ប្រធានក្រុមប្រឹក្សាភិបាល CREA បង្ហាញពីវិធីសាស្ត្រនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនថាទោះជាស្ថិតនៅក្នុងកាលទេសបែបណានោះទេ ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យសុទ្ធតែអាចមានឱកាសចំណេញ សំខាន់ឱ្យតែអ្នកវិនិយោគមានភាពវៃឆ្លាត ស្គាល់ពីប្រភេទអចលនវត្ថុដែលមានតម្រូវការទីផ្សារច្បាស់លាស់ ដែលអាចធ្វើការលក់ចេញក្នុងរយៈពេលខ្លី។ នេះបើតាមការលើកឡើងរបស់លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។

លោកឃាង ពុទ្ធីបានមានប្រសាសន៍នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យចំពោះអ្នកដែលមានជំនាញ មានបទពិសោធន៍ និងមានការយល់ដឹងពីប្រភេទអចលនវត្ថុដែលមានតម្រូវការទីផ្សារពិតប្រាកដគឺនៅតែមានឱកាសទទួលបានចំណេញខ្ពស់ត្រឡប់មកវិញ លើកលែងតែការវិនិយោគតាមគ្នាដោយគ្មានមូលដ្ឋាន និងគ្មានចក្ខុវិស័យពិតប្រាកដតែប៉ុណ្ណោះដែលជួបហានិភ័យខ្ពស់។

លោកបានពន្យល់ថា “មុននឹងទិញអចលនវត្ថុប្រភេទណាមួយសម្រាប់វិនិយោគត្រូវប្រាកដថាអាចអចលនវត្ថុទាំងនោះអាចលក់បានចំណូលត្រឡប់មកវិញក្នុងរយៈពេលខ្លី ដែលមិនគួរចំណាយពេលយូរ ឬលើសពី៥ឆ្នាំនោះទេ។ បើទិញដីទំនេរ ត្រូវទិញនៅតំបន់ណាដែលអាចមានគម្រោងអភិវឌ្ឍន៍ចូលទៅដល់លឿន មានមនុស្សទៅរស់នៅច្រើនក្នុងរយៈពេលមិនលើសពី៣-៥ឆ្នាំ មិនត្រូវទិញនៅតំបន់ដាច់ស្រយាល់ដែលមិនមានគម្រោងអភិវឌ្ឍន៍ចូលទៅដល់នោះទេ”។

លោកបន្តថា “មិនថាចំពោះតែការវិនិយោគលើដីធ្លីនោះទេ ការចំណាយទុនទៅបង្កើតមុខរបរណាមួយក៏ដូចជាគ្នា ត្រូវប្រកបរបរដែលមានតម្រូវការទីផ្សារ ប៉ុន្តែក៏មិនត្រូវចំណាយទុនវិនិយោគទៅគ្នាដោយគ្មានចក្ខុវិស័យ និងគ្មានមូលដ្ឋានច្បាស់លាស់នោះដែរ។ អ្វីដែលសំខាន់នៅក្នុងការរកស៊ីលើទីផ្សារអចលនទ្រព្យ ដំបូងបំផុតគឺដើមទុន ដែលក្រៅពីលុយនៅមានចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងវិស័យដែលខ្លួនកំពុងធ្វើ ការទទួលបានព័ត៌មានច្បាស់លាស់ មានបណ្តាញក្នុងដៃ ហើយអ្វីដែលសំខាន់បំផុតនោះគឺការវិនិយោគបន្ថែមទៅលើចំណេះដឹងមូលដ្ឋានដែលអាចជួយជំរុញឱ្យការវិនិយោគចំគោលដៅ”។

ជាមួយនឹងការបង្ហើបពីគន្លឹះក្នុងការវិនិយោគលើវិស័យអចលនទ្រព្យខាងលើនេះ លោកឃាង ពុទ្ធីក៏បានបញ្ជាក់ផងដែរថា ស្ថិតនៅក្នុងបរិបថដូចពេលបច្ចុប្បន្ននេះ ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យក៏នៅតែមានឱកាសទទួលបានចំណេញ ឱ្យតែវិនិយោគទៅលើប្រភេទអចលនវត្ថុដែលមានតម្រូវការពិតប្រាកដ និងមានតម្លៃល្អ។

លោកបញ្ជាក់ថា “គេថាក្នុងកាលទេសនេះ ទិញខុនដូទុកវិនិយោគនឹងទទួលបានផលចំណេញត្រឡប់មកវិញ។ ការលើកឡើងនេះមិនខុសទេ ឱ្យតែយើងទិញគម្រោងខុនដូណាដែលស្ថិតនៅទីតាំងល្អ តម្លៃទាប មានបណ្តុំសេវាបែបទំនើប មានកន្លែងហែលទឹក មានកន្លែងស្ទីម សូណា កន្លែងកម្សាន្ត រួមជាមួយកន្លែងផ្តល់សេវាផ្សេងទៀតដែលជាតម្រូវការប្រចាំថ្ងៃ”។

ដូច្នេះ មិនថាទិញសម្រាប់ការស្នាក់នៅ ឬទិញសម្រាប់វិនិយោគដោយការលក់បន្តយកចំណេញ ឬជួលនោះទេ គឺសុទ្ធតែចំណេញទាំងអស់។ លើកលែងតែទិញប៉ះចំគម្រោងស្អុយ ឬគម្រោងជាប់គាំង និងស្ថិតនៅទីតាំងមិនអំណោយផល បើទោះជាទិញក្នុងតម្លៃទាបក៏ឱកាសចំណេញមានតិចតួចបំផុត ព្រោះគ្មានតម្រូវការទីផ្សារ៕

ក្រុមហ៊ុនជីប ម៉ុងបង្ហាញពីវឌ្ឍនភាពផ្សារទំនើបខ្នាតយក្សនៅលើតំបន់ផ្លូវ២៧១

ដោយ : គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនខ្នាតយក្សក្នុងស្រុកមួយនេះ បាននិងកំពុងពង្រីកឥទ្ឋិពលលើវិស័យជំនួញជាច្រើននៅកម្ពុជា ពិសេសការវិនិយោគផ្សារទំនើបនៅទីក្រុងភ្នំពេញ ក្នុងនោះផ្សារកម្រិតស្តង់ដាអន្តរជាតិ ដែលមានទំហំរហូតដល់១៦០,០០០ម៉ែត្រការ៉េ។

ផ្សារទំនើបដ៏ធំនេះ ចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ២០១៨ មកទល់ពេលនេះ ផ្សារទំនើ​បខ្នាតយក្សជីប ម៉ុង២៧១មេហ្គាម៉ល ដែលរហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៥០ភាគរយនៃគម្រោងទាំងមូល។ គំរោងនេះមិនមានការពន្យាពេលដោយហេតុផលណាមួយឡើយ ហើយរយៈពេលនៃការសាងសងនេះ ត្រូវបានសម្រេចដូចការរំពឹងទុក ដើម្បីត្រៀមប្រកាសបើកអោយដៃគូរពណិជ្ជកម្មនានា កក់ជួលយកទីតាំងក្នុងផ្សារដ៏មានសក្តានុពលមួយនេះ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែលបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុងរីថែល នៅតែបន្តឈរលើជំហ៊រដ៏រឹងមាំក្នុងការសម្រេចអោយបាននូវសមិទ្ធផល នៃគម្រោងសាងសង់ផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គាម៉ល តាមពេលវេលា និង ផែនការគ្រោងទុក ដើម្បីត្រៀមបើកសម្ពោធនៅឆ្នាំ ២០២២ បើទោះបីជាស្ថានភាព កូវីដក៏ដោយ។

លោកបន្តទៀតថា “ការតាំងចិត្តនេះ មិនមែនសម្រាប់តែផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គាម៉លនោះទេ សូម្បីតែគម្រោងសំណង់ម៉លផ្សេងទៀតដូចជា ជីប ម៉ុង សែនសុខម៉ល ជីប ម៉ុង ៥៩៨ ម៉ល ជីប ម៉ុង ថៅវើល៍ ជីបម៉ុងម៉ល៦A នៅតែដំណើរការដូចធម្មតា ហើយសម្រេចបានលទ្ធផលដូចការរំពឹងទុក”។លោកបន្ថែមថា “ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃការកិច្ចខំប្រឹងប្រែងនេះ”។

គម្រោងសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្គាម៉ល ២៧១នេះ គឺស្ថិតនៅក្នុងបរិវេនបុរី ជីប ម៉ុងផាកលែន២៧១ លើទំហំផ្ទៃដីរហូតដល់៤៣ហិចតា កម្ពស់៤ជាន់ ដោយក្នុងនោះផ្ទៃក្រឡាសរុបរបស់ផ្សារទំនើបនេះ មានចំនួនរហូតដល់១៦ម៉ឺនម៉ែត្រការ៉េឯណោះ ហើយចំនួនដែលអាចជួលឲ្យដៃគូរពាណិជ្ជកម្មបានមាន ប្រមាណ៦ម៉ឺនម៉ែត្រការ៉េ សម្រាប់អាជីវកម្មបែបទំនើប ដើម្បីបំពេញតម្រូវការជីវភាព បែបស៊ីវិល័យរបស់ពលរដ្ឋកម្ពុជានាពេលបច្ចប្បន្ន៕

តំបន់ត្រើយខាងកើតភ្នំពេញកំពុងក្លាយជាទីទាក់ទាញសម្រាប់ខុនដូទំនើប និងបុរីលំនៅដ្ឋាន

ដោយៈ ណែត

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ដែលសំដៅទៅលើតំបន់ជ្រោយចង្វារ កំពុងទាក់ទាញលើការអភិវឌ្ឍលំនៅឋានជាបុរី និងខុនដូទំនើប ដោយបណ្ដាវិនិយោគិនជាច្រើន ក៏បាននិងកំពុងអភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

គម្រោងធំៗដែលលេចធ្លោនៅតំបន់ជ្រោយចង្វារ នាពេលនេះគេសង្កេតឃើញថាមានគម្រោងខុនដូទំនើបគម្រោងផ្សារទំនើប និងសណ្ឋាគារផ្កាយ៥ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ។

លោក Ding Youngjun អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារខ្ពស់ Morgan បាននិយាយឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ប៉ែកខាងកើតជាតំបន់មួយ ដែលទាក់ទាញ ជាពិសេសនៅតំបន់ជ្រោយចង្វារ ដោយសារតែតំបន់នោះ មានទេសភាពស្អាត អមដោយដងទន្លេមេគង្គទន្លេបាសាក់ ដែលធ្វើឱ្យវិនិយោគិនដទៃទៀត ចង់មករស់នៅនិងចង់វិនិយោគនៅតំបន់នោះ ។ អ្វីដែលពិសេសតំបន់នេះ ក៏កាន់តែជិតរាជធានីភ្នំពេញ ព្រោះមានស្ពានតភ្ជាប់ពីតំបន់ត្រើយខាងលិចទៅត្រើយខាងកើត ។

លោកបន្តថា “តំបន់ប៉ែកខាងកើតនេះដែរ ក៏ជាតំបន់មួយដែលមានគម្រោងធំៗរបស់រដ្ឋ ដូចជាគម្រោងអគារពន្ធដារ អគារមន្ទីរសំខាន់ៗ និងគម្រោងរបស់រដ្ឋជាច្រើនទៀត ស្ថិតនៅតំបន់ទីក្រុងរណបជ្រោយចង្វា ដែលពលរដ្ឋនៅតំបន់នេះ កាន់តែមានភាពងាយស្រួលក្នុងស្វែងរកសេវារបស់រដ្ឋ”។

បើតាមអ្នកជំនាញ អចលនទ្រព្យកម្ពុជាក៏បានមើលឃើញថា តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញវាពិតជារីកសាយមែន ដោយសារតែហេដ្ឋារចនាតភ្ជាប់ មានស្ពាន មានផ្លូវខ្វាត់ខ្វែង ហើយនៅពេលអនាគ តំបន់នេះនឹងកាន់តែមានសក្ដានុពលបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា វិនិយោគិនចូលចិត្តវិនិយោគនៅតំបន់ណាដែលមាត់ទឹក និងមានផ្លូវច្រើនងាយស្រួលចេញចូល ហើយតំបន់ប៉ែកខាងកើតនេះ គឺវាមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេ គ្រាន់តែឆ្លងស្ពាននឹងដល់តំបន់រវាងភ្នំពេញនិងតំបន់ជ្រោយចង្វារ។

លោកបន្តថា “ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ រាលដាលកម្ពុជាក៏រងផលប៉ះពាល់ដែរ តែបើធៀបនឹងប្រទេសផ្សេងៗ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគដដែល ពីក្នុងនិងកក្រៅប្រទេស”។លោកបន្តថា “ចំណូចវិជ្ជមានទាំងនេះ បានបង្ហាញថាកម្ពុជាជាទីទាក់ទាញវិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ”៕

អាគារការិយាល័យចំនួន១១បានដាក់ដំណើរការលើទីផ្សារគិតត្រឹមដើមឆ្នាំ២០២១នេះ

ដោយៈ ប៊ី

ភ្នំពេញៈ អាគារការិយាល័យជួលចំនួន១១គម្រោង ស្មើនឹងទំហំ១២៥.៥០០ម៉ែត្រការ៉េ បានដាក់បញ្ចូលក្នុងទីផ្សារការិយាល័យជួល ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ ឬគិតត្រឹមដើមឆ្នាំ២០២១ កើនឡើង៣៤ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ជាមួយគ្នានេះ គម្រោងអាគារការិល័យជួលថ្មីចំនួន៣ បានដាក់ដំណើរការក្នុងទីផ្សាការិយាល័យនៅទីក្រុងភ្នំពេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ដោយអាគារការិយាលជួយថ្មីទាំង៣នេះ នឹងបន្ថែមការផ្គត់ផ្គង់ទំហំការិយាល័យជួល ប្រមាណ៤១,៣៨៩ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា គម្រោងអាគារការិល័យជួលថ្មីទាំង៣នេះ រួមមានគម្រោងការិយាល័យ C5 Olympia (កម្រិតB) គម្រោង One Park (គម្រិតC) និងគម្រោង Aquation (កម្រិតC)។

គម្រោងC5 Olympia នៅខណ្ឌ៧មករា បានចូលរួមចំណែកទីការិយាល័យជួលប្រមាណ១៤.៥៨៤ម៉ែត្រការ៉េ។ គម្រោងOne Park ស្ថិតក្នុងខណ្ឌដួនពេញ បានចូលរួមចំណែក១៦.៦១១ម៉ែត្រការ៉េ និងគម្រោងAquation ស្ថិតក្នុងខណ្ឌចំការមន បានចូលរួមចំណែក១០.១៩៤ម៉ែត្រការ៉េ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia បានមា​នប្រសាសន៍កាលពីថ្មីៗនេះថា ទីផ្សារជួលអគារការិយាល័យនៅពេលបច្ចុប្បន្ននេះ កំពុងតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះ អាចនឹងបន្តរហូតដល់ដើមឆ្នាំក្រោយ ឬពាក់កណ្តាលឆ្នាំ២០២១។

លោកស្រីបានបន្តថា “មិនថាចំពោះតែទីផ្សារជួលការិយាល័យ ការជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ឬការជួលអាផាតម៉ិន សម្រាប់ស្នាក់នៅនោះទេ គឺជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិ​យាល័យគ្រប់កម្រិត គឺនៅស្ថិតនៅក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតAកម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើន ជាក្រុមហ៊ុនមកពីក្រៅស្រុក”។

លោកស្រីធីតាបានបន្ថែមថា ស្ថិតនៅក្នុងកំឡុងពេលនេះម្ចាស់ក្រុមហ៊ុន ក៏ដូចជាដៃគូពាណិជ្ជកម្ម ដែលជាជនជាតិបរទេសទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យឆ្លងប្រទេសនោះទេ លើកលែងតែការគំរាមកំហែងនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីថ្នាំបង្ការត្រូវបានដាក់  ឱ្យប្រើប្រាស់ជាសាធារណៈផ្លូវការ។

ទាក់ទងនឹងតម្លៃជួល ការិយាល័យកម្រិតB ស្ថិតតំបន់ពាណិជ្ជកម្ម មានតម្លៃជាង២០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងត្រីមាស៤ ធ្លាក់ចុះ៤.៦៦ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតB ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃប្រមាណ១៦ដុល្លារមួយម៉ែត្រការ៉េ ធ្លាក់ចុះ៤,៤៧ភាគរយ។

តម្លៃជួលការិយាល័យកម្រិតC ស្ថិតតំបន់ពាណិជ្ជកម្មមានតម្លៃប្រមាណ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៧,៧៨ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតC ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃជាង១០ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ២,៣១ភាគរយ៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធបើកឲ្យដំណើរការផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុនាថ្ងៃទី៩ មេសាខាងមុខ

ដោយ : ស៊ីវ ម៉េង

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ឋបណ្ឌិតនឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ភោធផ្លូវចំនួន៣៤ខ្សែ និងពិនិត្យគំរោងស្ថាបនាស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុនាថ្ងៃទី៩ មេសាខាងមុខនេះ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៧៧សជណ ចុះថ្ងៃទី៣ កុម្ភៈកន្លងមក ដែលមានកម្មវត្ថុករណីគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ឋទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងពិនិត្យគំរោងស្ថាបនាអាងប្រពឹត្តកម្មទឹកកខ្វក់  និងការកែលំអរឆ្នេរសមុទ្រ។

ផ្លូវ៣៤ខខ្សែនៅក្រុងព្រះសីហនុ បានបើកដំណើរការសាងសង់កាលពីឆ្នាំមុន ដោយសម្តេចតេជោបានអញ្ជើញទៅបើកការដ្ឋានផ្ទាល់ ដែលគំរោងនេះចំណាយទឹកប្រាក់ប្រមាណជិត៣០០លានដុល្លារអាមេរិក។

បច្ចុប្បន្នគណកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងរដ្ឋបាលខេត្តព្រះសីហនុបាននិងកំពុងរៀបចំ និងស្ថាបនាផ្លូវចំនួន១២ខ្សែទៀត បន្ថែមលើផ្លូវ៣៤ខ្សែ ដែលគំរោងនេះ គ្រោងចំណាយទឹកប្រាក់សាងសង់អស់ជាង១០០លានដុល្លារអាមេរិក៕

បើចង់ទទួលបានជោគជ័យលើវិស័យអចលទ្រព្យតើលោក អ្នកត្រូវដឹងរឿងអ្វីខ្លះ?

ដោយ : គង់ សូរិយា

ភ្នំពេញៈ បន្ទាប់​ពី​វិបត្តិកូវីដ១៩ បាន​ធូរ​ស្រាល ​បច្ចុប្បន្ន​នេះវិស័យ​អចលនទ្រព្យ​កំពុង​មាន​សន្ទុះ​​ឡើង​វិញ ​ជា​ពិសេស​លើ​វិស័យ​ដី​ធ្លី ហើយ​វិស័យ​នេះ​អាច​មាន​សក្ដានុពល​យូរ​អង្វែង​ទៀត​នៅ​កម្ពុជា ព្រោះ​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច ហើយ​ប្រទេស​ជា​ច្រើន​កំពុង​សម្រុក​មក​ដាក់​ទុន​វិនិយោគ។

 

ទោះ​បែប​នេះ​ក្ដីគេ​សង្កេត​​ឃើញ​ថា អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​មួយ​ចំនួនតូច​ប៉ុណ្ណោះ ដែល​ទទួល​បាន​ជោគ​ជ័យ ព្រោះ​គេ​ដឹង​រឿង៣យ៉ាង​ច្បាស់​បំផុត។

ឧកញ៉ា​ផន វណ្ណិត ស្ថាបនិក​ក្រុមហ៊ុន​រាជសន្តុសិត និង​ជា​អនុប្រធាន​សមា​គមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បាន​លើក​ឡើង​រឿង៣​យ៉ាង ​ដែល​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវ​ដឹង​នោះ​គឺ ពេល​វេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​ស្គាល់​ទី​តាំង​ភូមិសាស្ត្រ​នៃ​ដី និង​យល់​ច្បាស់​ពី​ព័ត៌មាន។ លោក​បាន​អះ​អាង​ថា អ្នក​ទិញ​ដី មិន​អាច​ចង់​ចំណេញ​ភ្លាម​នោះ​ទេ ត្រូវ​រង់​ចាំ​ពេល​សេដ្ឋកិច្ច​កើន​ឡើង ដី​ក៏​ឡើង​ថ្លៃ​ទៅ​តាម​នោះ​ដែរ។

ចំណែក​ឯ​ការ​ស្គាល់​ទីតាំង និង​ស្វែង​យល់​ព័ត៌មាន រឹត​តែ​មាន​សារៈសំខាន់ សម្រាប់​ការ​ពិចារណា​ក្នុង​ការ​ទិញ​ដី។

 

ពេល​វេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច

ឧកញ៉ា ផន វណ្ណិតបាន​បញ្ជាក់​ថា ការ​ទិញ​ដី មិន​មែន​ចំណេញ​ភ្លាមៗ​នោះ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ពេល​វេលា​មក​ដល់ ទើប​លក់​ចំណេញ​បាន​ច្រើន។ សម្រាប់​អ្នក​លោភ​លន់​ខ្លាំង​ពេក គឺ​មិន​អាច​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ឡើយ ព្រោះ​មិន​បាន​សិក្សា​ច្បាស់ ខ្វះ​ភាព​អត់​ធ្មត់ ដែល​ពេល​ខ្លះ​នាំ​ទៅ​ដល់​ការ​ខាត​បង់​ក៏​មាន។ រឿង​ទិញ​ដី​ទុក គឺ​មិន​ចេះ​ខាត​នោះ​ឡើយ ព្រោះ​ដី​មិន​ចេះ​កើត ឯ​មនុស្ស​ចេះ​តែ​កើន។

ការ​ស្គាល់​ទី​តាំង​ភូមិសាស្ត្រ

អ្នកជំនាញអចលនទ្រព្យ ​ដែល​កើត​ចេញ​ពី​ត្រកូល​គ្រួសារ​ក្រ​ខ្សត់ ​នៅ​ខេត្ត​ព្រៃវែង​រូប​នេះបាន​រៀប​រាប់​ទៀត​ថា ភូមិសាស្ត្រ​ជា​កត្តា​សំខាន់​ដែល​យើង​ត្រូវ​តែ​ដឹង គឺ​ដឹង​អំពី​ចំណុច​នៃ​ការ​អភិវឌ្ឍ ដឹង​អំពី​ហេដ្ឋារចនាសម្ព័ន្ធដែល​នឹង​រៀប​ចំ​នៅ​ពេល​ខាង​មុខ។ ជា​ពិសេស ក៏​ត្រូវ​ដឹង​ពី​កត្តា​ប្រជាសាស្ត្រ​ផង​ដែរ ថា​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​ប្រកប​មុខ​របរ​អ្វី ហើយ​វិស័យ​អ្វី​ជា​អទិភាព ដែល​ទាក់​ទាញ​ប្រជាជន​ឱ្យ​ទៅ​រស់នៅ​តំបន់​នោះ។

លោកបន្តថា “ការ​ក្ដាប់​បាន​នូវ​ព័ត៌មាន​ទាំងនេះ នឹង​ធ្វើ​ឱ្យ​អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អលនទ្រព្យ​ ទទួល​បាន​ជោគ​ជ័យ​នៅ​ពេល​អនាគត”។

យល់​ច្បាស់​ពី​ព័ត៌មាន

បើ​តាម​បទ​ពិសោធន៍​​ផ្ទាល់​ លោកឧកញ៉ា ផន វណ្ណិត បាន​មានប្រសាសន៍​ថា លោក​តែង​តែ​ស្ដាប់​ព័ត៌មាន អាន​ព័ត៌មាន​ពី​វិស័យ​អចលនទ្រព្យ ដើម្បី​ដឹង​ព័ត៌មាន​ច្បាស់​ពី​ការ​អភិវឌ្ឍ​នានា ព្រោះ​វា​ជា​ជំនួយ​ស្មារតី​ក្នុង​ការ​ពិចារណា​ទិញ​ដី។ លោក​បាន​បញ្ជាក់​ទៀត​ថា អ្នក​ចង់​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវ​ដឹង​អ្វី​ដែល​ថ្មី​ជា​និច្ច ហើយ​ត្រូវ​ដឹង​មុន​គេ មិន​អាច​រង់ចាំ​ព័ត៌មាន​មក​ដល់​ឡើយ គឺ​ត្រូវ​ទៅ​ស្វែង​រក​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​ជា​ប្រចាំ។

ទោះ​បែប​នេះ​ក្ដី ឧកញ៉ា ផន វណ្ណិត បាន​បញ្ជាក់​ថា ចំណុច​ទាំង៣នេះ គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ព្រោះ​អ្នក​ដាក់​ខ្លួន​លើ​វិស័យ​អចលនទ្រព្យ ត្រូវ​ចេះ​ស្វែង​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការ​វិនិយោគ​នានា ហើយ​ដឹង​រឿង​មុន​គេ​ជា​និច្ច ទើប​អាច​មាន​ឱកាស​ច្រើន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគ​ជ័យ។ លោក​បាន​សង្កត់​ថា ចំណុច​សំខាន់​បំផុត គិត​ច្បាស់ ដាក់​ចិត្ត ហើយ​ហ៊ាន​ធ្វើទើប​ឃើញ​ជោគជ័យ៕

សភាពាណិជ្ជកម្មកម្ពុជាសាទរនឹងគម្រោងចាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនៅពាក់កណ្តាលឆ្នាំ២០២១នេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ជាពិសេសគម្រោងនៃការចាន់អនុវត្តជាធរមាននៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ វិស័យឯកជននៅកម្ពុជាបានបង្ហាញពីក្ដីសាទរជាមួយនឹងក្ដីរំពឹងថា នឹងកាន់តែបង្កភាពងាយស្រួលក្នុងធ្វើពាណិជ្ជកម្ម ក៏ដូចជាជំរុញការនាំចេញកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្នុងនាមតំណាងវិស័យឯកជនសូមសម្ដែងនូវការសាទរ និងរីករាយជាមួយនឹងការបញ្ចប់លើកិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េកាលពីម្សិលមិញនេះ ជាពិសេសគម្រោងនៃការចាប់អនុវត្តនៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ហើយរំពឹងថានឹងកាន់តែបង្កើនឱកាសនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកាន់តែទូលំទូលាយ។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា “នេះគឺជាការស្វាគមន៍របស់សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន ព្រោះជាយុទ្ធសាស្ត្រសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅខាងក្នុង និងពង្រីកខាងក្រៅ គឺជាអ្វីដែលយើងចង់បាន”។

លោកឧកញ៉ាបានបញ្ជាក់ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតក៏នឹងជំនួសឱ្យ EBA, GSP ដែលអនាគតនឹងបាត់បង់។ ដូច្នេះ បើការពង្រីកទីផ្សារ ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយប្រទេសដទៃទៀតឱ្យបានច្រើន មិនត្រឹមតែកូរ៉េទេ គឺនៅមានជប៉ុន ឥណ្ឌា សហភាពអាស៊ី-អឺរ៉ុប រួមទាំងកិច្ចព្រមព្រៀងថ្នាក់តំបន់ RCEPជាដើម ដែលជាការជំរុញទីផ្សារពាណិជ្ជកម្មរបស់យើងឱ្យមានកំណើនសេដ្ឋកិច្ចបានយ៉ាងប្រសើរ”។

លោកថា ចាប់ពីពាក់កណ្តាលឆ្នាំ២០២១ទៅ ការធ្វើពាណិជ្ជកម្មដៃគូរវាងវិនិយោគិន ក៏ដូចជាក្រុមហ៊ុនអន្តរជាតិមកពីបណ្តាប្រទេសនានានៅលើពិភពលោកជាមួយកម្ពុជានឹងកាន់តែមានភាពរីកចម្រើនជាមួយនឹងទំនុកចិត្តខ្ពស់ ព្រោះក្រៅពីមានការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងបណ្តាប្រទេសមួយចំនួនទៀតដែលអាចនឹងចូលជាធរមាន កម្ពុជាក៏មានតុលាការពាណិជ្ជកម្មជួយដោះស្រាយនួវវិវាទពាណិជ្ជកម្មស្របតាមផ្លូវច្បាប់ប្រកបដោយតម្លាភាពផងដែរ។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបានកាន់តែច្រើនបន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា ផលិតផលសម្លៀក បំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផល កសិកម្ម ជាដើម។ ដោយឡែកសម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារអគ្គិសនី ភេសជ្ជៈ ឱសថ និង ផលិតផលផ្លាស្ទិក ដែលមានទំហំពាណិជ្ជកម្មសរុបប្រមាណ១ពាន់លានដុល្លារកាលពីឆ្នាំ២០២០កន្លងទៅនេះ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា វ៉ាក់សាំងជំនួយពីមហាមិត្តចិននឹងនាំមកកម្ពុជានៅល្ងាចថ្ងៃអាទិត្យនេះ៦០ម៉ឺនដូស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់សាជាថ្មីនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា វ៉ាក់សាំងដែលជាជំនួយពីមហាមិត្តចិនចំនួន៦០ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូសក្នុងដំណាក់ដំបូង នឹងមកដល់កម្ពុជានៅត្រឹមល្ងាចថ្ងៃអាទិត្យនេះ ដោយសម្ដេចនឹងចាក់មុនគេនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

តាមរយៈគណនីផ្លូវការនៃបណ្តាញទំនាក់ទំនងហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

ម៉ោង៨ និង៣០នាទីថ្ងៃទី១០ កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។

ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។

សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណង
មិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រា
លំបាក)។

សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕

អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ពីររូប​បង្ហាញ​ពី​អចលនទ្រព្យ​ដែលនឹង​ងើបឡើង​ក្នុងឆ្នាំនេះ

ដោយ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នក​ជំ​នាះ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ បានបង្ហាញ​ពី​ផ្នែកសំខាន់ៗនៃ​អចលនទ្រព្យ ដែល​នឹងមាន​សន្ទុះ​ឡើងវិញ​នៅ​ឆ្នាំ២០២១នេះ ខណៈ​ភាពប្រាកដប្រជា​នៃ​សេដ្ឋកិច្ចពិភពលោក​មិនទាន់​អាច​ព្យាករណ៍​បាន។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី​អាន សុធី​តា​បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅក្នុង​ពិសេស​ជាមួយនឹង​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា មាន​វិស័យ​មួយចំនួន នៅក្នុង​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា  នឹង​បន្ត​ទាក់ទាញ​ការវិនិយោគ​ជាតិ​ង​អន្តរជាតិ នៅក្នុង​ឆ្នាំ​ក្រោយនេះ។

លោកស្រី​ថ្លែងថា “បើ​និយាយ​ពី​ផ្នែក​នៃ​វិស័យ​អចលនទ្រព្យ ដូចជា ផ្នែក​លំនៅឋាន ដីធ្លី  ការិយាល័យ ទីផ្សារ​លក់រាយ ឃ្លាំង  និង​ទីផ្សារ​ទេសចរណ៍  ហើយ​អ្វីដែល​ខ្ញុំ​មើលឃើញ​នៅក្នុង​ឆ្នាំ២០២១ ខាងមុខនេះ ទីផ្សារ​លំនៅឋាន​នឹងមាន​ភាពល្អប្រសើរ បន្ទាប់មក គឺ​ផ្នែក​ឧស្សាហកម្ម ដែល​ភាគច្រើន​រង​ផលប៉ះពាល់ ពី​បណ្តា​ប្រទេសផ្សេងៗ ដែល​នឹង​ទាក់ទាញ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា” ។

លោកស្រី​បន្តថា នៅក្នុង​ឆ្នាំ ២០២១ ខាងមុខនេះ ទីផ្សារ​ការិយាល័យ សម្រាប់ កម្រិត B និង C នៅតែមាន ការគាំទ្រ​ពី​អតិថិជន​ជួល និង​មួយវិញទៀត គឺ​ទីផ្សារ​លក់រាយ​ដែល​នឹង​ត្រឡប់ ដូច​ភាព​ដើម​វិញ​ជា​បណ្តើរ​នៅ​ឆ្នាំ​ក្រោយនេះ ហើយ​អ្វីដែល​ទទួលរ​នូវ​ផ​ប៉ះពាល់​ខ្លាំង គឺ​វិស័យ​សណ្ឋាគារ។

ចំណែក លោក​ច្រឹ​ក សុខ​នី​ម  ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា លោក​មិនទាន់​ហ៊ាន​ធ្វើការ​ព្យាករណ៍ ចំពោះ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​នឹង​ទៅជា​យ៉ាងណា​នោះទេ ខណៈដែល​ពិភពលោក មិនទាន់បាន​រកឃើញ​នូវ​វ៉ាក់សាំង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វី១៩ឱ្យមាន​ភាពប្រាកដប្រជា។

លោក​ថ្លែងថា “យើង​មិនដឹងថា​ត្រូវ​ប្រើប្រាស់​ពេល អស់​រយៈពេល​ប៉ុន្មាន​ទៀត​នោះទេ បើ​ទោះ​វ៉ាក់សាំង​កូ​វីដ​នឹង​មកដល់​កម្ពុជា នៅ​ចុង​សប្តាហ៍​នេះ​ក្តី ប៉ុន្តែ​សកម្ម​ភា​នៃ​កា​ទិញ​លក់​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​នៅតែ​មា​សកម្មភាព​ធម្មតា ប៉ុន្តែ​កំណើន​វិញ​គឺ​មិនមាន​ទេ” ៕

ស​ណ្ឋាគារ​មួយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្ទុក​មនុស្ស​បាន​រហូតដល់ ១លាន​នាក់ និង​មានកំពស់​ជាង ៦០០ម៉ែត្រ

ដោយៈ​វណ្ណា​រ៉ា

ភ្នំពេញៈ ប្រទេស​មហា​យក្ស​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា គឺ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​សាងសង់​សណ្ឋាគារ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​សណ្ឋាគារ​នេះ អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់១,000,000នាក់។

តាម​ព៌​ត​មានបាន​ឲ្យ​ដឹងផង​ដែរ​ថា សណ្ឋាគារ​នេះ បាន​លាតសន្ធឹង​លើ​ទំហំ​ផ្ទៃដី១,៥០០,០០០ម៉ែត្រការ៉េ ហើយ​ក្រុម​ស្ថាបត្យករ Dar Al-Handasah របស់​ប្រទេស​លី​បង់ បាន​សាងសង់​សណ្ឋាគារ​ប្រណីត ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត​នេះ។  សណ្ឋាគារ​នេះ​បាន​បើក​ជា​ផ្លូវការ​ក្នុង​ឆ្នាំ២០១២ ។

ការសាងសង់​សណ្ឋាគារ​ប្រណីត​នេះ ត្រូវបាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០០៤ និង​បាន​ចំណាយពេល៨ឆ្នាំ​ទើប​សាងសង់​បញ្ចប់។  អគារ​នេះ​មាន​កម្ពស់​សរុប៦០១ម៉ែត្រ គឺជា​សណ្ឋាគារ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក។  វា​ក៏​ជា​អាគារ​ខ្ពស់​ជាងគេ​ទី​បួន នៅលើ​ពិភពលោក។

អគារ​មួយ​នេះ មាន​បំពាក់​នាឡិកា​ដែល​ខ្ពស់​ជាងគេ និង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក។  សណ្ឋាគារ​នេះ ក៏មាន​ប៉ម​អគារ​ចំនួន៦ ដែលជា​សាល​បួងសួង ដែលមាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន៣៨០០នាក់ មជ្ឈមណ្ឌល​សន្និបាត ផ្សារ​ទំនើប៥ជាន់​និង​កន្លែង​ជំនួយ​ពីរ​ទីតាំង។

ប្រទេស​នេះ​បាន​គ្រប់គ្រង​តំណែង ជា​ប្រទេស​មាន​អគារ​ចំណាយ​ទុន​ច្រើនជាងគេ​លើ​លោក ដែល​ចំណាយ​ថវិកា​ប្រមាណ១៥ពាន់​លាន​ដុល្លារ សាងសង់​អគារ​ Abraj Al Bait។

អគារ​នេះ​មាន​កម្ពស់​រហូតដល់១២០ជាន់ ហើយក៏​ជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ផងដែរ។  អគារ​នេះ​ចំណាយ​ថវិកា​អស់១៥ពាន់​លាន​ដុល្លារ សម្រាប់​ការសាងសង់ និង​មាន​ទីតាំងនៅ​ទីក្រុង​ដ៏​បរិសុទ្ធ​Mecca នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត៕