តំបន់​ជាយក្រុង​ភ្នំពេញ​បាននិងកំពុង​ចាប់យក​ចំណែក​ទីផ្សារ​លំនៅដ្ឋាន​បែប​ប្រណីត

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ការអភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ប្រណីត ឬ​មានតម្លៃ​ថ្លៃ បាននិងកំពុង​បាញ់​ឆ្ពោះ ទៅកាន់​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ស្ទើរតែ​គ្រប់​ទិស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ការអភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ប្រណីត​ទៅកាន់​ជាយ​រាជធានី ដោយសារតែ​តម្លៃ​ដីនៅក្បែរៗ ឬ​កណ្ដាល​រាជធានី ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​មិនអាច​រកប្រាក់​ចំណេញ​បាន។

លោក​បាន​ថ្លែងថា “អ្នកវិនិយោគ​ត្រូវការ​តម្លៃ​ដី​ទាប​ល្មម ដែល​អាចឱ្យ​ពួកគេ​ចំណេញ​ពី​ការវិនិយោគ។ ម្យ៉ាងទៀត​នៅក្បែរ ឬ​កណ្ដាល​រាជធានី ក៏​មិនមាន​ដី​ទូលាយ សម្រាប់​អភិវឌ្ឍន៍​ជា​បុរី​បាន​ស្រួល​នោះដែរ” ។ លោក​បន្តថា “នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ ក៏មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើន​ផងដែរ ដែល​ជំរុញ​អោយ​វិនិយោគិន​ងាក​ទៅរក​តំបន់ជាយៗក្រុង សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន” ។

លោក​សុខ​នី​ម​បាន​ថ្លែងថា តាម​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏បាន​កំណត់​ការអភិវឌ្ឍ​ជុំវិញ​រាជធានី​ជា​មុំ៣៦០ដឺ​ក្រេ។ ដូច្នេះហើយ​គ្រប់​ទិស​នៃ​រាជធានី គឺ​ត្រូវមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់។ សម្រាប់​តម្លៃ​ត្រឹម២០ឬ៣០ម៉ឺន​ដុល្លារ​អាមេរិក នៅ​តំបន់​ជាយ​រាជធានី បច្ចុប្បន្ន​គឺ​នៅមាន​ការគាំទ្រ​ច្រើន ពី​ប្រជាពលរដ្ឋ​ព្រោះថា វា​ក៏​មិនទាន់​ថា​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ដែរ។

លោក​ប៉ូ អ៊ា​វ​គង់ អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន​អ៊ែត​វ៉ា​ន់ស៍ រៀល​អ៊ី​ស្ទេ​ត​បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា សញ្ញា​វិជ្ជមាន​សម្រាប់ វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​ឡើងវិញ​ជាបណ្តើរៗ ហើយ​ទន្ទឹមនឹងនេះ លំនៅដ្ឋាន​បែប​ប្រណីត​ក្នុង​គម្រោង​បុរីថ្មីៗមួយចំនួន ត្រូវ​បានដាក់​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ២០២១នេះ។

លោក​បានឱ្យដឹងថា “តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន ទីផ្សារ​នៅក្នុង​ស្រុក​របស់​យើង ហើយ​មួយ​ភាគ​តូច ក៏​ត្រូវបាន​វិនិយោគិន​ទិញ​សម្រាប់​ជួល ទៅឱ្យ​អ្នក​ប្រធាន​អង្គការធំៗ និង​ប្រធាន​ក្រុមហ៊ុនធំៗពី​បរទេស ដើម្បី​ទទួលបាន​ផលចំណេញ​ផងដែរ” ។ លោក​បន្ថែមថា “យើង​ឃើញថា​តម្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត នៅ​ដើមឆ្នាំ២០២១ នៅតែមាន​កំណើន ដោយសារ​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នករកស៊ី​មាន​រំហូរ​សាច់​ល្អ នៅតែ​ត្រូវការ​លំនៅដ្ឋាន​បែប​ប្រណីត” ។

លោក​បាន​បន្តថា ដើមឆ្នាំ២០២១ សញ្ញា​វិជ្ជមាន​ចំពោះ​វិស័យ អចលនទ្រព្យ​នៅ​កម្ពុជា ចាប់ផ្តើម​បង្ហាញ​ជាបណ្តើរៗ ដោយសារ​ស្ថាប័នធំៗ បាន​ព្យាករ​ពី​កំណើន​វិជ្ជមាន​សេដ្ឋកិច្ចកម្ពុជា ដែល​វា​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​អភិវឌ្ឍន៍ និង​វិនិយោគិន។

លំនៅដ្ឋាន​បែប​ប្រណីត​មានតម្លៃ​ចាប់ពី១០ម៉ឺន​ដុល្លារ ទៅដល់​ជាង១លាន​ដុល្លារ ហើយ​លំនៅដ្ឋាន​បែប​ប្រណីត​ភាគច្រើន ត្រូវបាន​អភិវឌ្ឍន៍​ក្នុង​គម្រោង​បុរី៕

តើ​ការជួល​ដី និង​អគារ​លំនៅ​ដ្ឋា​នមាន​ជាប់​កាតព្វកិច្ច​ពន្ធ​ដែរឬទេ?

ដោយៈ​រ៉ា ណេ​ត

ភ្នំពេញៈ ពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ត្រូវ​កំណត់​យក​លើ​ប្រាក់​ឈ្នួល ដែល​បានមកពី​ការជួល៖អាគារ​ដែល​សង់​លើដី​ដូចជាៈ ផ្ទះ រោងចក្រ ភណ្ឌាគារ ការិយាល័យ ។ល។

ហ​ត្ថូ​បក​រណ៍ ដែល​ជាប់​ជាមួយ​គ្រឹះស្ថាន​ឧស្សាហកម្ម ឋា​បន​ភ័​ណ្ឌ​ពាណិជ្ជកម្ម ឧស្សាហកម្ម ដែល​នៅ​នឹង​មួយកន្លែង​អាគារធំៗ ដែល​ទុកដាក់​ធាតុ​រាវ ឬ​ផលិតផលផ្សេងៗ ដូចជា ប្រេងឥន្ធនៈ កៅស៊ូ​ចាក់​ថ្នល់ គ្រាប់​ធញ្ញជាតិ​ផ្ទះ​អណ្តែត​ទឹក កប៉ាល់​សម្រាប់​ធ្វើជា​លំនៅដ្ឋាន ឬ​ដើម្បី​ប្រកប​អាជីវកម្មផ្សេងៗដីធ្លី ដែល​គ្មាន​សំណង់ ដោយ​រាប់បញ្ចូល​ទាំង​កន្លែង​យក​ថ្ម យក​រ៉ែ ធ្យូងថ្ម បឹង​បូរ ស្រែអំបិល។

ពន្ធ​នេះ​ត្រូវ​ប្រមូល​ពី​កម្មសិទ្ធិករ ឬ​សិទ្ធិវន្ត​របស់​កម្មសិទ្ធិ​ករ​អត្រាពន្ធ លើ​ឈ្នួល​ផ្ទះ និង​ដី​ត្រូវ​បានកំណត់​ស្មើនឹង ១០%នៃ​ប្រាក់​ឈ្នួល​ដុល។ ប្រាក់​ឈ្នួល​ដុល គឺជា​ប្រាក់​ឈ្នួល ដែល​បាន​ចុះកិច្ចសន្យា ឬ​បាន​ព្រមព្រៀង​ជាមួយ​អ្នក​ជួល៕

កិច្ចព្រមព្រៀងពាណិជ្ជសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងប្រកាសបញ្ចប់នៅថ្ងៃស្អែក

ដោយ៖ លក្ខិណា

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ដែលបានចរចាជាច្រើនលើកមកហើយនោះ គ្រោងនឹងប្រកាសបញ្ចប់នៅថ្ងៃស្អែក ថ្ងៃទី ០៣ កុម្ភៈ២០២១ ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី២ ខែកុម្ភៈ ២០២១ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានចរចាជាច្រើនលើកមកហើយ តាមរយៈវីឌីអូអនឡាញ រវាងក្រុមការងារកម្ពុជា និងកូរ៉េខាងត្បូង បើទោះបីពិភពលោកជួបវិបត្តិកូវីដ១៩ក្ដី។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងកន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជសេរី កម្ពុជា និងកូរ៉េខាងត្បូងគ្រោងនឹងចុះហត្ថលេខានៅក្នុងឆ្នាំ ២០២១នេះ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីរផ្សេងទៀត រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ( RCEP ) ក៏គ្រោងនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះដែរ ដោយរដ្ឋសភា និងព្រឹទ្ធសភា កំពុងពិនិត្យលើច្បាប់ដើម្បីសម្រេចនិងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខាប្រើប្រាស់ជាផ្លូវការ ។

លោកបន្តថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ចូលជាធរមាន កម្ពុជានឹងអាចនាំចេញទំនិញរបស់ខ្លួនចេញទៅកាន់ប្រទេសដៃគូកិច្ចព្រមព្រៀងបានកាន់តែច្រើន ដែលនឹងជំរុញទីផ្សារផលិតផលកម្ពុជាទៅកាន់អន្តរជាតិបន្ថែមទៀត និងធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជានិងប្រទេសដៃគូកាន់តែមានកំណើនឡើង។

លោកបានថ្លែងទៀតថា ក្រៅពីការនាំចេញទំនិញហើយ កម្ពុជា ក៏អាចទាក់ទាញបាននូវការវិនិយោគបន្ថែមពីប្រទេសទាំងនោះ ដែលជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាបានមួយកម្រិតទៀត។

បច្ចុប្បន្នអ្នកជំនាញរបស់កម្ពុជាកំពុងពិភាក្សានិងជ្រើសរើសមុខទំនិញណាខ្លះដែលត្រូវដាក់ចូលជាអាទិភាពដើម្បីនាំចេញដោយរួចពន្ធ នៅក្នុងកិច្ចព្រមព្រៀង ហើយកម្ពុជាក៏បានសិក្សាលម្អិតផងដែរ ពីអត្ថប្រយោជន៍នៃការចូលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសដៃគូទាំងនោះ។

ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទឹកប្រាក់៨៨៤លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងមានតម្លៃ ៣១៧លានដុល្លារអាមេរិក៕

តំបន់ព្រំដែនកម្ពុជា ថៃ ឡែម កំពុងមានសក្កានុពលសម្រាប់វិនិយោគលំនៅដ្ឋាន

ដោយៈ មុនី

បន្ទាយមានជ័យៈ តំបន់ព្រំដែនកម្ពុជា ថៃ (តំបន់ឡែម)បាននិងកំពុងបង្ហាញសក្តានុពលលើការវិនិយោគផ្នែកលំនៅដ្ឋាន  បើទោះបីកូវីដ១៩ មិនទាន់មានវ៉ាក់សាំងចាក់ការពារយ៉ាងណាក៏ដោយ ប៉ុន្តែតំបន់នេះនៅតែទាក់ទាញការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

ជាច្រកព្រំដែនអន្តរជាតិធំលំដាប់ទី២ឡែម ព្រំដែនអន្តរជាតិឡែមមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ មិនចាញ់ក្រុងប៉ោយប៉ែតឡើយ ដោយបច្ចុប្បន្នេះនេះ សំណង់អគារថ្មីៗ សណ្ឋាគារ ធនាគារ និងក្រុមហ៊ុនធំៗមួយចំនួនបានតម្រៀមជួរគ្នា នៅតាមបណ្តោយផ្លូវជាតិ៥៩យ៉ាងច្រើន។

ការរីកចម្រើនលូតលាត់នៃវិស័យទាំងនេះជាសូចនាករបង្ហាញពីសេដ្ឋកិច្ច​ និងការវិនិយោគនៅព្រំដែនអន្តរជាតិដូង (ឡែម) មានភាពអំណោយផលច្រើនមិនចាញ់ក្រុងប៉ោយប៉ែតនោះឡើយ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ​ថ្មីមានគុណភាពល្អ ជាច្រើនបានដាក់ឱ្យពលរដ្ឋប្រើប្រាស់។

អភិបាលស្រុកកំរៀង លោក សុក គឹមខុន មានប្រសាសន៍ថា ព្រំដែនឡែមមានលក្ខណៈពិសេសជាងព្រំដែនផ្សេងទៀតត្រង់ថានៅទីនេះមានឱកាសវិនិយោគច្រើន ហើយអាជ្ញាធរស្វាគមន៍ជានិច្ចចំពោះវិនិយោគិនថ្មីៗ។

លោកអភិបាលស្រុក “ស្រុកកំរៀងមានច្រកអន្តរជាតិឡែម ប្រៀបដូចមានដុំពេជ្រ និងមានដំណាំកសិឧស្សាហកម្មសម្រាប់កែច្នៃ ខណៈពលរដ្ឋ៧០ភាគរយជាកសិករ និង៣០ភាគរយជាអាជីវករ”។

ដោយសារមើលឃើញកាលានុវត្តន៍ភាពនេះ លោក ឈួន សិរីវិចិត្រ អគ្គនាយកក្រុមហ៊ុន បុរី រតនសម្បត្តិ លើកឡើងថា លោកបានសម្រេចចិត្តបោះទុនវិនិយោគវិស័យលំនៅដ្ឋាននៅឡែ មដោយភាពជឿជាក់ និងមានមោទនភាពចំពោះការវិនិយោគនេះ។ លោកបន្តថា បុរី រតនសម្បត្តិ មានគោលការណ៍៥ចំណុច ទី១ បុរីមានគុណភាពល្អ, សំណងរឹងមាំ មានប្លង់រឹង មានសុវត្ថិភាព ទី៥និរន្តភាព​និងប្រណិតភាព។

លោកលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរទាំងអស់ មិនគួរមើលរំលងលំនៅដ្ឋាននៅព្រំដែនអន្តរជាតិឡែម។ ហើយគម្រោងបុរី រតនសម្បត្តិ តម្លៃសមរម្យ ដែលអាចឆ្លើយតបជាមួយតម្រូវការជាក់ស្តែងរបស់អតិថិជន។

ពលរដ្ឋដែលរស់នៅក្បែរ បុរី រតនសម្បត្តិ លោកស្រី​ រឿន សម្ផ​ស្ស និយាយថា លោកស្រីពិតជារីករាយ ដែលឃើញអ្នករកស៊ី ចាប់ផ្តើមសម្លឹងនិងយល់ថា​ “ឡែមជាប៉ោ​យប៉ែតទី២។ លោកស្រីបានឲ្យដឹងថា លោកស្រីបានបង់រំលោះផ្ទះជាមួយបុរី រតនៈសម្បត្តិមួយខ្នងរួចហើយ។

ពលរដ្ឋអ្នកលក់កាហ្វេម្នាក់ផ្សេងទៀត កញ្ញា គឹម សៀក និយាយថា នៅច្រកអន្តរជាតិឡែមមានប្រពលរដ្ឋច្រើន មិនចាញ់ប៉ោយប៉ែតនោះទេ។ នៅទីនេះ នារយពេលចុងក្រោយ គឺមានលំហូរប្រជាជនចេញចូលច្រើន។ កញ្ញបន្ថែមថា “ខ្ញុំមករស់នៅទីនេះ ១០ឆ្នាំហើយ។ តម្លៃដី​និងផ្ទះ ថ្លៃជាងមុនឆ្ងាយណាស់។ ហើយពិសេសពលរដ្ឋនៅទីនេះ ចាប់ផ្តើមយល់ថា លំនៅដ្ឋានមានតម្លៃសម្រាប់គ្រួសាររបស់ពួកគាត់”។

ព្រំដែនអន្តរជាតិដូង ឬព្រំដែនអន្តរជាតិឡែម ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងជាប់ព្រំដែនស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ កំរៀងមានពលរដ្ឋប្រមាណជាង៦ម៉ឺននាក់។ នៅព្រំដែនអន្តរជាតិឡែម ជាច្រកនាំផ្លែឈើធំជាងគេ និងច្រកអន្តរជាតិធំទី២ បន្ទាប់ពីក្រុងប៉ោយប៉ែត ដោយមានលំហូរពលរដ្ឋចេញចូលជាង១លាននាក់ក្នុងមួយឆ្នាំ។​ សម្រាប់ពលរដ្ឋដែលកំពុងរកឱកាសថ្មី ក្នុងវិស័យអចលទ្រព្យនិងលំនៅដ្ឋាន មិនគួរមើលរំលង ច្រកព្រំដែនអន្តរជាតិបានឡែមនោះឡើយ៕

 

ទីរួមស្រុកពញាក្រែកនឹងមានផ្សារទំនើបទទួលទានអាហារ និងទិញទំនិញសម្រាប់អ្នកធ្វើដំណើរនិងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

ដោយ : គង់ សូរិយា

ភ្នំពេញៈ ដោយគិតគូពីការលើកំពស់តំបន់ និងជួយសេដ្ឋកិច្ចមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុកមួយក្រុម បានបោះទុនវិនិយោគជាង៣០លានដុល្លារអាមេរិក បានបោះទុនវិនិយោគលើបុរីស្តង់ដាអន្តរជាតិមួយ ពិសេសក្នុងគំរោងនេះផ្សារទំនើបមួយ ដែលនឹងក្លាយជាទីចំណតឈប់សំរាកលំហែរកាយ ញុំាអាហារនិងទិញទំនិញសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់តំបន់់នេះ។

លោកបណ្ឌិតតេង រិទ្ឋីដែលជាម្ចាស់គំរោងអភិវឌ្ឍន៍បុរីKrek City Gardenបានមាន​ប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារយើងឃើញមានផ្សារនៅតំបន់នេះពីរបីកន្លែង ប៉ុន្តែវាជាផ្សារមិនទាន់មានស្តង់ដា មិនមានអនាម័យ ផ្លូវដើរតូចចង្អៀត និងមានសភាពចាស់ទ្រុឌទ្រោម ទើបយើងបានវិនិយោគផ្សារថ្មីមួយ ដែលមានស្តង់ដា បែបពហុវប្បធ៌មមួយបែបចិន អឺរ៉ុប និងបែបខ្មែរ ដែលមានលក់ទំនិញពេលព្រឹក ថ្ងៃត្រង់ និងដល់ពេលរាត្រី។

លោកបន្តថា “ដោយសារផ្សារនៅមូលដ្ឋានលក់តែពេលព្រឹក ធ្វើឲ្យលំហួរសេដ្ឋកិច្ចមិនដើរបានល្អ ពួកគាត់ចាយប្រាក់តែពេលព្រឹក ហេតុនេះទើបយើងលក់នៅពេលព្រឹក ថ្ងៃត្រង់និងពេលយប់បន្ថែមទៀត”។ លោកបន្តថា “ប្រជាជនមូលដ្ឋានជាអ្នកចាយលុយ ហេតុនេះ ពួកគេមិនដឹងយកទៅចាយនៅតំបន់ណា ទើបយើងរៀបចំផ្សារនេះឡើង ដែលមានលក់អាហារ ទំនិញ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ៗដែលដាំបាននៅជុំវិញតំបន់នោះ”។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា នៅរាជធានីភ្នំពេញមានផ្សារច្រើន ដែលប្រជាជនអាចដើរកំសាន្តទិញទំនិញបាន និងជាផ្សារមានស្តង់ដា ប៉ុន្តែនៅតាមបណ្តាស្រុកយើងមិនទាន់មាន ហេតុនេះទើបលោកបង្កើតផ្សារនេះឡើង ដោយរៀបចំផ្លូវដើរមានទំហំធំៗ ស្តង់ឬតូបផ្សារមានទំហំ៣គុណនឹង៣ម៉ែត្រ ទៅ៤គុណនឹង៤ម៉ែត្រ ដែលផ្តល់នូវបរិយាកាសលក់ដូរ និងអ្នកដើរផ្សារអាចរីករាយជាមួយការកំសាន្តរបស់ពួកគេ។ លោកបន្តថា ម្យ៉ាងទៀត តំបន់នេះមានច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ដែលជាច្រកទ្វារព្រំដែនជាមួយប្រទេសវៀតណាមធំទី២ ដែលទីតាំងរបស់យើងស្ថិតនៅផ្លូវជាតិលេខ៧ ជាផ្លូវអាស៊ាន មានមនុ​ស្សធ្វើដំណើរច្រើន អ៊ូរអរ ដោយសារប្រជាពលរដ្ឋធ្វើដំណើរ ទៅលេងកំសាន្តនៅខេត្តមណ្ឌលគិរី រតនៈគិរីជាដើម។

លោកបន្តថា “អញ្ចឹងនៅពេលដែលយើងរៀបចំផ្សារនេះបានរួចរាល់ យើងសង្ឃឹមងថា ផ្សារនេះនឹងក្លាយជាកន្លែងទីចំណតឈប់សំរាក១ (Stop By) ដែលមានស្តង់ចំនួន៤០០ ដែលមានហាងកាហ្វេ ហាងលក់ទំនិញលក់វត្ថុអនុស្សាវរីយ៍ និងមានរៀបចំកម្មវិធីកំសាន្តចុងសប្តាហ៍ផងដែរ”។លោកបន្តថា “ផ្សាររបស់យើងជាផ្សារបែបពហុអាជីវកម្ម ពហុទំនើប ព្រោះអាគាររបស់យើងជាអាគារថ្ម និងមានដំបូងថ្ម មិនមែនដំបូលស័ង្កសីទេ ហើយការវិនិយោគផ្សារនេះមិនផ្តោតលើផលចំណេញទេ តែយើងចង់ចូលរួមលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន និងលើកកំពស់សេដ្ឋកិច្ចជាតិ”។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា នៅជុំវិញផ្សារនេះមានផ្ទះអាជីវកម្ម ដែលមានភាពទំនើប ដែលអាចលក់ទំនិញ ពិសេសមុខផ្ទះមានសល់កន្លែងទំនេរ ដែលអាចជាចំណតទំហំចន្លោះពី១៥ទៅ៣០ម៉ែត្រ ហើយអ្វីកាន់តែពិសេសផ្លូវចូលក្នុងគំរោងនេះ ជាប្រភេទផ្លូវភ្លោះ មានសួនច្បារ និងផ្ទះនិមួយៗរៀបចំសាងសង់ឡើង ដោយគិតគូជាចម្បងដល់សុខភាពអ្នករស់នៅឲ្យ​មានសុខភាពល្អ ក្នុងផ្ទះមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់៕

លោកគួច ចំរើន ទុកពេល២៧ថ្ងៃឱ្យម្ចាស់សំណង់រំលោភចំណីផ្លូវនៅតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុរុះរើចេញជាកំហិត

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រកាសទុករយៈពេលចំនួន២៧ថ្ងៃទៀតសម្រាប់ម្ចាស់សំណង់គ្រប់ប្រភេទដែលបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈដែលគ្រោងនឹងស្ថាបនាក្នុងពេលឆាប់ៗខាងមុខនៅផ្លូវលេខ២០០ និងតាមបណ្តោយឆ្នេរចាប់ពីចំណុចពយយាយម៉ីរហូតដល់ឆ្នេរតាបារាំងត្រូវរុះរើចេញជាកំហិត។

តាមរយៈសេចក្ដីជូនដំណឹងជាផ្លូវការដែលចុះហត្ថលេខាដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះបានប្រកាសទុកពេល ២៧ថ្ងៃ ឱ្យអាជីវករទាំងអស់រុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់រំលោភលើដីចំណីឆ្នេរសាធារណ: ស្ថិតនៅចំណុចពយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានពិនិត្យឃើញថា សំណង់ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបអាជីវកម្មត្រង់ចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធិ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណ:របស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់លោក លោកស្រី ត្រូវរុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់នៅលើដី ចំណីឆ្នេរសាធារណ:របស់រដ្ឋ ស្ថិតនៅចំណុចព្យយាយម៉ី និងឆ្នេរបារាំង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ ជាកំហិត។ ក្នុងករណីលោក លោកស្រី មិនរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងសហការជាមួយគណ:បញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទឹងហាវ ចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវរាល់ ការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕

អ្នកជំនាញៈតើទីតាំងកំណត់ជោគវាសនារបស់គំរោងខុនដូយ៉ាងដូចម្តេច?

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីតាំងជាកត្តាចម្បង ដែលអ្នកវិនិយោគអចលនទ្រព្យជាតិ អន្តរជាតិយកមកវិភាគមុនគេ មុនសម្រេចចិត្តវិនិយោគលើគំរោងណាមួយ ពិសេសលំនៅដ្ឋានបែបសហកម្មសិទ្ឋឬខុនដូ។

នៅក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ ក្នុងវិស័យអចលនទ្រព្យបែបទំនើបជាមួយនឹងតម្រូវការទីផ្សារខុនដូនៅកម្ពុជាមានការកើនឡើង បានធ្វើឱ្យអ្នករកស៊ីនៅក្នុងវិស័យមួយនេះ ផ្តោតអារម្មណ៍ទៅលើការវិនិយោគ ដើម្បីអាចទទួលបានឱកាសចំណេញនៅពេលអនាគត់។ យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យមួយនេះ បានក្រើនរំលឹកថា ទោះជាទីផ្សារខុនដូអាចផ្តល់ឱកាសចំណេញ ប៉ុន្តែត្រូវសិក្សាពីគម្រោង ជាពិសេសពិនិត្យមើលទីតាំងឱ្យបានច្បាស់ជៀសវាងជួបការខាតបង់។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ YOUNGSIA Real Estate លោក Cooler Tan បានមានប្រសាសន៍នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ទីផ្សារខុនដូនៅកម្ពុជា គឺមានវិសាលភាពធំទូលាយ និងបន្តភាពរីកចម្រើនទៅមុខបន្ថែមទៀត ក្នុងរយៈពេលយូរឆ្នាំ ដោយសារតែទីផ្សារមួយនេះ ទើបតែចាប់ផ្តើមសាយភាយមួយរយៈពេលចុងក្រោយនេះតែប៉ុណ្ណោះ។

លោកថា “ទោះជាយ៉ាងណាក៏ដោយ មុនពេលសម្រេចទទួលលក់គម្រោងខុនដូណាមួយ ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ ពីគម្រោងទាំងលិខិតស្នាមផ្នែកច្បាប់ កម្រិតនៃគុណភាព និងការរចនា ជាពិសេសត្រូវពិនិត្យទៅលើកត្តាភូមិសាស្ត្រ នៃទីតាំងគម្រោងដែលប្រាកដថាជាទីប្រជុំជន មានសក្ដានុពលងាយស្រួលក្នុងការរស់ និងស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។លោកបន្តថា “ ទីតាំងពិតជាមានសារៈសំខាន់ណាស់ ហើយវានឹងកំណត់វាសនារបស់គំរោងណាមួយ ព្រោះអ្នកទិញខុនដូតែងតែគិតពីបញ្ហានេះ ពិសេសមូលដ្ឋានសម្ភារៈបរិក្ខា និងសេវាកម្មពាក់ព័ន្ឋជុំវិញគំរោង”។

លោកColor Tanបានបន្តថា ថ្វីត្បិតថាការវិនិយោគដោយការទិញគម្រោងខុនដូណាមួយទុកសម្រាប់លក់ ឬសម្រាប់ជួល ដើម្បីទទួលបានផលប្រយោជន៍ខ្ពស់ ប៉ុន្តែពេលខ្លះក៏មានជួបភាពបរាជ័យដែរ ប្រសិនបើអ្នកទិញចំគម្រោងខុនដូ ដែលស្ថិតនៅទីតាំងមិនអំណោយផលដល់ការរស់នៅ ឬស្ថិតនៅឆ្ងាយពីទីកណ្តាលក្រុង ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មផ្សេងៗ។

លោកCooler Tan បានបន្តថា ចំណុច១នៅក្នុងចំណុចសំខាន់ចំនួន៥ ដែលត្រូវយកចិត្តដាក់ក្នុងការពិនិត្យ សិក្សា និងស្វែងយល់ឱ្យបានច្បាស់នោះ គឺកត្តាភូមិសាស្ត្រនៃទីតាំងគម្រោង។ នៅពេលដែលគម្រោងស្ថិតនៅក្នុងក្រុង ដែលជាតំបន់ពាណិជ្ជកម្ម ដែលហ៊ុមព័ទ្ធទៅដោយផ្សារទំនើប មន្ទីរពេទ្យ សាលារៀន ហាងអាហារដ្ឋានបែបទំនើប នោះគម្រោងរបស់អ្នកនឹងមានតម្រូវការខ្ពស់ ប៉ុន្តែប្រសិនបើគម្រោងដែលទិញស្ថិតនៅក្រៅពីតំបន់ដូចដែលបានលើកឡើងខាងលើនេះ ទោះជាអ្នកវិនិយោគទទួលបានតម្លៃទាប ក៏ឱកាសចំណេញពីការវិនិយោគរបស់អ្នកមានអត្រាទាបបំផុត ឬអាចទទួលបានចំណេញតិចជាងការវិនិយោគលើទីផ្សារដទៃអចលនវត្ថុដទៃទៀត។

លោកបន្ថែមថា “ដូច្នេះ ទីតាំងនៃគម្រោងគឺជាចំណុចសំខាន់បំផុត ដែលអ្នកត្រូវតែសិក្សាឱ្យបានច្បាស់មុនពេលសម្រេចចិត្តទិញ ជៀសវាងខាតបង់ទាំងលុយកាក់ ទាំងពេលវេលា”៕

រដ្ឋបាលរាជធានីភ្នំពេញៈគ្មានផែនការដាក់របាំងពុះទ្រូងផ្លូវលើមហាវិថីសម្ដេច តេជោនោះទេ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មហាវិថីសម្ដេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រដែលកំពុងមានសកម្មភាពចរាចរណ៍យ៉ាងមមាញឹក រួមជាមួយនឹងសកម្មភាពអភិវឌ្ឍន៍សាងសង់សំណង់យ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញមិនមានគម្រោងសាងសង់ទ្រូងពុះចែកផ្លូវជា២ ឬសាងសង់សួនច្បារនៅកណ្តាលដូចវិថីព្រះនរោត្តម និងផ្លូវព្រះមុនីវង្សនោះទេ ហើយអាចអនុញ្ញាតឱ្យយន្តហោះខ្នាតតូចចុះចតបាននៅពេលមានអាសន្ន ឬភាពចាំបាច់ណាមួយបានថែមទៀតផង។

លោកស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះថា កំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ គឺជាផ្លូវស្អាតទូលាយងាយស្រួលក្នុងការធ្វើចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។ ផ្លូវនេះរដ្ឋបាលរាជធានីភ្នំពេញមិនមានគម្រោងនៃការពុះចែកទ្រូងផ្លូវ ឬសួនច្បារចែកទ្រូងផ្លូវនោះទេ ដោយរក្សាស្ថានភាពផ្លូវទាំងមូល ព្រោះមហាវិថីនេះត្រូវទុកឱ្យបន្សុីគ្នានៃការរៀបចំជាទីតាំងសម្រាប់ចុះយន្តហោះខ្នាតតូច។

លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋលើដងផ្លូវនេះ មានល្បឿនលឿនដែលតែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ទើបរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់ស្លាកសញ្ញាកំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងបណ្តាលមកពីការបើកបរហួសល្បឿនកំណត់នេះ។

មហាវិថីសមេ្តចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រនេះ បានចាប់ផ្តើមការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Co., Ltd ដោយតភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្លងកាត់បឹងជើងឯក និងបឹងទំពុនហើយភ្ជាប់ជាមួួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីនេះត្រូវបានចាត់ទុកជាផ្លូវសាធារណៈធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ ដែលបានដើរតួនាទីធ្វើឱ្យចរាចរណ៍កាន់តែប្រសើរឡើង ពិសេសការធ្វើដំណើរពីខណ្ឌដង្កោ និងក្រុងតាខ្មៅមកកាន់រាជធានីភ្នំពេញកាន់តែជិតជាងមុន៕

ក្រុមហ៊ុនដ៏ធំមួយរបស់អារ៉ាប់អេមីរ៉ាតប្រកាសសាងសង់គម្រោងលំនៅដ្ឋានតម្លៃជាង២០០០លានដុល្លារនៅទីក្រុងហ្សាចា

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់អារ៉ាប់អេមីរ៉ាត បានប្រកាសបើកដំណើរការសាងសង់គម្រោងអចលនទ្រព្យតម្លៃ៨ពាន់លានដឺហាម (dirham ឬរូបិយប័ណ្ណអារ៉ាប់) ស្មើនឹងប្រមាណ២,២ពាន់លានដុល្លារ ដែលជាគម្រោងលំនៅដ្ឋានសហគមន៍មួយនៅក្នុងក្រុងហ្សាចា (Sharjah)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅចុងសប្តាហ៍កន្លងមកនេះ។

ការប្រកាសនេះធ្វើឡើង ខណៈមានចំនួនគម្រោងតិចជាងមុនកំពុងត្រូវបានដាក់ដំណើរការសាងសង់ នៅទីក្រុងឌូបៃ ជាកន្លែងដែលវិស័យអចលនទ្រព្យ ស្ថិតនៅក្នុងស្ថានភាពធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តាលមកពីការអភិវឌ្ឍហួសប្រមាណ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។

លោក Ahmed al-Khoshaibi នាយកប្រតិបត្តិក្រុមហ៊ុន Arada បានថ្លែងថា គម្រោង Masaar ដែលមានទំហំ១៩លានហ្វីតការ៉េ និងមានលំនៅដ្ឋានចំនួន៤.០០០យូនីត នឹងត្រូវបែងចែកចេញជាច្រើនដំណាក់កាល ដោយនៅដំណាក់កាលដំបូងបញ្ចប់នៅឆ្នាំ២០២៣ ហើយបញ្ចប់បញ្ចប់ទាំងស្រុង នៅឆ្នាំ២០២៨។

មនុស្សប្រមាណ១៥.០០០នាក់ ត្រូវបានរំពឹងថានឹងរស់នៅក្នុងគម្រោងលំនៅដ្ឋានសហគមន៍នេះ ហើយគម្រោងនេះនឹងមានតំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម ទីធ្លាបៃតង និងសាលាអន្តរជាតិ។

ទោះយ៉ាងណា លោក Khoshaibi បាននិយាយថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ លោករំពឹងថានឹងមានតម្រូវការច្រើន សម្រាប់គម្រោងនេះ ដែលផ្ទះមួយនឹងមានតម្លៃចន្លោះពី១,២លានDirham និង ៣,៧លាន។

លោកបានថ្លែងទៀតថា “នៅពេលមានភាពមិនប្រាកដប្រជា ទីក្រុង Sharjah ត្រូវបានគេស្គាល់ថាជាកន្លែងមានសុវត្ថិភាព សម្រាប់ការវិនិយោគ ព្រោះទីក្រុងនេះត្រូវបានទទួលបានថាមានស្ថេរភាព អ្នកនៅទីនោះ ជាអ្នករស់នៅអចិន្រ្តៃយ៍។ ប្រសិនបើអ្នកក្រឡេកមើលអ្នករស់នៅទីក្រុង Sharjah ភាគច្រើនជាអ្នកជំនាន់ទី២។ វាជាលំនៅដ្ឋានរបស់ពួកគេ”៕

លោកជាវ តាយ ៖ ទីផ្សារដីធ្លីក្នុងខេត្តកំពតនៅតែបន្តឡើងថ្លៃ ខណៈដែលគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់បន្តកើនឡើង

ដោយ ៖ រ៉ាណេត

កំពត ៖ ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនជួបភាពស្ងប់ស្ងាត់ទៅលើការទិញលក់ដីធ្លីនោះ សម្រាប់តែខេត្តកំពតនៅតែអាចរក្សាបាននូវភាពល្អប្រសើរជាងគេ ទាំងសកម្មភាពទិញលក់ដីធ្លី ទាំងការអភិវឌ្ឍក្នុងវិស័យសំណង់ ក៏ដូចជាតម្លៃអចលនវត្ថុនៅតែបន្តឡើងថ្លៃជាបន្តបន្ទាប់។

អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ថា ខេត្តកំពតមានសក្ដានុពលស្ទើរគ្រប់វិស័យ និងបានទាក់ទាញគម្រោងវិនិយោគជាបន្តបន្ទាប់ឱ្យចូលមកកាន់ខេត្តដែលជាប់មាត់សមុទ្រមួយនេះ។

លោកបានបញ្ជាកថា “ខេត្តកំពតមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យពិសេស កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ទោះស្ថិតនៅវិបត្តិកូវីដ១៩ក៏ដោយ ប្រាក់ចំណូលរបស់ខេត្តនៅតែប្រមូលបានចំនួន ១៤០ភាគរយ ខណៈដែលតម្លៃដីធ្លី ដំណង់អគារ និងការអភិវឌ្ឍផ្សេងៗនៅតែបន្តកើនឡើងឥតឈប់ឈរពីមួយខែទៅមួយខែ”។

លោកបញ្ជាក់ថា “ជាមួយនឹងភាពល្អប្រសើរ និងអំណោយផលពីកត្តាភូមិសាស្ត្រ បច្ចុប្បន្ននេះ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានជម្រុញការរីកលូតលាស់ នៃសេដ្ឋកិច្ចខេត្តកំពត”។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពតនៅក្នុងឆ្នាំ២០២០ វិស័យសំណង់មានចំនួន៣០១គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង១០២ ២៨៥ម៉ែត្រការ៉េ ដែលគិតជាតម្លៃទុនវិនិយោគស្មើនឹងប្រមាណ៣៧លានដុល្លាអាមេរិក កើន២,៧ភាគរយ និងចំនួនគម្រោងកើនឡើង៣៩ភាគរយធៀបនឹងឆ្នាំ២០១៩។

លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R’Investment Group បានមានប្រសាសន៍ថា បច្ចុប្បន្នមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។

លោកបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងបន្តអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពតនឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន។ សម្រាប់ការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន បែបលំហែរកាយនៅពេលបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅសម្រាប់លំនៅដ្ឋានបែបលំហែរមួយខ្នង”។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានមានប្រសាសន៍ថា សព្វថ្ងៃនេះនៅក្នុងខេត្តកំពតមានគម្រោងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចជាច្រើន ជាពិសេស គម្រោងរមណីយដ្ឋាន សណ្ឋាគារ បឹងហ្គាឡូ និងលំនៅដ្ឋានបែបលំហែរនៅតាមដងព្រែកនានា។

លោកបន្តថា “នៅពេលដែលមានគម្រោងវិនិយោគ ផ្នែកបដិសណ្ឋារកិច្ចច្រើននៅក្នុងខេត្តនាពេលនេះ បានឆ្លុះបញ្ចាំងនៃភាពល្អប្រសើរ និងជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា ដែលធានាបាននូវគុណភាពខ្ពស់” ។ លោកបន្ថែមថា “ធម្មតានៅក្នុងធ្វើពាណិជ្ជកម្ម ឬមុខជំនួញណាមួយដែលមានការប្រកួតប្រជែងវានឹងធានាបាននូវគុណភាព និងកម្រិតស្តង់ដារមួយ ហើយយើងក៏ចង់បានការប្រកួតប្រជែងបែបនេះឱ្យបានច្រើន ដើម្បីជំរុញទៅដល់ការលើកកម្ពស់កម្រិតគុណភាព” ៕