អ្នកឧកញ៉ា លី ហួរ និយាយអ្វីខ្លះទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១

ភ្នំពេញ៖ គេហទំព័រ Propertyarera.asia មានកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី ចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២១ នឹងចាក់ផ្សាយកិច្ចសម្ភាសន៍ទាំងស្រុងរបស់អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានៅព្រឹកថ្ងៃនេះ ម៉ោង ១១៖៣០ ហើយកិច្ចសម្ភាសន៍នេះនឹងផ្ដោតសំខាន់ទៅលើទស្សនទានរបស់អ្នកឧកញ៉ា ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច អចលនទ្រព្យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគាំទ្រដល់វិស័យឯកជន។

តើឆ្នាំ២០២១ នេះ ស្ថានភាពទីផ្សារលំនៅដ្ឋានមានការប្រែប្រួលយ៉ាងដូចម្ដេច? សូមរង់ចាំទស្សនាកិច្ចសម្ភាសន៍ពិសេសនេះទាំងអស់គ្នា ៕

ប្រធាន GRA ៖ អត្ថប្រយោជន៍​បន្ថែម​ដែល​ទទួលបាន​ពី​ការទិញ​លក់​អចលនវត្ថុ​តាមរយៈ​ភ្នាក់ងារ

ដោយ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ស្វែងរក់​ទិញ-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវ​ជ្រើស​រើសយក​ភ្នាក់ងារ​ក្នុងការ​ចរចា និង​រៀបចំ​ឯកសារ​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ជៀសវាង​ហានិភ័យ និង​មាន​សុវត្ថិភាព​ទាំង​គូភាគី ខណៈ​ការវិនិយោគ​លើ​វិស័យនេះ ត្រូវបាន​ប្រើប្រាស់​ធនធាន​យ៉ាង​សន្ធឹកសន្ធាប់។

លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) បាន​ពន្យល់ថា ភ្នាក់ងារ​អចលនវត្ថុ​គឺជា​អ្នក​ប្រឹក្សា​យោបល់​ដល់​អ្នកលក់ និង​អ្នកទិញ​ដើម្បីឱ្យ​មានការ​យល់ដឹង​កាន់តែ​ច្បាប់​ពី​វិស័យ​អចលនទ្រព្យ និង​ដឹង​ពី​ព័ត៌មាន​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​ទូលាយ ។

លោក​បន្តថា ភ្នាក់ងារ​អចលនទ្រព្យ​មាន​ព័ត៌មាន​សម្បូរបែប ហើយ​អាច​ទទួលយកបាន​តាម​រយៈ​ការ​ផ្តល់នូវ​ព័ត៌មាន និង​ឱកាស​វិនិយោគ​ប្រកបដោយ​ចីរភាព។ ម្យ៉ាងទៀត ភ្នាក់ងារ​អចលនទ្រព្យ គឺជា​បុគ្គល​ដែលមាន​សក្តានុពល​ក្នុង​ការចចារ​ពីព្រោះ​ពួ​គេ​ធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​អ្នកលក់ ហើយ​ដឹង​ពី​លក្ខខណ្ឌ​នៃ​តម្រូវការ​ជាក់ស្តែង​នៃ​អ្នកលក់ ជា​ការលក់​ប្រញាប់ លក់​ធម្មតា ឬ លក់​ក្នុង​កម្រិត​ក្នុងការ​ទទួលយក​ប្រាក់​ចំណូល​ខ្ពស់ ។

លោក​បន្ថែមថា  ជាមួយគ្នានេះ ភ្នាក់ងារ​អចលនវត្ថុ​ជា​បុគ្គល​កណ្តាល​ក្នុង​រៀបចំ​កិច្ចសន្យា​ទិញ-លក់ និង​ការធ្វើឱ្យមាន​ស្របច្បាប់​សម្រាប់​អ្នកលក់​នៅក្នុង​ដំណើរការ​នៃ​ទិញ-លក់។ បន្ថែម​ពីនេះ ភ្នាក់ងារ​ក៏​ជា​អ្នកធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ធនាគារ ដែល​អាច​ជួ​លស​ម្រ​ប់​សម្រួល​ដល់​អ្នកទិញ​ដែលមាន​បំណង​ខ្ចី​នៅក្នុង​លក្ខខណ្ឌ​ណាមួយ។

លោក​សំ សុខ​នឿន​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នកទិញ-អ្នកលក់​អចលនវត្ថុ​ប្រើប្រាស់​សេវា​ភ្នាក់ងារ​ដែល​ស្របច្បាប់​កំពុង​បំរើ​នៅក្នុង​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ ដែលមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ជួយ​សម្របសម្រួល​ដើម្បី​ជៀសផុត​ពី​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ  នាំអោយ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​រួម​នៅ​កម្ពុជា៕

អាមេរិក​ចាប់ផ្ដើម​ព្រមាន​មេដឹកនាំ​ចិន កុំ​ឱ្យមាន​មហិច្ឆតា​វាទទី​និយម

ដោយ សុខុម

អន្តរជាតិ៖  យើង​ដឹង​ហើយ​ថា អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ឆេះសង្គ្រាម​ពាណិជ្ជកម្ម​ក្ដៅ​គ​កុក​ជាមួយ​ចិន ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ជួបតែ​ភាព​ល្វីង​ជូរចត់​នឹង​គ្នា។ ហើយ​ក្រុមអ្នកវិភាគ​រំពឹងថា ភាព​តានតឹង​នេះ​នឹង​ធូរស្រាល​ឡើងវិញ ក្រោយ​លោក ចូ បៃ​ឌិន ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី។

ទោះជា​យ៉ាងណា ទើបតែ​ឡើងកាន់​អំណាច​បាន​រយៈពេល​មួយ​សប្តាហ៍ ប្រធានាធិបតី ចូ បៃ​ឌិន បាន​បញ្ជូន​សារ​ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចំៗថា កុំឱ្យ​មានបំណង​វាទទី​នៅ​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ ឱ្យសោះ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Asean Post ចុះផ្សាយ​កាលពី​ថ្ងៃទី៣០ មករា។

តាមរយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​សេចក្ដីថ្លែងការណ៍​ជាច្រើន លោក ចូ បៃ​ឌិន និង​មន្ត្រី​សន្តិសុខកំពូលៗរបស់លោក​បានបង្ហាញ​ជំហរ​គាំទ្រ​បណ្ដា​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន កូរ៉េខាងត្បូង កោះ​តៃវ៉ាន់ និង​ហ្វីលីពីន ដោយ​ផ្ដល់​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រឆាំង​ដាច់ខាត​ចំពោះ​ការអះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន នៅក្នុង​ដែនសមុទ្រ​មាន​ជម្លោះ។

កាលពី​ថ្ងៃ​ពុធ ទី២៧ មករា លោក ចូ បៃ​ឌិន បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ថា រដ្ឋាភិបាល​របស់លោក​ប្ដេជ្ញា​ការពារ​ប្រទេស​ជប៉ុន រួមទាំង​ប្រជុំ​កោះ Senkaku Islands (ជា​ភាសា​ជប៉ុន) ឬ Diaoyu Islands (ជា​ភាសា​ចិន) ដែល​ទាំង​ជប៉ុន និង​ចិន សុទ្ធតែ​អះអាង​សិទ្ធិ​កាន់កាប់​ផងដែរ។

ជំហរ​នេះ​ត្រូវបាន​បន្ទរ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Lloyd Austin ដែល​បាន​ប្រាប់​សម​ភាគី​ជប៉ុន Nobuo Kishi កាលពី​ថ្ងៃ​សៅរ៍ ទី៣០ មករា ថា កោះមាន​ជម្លោះ​ទាំងនេះ​ត្រូវបាន​គ្របដណ្តប់​ការពារ​ដោយ​សន្ធិសញ្ញា​សន្តិសុខ​អាមេរិក-ជប៉ុន។

យោងតាម​សេចក្ដីថ្លែងការណ៍​របស់​មន្ទីរ​បញ្ច​កោណ​ឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បាន​អះអាងថា “សហរដ្ឋអាមេរិក ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​ជា​ឯកតោ (ភាគី​តែ​ម្ខាង) ណាមួយ​ដើម្បី​កែប្រែ​ស្ថានភាព​ដើម​នៅ​សមុទ្រ​ចិន​ខាងត្បូង” ។

ទន្ទឹមនឹង​នេះដែរ ក្រោយ​ចូលកាន់​តំណែង​ក្នុង​រដ្ឋការ​របស់លោក ចូ បៃ​ឌិន បាន ៣ ថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស Ned Price បាន​ព្រមាន​ប្រទេស​ចិន ចំពោះ​ការគំរាមកំហែង​កោះ​តៃវ៉ាន់ ក្រោយ​ចិន បញ្ជូន​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាង ១០ គ្រឿង​ឆ្លងកាត់​ដែន​ការពារ​ផ្លូវអាកាស​របស់​កោះ​តៃវ៉ាន់។

អ្នកនាំពាក្យ​រូបនេះ​បានលើកឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “យើង​នឹង​ក្រោកឈរ​ជាមួយ​បណ្ដា​មិត្ត និង​សម្ព័ន្ធមិត្ត​ដើម្បី​រឹតបន្តឹង​សន្តិសុខ និង​លើក​គុណ​តម្លៃ​រួម​របស់​យើង​នៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក និង​ដើម្បី​រឹតចំណង​ទំនាក់ទំនង​របស់​យើង​ជាមួយ​តៃវ៉ាន់ ប្រជាធិបតេយ្យ​ផងដែរ។ ការប្ដេជ្ញា​របស់​យើង​ចំពោះ​កោះ​តៃវ៉ាន់ គឺ​រឹង​ដូច​ថ្ម” ។

ហើយ​រដ្ឋមន្ត្រីការបរទេស Antony Blinken បាន​ប្រាប់​សម​ភាគី​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ ទី២៧ មករា ថា សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក​ដែល​តម្រូវឱ្យ​សហរដ្ឋអាមេរិក ការពារ​ហ្វីលីពីន ប្រឆាំង​ការវាយប្រហារ​ណាមួយ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏បាន​អនុវត្ត​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​ផងដែរ ជា​អ្វីដែល​រដ្ឋការ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​បញ្ជាក់។

ការលើកឡើង​ទាំងនោះ​សរ​បង្ហាញឱ្យឃើញថា រដ្ឋការ​ថ្មី​របស់លោក ចូ បៃ​ឌិន នឹង​នៅតែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ចិន ជុំវិញ​បញ្ហា​សន្តិសុខ។

ជា​យូរ​មកហើយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ឈរ​នៅ​ខាង​បណ្ដា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដូចជា​រ៉េ​ខាងត្បូង ជប៉ុន វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី នៅក្នុង​ការច្រានចោល​កា​រ​អះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង៕

តើ​គម្រោង​វិនិយោគធំៗរបស់​ចិន​បានរួម​ចំណែក​យ៉ាងដូចម្ដេច​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា?

ដោយ៖ សាវុធ

ភ្នំពេញ៖ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​វិនិយោគ​របស​ក្រុមហ៊ុន​ចិនធំៗនៅ​កម្ពុជា ហើយ​បាន​រកឃើញថា គម្រោង​ទាំងនេះ បាននិងកំពុង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ និង​សង្គម​នៅ​កម្ពុជា។

យោងតាម​លោក​បណ្ឌិត​កែវ ពិសិដ្ឋ​ប្រធាន​មជ្ឈមណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក្នុង​កិច្ចសម្ភាសន៍​តាម​វីដេអូ ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្មីៗនេះ បានឱ្យដឹងថា វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជាធំៗនៅ​កម្ពុជា មានដូចជា៖ ក្រុមហ៊ុន​សាងសង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន ដែល​នាំមុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ ដែល​ចំណងជើង​ថា “អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា” បាន​បង្ហាញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌​ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ។

លោក​បណ្ឌិត​កែវ ពិសិដ្ឋ​បានឱ្យដឹង​បន្តថា បានការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជា​ចំនួន៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារ​ចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ មាន China Huaneng Group ជា​ម្ចាស់​ភាគហ៊ុន​ធំ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ។

បើតាម​លោក​បណ្ឌិត​បានឱ្យដឹង​ទៀតថា ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន ចិន​មាន​ប្រមាណ ១ភាគ៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា។ បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ​ដែល​មកពី​សាធារណៈរដ្ឋ​កូរ៉េ អង់គ្លេស ម៉ា​ឡេ ជប៉ុន និង​វៀតណាម៕

រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​មិន​ទទួលស្គាល់​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ដី​មួយចំនួន ក្នុង​គម្រោង​សាងសង់​ព្រលានយន្ដហោះ​នៅ​កោះរ៉ុង

ដោយ ៖ រ៉ា​ណេ​ត

ព្រះសីហនុ ៖ ក្រោយ​ការសិក្សា និង​ពិនិត្យ​លម្អិត​ទៅលើ​ភាពមិនប្រក្រតី​លើ​ការស្នើសុំ​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​ស្ថិតនៅក្នុង​គ​ម្រោ​សាងសង់​ព្រលាន​យន្ដ​ខ្នាតតូច​ដែល​វិនិយោគ និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​អ្នកឧកញ៉ា​គិត ម៉េង នៅលើ​កោះរ៉ុង រដ្ឋបាលខេត្ត​ព្រះសីហនុ​បានសម្រេច​មិន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មិន​ទទួលស្គាល់​ទៅលើ​រាល់​ឯក​បញ្ជាក់​ពី​កម្ម​សិទ្ធី​ដីធ្លី​ចំនួន ៤៥ក្បាលដី និង​បន្ត​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ជនខិលខូច។

តាមរយៈ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ត្រូវបាន​ចែកចាយ​យ៉ាង​ទូលាយ​នៅ​ព្រឹក​ថ្ងៃទី១ ខែកុម្ភៈ​ឆ្នាំ២០២១នេះ​បាន​បញ្ជាក់ថា ទីតាំង​ដី​ស្ថិតនៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជា​ប្រភេទ​ដី​កោះ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​មកជា​ដីឯកជន​របស់​រដ្ឋ​តាម​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ក្រោម​លក្ខខណ្ឌ​ជួល​វិនិយោគ។

នៅ​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ ៤៨អនក្រ.បក សម្រេច​កាត់​ដី​ទំហំ ៥២៨,៣៧ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្ន​ក្រុង​កោះរ៉ុង) ខេត្ត​ព្រះសីហនុ ចេញពី​ដីឯកជន​របស់​រដ្ឋកំ​ណ​ត់​ដោយ​អនុក្រឹត្យ​លេខ ០៥អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បី​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​នៅលើ​កោះរ៉ុង​ចំនួន២៩៨គ្រួសារ​ស្មើនឹង ៦៣៧ក្បាលដី ស្មើនឹង​ទំហំ ៥២៨,៣៧ហិកតា។

ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​វិវាទ​ដីធ្លី​ចំនួន៤៥ក្បាលដី ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​មាន​អាស័យដ្ឋាន​នៅលើ​កោះ​ចំនួន៣៦ក្បាលដី និង​ប្រជាពលរដ្ឋ​មាន​អាស័យដ្ឋាន​ក្រៅ​កោះ​ចំនួន៩ក្បាលដី គឺជា​ប្រភេទ​ដី​ដែល​ស្ថិតនៅ​ក្នុងចំណោម ៥៨៤ក្បាលដី ដែល​រដ្ឋបាលខេត្ត​បានធ្វើការ​ជូនដំណឹង​ពី​ការសម្រេច​បដិសេធ​មិន​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​នោះទេ។

រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​បន្ថែមថា រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយណា រួមមាន​ឯកសារ​សម្គាល់​លេខ​ក្បាលដី (ចុងសន្លឹក) លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី កិច្ចសន្យា​ទិញ-លក់​ដោយមាន​ប្រថាប់ត្រា​អាជ្ញាធរ​សង្កាត់ ឬ​ប្រថាប់ត្រា​មេធាវី ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ឯកជន(រវាង​គូភាគី) គំនូស​បង្ហាញ​ទីតាំង​ដី និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗទៀត រួម​នឹង​ក្បាលដី​ក្នុង​ប្លង់​សុរិយោដី​ចំនួន ៥៨៤ក្បាលដី ដែល​គណៈកម្មការ​រដ្ឋ​បាល បានសម្រេច​មិន​ផ្តល់ជូន​ជា​កម្មសិទ្ធិ គឺជា​ឯកសារ​ដែល​គ្មាន​តម្លៃ​គតិយុត្ត​សម្រាប់​ប្រើប្រាស់ ឬ​ទាមទារ​សិទ្ធិ​លើដី​ធ្លី​នៅលើ​កោះរ៉ុង​នោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូមបញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត​ដោយ​មិន​លើកលែង​ចំពោះ​ជន ណា​ដែល​បាន​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច​មាន​ក្នុង​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល៕

មន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញល្បីៗចំនួន៤រូបនឹងបង្ហាញវត្តមានក្នុងកម្មវិធីចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញល្បីៗដែលមានឥទ្ឋិពលលើសេដ្ឋកិច្ចកម្ពុជា នឹងបង្ហាញវត្តមានក្នុងកម្មវិធី” ចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១”ដែលនឹងចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី១ កុម្ភៈ វេលាម៉ោង១១,៣០នាទីថ្ងៃត្រង់ខាងមុខនេះ។

កិច្ចសម្ភាសន៍ពិសេសនេះ នឹងផ្សព្វផ្សាយនៅលើគេហទំព័រPropertyarea.asia និងwww.cambodiafinancialtimes.com និងFacebook Pageរបស់គេហទំព័រទាំងពីរនេះ។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចសម្ភាសន៍នេះ គឺលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា និងជាអតីតប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សហស្ថាបនិក និងអគ្គនាយកនៃគេហទំព័រទាំងពីរលោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងថា ការផ្តល់វត្តមានចូលរួមពីមន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញល្បីៗមានឥទ្ឋពលនៅកម្ពុជា មិនត្រឹមតែជាគុណតម្លៃមួយនោះទេ ប៉ុន្តែអស់លោកពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្នុងការចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគេបានយល់ដឹងពីការវវត្តនៃសេដ្ឋកិច្ច សង្គម និងគោលនយោបាយរបស់រដ្ឋាភិបាល នានា ដែលបានដាក់ចេញដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

លោកបន្តថា “កម្មវិធីនេះ ជាកម្មវិធីដែលបង្កើតឡើងមួយឆ្នាំម្តង ដើម្បីផ្តល់ព៌តមាននិងចំណេះដឹងដល់ប្រជាពលរដ្ឋ​ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីព៌តមាននានា ទាក់ទងការវិវត្តនៃវិស័យអចលនទ្រព្យ កសិកម្ម និងការនាំចេញ”។លោកបន្តថា “ការផ្តល់ព៌តមានជាក់លាក់ ពិត ឥលលំអៀងនឹងអាចទុកចិត្តបាន ជាបេសកកម្មរបស់យើង ដើម្បីជម្រុញភាពរីកចម្រើនក្នុងសង្គម ហើយគេហទំព័រទាំងពីរកំពុងផ្តល់នូវពុទ្ឋីថ្មីៗ ដល់សង្គមជាតិ ដែលជាការរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្តល់ព៌តមានពិត និងប្រឆាំងនឹងព៌តមានក្លែងក្លាយ”។

កម្មវិធី “ចក្ខុវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២១”សូមគោរពអរគុណដល់ឯកឧត្តមវេង សាខុន អ្នកឧកញ៉ាលី ហួរ លោកឧកញ៉ាលឹម ហេង និងលោកឧកញ៉ាហួត អៀងតុង ដែលបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនេះ៕

អ្នកជំនាញបង្ហាញពីទីផ្សារអចលនវត្ថុដែលអាចងើបឡើងក្នុងល្បឿនលឿននៅឆ្នាំនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងភាពសុទិដ្ឋិនិយម និងការរំពឹងទុកពីភាពល្អប្រសើរ នៃវិសយអចលនទ្រព្យក្នុងឆ្នាំ២០២១នេះ អ្នកជំនាញបានអះអាងថាការងើបឡើងវិញ នៃទីផ្សារលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ នឹងមានល្បឿនលឿនជាងគេ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY Real Estate  លោកវ៉ន ចាន់ថន បានមានប្រសាសន៍នៅក្នុងសប្ដាហ៍នេះថា តាមការរំពឹងទុក វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងាកមករកភាពល្អប្រសើរឡើងវិញ ជាពិសេសចាប់ពីពាក់កណ្តាលឆ្នាំ២០២១នេះសកម្មភាពទិញ លក់នឹងមានភាពមមាញឹកឡើងវិញ ខណៈដែលស្ថានភាពប្រឈមនឹងវិបត្តិជំងឺឆ្លងត្រូវបានទប់ស្កាត់ និងកាត់បន្ថយការរាលដាលក្រោយមានការប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា “ពេលនេះសញ្ញាល្អៗនៅក្នុងវិស័យអចលនទ្រព្យ បានចាប់ផ្តើមបង្ហាញជាបណ្តើរៗ ដែលផ្តើមចេញចលនាក្នុងស្រុក ប៉ុន្តែសម្រាប់សកម្មភាពនៃការចូលរួមពីទីផ្សារក្រៅស្រុកនៅមិនទាន់នៅឡើយនោះទេ”។ លោកបញ្ជាក់ថា “ចលនានៃទីផ្សារអចលនទ្រព្យ ដែលផ្តើមចេញពីអ្នកក្នុងស្រុកនៅពេលនេះ  គឺជាតម្រូវការពិតតម្រូវការជាក់ស្ដែង ជាពិសេសផ្នែកទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដី ស្ថិតនៅតាមបណ្តាជាយរាជធានីភ្នំពេញ ដែលមានតម្លៃសមរម្យក្រោម១០ម៉ឺនដុល្លារ”។

លោកបន្តថា មិនមែនពួកគាត់មិនចង់ទិញផ្ទះ នៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែលុយត្រឹមជាង៧ម៉ឺន ឬ១០ម៉ឺន គឺរកផ្ទះនៅមិនបាននោះទេ ដូច្នេះជាជម្រើសពួកគាត់មានតែទិញនៅតាមជាយក្រុង។

លោកវ៉ន ចាន់ថនបានមានប្រសាសន៍បន្តទៀតថា “កាលពីឆ្នាំ២០២០ដែលប្រ​ទេសកំពុងស្ថិតនៅក្នុងភាពប្រឈមខ្លាំង នៃវិបត្តិការទិញលក់លំនៅដ្ឋាន ក៏នៅតែមានសកម្មភាព ប៉ុន្តែមានការធ្លាក់ចុះបន្តិច ដោយសារតែបញ្ហានៃប្រាក់ចំណូលត្រូវបានកាត់បន្ថយ ប៉ុន្តែនៅឆ្នាំ២០២១នេះ ភាពប្រឈមត្រូវបានកាត់បន្ថយ ហើយអាជីវកម្ម និងកន្លែងបម្រើការងារផ្សេងៗ បានចាប់ដំណើរវិញជាធម្មតាឡើងវិញ។ ដូច្នេះពួកគាត់អាចមានលទ្ធភាពឡើងវិញ។

លោកបន្តថា “ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានអនុគ្រោះដោយការលើកលែងពន្ធប្រថាប់ត្រា លើការទិញលក់លំនៅដ្ឋាតម្លៃក្រោម៧ម៉ឺន រួមជាមួយនឹងការបន្តលើកលែងលើការយកពន្ធលើប្រាក់ចំណេញមូលធន នេះជាការជំរុញឱ្យមានការទិញលក់កាន់តែមានល្បឿនលឿន”។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌីបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ពិតជាអាចកក្រើកឡើងវិញក្នុងល្បឿនលឿនជាងទីផ្សារដទៃទៀត ប៉ុន្តែភាគច្រើនគឺជាទីផ្សារលំនៅដ្ឋាន ជាន់ផ្ទាល់ដីតែប៉ុណ្ណោះ សម្រាប់ទីផ្សារលំនៅដ្ឋានសហកម្មសិទ្ធិអាចនៅមានកម្រិត។

លោកបញ្ជាក់ថា“ផ្ទះជាប់ដីតម្លៃក្រោម១០ម៉ឺនដុល្លារ ឬក្រោម៧ម៉ឺនដុល្លារវាជាតម្រូ​វការពិតរបស់ប្រជាពលរដ្ឋក្នុងស្រុក ហើយវានឹងបន្តទៅមុខក្នុងចន្លោះ៥ឆ្នាំ ឬ១០ឆ្នាំទៀត ប៉ុន្តែសម្រាប់តម្រូវការលំនៅដ្ឋានសហកម្មសិទ្ធិ នៅមិនទាន់មានល្បឿនលឿននោះទេ”។លោកបន្តថា “មូលេហតុគឺដោយសារតែភាគច្រើន អ្នកដែលមានទំនោររស់នៅក្នុងលំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូគឺជាតម្រូវការទផ្សារមកពីក្រៅស្រុក”។

លោកបន្ថែមថា ដូច្នេះនៅក្នុងឆ្នាំ២០២១ ខណៈដែលពួកគាត់(ជនបរទេស)នៅមិនទាន់អាចវិលមកកាន់កម្ពុជាបានវិញនោះ ចរន្តទិញលក់នៅតែមានកម្រិត៕

សេដ្ឋកិច្ចហុងកុង សំយ៉ុងក្បាលចុះខ្លាំងមិនធ្លាប់មានរហូតដល់ ៦,១% ក្នុងឆ្នាំ២០២០

ដោយ ៖ សុខុម

ហុងកុង: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ក្រុងហុងកុង បានសំយ៉ុងក្បាលសចុះខ្លាំងមិនធ្លាប់មានរហូតដល់ ៦,១% ក្នុងឆ្នាំ២០២០ នៅពេលទីក្រុងមួយនេះបានរងផលប៉ះពាល់ខ្លាំងដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលបានចាប់ផ្ដើមផ្ទុះឡើងនៅរយៈពេលប៉ុន្មានខែក្រោយ និងមានភាពចលាចលផ្នែកនយោបាយ។

រដ្ឋបាលពិសេសក្រុងហុងកុង កាលពីថ្ងៃសុក្រ ទី២៩ មករា និយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រុងនេះបានធ្លាក់ចុះ ១% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ ដែលបានឈានទៅដល់ការធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងឆ្នាំកន្លងទៅទាំងមូល។

អ្នកនាំពាក្យរដ្ឋបាលពិសេសក្រុងហុងកុងបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា “ខណៈស្ថិរភាពសង្គមនៅហុងកុងត្រូវបានស្ដារឡើងវិញ សេដ្ឋកិច្ចបានធ្លាក់ចុះធ្ងន់ធ្ងរកាលពីឆ្នាំមុនដែលភាគច្រើនធ្លាក់ចុះដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩”។

សេដ្ឋកិច្ចរបស់ក្រុងហុងកុងបានធ្លាក់ចុះខ្លាំងរយៈពេល ២ ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ២០១៩ ក្រុងនេះត្រូវបានធ្វើឱ្យកក្រើកដោយសារពលរដ្ឋ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានផ្ទុះបាតុកម្មអូសបន្លាយរយៈពេល ៧ ខែជាប់គ្នានៅក្នុងការប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនប៉េកាំង មកលើក្រុងមួយនេះ។ មិនយូរប៉ុន្មានក្រោយពីនោះ ក្រុងហុងកុង បានក្លាយជាកន្លែងទី១ ដែលបានកត់ត្រាការផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ ក្រោយពីវីរុសនេះផ្ទុះនៅចិនប៉េកាំង។

ទីក្រុងដែលមានប្រជាជនរស់នៅច្រើនកកកុញមួយនេះ អាចទប់ការឆ្លងរាតត្បាតឱ្យស្ថិតនៅកម្រិតទាបគួរឱ្យកត់សម្គាល់ ដោយមានតែករណីឆ្លងតែជាង ១០.០០ ករណី និងស្លាប់ប្រមាណ ១៨០ ករណីប៉ុណ្ណោះ។ ប៉ុន្តែក្រុងនេះបានដាក់ចេញវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ ហើយផាកពិន័យជាប្រាក់ចំពោះអ្នកបំពានវិធានការនេះស្ទើរតែមួយឆ្នាំពេញកាលពីឆ្នាំ២០២០។

អ្នកនាំពាក្យរដ្ឋបាលពិសេសនេះបានលើកឡើងថា “សេដ្ឋកិច្ចរបស់ក្រុងនេះបានធូរស្រាលជាលំដាប់” ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០។ តាមការរំពឹងទុកថា សេដ្ឋកិច្ចក្រុងហុងកុង នឹងទទួលបានកំណើនជាវិជ្ជមានសម្រាប់ឆ្នាំ២០២១ ទាំងមូល ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចក្នុងឆមាសទី១ នៃឆ្នាំនេះនឹងនៅតែមានបញ្ហាប្រឈម ហើយកម្រិតនៃការងើបឡើងវិញស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងច្រើន ជាពិសេសភាពមិនប្រាកដប្រជាអំពីស្ថានភាពឆ្លងរាតត្បាតវីរុសកូវីដ-១៩”។

យោងតាមទិន្នន័យបង្ហាញថា ការចំណាយរបស់ពលរដ្ឋបានធ្លាក់ចុះ ១០,២% ពីឆ្នាំ២០១៩។ ចំណែកឯការនាំចេញបានធ្លាក់ចុះ ៣៦,៨% ហើយការនាំចូលបានធ្លាក់ចុះ ៣៥,២%។ ទន្ទឹមនេះ អត្រាគ្មានការងារធ្វើនាពេលបច្ចុប្បន្នមាន ៦,៦% ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៦ ឆ្នាំមកនេះ៕

រដ្ឋបាលខេត្តព្រះសីហនុសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥៨៤ក្បាលដីនៅលើកោះរ៉ុង

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ក្រោយការសិក្សា និងពិនិត្យលម្អិតទៅលើភាពមិនប្រក្រតីលើការស្នើសុំកាន់កាប់ដីជាកម្មសិទ្ធិនៅលើកោះរ៉ុងដែលកំពុងមានគម្រោងអភិវឌ្ឍន៍យ៉ាងសម្បើមពីសំណាក់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅលើដីចំនួន៥៨៤ក្បាលដី និងបន្តចាត់វិធានការផ្លូវច្បាប់ទៅលើជនណាដែលប៉ះពាល់ដីកម្មសិទ្ធិទ្រព្យសម្បត្តិរបស់រដ្ឋ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ទីតាំងដីស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាប្រភេទដីកោះដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋតាមអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍន៍ក្រោមលក្ខខណ្ឌជួលវិនិយោគ។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៨អនក្រ.បក សម្រេចកាត់ដីទំហំ ៥២៨,៣៧ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្នក្រុងកោះរ៉ុង) ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋកំណត់ដោយអនុក្រឹត្យលេខ ០៥អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុងចំនួន២៩៨គ្រួសារស្មើនឹង ៦៣៧ក្បាលដី ស្មើនឹងទំហំ ៥២៨,៣៧ហិកតា។

ដោយឡែកទីតាំងដីចំនួន ៥៨៤ក្បាលដី (ដូចមានក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ) គណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដោយយោងលើហេតុផលទី១. ប្រជាពលរដ្ឋមិនមានអាសយដ្ឋានអចិន្ត្រៃយ៍លើកោះ មានចំនួន ៣៦០ក្បាលដី។ ទី២. ទីតាំងដីគ្មានទិន្នន័យ មានចំនួន ៧២ក្បាលដី។ ទី៣. ទីតាំងដីទំនាស់មានចំនួន ១០៧ក្បាលដី ក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៤៧ក្បាលដីប្រជាពលរដ្ឋនៅក្រៅកោះចំនួន ៦០ក្បាលដី និងទី៤. ទីតាំងដីពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះចំនួន ៤៥ក្បាលដី ក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន ៣៦ក្បាលដីនិងប្រជាពលរដ្ឋនៅក្រៅកោះចំនួន ០៩ក្បាលដី។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបន្ថែមថា រាល់ឯកសារពាក់ព័ន្ធទាំងឡាយណា រួមមានឯកសារសម្គាល់លេខក្បាលដី (ចុងសន្លឹក) លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យាទិញ-លក់ដោយមានប្រថាប់ត្រាអាជ្ញាធរសង្កាត់ ឬប្រថាប់ត្រាមេធាវី ឬកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីជាលក្ខណៈឯកជន(រវាងគូភាគី) គំនូសបង្ហាញទីតាំងដី និងឯកសារពាក់ព័ន្ធផ្សេងៗទៀត រួមនឹងក្បាលដីក្នុងប្លង់សុរិយោដីចំនួន ៥៨៤ក្បាលដី ដែលគណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់ជូនជាកម្មសិទ្ធិ គឺជាឯកសារដែលគ្មានតម្លៃគតិយុត្តសម្រាប់ប្រើប្រាស់ ឬទាមទារសិទ្ធិលើដីធ្លីនៅលើកោះរ៉ុងនោះទេ។

ម្យ៉ាងទៀតរដ្ឋបាលខេត្តព្រះសីហនុ មិនទទួលស្គាល់លើការផ្ទេរសិទ្ធិ ការទិញ-លក់ ជួល បញ្ចាំ ហ៊ីប៉ូតែកប្រទានកម្មអច្ច័យទាន សន្តតិកម្ម ។ល។ និងសិទ្ធិទាំងឡាយដែលពាក់ព័ន្ធទៅនឹងទីតាំងទាំង ៥៨៤ក្បាលដី និងដីដែលកាន់កាប់ខុសច្បាប់ដទៃផ្សេងទៀតដូចមានឯកសាររៀបរាប់ខាងលើ លើកលែងក្បាលដីដែល ត្រូវបានចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយរដ្ឋបាលសុរិយោដីរួចហើយ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតដោយមិនលើកលែងចំពោះជន ណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ ដូចមានក្នុងមាត្រា២៥៩ នៃច្បាប់ភូមិបាលចែងថា «ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលានរៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬរនិងផ្តទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងមាត្រា ៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋចែងថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ «រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ចូលជាធរមាន ឬរាល់ការកាន់កាប់ជាភោគៈនៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបានកំណត់រួចហើយ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទោះជាមុន ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន” ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ដល់ ១០.០០០.០០០(ដប់លាន)រៀល និងជនណានៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យប្រឆាំងតបតនឹងអ្នករាជការសាធារណៈ៕

គម្រោង​អចលនទ្រព្យធំៗចំនួន៣ប្រកាស​បញ្ចប់​ការសាងសង់ ទោះ​សិ្ថ​តក្នុងអំឡុង​មាន​វិបត្តិ

ដោយៈ សាវុធ

ភ្នំពេញៈ ទោះបី​សិ្ថ​ត​ក្នុងអំឡុង​មាន​វិបត្តិ​កូ​វីដ១៩ ដែល​បង្ក​ផលប៉ះពាល់​សេដ្ឋកិច្ចពិភពលោក រួ​មាន​ទាំង​កម្ពុជា​ក៏ដោយ ក៏​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន៣ នៅ​ទីក្រុង​ភ្នំពេញ បានប្រកាស​បញ្ចប់​ការសាងសង់​របស់ខ្លួន នៅ​ចុងឆ្នាំ២០២០ និង​ដើមឆ្នាំ២០២១ ដើម្បី​ត្រៀម​បម្រើឱ្យ​ទីផ្សារ និង​សេវាកម្ម​អចលនទ្រព្យ​នាពេល​មុខឆាប់។

គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន៣ ដែល​បានប្រកាស​បញ្ចប់​ការសាងសង់​នេះ  មានដូចជា ទី១) ក្រុមហ៊ុន ម៉ា​រី​ថា​ម អ​សិត ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ា​រី​ថា​ម គ្រុប នៅ​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំ​ពិធី​បិទ​បញ្ចប់​ការសាងសង់ គ្រោង​អគារ​ការិយាល័យ​ទំនើប​របស់ខ្លួន ដែលមាន​ឈ្មោះថា «Maritime Tower» ។

អគារ​ការិយាល័យ​ទំនើប​នេះ មាន​កម្ពស់២៦ជាន់ និង​វិនិយោគ​ទឹកប្រាក់៣០លាន​ដុល្លារ​អាមេរិក ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹង​ក្លាយទៅជា​តំបន់​ធុរកិច្ច​ដ៏​មាន​សក្តានុពល ប្រមូលផ្ដុំ​ទៅដោយ​អគារទំនើបៗមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ។

អគារ​ការិយាល័យ​លំដាប់​អន្តរជាតិ តម្លៃ៣០លាន​ដុល្លារ «Maritime Tower» ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយ​គ្រោង​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០២១នេះ។

ទី២) ដោយមាន​កម្ពស់​ជាង៣០ជាន់ គម្រោង​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ខុន​ដូ វីន​ដាម (Wyndham) របស់​មជ្ឈមណ្ឌល​លី​ស៊ីន CEO ដែល​ស្ថិតនៅក្នុង សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ បានបញ្ចប់​គ្រោង​អគារ និង​កសាង​ដល់​ជាន់​ដំបូល នៅ​ឆ្នាំ២០២២ គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ។

ជាក់ស្ដែង នៅ​ថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌល​លី​ស៊ីន CEO បាន​ប្រារព្ធ​ពិធី​បញ្ចប់ ការសាងសង់​គ្រោង​អគារ​ដោយ មានការ​ប្រសិទ្ធិ​ពរ​ពី​ព្រះសង្ឃ និង​ការសម្តែង ម៉ុង​សាយ​អមដោយ​សំឡេង​ម៉ាស៊ីន របារ​ដែក​ចុងក្រោយ​ត្រូវបាន​បិទ​ជិត។

យោងតាម​ផែនការ​ក្នុងការ​សាងសង់ បន្ទាប់​របស់​ក្រុមហ៊ុន​លី​ស៊ីន CEO បាន​ផ្តោត​សំខាន់​ទៅលើ រូបរាង​ខាងក្រៅ​នៃ​ដំបូល​អាគារ ដែលមាន​រូបរាង​ពពក និង​សំណង់​ខាងក្នុង នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ WYDHAM នឹង​បញ្ចប់​ក្នុងពេលឆាប់ៗនេះ តាម​ការគ្រោងទុក។

ទី៣ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹង​ការរៀបចំ​ចាក់សាប​ចុងក្រោយបង្អស់ Morgan Tower ត្រូវបាន​បញ្ចប់​ការសាងសង​ជា​ស្ថាពរ។ ចាប់តាំងពី​ការបុក​គ្រឹះ​នៃ Morgan Tower នៅ​ខែសីហា ឆ្នាំ២០១៨ រហូតដល់​បានបញ្ចប់៤៨ជាន់ អស់​រយៈពេល២៨ខែ ហើយ​វា​បានផ្តល់​នៅ​ចម្លើយ​ដ៏​ល្អឥតខ្ចោះ ដល់​ម្ចាស់​វិនិយោគិន និង​ដៃគូ​អាជីវកម្ម​ជាច្រើន។

Morgan ជឿជាក់ថា​សកម្មភាព​ជា​ក់​ស្តែង ជា​ពាក្យ​ដែលមាន​ឥទ្ធិពល​បំផុត ដោយ​ទទូច​ឲ្យ​បកស្រាយ​គោល​គំនិត ជាមួយនឹង​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព និង​មើលឃើញ​ពី​ភាពរឹងមាំ​ប្រកបដោយ​គុណភាព​ខ្ពស់។

ស្ថិតក្រោម​បរិយាកាស​ពិសេស នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid 19 ឆ្នាំ២០២០ Morgan បាន​ទប់​ទល់នឹង​ហានិភ័យ នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid19 សម្ភារ​សំណង់​ខ្វះខាត ថ្លៃ​ពលកម្ម​កើនឡើង និង​ការលំបាក​ក្នុងការ​សាងសង់​ក្នុង​រដូវវស្សា ហើយ​បាន​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​វឌ្ឍនភាព​នៃ​សំណង់ និង​ស្តង់ដារ​សំណង់ ហើយ​ខិតខំ​ធ្វើ​ឲ្យ​សំណង់ នឹង​ផលិតផល​ល្អ​បំផុត​តាម​ស្តង់ដា​ដ៏​តឹងរឹង។

Morgan សង្ឃឹម Morgan Tower នឹង​បញ្ជ​ប់​ការសាងសង់​បាន​យ៉ាង​ជោគជ័យ ក្នុងពេល​ដំណាលគ្នា​នេះដែរ ក្រុមហ៊ុន​ត្រៀម​នឹង​ប្រគល់ជូន នៅ​អគារ​ការិយាល័យ ភាព​រ៉ុង​រឿង នៃ​អាជីវកម្ម​នាពេល​អនាគត របស់​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​លេចចេញ​ជា​រូបរាង៕