ស្ថាប័នទេសចរណ៍អាស៊ានដាក់ចេញយុទ្ធសាស្រ្តចំនួន៦ដើម្បីស្តារវិស័យនេះឡើងវិញ

ដោយ : គង់ សូរិយា

ភ្នំពេញៈ ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងវិធាននានាសម្រាប់ជំរុញ និងទាក់ទាញទេសចរក្នុងតំបន់អាស៊ាន និងប្រទេសដៃគូអាស៊ាន ស្ថាប័នជាតិទេស​ចរណ៍អាស៊ានបានពិភាក្សាគ្នា និងដាក់ចេញនូវវិធានការណ៍សំខាន់ៗចំនួន៦។

កិច្ចប្រជុំកាលពីថ្ងៃម្សិលម៉ិញនេះ ដឹកនាំដោយលោកថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសច​រណ៍អាស៊ានលើកទី៥៣ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍ អាស៊ានលើកទី៥៣តាមប្រព័ន្ធវីដេអូខនហ្វើរិន។

ស្ថាប័នពាក់ព័ន្ឋដែលចូលររួមក្នុងកិច្ចប្រជុំនេះបានផ្តោត លើរបៀបវារៈចំនួន៦រួមមាន ទី១ ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥។ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ (COVID-19) របស់ក្រសួងទេសចរណ៍កម្ពុជាបានគ្របដណ្តប់ នៅក្នុងផែន​ការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ផងដែរ។

ទី២ ការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ ដែលនឹងគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ (ដឹកនាំដោយកម្ពុជា) ទី៣ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ប្រទេសសមាជិកអាស៊ានមានការគាំទ្រការបណ្តុះបណ្តាលជំនាញ ទេសចរណ៍អាស៊ានតាមអនឡាញ ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ហើយបានគាំទ្រក្រសួងទេសចរណ៍កម្ពុជា ក្នុងការដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលអនឡាញ តាមកម្មវិធីសិក្សាអាស៊ាន (ASEAN MRA E-Learning)។

ទី៤ ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ អាស៊ាននឹងដាក់ចេញឯកសារមគ្គុទ្ទេសក៏ ស្តីពីការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។ ទី៥ ការរៀបចំឲ្យមានគំនិត ផ្តួចផ្តើមរួម ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងAIដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីទេសចរណ៍ឌីជីថល ដែលបានដាក់ចុះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងទី៦ ពិភាក្សា និងពិនិត្យលទ្ធភាព ធ្វើដំណើរតាមច្រករបៀងអាស៊ាន ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ស្របពេលជាមួយអាស៊ានកំពុងពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងបង្កើតភាពជឿជាក់ និងទំនុកចិត្តដល់ទេសចរណ៍ក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំដំបូងនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ាន ក្រសួងសុខាភិបាល ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងមហាផ្ទៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ អង្គការទេសចរណ៍ពិភពលោក សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (VISA, Agoda and Google….) ដែលមានសមាសភាពប្រមាណ ៣០០នាក់៕

ទីផ្សារជួលអគារនៅក្រុងព្រះសីហនុចាប់ផ្តើមមានកំណើនបន្តិចឡើងវិញបណ្ដើរៗ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ក្រោយពីស្ថានការណ៍នៃភាពប្រឈមនឹងជំងឺឆ្លង ត្រូវបានកាត់បន្ថយ ជាពិសេសមានការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសមួយចំនួន វត្តមាននៃជនបរទេស ក៏ដូចជាជនជាតិចិន បានវិលត្រឡប់មកកាន់ខេត្តព្រះសីហនុជាបណ្តើរៗ និងក្លាយជាចលករជំរុញឱ្យតម្រូវការជួលអគារចាប់ផ្តើមកម្រើកឡើងវិញ។

លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃដើមសប្ដាហ៍នេះថា ចាប់តាំងពីដើមឆ្នាំ២០២១ បន្ទាប់ពីស្ថានភាពនៃជំងឺ Covid-19 មានភាពស្ងប់ស្ងាត់ ជាពិសេសនៅក្នុងប្រទេសកម្ពុជាមានការទប់ស្កាត់បានល្អនោះ កំណើនទេសចរក្នុងស្រុកចាប់ផ្តើម មានកំណើនជាបន្តបន្ទាប់។

លោកបន្តថា “ក្រៅពីកំណើនទេសចរក្នុងស្រុក បច្ចុប្បន្ននេះក៏មានវត្តមានរបស់ទេសចរ និងវិនិយោគិនចិន វិលត្រឡប់មកកាន់ក្រុងព្រះសីហនុវិញដែរ ដែលក្នុងនោះភាគច្រើនជាវិនិយោគិនចាស់ បានមកបញ្ចប់គម្រោងរបស់ពួកគេ ដែលបានបន្សល់ទុកមុនពេលកើតមានវិបត្តិជំងឺរាតត្បាត”។លោកបន្ថែមថា “ទាំងការវិលត្រឡប់របស់វិនិយោគិន និងទេសចរចិន បានជួយជំរុញឱ្យទីផ្សារជួលអាគារសម្រាប់ស្នាក់នៅ ក៏ដូចជាអាគារអាជីវកម្មដែលធ្លាប់ស្ងាប់ស្ងាត់នោះ ចាប់ផ្តើមមានតម្រូវការវិញបន្តិច។ វាក៏ជាសញ្ញាល្អមួយផ្នែកនៅក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ដែលនឹងងើបឡើងវិញផងដែរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា នៅឆ្នាំនេះទីផ្សារអចលនទ្រព្យ ក៏ដូចជាតម្រូវការទីផ្សារជួលអគារ នៅក្នុងខេត្តព្រះសីហនុនឹងមានកំណើនឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងអត្រាតិចតួចនៅឡើយ ហើយកំណើននៃការជួលទាំងនេះភាគច្រើន ជាតម្រូវការរយៈពេលខ្លីពីសំណាក់ទេសចរដែលមកកម្សាន្តតែប៉ុណ្ណោះ។

លោកបានបន្តថា “យើងត្រូវមើលទៅលើភាពជាក់ស្ដែងនៃការវិលត្រឡប់របស់ពួកគាត់ តើជាទេសចរ ជាពាណិជ្ជករថ្មី ឬជាពាណិជ្ជករចាស់។ បើជាពាណិជ្ជករថ្មីទើបជាដំណឹងល្អដែលនឹងជួយចូលរួមទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម និងគាំទ្រដល់វិស័យអចលនទ្រព្យ”។ លោកបន្តថា “ប្រសិនបើជាពាណិជ្ជករចាស់ ពួកគាត់សុទ្ធតែមានអគារ មានផ្ទះអាជីវកម្មរបស់ពួកគាត់រួចហើយ តាំងពីពេលមិនទាន់មានវិបត្តិម្លេះ ដូច្នេះវាមិនធ្វើឱ្យតម្រូវការទីផ្សារនៃការជួលអគារកើនឡើងខ្ពស់នោះទេ”។

លោកថា “តាមការរសង្កេតមើលយ៉ាងហោចណាស់ ក៏ពាក់កណ្តាលឆ្នាំ ឬចុងឆ្នាំ២០២១ ទើបអាចមានតម្រូវការជួល និងមានដំណើរការទីផ្សារអចលនទ្រព្យឡើងវិញបន្ទាប់ពីមានការគ្រប់គ្រង និងបើកឱ្យមានការធ្វើដំណើរឆ្លងប្រទេស ទូលំទូលាយឡើងវិញ៕

ចំនួនអ្នកប្រើប្រាស់Internetនៅកម្ពុជាកើនឡើងប្រមាណ១៦លាននាក់ និងfacebookជាង១០លាននាក់

ដោយ : គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានអះអាងថា រហូតមកទល់ពេលនេះអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម(facebook) កើនដល់១០លាននាក់ និងអ្នកប្រើប្រាស់សេវាInternetកើនឡើងដល់១៦លាននាក់នៅទូទាំងប្រទេស។

លោកជា វ៉ាន់ដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៍បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅទូទាំងប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនប្រមាណជាង២០លានស៊ីមកាត និងអ្នកប្រើប្រាស់គណនីហ្វេសប៊ុក (Facebook) សរុបប្រមាណជាង១០លានគណនី ខណៈក្រសួងបាននិងកំពុងប្រែក្លាយទៅជាក្រសួងនាំមុខខាងផ្នែកឌីជីថលនាឆ្នាំក្រោយនេះ។

លោករដ្ឋមន្រ្តីបន្តថា “ខ្ញុំនឹងដឹកនាំក្រសួងនេះឈានមុខគេលើផ្នែកបច្ចេកវិទ្យាឌីជីថល ពោលកម្ពុជានឹងឈប់ប្រើប្រាស់ក្រដាសដោយនឹងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដើម្បីជាជំនួយ និងការងារប្រចាំថ្ងៃ”។

ការងារទាំងនោះមានដូចជា ការចុះហត្ថលេខា និងការសម្រេចចិត្តនានាតាមរយៈឌីជីថលជំនួសវិញ។ ក្នុងនោះដើម្បីសម្រេចបានគោលដៅក្រសួងបានរៀបចំអភិវឌ្ឍន៍នូវគម្រោង២១ ដោយភាគច្រើនជាថវិការបស់ក្រសួង បានមកពីការសន្សំសំចៃ ហើយ២១គម្រោងនេះ មានគម្រោងខ្លះនឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ ហើយគម្រោងខ្លះទៀតបានដាក់ឱ្យប្រើប្រាស់សាកល្បង ដោយនឹងបន្តអភិវឌ្ឍរហូតដល់ខែមករា ឆ្នាំ២០២២ខាងមុខ ក្រសួងនឹងប្រកាសថាជាក្រសួងឌីជីថល។

លោកជា វ៉ាន់ដេត បានលើកឡើងថា នៅពេលដែលយើងទទួលបានជោគជ័យ គឺយើងនឹងគិតគូរពិចារណាថា តើក្រសួងណាដែលចង់ឱ្យក្រសួងប្រៃសណីយ៍ជួយក្នុងការជំរុញប្រើប្រាស់ឌីជីថលនេះ យើងនឹងជួយ។ យើងរៀបចំយន្តការឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តគម្រោង ឌីជីថល នៅក្រសួងប្រៃសណីយ៍ ដើម្បីធានាថាគម្រោងទាំងអស់ដាក់ឱ្យប្រើប្រាស់គឺមានចរន្តភាពជារៀងរហូត ពោលមិនឱ្យប្រើហើយដាច់ទៅវិញ ឬបរា​ជ័យទៅវិញនោះទេ៕

ឧកញ៉ាផន វណ្ណិតៈកត្តាសំខាន់ៗចំនួន៣នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានសន្ទុះរ៉ឹងមាំឡើងវិញនៅឆ្នាំ២០២១នេះ

ដោយ : ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹងក្តីសុទិដ្ឋិនិយមពីការររីកចម្រើន លើវិស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះ ឧកញ៉ាផន វណ្ណិតបានមើលឃើញកត្តាសំខាន់ៗចំនួនបី ដែលវិស័យនេះនឹងសម្រេចបានកំណើនរ៉ឹងមាំឡើងវិញនៅឆ្នាំ២០២១នេះ។

អ្នកជំនាញអចលនទ្រព្យមួយរូប និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ាផន វណ្ណិតបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈនេះថា កត្តាសេដ្ឋកិច្ច ពេលវេលា និងកត្តាប្រជាសាស្រ្តនឹងរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឈានទៅកាន់កម្រិតរីកចម្រើនថ្មីមួយទៀតនៅឆ្នាំនេះ  ដោ​យសារ ទី១ សេដ្ឋកិច្ចកម្ពុជាទោះបីជារងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែមិនរងការខូចខាតខ្លាំងនោះទេ គឺវិស័យនេះនៅតែមានការរីកចម្រើន ខណៈដែលស្ថាប័នអន្តរជាតិធំៗបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនចន្លោះពី៤ ទៅ៥ភាគររយនៅឆ្នាំនេះ។

លោកបន្តថា “ហេតុផលដែលខ្ញុំអះអាងបែបនេះ ដោយសារសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនថេរ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពិសេសប្រទេសកម្ពុជាជាប្រទេ​សកំពុងមានការអភិវឌ្ឍ ហេតុនេះសេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍៍ទៅមុខរហូត”។ លោកបន្តថា “កត្តាប្រសាស្រ្ត គឺប្រជាជនកម្ពុជាមានចំនួនប្រមាណ១៦លាននាក់ ប្រាក់ចំណូលប្រជាជនមានការកើនឡើង ហេតុនេះបើយើងគិតប្រជាជនមួយគ្រួសារមានផ្ទះមួយ អ្នកទៅធ្វើការនៅក្រៅប្រទេសត្រូវការមានផ្ទះ​ មានដី វានឹងជាកំលាំាំងចលករជម្រុញឲ្យវិស័យនេះរីក​ចម្រើនខ្លាំងនៅពេលអនាគត”។

លោកបន្តថា កំនើនប្រាក់ចំណូល កំណើនតម្លៃដីធ្លីនេះហើយ នឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរសរវើក និងធ្វើឲ្យចរន្តសាច់ប្រាក់ មានលំហូរទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច ដែលធ្វើឲ្យចរន្តទិញលក់ដីធ្លី លំនៅដ្ឋាននឹងកើនឡើង ហើយតម្លៃដីធ្លីនឹងបន្តកើនឡើងបន្ថែមទៀត។

លោកឧកញ៉ាផន វណ្ណិតបានបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រជាសាស្រ្តនេះហើយ នឹងធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង ស្របពេលទីក្រុងនឹងកាន់តែរីកធំនាពេលអនាគត”។

ឧកញ៉ាបានបន្តថា កត្តាពេលវេលា ដែលយើងដឹងហើយថា រដ្ឋាភិបាលកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋ រៀបចំច្បាប់បទដ្ឋានគតិយុត្តិ និងកែទម្រង់ស៊ីជម្រៅ​លើស្ថាប័ននានា ដើម្បីទាក់ទាញការវិនិយោគ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ ស្របពេ​លដែលអ្នកវិនិយោគបររទេស នឹងចូលមកកាន់កម្ពុជាកាន់តែច្រើន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។ កម្ពុជាបានបញ្ចប់ការចចារពាណិជ្ជកម្មសេរី ជាមួយសាធារណៈរដ្ឋកូរ៉េ ហើយកម្ពុជាក៏បានចុះកិច្ចព្រមព្រៀង ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជា​ច្រើនទៀ​​ត ដែលផ្តល់នូវកាលានុវត្តន៍ភាព សម្រាប់ការឈានឡើងរបស់កម្ពុជា។

លោកបន្តថា “ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ ហេតុនេះ   ដើ ម្បីធ្វើឲ្យមុខមាត់ប្រទេសកាន់តែមានកិត្យានុភាព និងមានសោភ័ណភាព ដែលជំរុញ  ឲ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ធ្វើឲ្យអ្នកវិនិយោគដីធ្លីទទួលបានផលចំណេញនៅឆ្នាំ២០២៣ខាងមុខនេះ ដោយសារកត្តាសំខាន់ៗទាំងបីខាងលើនេះ”៕

ខេត្តកំពង់ស្ពឺក្លាយជាគោលដៅវិនិយោគលំដាប់ទី២ប្រចាំប្រទេសបន្ទាប់ពីរាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិសេសប្រចាំប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺបានឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគប្រមា​ណ២០ភាគរយនៃទុនវិនិយោគសរុបប្រចាំប្រទេស។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ខេត្តកំពង់ស្ពឺបានឈរនៅលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលទទួលបានទុនវិនិយោគប្រមាណ២០ភាគរយ នៃទុនវិនិយោគសរុបប្រចាំប្រទេស៨២៥០លានដុល្លារកាលពីឆ្នាំ២០២០។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះថា ក្នុងនាមជាអាជ្ញាធរខេត្ត លោកពិតជាមានក្ដីរីករាយ ជាមួយនឹងលទ្ធផលក៏ល្អប្រសើរ ដែលទទួលបានគម្រោងវិនិយោគជាច្រើននៅក្នុងខេត្ត។

លោកបានបន្តថា “បច្ចុប្បន្នខេត្តកំពង់ស្ពឺ ដែលធ្លាប់តែមានជីវភាពក្រីក្រជាងគេបា​ន​ប្រែក្លាយជាខេត្ត មានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍស្ទើរគ្រប់វិស័យជាពិសេ​សវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងវិស័យអចលនទ្រព្យផងដែរ”។ លោកបញ្ជាក់ថា “សម្រាប់វិស័យឧស្សាហកម្ម ខេត្តទទួលបានរាប់រយគម្រោង ដែលគិតទាំងស​ហគ្រាសតូចធំ រួមទាំងរោងចក្រនានាមានមិនក្រោយ៧០០ទីតាំងនោះទេ”។

ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងស្រុក

គង់ពិសី និងមួយទីតាំងទៀតនៅផ្លូវជាតិលេខ៤៤ ស្រុកឱត៉ាល់ ដោយមិនទាន់រាប់ពីគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្មដ៏ធំរបស់លោកឧកញ៉ពុង ឃាវសែរ នៅឡើយនោះទេ។

លោកបានបន្តថា នេះគឺជាមោទនភាពបំផុតចំពោះខេត្តកំពង់ស្ពឺ ដែលបាននឹងកំពុងទទួលបាននូវការអភិវឌ្ឍន៍ រោងចក្រសហគ្រាសរីកដុះដាលដូចផ្សិត នៅពេលនេះ ដោយបច្ចប្បន្នខេត្តកំពង់ស្ពឺ មិនដូចពីអតីតកាលទៀតទេ ហើយខេត្តមួយនេះកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ និងកំពុងតែស្រូបយកម្លាំងពលកម្ម ពីបណ្តាខេត្តផ្សេងៗរាប់ម៉ឺនកន្លែងផងដែរ។

លោកអភិបាលបានបញ្ជាក់ថា ការបង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរ និងបានដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិជ្រកក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើន ស្មើមុខស្មើមាត់ ដូចបណ្ដាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បច្ចុប្បន្នតំបន់សំខាន់ៗ ដែលកំពុងមានភាពទាក់ទាញ ក្នុងការដាក់ទីតាំងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម នៃខេត្តកំពង់ស្ពឺ កំពុងរីកសាយភាយនៅតាមបណ្តោយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ ផ្លូវលេខ៤១ ផ្លូវជាតិលេខ៤៤ រួមជាមួយគម្រោងនៃបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដែលមានតម្លៃសរុបរាប់រយលានដុល្លារ៕

ក្រុមហ៊ុនអូស្រ្តាលីនឹងចាប់ផ្តើមទាញយករ៉ែមាសនៅមណ្ឌលគីរីក្នុងត្រីមាសទី២ឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ចុះបញ្ជីនៅអូស្រ្តាលី បានឱ្យដឹងកាលពីថ្មីៗនេះថា ទុនវិនិយោគរបស់វា គឺគ្រប់គ្រាន់ហើយ ដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសអូខ្វាវ នៅខេត្តមណ្ឌលគីរី និងឈានដល់ផលិតកម្មលើកដំបូងនៅត្រីមាសទី២ ឆ្នាំនេះ។

ក្រុមហ៊ុន Renaissance បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី៤ របស់ខ្លួនថា ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុង ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី គម្រោងនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របតាមពេលវេលា និងថវិកាអភិវឌ្ឍន៍។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា សាច់ប្រាក់រួមរបស់ខ្លួន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំមុន មានប្រមាណ៧៧លានដុល្លារអូស្រ្តាលី (៥៨,៦ លានដុល្លារអាមេរិក) ដែលបានកត់សម្គាល់ថា ក្រុមហ៊ុនមានមូលនិធិយ៉ាងពេញលេញ ដើម្បីអភិវឌ្ឍគម្រោង។

ក្រុមហ៊ុនមិនទាន់បានប្រកាសពីការពន្យារពេល ឬការផ្លាស់ប្តូរកាលវិភាគសំខាន់ៗនៅឡើយទេ ទោះបីជំងឺរាតត្បាតនៅតែបន្តរារាំងប្រតិបត្តិការ។

ក្រុមហ៊ុនបានឱ្យដឹងថា “ការប្តេជ្ញាចិត្ត និងការតាំងចិត្តរបស់ក្រុមហ៊ុន និងកម្លាំងប្រតិបត្តិការប្រតិបត្តិការរបស់ក្រុមហ៊ុន បានធ្វើឱ្យផលប៉ះពាល់នៃជំងឺកូវីដ១៩ ស្ថិតកម្រិតមួយ មិនមានការពន្យាពេលគម្រោងរហូតមកដល់បច្ចុប្បន្ននេះ”។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា “ភាពមិនប្រាកដប្រជាជុំវិញទំនិញដឹកទំនិញអន្តរជាតិ បានបង្កការព្រួយបារម្ភជាបន្ត ចំពោះការអភិវឌ្ឍន៍គម្រោង ប៉ុន្តែបើគិតពីការអភិវឌ្ឍហើយឥឡូវនេះសម្រេចបានប្រមាណ៧៥ភាគរយ ក្នុងការរៀបចំឧបករណ៍ សម្រាប់ផលិតកម្មនៅទីតាំងផ្ទាល់”។

លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Emerald បានមានប្រសាសន៍ថា ក្រុមហ៊ុនបានបន្តជំរុញសកម្មភាពអភិវឌ្ឍន៍នៅគម្រោងរ៉ែអូខ្វាវ ដោយដំណើរការការងាររៀបចំដី និងការងារបេតុង ស្របគ្នានឹងកាលវិភាគ និងទាន់ពេលវេលាអភិវឌ្ឍន៍។

លោកបានថ្លែងថា “ការអភិវឌ្ឍគម្រោងបានជឿនលឿនគួរឱ្យកត់សំគាល់ ស្របតាមការរំពឹងទុក ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើង”៕

គម្រោងកំពង់ផែកោះទន្សាយនឹងបញ្ចប់ការសាងសង់នៅត្រឹមដើមត្រីមាសទី៣នៃឆ្នាំនេះ

ដោយ ៖ រ៉ាណេត

កែប ៖ កំពង់ផែកោះទន្សាយស្ថិតក្នុងខេត្តកែប កំពុងដំណើរការសាងសង់យ៉ាងរលូនតាមការគ្រោងទុកដែលរហូតមកដល់ពេលនេះជាលទ្ធផលសម្រេចបានប្រមាណ៥៥ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

លោកម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះថា កំពង់ផែកោះទន្សាយដែលបានកសាងនេះ ចាប់ផ្ដើមនៅឆ្នាំ២០២០ ហើយបានពន្យាពេល (នៅចុងឆ្នាំ២០២០) រហូតមកដល់បច្ចុប្បន្ននេះ ដោយសារកត្តាពីរ ទី១ ដោយសារកូវីដ និងទី២ ដោយសារលក្ខណៈបច្ចេកទេស តែទោះជាយ៉ាងណា ផែននេះនឹងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១នេះ។

លោកបានបន្ដទៀតថា កំពង់ផែកោះទន្សាយនេះ បានសាងសង់ឡើងមានផ្ទៃទំហំ ៣,៤៧០ម៉ែត្រការ៉េ ជម្រៅទឹក៤.៧ម៉ែត្រ ដែលអនុញ្ញាតឲ្យតែនាវាដឹកអ្នកដំណើរប្រភេទលេខ១ និងប្រភេទលេខ២ប៉ុណ្ណោះដែលអាចចូលចតបាន ហើយនាវាធំជាងនេះមិនអាចចូលបាននោះឡើយ។

លោកម៉ម ទូច បានបញ្ជាក់ថា “នាវាប្រភេទលេខ១ អាចចេញពីឆ្នេរបានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ផ្ទុកអ្នកដំណើរចាប់ពី៣០នាក់ ទៅ១០០នាក់ ខណៈនាវាប្រភេទលេខ២ អាចធ្វើដំណើរចេញពីឆ្នេរបានចម្ងាយពី ១៦១ ទៅ១៩៣គីឡូម៉ែត្រ អាចផ្ទុកអ្នកដំណើរពី១០០នាក់ ទៅ៣០០នាក់”។

កំពង់ផែកោះទន្សាយនេះ ត្រូវបានសាងសង់ឡើងដើម្បីបម្រើឲ្យតែវិស័យទេសចរណ៍ប៉ុណ្ណោះ ដោយឡែកការដឹកជញ្ជូនទំនិញផ្សេងៗ មិនអាចប្រើប្រាស់បាននោះទេ ព្រោះកំពង់ផែនេះ មានទម្ងន់ផ្ទុកមិនអាចលើសទី១៥តោនបានឡើយ។ កំពង់ផែនេះ បានកំពុងសាងសង់នៅលើទីតាំងផែចាស់ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានចម្ងាយពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ ប្រើប្រាស់ថវិការសាងសង់សរុបជិត៥ពាន់លានរៀល៕

សមាគម​ដីឡូត៍​ចុះ MOU ជាមួយ CREA ដើម្បី​ពង្រីក​កិច្ចសហការ​ដើម្បី​លើក​កំពស់វិស័យ​អចលនទ្រព្យ

ដោយ​គង់ សូរិយា

ភ្នំពេញៈ សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា (CREA) ដើម្បី​ពង្រីក​កិច្ចសហការ​និង​ចូលរួម​លើកស្ទួយ​វិស័យ​អចលនទ្រព្យ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២ កុម្ភៈ​កន្លងមកនេះ ដោយមាន​ការចូលរួម​ពី​ឧកញ៉ា​ម៉ន សុខា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា និង​លោ​កជឹង សុខ​ម៉េង​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា។

យោងតាម​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ងា​រ និង​ផ្លាស់ប្តូរ​ព៌​ត​មាន​គ្នា​ទៅវិញទៅមក លើ​ការអភិវឌ្ឍ​អចលនវត្ថុ ដីឡូត៍ និង​ផលប្រយោជន៍​ដទៃទៀត​របស់​ភាគី​ទាំងសងខាង។

យោងតាម​ខ្លឹមសារ​នៃ MOU បាន​ឲ្យ​ដឹង​ទៀតថា កិច្ចព្រមព្រៀង​នេះ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ឲ្យ​មាន​ស្តង់ដា បើក​វគ្គ​បណ្តុះបណ្តាល​ប​ន្ថែ​ម​ដល់​ម្ចាស់​អាជីវកម្ម ភ្នាក់ងារ​អចលនទ្រព្យ ដីឡូត៍​ឲ្យ​បាន​យល់​ច្បាប់​ពី​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា និង​ផ្តល់​ការបណ្តុះបណ្តាល ឳ​កាស​ការងារ​ដល់​យុវជន ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ព្រមទាំង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជាដើម។

MOU ក៏បាន​ផ្តោតលើ​ការសហការ​គ្នា បញ្ជូន​វាគ្មិន​ចូលរួម​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា​ពីគ្នា​ទៅវិញទៅមក ដែល​សមាគម​ទាំងពីរ​នឹង​រៀបចំឡើង​ប្រចាំខែ ឬ​ប្រចាំឆ្នាំ​ផងដែរ៕

បុរី​សាគូ​រ៉ា​ផ្តល់ជូន​នូវ​លក្ខ​ខណ្ឌបង់ប្រាក់​ពិសេស​ដល់​អតិថិជន​ត្រឹម​ចន្លោះ​ពី២០០ ទៅ៣០០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ

ដោយៈ​គង់ សូរិយា

កណ្ដាល៖ ជាមួយនឹង​សំណង់​លំនៅដ្ឋាន​ប្រកបដោយ​គុណភាព និង​ផ្តល់​ផាសុកភាព​ដល់​ការរស់នៅ​បុរី​សាគូ​រ៉ា នៅ​តំបន់​ឧ​ដុង្គបាននិងកំពុង​ផ្តល់នូវ​លក្ខ​ខណ្ឌ​បង់ប្រាក់​ពិសេស​ដល់​អតិថិជន ត្រឹម១ខែ​ជាង២០០ទៅ៣០០ដុល្លារ​ប៉ុណ្ណោះ។

ក្នុង​ឱ​កាសចូល​ឆ្នាំ​ប្រពៃណី​ជាតិចិន​ខាងមុខនេះ បុរី​សាគូ​រ៉ា​ក៏​ផ្តល់នូវ​ការបញ្ចុះ​តម្លៃ​ពិសេស រហូតដល់៩០០០ដុល្លារ​អាមេរិក និង​ថែម​ជូន​នូវ​សម្ភារៈ​ក្នុង​លំនៅដ្ឋាន​ជាច្រើន​ទៀត។

តាម​សេចក្តីប្រកាស​ព័ត៌​មាន​របស់​ក្រុមហ៊ុន Sakura Real Estate, Co, Ltdបាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២ កុម្ភៈ​នេះ​ថា បុរី​សាគូ​រ៉ា​បាន​សាងសង់ឡើង នូវ​លំនៅដ្ឋាន​ចំនួន​បី​ប្រភេទ ទី១ វា​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម​មាន​ទំហំ៤,៥ គុណ​នឹង១៤ម៉ែត្រ មាន២បន្ទប់​គេង ៣បន្ទប់ទឹក សល់​មុខផ្ទះ៤,៥ម៉ែត្រ និង​ក្រោយ​ផ្ទះ១,៥ម៉ែត្រ និង​ប្លង់​សេ​ចំនួន២សន្លឹក ទី២ ប្រភេទ​វីឡា​ទោល ទំហំ​ដី១០គុណ​នឹង២០ម៉ែត្រ សាច់​ផ្ទះ៨គុណ​នឹង១២ម៉ែត្រ សល់​មុខផ្ទះ៦ម៉ែត្រ និង​ក្រោយ​ផ្ទះ២ម៉ែត្រ មាន​៣បន្ទប់​គេង និង៣បន្ទប់ទឹក និង​ប្រក់​ដំបូល​ស៊ី​ប្រូ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ ។

ប្រភេទ​ផ្ទះ​ទី៣ ផ្ទះ​វីឡា​កូនកាត់​ប្រភេទ​E០ ទំហំ​ផ្ទះ៤,២ម៉ែត្រ គុណ​នឹង១៣ម៉ែត្រ សល់​មុខផ្ទះ៤ម៉ែត្រ និង​ក្រោយ​ផ្ទះ១ម៉ែត្រ មាន​បន្ទប់​គេង២ និង​បន្ទប់ទឹក១ ផ្ទះបាយ១ និង​បន្ទប់ទទួលភ្ញៀវ១ ។

បុរី​សាគូ​រ៉ា​មាន​ទូ​តាំងនៅ​ភូមិ​ផ្សារ​ដែក​ក្រោម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល និង​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ចំណាយពេល១៥នាទី​ប៉ុណ្ណោះ។

លោក​ប៊ុត សូ​វៀត តំណាង​ផ្នែក​លក់នៃ​បុរី​សាគូ​រ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គំរោង​បុរី​សាគូ​រ៉ា ជាទី​តាំង​ពោរពេញ​ដោយ​សក្តានុពល មាន​រោងចក្រ សហគ្រាស​ព័​ទ្ឋ​ជុំវិញ ដោយមាន​ផ្លូវ​ទំហំ៣០ម៉ែត្រ​កាត់មុខ​បុរី ពិសេស​គំរោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​តំបន់​រមណីយដ្ឋាន​លំហែរ​កាយ​របស់​ឧកញ៉ា​ស្រី​ចាន់ថន ដែលមាន​ផ្ទៃដី​ទំហំ៨ហិកតា។ លោក​បន្តថា អ្វី​កាន់តែ​ពិសេស គឺ​ក្នុង​គំរោង​នេះ​មានការ​រៀបចំ​ជា​សួនផ្កា​ឈូករ័ត្ន អាហា​រដ្ឋា​ន កញ្ចុះ​លើទឹក ទារ​ទឹក​ជិះ​កម្សាន្ត និង​សេវាកម្ម​កំសាន្ត​សម្រាប់​កុមារ​ផងដែរ ហើយ​មាន​ចម្ងាយ​ត្រឹម១៥០ម៉ែត្រ​ប៉ុណ្ណោះ​ពី​ជើងភ្នំ​ឧ​ដុង្គ។

លោក​បន្តថា “នៅ​ជុំវិញ​តំបន់​នេះ​មាន​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត ពិសេស​ផ្ទះ​មានតម្លៃ​សមរម្យ​បំផុត​ដែល​អតិថិជន​អាច​ទិញ​ទុក​វិនិយោគ​យកចំណេញ និង​សម្រាប់​ស្នាក់នៅ​ប្រកបដោយ​ផាសុខភាព” ។

ទំនាក់ទំនង​លេខ​ទូរស័ព្ទ 077530358   (Cellcard) 060878768   (Metfone) 0966878768 (Smart) ៕

តើ​អ្នក​ត្រៀមខ្លួន​ដូចម្តេច​នឹង​កំនើន​កកស្ទះ​ចរាចរណ៍​នៅពេល​ប្រជាជន​ទីក្រុង​ភ្នំពេញ​កើន​ដល់ ៤,៥លាន​នាក់​នៅ​ឆ្នាំ២០៣០?

ដោយ​គង់ សូរិយា

ភ្នំពេញៈ តើ​អ្នក​ធ្លាប់​ស្រម័យ​ពី​ការរក​ក​ស្ទះចរាចរណ៍​រាប់​ម៉ោង ទៅមុខ​មិន​រួច ត្រលប់​ក្រោយ​មិនបាន​ហើយ​ឬ​នៅ? កំនើន​ប្រជាសាស្ត្រ និង​យានយន្ត​ក្រុងភ្នំពេញ​នឹង​បង្កើត​នូវ​បញ្ហា​នេះ​នាពេល​អនាគត ខណៈ​ចំនួន​ប្រជាជន​នៅ​ទីក្រុង​នេះ​កើន​ដល់៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

ខណៈ​បច្ចុប្បន្ន លំហូរ​នៃ​ជំនន់​ចរាចរណ៍​នៅ​ទីក្រុង​នេះ បានចាប់់ផ្តើម​បង្ក​ការកកស្ទះ​ខ្លាំងបណ្តើរៗហើយ ស្របពេល​ចំនួន​មនុស្ស​រស់នៅ​មាន​ត្រឹម​ប្រមាណ៣លាន​នាក់ ប៉ុន្តែ​នៅ​ឆ្នាំ២០៣០ខាងមុខ ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ នឹង​កើន​ដល់៤,៥ទៅ៥លាន​នាក់។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution បាន​ឲ្យ​ដឹងថា នៅពេល​ចំនួន​មនុស្ស​រស់នៅ​កើនឡើង​ដល់៥លាន​នាក់ ប្រជាពលរដ្ឋ​នឹង​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន ដោយសារ​ហេតុផល​មួយចំនួន។

ប៉ុន្តែ​ជាក់ស្តែង​តាម​ការសង្កេត​ជាទូទៅ គឺ​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ខ្មែរ​បានចាប់ផ្តើម​រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើនបណ្តើរៗហើយ ដោយ​និន្នាការ​នេះ​បាននិងកំពុង​ផ្លាស់ប្តូរ​បែបផែន​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ជាមួយគ្នានេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម និង​សំណង់​ដែល​បានចេញ​ផ្សាយ​កាលពី​កំឡុង​ឆ្នាំ២០១៧កន្លងមក​បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ២០១៥ដល់​ឆ្នាំ២០៣០ចំនួន​ប្រជាជន​នៅតាម​ទីប្រជុំជន និង​ទីក្រុងធំៗ និង​កើន​ពី៤ទៅ៧លាន​នាក់។ កំណើន​ប្រជាសាស្ត្រ​នេះ នឹង​ទាមទារ​ឲ្យ​មានការ​ផ្ត​ត់​ផ្គង់​លំនៅដ្ឋាន ដ៏​ច្រើន​រហូតដល់៨៥ម៉ឺន​ខ្នង​ដល់​ឆ្នាំ២០៣០ ពោលគឺ​ការផ្គត់ផ្គង់​ប្រចាំឆ្នាំ​ត្រូវមាន​ប្រមាណ​ជាង៥ម៉ឺន​ខ្នង។

ការសិក្សា​របស់​ក្រុមហ៊ុន Urban Living Solution កាលពី​ឆ្នាំ២០១៨ក៏បាន​រកឃើញ​ផងដែរ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ នឹង​កើន​ដល់៤,៥លាន​នាក់​ទៅ៥លាន​នាក់ ជា​ពេលវេលា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែច្រើន នឹង​រស់នៅ​តាម​ខុន​ដូ ដោយសារ​ទី១ កំនើន​ប្រជាសាស្ត្រ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង ទី២ តម្លៃ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​នឹងមាន​តម្លៃ​ខ្ពស់ ដែល​ប្រជាពលរដ្ឋ​ថ្នាក់កណ្តាល​មិនមាន​ល​ទ្ឋ​ភាព​ទិញ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​បាន តែ​ពួកគេ​អាច​ទិញ​នៅ​ជាយក្រុង ដែល​លំបាក​ក្នុងការ​ធ្វើដំណើរ។

ទី៣ ការរីកចម្រើន​បច្ចេក​វិទ្យា​នឹងធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រសើរឡើង ដោយ​អ្នករស់នៅ​តាម​ខុន​ដូ ឬ​លំនៅដ្ឋាន​នានា​អាច​កុំម៉ង់ អាហារ​ទទួលទាន​កាន់តែ​ងាយស្រួល និង​ទី៤ លក្ខ​ខ័​ណ្ឌ​កន្លែង​ការងារ ដែល​ប្រជាពលរដ្ឋ​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​ការងារ ហើយ​ពួកគេ​ងាក​មក​រស់នៅ​ខុន​ដូ ដែល​ស្ថិតនៅ​ជិត​កន្លែង​ការងារ​របស់​ពួកគេ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia លោកស្រី​អាន សុធី​តា​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ មិនមាន​ចំនួន​ច្រើន​នោះទេ គឺ​មួយ​គីឡូម៉ែត្រ​មាន​តង់​ស៊ី​តេ​ត្រឹម​ជាង២០០០នាក់ ប៉ុន្តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​មានការ​កើនឡើង​ខ្ពស់ ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​ហូ​ជី​ម៉ិ​ញ​ប្រទេស​វៀតណាម ដែលមាន​ប្រជាជន​រស់នៅ​ចន្លោះ៤០០០ ទៅ៥០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ តែ​បញ្ហា​ចរាចរណ៍​ហាក់​មិនអាក្រក់​ណាស់ណា​នោះទេ។

អ្នកនាង​បន្តថា “រដ្ឋាភិបាល​គួរ​ចាត់​វិធានការណ៍ ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ ណ៍ តាមរយៈ​ការដាក់ចេញ​វិធានការណ៍​អប់រំ និង​ជំរុញ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់ តាមរយៈ​ការធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​យល់ដឹង​ពី​ច្បាប់” ។

យ៉ាងណា​តាម​ការសង្កេត​ជាក់ស្តែង ការធ្វើ​ចរាចរណ៍​រប​ស់​ប្រជា​ល​រដ្ឋ​ខ្មែរ​នៅតាម​ដងផ្លូវ​នានា​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ពិតជា​មិនសូវមាន​របៀបរៀបរយ និង​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ ដែល​បានធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការធ្វើដំណើរ​តាម​ដងផ្លូវ​កំពុង​កកស្ទះ​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ពិសេស​ផ្លូវជាតិសំខាន់ៗចូលមក​កាន់​រាជធានី​កំពុង​កកស្ទះ​យ៉ាងខ្លាំង​ដូចជា ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់​បាន​ថ្លែងថា ការកើនឡើង​នូវ​ចំនួន​យានយន្ត នឹង​ក្លាយជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​អនាគត ប៉ុន្តែ​បើ​គ្មាន​ការអប់រំ​ប្រជាពលរដ្ឋ​ពីសី​ល​ធ៌​ម​នៃ​ការបើកបរ មិន​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរ ណ៍ និង​គោរព​ច្បាប់​ចរាចរណ៍​ទេ បញ្ហា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ព្រោះ​វា​មិន​ត្រឹម​តែមាន​ភាពអនាធិបតេយ្យ​លើ​ដងផ្លូវ​ប៉ុណ្ណោះ​ទេ តែ​វា​បង្ហាញ​ពី​សង្គម​មួយ​យ​គ្មាន​សណ្តាប់ធ្នាប់​ផងដែរ។

លោក​បន្តថា “រដ្ឋាភិបាល​នឹង​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ស្ពាន​អាកាស Sky Train ជាដើម នាពេល​អនាគត ដែល​វា​អាច​ដោះស្រាយ​បញ្ហា​បាន​មួយចំនែក ប៉ុន្តែ​នេះ​វា​នឹង​មិនមាន​និរន្តរភាព​ទេ។លោក​បន្ថែមថា “ប៉ុន្តែ​យ៉ាងណាក៏ដោយ​ប្រជាជន នឹង​រៀន​ទទួលយក​នូវ​បញ្ហា​នេះ​ដោយ​ខ្លួនឯង ហើយ​ឥរិយាបទ​នៃ​ការរស់នៅ​និង​ធ្វើដំណើរ​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ ព្រោះ​បញ្ហា​កកស្ទះ​ចរាចរណ៍ តែងតែ​កើតឡើង​នៅ​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក” ៕