តើអ្នកជំនាញព្យាករណ៍ពីទីផ្សារអចលនទ្រព្យយ៉ាងដូចម្តេចក្រោយរដ្ឋាភិបាលបង្កើនល្បឿននៃការចាក់វ៉ាក់សាំង

0

ដោយៈរ៉ាណេត

ភ្នំពេញៈ  ជាមួយនឹងយុទ្ធនាការនៃចាក់វ៉ាក់សាំង នៅទូទាំងប្រទេសកម្ពុជាឱ្យបានចំនួ១លានដូសក្នុងរយៈពេល១ ខែរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឱ្យបណ្តាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យបង្ហាញពីការគាំទ្រប្រកបដោយភាពសុទិដ្ឋិនិយម ដោយរំពឹងថាសេដ្ឋកិច្ច និងទីផ្សារអចល​នទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ នៅក្នុងឆមាសទី២ឆ្នាំ២០២១នេះ។

លោកបណ្ឌិតឆេង គឹងឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)បានមានប្រសាសន៍នៅក្នុងសប្ដាហ៍នេះថា ដំណើរនៃការនៃការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងកូវីដ១៩ នៅពេលបច្ចុប្បន្នត្រូវបានអនុវត្តន៍ នៅតាមបណ្តាប្រទេសនានាមួយចំនួនក្នុងដំ​ណាក់កាលដំបូងដែលក្នុងនោះរាប់ទាំងកម្ពុជាផងដែរ។

លោកបណ្ឌិតបន្តថា “ប្រសិនបើដំណើរការនៃការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងត្រូវបានអនុវត្តទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នោះសេដ្ឋកិច្ចពិភពលោក នឹងចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្ដើ”រ។ លោកបន្តថា “ដោយឡែកសម្រាប់តែប្រទេសកម្ពុជា ដែលកំពុងមានការរាតត្បាតនៃជំងឺឆ្លងក្នុងសហគមន៍ បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន”។

ប៉ុន្តែប្រសិនបើការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងកាន់តែទូលាយ និងកាត់បន្ថយការចម្លងបានកម្រិតខ្ពស់ នោះវានឹងបង្កើនទំនុកចិត្តដល់វិស័យឯកជន ដែលជាអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ក្នុងស្រុ។ វាអាចក្រោយពាក់កណ្តាលឆ្នាំ២០២១នេះ ដែលសកម្មភាពវិនិយោគក្នុងស្រុក នឹងចាប់មានសកម្មភាពឡើងវិញជាបណ្តើរៗ ហើយក៏អាចមានអ្នកវិនិយោគក្រៅស្រុកចូលមកផងដែរ ដូចជាប្រទេសចិនជាដើម ព្រោះនៅក្នុងប្រទេ​សចិនក៏មានភាពស្រាកស្រាននៃជំងឺឆ្លងនេះក្រោយការចាក់វ៉ាក់សាំង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជារឿងល្អសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានខិតខំនាំយកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ថែមពីលើការចាក់វ៉ាក់សាំងប្រជាពលរដ្ឋ ក៏ត្រូវតែបន្តការរក្សាបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ ដដែលទើបហានីភ័យមួយនេះអាចផុតរលត់ក្នុងពេលដ៏ខ្លី។

លោកបញ្ជាក់ថា “ប្រសិនបើបញ្ហាត្រូវបានកាត់បន្ថយបានល្អប្រសើរ នៅត្រឹមពាក់កណ្តាលឆ្នាំនេះ នោះកំណើនទីផ្សារអចលនទ្រព្យកម្ពុជា អាចនឹងចាប់ផ្តើមដំណើរការល្អឡើងវិញនៅត្រឹមចុងឆ្នាំ ឬដើមឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីស្ថានភាពនៃបណ្តាប្រទេសជាដៃគូវិនិយោគជាមួយកម្ពុជា មានភាពល្អប្រសើរឡើងវិញ ហើយកំណើនសេដ្ឋកិច្ចរបស់ពួកគេក៏ចាប់ផ្តើមមានកំណើនឡើងវិញ”។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា រួមជាមួយនឹងទីផ្សារនៃវិស័យដទៃទៀតរាប់ទាំងអចលនទ្រព្យផងដែរ អាចនឹងមានភាពល្អប្រសើរឡើងវិញ ឬយ៉ាងណាអាស្រ័យទៅលើ ស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ១៩។

លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងនេះ ទាំងការដាក់ចេញនូវវិធានការទាំងការដាក់បំរាម ជាពិសេសការនាំយកវ៉ាក់សាំងការពារជំងឺឆ្លងមកចាក់ជូនប្រជាជន គឺក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាជន រកសុខសន្តិភាពជូនប្រទេសជាតិរួមជាមួយនឹងការអភិវឌ្ឍផងដែរ”។

លោកឧកញ៉ាឃាង ពុទ្ឋីបានបន្តថា យើងហើយថានៅក្នុងមួយរយៈពេលខ្លីនៃការឆ្លងក្នុងសហគមន៍ គឺទាំងប្រជាជនទូទៅ ទាំងអ្នករកស៊ីគ្រប់វិស័យគ្រប់ទ្រង់ទ្រាយ ជាពិសេ​សរាជរដ្ឋាភិបាលគឺជួបផលលំបាកណាស់ ដូច្នេះដើម្បីជួយប្រទេសមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ប្រជាជនទាំអអស់គ្នាត្រូវតែចូលរួមឱ្យបានសកម្មជាមួយ  រដ្ឋាភិបាល និងអនុវត្តឱ្យបាន៣កុំ ៣ការពារ ជាពិសេសត្រូវទៅទទួលយកការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាកុំខកខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here