិនិយោគ និង​ងាយ​ទទួលបាន​ផល ឬ​ឥ​ទ្ឋិ​ពល​នៃ​ការរីកចម្រើន​ទីក្រុង​ភ្នំពេញ។

សម្រាប់​ប្រទេស​យើង រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន និង​កំពុងមាន​ផែនការ​ពង្រីក​ទីក្រុង​តទៅទៀត និង​នាំយក​ក្រសួង​មន្ទីរ ឬ​ស្ថាប័ន​មួយចំនួន​ទៅកាន់​តំបន់​ជាយក្រុង ដោយសារ​ជា​តំបន់​មាន​ដី​ទំនេរ​ច្រើន ងាយ​រៀប​ចំហ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ចំណត​យានយន្ត ខណៈ​ស្ទើរ​គ្រប់​ក្រសួង​មន្ទីរ មានការ​ស្ទះចរាចរណ៍ ដោយសារ​កំនើន​យានយន្ត​របស់​មន្ត្រី​នានា។

ងាយ​ទទួលបាន​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​លឿន

តាម​ធម្មតា ផែនការ​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល តែងតែ​គិតគូរ​នៅក្នុង​ទីក្រុង តំបន់​ក្បែរ​ទីក្រុង​ជាមុន ដោយសារ​វា​ស្ថិតនៅ​នឹង​ភ្នែក ច្រមុះ​របស់​រដ្ឋាភិបាល ពិសេស​ការពង្រីក​ទីក្រុង កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជា​រឿង​ចាំបាច់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផង លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ផង និង​ជំរុញ​កំនើនសេដ្ឋកិច្ច​ផងដែរ។

ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម គឺ​ដោយសារ​ការរីកចម្រើន​សេដ្ឋកិច្ច និង​កំនើន​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​រត់​ចូល​ទីក្រុង ជាជាង​ចេញពី​ទីក្រុង​ទៅ​រស់​នៅតាម​បណ្តា​ខេត្ត ឬ​ទីជនបទ។

គោលនយោបាយ​រដ្ឋាភិបាល

រដ្ឋាភិបាល​ប្រទេស​ណាមួយ​ក៏ដោយ តែងតែ​ដក​រោងចក្រ សហគ្រាស​ចេញពី​ទីក្រុង​ទៅ​នៅ​តំបន់​ជាយក្រុង ជាក់ស្តែង​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ជម្រុញ​និង​ដាក់ចេញ​នូវ​ផែនការ​ជាក់លាក់ ដើម្បី​ឲ្យ​រោងចក្រ សហគ្រាស​ចេញពី​ទីក្រុង ទៅកាន់​តំបន់​ជនបទ​ឬ ជាយក្រុង ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការធ្វើ​ចំណាកស្រុក​ច្រើនពេក គឺ​ឲ្យ​ប្រជាជន​រស់នៅ​មូល     ដ្ឋា​ន​របស់ខ្លួន ហើយ​អាច​រកចំណូលបាន តាមរយៈ​ផែនការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល។

រដ្ឋាភិបាល​កម្ពុជា​ក៏បាន និង​កំពុង​ដាក់ចេញ​ផែនការអភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម​នៅតាម​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗ របស់​ប្រទេស​បន្ថែមទៀត ដើម្បី​ជម្រុញ​ល្បឿន​នៃ​ការ​អភិ​វ​ឌ្ឈ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ៕

ឧកញ៉ា​ម៉ន សុខា បង្ហាញ​ពី​ហានិភ័យ​នៃ​អាជីវកម្ម​ចំនួន៨ ដែល​សហគ្រិន ឬ​ធុរជនគួរស្វែងយល់

ដោយ​គង់ សូរិយា

ភ្នំពេញៈ គ្រប់មុខ​ជំនួញ ឬ​អាជីវកម្ម តែងតែមាន​ហានិភ័យ ដែល​កើតឡើង​តាម​ទម្រង់ផ្សេងៗគ្នា និង​ប្រើប្រាស់​វិធីសាស្ត្រ​ដោះស្រាយខុសៗគ្នា​ផងដែរ ដើម្បី​ទទួលបាន​ជ​ផោ​គ​ជ័យ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ឧកញ៉ា​ម៉ន សុខា បាន​សរសេ​រលើប ណ្តា​ញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន កាលពី​ចុង​សប្តាហ៍​មុន​ថា តាម​បទពិសោធន៍  និង​ការស្រាវជ្រាវ បន្ថែម​របស់លោក​ផ្ទាល់​ហានិភ័យ​នៃ​អាជីវកម្ម​មាន​ដូចខាងក្រោម  ដែល​សហគ្រិន ធុរជន​ត្រូវ​ដឹង​ដូចជា ទី១ ហានិភ័យ ផលិតផល សេវាកម្ម (មិនមាន​តម្រូវការ​ទី ផ្សារ ឬ ខ្វះ​គុណភាព)។ ទី២ ហានិភ័យអតិថិជន (មិន​ស្គាល់​អតិថិជន គោលដៅ លក់ មិន​ដាច់ )។

ទី៣ ហានិភ័យ​ហិរញ្ញវត្ថុ (ខ្វះ​ប្រភព​ទុនបម្រុង និង​គ្រប់គ្រង​លំហូរ​សាចប្រាក់ មិនបានល្អ) ទី៤ ហានិភ័យ អ្នក វិនិយោគ  (ចង់បាន​ចំណេញ​ច្រើនពេក ចង់បាន​ផល

លឿន​ពេក ការប្រាក់​ខ្ពស់ ។ល)  ទី៥ -ហានិភ័យ​គូរប្រកួតប្រជែង  (លក់ បញ្ចុះតម្លៃ  សេវាកម្មល្អ អូសទាញ​អតិថិជន  អ្នកផ្គត់ផ្គង់បុគ្គលិក។ ល)។ ទី៦ ហានិភ័យ ក្រុមការងារ  (បុគ្គលិក មិន​យល់​ពី​ទស្សនវិស័យ​ក្រុមហ៊ុន មាន​ជំងឺ​តួឯក​មិន​គោរពគោលការណ៍ ។ល)

ទី៧ហានិភ័យ ផ្លូវច្បាប់ និង​ពន្ធដារ ទី៨ ហានិភ័យ ភាគហ៊ុនក្រុមហ៊ុន  (មិន​យល់ច្បាស់ពី​អភិបាលកិច្ច ម្ចាស់​ក្រុមប្រឹក្សាភិបាល គណៈ​គ្រប់គ្រង។ល)។

ឧកញ៉ា​ម៉ន សុខា​បាន​បន្តថា “ហេតុនេះ​មុនពេល​ចាប់​រកស៊ី ឬ ក្នុង​កំឡុង ពេលរកស៊ី សូម​សិក្សា​ហានិភ័យ​ទាំងអស់នេះ អោយបាន​ច្បាស់លាស់  ជៀសវាង​រកស៊ី​មិនបាន យូរអង្វែង” ៕

គំរោងធំៗចំនួន​បី​កំពុង​ទាក់ទាញ​ការវិនិយោគ​នៅ​តំបន់​ជើងភ្នំ​បូកគោ ខណៈ​មានការគាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល

ដោយ​ស៊ីវ ម៉េង

កំ​ពត៖ គម្រោង​វិនិយោគធំៗចំនួន៣បន្ថែមទៀត នៅ​តំបន់ភ្នំ​បូកគោ​បាននិងកំពុង ចូលរួម​ប្រែក្លាយជា​ទីក្រុង​ទាក់ទាញ​ថ្មី​របស់​កម្ពុជា ខណៈដែល​រដ្ឋាភិបាល​បានសម្រេច​ដាក់​ឲ្យ​អភិវឌ្ឍ​តំបន់​នេះ​ជាទី​ក្រុង​ឆ្លាត​វៃ និង​ជាទី​ក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ហើយ​វា​នឹង​ក្លាយជា​ទីតាំង ផ្សារភ្ជាប់​តំបន់ឆ្នេរ​នៃ​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង។

បន្ទាប់ពី​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការអភិវឌ្ឍន៍ និង​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​នេះ កន្លងមក មាន​គម្រោង​វិនិយោគ​ធំ និង​ថ្មី​ជាច្រើន បាន​តម្រង់ទិស​ទៅកាន់​ទីនោះ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ និង​ប្រែក្លាយ​តំបន់​បូកគោ​នេះ​ទៅជា​ទីក្រុង​ថ្ម សម្រាប់​បំរើ​ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ​ជាតិ និង​អន្តរជាតិ។

១) គម្រោង​វិនិយោគ​តម្លៃ​ជិត២២លាន​ដុល្លារ​លើ​វិស័យ​ក​សិ-ឧស្សាហកម្ម

រដ្ឋាភិបាល​បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី ដែលមាន​តម្លៃ​ជិត២២លាន​ដុល្លារ​នេះ នឹង​បង្ហាញខ្លួន​ក្នុង​រូបភាព​ក្នុង​វិស័យ​ក​សិ-ឧស្សាហកម្ម បង្កើតជា​កសិដ្ឋាន ដូងប្រេង កៅស៊ូ និង​ល្ហុង​ប្រេង របស់​ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ដោយមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ស្រុក​ជុំ​គី​រី និង​ស្រុក​ទឹកឈូ ខេត្តកំពត អាចបង្កើត​ការងារ​បាន​ចំនួន២.០៧០កន្លែង។

 

២) គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច ហ៊ុន សែន

គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច ហ៊ុន សែន កំពត​នេះ គឺជា​គម្រោង​មួយ​ដែល​អនុវត្ត​ផ្អែក​តាម​អនុ​ក្រិ​ត្យ របស់​រាជរដ្ឋាភិបាល​ផ្ដល់ជូន​អគ្គិសនី​កម្ពុជា ដើម្បី​អនុវត្ត​ដំណើរការ​គម្រោង​សាងសង់ នៅក្នុង​ឆ្នាំ២០២០នេះ នឹង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០២២ខាងមុខ ។

ទីតាំង​នៃ​គម្រោង គឺ​ស្ថិតនៅ​តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” លើ​ផ្ទៃដី​កោះ​ទំហំ៨,៦០ហិច​តា នៅក្នុង​ភូមិសាស្ត្រ ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខេត្តកំពត។ ទំហំ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ច្រើន​គួរសម​ដែល​បម្រើឱ្យ​ការសិក្សា​ស្រាវជ្រាវ​បទពិសោធន៍ និង​ចង់ដឹង​ពី​បច្ចេកវិទ្យា​វិស័យ​វា​រី​អគ្គិសនី​នៅ​កម្ពុជា ក៏ដូចជា​បំរើឱ្យ​វិស័យ​ទេ​ចរណ៍​ក្នុង​តំបន់​នៃ​ខេត្តកំពត​នេះ​ផងដែរ ។

៣) គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន មរតក​ឋានសួគ៌

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទីក្រុង​ថ្មី ដែលមាន​ឈ្មោះថា “មរតក​ឋានសួគ៌” ក្នុងតម្លៃ​រាប់សិប​លាន​ដុល្លារ ដែលជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​សុខា អូ​តែ​ល​ត្រូវបាន​សម្ពោធ​បើក​ការ​រដ្ឋា​ន​កាលពីដើមឆ្នាំ ២០២០ ក្រោម​វត្តមាន​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ម្រោ​ង​វិនិយោគ​លើ​ការអភិវឌ្ឍ ក្នុង​វិស័យ​លំនៅដ្ឋាន​បែប​ទំនើប​មួយ​នេះ បានក្លាយ​ជាការ​គម្រោង​វិនិយោគ​ដ៏​ធំ និង​លើកដំបូង​គេ​នៅ​តំបន់​រមណីយដ្ឋាន ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ក្រោម​ការបោះ​ទុន​ដោយ​ក្រុមហ៊ុន​សុខាអូតែល ដែលជា​ក្រុមហ៊ុន​នាំមុខ​មួយ​នៃ​វិស័យ​បដិសណ្ឋារកិច្ច ក្នុងចំណោម​ក្រុមហ៊ុនធំៗ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន សិទ្ធិ​សម្បទាន​ធ្វើ​វិនិយោគ​អភិវឌ្ឍ នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ។

ជាមួយនឹង​ផែនការ និង​ដាក់ចេញ​ទស្សនទាន​អភិវឌ្ឍន៍​ដោយ​រដ្ឋាភិបាល​នាពេល​កន្លងមកនេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ធ្លាប់បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​លើ​សំណង់​លំនៅដ្ឋាន បោះទុន​វិនិយោគ នៅលើ​កំពូលភ្នំ​បូកគោ​ទៅតាម​លទ្ធភាព ដើម្បី​ធ្វើឱ្យ​តំបន់​ទេសចរណ៍​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើងថា គម្រោង​លំនៅដ្ឋាន​កំណប់​ឋានសួគ៌ នៅលើ​ភ្នំ​បូកគោ​នេះ គឺមាន​ការគាំទ្រ​ជា​ផ្លូវច្បាប់ ដោយ​ពី​រាជរដ្ឋាភិបាល ដោយ​គម្រោង​នេះ​អាច​ចាត់ទុកថា ជា​គម្រោង​មួយ​ជួយ​កែលំអរ​អភិវឌ្ឍន៍ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​ចំពោះ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​នាំមក​នូវ​ចំណូល​ជូន​ជាតិ​កាន់តែច្រើន បានមកពី​វិស័យ​ទេ​ចរណ៍។

លោក​ជា សុផារ៉ា​ បាន​បញ្ជាក់ថា កាលណា​តំបន់​ប្រវត្តិសាស្ត្រ​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​មាន​ផ្សារ មាន​មន្ទីរពេទ្យ និង​សាលារៀន អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ក៏មាន​ទំនុកចិត្ត ក្នុងការ​មក​ស្នាក់នៅ​សម្រាក​កម្សាន្ត​នៅទីនេះ​ដែរ។ លោ​ល​ក៏បាន​ស្នើ​ឲ្យ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​សិក្សា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ឡើងមក​កាន់​តំបន់​ទេសចរណ៍​មួយ​នេះ​ផងដែរ៕

សេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានបន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ១៩

ដោយៈ សាវុធ

ភ្នំពេញៈ សេដ្ឋវិទូនៅកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជា នឹងមានសញ្ញាវិជ្ជមានជាងមុននៅឆ្នាំនេះ  បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខនេះ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន​ប្រាប់ទូរទស្សន៍ក្នុងស្រុកមួយកាលពីម្សិលម៉ិញថា សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានសញ្ញាវិជ្ជមានឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីកម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិន។

 

លោកបណ្ឌិតបានថ្លែងទៀតថា“ការទទួលបានវ៉ាក់នេះ គឺអាចជួយរក្សាជីវិតមនុ​  ស្ស ដែលជាកត្តាសំខាន់បំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច”។

ទោះលោកបណ្ឌិត មិនទាន់អាចសន្និដ្ឋានបានថា សេដ្ឋកិច្ចកម្ពុជា នឹងមានការរីកចម្រើនកម្រិតណានោះទេ ក្នុងឆ្នាំ២០២១ ព្រោះថាជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមនៅជុំវិញពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរលើផេកFacebook ផ្លូវការរបស់សម្តេច កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ថា វ៉ាក់សាំង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

សម្តេចតេជោបានថ្លែងទៀតថា “ម៉ោង៨និង៣០នាទីថ្ងៃទី១០ កុម្ភៈ២០២១ ដំនើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត”។

លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ នឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ដោយសារតែការខិតខំប្រឹងប្រែង និងការអន្ដរាគមន៍យ៉ាងខ្លាំងខ្លា របស់រដ្ឋាភិបាលកម្ពុជា។

លោកវង្សី វិស្សុត បានឱ្យដឹងថា “ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្នុងរង្វង់៤ភាគរយ ងើបគ្រប់វិស័យទាំងអស់។ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៤ភាគរយនេះ មិនមែនជាកំណើនអាក្រក់នោះទេ ជាកំណើនមួយដែលស្ទុះងើបពី-៣.១ភាគរយ ពីឆ្នាំ២០២០”៕