ក្រសួង​រៀបចំ​ដែនដី​នឹង​ចុះបញ្ជី ៧លាន​ក្បាលដី ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នៅ ដំណាច់​ឆ្នាំនេះ

ដោយៈ​ម៉ា​លីន​ណា

ភ្នំពេញៈ ជាការ​ធានា​ដល់​សុវត្ថិភាព និង​ភាព​សុខ​របស់​ប្រជាពលរដ្ឋ ក្នុងការ​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្របច្បាប់ នៅត្រឹម​ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹងធ្វើ​ការចុះបញ្ជី​ចំនួន៧លាន​ក្បាលដី​ជូន​ដល់​ប្រជាពលរដ្ឋ។

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា សុផារ៉ា បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា នៅ​ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នឹង​ចុះបញ្ជី​ក្បាលដី៧លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ ។

លោក​បន្តថា “សូមឱ្យ​ទាំងអស់គ្នា ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ពុះពារ​នៅក្នុង​ការចុះបញ្ជី​ដីធ្លី ព្រោះ​ការចុះបញ្ជី​ដីធ្លី​នេះ គោលដៅ​ដ៏​ចម្បង យើង​ត្រូវ​ជំរុញ​ឱ្យបាន៩៤ភាគរយ នៅ​ឆ្នាំ២០២០ ហើយ​ត្រូវ​ចប់​នៅ​ខែធ្នូ ពេល​សន្និបាត​ឆ្នាំ២០២១ គឺ​ត្រូវ​បញ្ចប់​ការចុះបញ្ជី​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ប៉ាន់ស្មាន​មាន​ជាង៧លាន​ក្បាលដី” ។

លោក​ជា សុផារ៉ា បាន​សង្កត់ធ្ងន់ថា ការចុះបញ្ជី​ក្បាល​ជូន​ប្រជាពលរដ្ឋ​ឱ្យអស់​នៅ​ឆ្នាំ២០២១ ខាងមុខនេះ គឺជា​ការងារ​ដ៏​សំខាន់បំផុត ដើម្បីឱ្យ​ការគ្រប់គ្រង​ដី​មាន​សុវត្ថិភាព មាន​បណ្ណ​សម្គាល់​អចល​វត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូប ព្រមទាំង​ធ្វើឱ្យមាន​ស្ថិរភាព ហើយ​បណ្ណ​នេះ​ក្លាយទៅជា​ទុន ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ខិតខំ​ធ្វើការ​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ មាន៥ដំណាក់កាល​កន្លងផុត​ទៅហើយ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ដោយ​រំលឹកថា ចាប់ពី​ឆ្នាំ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បានផ្តល់​បណ្ណ​កម្មសិទ្ធិ ទទួលស្គាល់​សិទ្ធិ កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន ៥ដំណាក់កាល ដូច្នេះ​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ទាំង៥ដំណាក់កាល បានក្លាយ​ជា​ទុន​ដែល​រដ្ឋ​បាន​ផ្តល់ជូន ដល់​ប្រជាពលរដ្ឋ​ទាំងអស់។ ការផ្តល់ជូន​បណ្ណ​កម្មសិទ្ធិ​លើដី​ធ្លី​នេះហើយ បាន​នាំមក​នូវ​សក្តានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​ក្រុមគ្រួសារ និង​អាច​ស្វែងរក​ដៃគូរ​អភិវឌ្ឍ​នានា មក​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ដីធ្លី​របស់​ពួកគាត់​ជាដើម។ និយាយ​ម្យ៉ាងទៀត វា​បាន​ក្លាយទៅជា​ការជំរុញ​អនុវត្តន៍​ការដោះស្រាយ​វិវាទ​ដីធ្លី​ផងដែរ៕

វិនិយោគិន​អន្តរជាតិ៖ កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​វិនិយោគ​ខ្ពស់បំផុត​នៅក្នុង​តំបន់

ដោយ​គង់ សូរិយា

ភ្នំពេញៈ វិនិយោគិន​អន្តរជាតិ ដែល​បាន​វិនិយោគ​គម្រោង​ដ៏​ធំ​នៅ​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​វិនិយោគ​ខ្ពស់បំផុត ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់។

សរសេរ​លើ​ផេ​ក​របស់ខ្លួន​ជា​ផ្លូវការ លោកស្រី Catherine Chan ម្ចាស់​គំរោង​ខុន​ដូ Urban Village នៅ​ទីក្រុង​ភ្នំពេញ បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​កាលពីដើម​សប្តាហ៍​នេះ​ថា លោកស្រី​រីករាយ​ដែល​ត្រូវបាន​អញ្ជើញ ក្នុងនាម​ជា​តំណាង​នៃ​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ​តែ​ម្នាក់​គត់ សម្រាប់​កិច្ចពិភាក្សា​នេះ ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​ទីក្រុង​ហុងកុង។

លោកស្រី​បន្តថា “ឈរ​នៅក្បែរ​ខ្ញុំ​នេះ គឺជា​តំណាង​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ហុងកុង។ ប្រទេស​កម្ពុជា​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ប្រកបដោយ​ស្ថេរភាព​ជា​មធ្យម៧ភាគរយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ” ។ លោកស្រី​បន្ថែមថា “កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​វិនិយោគ​ខ្ពស់បំផុត​នៅក្នុង​តំបន់” ។

អ្នកជំនាញ​អន្តរជាតិ​បាន​សិក្សា​រកឃើញ​ផងដែរ​ថា ការវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ ដោយ​អត្រា​ចំណេញ​ប្រចាំ​ឆ្នាំមាន​ចន្លោះ​ពី៧ទៅ៨ភាគរយ ខណៈ​ប្រទេស​ក្នុង​តំបន់​ទទួលបាន​ផលចំណេញ ពី​ការវិនិយោគ​ត្រឹម​រង្វង់៤ភាគរយ​ប៉ុណ្ណោះ។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​ថ្លែងថា ពិត​ហើយ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​ពី​ឳ​កាស​វិនិយោគ ដែលមាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ ដោយសារ​កត្តា​ជាច្រើន ដូចជា កម្ពុជា​ជាទី​ផ្សារ​ថ្មី​ទើប​មាន​ភាព​រីកចម្រើន កត្តា​រីកចម្រើន​សេដ្ឋកិច្ច ស្ថេរភាព​សង្គម និង​ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​កើនឡើង ជា​បន្តបន្ទាប់។

លោកស្រី​បន្តថា “ទោះជា​រង​វិបត្តិ​សេដ្ឋកិច្ច​សកល បណ្តាលមកពី​ជំងឺ​កូ​វីដ១៩ ក៏​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មិន​រង​ផលប៉ះពាល់​ខ្លាំង ដូច​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​នោះទេ” ។ លោកស្រី​បន្ថែមថា “កម្ពុជា ក៏​នឹងមាន​ឳ​កាស​ងើបឡើង​លឿន​ជាង​ប្រទេស​មួយចំនួន​ផងដែរ ដោយសារ​រដ្ឋាភិបាល​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩ និង​ការដាក់ចេញ​វិធានការណ៍​សង្គ្រោះ​សេដ្ឋកិច្ច​បានល្អ” ៕

សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នាពេលឆាប់ៗខាងមុខ

ដោយ​គង់ សូរិយា

ភ្នំពេញៈ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា (CREA)នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​នាពេលខាងមុខ​នេះ ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ធនធានមនុស្ស​លើ​វិស័យនេះ។

លោ​កជឹង សុខ​ម៉េង ប្រធាន CREA បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ ដែលមាន​ការចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម និង​សមាជិក​មួយចំនួន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី៤ កុម្ភៈ​កន្លងមក​ថា សមាគម​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​សមាជិក-សមាជិកា ឱ្យបាន១ខែម្តង​នៅ​សប្តាហ៍​ទី១នៃ​ខែ​និមួយៗ ព្រមទាំង​រៀបចំ​វគ្គ​បណ្តុះបណ្តាល ដើម្បី​ជួយ​ផ្តល់នូវ​ចំណេះដឹង បទពិសោធន៍ និង​ជំនាញ ក្នុង​វិស័យ​អ​ច​នល​ទ្រព្យ​នៅ​កម្ពុជា ទៅដល់​សមាជិក-សមាជិកា និង​មហាជន​ទូទៅ​ផងដែរ។

លោក​បន្តថា “ធនធានមនុស្ស​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ចូលរួម​អភិ​វ​ឌ្ឈ​ន៍​ក្នុង​វិស័យនេះ ក៏ដូចជា​ជួយ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ព្រោះ​ប្រទេសជាតិ​មួយ​ខ្លាំង មិន​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ​ទេ តែ​ពឹង​ផ្អែកលើ​ធនធានមនុស្ស​របស់​ជាតិ” ៕

ស្វែងយល់​ពី​ស្លាក​សញ្ញា​ចរាចរណ៍៍

ដោយ សិទ្ធ

ភ្នំពេញ៖ សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវខ្វែង​ប៉ុនគ្នា (ករណី​គ្មាន​ផ្លាកសញ្ញា​សម្គាល់​សិទ្ធិ​អាទិភាព) ” អ្នកបើកបរ​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​យានយន្ត​ណាមួយ​ទៅមុន ប្រសិន​បាន​ជួប​ស្ថានភាព​ដូច​ក្នុង​រូប?។

អ្នកបើកបរ​ត្រូវ​ស្វែងយល់​ពី​សិទ្ធិ​អាទិភាព​នៅលើ​ផ្លូវ​ប្រសព្វ និង​មាន​ស្មារតី​យកចិត្តទុកដាក់​ក្នុងការ​បើកបរ ជៀសវាង​ការបង្ក​គ្រោះថ្នាក់ និង​ការកកស្ទះ​នៅពេល​ធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ

តាមដាន​ការចុះផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង ” រៀងរាល់ថ្ងៃ​សៅរ៍ ស្តីពី​សិទ្ធិ​អាទិភាព​នៅពេល​ឆ្លងកាត់​ផ្លូវ​ប្រសព្វ ” ។

ទាញយក និង​តម្លើង​កម្មវិធី Cambodia Driving Rules ដោយ​ឥតគិតថ្លៃ (FREE Download) ដើម្បី​ទទួលបាន​ចំណេះដឹងល្អៗពី​ទ្រឹស្តី​នៃ​ការបើកបរ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក៕

កម្ពុជាមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤០ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណចំនួន៤០ កំពុងតែធ្វើអាជីវកម្មរុករករ៉ែមាសដោយស្របច្បាប់ ដែលចេញដោយក្រសួងរ៉ែ និងថាមពល ក្នុងនោះរួមមានក្រុមហ៊ុនខ្មែរ ចិន អូស្ដ្រាលី កាណាដាជាដើម។

ក្រុមហ៊ុនវិនិយោគលើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមដំណើរការ ផលិតកម្មរ៉ែមាស ជាលើកដំបូងនៅឆ្នាំ២០២១នេះ ដែលអាចទទួលបានក្នុងបរិមាណ១០ម៉ឺនអោនក្នុង១ឆ្នាំ (ប្រហែល៣តោន)។

លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានប្រសាសន៍នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា នៅក្នុងចំណោមក្រុមហ៊ុនស្របច្បាប់ទាំង៤០ បច្ចុប្បន្នមានក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅត្រីមាសទី២ ក្នុងឆ្នាំ២០២១។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកបានមានប្រសាសន៍បន្តថា ការប្រកាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អំពីការចាប់ផ្ដើមផលិតកម្មរ៉ែមាស ជាលើកដំបូងរបស់ខ្លួន នៅត្រីមាសទី២ក្នុងឆ្នាំ២០២១នេះ ពិតជារឿងត្រឹមត្រូវ។

លោកអះអាងថា «ការធ្វើផលិតកម្មរ៉ែមាសនេះ វានឹងជួយផ្ដល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ និងមានចំណូលបន្ថែមមួយផ្នែក សម្រាប់អភិវឌ្ឍន៍ប្រទេស»។

លោក យស មុនីរ៉ាត់ បន្ដថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រហែល១០០ពាន់អោនក្នុងមួយឆ្នាំ។

លោកថា “ការប្រកាសរបស់ក្រុមហ៊ុនពិតជាត្រឹមត្រូវ គេទទួលបានអាជ្ញាបណ្ណ និងគោពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ យើងគិតថា ក្រុមហ៊ុននេះជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាសបាន។ បើតាមផែនការរបស់ក្រុមហ៊ុន ផែនការផលិតប្រហែលជា១០០ពាន់អោន ក្នុងមួយឆ្នាំ”៕

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ កម្ពុជានៅតែប្រឹងបោះជំហានទៅមុខសម្រាប់ជំរុញការអភិវឌ្ឍជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងមានការរីកចំរើនលើគ្រប់វិស័យបើទោះបីជាប្រឈមនឹងហានិភ័យនៃវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី ហើយភាពរីកចំរើននេះ នឹងនៅតែបន្តបោះជំហានទៅមុខទៀតដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីជាយុវជនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា “ជាមួយនឹងភាពរីកចម្រើនក្រោមការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំទទួលការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន លើកលែងតែក្រុមអគតិមួយចំនួនដែលមិនសាទរ ឬមិនគាំទ្រចំពោះសមិទ្ធិផលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា”។

លោកបន្តថា សមិទ្ធផលទាំងអស់នេះរាជរដ្ឋាភិបាលបានកសាងឡើងមកដោយលំបាក ប៉ុន្តែបែរជាខំរិះរកវិធីសាស្ត្របង្កបញ្ហាដើម្បីរាំងស្ទះដល់ដំណើរការអភិវឌ្ឍរីកចំរើនរបស់ប្រទេសជាតិ និងសុខសន្តិភាពស្ថេរភាពនយោបាយទៅវិញ។ ទោះជាយ៉ាងណាក្តីយើងទាំងអស់គ្នានឹងមិនថយក្រោយ ហើយនឹងខិតខំប្រឹងប្រែងបោះជំហានទៅមុខសម្រាប់ជំរុញការអភិវឌ្ឍជាតិ និងស្ថេរភាពក្នុងតួនាទីជាគណបក្សដែលកំពុងកាន់អំណាច។

ជាមួយនឹងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា កាលពីឆ្នាំ២០២០កន្លងទៅនេះ រដ្ឋាភិបាលទទួលបាន គម្រោងវិនិយោគសរុបចំនួន ២៣៨គ្រោង សរុបទុនវិនិយោគចំនួន ជាង៨ ២៥០លានដុល្លារ។ នៅក្នុងក្នុងគម្រោងវិនិយោគចំនួន ២៣៨គ្រោងដែលបានវិនិយោគនៅកម្ពុជា ឆ្នាំ២០២០ មានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ១៣គម្រោងទុនវិនិយោគ ១៤៧លានដុល្លារ, វិស័យឧស្សាហកម្ម និងកម្មន្ដសាល ២០៧គម្រោង ទឹកប្រាក់១ ៤៧០លានដុល្លារ, វិស័យទេសចរណ៍ ៧គម្រោង ទឹកប្រាក់វិនិយោគ ៣ ៨៦០លានដុល្លារ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១១គម្រោង ទឹកប្រាក់វិនិយោគ ២ ៧៧២លានដុល្លារ៕

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមស្ថាបនាសួនកម្សាន្តដ៍វែងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមអនុវត្តគម្រោងស្ថាបនា និងកែលម្អសួនច្បារដ៏ធំ និងមានប្រវែងវែងស្របតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដោយមានការបែងចែកជាគន្លងសម្រាប់ថ្មើរជើង គន្លងសម្រាប់ជិះកង់ និងកន្លែងសម្រាប់អង្គុយលំហែរដោយមានដាំលម្អរដោយដោមផ្កា និងរុក្ខជាតិបៃតង។

លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ប្រឡាយទឹកផ្លូវ៦០ម៉ែត្រនៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អទៅជាសួនកំសាន្ដមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។

លោកបន្ថែមថា ប្រឡាយទឹកនេះ មានទទឹងប្រវែង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងាយជិត២គីឡូម៉ែត្រ។ ការកែលម្អនៅដំណាក់កាលទីមួយនេះ ចាប់ផ្ដើមពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរា តំបន់អង្គរឃ្យុងយូរ។ គម្រោងកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រ អនុវត្តន៍ដោយអាជ្ញាធរជាតិអប្សរានេះ នឹងប្រើស្ថាបនារយៈពេល១៨ខែ។

ជាដំណាក់កាលបន្តបន្ទាប់នឹងបន្តចាប់ពីចំណុចរង្វង់មូលនាងអប្សរាឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចដដែលឆ្ពោះទៅកាន់ចំណុចឆែកសំបុត្រ ផ្លូវទៅទស្សនាប្រាសាទអង្គរ និងទៅកាន់ប្រាសាទស្រះស្រង់ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី។

ការកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះដោយសារតំបន់នេះមានអ្នកទេសចរណ៍ធ្វើដំណើរទៅមកច្រើន ជាពិសេសកន្លែងទិញសំបុត្រសម្រាប់ប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងមានសារមន្ទីរចំនួន៣កន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំបូងនៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ បន្ទាប់ពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូស ក្នុងដំណាក់កាលទីមួយជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងចំណោម១លានដូល ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយថ្ងៃថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំបានទទួលដំណឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១”។

សម្ដេចតេជោបន្ដថា “ដូចការប្រកាសរបស់សម្ដេចកន្លងទៅហើយថា ពេលវ៉ាក់សាំងពេលមកដល់ សម្ដេចនឹងទៅទទួល។ ឥឡូវនេះត្រូវរៀបចំការទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានវត្តមានរបស់ខ្ញុំ និងមានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ដេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏នឹងចូលរួម។ ដូច្នេះត្រូវរៀបចំពិធីទទួលនៅទីនោះ ហើយអាចនឹងមានសុន្ទរកថាខ្លីមួយរវាងភាគីទាំងសងខាង”។

សម្ដេចតេជោក៏បានជំរុញឱ្យក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ រៀបចំកិច្ចការងារនេះ។ សម្ដេចតេជោបន្ថែមថា បន្ទាប់ពីបានទទួលវ៉ាក់សាំងហើយ គឺគណៈកម្មការវ៉ាក់សាំង ត្រូវធ្វើនីតិវិធីដាក់ឱ្យប្រើ ប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ដូចប្រទេសនានា ដែលគេអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូ ហ្វាមនេះដែរ ហើយកំណត់យកតែម្ដង គឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំថ្ងៃពុធ មុនចូល ឆ្នាំចិន ដើម្បីធ្វើពិធីចាក់វ៉ាក់សាំងដំបូង ដោយមានការផ្សាយបន្តផ្ទាល់ និងសន្និសីទកាសែត របស់នាយករដ្ឋមន្ត្រីតែម្ដង។

សម្ដេចតេជោលើកឡើងថា “ខ្ញុំមិនអាចត្រូវរង់ចាំថា ឱ្យក្រុមគ្រូពេទ្យរបស់យើងទទួលវ៉ាក់សាំងមុនសិននោះទេ ព្រោះមុនក្រោយគង់តែទទួលវ៉ាក់សាំងដូចគ្នា។ ដូច្នេះខ្ញុំនឹងទទួលវ៉ាសាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រៅពីខ្ញុំ យើង អាចចុះឈ្មោះនៅមន្ត្រីជាន់ខ្ពស់របស់យើងមួយចំនួន ក្នុងការិយាល័យនយោបាយ ក្នុងរាជរដ្ឋាភិបាល ថាតើប៉ុន្មាននាក់ត្រូវចាក់នៅកន្លែងនោះ គឺមិនត្រូវរង់ចាំទេ។ ដូចដែលខ្ញុំបានបញ្ជាក់ហើយថា នេះវាជាទំនិញយុទ្ធសាស្ត្រ ហើយវាបានក្លាយជាបញ្ហានយោបាយក្នុងស្រុកផង នយោបាយក្រៅប្រទេសផង។ ដូច្នេះយើងត្រូវប្ដូរផ្ដាច់ធ្វើការងារនេះឱ្យបាន ដោយដណ្ដើមពេលវេលា”។

សម្ដេចតេជោបានបន្ថែមទៀតថា លទ្ធភាពដែលថាកម្ពុជាទទួលបានវ៉ាក់សាំងទីបី បន្ទាប់ពីប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហើយមកដល់កម្ពុជា គឺមេដឹកនាំប្រទេសទាំងបីនេះទទួលបានមុនគេ។ សម្ដេចតេជោបានឱ្យដឹងដែរថា គ្រូពេទ្យដែលត្រូវចាក់វ៉ាក់សាំងឱ្យសម្ដេចគឺអាចនឹងចាក់វ៉ាក់សាំងឱ្យអ្នកដទៃទៀតបាន នៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំងលើកដំបូងនេះ។ ដូច្នេះសូមត្រៀមរៀបចំឱ្យគ្រប់លក្ខណៈសម្បត្តិទាំងអស់ ហើយអ្នកដែលត្រូវទទួលបន្ទុកចាក់វ៉ាក់សាំងឱ្យមេដឹកនាំរបស់យើង ត្រូវហ្វឹកហាត់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា “វាមិនជាការលំបាកអ្វីនោះទេ ព្រោះប្រទេសរបស់យើង ធ្លាប់បានចាក់វ៉ាក់សាំងឱ្យកុមាររាប់លាននាក់ទៅហើយ តែត្រូវរៀនសូតពីក្រុមគ្រូពេទ្យចិនដែលមកជួយហ្វឹកហាត់ ពីបទពិសោធន៍នានាក្រោយការចាក់វ៉ាក់សាំង”៕

ព្រលានយន្តហោះក្នុងតំបន់ថ្មីមួយទៀតនឹងបង្ហាញខ្លួនក្នុងខេត្តកោះកុង

ដោយ ៖ រ៉ាណេត
កោះកុង ៖ គម្រោងសាងសង់ព្រលានយន្ដហោះក្នុងតំបន់ថ្មីមួយទៀតគ្រោងនឹងបង្ហាញវត្តមាននៅក្នុងខេត្តកោះកុងនៅលើផ្ទៃដីទំហំ៥០០ហិកតា បន្ថែមពីលើគម្រោងព្រលានយន្ដហោះដែលមានស្រាប់ចំនួន២ នាពេលបច្ចុប្បន្ននេះ។

អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធីបានមានប្រសាសន៍នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រៅពីព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុងក៏ត្រៀមទទួលនូវព្រលានយន្ដហោះថ្មីមួយទៀតផងដែរ ស្ថិតនៅព្រំប្រទល់ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុងលើផ្ទៃដីប្រហែល៥០០ហិចតា។

លោកសុខ សុទ្ធី បានបញ្ជាក់ថា “ព្រលានយន្ដហោះថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងក្រុមហ៊ុនវិនិយោគ កំពុងសិក្សារៀបចំទីតាំង។
យ៉ាងណាមិញ គេសង្ឃឹមថា នៅពេលព្រលានយន្ដហោះទាំងពីរនេះសាងសង់រួចជាស្ថាពរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀតផងដែរ តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម”។

បច្ចុប្បន្នព្រលានយន្ដហោះនៅតំបន់តារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់១៥០លានដុល្លារ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង គ្រោងនឹងបើកឱ្យដំណើរការជើងហោះហើរសាកល្បងនៅចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្នផ្លូវរត់សម្រាប់យន្ដហោះបានសាងសង់រួចរាល់ជាស្ថាពរហើយ។

លោក សុខ សុទ្ធី បានអះអាងថា ដំណើរការសាងសង់ព្រលានយន្ដហោះនៅតំបន់តារាសាគរនេះ គឺជិតរួចរាល់ទាំងស្រុងហើយ ខណៈផ្លូវសម្រាប់យន្ដហោះរត់ (Run Way) នៅសល់តែការបំពាក់ភ្លើងសញ្ញាតែប៉ុណ្ណោះ ដែលកំពុងរៀបចំ។ ដោយឡែក ច្រកសម្រាប់អ្នកដំណើរ (Gate) នោះរួចរាល់ប្រហែលជិត៧០ភាគរយ គ្រោងបញ្ចប់នៅពេលខាងមុខឆាប់ៗ៕

ប្រធាន CLDA : ទីផ្សារដីឡូតិ៍អាចនឹងមានសន្ទុះឡើងវិញលឿនជាងផ្នែកដទៃនៅពាក់កណ្តាលឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងទៅលើការទិញ លក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍កាលពីឆ្នាំ២០២០កន្លងទៅនេះ នៅក្នុងឆ្នាំ២០២១ ជាពិសេសចាប់ពីពាក់កណ្តាលឆ្នាំទៅទីផ្សារមួយនេះអាចនឹងងើបឡើងវិញជាមួយនឹងល្បឿនលឿនជាងទីផ្សារដទៃទៀតនៃវិស័យអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ាម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។

លោកឧកញ៉ាម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា(CLDA) បានមានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដូចគ្នាទៅនឹងការមើលឃើញពីសញ្ញាវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅកម្ពុជា សម្រាប់តែផ្នែកដីឡូត៍ដែលបានជួបឱនភាពយ៉ាងខ្លាំងកាលពីឆ្នាំ២០២០នោះ អាចនឹងមានកំណើនឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ជាពិសេសចាប់ពីអំឡុងពាក់កណ្តាលឆ្នាំទៅ។

លោកឧកញ៉ាបន្តថា “តាមការមើលឃើញជាក់ស្ដែងចាប់ពីពាក់កណ្តាលខែមករា ដើមឆ្នាំ២០២១នេះសកម្មភាពទីផ្សារដីឡូត៍ចាប់ផ្តើមមានកំណើនឡើងវិញជាបណ្តើរៗបន្ទាប់ពីស្ថានការណ៍នៃភាពប្រឈមត្រូវបានកាត់បន្ថយ ហើយមនុស្សចាប់ផ្តើមចេញធ្វើអាជីវកម្មនានាវិញ”។ លោកបន្តថា “ទីផ្សារដីឡូត៍មិនបាត់បង់នោះទេ ផ្ទុយទៅវិញមានតែកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារតែប្រជាពលរដ្ឋភាគច្រើននៅមិនទាន់មានលំនៅដ្ឋានរស់នៅផ្ទាល់ខ្លួននៅឡើយ ហើយលទ្ធភាពនៃការទិញអចលនវត្ថុក៏នៅមានកម្រិត ដូច្នេះការទិញដីឡូត៍ដែលមានតម្លៃទាបសម្រាប់សាងសង់លំនៅដ្ឋានគឺជាជម្រើសដំូងរបស់ពួកគាត់”។

លោកឧកញ៉ាម៉ន សុខា បានមានប្រសាសន៍បន្តទៀតថា “យើងទទួលស្គាល់ថាសម្រាប់ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យក៏បានផ្តល់នូវលក្ខខណ្ឌងាយស្រួលក្នុងការទិញដោយការបង់រំលោះ ប៉ុន្តែលទ្ធភាពនៃការបង់ទៀតសោតក៏ស្ថិតនៅក្នុងកម្រិតមួយខ្ពស់មិនក្រោម៣០០ដុល្លារក្នុងមួយខែនោះទេ ខណៈដែលការបង់រំលោះដីឡូត៍សម្រាប់សាងសង់លំនៅដ្ឋានត្រឹមជាង១០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ”។

ជាមួយនឹងការលើកឡើងពីការរំពឹងទុកនូវកំណើនទីផ្សារខាងលើនេះ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍រូបនេះក៏បានបង្ហាញពីមើលឃើញទូលាយផងដែរថា នៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ សកម្មភាពទីផ្សារដីឡូត៍នឹងកាន់តែធំជាងមុន ទាំងសកម្មភាពនៃគម្រោងថ្មី ទាំងសកម្មភាពទិញរបស់អតិថិជន ដោយសារតែនៅដើមឆ្នាំនេះមានក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ជាច្រើនបានបង្ហាញពីគម្រោងបើកលក់ដូឡូត៍ជាច្រើនទីតាំង ទាំងតំបន់ជាយរាជធានីភ្នំពេញ និងតាមបណ្តាបណ្តាខេត្តក្រុងមួយចំនួនទៀត៕