លោកជាវ តាយ ៖ ទីផ្សារដីធ្លីក្នុងខេត្តកំពតនៅតែបន្តឡើងថ្លៃ ខណៈដែលគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់បន្តកើនឡើង

ដោយ ៖ រ៉ាណេត

កំពត ៖ ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនជួបភាពស្ងប់ស្ងាត់ទៅលើការទិញលក់ដីធ្លីនោះ សម្រាប់តែខេត្តកំពតនៅតែអាចរក្សាបាននូវភាពល្អប្រសើរជាងគេ ទាំងសកម្មភាពទិញលក់ដីធ្លី ទាំងការអភិវឌ្ឍក្នុងវិស័យសំណង់ ក៏ដូចជាតម្លៃអចលនវត្ថុនៅតែបន្តឡើងថ្លៃជាបន្តបន្ទាប់។

អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ថា ខេត្តកំពតមានសក្ដានុពលស្ទើរគ្រប់វិស័យ និងបានទាក់ទាញគម្រោងវិនិយោគជាបន្តបន្ទាប់ឱ្យចូលមកកាន់ខេត្តដែលជាប់មាត់សមុទ្រមួយនេះ។

លោកបានបញ្ជាកថា “ខេត្តកំពតមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យពិសេស កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ទោះស្ថិតនៅវិបត្តិកូវីដ១៩ក៏ដោយ ប្រាក់ចំណូលរបស់ខេត្តនៅតែប្រមូលបានចំនួន ១៤០ភាគរយ ខណៈដែលតម្លៃដីធ្លី ដំណង់អគារ និងការអភិវឌ្ឍផ្សេងៗនៅតែបន្តកើនឡើងឥតឈប់ឈរពីមួយខែទៅមួយខែ”។

លោកបញ្ជាក់ថា “ជាមួយនឹងភាពល្អប្រសើរ និងអំណោយផលពីកត្តាភូមិសាស្ត្រ បច្ចុប្បន្ននេះ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានជម្រុញការរីកលូតលាស់ នៃសេដ្ឋកិច្ចខេត្តកំពត”។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពតនៅក្នុងឆ្នាំ២០២០ វិស័យសំណង់មានចំនួន៣០១គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង១០២ ២៨៥ម៉ែត្រការ៉េ ដែលគិតជាតម្លៃទុនវិនិយោគស្មើនឹងប្រមាណ៣៧លានដុល្លាអាមេរិក កើន២,៧ភាគរយ និងចំនួនគម្រោងកើនឡើង៣៩ភាគរយធៀបនឹងឆ្នាំ២០១៩។

លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R’Investment Group បានមានប្រសាសន៍ថា បច្ចុប្បន្នមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។

លោកបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងបន្តអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពតនឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន។ សម្រាប់ការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន បែបលំហែរកាយនៅពេលបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅសម្រាប់លំនៅដ្ឋានបែបលំហែរមួយខ្នង”។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានមានប្រសាសន៍ថា សព្វថ្ងៃនេះនៅក្នុងខេត្តកំពតមានគម្រោងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចជាច្រើន ជាពិសេស គម្រោងរមណីយដ្ឋាន សណ្ឋាគារ បឹងហ្គាឡូ និងលំនៅដ្ឋានបែបលំហែរនៅតាមដងព្រែកនានា។

លោកបន្តថា “នៅពេលដែលមានគម្រោងវិនិយោគ ផ្នែកបដិសណ្ឋារកិច្ចច្រើននៅក្នុងខេត្តនាពេលនេះ បានឆ្លុះបញ្ចាំងនៃភាពល្អប្រសើរ និងជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា ដែលធានាបាននូវគុណភាពខ្ពស់” ។ លោកបន្ថែមថា “ធម្មតានៅក្នុងធ្វើពាណិជ្ជកម្ម ឬមុខជំនួញណាមួយដែលមានការប្រកួតប្រជែងវានឹងធានាបាននូវគុណភាព និងកម្រិតស្តង់ដារមួយ ហើយយើងក៏ចង់បានការប្រកួតប្រជែងបែបនេះឱ្យបានច្រើន ដើម្បីជំរុញទៅដល់ការលើកកម្ពស់កម្រិតគុណភាព” ៕

តំបន់ចំនួន៤នៅទីក្រុងភ្នំពេញបង្ហាញសក្តានុពលខ្លាំងសម្រាប់ការវិនិយោគអចលនទ្រព្យ

ដោយ៖ ប៊ី

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានអះអាងថា តំបន់ចំនួន៤ កំពុងបង្ហាញសក្តានុពលខ្លាំង សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ និងទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ពិសេសខុនដូ។

???????????????????????

លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank Cambodia ត្រូវបានដកស្រង់សម្តីចេញពីកាសែតចិន SCMPកាលថ្មីៗនេះ ដោយបានលើកឡើងថា វិស័យអចលនទ្រព្យនៅទីក្រុងភ្នំពេញកំពុងរីកចម្រើន ខណៈតំបន់សំខាន់ៗ មួយចំនួនមានសក្តានុពល សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងទាក់ទាញវិនិយោគិនជាច្រើន។

លោក Wheble បានថ្លែងថា “តំបន់រីកចម្រើនសំខាន់ៗនៅពេលនេះ រួមមានខណ្ឌទួលគោក និងសែនសុខ មហាវិថីសម្តេចតេជោ ហ៊ុន សែន និងតំបន់ជ្រោយចង្វារ”។

លោកបានបន្តថា “តំបន់ទាំងនេះតំណាងឱ្យចក្ខុវិស័យកំណើនរយៈពេលមធ្យម និងវែងល្អប្រសើរ សម្រាប់វិនិយោគ ប៉ុន្តែអ្នកវិនិយោគគួរតែត្រៀមខ្លួនចាំក្នុងចន្លោះពី៥ ទៅ៧ឆ្នាំ បន្ទាប់ពីបញ្ចប់គម្រោង”។

ជាមួយគ្នានេះដែរ លោក Wheble បានឱ្យដឹងថា វិនិយោគិនគួរស្វែងយល់ពីទីផ្សារគោលដៅវិនិយោគរបស់ខ្លួន និងមានយុទ្ធសាស្ត្រពិតប្រាកដ ដែលគួរពិភាក្សាជាមួយអ្នកប្រឹក្សាផ្នែកអចលនទ្រព្យ។

លោកបានឱ្យដឹងទៀតថា ការពិចារណាសំខាន់ៗ ក៏នឹងរួមបញ្ចូលការសង្កតមើលក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់ត្រា ហិរញ្ញវត្ថុបំរុង និងអ្នកម៉ៅការ ក្នុងកំឡុងពេលសាងសង់ជាដើម។ វិនិយោគិនគួរពិចារណាលើការប្រើប្រាស់ដីជុំវិញ និងស្រាវជ្រាវអ្វី ដែលកំពុងត្រូវបានអភិវឌ្ឍនៅជាប់នឹងគម្រោង ព្រោះវាអាចជះឥទ្ធិពលលើទេសភាព និងពន្លឺធម្មជាតិអនាគត ដែលជះឥទ្ធិពលដល់ការលក់ នៅពេលចង់លក់បន្ត។

លោក Wheble ជឿជាក់ថា កម្ពុជានៅតែមានសក្តានុពល សម្រាប់វិនិយោគិនបរទេស។ លោកថ្លែងថា “ប៉ុន្តែវាទាមទារចំណេះដឹងទីផ្សារ និងការយល់ដឹងពីតម្រូវការនាពេលអនាគត។ ដើម្បីឱ្យទីផ្សារមាននិរន្តរភាព វាចាំបាច់ត្រូវជំរុញដោយតំរូវការក្នុងស្រុក ហើយវិនិយោគិនគួរតែផ្តោតលើគម្រោង ដែលមានតម្លៃសមរម្យនៅកម្ពុជា”៕

អ្នកជំនាញមើលឃើញថាទីផ្សារលំនៅឋាននឹងរីក៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញក្នុងរយៈពេល១០ឆ្នាំខាងមុខ

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀត វិស័យសំណង់នឹងពង្រីកវិសាលភាពនៅលើផ្ទៃដីរាប់ពាន់ហិចតាតាមតំបន់ជាយក្រុង ជាពិសេសគម្រោងលំនៅឋានដែលនឹងនៅតែបន្តពង្រីកខ្លួនដល់ទៅ៣០ ទៅ ៤០គីឡូម៉ែត្រចេញពីទីក្រុងភ្នំពេញ ខណៈដែលរាជរដ្ឋាភិបាលបានឹងកំពុងស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដើម្បីសម្រួល់ការធ្វើដំណើរ និងដឹកជញ្ជូន។

លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុន Amatak Property Service ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួនជាពិសេសតាមតំបន់ជាយក្រុង និងផ្លូវក្រវ៉ាត់ក្រុងទី៣ ព្រមទាំងបណ្តោយផ្លូវជាតិសំខាន់ៗចេញពីទីក្រុងភ្នំពេញប្រមាណ ៣០ទៅ៤០ គីឡូម៉ែត្រ។

លោកស្រីបន្តថា ការពង្រីកវិសាលភាពទាំងនេះដោយសារតែកំណើនរបស់ប្រជាពលរដ្ឋខ្មែរមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឱ្យមានលំនៅឋានកាន់តែច្រើននៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ មានសក្តានុពលសេដ្ឋកិច្ចងាយស្រួលក្នុងការរសនៅ ព្រមគ្នាជាមួយការផ្គត់ផ្គង់វិស័យលំនៅឋានក្រោមរូបភាពជាការអភិវឌ្ឍន៍គម្រោងបុរី និងបណ្តុំលំនៅឋានផងដែរ។

តាមផែនការរបស់រដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យរោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗឱ្យទៅបោះទីតាំងនៅជាយក្រុង ជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។

លោកម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងដែរថា ប្រជាពលរដ្ឋ និងបន្តចូលមករស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារ និងប្រកបអាជីវកម្មផ្សេង រួមជាមួយនឹងកំណើននៃចំនួនសិស្ស និស្សិតមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់ ដូច្នេះទីក្រុងភ្នំពេញចាំបាច់ត្រូវតែពង្រីក ហើយតម្រូវការលំនៅឋាននឹងមានកើនឡើងខ្ពស់ស្របទៅនឹងកំណើនប្រជាពលរដ្ឋ។

លោកបានមើលឃើញថា សិស្ស-និស្សិតដែលមករៀននៅក្នុងទីក្រុងភ្នំពេញភាគតិចណាស់ដែលវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ ពួកគេបានចូលបម្រើការងារ និងបង្កើតគ្រួសាររស់នៅក្នុងទីក្រុងភ្នំពេញ ទាំងអស់នេះសុទ្ធតែជាការបង្កើនកំណើនចំនួនមនុស្សនៅក្នុងក្រុង។

លោកឃួង ស្រេង អភិបាលរជធានីភ្នំពេញធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទីក្រងភ្នំពេញមានភាពរីកចំរើនដែលអ្នកសេដ្ឋកិច្ចវិទូមិនស្មានដល់ ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅ និងចរាចរណ៍នៅក្នុងទីក្រុងកើនជាង ៣លាននាក់ និងពង្រីកក្រុងពី ៣០០ ទៅ ៧០០ គីឡូម៉ែត្រក្រឡា។

លោកបន្តថា ជាមួយនឹងភាពរីកចំរើនទាំងនេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញដែលធ្លាប់តែជាតំបន់ដាច់ស្រយាល ជាតំបន់បង្ករបង្កើនផលដាំដំណាំ ឬបឹងល្ហល្ហេវ ត្រូវបានផ្លាស់ប្ដូរ ក្លាយជាទីបណ្តុំលំនៅឋាន និងជាទីប្រជុំជននៃតំបន់ជាយក្រុង ជាក់ស្ដែងដូចជានៅភាគខាងលិចក្រុងដែលកំពុងមានការអភិវឌ្ឍន៍លេចចេញជាសំណង់លំនៅឋាន រោងចក្រ សហគ្រាសផ្សេងៗជាច្រើន៕

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងអេកូថ្មី​ដ៏ធំសម្បើម ៣បន្ថែមទៀត​

ដោយ ៖ រតនៈ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់គម្រោងបែបធម្មជាតិដ៏អស្ចារ្យចំនួន៣ បន្ថែមទៀត គឺគម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ​គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា ​និងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ ដើម្បីផ្តល់ជូនជម្រើសបន្ថែមទៀត​ដល់អតិថិជន ដែលចង់បានការរស់នៅបែបធម្មជាតិបៃតង​ក្នុងទីក្រុងភ្នំពេញ។

ពិធី​នេះ​មានការអញ្ជើញ​ចូលរួមពីសំណាក់​ថ្នាក់ដឹកនាំ​ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន​ បុរី ប៉េង​ ហួត និង​ភ្ញៀវកិត្តិយស​​​ប្រមាណ​ជិត២០០នាក់​។

គម្រោងថ្មីទាំងបីនេះគឺជាគម្រោងអភិវឌ្ឍជាសហគមន៍ទំនើបធម្មជាតិពណ៌បៃតងដ៏ធំសម្បើម ស្ថិតក្នុងគម្រោងមេគឺ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូលឡិកសិន” បឹងស្នោ ដែលជាតំបន់កំពុងមានសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លានៅប៉ែកខាងកើតរាជធានីភ្នំពេញ។ ដឹស្តា ផ្លាទីនីម អេកូ រ៉ូមែនស៍ និង ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា ត្រូវបានអភិវឌ្ឍឡើងដើម្បី​ផ្តល់ជូននូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ ជាមួយនឹងប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង ឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹង ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ស័ក្ដិសមសម្រាប់បែបផែន​រស់នៅទាន់សម័យជាមួយធម្មជាតិ។

ចំណែកគម្រោងដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺជាគម្រោងអភិវឌ្ឍហ្សបហោស៍​សម្រាប់ការធ្វើអាជីវកម្ម​គ្រប់ប្រភេទ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ​របស់អ្នករស់នៅទាំងក្នុង និងក្រៅគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម ដំណាក់កាលទី២ “អេកូខលឡិកសិន”។

ក្រៅពីនេះ គម្រោងទាំងបីត្រូវបានហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សាលារៀនអន្តរជាតិ កីឡដ្ឋាន សួនកម្សាន្តបែបអឺរ៉ុប ស្ថានីយពន្លត់អគ្គិភ័យ ខុនដូ ​ផ្សារទំនើប និងតំបន់ពាណិជ្ជកម្មដ៏មមាញឹកទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តា ផ្លាទីនីម អេកូ រ៉ូមែនស៍ ​គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ នឹងបើកសម្ពោធជាផ្លូវការ​ជាមួយនឹងការផ្តល់ជូន​ដែលលោកអ្នកនឹកស្មានមិនដល់​ក្នុងពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត www.facebook.com/boreypenghuoth ឬ​អញ្ជើញមកសាកសួរព័ត៌មាន​ពីគ្រប់ការិយាល័យលក់​ដែល​នៅក្បែរលោកអ្នក​រៀងរាល់ម៉ោងធ្វើការ៕

គេហទំព័រ Propertyarea ផ្តល់​កញ្ចប់​តម្លៃ​ពិសេស​សំរាប់​ក្រុមហ៊ុន​ដាក់លក់​អចលនទ្រព្យ​ក្នុង​គេហទំព័រ​នេះ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ គេហទំព័រ Propertyarea.asia និង Facebook Page Property Area Asia សូម​ប្រកាស​ដេញថ្លៃ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ អាចដាក់​សេវាកម្ម អចលនទ្រព្យផ្សេងៗ (Listing) ក្នុង​គេហទំព័រ​នេះ​បាន។

តម្លៃ​ប្រចាំខែ​មានតម្លៃ​ចាប់ពី ១៥០០ដុល្លារ​ឡើងទៅ អាស្រ័យ​លើ​ការចចា​ជាក់ស្តែង ពិសេស​យើង​នឹង​ផ្តល់​កិច្ចសហការ​ជា​កញ្ចប់ ដោយ​ផ្តល់ជូន​នូវ​អត្ថបទ​ពាណិជ្ជកម្ម​តាម​ចំនួន​ច​ចារ​គ្នា ពិសេស​នឹងមាន​ការផ្តល់​ជូន​នូវ វីដេអូ​ព៌​ត​មាន​ជាប្រចាំ អាស្រ័យ​លើ​តម្លៃ​ជាក់ស្តែង។

គេហទំព័រ Propertyarea.asia និង Facebook Page មាន​ចំនួន​អ្នកអាន​គិត​ជា​មធ្យម​ចំនួន ១៥,០០០នាក់​ក្នុង​មួយថ្ងៃ និង​កើន​ឡើងដល់​ជាង ៨០,០០០នាក់ ក្នុងពេល​មាន​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិធំ។

លោក លោកស្រី​មាន​ចំណាប់អារម្មណ៍ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០៧៨ ៩៥៩ ៥៦៧, ០៨៦ ៤៨ ៥៥ ៦៦ ៕

 

បរិការណ៍​កម្ពុជា៖ ឆ្នាំ២០២១ ជា​ពេលវេលា​នៃ​ការទន្ទឹងរង់ចាំ​សញ្ញា​វិជ្ជមាន​សម្រាប់សេដ្ឋកិច្ចពិភពលោក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ភាព​សុទិដ្ឋិនិយម និង​ការរំពឹងទុក​ពី​ភាពល្អប្រសើរ នៃ​វិសយ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០២១នេះ អ្នកជំនាញ​បាន​អះអាងថា​ការ​ងើបឡើង​វិញ នៃ​ទីផ្សារ​លំនៅដ្ឋាន​តម្លៃ​ក្រោម១០ម៉ឺន​ដុល្លារ នឹងមាន​ល្បឿន​លឿន​ជាងគេ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ TOWN CITY Real Estate  លោក​វ៉ន ចាន់ថន បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា តាម​ការរំពឹងទុក វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​ងាក​មករក​ភាពល្អប្រសើរ​ឡើងវិញ ជាពិសេស​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ២០២១នេះ​សកម្មភាព​ទិញ លក់​នឹងមាន​ភាព​មមាញឹក​ឡើង​វិញ ខណៈដែល​ស្ថានភាព​ប្រឈម​នឹង​វិបត្តិ​ជំងឺឆ្លង​ត្រូវបាន​ទប់ស្កាត់ និង​កាត់បន្ថយ​ការ​រាលដាល​ក្រោយ​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព។

លោក​បន្តថា “ពេលនេះ​សញ្ញាល្អៗនៅក្នុង​វិស័យ​អចលនទ្រព្យ បានចាប់ផ្តើម​បង្ហាញ​ជាបណ្តើរៗ ដែល​ផ្តើមចេញ​ចលនា​ក្នុងស្រុក ប៉ុន្តែ​សម្រាប់​សកម្មភាព​នៃ​ការចូលរួម​ពី​ទីផ្សារ​ក្រៅ​ស្រុក​នៅ​មិនទាន់​នៅឡើយ​នោះទេ” ។ លោក​បញ្ជាក់ថា “ចលនា​នៃ​ទីផ្សារ​អចលនទ្រព្យ ដែល​ផ្តើមចេញពី​អ្នក​ក្នុងស្រុក​នៅពេលនេះ  គឺជា​តម្រូវ​ការពិត​តម្រូវការ​ជាក់ស្ដែង ជាពិសេស​ផ្នែក​ទីផ្សារ​លំនៅដ្ឋាន​ជាន់​ផ្ទាល់​ដី ស្ថិតនៅតាម​បណ្តា​ជាយ​រាជធានី​ភ្នំពេញ ដែលមាន​តម្លៃ​សមរម្យ​ក្រោម១០ម៉ឺន​ដុល្លារ” ។

លោក​បន្តថា មិនមែន​ពួកគាត់​មិន​ចង់​ទិញ​ផ្ទះ នៅក្នុង​រាជធានី​ភ្នំពេញ​នោះទេ ប៉ុន្តែ​លុយ​ត្រឹម​ជាង៧ម៉ឺន ឬ១០ម៉ឺន គឺ​រក​ផ្ទះ​នៅ​មិនបាន​នោះទេ ដូច្នេះ​ជា​ជម្រើស​ពួកគាត់​មានតែ​ទិញ​នៅតាម​ជាយក្រុង។

លោក​វ៉ន ចាន់ថន បាន​មានប្រសាសន៍​បន្តទៀតថា “កាលពី​ឆ្នាំ២០២០ដែល​ប្រទេស​កំពុងស្ថិត​នៅក្នុង​ភាព​ប្រឈម​ខ្លាំង នៃ​វិបត្តិ​ការទិញ​លក់​លំនៅដ្ឋាន ក៏​នៅតែមាន​សកម្មភាព ប៉ុន្តែ​មានការ​ធ្លាក់ចុះ​បន្តិច ដោយសារតែ​បញ្ហា​នៃ​ប្រាក់ចំណូល​ត្រូវបាន​កាត់បន្ថយ ប៉ុន្តែ​នៅ​ឆ្នាំ២០២១នេះ ភាព​ប្រឈម​ត្រូវបាន​កាត់បន្ថយ ហើយ​អាជីវកម្ម និង​កន្លែង​បម្រើ​ការងារផ្សេងៗ បាន​ចាប់​ដំណើរ​វិញ​ជាធម្មតា​ឡើងវិញ។ ដូច្នេះ​ពួកគាត់​អាចមាន​លទ្ធភាព​ឡើងវិញ។

លោក​បន្តថា “ជាមួយគ្នានេះ​រាជរដ្ឋាភិបាល ក៏បាន​អនុគ្រោះ​ដោយ​ការលើកលែង​ពន្ធ​ប្រថាប់ត្រា លើ​ការទិញ​លក់​លំនៅ​ដ្ឋា​តម្លៃ​ក្រោម៧ម៉ឺន រួម​ជាមួយនឹង​ការបន្ត​លើកលែង​លើ​ការយក​ពន្ធលើប្រាក់ចំណេញ​មូលធន នេះ​ជាការ​ជំរុញឱ្យមាន​ការ​ទិញ​លក់​កាន់​តែមាន​ល្បឿន​លឿន” ។

អគ្គនាយក​ក្រុមហ៊ុន PREMIUM Group លោក​ម៉ាន់ ច័ន្ទ​ឌី បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅដ្ឋាន ដែលមាន​តម្លៃ​ក្រោម១០ម៉ឺន​ដុល្លារ ពិតជា​អាច​កក្រើក​ឡើងវិញ​ក្នុង​ល្បឿន​លឿន​ជាង​ទីផ្សារ​ដទៃទៀត ប៉ុន្តែ​ភាគច្រើន​គឺជា​ទីផ្សារ​លំនៅដ្ឋាន ជាន់​ផ្ទាល់​ដី​តែប៉ុណ្ណោះ សម្រាប់​ទីផ្សារ​លំនៅដ្ឋាន​សហកម្ម​សិទ្ធិ​អាច​នៅមានកម្រិត។

លោក​បញ្ជាក់ថា “ផ្ទះ​ជាប់​ដី​តម្លៃ​ក្រោម១០ម៉ឺន​ដុល្លារ ឬ​ក្រោម៧ម៉ឺន​ដុល្លារ​វា​ជា​តម្រូវ​ការពិត​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក ហើយ​វា​នឹង​បន្ត​ទៅមុខ​ក្នុង​ចន្លោះ៥ឆ្នាំ ឬ១០ឆ្នាំ​ទៀត ប៉ុន្តែ​សម្រាប់​តម្រូវការ​លំនៅដ្ឋាន​សហកម្មសិទ្ធិ នៅ​មិនទាន់មាន​ល្បឿន​លឿន​នោះទេ។លោក​បន្តថា “មូ​លេ​ហ​តុ​គឺ​ដោយសារតែ​ភាគច្រើន អ្នក​ដែលមាន​ទំនោរ​រស់នៅក្នុង​លំនៅដ្ឋាន​សហកម្មសិទ្ធិ ឬ​ហៅថា​ខុន​ដូ​គឺជា​តម្រូវការ​ទ​ផ្សារ​មកពី​ក្រៅ​ស្រុក” ។

លោក​បន្ថែមថា ដូច្នេះ​នៅក្នុង​ឆ្នាំ២០២១ ខណៈដែល​ពួកគាត់ (ជនបរទេស)នៅ​មិនទាន់​អាច​វិល​មកកាន់​កម្ពុជា​បាន​វិញ​នោះ ចរន្ត​ទិញ​លក់​នៅតែមាន​កម្រិត។

ជាមួយគ្នានេះ អ្នកឧកញ៉ា​លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍ថា អ្វីៗវា​ត្រូវការ​ពេលវេលា បើ​សេដ្ឋកិច្ចពិភពលោក​មាន​ភាពល្អប្រសើរ វ៉ាក់សាំង​កូ​វីដ១៩ មាន​ប្រ​សិ​ទ្ឋ​ភាព និង​អាច​ចាក់​បាន​ទូលំទូលាយ​ដោយ​រដ្ឋាភិបាល​ប្រទេស​និមួយៗ នៅ​ពាក់កណ្តាល​ឆ្នាំ២០២១នេះ ទើប​ស្ថានភាព​សេដ្ឋកិច្ច និង​ការវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើងវិញ។

លោក​បន្តថា “សេដ្ឋកិច្ច​ប្រទេស​យើង ការរីកចម្រើន​នៅ​ប្រទេស​យើង មាន​ភាព​ប្រទាក់ក្រឡា​ជាមួយ​បណ្តា​ប្រទេស​នានា​នា​ក្នុង​ពិភពលោក ហេតុនេះ​យើង​មិនអាច​រីកចម្រើន សេដ្ឋកិច្ច​ងើបឡើង​តែឯង​នោះបានទេ” ៕

មហា​យក្ស​ចិន​កសាង​ផ្លូវ​សូត្រ​ឌីជីថល​លាតសន្ធឹង​ពី​អាស៊ី ឆ្លង​អាហ្វ្រិក ធ្លាយ​ដល់​អឺរ៉ុប

ដោយៈ​សុខុម

ប្រទេស​ចិនៈ មហា​យក្ស​ចិន គ្រោង​នឹង​ត​ភ្ជាប់​កំណាត់​ចុងក្រោយ នៃ​ខ្សែកាប​អុ​ប​ទិ​ក​ឆ្លងដែន ក្នុងប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​បង្កើត​ផ្លូវ​សូត្រ​ឌីជីថល (Digital Silk Road (DSR)) ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” (One Belt and Road Initiative) របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

យោងតាម​គេហទំព័រ RT.com ចុះផ្សាយ​កាលពី​កាលពី​ថ្ងៃទី៣១ មករា ដោយ​ដកស្រង់​ប្រភពពី​សារព័ត៌មាន Nikkei Asiaបាន​ឲ្យ​ដឹងថា ខ្សែកាប​អុ​ប​ទិ​ក​នេះ​នឹង​ភ្ជាប់​ទៅនឹង​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ PEACE (បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក​ភ្ជាប់​ប៉ា​គី​ស្ថាន អាហ្វ្រិក​ខាងកើត និង​អឺរ៉ុប) នៅ​បាតសមុទ្រ Arabian Sea ដើម្បី​ផ្ដល់​សេវា​អ៊ីនធឺណិត​ដល់​បណ្ដា​ប្រទេស ដែល​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ” និង​អឺរ៉ុប។

បច្ចុប្បន្ន កំណាត់​ចុងក្រោយ​នៃ​ខ្សែកាប​អុ​ប​ទិ​ក​នេះ កំពុងត​ភ្ជាប់​ចន្លោះ​ទីក្រុង​Rawalpindi និង​ទីក្រុង​កំពង់ផែ Karachi និង Gwada របស់​ប៉ា​គី​ស្ថាន។ គម្រោង​តម្លៃ ២៤០ លាន​ដុល្លារ​ដែល​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Huawei Technologies របស់​ចិន នេះ​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​កាលពី​សប្ដាហ៍​មុន។

ការតភ្ជាប់​ខ្សែកាប​បាតសមុទ្រ នៅក្នុង​ដែនទឹក​របស់​ប៉ា​គី​ស្ថាន នេះ​នឹង​ចាប់ផ្ដើម​នៅ​ខែមីនា ក្រោយពី​រដ្ឋាភិបាល​បានអនុម័ត​នៅ​ខែ​នេះ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ក្នុងស្រុក Cybernet សាងសង់​ស្ថានីយ​បញ្ជូន​សេវា​ក្នុង​ក្រុង Karachi ។

កំណាត់​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក កាត់​មហាសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ កំពុងតែ​ស្ថិតក្នុង​ដំណើរ​ការតភ្ជាប់ និង​ត​ភ្ជាប់​ពី​ប្រទេស​អេ​ហ្ស៊ី​ប ដល់​ប្រទេស​បារាំង។ តាម​ការរំពឹងទុក ខ្សែកាប​អុ​ប​ទិ​ក ដែលមាន​ប្រវែង​រហូតដល់​ទៅ ១៥.០០០គីឡូម៉ែត្រ​នេះ នឹងដាក់​ឱ្យ​ដំណើរ​ការផ្ដល់សេវា​អ៊ីនធឺណិត​ក្នុង​ឆ្នាំ២០២១ នេះ។

បណ្ដាញ​ខ្សែកាប PEACE នេះ​នឹង​ផ្ដល់​ផ្លូវ​បញ្ជូន​សេវា​អ៊ី​ន​ធឺ​ណេ​ត ផ្ទាល់​ខ្លី​បំផុត​រវាង​បណ្ដា​ប្រទេស ដែល​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ហើយនឹង​ជួយ​ធ្វើឱ្យ​ការផ្ទេរ​ទិន្នន័យ​អ៊ី​ន​ធឺ​ណេ​ត កាន់តែ​លឿន​ជាង​មុន​ខ្លាំង។ គេ​រំពឹងថា បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក​នេះ នឹង​ជួយ​កាត់បន្ថយ​ការ​ដាច់​អ៊ី​ន​ធឺ​ណេ​ត នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដោយសារ​ការខូចខាត​ខ្សែកាប​នៅ​បាតសមុទ្រ តាមរយៈ​ការផ្ដល់​ផ្លូវ​បញ្ជូន​សេវា​បន្ថែម​សម្រាប់​ការតភ្ជាប់​អ៊ីនធឺណិត។

យោងតាម​លោក Eyck Freymann អ្នកនិពន្ធ​សៀវភៅ​ដែលមាន​ចំណងជើង​ថា “One Belt One Road: Chinese Power Meets the World” ឱ្យដឹងថា គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ប្រកបដោយ​មហិច្ឆតារ​បស់​មហា​យក្ស​ចិន ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​សេវាកម្ម​ឌីជីថល៕

ការសិក្សា៖ ផ្នែក​សំខាន់​ចំនួន៤ នៃ​អចលនទ្រព្យ​ចាប់​ផ្តើ​មាន​សញ្ញា​ប្រសើរឡើង

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ឆ្នាំ២០២១ គឺ​ឆ្នាំ​មួយ​ដែលមាន​បញ្ហា​នៅតែ​មិនទាន់​បញ្ចប់ ដោយសារ​ជំងឺ​កូ​វីដ១៩ ហើយ​ផលប៉ះពាល់​របស់​វា លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺមាន​ភាពខុសៗគ្នា ប៉ុន្តែ​សញ្ញា​ល្អប្រសើរ​បានចាប់ផ្តើម​កើតមាន​ជាថ្មី។

វិស័យ​លំនៅដ្ឋាន

គម្រោង​ដី​បុរី​ថ្មី​ចំនួន៤ ត្រូវបាន​បញ្ចប់ និង​ប្រគល់ជូន​អតិថិជន​នៅ​ខណ្ឌ​ចំនួន៤ ដូចជា​ខណ្ឌមានជ័យ ច្បារអំពៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ជ្រោយចង្វារ​ក្នុង​រយៈពេល ៦ ខែ​កន្លងមកនេះ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍​បាន​បន្តថា “អ្វីដែល​គួរអោយកត់សំគាល់​ជាង​នេះ​គឺថា ក្នុង​រយៈពេល​ដូចគ្នា ទោះបី​មាន​ភាពមិនប្រាកដប្រជា ផ្នែក​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​កើតមាន ក៏​គម្រោង​ចំនួន១២ ត្រូវ​បានដាក់​ដំណើរការ​នៅ​ទូទាំង៧ ខណ្ឌ​ស្មើនឹង​ប្រមាណ ៤០០០យូ​នី​ត ដែល​បង្ហាញ​ពី​ការបន្ត​មាន​ទំនុកចិត្ត​រឹងមាំ​លើ​វិស័យនេះ” ។

ខណ្ឌ​សែន​សុខ បន្ត​ទទួលបាន​គម្រោងថ្មីៗច្រើនជាង ដោយ​គម្រោង​ចំនួន៤ចាប់  ផ្តើម​ដាក់​ដំណើរការ​សាងសង់ ខណៈដែល​ជ្រោយចង្វារ និង​មានជ័យ​ទាំងពីរ បានឃើញ​ការបន្ថែម​គម្រោង​ថ្មី​ចំនួន២រៀងខ្លួន។

អ្នក​អភិវឌ្ឍន៍ ដែលមាន​ស្រាប់ បាន​ចូលរួមចំណែក​ដល់​គម្រោង​ភាគច្រើន ទោះយ៉ាងណា​អ្នក​អភិវឌ្ឍន៍​ថ្មី បាន​ចំណែក២៥% នៃ​ការបើក​ដំណើរ​គម្រោង​ថ្មី ក្នុង​រយៈពេល​នេះ ដែល​បង្ហាញ​ពី​ការផ្គត់ផ្គង់​យ៉ាង​ទូលំទូលាយ នាពេល​អនាគត​នៅក្នុង​វិស័យនេះ។

ខុន​ដូ

ការផ្គត់ផ្គង់​ខុន​ដូ​សរុប​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មានការ​កើនឡើង៣,៩៧%ក្នុង​រយៈពេល​ត្រីមាស​ទី៣ឆ្នាំមុន ខណៈ​ការកើនឡើង​នេះ មានការ​ចូលរួម​តែមួយ​ពី​កា​រប​ច​ញ្ច​ប់​ដំណាក់កាល​ទី១របស់​គម្រោង Urban Village ហើយ​បាន​បង្កើន​ការផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​សមរម្យ ១៥.៦៧% ។

អំឡុង​ត្រីមាស​ទី៣នៃ​ឆ្នាំកន្លងមក មិនមាន​គម្រោង​ថ្មី​ណាមួយ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ទេ ប៉ុន្តែ​មាន​គម្រោង៣ បាន​ដាក់ចេញ​ការអភិវឌ្ឍ​នូវ​ដំណាក់កាលថ្មីៗ ទៅក្នុង​ទីផ្សារ​ផ្គត់ផ្គង់ ដែល​បង្ហាញថា អ្នក​អភិវឌ្ឍន៍​ដែល​ស្គា​ល់ពី​ទីផ្សារ​ក្រុងភ្នំពេញ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យនេះ។

របាយការណ៍​បានឱ្យដឹងថា គេ​រំពឹងថា​នៅ​ត្រីមាស​ទី៤ឆ្នាំមុន គេ​មើលឃើញ​ការបញ្ចប់​គម្រោង​ចំនួន៤បន្ថែមទៀត ដែល​នឹង​ចូលរួមចំណែក​ក្នុង​ទីផ្សារ ប្រមាណ ២,៦០០យូ​នី​ត ។ ទោះយ៉ាងណា ការពន្យា​ពេល​នៃ​ការសាងសង់ នៅតែ​បន្ត​កើតមាន​នៅក្នុង​វិស័យនេះ ដោយ​បច្ចុប្បន្ន​មាន​គម្រោង​ចំនួន៦ ពន្យា​ពេល​បញ្ចប់​គម្រោង​ទៅ​ឆ្នាំ២០២១ ។

តម្លៃ​លក់​ជា​មធ្យម​នៅ​គ្រប់ផ្នែក បាន​បន្ត​ប្រឈម​នឹង​សម្ពាធ​ធ្លាក់ចុះ នៅក្នុង​ត្រីមាស​ទី។ ខុន​ដូ​តម្លៃ​មធ្យម​ធ្លាក់ចុះ ១,៣៩% ខុន​ដូ​តម្លៃ​សមរម្យ​ធ្លាក់ចុះ ១,១៧% និង​ខុន​ដូ​ប្រណីត​ធ្លាក់ចុះ ១,០២% ។

អ្នក​អភិវឌ្ឍន៍​នៅតែ​សកម្ម ក្នុងការ​ផ្តល់​ការបញ្ចុះ​តម្លៃ និង​ការផ្សព្វផ្សាយ​ពី​ខុន​ដូ​យូ​នី​ត​នៅក្នុង​គម្រោង​របស់​ពួកគេ ដើម្បី​រក្សា​ល្បឿន​លក់។

ការិយាល័យ​ជួល

អាគារ​ការិយាល័យ​ជួល​ថ្មី​ចំនួន៣ ត្រូវបាន​បញ្ជាប់​ការសាងសង់​នៅ​ត្រីមាស​ទី៣ មុន មានដូចជា​អគារ​ការិយាល័យ TK Central អគារ The Point និង​អគារ Sayon Phnom Penh ដែល​នឹង​ចូលរួមចំណែក ក្នុង​ទីផ្សារ​ផ្គត់ផ្គង់​ការិយាល័យ​បន្ថែម៣០,០០៧ ម៉ែត្រការ៉េ។

នៅ​ដំណាច់ឆ្នាំ២០២០កន្លងមកនេះ អត្រា​ការិយាល័យ​ជួល​នៅ​ទំនេរ នៅ​ទូទាំង​ទីផ្សារ​ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត គិត​ចាប់តាំងពី​ឆ្នាំ២០១១ ។ នៅ​ត្រីមាស​ទី៣ អត្រា​នៃ​ការកាន់កាប់​មាន ៧៤,៧% ។ ទោះយ៉ាងណា​ជា មួយ​នឹង​ការបញ្ចប់​គម្រោង​ជាច្រើន​នៅ​ត្រីមាស​ទី៤ ឆ្នាំ២០២០ នឹងធ្វើ​ឱ្យ​អត្រា​នៃ​ការកាន់កាប់​ការិយាល័យ​ជួល​ទំនងជា​នឹង​ធ្លាក់ចុះ​ថែមទៀត។

គម្រោង​ការិយាល័យ​ជួល​ចំនួន៨ ត្រូវបាន​បញ្ចា​ប់​ការសាងសង់ គិត​ចាប់តាំងពី​ដើមឆ្នាំ​រហូត​មកដល់ពេលនេះ ដោយ​អត្រា​ទំនេរ​គិត​ជា​មធ្យម មានការ​កើនឡើង​ខ្ពស់។ ការអភិវឌ្ឍ​ការិយាល័យ​ជួល មួយចំនួន​នឹង​ត្រូវបាន​ពន្យារពេល ដោយមាន​ប៉ាន់​ស្មានថា មាន​ទំហំ ៥០,០០០ ម៉ែត្រការ៉េ​ត្រូវបាន​ពន្យារ​ពេលទៅដល់​ឆមាស​ទី១ ឆ្នាំ២០២១ ។

ទីផ្សារ​លក់រាយ

គម្រោង​ផ្សារ​ទំនើប​បែប​សហគមន៍ (Community Mall) ចំនួន២ត្រូវបាន​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០ ដែល​បានធ្វើឱ្យ​ទំហំ​នេះ​កើនឡើង​ដល់ ២១,៨០០ម៉ែត្រការ៉េ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​កាលពីពេល​ថ្មី​នេះ​បង្ហាញថា គម្រោង​ផ្សារ​ទំនើប​បែប​សហគមន៍ (Community Malls) ចំនួន២ រួមមាន​ផ្សារ​ទំនើប The One Mall និង 313 Quayside ដែល​ផ្សារ​ទាំងពីរ​នេះ​បន្ថែម​ដល់ ២១,៨០០ម៉ែត្រការ៉េ ស្មើនឹង២៦.១ភាគរយ ក្នុងចំណោម​ក​ផ្សារ​ទាំងអស់  និង​ប្រមាណ ៦.០៩ ភាគរយ ទៅនឹង​ការផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅក្នុង​ត្រីមាស​ទី៣ឆ្នាំមុន ខណៈ​សកម្មភាព​សេដ្ឋកិច្ច សង្គម ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ចាប់ផ្តើម​មាន​សញ្ញា​ល្អប្រសើរបណ្តើរៗនៅ​ដើមឆ្នាំ២០២១នេះ៕

ហេតុអ្វី Naga Corp វិនិយោគ China Town និង​គម្រោង​ដ៏​ធំ​ជា​លើកដំបូងតម្លៃ ៣៥០លាន​ដុល្លារ​នៅ​ក្រុង​សៀមរាប

ដោយៈ​ប៊ី

ភ្នំពេញៈ ខេត្តសៀមរាប​នឹង​ស្វាគមន៍​ឆាយ​ណា​ថោ​ន​ជា​លើកដំបូង ដែល​អភិវឌ្ឍន៍​ដោយ ក្រុមហ៊ុន​ណាហ្គា ខ​ប (NagaCorp) នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​របស់ខ្លួន ដែល​គ្រោង​នឹង​បោះទុន​វិនិយោគ ៣៥០លាន​ដុល្លារ។

ក្រុមហ៊ុន​ណាហ្គា​ខ​ប កាលពីថ្មីៗនេះ បានបង្ហាញ​ផែនការ​អភិវឌ្ឍ​រមណី​យ​ដ្ឋា​ន​មិនមាន​ល្បែង ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន៣៥០លាន​ដុល្លារ នៅ​ខេត្តសៀមរាប​ក្នុង​គោលបំណង​លើកកម្ពស់​តំបន់​ប្រាសាទអង្គរវត្ត ដែល​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក។

យោងតាម​សេចក្តី​ក្រុមហ៊ុន​ណាហ្គា ខ​ប​កាល​ពេលថ្មីៗនេះ​បានឱ្យដឹងថា គម្រោង​អភិវឌ្ឍ​ថ្មី​របស់​ក្រុមហ៊ុន ណាហ្គា ខ​ប នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០២៥ មុនពេល​គម្រោង​ណាហ្គា៣ តម្លៃ៣.៥០០ លាន​ដុល្លារ បើក​ដំណើរការ ហើយ​គម្រោង​នៅ​សៀមរាប​នេះ នឹង​បញ្ចូល​សណ្ឋាគារ​លំដាប់​ប្រណីត សួន​ទឹក សួនឧទ្យាន​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប ប្រឡាយ​ទឹកស្អាត កន្លែង​កម្សាន្ត​តាម​ដងទឹក និង​កន្លែង​ធុរកិច្ច។

គម្រោង​នេះ ក៏​នឹងមាន​មណ្ឌល​កម្សាន្ត​មួយ​ឈ្មោះថា “សៀមរាប​ឆាយ​ណា​ថោ​ន” ផ្តល់ជូន​នូវ​អាហារ Street Food ហាង តន្ត្រី និង​ការដើរ​ទិញ​ឥ​វ៉ាន់ ដែល​នឹង​ត្រូវបាន​រួមបញ្ចូល​ជាមួយនឹង​សួនច្បារ អមដោយ​ប្រព័ន្ធ​ទឹក​ស្រស់ស្អាត និង​មាន​ដំបូល​ការពារ​អាកាសធាតុ ដែល​ជួយ​លើកកម្ពស់​ខ្យល់ និង​ពន្លឺ​ធម្មជាតិ​ទន់។

ដោយ​ដាក់ឈ្មោះ​ជា​ផ្លូវការ​នូវ “បឹង​អង្គរ​អច្ឆរិយៈ ឬ Angkor Lake of Wonder” នៅលើ​ផ្ទៃដី៧៥ហិកតា វា​នឹង​ក្លា​ជា​គម្រោង​ធំ​ជាង​ទំហំ​រួម​នៃ Disneyland និង Disney California នៅ Los Angeles ។

ក្រុមហ៊ុន​ណាហ្គា​ខ​ប​បានឱ្យដឹងថា ការអភិវឌ្ឍន៍​នេះ​នឹង​បម្រើ​ដល់​គោលបំណង​ជាច្រើន​ដូចជា ការបង្កើន​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរ​ជា​យិ​ទៅកាន់​ខេត្តសៀមរាប ស្របពេល​ណាហ្គា​វើ​ល​អនុវត្ត​យុទ្ធសាស្ត្រ ធ្វើដំណើរ​ថ្មី​ភ្ជាប់​ខេត្តសៀមរាប​និង​ភ្នំពេញ។ ក្រុមហ៊ុន​នេះ​មានបំណង​អនុវត្ត​យុទ្ធសាស្ត្រ ធ្វើការ​ជាមួយ​ភ្នាក់ងារទេសចរណ៍​តាម​អ៊ិន​ធឺរ​ណែ​ត និង​ភ្នាក់ងារទេសចរណ៍​ប្រទេស​ចិន និង​កន្លែង​ផ្សេងទៀត ដើម្បី​ផ្តល់ជូន​នូវ​ដំណើរ​កម្សាន្ត ដោយ​ផ្អែកលើ​មូលដ្ឋាន​ពេញលេញ ក្នុង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់​បាន​មានប្រសាសន៍ថា វា​មិនមែនជា​រឿង​ចម្លែក​នោះទេ ដែល​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដ៏​ធំ​នេះ វិនិយោគ​ទឹកប្រាក់​ត្រឹម៣៥០លាន​ដុល្លារ​នៅ​ទីក្រុង​សៀមរាប តាមពិត​នេះ​ជាការ​ធ្វើ​ពិពិធ​កម្ម​វិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា ព្រោះ​នៅ​កម្ពុជា​នៅមាន​ឳ​កាស​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន​បរទេស​កំពុង​ស​ម្លឹ​ង​មក។

លោក​បន្តថា “ការវិនិយោគ​របស់ Naga Corp បាន​មើលឃើញ​ផលចំណេញ​រួចទៅហើយ ព្រោះ​ខេត្តសៀមរាប ក្រៅពី​សំណង់​ប្រាសាទ​ដ៏​មហស្ចារ្យ មិនមាន​អ្វី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចាប់អារម្មណ៍​ទៀត​ទេ” ។ លោក​បន្តថា “ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​ជម្រុញ​ឲ្យ​ខេត្ត​នេះ ទាក់ទាញ​បាន​នូវ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ អាច​សម្រាកលំហែរ​បាន​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​ទីនោះ៕

សភាពាណិជ្ជកម្ម​កម្ពុជា​នឹងដាក់​ការិយាល័យ​តំណាង​នៅ​ប្រទេស​កាណាដា​មុនគេ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅពេលឆាប់ៗខាងមុខនេះ សភាពាណិជ្ជកម្ម​កម្ពុជា នឹងដាក់​ការិយាល័យ​តំណាង​នៅតាម​បណ្តា​ប្រទេស និង​រដ្ឋ​នានា​នៅ​ប៉ែក​អឺរ៉ុប ជាពិសេស​នៅ​តំបន់​ដែលមាន​សមាគម​អ្នកវិនិយោគ​កម្ពុជា ដែល​អាចមាន​ប្រសិទ្ធភាព ក្នុងការ​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​មកកាន់​កម្ពុជា​បន្ថែមទៀត។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា​លឹម ហេង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​កាលពីពេលថ្មីៗនេះ​ថា គម្រោង និង​ផែនការ​នៃ​ការដាក់​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម នៅតាម​បណ្តា​ប្រទេស និង​រដ្ឋ​មួយចំនួន​នៅ​ប៉ែក​ខាង​អឺរ៉ុប​គឺមាន​ជា​យូរ​មកហើយ ហើយក៏​នឹង​ត្រៀម​ដាក់​លើកដំបូង នៅក្នុង​ប្រទេស​កាណាដា ព្រោះ​ប្រទេស​កាណាដា​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន។

លោក​ឧកញ៉ា បាន​មានប្រសាសន៍​បន្តថា “ជា​ជំ​ហ៊ាន​ដំបូង​យើង​បង្កើត​នៅ​ប្រទេស​កាណាដា ហើយនឹង​ពង្រាយ​នៅតាម​បណ្តា​រដ្ឋផ្សេងៗទៀត ដែលមាន​ពាណិជ្ជករ​ខ្មែរ​នៅ​ទីនោះ​ធ្វើជា​អ្នកតំណាង” ។ លោក​បន្ថែមថា “ក្រោយ​ពីនេះ​ទៀត យើង​នឹងដាក់​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ដែលមាន​សេដ្ឋកិច្ចធំៗ ដូចជា​សហរដ្ឋអាមេរិក បារាំង និង​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​ស្ថិតនៅ​អឺរ៉ុប” ។

តាមរយៈ​គម្រោង និង​ផែនការ​នៃ​ការពង្រីក​វិសាលភាព របស់​សភាពាណិជ្ជកម្ម​កម្ពុជា​នេះ ក្រៅពី​អាចធ្វើ​ការផ្សព្វផ្សាយ​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ថែមទាំង​មានលទ្ធភាព​ខ្ពស់ ក្នុង​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ ដែលមាន​ឥទ្ធិពលធំៗមក​ធ្វើជា​ដៃគូ​ជាមួយ​កម្ពុជា​យើង​បាន​ផងដែរ។

ពាក់ព័ន្ធ​ទៅនឹង​ការពង្រីក​វិសាលភាព និង​បង្កើត​ការិយាល័យ នៅតាម​បណ្តា​ប្រទេស និង​រដ្ឋ​នានា​នៅ​ប៉ែក​អឺរ៉ុប​នេះ លោក​ឧកញ៉ា​លឹម ហេង ក៏បាន​បញ្ជាក់ប្រាប់​ផងដែរ​ថា “យើង​ជឿជាក់ថា នឹង​ទទួលបាន​វិនិយោគិន​អន្តរជាតិ ចូលមក​កាន់​កម្ពុជា​កា​ន់​តែ​ច្រើន ជាពិសេស​បន្ទាប់ពី​ចាប់ផ្ដើម​អនុវត្តន៍ នូវ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន” ។

លោក​បន្តថា គ្រប់​ការធ្វើ​ជំនួញ​រកស៊ី​ទាំងអស់ សុទ្ធតែ​ក្នុង​គោលបំណង​ទទួលយក​ផលចំណេញ​ទាំងអស់ ដូច្នេះ ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ពិសេស​មួយ​នេះ តាមរយៈ​កម្ពុជា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ដល់​ពួកគេ​ក្រោម​ការនាំចេញ​ផលិតផល ពី​កម្ពុជា​អាច​រួច​ផុតពី​របាំង​ពន្ធ៕