ដោយៈលក្ខិណា
ភ្នំពេញៈ តំបន់ដីឡូត៍កាលពីប៉ុន្មានឆ្នាំមុន និងបច្ចុប្បន្ននេះ បាននិងកំពុងកែប្រែដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ បានចាប់ផ្ដើមអភិវឌ្ឍជាសំណង់បុរីបណ្ដើរៗហើយ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញ និងតំបន់ជាយរាជធានី។
លោកចេ សុន អ្នកអភិវឌ្ឍន៍ដីឡូត៍ និងលំនៅឋានមួយរូបនៅតំបន់ជាយរាជធានីភ្នំពេញបានឱ្យដឹងថាបច្ចុប្បន្ននេះ តំបន់ដែលពីមុនជាដីឡូ៍បានកែប្រែ ទៅជាតំបន់លំនៅឋានបណ្ដើរៗហើយ ជាពិសេសតំបន់ជុំវិញរមណីយដ្ឋានភ្នំពេញរាជ្យទ្រព្យ គេឃើញមានការអភិវឌ្ឍជាបុរីលំនៅឋានជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការពលរដ្ឋ ។

លោកបន្តថា “ពេលនេះភ្នំឧត្តុង្គ មិនមែនជាតំបន់ដែលឆ្លាយពីភ្នំពេញទៀតឡើយ ព្រោះពីភ្នំពេញ ទៅភ្នំឧត្តុង្គមានផ្លូវស្រួល ខ្វាត់ខ្វែង ធ្វើដំណើរមិនយូរដូចមុនទៀតឡើយ”។ លោកបន្តថា “បូករួមនឹងសក្ដានុពលរមណីយដ្ឋានភ្នំឧត្តុង្គ ឬភ្នំព្រះរាជ្យទ្រព្យ កាន់តែទាក់ទាញភ្ញៀវទេសចរ ទៅសម្រាកលំហែនៅថ្ងៃឈប់សម្រាកទៀតនោះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមអភិវឌ្ឍលំនៅឋាននៅតំបន់ជុំវិញនោះ ជាពិសេសនៅក្នុងស្រុកពញ្ញាឮ នៃខេត្តកណ្ដាល និងជំរុញឱ្យសក្ដានុពលនៃវិស័យដីឡូត៍នៅតំបន់នោះ កាន់តែមានការចាប់អារម្មណ៍ ពីសំណាក់ពលរដ្ឋបើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ១៩ក្ដី”។
លោកបន្ថែមថា មិនយូរប៉ុន្មាន សក្ដានុពលអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅជុំវិញភ្នំព្រះរាជ្យទ្រព្យ នឹងកាន់តែមានសន្ទុះ នៅពេលវិបត្តិកូវីដ១៩ ត្រូវបានដោះស្រាយចប់ ហើយពលរដ្ឋដែលត្រូការដីសម្រាប់សង់លំនៅឋាន និងអ្នកត្រូវការលំនៅឋានស្រាប់នឹងចាប់ផ្ដើមសម្លឹងមើលតំបន់ណា ដែលមានសក្ដានុពល សម្រាប់ការតាំងទីលំនៅ។

លោកបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia បានថ្លែងថា ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែមានការរីកសាយទៅកាន់តំបន់ជាយៗក្រុង ដោយសារកត្តាតម្លៃដីនៅតំបន់ជាយក្រុងនៅមានកម្រិតនៅឡើយ ហើយអ្នកដែលមានជីវភាពក្រោមមធ្យម ឬមធ្យម ដែលចង់បានផ្ទះឬបានដីសម្រាប់សង់ផ្ទះ ត្រូវការទៅរកតំបន់ណាដែលនៅជាយក្រុង ព្រោះពួកគេមិនអាចទិញដីនៅតំបន់កណ្ដាលក្រុងបានឡើយ ។




