ប្រទេសឡាវគ្រោងសាងសង់រោងចក្រអគ្គិសនីខ្នាតយក្សចំនួន២ឆាប់ៗនេះដើម្បីលក់អគ្គិសនីមកឱ្យកម្ពុជា

ដោយៈ សុខុម

វៀងចន្ទន៍: មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងថា ការសាងសង់រោ​ងចក្រអគ្គិសនីខ្នាតយក្សចំនួន២ ដែលដើរដោយថាមពលធ្យូងថ្ម នឹងចាប់ផ្ដើមដំណើរការត្រឹមដំណាច់ឆ្នាំនេះ នៅក្នុងខេត្តសេកុង (Xekong)ប្រទេសឡាវ។ នេះបើយោងតាមសារព័ត៌មាន The Star ចុះផ្សាយកាលពីថ្ងៃទី៥ កុម្ភៈ។

ក្រុមមន្ត្រីឡាវបាននិយាយថា ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ រោងចក្រទាំង ២ នេះនឹងចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនី មកឱ្យប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ដោយផ្អែកតាមកិច្ចព្រមព្រៀងមួយ ចុះហត្ថលេខារវាងក្រុមហ៊ុនអភិវឌ្ឍន៍ និងរដ្ឋាភិបាលឡាវ។

រដ្ឋលេខាធិកាក្រសួងរ៉ែ និងថាមពលឡាវ លោកDaovong Phonekeoបានប្រកា​សថា គម្រោងរោងចក្រអគ្គិសនីទី១ ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ១.៨០០ មេហ្គាវ៉ាត់ នឹងត្រូវសាងសង់នៅក្នុងស្រុកKaleum ដោយក្រុមហ៊ុនថៃPhonesack Group Company Limited។

លោកបានថ្លែងថា “ក្រុមហ៊ុននឹងបោះទុនវិនិយោគប្រមាណពី៣ ទៅ៤ពាន់លានដុល្លាអាមេរិក លើរោងចក្រអគ្គិសនីនេះ រួមទាំងការសាងសង់បណ្ដាញបញ្ជូនថាមពលអគ្គិសនីដើម្បីបញ្ជូនអគ្គិសនីទៅកាន់ប្រទេសកម្ពុជាផងដែរ”។ លោកបន្ថែមថា “បណ្ដាញបញ្ជូនអគ្គិសនីនេះ នឹងមានប្រវែង២០០គីឡូម៉ែត្រ”។

រោងចក្រអគ្គិសនីទី២ ដែលមានសមត្ថភាពផលិតអគ្គិសនី បានរហូតដល់៧០០មេហ្គាវ៉ាត់ នឹងត្រូវសាងសង់ក្រុងស្រុកLamam ដោយក្រុមហ៊ុនចិន មួយដែលមានគម្រោងបោះទុនវិនិយោគជាង១ពាន់លានដុល្លារអាមេរិក លើគម្រោងនេះ។

លោក Daovong Phonekeo បានលើកឡើងថា ផ្អែកតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចិន ត្រូវផ្គត់ផ្គង់អគ្គិសនីចំនួន៦០០មេហ្គាវ៉ាត់ មកដល់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ក្រុមហ៊ុនចង់ធានានិរន្តរភាព នៃការផ្គត់ផ្គង់អគ្គិសនីដល់អ្នកទិញ ដូច្នេះហើយក៏សម្រេចចិត្តបង្កើនសមត្ថភាពផលិតដល់៧០០មេហ្គាវ៉ាត់។

ក្រុមហ៊ុនចិន នឹងមិនសាងសង់បណ្ដាញបញ្ជូនអគ្គិសនីនេះ ដោយខ្លួនឯងទេ ប៉ុន្តែនឹងចាប់ដៃគូ សហការជាមួយអគ្គិសនីឡាវ (EDL) នៅក្នុងការផ្គត់ផ្គង់អគ្គិសនីមកដល់ប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់ថា “ប្រទេសកម្ពុជា នឹងទិញអគ្គិសនីពីរោងចក្ររបស់យើងក្នុងតម្លៃ៧,៣សេនដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh)”។

ប្រទេសឡាវ មានបំណងបង្កើនការផ្គត់ផ្គង់អគ្គិស នីមកឱ្យប្រទេសកម្ពុជា ព្រោះបណ្ដាញបញ្ជូនអគ្គិសនី ដែលមានស្រាប់មានសមត្ថភាព អាចបញ្ជូនអគ្គិសនីបានបន្ថែមទៀត៕

រដ្ឋាភិបាលសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន១០ក្រោមទុនជាង៦០០លានដុល្លារក្នុងសប្តាហ៍នេះ

ដោយ៖ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាល តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន១០គម្រោង ដែលបោះទុនវិនិយោគ៦០៥,៤លានដុល្លារក្នុងសប្តាហ៍នេះ ហើយគម្រោងទាំងនេះ នឹងបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- MAYCO FURNITURE COMPANY LIMITED : គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង។

២- P P C H Y MACHINERY MANUFACTURING CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣- KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៨១គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨០កន្លែង។

៤- KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៥៤គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥២៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៥- PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD: គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២កន្លែង។

៦- SYSG GARMENT COMPANY LIMITED: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង។

៧- “VELONG (CAMBODIA) INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន BBQ, ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៨- “ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង៕
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

៩- “SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។

១០-“ SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។

តើ​អ្វី​ជា​បញ្ហា​ប្រឈម​ចម្បង​ចំនួន ៥ចំណុច ដែល​កំពុង​កើត​មាននៅ​រាជធានី​ភ្នំពេញ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ កំនើន​ប្រជាសាស្ត្រ យានយន្ត កំនើន​នៃ​កាកសំណល់ និង​បញ្ហា​ជាច្រើន​ទៀត​កំពុង​ជា​កង្វល់ ដែល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទាំង​ក្រុមប្រឹក្សា ក៏​ដូច​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រួវ​ដោះស្រាយ​ការងារ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេសជាតិ កាន់តែ​មាន​ភាព​រីកចំរើន​ជា​បន្តបន្ទាប់។

ប៉ុន្តែ​ទន្ទឹមនឹង​លទ្ធផល​ទាំងនោះ ក៏​នៅមាន​ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ ដូចជា ទី១-បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់អាវុធ ចោរកម្ម ក្មេង​ទំនើង និង​បទល្មើស គ្រឿងញៀន ព្រមទាំង​បញ្ហា​គ្រោះ​អគ្គិភ័យ នៅតែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ ទី២-បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ  ទី៣-ប្រព័ន្ធ​ដឹកជញ្ជូន និង​ប្រព័ន្ធ​ផ្លូវ-លូ ក្នុង​រាជធានី​ភ្នំពេញ  ទី៤-កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​សង្កាត់​ជាយ រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​ទូលំទូលាយ​នៅឡើយ និង​ទី៥-ការងារ​គ្រប់គ្រង​សំណល់​រឹង-សំរាម ប្រព័ន្ធ​បង្ហូរ​សំណល់​រាវ និង​អនាម័យ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ។

យោងតាម​របាយការណ៍ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា  ក្នុង​ឆ្នាំ២០២០កន្លងមកនេះ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ខិតខំ​ជម្នះ​ពុះពារ​រាល់​ការលំបាក​ស្មុគស្មាញ ដោយ​អនុវត្តន៍​គ្រប់​វិធានការ ពិសេស​ការចាត់តាំង​អនុវត្ត​គោល នយោបាយ “ភូមិ សង្កាត់ មាន​សុវត្ថិភាព” ឱ្យ​កាន់តែ​ល្អប្រសើរ រក្សាបាន​នូវ​សភាពការណ៍​សន្តិសុខ​ទូទៅ​ល្អ​ក្នុង  រាជធានី​ភ្នំពេញ។

ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្តតាម​វិធានការ​ណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ-១៩ បាន​យ៉ាង​ល្អប្រសើរ។

របាយ​ការ​ណ៏​ដដែល​បាន​បញ្ជាក់ថា ទន្ទឹមនឹង​លទ្ធផល​ដែល​សម្រេចបាន ជា​វិជ្ជមាន​ខាងលើ ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ ដោះស្រាយ​ឱ្យបាន​ល្អ​នាពេលខាងមុខ ដូចជា ១-បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់អាវុធ ចោរកម្ម ក្មេង​ទំនើង និង​បទល្មើស គ្រឿងញៀន ព្រមទាំង​បញ្ហា​គ្រោះ​អគ្គិភ័យ នៅតែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ។

២-បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​នេះ គឺជា​ការងារ​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ជាប្រចាំ ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ ដោយ​ផ្តោតលើ​វិធានការ​ចំនួន​បីសំខាន់ៗ រួមមាន៖     សណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់​សំណង់ និង​សណ្តាប់ធ្នាប់​លក់ដូរ។

៣-ប្រព័ន្ធ​ដឹកជញ្ជូន និង​ប្រព័ន្ធ​ផ្លូវ-លូ ក្នុង​រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​ឆ្លើយតប​តាម​តម្រូវការ​របស់ ប្រជាពលរដ្ឋ​នៅឡើយ។ ៤-កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​សង្កាត់​ជាយ រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​ទូលំទូលាយ​នៅឡើយ។

៥-ការងារ​គ្រប់គ្រង​សំណល់​រឹង-សំរាម ប្រព័ន្ធ​បង្ហូរ​សំណល់​រាវ និង​អនាម័យ​សាធារណៈ ក្នុង​រាជធានី នៅ តែ​ជា​ក្តីបារម្ភ និង​ជា​អាទិភាព​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវខិតខំ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស ជាពិសេស ការផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ពី​ការ​វេច​ខ្ចប់ ទុកដាក់​សំណល់​រឹង និង​ការបញ្ចេញចោល សំណល់ រាវ​គ្រប់​ប្រភេទ​ឱ្យ​ត្រឹមត្រូវ។

របាយការណ៍​ប្រចាំឆ្នាំ២០២០នេះ ត្រូវបាន​ពិនិត្យ និង​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២០ របស់ ក្រុមប្រឹក្សា​រាជធានី​អាណត្តិ​ទី៣ នា​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ៕

កូរ៉េខាងត្បូង​គ្រោង​បោះទុន ៤៣ពាន់​លាន​ដុល្លារ​សាងសង់​ស្ថានីយ​កង្ហារ​ខ្យល់​ផលិតអគ្គិសនី​ធំ​បំផុត​ក្នុង​ពិភពលោក

ដោយៈ​សុខុម

សេ​អ៊ូ​ល:  ប្រទេស​កូរ៉េខាងត្បូង បាន​ទម្លាយ​ផែនការ​បោះទុន​វិនិយោគ រហូតដល់​ទៅ៤៨,៥ទ្រី​លាន​វ៉ុ​ន ស្មើនឹង៤៣ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ស្ថានីយ​កង្ហារ​ខ្យល់​ផលិត​អគ្គិសនី​នៅ​ឆ្នេរសមុទ្រ ដែលជា​គំរោង​ធំ​បំផុត​ក្នុង​ពិភពលោក នៅត្រឹម​ឆ្នាំ២០៣០ ក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​សេដ្ឋកិច្ច​ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី៥ កុម្ភៈ។

គម្រោង​នេះ​គឺជា​ផ្នែក​ដ៏​ធំ​មួយ នៃ​គោលនយោបាយ​សេដ្ឋកិច្ច ផ្ដោតលើ​ការប្រែប្រួល​អាកាសធាតុ Green New Deal របស់​ប្រធានាធិបតី Moon Jae-in ដែល​បាន​ផ្ដួចផ្ដើមឡើង​កាលពី​ឆ្នាំមុន ដើម្បី​ទប់​ការពឹង​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល (ប្រេង ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ) នៅក្នុង​សេដ្ឋកិច្ច​ធំ​បំផុត​ទី៤ របស់​អាស៊ី​មួយ​នេះ និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស ឱ្យមក​នៅ​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ២០៥០ ។

លោក Moon Jae-in បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សាងសង់​ស្ថានីយ​កង្ហារ​ខ្យល់ ផលិត​អគ្គិសនី​នេះ​នៅក្នុង​ទីក្រុង​មាត់​ឆ្នេរ Sinan។ ពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ ស្ថានីយ​នេះ​នឹងមាន​សមត្ថភាព​ផលិត​អគ្គិសនី បាន​រហូតដល់​ទៅ៨,២ជី​ហ្គា​វ៉ា​ត់ (GW)។

លោក​ប្រធានាធិបតី​បាន​ថ្លែងថា “ជាមួយ​គម្រោង​នេះ យើង​កំពុងតែ​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​ថាមពល ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ជាការ​បោះជំហាន​បន្ថែមទៀត​ឆ្ពោះទៅរក​ការកាត់បន្ថយ ការបញ្ចេញ​កាបូន​មក​នៅ​កម្រិត​សូន្យ” ។

ក្រុមហ៊ុន​អគ្គិសនី និង​វិស្វកម្ម​ដែល​បាន​ចូលរួម ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើនេះ​រួមមាន ក្រុមហ៊ុន Korea Electric Power ក្រុមហ៊ុន SK E&S ក្រុមហ៊ុន Hanwha Engineering & Construction ក្រុមហ៊ុន Doosan Heavy Industries & Construction ក្រុមហ៊ុន CS Wind និង​ក្រុមហ៊ុន Samkang M&T ។

វិមាន​ប្រធានាធិបតី​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទាំងនេះ​នឹង​បោះទុន៤៧,៦ទ្រី​លាន​វ៉ុ​ន និង​ទឹកប្រាក់​នៅសល់ ០,៩ ទ្រី​លាន​វ៉ុ​ន​ទៀត គឺ​រដ្ឋាភិបាល​ជា​អ្នកចេញ។ វិមាន​ប្រធានាធិបតី​លើកឡើង​ទៀតថា គម្រោង​នេះ​នឹង​ផ្ដល់​ការងារ​រហូតដល់៥,៦០០ កន្លែង និង​ជួយ​សម្រេច​គោលដៅ​បង្កើន​សមត្ថភាព ផលិត​ថាមពល​អគ្គិសនី​ពី១,៦៧ ជី​ហ្គា​វ៉ា​ត់​នាពេល​បច្ចុប្បន្ន ឱ្យបាន​ដល់១៦,៥ ជី​ហ្គា​វ៉ា​ត់ ត្រឹម​ឆ្នាំ២០៣០ ។

គិត​មកទល់​បច្ចុប្បន្ន ស្ថានីយ​កង្ហារ​ខ្យល់​ផលិត​អគ្គិសនី នៅ​ឆ្នេរសមុទ្រ​ដែល​ធំ​បំផុត​ក្នុង​ពិភពលោក គឺ​ស្ថានីយ Hornsea 1 នៅ​ប្រទេស​អង់គ្លេស ដែលមាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន១,១២ជី​ហ្គា​វ៉ា​ត់៕

ក្រុមហ៊ុន OCIC បោះទុន ៨០លាន​ដុល្លារ​វិនិយោគ​គំរោង BV Mansion នៅ​ទីក្រុងរណប​ជ្រោយចង្វារ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន OCIC បាន​បោះទុន​វិនិយោគ​ទឹកប្រាក់ ប្រមាណ៨០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​គំរោង BV Mansion ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុងរ​នប​ជ្រោយចង្វារ ជាទី​ក្រុង​នៃ​អនាគត។

លោកស្រី​អ៊ុក សុ​វ​ត្តី ប្រធាន​ផ្នែក​លក់​ប្រចាំ​ទីក្រុង​រណប​ជ្រោយចង្វារ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៥ កុម្ភៈ​នេះ​ថា គំរោង​នេះ​បានចាប់់ផ្តើម​សាងសង់​កាលពី​ចុង​ឆ្នាំមុន និង​គ្រោង​បញ្ចប់​រយៈពេល៣៦ខែ ជាមួយនឹង​ផ្ទះ​អាជីវកម្ម​ចំនួន៥៤ ដែល​សាងសង់​លើ​ផ្ទៃដី១,៥ហិកតា។ លោកស្រី​បន្តថា គំរោង​នេះ​មាន​កំពស់៩ជាន់​រាប់ទាំង​ជាន់​ផ្ទាល់​ដី ដែលមាន​ភាព​អំណោយផល​សំរាប់​ការបើក​ការិយាល័យ ពាណិជ្ជកម្ម គ្លីនិក និង​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​នានា។

លោកស្រី​បន្តថា “រហូតមកទល់​ពេលនេះ​ផ្ទះ​នៅ​ផ្លូវធំ​បាន​លក់​អស់​រួចហើយ នៅតែ​ផ្ទះ​បែរមុខ​ទៅ​ផ្លូវ​ម្ខាង​ទៀត ដោយ​ផ្ទះ​និមួយៗមានតម្លៃ១,៣៨លាន​ដុល្លារ​អាមេរិក” ។ លោកស្រី​បន្តថា “យើង​ដឹង​ហើយ​ថា ទីក្រុង​រណប​ជ្រោយចង្វារ ជា​តំបន់​មានការ​អភិវឌ្ឍន៍​ចម្រុះ​ទាំង​សួន​កំសាន្ត អាហា​រដ្ឋា​ន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ជាច្រើន​ទៀត” ។

លោកស្រី​អ៊ុក សុ​វ​ត្តី បាន​បន្តទៀតថា គំរោង​នេះ​ស្ថិតនៅ​ទន្ទឹមនឹង​សាល​ពិ​ព៌​ណ និង​សន្និបាត​ជ្រោយចង្វារ និង​មាន​ចម្ងាយ​ប្រមាណ ១,៨គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្ពាន​ជ្រោយចង្វារ។

ទីក្រុង​រណប​ជ្រោយចង្វារ​មាន​ទំហំ​ជាង ១០០ហិកតា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC គំរោង​ទ​ទីក្រុង​រណប​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ៦០០០លាន​ដុល្លារ​អាមេរិក ហើយ​ទស្សនទាន​នៃ​ការអភិវឌ្ឍ​តំបន់​នេះ ធ្វើឡើង​ជាទី​ក្រុង​បែប​ឆ្លាត​វៃ និង​ជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្រដៀង​គ្នា​នឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លើ​មហាវិថី​ព្រះមុនីវង្ស។ នេះ​បើតាម​លោក​ទូច សំណាង​អគ្គនាយករង​ក្រុមហ៊ុន OCIC បញ្ជាក់​ឲ្យ​ដឹង។

លោក​បន្តថា “ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​នេះ បាន​ចំណាយ​ទឹកប្រាក់​រហូតដល់១៥០លាន​ដុល្លារ ជាការ​ចំណាយ​ដ៏​ច្រើន​មួយ ដើម្បី​ធ្វើ​ឲ្យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​ទីក្រុង​នេះ​មាន​ស្តង់ដា និង​គោរព​បាន​តាម​បទដ្ឋាន​ទីក្រុង​ឆ្លាត​វៃ” ៕
ទំនាក់ទំនងទូរស័ព្ទលេខ ៖ 012 80 80 81 Tey (Khmer, English)
086 55 77 86 Vin (Khmer, English)
093 82 83 35 Ouy (Khmer, Chinese)

តើ​រាជធានី​ភ្នំពេញ​បាន​ពង្រីក​ទំហំ​ផ្ទៃដី និង​វិវឌ្ឍន៍​ដូចម្តេច​ក្នុង​រយៈពេល ១៥ឆ្នាំចុងក្រោយ​នេះ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ រាជធានី​ភ្នំពេញ​បាន​ធំធាត់ ដូច​កុមារ​ម្នាក់​ផងដែរ និង​រីក​មាឌ​កាន់តែ​ធំ​ដូច​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកធំឡើង​ពីមួយ​ឆ្ពាំ​ទៅមួយ​ឆ្នាំ ទាំង​ទំហំ​ផ្ទៃដី ប្រជាសាស្ត្រ​និង​ចំនួន​យានយន្ត។

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គិ​តិ​បណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី និង​ការដឹកនាំ​ផ្ទាល់​របស់​ក្រុមប្រឹក្សា​ក៏​ដូច​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តែង​បាន​ខិតខំ​បំពេញ កសាង និង​អភិវឌ្ឍ​ន៏​ធ្វើអោយ​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេសជាតិ​កាន់តែ​មាន​ភាព​រីកចំរើន និង​ស៊ី​វិ​ល័យ​ជា​បន្តបន្ទាប់។ ទន្ទឹមនឹង​ការរីកចំរើន​មិន​ឈប់ឈរ​បែបនេះ រាជធានី​ភ្នំពេញ ក៏បាន​ពង្រីក​ខ្លួន​រហូតមកដល់​ឆ្នាំ២០២១នេះ មាន​កំណើន​ទ្វេ​រដង​រាប់ទាំង​ផ្ទៃដី និង​ចំនួន​ប្រជាពលរដ្ឋ ។

យោងតាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹងធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២១នោះ បានឱ្យដឹងថា ភ្នំពេញ ជា​រាជធានី​មួយ​ក្នុងចំណោម​រាជធានី ខេត្ត​សរុប២៥ ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្ប​ធ​ម៍ និង​ការទូត ដែលមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ។

រាជធានី​ភ្នំពេញ​ស្ថិតនៅ​ភាគខាងត្បូង នៃ​ប្រទេស​កម្ពុជា ត្រង់​ទន្លេចតុមុខ ជា​ចំណុចប្រសព្វ​រវាង ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ដែលមាន​ព្រំប្រទល់​ខាងលិច​ទល់នឹង​ស្រុក​អង្គស្នួល ខាងកើត​ទល់នឹង ស្រុក​កៀនស្វាយ ខាងជើង​ទល់នឹង​ស្រុក​មុខកំពូល ខាងត្បូង​ទល់នឹង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ឆ្នាំ២០១៩កន្លងមកនេះ​រាជធានី​ភ្នំពេញ​មាន ផ្ទៃដី​សរុប៦៩២,៤៦ គីឡូម៉ែត្រ​ការ៉េ ចំនួន​ខណ្ឌ១៤ ចំនួន​សង្កាត់១០៥ ចំនួន​ភូមិ១០៥ ចំនួន​គ្រួសារ៣៩៩.២០៣ ចំនួន​ប្រជាពលរដ្ឋ​សរុប២.១២៩.៣៧១នាក់ ចំនួន​ស្រី្ត​សរុប១.០៩០.១៧៩នាក់ ។ នេះ​ជា​របាយ​ការ​ផ្លូវការ​ជំរឿន​ឆ្នាំ២០១៩ ។

ទាក់ទិន​ទៅនឹង​ការពង្រីក​ខ្លួន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា បើ​លោក​ចាំ​មិន​ច្រឡំ​ទេនោះ នៅក្នុង​ឆ្នាំ២០០៦រាជធានី​ភ្នំពេញ​មាន​ផ្ទៃដី​សរុប៣៧៥ គីឡូម៉ែត្រ​ការ៉េ មាន​ខណ្ឌ​ចំនួន៧ សង្កាត់​ចំនួន៧៦  ប្រជាពលរដ្ឋ​សរុប​ចំនួន១.០៥០.៦១៦នាក់។

នៅ​ឆ្នាំ២០០៩រាជធានី​ភ្នំពេញ​បាន​ពង្រីក​បន្ថែម ដែល​កាត់​ទាំង​ដី និង​ប្រជាពលរដ្ឋ​ពី​ខេត្តកណ្តាល គឺមាន​ផ្ទៃដី​សរុប៣៧៧,៤៦ គីឡូម៉ែត្រ​ការ៉េ ចំនួន​ខណ្ឌ៨ ចំនួន​សង្កាត់៧៦  ចំនួន​ប្រជាពលរដ្ឋ​សរុប១.៣២៧.៦១៦នាក់។ នៅ​ឆ្នាំ២០១២រាជធានី​ភ្នំពេញ​ពង្រីក​បន្ថែម​ដែលមាន​ផ្ទៃដី​សរុប៦៧៨,៤៦ គីឡូម៉ែត្រ​ការ៉េ ចំនួន​ខណ្ឌ៩ ចំនួន​សង្កាត់៩៦  ចំនួន​ប្រជាពលរដ្ឋ​សរុប១.៥០១.៧២៥នាក់។

នៅ​ឆ្នាំ២០១៧រាជធានី​ភ្នំពេញ បាន​ពង្រីក​បន្ថែម​ដែលមាន​ផ្ទៃដី​សរុប៦៩២,៤៦ គីឡូម៉ែត្រ​ការ៉េ មាន​ខ័​ណ្ឌ​ចំនួន១២ ចំនួន​សង្កាត់១០៥  ចំនួន​ប្រជាពលរដ្ឋ​សរុប១.៤៦១.៨៥៣នាក់។ នៅ​ឆ្នាំ២០១៩រាជធានី​ភ្នំពេញ បាន​ពង្រីក​ផ្ទៃដី​សរុប៦៩២,៤៦ គីឡូម៉ែត្រ​ការ៉េ ចំនួន​ខណ្ឌ១៤ ចំនួន​សង្កាត់១០៥  ចំនួន​ប្រជាពលរដ្ឋ​សរុប២.១២៩.៣៧១នាក់ ដែលជា​ឆ្នាំ​បំបែក​ខណ្ឌ។

នៅ​ឆ្នាំ២០២០រាជធានី​ភ្នំពេញ មាន ផ្ទៃដី​សរុប៦៩២,៤៦ គីឡូម៉ែត្រ​ការ៉េ ចំនួន​ខណ្ឌ១៤ ចំនួន​សង្កាត់១០៥  ចំនួន​គ្រួសារ៣៩៩.២០៣ ចំនួន​ប្រជាពលរដ្ឋ​សរុប២.២៨១.៩៥១នាក់ និង​នៅ​ឆ្នាំ២០២១នេះ រាជធានី​ភ្នំពេញ អាចមាន​កំណើន​ផ្ទៃដី​ដល់​ទៅ ៦៩៥,៤៦ គីឡូម៉ែត្រ​ការ៉េ ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង​ទៅតាម​នោះដែរ។

មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា ទាក់ទិន​ទៅនឹង​កំណើនថ្មីៗនេះ និង​បើ​យោងតាម​ព្រះរាជក្រឹត្យ​របស់​ចុះ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០របស់​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ក្នុង​មាត្រា១ ត្រូវបាន​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ភូមិ​ចំនួន៥គឺ ភូមិ​ស្ទឹង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើម​មៀន ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែក​ឫស្សី ភូមិ​ព្រែ​កឡុង នៃ​សង្កាត់​តា​ក្តុល និង​ភូមិប​ត្តា​ជី នៃ​សង្កាត់​ព្រែក​ហូរ ដែលមាន​ផ្ទៃដី​ទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល មកឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​កាត់​យក​ផ្ទៃដី​ទំហំ ២ហិកតា៥១៥៥ម៉ែត្រការ៉េ(ចំណែក​ដី​នៃ​វត្ត​បុ​ទុម​សាគរ ហៅ​វត្ត​ទួល​តា​ក្របៅ) ពី​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឱ្យមក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។

បើ​យោងតាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ​ខាងលើនេះ រាជធានី​ភ្នំពេញ អាចមាន​កំណើន​ផ្ទៃដី​កើនឡើង​បន្ថែមទៀត ព្រោះ​បាន​កាត់​ផ្ទៃដី​ពី​ខេត្តកណ្តាល និង​កាត់​ខ្លះ​ពី​រាជធានី​ភ្នំពេញ​ទៅឱ្យ​ខេត្តកណ្តាល​វិញ ដូចនេះ​អាច​កើន​ដល់៦៩៥,៤៦៤ គីឡូម៉ែត្រ​ការ៉េ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​តួរ​លេខ​នេះ នៅ​មិនទាន់​ច្បាស់លាស់​នោះទេ ដោយសារ​មន្ត្រី​ជំនាញ​កំពុងតែបន្ត​អនុវត្តន៍​នីតិវិធី ដែល​នឹង​អាច​រួចរាល់​យ៉ាងយូរ​នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ២០២១នេះ​តែម្តង ៕

ក្រុមហ៊ុន​មកពី​ប្រ​ទស​ចំនួន​បី​ទទួល​សិទ្ធិ​ក្នុងការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ក្រោយពី​ស្វែងរក​និង​ចំរាញ់​ជាង១ឆ្នាំ ពេលនេះ​សាលា​រាជធានី​ភ្នំពេញ រកបាន​ហើយ​នូវ​ក្រុមហ៊ុន​ឯកជន​ចំនួន៣ ដើម្បី​ធ្វើ​អាជីវកម្ម ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​ឯកជន​ទាំង៣នោះ រួមមាន ក្រុមហ៊ុន​ស៊ីន​ទ្រី (កម្ពុជា) ក្រុមហ៊ុន Mizuda Group Co.,Ltd (ជប៉ុន) និង​ក្រុមហ៊ុន 800 Super/GAEA (សឹង្ហ​បុរី)។

រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ពិធី​ប្រគល់-ទទួល​កិច្ចសន្យា​ស្តីពី ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ  ធ្វើ​នៅ​ព្រឹក​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក​ឃួ​ង  ស្រេង  អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា  ការប្រគល់​ទទួល​កិច្ចសន្យា​នេះ គឺជា​លទ្ធផល​មួយ​នៃ​កំណែទម្រង់​លើ​ការងារ​គ្រប់គ្រង  និង​ប្រមូល​សម្រាម​ក្នុង រាជធានី​ភ្នំពេញ​គឺ​ក្រុមហ៊ុន​ចំនួន៣ ដែល​បាន​ដេញថ្លៃ​ឈ្នះ ក្នុង​ការផ្តល់សេវា​ប្រមូល

និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ ដែល​គណៈកម្មការ ភី​អរ​ស៊ី (PRC)ដែលមាន​តំណាង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើពេល​ពេញ១ឆ្នាំ ក្នុងការ​ជ្រើសរើស​យ៉ាង​ម៉ត់ចត់ ដោយបាន​អនុវត្ត​ទៅតាម​ដំណើរការ និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ ដែល​ប្រកបដោយ​ភាពយុត្តិធម៌ តម្លាភាព និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ ដែល​ត្រូវបាន​បែងចែក​តាម​តំបន់​ចំនួន០៣ នៅ​រាជធានី​ភ្នំពេញ។

លោក​បន្តថា  តំបន់​ចំនួន៣នោះ​រួមមាន តំបន់​ទី១ ផ្តោតលើ​ខ័​ណ្ឌ​ចំនួន៥ គឺ៖ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​ដែល​ដេញថ្លៃ​ឈ្នះ​ដោយ​ក្រុមហ៊ុន 800 ស៊ូ​ប​ភើ (SUPER) និង​ក្រុមហ៊ុន គួប​ប៊ី​ល អ៊ែ​កសិន  ហ្វ​រ​អ៊ិន​វ៉ា​យ​រ៉ឺ​ម៉ឺន អ៊ី​វែ​រ​នេស ផាប់​ប្រឹក លីមីត​ធី​ត។

តំបន់​ទី២ រួមមាន​ខ័​ណ្ឌ​ចំនួន៥ គឺ៖ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌ ដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ដែល​ដេញថ្លៃ​ឈ្នះ​ដោយ​ក្រុមហ៊ុន ម៉ី​ស៊ូ​ដា គ្រុប (Mizuda Group Co., Ltd) ។ តំបន់​ទី៣ មាន​ខ័​ណ្ឌ​ចំនួន៤ គឺ៖ ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ ដែល​ដេញថ្លៃ​ឈ្នះ ដោយ​ក្រុមហ៊ុន ស៊ិន​ទ្រី (Cintri_Cambodia)/អេ​វើ​បាយ (Everbright China) ។

លោក​ឃួ​ង  ស្រេង  បាន​ជម្រុញ​ដល់​ប្រតិបត្តិ​ករ​ក្រុមហ៊ុន​ទាំង៣ សូម​ប្រតិបត្តិ​ការផ្តល់សេវា ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង នៅតាម​តំបន់​របស់ខ្លួន​ឱ្យ​បានល្អ​អស់ពី​សមត្ថភាព អស់ពី​កម្លាំងកាយ​ចិត្ត ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនួល​ខុសត្រូវ​ខ្ពស់ និង​សូម​អាជ្ញាធរ​ខណ្ឌ​ទាំង១៤ មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ សូម​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ថ្មី​ទាំង៣នេះ​ឱ្យ​បានល្អ។

កាលពី​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ សម្តេច​តេ ជោ ហ៊ុន សែន បានប្រកាស ជា ផ្លូវការ​ក្នុង​កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​សម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម នៅ​រាជធានី ភ្នំពេញ​ពី​ក្រុមហ៊ុន​ស៊ិន ទ្រី ដោយ​ដាក់​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​រដ្ឋ​ជា​បណ្តោះអាសន្ន។

សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​រាជធានី​ភ្នំ​ព​ញ រៀបចំ​បែងចែក​តំបន់ គ្រប់គ្រង និង​ប្រមូល​សំរាម យ៉ាងហោចណាស់៤តំបន់ ហើយ​ដាក់ ឲ្យ​ក្រុមហ៊ុន​ឯកជន ដេញថ្លៃ​ប្រមូល និង​គ្រប់គ្រង​សំរាម នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន១ មាន​សិទ្ធិ​ទទួល​បានតែ១តំបន់​ប៉ុណ្ណោះ។

ការដក សិទ្ធិ ពី ក្រុមហ៊ុន ស៊ីន ទ្រី ឈប់ ឲ្យ ប្រមូល សំរាម នៅ ភ្នំពេញ ដោយសារតែ ក្រុមហ៊ុន ផ្តាច់មុខ​យូរ​ឆ្នាំ​មកហើយ​មួយ​នេះ មិនអាច​គ្រប់គ្រង ប្រមូល និង​ដឹកជញ្ជូន សំរាម ទាន់ពេលវេលា។ ចំពោះ​ការងារ គ្រប់ គ្រង   និង​ប្រមូល​សំរាម​នេះ  ត្រូវ​អនុវត្តន៍ ចាប់ពី​ថ្ងៃទី១ខែឧសភា ឆ្នាំ២០២១នេះ​តទៅ៕

មន្ត្រីកម្ពុជា-ជប៉ុននឹងពិភាក្សាគ្នាដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាសប្ដាហ៍ក្រោយ  

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន នឹងបើកកិច្ចប្រជុំលើកទី២១នៃគណៈកម្មាធិការចម្រុះរវាងប្រទេសទាំងពីរនៅថ្ងៃទី១១ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ ក្នុងគោលបំណងបង្កើនបរិយាកាសវិនិយោគ និងធុរកិច្ចរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា កិច្ចប្រជុំ លើកទី២១ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ខាងលើនេះ នឹងដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងរវាង ប្រទេសកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីនៃជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយ នៃយន្តការថែទាំអ្នកវិនិយោគ ដែលបានផ្តល់ឱកាស ឲ្យអ្នកវិនិយោគជប៉ុន លើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម និងសំណូមពរ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងរកដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

គណកម្មាធិការទីក្រុងស្អាតឲ្យសាធារណៈជនចូលរួមវាយតម្លៃពីទីក្រុង ខ័ណ្ឌរបស់ខ្លួន

ដោយ : គង់ សូរិយា

ភ្នំពេញៈ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានសម្រេចអំពាវនាវឲ្យសាធារណៈជនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទាំងអស់ ចូលរួមវាយតម្លៃពីមូលដ្ឋានទីក្រុង ខ័ណ្ឌដែលពួកគរស់នៅទាក់ទងនឹងសុវត្ថិភាពទេសចរណ៍។

យោងសេចក្ដីសម្រេចលេខ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីលក្ខណវិនិច្ឆ័យ និងនីតិវិធីនៃការផ្ដល់វិញ្ញាបនបត្របញ្ជាក់ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” និងសេចក្ដីជូនដំណឹងលេខ ០១០ សជណ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការប្រឡងប្រណាំង “ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍” ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ”។

ការវាយតម្លៃនេះធ្វើឡើង ស្របតាមឧបសម្ព័ន្ធ១នៃសេចក្ដីសម្រេចលេខ ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់លក្ខណវិនិច្ឆ័យទី៤ ស្ដីពី “កម្រិតភាពពេញចិត្តរបស់ភ្ញៀវទេសចរ ចំពោះលក្ខខណ្ឌសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅក្រុង ខណ្ឌនីមួយៗ”។

សាធារណៈជនទាំងអស់ចូលរួមវាយតម្លៃដល់ក្រុង ខណ្ឌ បេក្ខភាពទាំង៤១ អាស្រ័​យហេតុនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ដោយចុចទៅលើប៊ូតុង “ពេញចិត្ត” ឬ “មិនពេញចិត្ត” ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍តាមក្រុង ខណ្ឌ ដែលលោកអ្នកបានធ្លាប់បានប្រើប្រាស់សេវាកម្ម (បញ្ជាក់លោកអ្នកអាចវាយតម្លៃលើសពីមួយដង) តាមរយៈស្កេនកូដ(QR Code) ឬចុចតំណ Link: http://cambodiacleancity.gov.kh/kh/tourismsafetymeasure

ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់ទីក្រុងរណបជ្រោយចង្វារសម្រេចបានជាង៣០ភាគរយហើយ

ដោយ : គង់ សូរិយា

ភ្នំពេញៈ ការសាងសង់ស្ពានតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារសម្រេចបានប្រមាណ៣០ភាគរយហើយ រហូតមកទល់ពេលនេះ ខណៈដំណើរការ​សាងសង់កំពុងប្រព្រឹត្តទៅដោយរលូន។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ កុម្ភៈនេះថា ដំណើរការសាងសង់ស្ពានបាន បានវិវត្តន៍ទៅមុខតាមការគ្រោងទុក ដោយមិនមានការពន្យាពេលនោះទេ ព្រោះក្រុមការងារជំនាញកំពុងធ្វើការងារនេះយ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះ តាមការប៉ាន់ស្មានដំណើរការ​សាងសង់សម្រេចបានប្រមាណ៣០ភាគរយហើយ។

លោកបន្តថា “តាមការស្មាន ខ្ញុំគិតថាស្ពាននេះសម្រេចបាន៣០ភាគរយហើយ ព្រោះពេលនេះសរសរស្ពានបានផុសចេញពីទឹកហើយ”។

ស្ពាននេះជាប្រភេទស្ពានសាងសង់ យោងដោយខ្សែកាបនេះ នឹងមានប្រវែងជាង៥០០ម៉ែត្រ និងចំណាយថវិកាសាងសង់៣៥លានដុល្លារអាមេរិក ដែលបានមកពីគំរោងជួលដីទីក្រុងរណបជ្រោយចង្វាររបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនOCIC។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទសផ្នែកនគរូបនីយកម្មបានថ្លែងថា ការសាងសង់ស្ពានវាជាជម្រើសល្អប្រសើរមួយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះវាផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។

លោកបន្តថា “តំបន់នេះមានចរាចរណ៍មមាញឹក ហេតុនេះការសាងសង់ស្ពានថ្មីបន្ថែមទៀត ពិតជាអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នេះបាន”៕