កម្ពុជារកចំណូលពីទិដ្ឋការបរទេសជាង១៨០លានដុល្លារក្នុងមួយឆ្នាំ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ចំណូលពីទិដ្ឋការភ្ញៀវបរទេសចូលមកកម្ពុជា គឺជាចំណូលមិនមែនសារពើពន្ធ និងជាចំណូលសំខាន់មួយសម្រាប់ទ្រទ្រង់ដល់ការចំណាយរបស់ជាតិ ហើយក្នុងមួយឆ្នាំៗ ចំណូលពីទិដ្ឋការបរទេសចូលកម្ពុជា ក្នុងមួយឆ្នាំៗ មានប្រមាណ១៨០លានដុល្លារអាមេរិក។ នេះយោងតាមការបញ្ជាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០១នេះថា ក្នុងមួយឆ្នាំៗ កម្ពុជារកចំណូលពីទិដ្ឋការបរទេសបានរហូតដល់១៨០លានដុល្លារអាមេរិក និងជាចំណូលដ៏សំខាន់មួយសម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ដូច្នេះកម្ពុជានឹងមិនមានផែនការលុបចោលការយកថ្លៃសេវាទិដ្ឋការពីភ្ញៀវទេសចរបរទេសនោះឡើយ។

សម្ដេចតេចោធ្លាប់បានលើឡើងថា គ្រាន់តែភ្ញៀវទេសចរចិនមកលេងកម្ពុជា កាលមុនកូវីដ១៩ ក៏ធ្វើឱ្យកម្ពុជារកបានចំណូលពី ទិដ្ឋការនេះប្រមាណ៣០លានដុល្លារអាមេរិកដែរ ព្រោះក្នុងភ្ញៀវម្នាក់ត្រូវចំណាយលើទិដ្ឋការប្រមាណ៣០ដុល្លារអាមេរិក។

យ៉ាងណាក្ដីសម្រាប់ឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជារដ្ឋាភិបាលមិនបង្ហាញពីចំណូលបានមកពីទិដ្ឋការភ្ញៀវទេសចរចូលមកកម្ពុជាក៏អាចដឹងថា ចំណូលសម្រាប់ឆ្នាំ២០២០នេះ ពិតជាធ្លាក់ចុះខ្លាំង ព្រោះក្នុងឆ្នាំ២០២០ពេញ មានភ្ញៀវបរទេសចូលមកកាន់ប្រទេសកម្ពុជាប្រមាណតែជាងមួយលាននាក់ប៉ុណ្ណោះ។

ប្រតិបត្តិករទេសចរកម្ពុជាជាច្រើនបានស្នើ និងអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលឬបន្ធូរបន្ថយ សម្រាប់ថ្លៃសេវាទិដ្ឋការភ្ញៀវបរទេសចូលមកក្នុងប្រទេសកម្ពុជា ព្រោះថាបើធៀបនឹងបណ្ដាប្រទេសផ្សេងៗ ថ្លៃទិដ្ឋការភ្ញៀវបរទេសចូលមកកម្ពុជាមានតម្លៃខ្ពស់នៅឡើយ ដែលធ្វើឱ្យភ្ញៀវបរទេសហាក់មានសតិអារម្មណ៍ថាថ្លៃ៕

ការវិនិយោគលើវិស័យសំណង់នៅខេត្តកោះកុងកំពុងមានការកើនឡើង

ដោយ ៖ រ៉ាណេត

កោះកុង ៖ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងការបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់របស់ក្រុមហ៊ុនដែលមានតម្លៃប្រមាណ៤០០០លានដុល្លារនោះ បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានជាច្រើនបន្ថែមទៀតក្រោមការបណ្តាក់ទុនដោយវិនិយោគិនក្នុងស្រុក។

លោករស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសូរិយោដីបានមានប្រសាសន៍ប្រាប់គេហទំព័រ www.propertyarea.asia នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះថា បច្ចុប្បន្នគម្រោងសាងសង់សំណង់ជាច្រើនបាន និងកំពុងមានសកម្មភាពដោយក្នុងនោះភាគច្រើនជាគម្រោងសាងសង់បណ្តុំលំនៅដ្ឋាន និងលំនៅដ្ឋានដាច់ដោយឡែក។

លោកបន្តថា “ក្នុងឆ្នាំ២០២០កន្លងទៅនេះ ខេត្តកោះកុងទទួលបានគម្រោងវិនិយោគយ៉ាងច្រើន ដែលក្នុងនោះរួមមានគម្រោងនៃការបង្កើតតំបន់កម្សាន្ត រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណងសរុបចំនួន៩៤គម្រោង ដែលមានទុនវិនិយោគសរុបជាង២១លានដុល្លារ”។

លោកបញ្ជាក់ទៀតថា “គម្រោងភាគច្រើនគឺជាការវិនិយោគក្នុងវិស័យលំនៅដ្ឋានដោយក្នុងនោះមានទាំងគម្រោងបណ្តុំលំនៅដ្ឋាន និងគម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក ហើយក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ផងដែរ ដែលស្ថិតនៅតាមតំបន់ជាយក្រុង និងតំបន់ក្បែរដៃសមុទ្រ”។

ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកោះកុង រួមមានផ្លូវថ្នល់ដែលកំពុងមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នគម្រោងស្ថាបនាផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង មកកាន់ខេត្តពោធិ៍សាត់ ដោយឆ្លង់កាត់ស្រុកសំឡូតខេត្តបាត់ដំបង មានប្រវែងសរុបជិត២០០គីឡូម៉ែត្រ ក្រោមទុនចំណាយ១៨៣លានដុល្លារ សម្រេចបានប្រមាណ៤៦ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។

សម្រាប់គម្រោងអភិវឌ្ឍន៍ដ៏ធំប្រចាំខេត្តកោះកុងត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន Tienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតា ដែលគ្របដណ្តប់ស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។ គំរោងនេះបានប្រកាសទុនវិនិយោគលើកដំបូងតម្លៃ៤០០០លានដុល្លារអាមេរិក។

ក្រៅពីនេះនៅមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីតម្លៃជាង១០០០លានដុល្លារ រួមជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គម្រោងអភិវឌ្ឍន៍ និងសាងសង់ព្រលានយន្តហោះថ្មី គម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរភូមិន្ទ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិកម្រិតមធ្យមជាច្រើនទីតាំងទៀត៕

CBC៖ កម្ចីអចលនទ្រព្យនៅកម្ពុជាមានទំហំទឹកប្រាក់ទៅដល់ជាង៥០០០លានដុល្លារ

ដោយ៖ ប៊ី

ភ្នំពេញ៖ សមតុល្យឥណទានលក្ខណៈបុគ្គលបានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត+៧,១៧ភាគរយ គិតត្រឹមពីខែធ្នូ ឆ្នាំ២០២០ ខណៈនៅត្រីមាសចុងក្រោយឆ្នាំ២០២០នេះ សមតុល្យឥណទានលក្ខណៈបុគ្គលចំនួន ៩,៧៦ ពាន់លានដុល្លារ។ នេះបើយោងតាមការរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី(CBC) ចេញផ្សាយកាលពីចុងសប្តាហ៍មុននេះ។

របាយការណ៍បានឱ្យដឹងថា កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥២,០០ភាគរយ ស្មើនឹងប្រមាណ៥.០៧ពាន់លានដុល្លារ ចំណែកឯសមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៧,៤០ភាគរយ។

បើទោះបីជាចំនួនគណនីនៃកម្ចីអចលនទ្រព្យមានចំនួនត្រឹម១០,៧៦ភាគរយ នៃចំនួនគណនីសរុប ក៏ប៉ុន្តែចំនួននេះមានទំហំច្រើនជាងពាក់កណ្តាលនៃសមតុល្យឥណទានសរុប។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦១ភាគរយប៉ុណ្ណោះ។

និយាយជារួម កំណើនវិជ្ជមានមាននៅគ្រប់តំបន់ទាំងអស់ដូចជា តំបន់ទំនាប +៧,៧ភាគរយ តំបន់ខ្ពង់រាប +៧,៣ភាគរយ តំបន់ឆ្នេរ +៦,៦ភាគរយ និង តំបន់ទន្លេសាប +៤,៨ភាគរយ។

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា នៅក្នុងត្រីមាសទាំងពីរចុងក្រោយនេះទីផ្សារឥណទានមានភាពវិជ្ជមាន។

លោកបានបន្តទៀតថា “ទោះបីជាមានការកើនឡើងនៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល និងដំណើរការឥណទានលក្ខណៈបុគ្គលអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត៣០ថ្ងៃ ហួសកាលបរិច្ឆេទកំណត់នៅត្រឹមនៅគ្រប់តំបន់ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា”៕

សម្ដេចតេជោ ៖ វ៉ាក់សាំងចំនួន៦០ម៉ឺនដូសនឹងមកដល់នៅខែកុម្ភៈខណៈកម្ពុជាត្រៀម២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងខែកុម្ភៈនេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដចំនួន៦០ម៉ឺនដូសនឹងនាំមកកាន់កម្ពុជាចាក់ជូនប្រជាពលរដ្ឋ និងអ្នកដែលប្រឈមជួរចំនួន៣០ម៉ឺននាក់ដំបូង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមបម្រុងវ៉ាក់សាំងសរុបចំនួន២០លានដូសសម្រាប់ចាក់ជូនប្រជាជននៅទូទាំងប្រទេសដោយឥតគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសនៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិក​ម្មស្អាតបាក់ខែង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រទឹកស្អាតចម្ការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាបចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដែលក្នុងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទាំង២០លានដូសនេះមានជំនួយ១១លានដូសផងដែរ។

សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ “យើងត្រូវត្រៀមបម្រុង២០លានដូស ដែលពីមុនត្រូវការដល់២៦លានសម្រាប់មនុស្ស១៣លាននាក់ ប៉ុន្តែឥឡូវនេះដោយយើងកាត់បន្ថយពី៨០ភាគរយ ដែលឥឡូវអត្រានេះមកនៅត្រឹ៦០-៧០ភាគរយ យើងត្រូវការត្រឹម២០លានដូស គឺត្រូវការចាក់១០លាននាក់ ឥឡូវក្រុមការងារវ៉ាក់សាំងកំពុងពិនិត្យ”។

សម្តេចបញ្ជាក់ថា៖ “ជើងទី១ នឹងមកដល់៦០ម៉ឺនដូស បន្ទាប់ទៅនឹងបំពេញបន្ថែម។ បន្ទាប់ទៅយើងនឹងទទួលពីខូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស បន្ថែមលើនេះយើងទិញតាមរយៈខូវ៉ាក់ ចំនួន១លានដូសទៀត អញ្ចឹងយើងបាន៩លានដូសហើយ ពិតមែនតែមិនទាន់ដល់ដៃ តែគម្រោងរបស់យើងមាន”។

សម្តេចបន្ថែមថា៖ “យើងនឹងទទួលពីអូស្រ្តាលីចំនួន៣លានដូស ដែលអូស្រ្តាលី សម្រេចផ្តល់ផ្តល់ថវិកាចំនួន២៨លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់រយៈពេល ២០២០-២០២៣ តាមរយៈគំនិតផ្តួចផ្តើមទទួលបានវ៉ាក់សាំងកូវីដ១៩តំបន់ ដែលកញ្ចប់ដំបូងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំ២០២១។ ជំនួយឥតសំណងនេះ នឹងជួយឱ្យកម្ពុជាទទួលបានវ៉ាក់សាំងដែលប៉ាន់ស្មានសម្រាប់មនុស្ស១.៥លាននាក់ ដែលស្មើនឹង៣លានដូស”។

ការផ្តល់ជំនួយរបស់ចិន ខូវ៉ាក់ និងអូស្រ្តាលី បានធ្វើឱ្យកម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩សរុបចំនួន១១លានដូស ដោយកម្ពុជា នៅខ្វះ៩លានដូសទៀត ដើម្បីបានគ្រប់ចំនួន២០លានដូស។ សម្រាប់វ៉ាក់សាំង៩លានផ្សេងទៀតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នឹងបន្តស្នើសុំជំនួយ និងទិញពីប្រទេសចិនបន្ថែម ដោយសម្តេចបានសរសេរលិខិតទៅ នាយករដ្ឋមន្រ្តីចិន រួចរាល់ហើយ ដើម្បីស្នើសុំវ៉ាក់សាំងបន្ថែមនេះ។

ជាមួយគ្នានេះសម្តេចក៏បានសរសេរលិខិតទៅនាយករដ្ឋមន្រ្តីឥណ្ឌាថែមទៀត។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ពីគម្រោងទិញនូវវ៉ាក់សាំងរបស់អង់គ្លេស (AstraZeneca)។ សម្តេចលើកឡើងថា បើសិនជាវ៉ាក់សាំង AstraZeneca ស្ថិតក្នុងតម្លៃត្រឹម៤-៥ដុល្លារបច្ចុប្បន្ននេះ កម្ពុជានឹងអាចមានលទ្ធភាពក្នុងការទិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់ព្រះមហាក្សត្រ សម្តេចម៉ែ និងសម្បុរសជននានា ដែលមានទឹកប្រាក់សរុប៥៧លានដុល្លារនោះ នឹងអាចគ្រប់គ្រាន់សម្រាប់ការទិញវ៉ាក់សាំង។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោក៏បានស្នើសុំជំនួយតាមរយៈអគ្គរដ្ឋទូតអឺរ៉ុប ឱ្យសហភាពអឺរ់ុបជួយផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជាផងដែរ៕

វិភាគ៖ តើព្រឹត្តិការណ៍ថ្ងៃទី១ កុម្ភៈ នៅមីយ៉ាន់ម៉ាមានការពាក់ព័ន្ធអ្វីខ្លះជាមួយអាមេរិក និងចិនក្នុងការពង្រីកឥទ្ធិពលនៅតំបន់អាស៊ាន?

ដោយ៖ ប៊ី

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមីយ៉ាន់ម៉ា ខណៈចិនអំពាវនវាឱ្យមានការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយជាជាងការប្រើកំលាំងយោធាបន្ទាប់លោកស្រីអ៊ុង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតមកពីគណបក្សកាន់អំណាចត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃនេះ។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បាននិយាយនៅថ្ងៃចន្ទ ទី១ ខែកុម្ភៈថា ក្រុមថ្នាក់ដឹកនាំយោធាឃុំខ្លួនលោកស្រីអ៊ុង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតមកពីគណបក្សកាន់អំណាចនៅថ្ងៃនេះ។

ហេតុការនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលស៊ីវិល និងយោធាដ៏មានឥទ្ធិពលដែលបង្កឱ្យមានការភ័យខ្លាចចំពោះការធ្វើរដ្ឋប្រហារដោយសារយោធាបានអះអាងថា ការបោះឆ្នោតដែលទើបនឹងបញ្ចប់កាលពីថ្មីៗនេះជាការបន្លំ។

អ្នកនាំពាក្យលោកMyo Nyunt បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា លោកស្រីអ៊ុងសាន ស៊ូជី ប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានឃុំខ្លួននាពេលព្រឹកព្រលឹមថ្ងៃនេះ។

លោកមានប្រសាសន៍ថា “ខ្ញុំចង់ប្រាប់ប្រជាជនរបស់យើងកុំឱ្យឆ្លើយតបដោយមិនមានការពិចារណា ហើយខ្ញុំចង់ឲ្យពួកគេធ្វើអ្វីស្របទៅតាមច្បាប់” ។

តំណាងរាស្រ្តគណបក្ស NLD ដែលសុំមិនបញ្ចេញឈ្មោះដោយខ្លាចមានការសងសឹកបាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនម្នាក់ទៀតគឺលោក Han Thar Myint សមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្ស។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានជំរុញឱ្យយោធាមីយ៉ាន់ម៉ាដោះលែងមន្រ្តី ដែលត្រូវបានឃុំខ្លួនរួមទាំងលោកស្រីអ៊ុងសាន ស៊ូជី និងបានព្រមានពីការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោនជុំវិញការធ្វើរដ្ឋប្រហារជាក់ស្តែង។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះ ឬរារាំងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវប្រសិនបើស្ថានការមិនត្រូវបានផ្លាស់ប្តូរ។

លោកស្រីបានបន្ថែមទៀតថា “យើងជំរុញឱ្យយោធា និងគណបក្សដទៃទៀតគោរពនូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួននៅថ្ងៃនេះ”។

លោក Zhiqun Zhu ដែលជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Bucknell នៅសហរដ្ឋអាមេរិក និងជាអ្នកជំនាញខាងគោលនយោបាយការបរទេសចិន និងកិច្ចការអាស៊ីបូព៌ា បាននិយាយថា សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនគឺជាការព្រមានដ៏ម៉ឺងម៉ាត់មួយ។

លោក Zhu ដែលបានសរសេរសៀវភៅមួយទសវត្សរ៍ដ៏សំខាន់ៈគោលនយោបាយការបរទេសចិនឆ្នាំ២០០៨-២០១៨ បានបន្ថែមថា “ចិនទំនងជានឹងជំរុញឱ្យគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ារក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយភាពខុសគ្នារបស់ពួកគេ តាមរយៈការពិភាក្សាមិនមែនប្រើប្រាស់សកម្មភាពយោធានោះទេ”។

លោក Yun Sun ប្រធានកម្មវិធីចិននៅមជ្ឈមណ្ឌលគិតនៃមជ្ឈមណ្ឌល Stimson នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានចង្អុលបង្ហាញថា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីបីសប្តាហ៍មុន ហើយទីក្រុងប៉េកាំងទំនងជាមិនពេញចិត្តនឹងព្រឹត្តិការណ៍បច្ចុប្បន្ននេះទេ (ស្ថានភាពនៅមីយ៉ាន់ម៉ា)។
លោក Sun បានលើកឡើង ដោយសំដៅទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនគាំទ្រដល់ការតភ្ជាប់រវាង មីយ៉ាន់ម៉ា និងចិន ថា“ វាច្បាស់ណាស់ថា ប្រទេសចិនគាំទ្ររដ្ឋាភិបាលគណបក្ស NLD ហើយកំពុងទន្ទឹងរង់ចាំធ្វើការជាមួយមីយ៉ាន់ម៉ានៅក្នុងអាណត្តិទី២ ជាពិសេសក្នុងការលើកកម្ពស់ច្រករបៀងសេដ្ឋកិច្ចប្រទេសចិន”។

លោក Peng Nian អនុប្រធាន និងជាសហការីនៃវិទ្យាស្ថានជាតិសិក្សាសមុទ្រចិនខាងត្បូងនៅហៃណាន បានថ្លែងថា ស្ថិរភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជាការងារអាទិភាពសម្រាប់ប្រទេសចិន។

លោក Peng បានលើកឡើង ដោយសំដៅទៅលើផែនការដ៏មានមហិច្ឆតារបស់ទីក្រុងប៉េកាំងក្នុងការជំរុញពាណិជ្ជកម្ម និងការតភ្ជាប់ពិភពលោកថា “វាគឺជាលក្ខខណ្ឌដ៏ធំបំផុតសម្រាប់គម្រោងគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវជាច្រើននៅក្នុងប្រទេស ជាពិសេសផ្លូវរបៀងសេដ្ឋកិច្ច ដែលបានសាងសង់ជាមួយប្រទេសមីយ៉ាន់ម៉ា”។

ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈនេះ ខ្សែទូរស័ព្ទទៅកាន់ទីក្រុងណៃពិដោមានដំណើរការរអាក់រអួលនៅព្រឹកថ្ងៃចន្ទនេះ។ សភាគ្រោងនឹងចាប់ផ្តើមធ្វើការនៅទីនោះនាថ្ងៃចន្ទបន្ទាប់ពីគណបក្ស NLD បានឈ្នះការបោះឆ្នោតនៅក្នុងការភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា MRTV បាននិយាយថា វាមានបញ្ហាបច្ចេកទេស ហើយមិនអាចផ្សព្វផ្សាយបានទេ។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនបាននិយាយថា “ដោយសារតែការលំបាកក្នុងការប្រាស្រ័យទាក់ទងនាពេលបច្ចុប្បន្ននេះ យើងសូមជម្រាបប្រាប់អ្នកដោយគោរពថា កម្មវិធីរបស់វិទ្យុ MRTV និងវិទ្យុមីយ៉ាន់ម៉ាមិនអាចត្រូវបានចាក់ផ្សាយបានទេ”។

មានសេចក្តីរាយការណ៍ផងដែរថា ការភ្ជាប់ទិន្នន័យតាមទូរស័ព្ទចល័ត និងសេវាកម្មទូរស័ព្ទមួយចំនួនត្រូវបានរំខាននៅក្នុងទីក្រុងយ៉ាំងហ្គោនរបស់មីយ៉ាន់ម៉ា។

អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលោកស្រីអ៊ុងសាន ស៊ូជី អាយុ៧៥ឆ្នាំ បានឡើងកាន់អំណាចបន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១៥ បន្ទាប់ពីការឃុំខ្លួនក្នុងផ្ទះអស់ជាច្រើនទសវត្សនៅក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឱ្យលោកស្រីក្លាយជានិមិត្តរូបអន្តរជាតិ។

កេរ្តិ៍ឈ្មោះអន្ដរជាតិរបស់លោកស្រីត្រូវបានខូចខាតបន្ទាប់ពីជនជាតិរ៉ូហ៊ីងយ៉ារាប់រយរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រតិបត្តិការកងទ័ពចូលទៅជ្រកពីរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧ ប៉ុន្តែលោកស្រីនៅតែមានប្រជាប្រិយភាពខ្លាំងនៅមីយ៉ាន់ម៉ា។

គណបក្ស NLD បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន លើគណបក្សដែលគាំទ្រដោយយោធា។ យោធាមីយ៉ាន់ម៉ាបាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងការពារ និងគោរពរដ្ឋធម្មនុញ្ញ និងអនុវត្តតាមច្បាប់ បន្ទាប់ពីការអត្ថាធិប្បាយកាលពីដើមសប្តាហ៍នេះ បានបង្កើនការភ័យខ្លាចចំពោះការធ្វើរដ្ឋប្រហារ។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់របស់យោធាអំពីការលួចបន្លំសន្លឹកឆ្នោត ដោយនិយាយថា មិនមានកំហុសអ្វីធំដុំទេ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃការបោះឆ្នោត។

រដ្ឋធម្មនុញ្ញបានរក្សាអាសនៈ២៥ភាគរយ នៅក្នុងសភាសម្រាប់យោធា និងគ្រប់គ្រងក្រសួងសំខាន់ៗចំនួន៣ នៅក្នុងរដ្ឋបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាគ្មានគម្រោងលុបចោលថ្ងៃបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំ២០២១នេះទេ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាសម្តេចគ្មានគម្រោងលុបចោលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចឆ្នាំមុននោះទេ ព្រោះសភាពការណ៍អាចគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ១៩បាន ខណៈឆ្នាំមុនការគ្រប់គ្រងសភាពការណ៍មិនច្បាស់លាស់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ថា សម្ដេចគ្មានគម្រោងនឹងលុបចោលពិធីចូលឆ្នាំខ្មែរដូចកាលពីឆ្នាំមុន នោះទេ ខណៈការគ្រប់គ្រងក្នុងសភាពការណ៍មិនច្បាស់លាស់។

សម្ដេចតេជោបានពន្យល់ថា កាលពីឆ្នាំទៅ មូលហេតុដែលផ្អាកការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរពីព្រោះមូលហេតុឆ្នាំទៅនេះមានពលករមកពីប្រទេសថៃចំនួន១២ម៉ឺននាក់ ដែលសម្រុកចូលមកកម្ពុជាភ្លាមៗ ដោយចំណុចទាំងនេះបានធ្វើឱ្យមិនដឹងថា អ្នកណាមានជំងឺកូវីដ១៩ ឬអត់ បូករួមទាំងអ្នកចេញពីរាជធានីភ្នំពេញថែមទៀត។ សម្ដេចតេជោបានលើកឡើងថា កាលពីឆ្នាំមុន ពិធីបុណ្យចូលឆ្នាំនៅតែបុណ្យចូលឆ្នាំ ប៉ុន្តែផ្អាកការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំ ដោយត្រូវសងវិញចំនួន៥ថ្ងៃក្រោយ។ ប៉ុន្ដែសម្រាប់ឆ្នាំនេះគឺគ្មានគម្រោងផ្អាកនោះទេ។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការសម្រាប់នៅថ្ងៃខាងមុខផងដែរថា បើសិនមានការផ្ទូះជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ អាចនឹងមានវិធានការផ្សេង។ ប៉ុន្តែសម្តេចតេជោធានាថា ចំពោះច្បាប់ក្នុងគ្រាមានអាសន្នមិនត្រូវបានដាក់ឱ្យប្រើនោះទេ តែវិធានត្រូវប្រុងប្រយ័ត្នជានិច្ច។ សម្តេចតេជោបានបន្ថែមថា “ចូលឆ្នាំនៅតែចូល ប៉ុន្តែយើងរក្សាគម្លាត រាំក៏រាំទៅ តែរាំឱ្យឆ្ងាយពីគ្នាទៅ ហើយឥឡូវការរាំក្បាច់ ឈ្លូ ប្រហែលជាបោះបង់ចោលហើយលើពិភពលោកនេះ”។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានរម្លឹកផងដែរថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ក៏រៀបចំចុះប៉ុន្តែត្រូវរក្សាគម្លាតដោយក្នុងមួយតុធ្លាប់ដាក់គ្នា១០នាក់ ទុកតែ៥នាក់បានហើយដើម្បីរក្សាគម្លាត។

សម្ដេចតេជោបានចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋមានតម្លៃខ្លាំងណាស់ក្នុង ការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលចំណុចនេះ ស្ថិតក្នុងអភិបាលកិច្ចទាំងអស់ ហើយមិនប្រាកដថាប្រទេសអ្នកមានមិនស្លាប់មនុស្សនោះទេ។ តែផ្ទុយទៅវិញប្រទេសអ្នកមានស្លាប់មនុស្សច្រើនជាងគេទៅវិញ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ចំពោះដំណើរការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩គឺមានការពិបាកជាងការដឹកនាំកងទ័ពធ្វើការប្រយុទ្ធទៅទៀត ព្រោះថាជំងឺកូវីដ១៩មិនដឹងទីតាំងច្បាស់លាស់ និងគ្មានស្រមោល ដូច្នេះមិនដឹងទៅណា ឬនៅកន្លែងណានោះទេ៕

រយៈពេល៦ឆ្នាំ សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានចំនួន១៤០០លានដុល្លារដល់កម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសរុបចំនួន១៤០០លានដុល្លារដល់កម្ពុជាដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រនៃសហប្រតិតបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាឆ្នាំ២០១៤-២០២០។

តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី Ms. Carmen Moreno បានមានប្រសាសន៍នៅក្នុងកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា នៅក្នុងការចូលរួមពង្រឹកកិច្ចអភិវឌ្ឍន៍នៅកម្ពុជាសហភាពអឺរ៉ុប (EU) បានកំណត់គោលដៅសំខាន់ៗជាយុទ្ធសាស្ត្រចំនួន៣រួមមានទី១ កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ទី២ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិដោយផ្តោតខ្លាំងលើជលផល និងទី៣ អភិបាលកិច្ច និងនីតិរដ្ឋ។

នៅចន្លោះឆ្នាំ ២០១៤ និង ២០២០ សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានចំនួន ១,៤ ពាន់លានដុល្លារអាមេរិក (រួមទាំងជំនួយឥតសំណងចំនួន ១,១ ពាន់លានដុល្លារនិងប្រាក់កម្ចីទន់ ៣០០ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាឆ្នាំ ២០១៤-២០២០ និងប្រហែល ៤១០ លានអឺរ៉ូដើម្បីគាំទ្រសហគមន៍អឺរ៉ុប។ កម្មវិធីសូចនាករពហុឆ្នាំ ២០១៤-២០២០ ។

នៅក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសមាហរណកម្មតំបន់អាស៊ានជាពិសេសគម្លាតអភិវឌ្ឍន៍នៅក្នុងបណ្តាប្រទេសអាស៊ានរួមទាំងការគាំទ្រពីសហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងទីផ្សារក្នុងតំបន់និងខ្សែសង្វាក់តម្លៃពលករចំណាកស្រុកនិងទីផ្សារអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា។ ស្រូវឧស្សាហកម្មទេសចរណ៍ការចូលរួមពីវិស័យឯកជនជំនាញនិងការគាំពារសង្គមការជំរុញការវិនិយោគទ្វេភាគីនិងយុទ្ធសាស្រ្តដែលភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ដើម្បីសម្របខ្លួននិងលើកកម្ពស់ដោយផ្អែកលើការរីករាលដាលនៃជំងឺរាតត្បាតទី ១៩ ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបចំពោះជំនួយអភិវឌ្ឍន៍ចុងក្រោយសម្រាប់ប្រទេសកម្ពុជាដែលត្រូវបានអនុវត្តទាំងទ្វេភាគីនិងរួមគ្នាជាមួយបណ្តាប្រទេសអ៊ឺរ៉ុបហើយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សកន្លះចុងក្រោយនេះ។

ជាមួយគ្នានេះ លោកក៏បានជំរុញ និងស្នើដល់ភាគីសហភាពអឺរ៉ុបបន្តជួយជ្រោមជ្រែងនៅក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ ជាពិសេសក្រោយពេលទទួលរងនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩៕

សម្តេចតេជោ: ផលពីដំណក់ប្រេងដំបូងមិនទាន់មានសក្តានុពលលើការជំរុញសេដ្ឋកិច្ចកម្ពុជានៅឡើយទេ

ដោយ៖ ប៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការផលិតប្រេងនៅដំណាក់កាលដំបូង មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែវាចាប់ផ្តើមមួយដ៏ល្អនៃដំណើរការនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងពិថីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដំណើរផលិតដំណក់ប្រេងដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អណ្តូងទី១របស់យើងដំណើរការបានរយៈពេល៣៣ថ្ងៃ អណ្តូងទី២របស់យើង ទើបនឹងដំណើរការ។

សម្តេចតេជោបានថ្លែងថា អណ្តូងទី១ របស់យើងមានឈ្មោះថា AO1D គឺផលិតបាន១២៣១បារ៉ែល ក្នុងមួយថ្ងៃ ក្នុងរយៈពេល៣៣ថ្ងៃ ផលិតបាន៤០.៧៨៨បារ៉ែល ហើយអណ្តូងទី២ ឈ្មោះថា AO4D បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

សម្តេចមានប្រសាសន៍បន្តទៀតថា សរុបមក យើងទើបនឹងមានប្រេង ៤១.០៥៦បារ៉ែលទេ ហើយនៅសល់អណ្តូងទី៣ ទី៤ និងទី៥ នឹងត្រូវបន្តដំណើរការបូមជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ។

សម្តេចតេជោបានថ្លែងទៀតថា តាមការប៉ាន់ប្រមាណ យើងនឹងទទួលបានក្នុងមួយថ្ងៃ ក្នុងបរិមាណពី៧០០០ ទៅ៧៥០០បារ៉ែលតែបណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាជាការចាប់ផ្តើមមួយដ៏ល្អនៃដំណើរការនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា ព្រោះតាមការព្យាករណ៍ តាមវាយតម្លៃរបស់ឯកឧត្តមស៊ុយ សែម ថា បើតម្លៃប្រេង ៥៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ចំណូលរបស់យើងបានប្រមាណ៣០លានដុល្លារអាមេរិក ដូច្នេះវាមិនបានស្មើនឹងចំណូលមិនមែនសារពើពន្ធ ហើយចំណូលពីប្រេង មិនទាន់ជះវិសាលភាពដល់សេដ្ឋកិច្ចកម្ពុជានោះទេ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា៕

កម្ពុជា​ទទួលបាន​ចំណូល​ប្រចាំ​ខែមករា ឆ្នាំ២០២១ ជាង ៤០០លាន​ដុល្លារ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ក្នុង​រយៈពេល៣១ថ្ងៃ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជា​ទទួលបាន​ចំណូល​ជាតិ​ជាង៤០០លាន​ដុល្លារ​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​រដ្ឋាករ​គយ​កម្ពុ​ជា។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ទឹកស្អាត​បាក់​ខែង​នៅ​ព្រឹក​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ថា នៅក្នុង​រយៈពេល៣១ថ្ងៃ​នៃ​ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជា​ទទួលបាន​ចំណូល​ពី​ពន្ធ​ចំនួន​ជាង ៤០០លាន​ដុល្លារ ដោយ​ក្នុងនោះ  ចំណូល​បាន​ពី​ផ្នែក​ពន្ធដារ​ចំនួន ២១៨លាន​ដុល្លារ និង​ចំណូល​ពី​ផ្នែក​គយ​ជាង ២០១លាន​ដុល្លារ។

សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា ពាក់ព័ន្ធ​ទៅនឹង​ចំណូល​បន្ថែម​របស់​កម្ពុ​ជា​ទៅលើ​វិស័យ​ប្រេង​ដែល​ទើប​ចាប់​អនុវត្ត និង​កំពុងដំណើរការ​បូម​នៅពេល​បច្ចុប្បន្ននេះ​នៅ​មិនទាន់មាន​ទំហំធំធេង​នៅឡើយ​នោះទេ ព្រោះ​តាម​ការព្យាករណ៍​កម្ពុជា​អាច​ទទួលបាន​ចំណូល​ពី​ប្រេង​ប្រមាណ ៣០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ ដែល​តិចជាង​ចំណូល​ពី​វិស័យ​ទេសចរណ៍​ផង។

សម្ដេច​បាន​បន្តថា គិត​រហូតមក​ដល់ពេលនេះ ដំណើរការ​នៃ​ការ​បូម​ប្រេង​ឆៅ​បាន​ចំនួន៣៣ថ្ងៃ ដែលជា​លទ្ធផល​ទទួល​បាន ៤១ ០៥៦ បារ៉ែល​តែប៉ុណ្ណោះ ដូច្នេះ​ចំណូល​ពី​វិស័យ​ប្រេង​នៅ​មិនទាន់មាន​ទំហំធំធេង​នៅឡើយ​នោះទេ៕

អ្នកឧកញ៉ា លី ហួរ និយាយអ្វីខ្លះទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១

ភ្នំពេញ៖ គេហទំព័រ Propertyarera.asia មានកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី ចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២១ នឹងចាក់ផ្សាយកិច្ចសម្ភាសន៍ទាំងស្រុងរបស់អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានៅព្រឹកថ្ងៃនេះ ម៉ោង ១១៖៣០ ហើយកិច្ចសម្ភាសន៍នេះនឹងផ្ដោតសំខាន់ទៅលើទស្សនទានរបស់អ្នកឧកញ៉ា ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច អចលនទ្រព្យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគាំទ្រដល់វិស័យឯកជន។

តើឆ្នាំ២០២១ នេះ ស្ថានភាពទីផ្សារលំនៅដ្ឋានមានការប្រែប្រួលយ៉ាងដូចម្ដេច? សូមរង់ចាំទស្សនាកិច្ចសម្ភាសន៍ពិសេសនេះទាំងអស់គ្នា ៕