មជ្ឈមណ្ឌលបង្រៀនបើកបររថយន្តធុនធ្ងន់ជាលើកដំបូងនៅកម្ពុជាត្រូវបានដាក់ឱ្យដំណើរការ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់លើកដំបូងនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ជាលើកដំបូង ដែលជាការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់លើដងវិថី បណ្តាលមកពីអ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានជំនាញច្បាស់លាស់។

មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ១៦,៥៨៤ម៉ែត្រការ៉េ ដែលរួមមានអគាររដ្ឋបាលទំហំ ៨៤០ម៉ែត្រការ៉េ ទីលានសម្រាប់បង្រៀន និងប្រឡងយកបណ្ណបើកបរយានយន្តធុនធ្ងន់ ទំហំ ៨,៩០៩ម៉ែត្រការ៉េ និងអគារស្នាក់នៅសម្រាប់សិស្សមកពីបណ្តាខេត្តនានា មានទំហំ ៣៤៥ម៉ែត្រការ៉េ ព្រមទាំងមានការបំពាក់សម្ភារបរិក្ខាទំនើបៗជាច្រើនទៀត។

យោងតាមរបាយការណ៍ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា មូលហេតុចម្បងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលកត្តាមនុស្សមានរហូតដល់ ៩០ភាគរយ។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ក៏មានបង្កឡើងដោយអ្នកបើកបរយានយន្តធុនធ្ងន់មួយចំនួន ដូចជា៖ មិនមានជំនាញបើកបរច្បាស់លាស់ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។
របាយការណ៍បានបង្ហាញផងដែរថា នៅឆ្នាំ២០១៩ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបររថយន្តធុនធ្ងន់ មានចំនួន ១៨១នាក់ ស្មើ ៨.៤ភាគរយ។ បើប្រៀបធៀបជាមួយចំនួនអ្នកស្លាប់បង្កឡើងដោយសាររថយន្តធុនធ្ងន់នៅឆ្នាំ២០១៨ មានការកើនឡើង ៣៤នាក់។

អ្នកបើកបររថយន្តធុនធ្ងន់ភាគច្រើនមិនមានបណ្ណបើកបរ និងមួយចំនួនទៀតមានបណ្ណ តែមិនត្រឹមត្រូវតាមប្រភេទយានកំពុងបើកបរ។ ជាពិសេសអ្នកបើកបររថយន្តសណ្តោងរឺម៉ក

លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ញូនផ្លូវគោក បានឱ្យដឹងថា ឆ្នាំ២០២០កន្លងទៅនេះ រថយន្តធុនធ្ងន់បានចុះបញ្ជីសរុប ៣២ម៉ឺន ៥ពាន់គ្រឿង និងបានផ្តល់បណ្ណបើកបរយានយន្តប្រភេទ «គ» ដល់ «ង» សម្រាប់បើកបរធុនធ្ងន់បាន ២១ម៉ឺន ៨ពាន់បណ្ណ។ បើប្រៀបធៀបតួលេខរថយន្តចុះបញ្ជី និងការផ្តល់បណ្ណ បង្ហាញថា អ្នកបើកបរយានយន្តធុនធ្ងន់មានបណ្ណបើកបរតែ ៦៧ភាគរយប៉ុណ្ណោះ។
ដោយឡែកអ្នកបើកបររថយន្តធុនធ្ងន់ប្រមាណ ៣៣ភាគរយទៀត ដែលកំពុងបើកបើកបររថយន្តធុនធ្ងន់លើផ្លូវមិនមានបណ្ណបើកបរ និងមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។

លោកបានបញ្ជាក់ឱ្យដឹងថា មជ្ឈមណ្ឌលនេះមានគ្រូបង្រៀនមានសញ្ញាបត្រកម្រិតអនុបណ្ឌិត បរិញ្ញាបត្រ និងមានបទពិសោធន៍លើជំនាញនេះយូរឆ្នាំ។ ជាពិសេសគ្រូជំនាញមួយចំនួន ជាគ្រូបង្គោលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញពីគ្រូបង្រៀនបើកបរអាជីពនៅប្រទេសថៃ ហើយបានទៅអនុវត្តន៍ដៃចង្កូតនៅសាលាបង្រៀនបើកបរយានយន្តនៅថៃផងដែរ៕

រដ្ឋាភិបាលនឹងស្ថាបនាផ្លូវជាតិអាទិភាពចំនួន៣នៅក្នុងឆ្នាំ២០២១នេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងដំណើរការនៃការបន្តកិច្ច អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ឱ្យកាន់តែមានភាពល្អប្រសើរ សម្រាប់ឆ្នាំ២០២១នេះគម្រោងសាងសង់ និងស្ថាបនាផ្លូវជាតិចំនួន៣ខ្សែ នឹងត្រូវចាប់អនុវត្តដែលជាគម្រោងអាទិភាព។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រ​សាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជាបានកំណត់នូវគម្រោងចំនួន៣ជាអាទិភាព ដែលក្នុងនោះរួមមានគម្រោងស្ថាបនាផ្លូវជាតិលេខ៤១ គម្រោ​ងស្ថាបនាផ្លូវជាតិលេខ៣១ និងគម្រោងស្ថាបនាផ្លូវជាតិលេខ៣៣។

ដោយឡែកគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលមានប្រវែង១៧៦១ម៉ែត្រ អាចស្ថិតនៅក្នុងគម្រោងអាទិភាពឆ្នាំ២០២២ ឬឆ្នាំ២០២៣។

លោកសូរិយាបានបន្តថា នៅក្នុងឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ៧០c តភ្ជាប់ពីគល់ស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ហើយបន្ទាប់មកទៀតផ្លូវលេខ៥០c នៅកំពង់ធំ-កំពង់លែង រួមជាមួយនឹងផ្លូវផ្សេងៗមួយចំនួន ដែលស្ថិតនៅក្នុងផែនការអាទិភាព។ ប៉ុន្តែបើតាមប្រសាសន៍របស់ លោកទេសរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេដវែងនេះ ក៏អាចស្ថិតនៅក្នុងអាទិភាពឆ្នាំ២០២២ដែរ ប៉ុន្តែទោះបីជាយ៉ាងណាលោក មិនទាន់មានព័ត៌មានលម្អិ​ត ពីគម្រោងស្ពានមួយនេះនៅឡើយទេ។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីពេលកន្លងទៅបានឱ្យដឹងថា មានក្រសួងចំនួន៥ ហើយក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូនឈរក្នុងលំដាប់ទី៣ ដែលទទួលបានកញ្ចប់ថវិកាជាង៥០០លានដុល្លារអាមេរិកសម្រាប់ការស្រោចស្រង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេសដែលស្ថិតនៅក្នុងគម្រោងអាទិភាពដែលអាចធានាដល់សេដ្ឋកិច្ច។

គម្រោងចំណាយថវិកាជាតិឆ្នាំ២០២១ គោរពតាមនូវពិតានចំណាយគោល ដែល  រដ្ឋាភិបាលបានកំណត់ផ្តល់ជូនក្រសួង ស្ថាប័ននីមួយៗ សម្រាប់ចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ រួមជាមួយការអនុវត្តគោលការណ៍រក្សាកម្រិតប្រាក់បៀរត្សរ៍ និងប្រាក់បំណាច់មុខងារ។ ជារួមគម្រោងចំណាយចរន្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការថយចុះខ្លះធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០៕

ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបង្ហាញនូវស្ថាបត្យកម្មអគារទីស្តីការក្រសួងថ្មីជាមួយនឹងរចនាបទចម្រុះសម័យកាល

ដោយៈ ប៊ី

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនូវគ្រឿងលម្អអគារទីស្តី ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ជាមួយការប្រមូលផ្តុំសា្នដៃ និងស្ថាបត្យកម្មបុរាណខ្មែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនេះ ត្រូវបានបើកការដ្ឋានសាង់សង់ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា កាលចុងខែមករា ឆាំ្ន២០២០។

អគារទីស្តីថ្មីនេះ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកម្ពស់៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប៤៩,៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ២៦,៥៦៧ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់៣២.៥៣%។

អគារនេះ មានចំណតរថយន្តប្រមាណ៤៥០កន្លែង  ដែលអគារក្រសួងសព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗមាន៣០០នាក់ និងសាលសន្និបាតចំណុះ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា។

អគារទីស្តីការក្រសួងថ្មីនេះ មានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

សំណង់នេះជាផ្នែកមួយដ៏សំខា ន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសម័យតេជោដែលបងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំ​ណង់ប្រភេទនេះ ឲ្យរស់ឡើងវិញជាសំណង់របស់រដ្នទុកតជំនាន់។ ចំណែកទីស្តីការក្រសួងសព្វថៃ្ងរាជរដ្ឋាភិបាល បានប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដីរាជធានីវិញ៕

គម្រោងដីឡូតិ៍បន្ទាយស្រីកំពុងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យស្របនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ស្របទៅនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តសៀមរាបតាមរយៈរដ្ឋបាលស្រុកបន្ទាយស្រីដើម្បីប្រែក្លាយឱ្យទៅជាតំបន់ទីប្រជុំជនដ៏ទាក់ទាញ និងជាគោលដៅទេសចរណ៍ប្រចាំខេត្ត គម្រោងអភិវឌ្ឍន៍ដីឡូតិ៍បន្ទាយស្រីបាន និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងដូចជាការដាំបង្គោលភ្ជាប់បណ្តាញអគ្គិសនី និងការបង្កប់លូជាដើម។

ជាមួយនឹងសកម្មភាព និងផែនការនៃការអភិវឌ្ឍរបស់រដ្ឋបាលស្រុកបន្ទាយស្រីដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋដែលបន្តចូលទៅរស់នៅរាប់រយគ្រួសារ ក៏ដូចជាការប្រែក្លាយឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រចាំខេត្តសៀមរាប បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ដីឡូតិ៍បន្ទាយស្រីក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងគម្រោងដើម្បីបង្កភាពងាយស្រួលដល់បណ្តាអតិថិជនរបស់ខ្លួនដែលចង់សាងសង់លំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិ។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍បន្ទាយស្រី លោកស្រីជិន លក្ខិណា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ដើម្បីបង្កភាពងាយស្រួលបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងពន្លឿនការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងគម្រោងរួចរាល់ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានបំណងចង់សាងសង់លំនៅដ្ឋានសម្រាប់ស្នាក់នៅក្នុងពេលខាងមុខនេះ។

លោកស្រីបន្តថា “នៅពេលមានហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អ រួមមានការរៀបចំផ្លូវសម្រាប់ចរាចរណ៍នៅក្នុងគម្រោង មានការរៀបចំតភ្ជាប់បណ្តាញអគ្គិសនី ក៏ដូចជាការបង្កប់លូនៅក្នុងគម្រោងដែលស្ថិតនៅជាប់ផ្លូវហាយវេ៦០ម៉ែត្រ វាកាន់តែបង្កើននូវភាពទាក់ទាញក្នុងការវិនិយោគ ក៏ដូចជាការទិញទុកសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅជាកម្មសិទ្ធិ”។

លោកស្រីបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននៅក្នុងស្រុកបន្ទាយស្រីគឺកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្រោមការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្តតាមរយៈរដ្ឋបាលស្រុកបន្ទាយស្រី។ ជាក់ស្ដែង ទាំងហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ជាដើមត្រូវបានស្ថាបនាជាច្រើនខ្សែដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ ក៏ដូចជាទេសចរធ្វើដំណើរ។ បន្ថែមពីនេះ ស្រុកបន្ទាយស្រីក៏មានគម្រោងអភិវឌ្ឍប្រែក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនទីតាំងដែលស្ថិតនៅក្បែរគម្រោងអភិវឌ្ឍន៍ដីឡូតិ៍បន្ទាយស្រីតែម្ដង។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានលក់លំនៅដ្ឋានបែបលំហែរដ៏ស្រស់ស្អាតផងដែរជាមួយនឹងការផ្តល់ជូននូវតម្លៃសមរម្យ។

ជាការចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី ដែលស្ថិតនៅក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាតំបន់កំពុងមានគម្រោងអភិវឌ្ឍន៍បានផ្តល់ជូននូវកម្មវិធីពិសេសដោយការលក់បញ្ចុះតម្លៃពី ៣០០០ដុល្លា មកនៅត្រឹម ២០០០ដុល្លាក្នុងមួយឡូតិ៍សម្រាប់អតិថិជនដែលទិញដោយការបង់ផ្តាច់រហូតឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

លោកស្រីបញ្ជាក់ថា “ការបញ្ចុះតម្លៃជូនរហូតដល់ ១០០០ដុល្លារ ឬតម្លៃដីនៅត្រឹម ២០០០ដុល្លារក្នុងមួយឡូតិ៍នេះ គឺត្រូវធ្វើឡើងក្នុងលក្ខខណ្ឌផ្សេងគ្នា។ ជាធម្មតាតម្លៃដីនៅក្នុងគម្រោងគឺ ៣០០០ដុល្លារក្នុងមួយឡូតិ៍ ប៉ុន្តែសម្រាប់អតិថិជនដែលបានទិញ និងកក់ប្រាក់ ៥០ភាគនឹងទទួលបានការបញ្ចុះតម្លៃ ៥០០ដុល្លារ ហើយសម្រាប់ការកក់ប្រាក់ ៧០ភាគរយ នឹងទទួលបានការបញ្ចុះតម្លៃ ៨០០ដុល្លារ។ ដោយឡែកសម្រាប់អតិថិជនដែលមកទិញដីឡូតិ៍ដោយផ្ទាល់មិនមានឆ្លងកាត់ភ្នាក់ងារ នឹងទទួលបានប្រាក់លើកទឹកចំនួន ២០០ដុល្លា បន្ថែមទៀតផងដែរ។ ដូច្នេះមានន័យថា ដីដែលមានតម្លៃ ៣០០០ដុល្លា ក្នុងមួយឡូតិ៍បញ្ចុះតម្លៃនៅសល់ត្រឹមតែ២០០០ដុល្លាតែប៉ុណ្ណោះ ហើយកម្មវិធីត្រូវបានអនុវត្តចាប់ពីពេលនេះរហូតដល់ថ្ងៃចូលឆ្នាំចិនខាងមុខនេះតែប៉ុណ្ណោះ”។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទ 016 999 995 / 017 8 12345 / 097 8 123 456 ៕

លោកបណ្ឌិតគីម ហ៊ាង : ដីនៅតំបន់ជើងភ្នំបូកគោមានទីតាំងល្អ លក្ខខ័ណ្ឌល្អ រង់ចាំតែពេលកូវីដ១៩បញ្ចប់

ដោយ : គង់ សូរិយា

ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលបានប្រកាសពីការបង្កើតទីក្រុងឆ្លាតវៃនៅជើងភ្នំបូកគោកាលពីឆ្នាំមុន គំរោងនេះបានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិជាច្រើនបានសម្លឹងឃើញសក្តានុពលនៅតំបន់នេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះថា ជើងភ្នំបូកគោ ជាតំបន់មានទីតាំងល្អ អាកាសធាតុល្អ និងលក្ខខ័ណ្ឌបង់ប្រាក់មានភាពអំណោយផល ប៉ុន្តែដោយសារវិបត្តិកូវីដ១៩បានធ្វើឲ្យគំរោងនេះដំណើរការយឺត ហេតុនេះយើងត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ នឹងធ្វើឲ្យតំបន់នេះមានការអភិវឌ្ឍ និងរីកចម្រើនលឿន។

លោកបន្តថា “ដើម្បីធ្វើឲ្យដីតំបន់នេះឡើងថ្លៃ អ្នកវិនិយោគដែលមានដី គេរៀបចំការអភិវឌ្ឍន៍នៅតំបន់នោះ ព្រោះដីនឹងមិនឡើងថ្លៃទេ បើផែនការអភិវឌ្ឍន៍មិនបានរៀបចំបានល្អ”។លោកបន្តថា “ឧទាហរណ៍អ្នកវិនិយោគម្នាក់មានដី១០០ហិកតា គេបានយក៥ហិកតាសាងសង់រោងចក្រ ដោយជួលឲ្យឯកជនមិនគិតប្រាក់ អ្នកវិនិយោគនឹងហូរចូលទៅ​តំបន់នោះ បន្ទាប់គេនឹងយកដី១ហិកតាសាងសង់ផ្សារ ដែលការរៀបចំបែបនេះនឹងធ្វើឲ្យមនុស្សទៅរស់នៅច្រើន មានសកម្មភាពសេដ្ឋកិច្ច នឹងធ្វើឲ្យដីតំបន់នោះឡើងថ្លៃជាស្វ័យ​ប្រវត្តិ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា សម្រាប់ផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលប្រ​កាសនៅតំបន់ណាមួយ ដីនៅតំបន់នោះតែងតែឡើងថ្លៃ ប៉ុន្តែរដ្ឋាភិបាលមិនបានវិនិយោគ​ច្រើនទេ គឺវិស័យឯកជនជាអ្នកវិនិយោគ ហេតុនេះមានតែអ្នកវិនិយោគក្នុងស្រុក និងបរទេសចូលមកទេ ទើបធ្វើឲ្យដីឡើងថ្លៃ និងការអភិវឌ្ឍនៅតំបន់ណាមួយដីនឹងឡើងថ្លៃលឿន។

លោកបន្តថា “សំរាប់ការរៀបចំទីក្រុងនៅជើងភ្នំបូកគោ វាត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ ទើបតំបន់នេះមានការអភិវឌ្ឍលឿន ដោយសារលក្ខខ័ណ្ឌមួយចំនួន​ដែលបានលើកឡើងខាងលើ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែង មកបញ្ជាក់ថា តំបន់បឹងកក់ អ្នកវិនិយោគគម្រោងនេះ បានលក់ដីក្នុងតម្លៃទាបនៅពេលដំបូង ដើម្បីទាក់ទាញអ្នកវិនិយោគ ចូលទៅវិនិយោគគំរោងច្រើននៅទីនោះ ជាលទ្ឋផលពីមុនដីមានតម្លៃ៧០០ ទៅ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នដីនៅតំបន់បឹងកក់តម្លៃបានកើនដល់៤០០០ទៅ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់ផ្លូវ៦០ម៉ែត្រពីមុនមានតម្លៃ១០០ទៅ២០០ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងតម្លៃ១៣០០ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក៤ហិកតាសាងសង់ទីស្ដីការក្រសួងមុខងារសាធារណៈ

ដោយៈរ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ទំហំ៤ហិកតាសម្រាប់ការសាងសង់ទីស្ដីការក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃទីតាំងក្រសួងយុត្តិធម៌។

យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដី ការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយលោកកែន សត្ថា លេខ៦៣ សជណ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ក្រោមចំណារក៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ៤ហិកតា សម្រាប់សាងសង់អាគារទីស្ដី ការក្រសួងមុខងារសាធារណៈដែលស្ថិតនៅភាគខាងលិច នៃទីតាំងក្រសួងយុត្តិធម៌ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន តំបន់នៃផ្ទៃដីបឹងតាមោក កំពុងត្រូវបានធ្វើការអភិវឌ្ឍលើគម្រោងសាងសង់សំណង់ធំៗជាច្រើន ដែលក្នុងនោះរួមមានទាំងគម្រោងដែលអភិវឌ្ឍ និងវិនិយោគដោយរាជរដ្ឋាភិបាល ដូចជា ការសាងសង់អគារស្ថាប័នរដ្ឋ និងការវិនិយោគរបស់វិស័យឯកជនផងដែរ។

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន៣២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន២ សង្កាត់ចំនួន៦ និងភូមិចំនួន ២៥។

បើផ្អែកតាមប្លង់គោលប្រើប្រាស់ដី របស់សាលារាជធានីភ្នំពេញឆ្នាំ២០៣៥ ផ្ទៃបឹងដែលត្រូវរក្សាទុកទំហំប្រមាណតែ២១៤០ហិកតាប៉ុណ្ណោះ ដែលយើងអាចសន្និដ្ឋានបានថាផ្ទៃបឹងប្រមាណ៥០០ហិកតា បន្ថែមទៀតអាចនឹងត្រូវកាត់ចេញពីផ្ទៃបឹងដើម៕

ក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់ថៃរកបានចំណូលជាង២៥២លានដុល្លារពីទីផ្សារកម្ពុជា

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី របស់ថៃ សម្រេចបានចំណូលពីការលក់ចំនួន១,០២៣ប៊ីលានរៀល (២៥២.៣លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២០ ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ង់ត៍ និងគ្រឿងសំណង់នៅផ្សារកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអេសស៊ីជី ចេញផ្សាយកាលពីម្សិលម៉ិញនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ចំនួន២៤៤ប៊ីលានរៀលរៀល (៥៩,៧លានដុល្លារអាមេរិក) ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ង់ត៍ និងគ្រឿងសំណង់ ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះ៣ភាគរយបើធៀបនឹងឆ្នាំ២០១៩ ។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក និងការផ្ទុះនូវករណីឆ្លងសហគមន៍នៃជំងឺរាតត្បាតកូវីដ-១៩ ។ គ្រោះទឹកជំនន់បានបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើន រងការខូចខាតនិងកាត់ផ្ដាច់ ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ង់ត៍ និងគ្រឿងសំណង់ទទួលរងការប៉ះពាល់យ៉ាងខ្លាំង។

ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ត្រូវបានអាក់ខានដំណើរការ។ ជាងនេះទៀត ដោយមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ គម្រោងសាងសង់ភាគច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានផ្អាក។ ប្រការនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

ប៉ុន្តែ ខណៈដែលមានការធ្លាក់ចុះនូវតម្រូវការនៅក្នុងផ្នែកសំណង់លំនៅដ្ឋាន អគារពាណិជ្ជកម្មនិងឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ច តាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ។

ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកតាមរបាយការណ៍ត្រីមាសទី៤ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបក្នុងតម្លៃចំនួន១,៦៤៨ប៊ីលានរៀល (៤០៩លានដុល្លារអាមេរិក) ដែលកើនឡើង១៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ទាក់ទងនឹងលទ្ធផលប្រតិបត្តិការអាជីវកម្មក្នុងតំបន់ លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹងនូវលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ៩ភាគរយបើធៀបនឹងឆ្នាំ២០១៩ ពោលគឺសម្រេចបានត្រឹម ២៦.០១២ប៊ីលានរៀល (៩,៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះនូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ។

លោកបន្ដថា ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤,៤២៤ប៊ីលានរៀល (១,០៩១លានដុល្លារអាមេរិក) ដែលកើនឡើង៧ភាគរយ បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច។ នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់១៦.៣៣៩ប៊ីលានរៀល (៤,០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង៣២ភាគរយ នៃចំណូលសរុបពីការលក់ដែលល្អប្រសើរជាងកាលពីត្រីមាសមុន៕

ជប៉ុន​វិនិយោគ​នៅ​កម្ពុជា ១៤៤គម្រោង និង​មាន​ទុនវិនិយោគ​ជាង ២៧៩០លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ វិនិយោគិន​ជប៉ុន បាន​បោះទុន​វិនិយោគ​ជាង ២៧៩២លាន​ដុល្លារ​នៅ​កម្ពុជា​ក្នុង​រយៈពេល ២៧ឆ្នាំ​ចុងក្រោយ គិត​ចាប់​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០២០ ដោយបាន​ចូលរួមចំណែក​យ៉ាង ក្នុងការ​បង្កើត​ការងារ​ជាច្រើន​កន្លែង ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា។

យោង​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោង​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា មាន​ចំនួន ១៣៧គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ២.៤៨៦លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៨ ។

របាយការណ៍​បានឱ្យដឹង​ទៀតថា ក្នុង​ឆ្នាំ២០១៩ ជប៉ុន​វិនិយោគ ៦គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ២៩៩លាន​ដុល្លារ ក្នុងនោះ​គម្រោង​សាងសង់​ផ្សារ AEON Mall 3 មាន​ទុនវិនិយោគ រហូតដល់ ២៨៩,៦លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០២០ មាន ១គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ៧,១៧លាន​ដុល្លារ។ ការវិនិយោគ​របស់​ជ​ប៉ុន​ភាគច្រើន ធ្វើឡើង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាវិត នាង​កុក ប៉ោយប៉ែត និង​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan 2021” កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​កើតឡើង​តាំងពី​ឆ្នាំ១៩៥៣ មកម្ល៉េះ រហូតមកដល់ ឆ្នាំ២០១៣ កន្លងទៅ កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា។

លោក​បាន​ថ្លែងបន្តថា “ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការស្តា​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​ជាដើម” ។

លោក​ប៉ាន សូរ​ស័ក្តិ បាន​បន្តថា ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច រវាង​អាស៊ាន និង ជប៉ុន ជប៉ុន បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំនួន៨៧គម្រោង ក្នុងនោះ៥៨គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបាន​ប្រមាណ ២.០១០លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២០ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅកាន់​ជប៉ុន ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ១.១៣១លាន​ដុល្លារ និង​នាំចូល​មកវិញ​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ជាង ៨៧៩លាន​ដុល្លារ។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មានដូចជា ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង គ្រឿង​សង្ហា​រឹម គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ស្បែក​និង​ផលិតផល​ធ្វើ​អំពី​ស្បែក និង​ដែក ។ល។ ទំនិញ​ដែល​នាំចូល​ពី​ជប៉ុន រួមមាន គ្រឿង​ម៉ាស៊ីន រថយន្ត សាច់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្ហា​រឹម ក្រដាស កប្បាស ក្រណាត់​គ្រប់​ប្រភេទ ផលិតផល​ផ្លា​ស្ទីក សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ​ជាដើម៕

មហាមិត្ត​ចិន​សន្យា​ជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​រីកចម្រើន​ឡើងវិញ​យ៉ាង​ឆាប់រហ័ស

ដោយ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩កាន់តែ​រលូន និង​រួមចំណែក​កាន់តែ​សំខាន់ ក្នុងការ​យកឈ្នះ​ស​ង្គ្រោ​ម​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​បន្ត​ជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ឱ្យ​កាន់តែ​ឆាប់រហ័ស។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិ​ន​ធាន បាន​ថ្លែង​ក្នុងឱកាស​ដែល​លោក និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ នៅ​រសៀល​ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១កន្លងមក​ថា “មិត្តភាព​ដេក​ថែប​រវាង​កម្ពុជា-ចិន ពិតជា​មាន​ភាព​ជ្រាលជ្រៅ​បំផុត និង​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ចិន និង​កម្ពុជា” ។

ឯកអគ្គរដ្ឋទូត​ចិន​បានឱ្យដឹងថា រដ្ឋាភិបាល​ចិន ក៏បាន​បញ្ជូន​អ្នកឯកទេស​វេជ្ជ​សា ស្ត្រ​ចំនួន៤រូប មកជួយ​បណ្តុះបណ្តាល ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ចសហប្រតិបត្តិការ​យោធា ជាពិសេស​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ ហើយ​អ្នកជំនាញ​ទាំង៤រូបនេះ ក៏​បណ្តុះបណ្តាល​ពី​វិធីសាស្ត្រ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ មក​ក្រុមគ្រូពេទ្យ​កម្ពុជា​ផងដែរ។

លោក​វ៉ាង វិ​ន​ធាន បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ​បញ្ហា​ជំងឺ​កូ​វីដ-១៩ មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដូច្នេះ​ត្រូវតែ​បន្ត​សាមគ្គី​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ-១៩ ប្រទេស​ចិន​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​វិស័យ​ការពារ​ជំងឺ​កូ​វីដ-១៩ ដើម្បី​ជំរុញ​វ៉ាក់សាំង​ចិន ជា​ផលិតផល​សាធារណៈ ធ្វើឱ្យ​បណ្តា​ប្រទេស​កំពុង​អភិឌ្ឍន៍ នឹង​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩នេះ ព្រមទាំង​ជំរុញ​ផ្តល់ឱ្យមាន​ការគាំទ្រ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ចំពោះ​ប្រទេស​ដែល​ត្រូវការ​វ៉ាក់សាំង និង​នាំ​ក្តីសង្ឃឹម​មកដល់​ប្រទេស​កំពុង​អភិឌ្ឍន៍ ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ-១៩ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​បាន​ជូនដំណឹង​ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី-១៩ ចំនួន៦០ម៉ឺន​ដូ​ស ដែលជា​ជំនួយ​បន្ទាន់​របស់​ចិន​មក​កម្ពុជា នឹង​ដឹក​មកដល់ រាជធានី​ភ្នំពេញ។ សកម្មភាព​ទាំងនេះ បានបង្ហាញ​ពី​ចំណង​សាមគ្គីភាព មិត្តភាព​ពិត​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស និង​ប្រទេស ហើយនឹង​ក្លាយជា​កេរតំណែល​មួយ នៃ​ការកសាង​សហគមន៍​មួយ វាសនា​មួយ ទៅ​ថ្ងៃ​អនាគត សម្រាប់​មនុស្សជាតិ ដែល​នឹងត្រូវ​បន្តទៅ​រាប់រយ​ពាន់​ឆ្នាំ។

សម្តេច​បញ្ជាក់ថា មិត្តភាព​រាប់ពាន់​ឆ្នាំ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ “ជា​មិត្ត​រួមសុខទុក្ខ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក» និង​ជា​មិត្ត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ «និយាយ​តិច ធ្វើ​ច្រើន

លោក​ឧកញ៉ា​លឹម ហេង ជម្រុញ​វិនិយោគិន​ចាប់យក​ឱកាស​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ស្រប​ពេលដែល រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន និង​អ្នក​ផ្សេងទៀត​ចាប់យក​ឨ​កាស​នេះ ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​របស់ខ្លួន ឬ​ចាប់​យកមុខ​ចំ​នួ​ញ​នានា​ឲ្យ​ទទួលបាន​ជោគជ័យ។

លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​ក​ម្ព​ជា បានឱ្យដឹងថា នៅក្នុង​កាលៈទេសៈ​ពិភពលោក ក៏ដូចជា​កម្ពុជា​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ  យុវជន និង​អ្នកវិនិយោគ គួរតែ​សំឡឹងមើល​លើ​វិស័យ​ចំនួន២ គឺ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដែល​កំពុងមាន​សក្តានុពល​ខ្ពស់ និង​ជា​គោលនយោបាយ​អាទិភាព ក្នុងការ​លើកស្ទួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ឧកញ៉ា​បន្តថា “គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​នៃ​អនាគត​របស់​យុវជន ក្នុងការ​ប្រកបមុខរប​រ ក៏ដូចជា​ចាប់យក​អាជីវកម្ម និង​ការវិនិយោគ” ។ លោក​ឧកញ៉ា​ថា “បើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ល្អ​ហើយ វា​ជា​ឪ​កាស​សំរាប់​យុវជន​គ្រប់រូប ត្រូវ​ចាប់យក​មុខជំនាញ ឬ​មុខរបរ​រៀងខ្លួន” ។

លោក​ឧកញ៉ា​បន្ថែមថា នៅពេល​យើង​ចាប់យក​ឳ​កាស​ហ្នឹង យើង​ក៏ត្រូវ​មើល​ដែរ តើ​ជំនាញ​អ្វីដែល​ត្រឹមត្រូវ​ពិតប្រាកដ ដោយ​សំលឹងមើល​នៅខាងមុខ​ថា តើ​មុខរបរ​ហ្នឹង​វា​អាចរ​ស់បាន​រយៈពេល​ដ​ល់​កម្រិតណា។ លោក​លើក​ឧទាហរណ៍​ថា “អ្នកខ្លះ​ឃើញតែ​ចំណេញ​មួយរយៈ ហើយ​វា​អស់​ក៏មានដែរ វា​ដួល​បាត់ ដូច្នេះ​យើង​ត្រូវតែ​សម្លឹង​ឱ្យបាន​ឆ្ងាយ” ។

អនុប្រធាន​សភាពាណិជ្ជកម្ម​រូបនេះ​បាន​បន្ថែមថា ការចាប់យក​ឱកាស​នេះ ក៏ត្រូវ​ពឹង​លើ​ការព្យាយាម និង​គំនិត​ឆ្លាត​វៃ​របស់​ខ្លួនឯង​ផងដែរ ដោយ​លោក​ឧកញ៉ា​លើក​ឧទាហរណ៍​ថា អ្នកលក់​ទូរស័ព្ទ​តូប​ជាប់​គ្នា ឬ​លក់​គុយទាវ​ដូចគ្នា ហេតុអ្វី​គេ​លក់ដាច់ យើង​លក់​មិន​ដាច់?គឺ​វា​មិនមែន​នៅពេល​យើង​ចាប់យក ហើយ​វា​ត្រូវ​ទាំងអស់គ្នា​នោះទេ។ សំខាន់​មនុស្ស​ម្នាក់​ត្រូវមាន​ភាព​ឆ្នៃប្រឌិត និង​គំនិត​ឆ្លាត​វៃ​របស់​ខ្លួនឯង ដោយ​មិន​ប្រាកដថា​យើង​ហ្នឹង​រៀន​ខ្ពស់ ហើយ​ចេះ​ច្បាប់ ក៏​មិន​ប្រាកដជា​ជោគជ័យ​នោះទេ។

លោក​បន្តទៀតថា “ហេតុនេះ​នៅពេល​ចាប់​ឪ​កាស​បាន​ហើយ ត្រូវតែ​បង្កើត​ឪ​កាស​ខ្លួនឯង ទើប​ទទួលបាន​ជោគជ័យ ហើយ​បើ​យើង​មិនបង្កើត​ឪ​កាស​ទេ យើង​ធ្វើ​តែម្នាក់ឯង មិន​ទទួលបាន​ជោគជ័យ​ទេ” ។ លោក​បន្តថា “ការបង្កើត​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ទៃ​ផ្សេងទៀត​បាន​ចូលរួម ទាំង​អ្នក​នៅក្រោម និង​អ្នក​នៅលើ​យើង​ជាដើម ដែល​ត្រូវតែ​ពឹងពាក់​ទាំង​អ្នកជំនួញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែលមាន​ទុនវិនិយោគ​ជាមួយ” ។

ជាមួយគ្នានេះ លោក​បានផ្តល់​យោបល់​ឲ្យ​យុវជន ឬ​អ្នក​ដែលមាន​បំណង​បង្កើត​អាជីវកម្មផ្សេងៗ ត្រូវ​សំឡឹងមើល​ការវិនិយោគ​ទៅលើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ឲ្យ​បាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​វិស័យនេះ កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច និង​មិន​ងាយ​បរាជ័យ ។ ម្យ៉ាង​វា​ស្រប​ទៅ​ហ្នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម មាន​ផលិត​កសិកម្ម​ច្រើន ហើយ​វិស័យនេះ​នៅតែមាន​តម្រូវការ​ជាប្រចាំ​ថ្ងៃ ទោះ​វិស័យផ្សេងៗដួល​រំលំ​ក៏ដោយ។ កាលណា​វិស័យនេះ​ដើរ​ហើយ វិស័យ​សេវក​ម្ម និង​ឧស្សាហកម្ម​ក៏​នឹង​ដើរ​ព្រម​គ្នា​ហើយ៕