លោកឧកញ៉ានួន អកៈ និយាយពីធនាគារដីនិងជំរុញឲ្យប្រជាពលរដ្ឋទិញដីទុកចំណេញនៅ តំបន់ផ្លូវជាតិ៤១

ដោយៈ រ៉ាណេត 

ភ្នំពេញៈ ជាមួយនឹងស្វែងយល់ពីការវិនិយោគធនាគារដី លោកឧកញ៉ា នួន អក បានបង្ហើប និងណែនាំអ្នកដែលមានបំណងចង់ប្រឡូក នៅក្នុងការធ្វើជំនួញក្នុងវិស័យនេះគួរសម្លឹងមើលពីទីតាំងមួយចំនួនស្ថិតនៅតំបន់ផ្លូវ៤១ ដែលមាននឹងគម្រោងអភិវឌ្ឍន៍ជាច្រើនបង្ហាញខ្លួននៅទីនោះ។

លោកឧកញ៉ានួន អកដែលជាម្ចាស់គំរោងកំពតឋានសួគ៌បានមានប្រសាសន៍ថា តំបន់នៅតាមផ្លូវ៤១នៅពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃខាងមុខដ៏ខ្លី នឹងក្លាយទៅជាតំ​បន់អភិវឌ្ឍន៍ ដែលប្រមូលផ្តុំទៅដោយសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសដូចគ្នាទៅនឹងតំបន់ផ្លូវ៥១ ដែលកំពុងមានតម្រូវការប្រើប្រាស់ដីនាពេលបច្ចុប្បន្ននេះ។

លោកឧកញ៉ាបន្តថា “នៅពេលនេះ ដីដែលស្ថិតនៅតំបន់ផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ នៅមានតម្លៃទាបនៅឡើយ ដោយដីនៅទីតាំងខ្លះដែលឆ្ងាយពីផ្លូវជាតិ ឬផ្លូវធំ នៅមានតម្លៃទាបត្រឹមក្រោម២ម៉ឺនដុល្លារ ក្នុងមួយហិកតានៅឡើយ”។លោកបន្តថា “វាគឺជាឱកាសដ៏ល្អបំផុត ក្នុងការទិញទុកវិនិយោគនៅពេលបច្ចុប្បន្ន និងយកចំណេញនៅពេលអនាគត់ដែលមិនលើសពី៥ឆ្នាំនោះទេ”។

លោកឧកញ៉ានួន អក បានមានប្រសាសន៍បន្តទៀតថា យើងសាកគិតថយក្រោយក្នុងអំឡុងពេល១០មុន សម្រាប់ដីនៅតំបន់ផ្លូវ៥១ ដែលកំពុងពុះកញ្ជ្រោលនៅពេលនេះ តម្លៃដីគ្រានោះត្រឹមតែ២-៣ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ នៅទីតាំងខ្លះមានតម្លៃខ្ពស់ រហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្ថែមថា ដោយឡែកសម្រាប់ដីដែលស្ថិតនៅផ្លូវ៤១ ដែលស្ថិតនៅក្នុងគម្រោ​ងអភិវឌ្ឍន៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនពីសំណាក់ធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនគម្រោង រួមជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

លោកបន្តថា “នៅពេលមានការអភិវឌ្ឍ មានតម្រូវការប្រើប្រាស់ដី តម្លៃដីនឹងឡើងថ្លៃដោយស្វ័យប្រវត្តិ។ ដូច្នេះអ្នកដែលទិញដីទុកនៅពេល និងលក់នៅថ្ងៃអនាគត់ គឺមានឱកាសច្រើន”។

រដ្ឋាភិបាលបាននិងកំពុងត្រៀមពង្រីកនិងកែលំអរផ្លូវជាតិលេខ៤១ ដែលជាផ្លូវសំខាន់តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ៣ ដែលជាគមនាគមន៍យ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយខេត្តកំពត ដែលមានសក្តានុពលស្រាប់នាពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្នតំបន់ផ្លូវជាតិលេខ៤១ មានការអភិវឌ្ឍយ៉ាងសកម្ម ដោយគំរោងលំនៅដ្ឋាន​បុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាសជាច្រើនបាននិងកំពុងសាងសង់នៅតំបន់នេះ ពិសេសបន្ទាប់ពីរដ្ឋាភិបាលប្រកាស កសាងផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលអនាគត៕

រដ្ឋាភិបាលប្រមូលចំណូលបានជិត២,៧ពាន់លានដុល្លារពីការប្រមូលពន្ធត្រឹម ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០

ដោយៈ រ៉ា ណេត

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា បានប្រមូលប្រាក់ចំណូលបានជិត២,៧ពាន់លានដុល្លារគិតត្រឹមពាក់កណ្តាលខែធ្នូឆ្នាំនេះ  ដែលស្មើនឹងប្រមាណ៩៤ភាគរយ នៃផែនការឆ្នាំ២០២០នេះ បើទោះជារដ្ឋាភិបាលបានកាត់បន្ថយ និងលើកលែងការយកពន្ធអាជីវកម្មមួយចំនួនក៏ដោយ។

លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំតាមប្រព័ន្ឋអនឡាញនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ទោះស្ថិតនៅក្នុងស្ថានភាពវិបត្តិក្ដី ចំណូលពន្ធ នៅតែទទួលបានផលវិជ្ជមានដូច្នេះ គឺដោយសារតែកំសួលពីឆ្នាំ២០១៩កន្លងទៅ។ អាជីវករដែលរកស៊ីចំណេញនៅឆ្នាំ២០១៩ ហើយត្រូវបានដាក់ប្រកាសពន្ធ នៅឆ្នាំ២០២០ ដូច្នេះចំណូលឆ្នាំ២០២០ឃើញថានៅល្អ។

លោកបន្តថា ច្បាប់ស្ដីពីថវិកាឆ្នាំ ២០២០ ដែលត្រូវបានរដ្ឋាភិបាលអនុម័តតាំងពីមុនកូវីដ១៩ សម្រាប់ពន្ធដារគឺ ប្រមាណ២៨៥០លានដុល្លារអាមេរិក តែដោយសារតែកូវីដ១៩ ចំណូលសម្រាប់ពន្ធដារឆ្នាំ២០២០នេះ អាចនឹងជិតគ្រប់ផែនការ តែវាប្រហែលជាមិនលើសផែនការដូចឆ្នាំមុនៗនោះទេ។

គង់ វិបុលបានថ្លែងទៀតថា ដោយឡែកសម្រាប់ច្បាប់ថវិកាឆ្នាំ២០២១ តាមផែន​ការពន្ធដារត្រូវរកឱ្យបានប្រមាណ៧៨ភាគរយ នៃថវិកាឆ្នាំ ២០២០ ព្រោះថាឥទ្ធិពលនៃវិបត្តិគឺព្យាករណ៍ នឹងជះផលអាក្រក់៣ឆ្នាំយ៉ាងតិចទើបប្រសើរឡើងវិញ៕

ដីទំនេរជាង២៦ហិកតាក្បែរគម្រោងអភិវឌ្ឍន៍ក្រុងរណបក្បែរតំបន់អរិយក្សត្រប្រកាសដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ដីទំនេរដែលមានទំហំធំរហូតដល់ជាង២៦ហិកតា ស្ថិតនៅក្បែរគម្រោងអភិវឌ្ឍន៍ក្រុងរណបជិតតំបន់អរិយក្សត្រ ក្នុងឃុំតាកូវ និងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗ ត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បច្ចុប្បន្នទីផ្សារដីធ្លីនៅប៉ែកខាងកើតទន្លេរ ទល់មុខរាជធានីភ្នំពេញបានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗ បន្ទាប់ពីដំណឹងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ រួមជាមួយនឹងព័ត៌មាននៃការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍បង្កើតក្រុងរណបពីសំណាក់ក្រុនហ៊ុនចិន។

លោកបានបន្តថា “ផ្តើមចេញពីការអភិវឌ្ឍវិស័យសំណង់លំនៅដ្ឋាន ចាប់ពីតំបន់អរិយក្សត្រ ដែលទាំងសំណង់បុរីធំៗប្រមាណ៥គម្រោង រួមជាមួយនឹងគម្រោងសាងសង់ខុនដូបែបទំនើបផងដែរនោះ បានជំរុញឱ្យតម្លៃដីឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេសក្រោយដំណឹងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅប៉ែកខាងកើតទន្លេនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ”។

លោកបន្តថា ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗ ដូចបានលើកឡើងខាងលើនេះ នៅមានព័ត៌មាននិយាយថា ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល នឹងមានការអភិវឌ្ឍជាក្រុងរណបបែបទំនើប ក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ក្នុងតម្លៃរាប់រយលានដុល្លារ រួមជាមួយនឹងការបង្កើតហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើដល់វិស័យទេស​ចរណ៍ផងដែរ”។

ជាមួយនឹងការលើកឡើង ពីគម្រោងអភិវឌ្ឍន៍ថ្មីៗខាងលើនេះ លោក វិន ឈុនហ៊ាត ក៏បានបញ្ជាក់ដែរថា “ភ្ជាប់ជាមួយគម្រោងទាំងនេះ បច្ចុប្បន្នមានអ្នកវិនិយោគធំៗដែលមានដើមទុនច្រើនបាននាំគ្នាទិញដី ដែលមានទំហំធំទុកអភិវឌ្ឍន៍ ឬវិនិយោគបន្តយកចំ​ណេញនៅថ្ងៃខាងមុខ។ ជាក់ស្ដែង ដីដែលមានទំហំជាង២៦ហិកតា នៅជាប់គម្រោងសាងសង់ផ្លូវ៩០ម៉ែត្រ ដែលមាន៣០ម៉ែត្រ ទៅ៣០ម៉ែត្រមក និងមានផ្លូវទឹកសម្រាប់ទូកទេសចរណ៍នៅចំកណ្តាល៣០ម៉ែត្រ រួមជាមួយគម្រោងផ្លូវកាត់ទទឹងផ្ទៃដីទំហំ៣០ម៉ែត្រ ដែលវិនិយោគដោយរដ្ឋាភិបាល ត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដីនេះមានប្លងរឹងស្របច្បាប់ត្រឹមត្រូវ មិនជាប់ពាក់ព័ន្ធនឹងរឿងវិវាទ ហើយក៏មិនប៉ះពាល់ដីក្នុងតំបន់ការពារនោះដែរ។

សម្រាប់ព័ត៌មានលម្អិត ពីការដាក់លក់ដីទំហំជាង២៦ហិកតាខាងលើនេះ អាចទាក់ទងបានតាមទូរស័ព្ទ ៖ ០៧៧ ៦៦៩ ៣៤៥ / ០៧០ ៤៥ ០៥ ៤៥៕

រដ្ឋបាលខេត្តកំពតកំពុងសិក្សាពីការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋជិត៤០០០ក្បាលដី

ដោយៈ រ៉ាណេត

កំពតៈ រដ្ឋបាលខេត្តកំពតកំពុងសិក្សាទៅលើទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់ការពារឧទ្យានជាតិព្រះមុនីវង្សបូគោ និងស្ថិតនៅក្នុងស្រុកក្រុងចំនួន៣ សរុបជិត៤០០០ក្បាលដី ដែលស្នើសុំធ្វើការកាត់ឆ្វៀលធ្វើជាកម្មសិទ្ធិ។

អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា តាមរយៈមន្ទីរបរិស្ថានខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២០ មានប្រជាពលរដ្ឋចំនួន៣៣៨៦គ្រួសារ បានដាក់សំណើស្នើសុំឆ្វៀលដីអាស្រ័យផល និងប្រើប្រាស់នៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ចំនួន៣៩១៣ក្បាលដី ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត។

ជាមួយនឹងការសិក្សាពីការស្នើសុំឆ្វៀលដី របស់ប្រជាពលរដ្ឋខាងលើនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារជំនាញ៣ក្រុមដើម្បីធ្វើការ និងទទួលខុសត្រូវនៅតាមស្រុក ក្រុងផ្សេងគ្នា។ បន្ថែមពីនេះ ក្រុមការងារថ្នាក់ខេត្តក៏ត្រូវរៀបចំ និងគូរផែនទីចំនួន៣សម្រា​ប់បង្ហាញពីទីតាំង ដែលប្រជាពលរដ្ឋបានស្នើសុំសម្រាប់ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ដាច់ដោយឡែកពីគ្នា និងរៀបចំផែនទីររួមរបស់ខេត្ត ដើម្បីដាក់ជូនកិច្ចប្រជុំអន្តរក្រសួង ។

លោកសូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពតលើកឡើងផងដែរថា ធាតុចូលសំខាន់ៗដើម្បីឱ្យអង្គប្រជុំពិភាក្សា ដើម្បីរកដំណោះស្រាយមានទី៣សំខាន់ៗ រួមមានទី១ ដីដែលប្រជាពលរដ្ឋមានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ ទី២ ដីព្រៃគ្មានដាំដំណាំដាំដុះ ទី៣ ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់ និងទី៤ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ។

លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋត្រូវពិនិត្យឱ្យបានហ្មត់ចត់ លើដីដែលអាស្រ័យផលជាក់ស្តែង រួមមានដំណាំដាំដុះយូរណាស់មកហើយ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ។

ក្រៅពីនេះ សុំឱ្យក្រុមការងារចុះដកបទពិសោធន៍ លើការអនុវត្តការងារនៅឃុំ បឹងទូក ស្រុកទឹកឈូ មុនគេ ដើម្បីឲ្យក្រុមការងារទាំងអស់បានយល់ និងយកទៅអនុវត្តតាមក្រុមនីមួយៗ ។ ការងារនេះស្នើសុំលោកប្រធានមន្ទីរបរិស្ថានខេត្ត និងលោកប្រធានមន្ទីរដែនដី នគររូបនីយកម្ម  សំណង់  និងសុរិយោដីខេត្ត រៀបចំផែនការចុះអនុវត្ត ៕

អភិរ័ក្ស&អភិវឌ្ឍន៍ៈសណ្ឋាគារលំដាប់ផ្កាយ៥មួយសុខចិត្តចំណាយទុនរហូតដល់៥លានដុល្លារ ដើម្បីអភិរ័ក្សសំណង់សម័យអាណានិគម

        ដោយគង់ ម៉ាលីនណា

        ភ្នំពេញៈ ជាមួយនឹងទស្សនទានអភិរ័ក្ស ផ្សារភ្ជាប់ការអភិវឌ្ឍ ក្រុមហ៊ុនជីប ម៉ុងគ្រុប ដែលបានវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ដ៏ល្បីល្បាញ បានសុខចិត្តចំណាយប្រាក់រហូតដល់៥លានដុល្លារ ដើម្បីរក្សាអាគារសម័យអាណានិគម នៅក្នុងអាគារសម័យទំនើបមួយ ដែលបានបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។

សណ្ឋាគារHyatt Regency Phnom Penh បានលេចត្រដែតកណ្ដាលបេះដូងរាជធានីភ្នំពេញ បញ្ចូលស្ថាបត្យកម្មចម្រុះខ្មែរ សម័យអាណានិគមនិងទំនើប។

អ្វីដែលធ្វើឲ្យសណ្ឋាគារនេះ លេចធ្លោជាងគេនោះគឺ ការអភិរក្សវីឡាសម័យអាណានិគមបារាំង ដែលមានអាយុជាងមួយសតវត្សរ៍កន្លងមកហើយ។

ក្រុមហ៊ុនជីប ម៉ុង បានចំណាយអស់ប្រមាណ៥លានដុល្លារអាមេរិក ដើម្បីអភិរក្សវីឡានេះ គឺក្នុងគោលបំណងរក្សាដាននៃប្រវត្តសាស្រ្ត ការវិវឌ្ឍនៃស្ថាបត្យកម្ម និងអត្តសញ្ញាណនៃសហគមន៍នោះ។

វីឡាសម័យអាណានិគមនេះ សម្រាប់ជាន់ទី១ ត្រូវបានអភិរក្សជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលនឹងផ្ដល់ជូនភ្ញៀវនូវទស្សនីយភាពអំពីរចនាបទខ្មែរ និងសម័យអាណានិគមបារាំង មួយរំពេចនៅពេលពួកគេអញ្ជើញមកដល់ និងសម្រាប់ជាន់ទី២ ដែលជាArtic Bar ដើម្បីបម្រើភេសជ្ជៈផ្សេងៗ។

សណ្ឋាគារHyatt Regency Phnom Penh ត្រូវបានរចនាដោយក្រុមហ៊ុន SCDA Architects ដែល មានមូលដ្ឋាននៅសិង្ហបុរី និងក្រុមហ៊ុន PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរួមចំណែករក្សាអត្តសញ្ញាណក្នុងតំបន់ ដែលជាបណ្ដុំនៃស្ថាប័នធំៗ ពាណិជ្ជកម្ម វប្បធម៌ និងសាសនា ដូចជាព្រះបរមរាជវាំង វាលព្រះមេរុ សារមន្ទីរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទន្លេចតុមុខ វត្តអារាម អគារសម័យអាណានិគមបារាំង ផ្សារបែបប្រពៃណី និងកន្លែងលក់ស្នាដៃសិល្បៈ។

រចនាបទពហុសម័យនៃសណ្ឋាគាHyatt Regency Phnom Penhនឹងផ្ដល់បទពិសោធន៍ លើផ្នែកបដិសណ្ឋារកិច្ចដ៏ល្អមួយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ៕

ខណៈគំរោងកំពុងឆ្ពោះទៅមុខ តោះទៅមើលពីការបែងចែកជាន់និមួយៗនៃអាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងមានលក្ខណៈពិសេសៗបែបណា?

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលការបុក​គ្រឹះ ដើម្បី​ទប់​ដី​នៅ​ជុំវិញ​បរិវេណ​អាគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​បាន​ឈានដល់​ជិត​បញ្ចប់ និង​ការបុក​គ្រឹះ​សាងសង់​អាគារ​នេះបាននិងកំពុងប្រព្រឹត្តទៅ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ Thai Boonrong Twin Tower នឹង​ក្លាយជា Landmark ដ៏​អស្ចារ្យ​មួយ​សម្រាប់​រាជធានី​ភ្នំពេញ។

តើរ​ចនាស​ម្ព័​ន្ឋ​និង​ជាន់​និមួយៗ នៃ​អាគារ​ភ្លោះ​កំពស់៥៦៨ម៉ែត្រ​នេះ មានការ​រៀប​ចំពិសេសៗ​យ៉ាងដូចម្តេច គេហទំព័រ Propertyarea.asia សូម​នាំ​មិត្ត​អ្នកអាន​ទៅ​សិក្សា​ស្វែងយល់​ទាំងអស់គ្នា។

យោងតាម​វីដេអូ​នៃ​គំរោង​នេះ​បាន​ឲ្យ​ដឹងថា គំរោង​នេះ​មាន​អនុមាត​ក្បាលដី​ទំហំ៥០,០០០ម៉ែត្រការ៉េ ដែលមាន​ទំហំ​អាគារ​សរុប១,៥២លាន​ម៉ែត្រការ៉េ ដោយ​បែងចែក​ពី​ជា​ន់ទី១ ដល់​ជាន់​ទី១០ ជាទី​តាំង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ។ ការិយាល័យ​លំដាប់​5A សណ្ឋាគារ​លំដាប់​ផ្កាយ៥ អា​ផាត​ម៉ិ​ន និង​លំនៅដ្ឋាន​យ៉ាង​ប្រណីត។ ក្នុងចំណោម​ជាន់​ទាំង១០ផ្នែក​ខាងក្រោម គឺ​ពី​ជាន់​ទី១ដល់​ជាន់​ទី៤អា​គឺជា​ហាង​លក់ទំនិញ ដែលមាន​ទំហំ១៦៣,០០០ម៉ែត្រការ៉េ ដែលមាន​ផ្លូវ​ថ្មើ​ជើង ដែល​ផ្តល់​ម្លប់​សម្រាប់​អតិថិជន​អាច​សម្រាក និង​ទទួលបាន​ផាសុខភាព។

នៅ​ពីលើ​ហាង​លក់ទំនិញ គឺជា​ច្រកចូល​សំខាន់​ដែលមាន​ការបំពាក់​អេក្រង់ LED ដ៏​ធំ ដែល​អាច​ផ្សាយពាណិជ្ជកម្ម​បាន​គ្រប់​សណ្ឋាន។

ជាមួយគ្នានេះ ​មជ្ឈមណ្ឌលលំដាប់ពិភពលោក​នេះ ​ក៏មានរាន​ហាលចំនួន១១ជាន់ ដែលមាន​សួនច្បារ ហាង​អាហារ សកម្មភាព​កំសាន្ត។ នៅលើ​ជាន់​ទី១២មាន​លំនៅដ្ឋាន​ដ៏​ប្រណីត​ដែលមាន​ផ្ទះ៨០០យូ​នី​ត និង​មាន​ទំហំ២៥០,០០០ម៉ែត្រការ៉េ ដោយ​ផ្ទះ​មាន​ទំហំ​ចាប់ពី៦០ដល់២៦៨ម៉ែត្រការ៉េ។ លំនៅដ្ឋាន​នេះ ​មានការ​រចនា​យ៉ាង​ពិសេស​សំរាប់​មនុស្ស​លំដាប់​ខ្ពស់ និង​ឥស្សរជន​នានា។

ចាប់ពីជាន់​ទី១២ ដល់​ជាន់​ទី២១ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការទិញ​លក់​ភាគហ៊ុន ការជួញដូរ​ភាគហ៊ុន​លំដាប់​ពិភពលោក។ ជា​ការិយាល័យ​ស្នាក់ការ​កណ្តាល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បានធ្វើ​ឲ្យ​ពិភពលោក​សម្លឹង​មក​កម្ពុជា​កាន់តែ​ច្រើនជាង​មុន និង​ច្បាស់​ជាង​មុន។  អាគារនេះក៏មាន​សាលប្រជុំ ទីតាំង​រៀបចំ​ពិធ​នានា​ដែល​អាច​ទទួលភ្ញៀវ​ បាន​ចាប់ពី១០០០ដល់៣០០០នាក់​ជាដើម។

វីដេអូ​ដដែល​បាន​បង្ហាញទៀតថា ចាប់ពី​ជាន់​ទី២៣ ដល់​ជាន់​ទី៦០ជាទី​តាំង​ការិ​យាល័យ ដែលមាន​កម្រិត​5A ដែល​ក្នុង​មួយ​ជាន់​មាន​ទំហំ​ជាង៣៨០០ម៉ែត្រការ៉េ ដែលមាន​ការបំពាក់​ស​ម្ភា​រៈ​ការិយាល័យ​ប្រណីត​លំដាប់​កំពូល និង​វា​ក្លាយជា​ទីតាំង​ការិយាល័​យ​ប្រកប​ផាសុខភាព និង​ការគ្រប់គ្រង​លំដាប់​អន្តរជាតិ។

ជាន់​ទី៦១ដល់​ជាន់​ទី១០០ គឺជា​ទីតាំង​សម្រាប់​អា​ផាត​ម៉ិ​ន​លំដាប់​ផ្កាយ៥ ដែលមាន​ការគ្រប់គ្រង​សេវាកម្ម​បែប​សណ្ឋាគារ សម្រាប់​អតិថិជន​តាម​ចំណង់​ចំណូលចិត្ត និង​យូ​នី​ត​និមួយៗមាន​គ្រប់​ទំហំ ដើម្បី​ឆ្លើយតប​តម្រូវ​ការបស់​អតិថិជន​លំដាប់​ខ្ពស់។

ចាប់ពី​ជាន់​ទី១០១ ដល់​ជាន់១៣២ ជាទី​តាំង​សណ្ឋាគារ​លំដាប់​ផ្កាយ៥  ដែលមាន​ការ​រចនា​យ៉ាង​ពិសេស និង​អាច​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ ​បាន​យ៉ាង​ប្រណីត និង​ជាន់​ទី១៣៣ ជាទី​តាំង​សម្រាប់​គយគន់​ទេសភាព​ក្រុងភ្នំពេញ និង​បើក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​អាច​ទស្សនា​បាន។

ពិសេស​ជាង​នេះ គឺ​សណ្ឋាគារ​ដែលមាន​ការបែងចែកខុសៗគ្នា គឺជា​សណ្ឋាគារ​សម្រាប់​ទ​ទួល​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ឥស្សរជន​លំដាប់​ខ្ពស់​មកពី​ជុំវិញ​ពិភពលោក។

អ្វី​កាន់តែ​ពិសេស​គឺជា​ន់​កំពូល​ នៃ​មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ អាច​ចត​ឧ​ទ្ឋ​ម្ភា​ចក្រ​អាច​ចុះចត​បាន ដែលមាន​ច្រកចេញចូល​យ៉ាង​ងាយស្រួល និងសុវត្ថិភាពបំផុត៕

ខណៈគំរោងកំពុងឆ្ពោះទៅមុខ តោះទៅមើលពីការបែងចែកជាន់និមួយៗនៃអាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងមានលក្ខណៈពិសេសៗបែបណា?

ដំណឹងល្អៈរដ្ឋាភិបាលកម្ពុជា-ថៃបានព្រមព្រៀងបើកដំណើរការច្រកព្រំដែន អន្តរជាតិឡើងវិញ

ដោយៈ រ៉ាណេត

បន្ទាយមានជ័យៈ រដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលប្រទេសថៃ បានយល់ព្រមគ្នាបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងច្រកមួយចំនួនទៀតឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារជំងឺកូវីដ-១៩។

យោងតាមរយៈលិខិតរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា-ថៃបានព្រមព្រៀងឯកភាពគ្នាបើកច្រកព្រំដែនអន្តរជាតិដំណើរការឡើងវិញ បន្ទាប់មានកិច្ចជំនួបពិភាក្សាលម្អិតរួមគ្នា នៅព្រឹកថ្ងៃដដែលនេះ ដោយអាចនឹងត្រូវចាប់អនុវត្តន៍៍នៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

ជាលទ្ធផលនៃកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយភាគីថៃនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្តីពី ការបន្ធូរបន្ថយច្បាប់ស្តីពី ការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់បានឱ្យដឹងថាភាគីទាំពីរយល់ព្រមគ្នាលើ ៣ចំណុចដូចជា ទី១ យល់ព្រមឱ្យពលករកម្ពុជា ចូលទៅធ្វើការងារក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ។

ទី២ យល់ព្រមឱ្យអាជីវករកម្ពុជា ចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ទី៣. យល់ព្រមបើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក៕

ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មលេចធ្លោចំនួន៧នៅក្រុងភ្នំពេញនឹងបញ្ចប់ នៅឆ្នាំ២០២១

ដោយគង់ សូរិយា

        ភ្នំពេញៈ អាគារលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននឹងបញ្ចប់ ហើយបើកដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ នៅទីក្រុងភ្នំពេញដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនាពេលខាងមុខ។

គំរោងដែលនឹងបញ្ចប់ទាំងនោះ មាននៅពាសពេញរាជធានីភ្នំពេញ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។

គំរោងThe PeAk

        គំរោងដ៏ធំ ដែលបានបោះទុនវិនិយោគទំហំទឹកប្រាក់៥០០លានដុល្លារនេះ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលគំរោងនេះរួមបញ្ចូលនូវខុនដូ ចំនួនជាង១០០០យូនីត ផ្សារទំនើបស្តង់ដាអន្តរជាតិ The Capital ដែលមានមូលដ្ឋាននៅប្រសេងសឹង្ហបុរី សណ្ឋា​គារកម្រិតផ្កាយ៥ Shangri_La និងការិយាល័យលំដាប់ផ្កាយ៥។

គំរោងនេះមានអាគារចំនួនបី ដែលមានកំពស់៥៥ជាន់ និងមានកំពស់សរុបជាង​២០០ម៉ែត្រ។

គំរោងនេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេង១ ជិតទីក្រុងកោះពេជ្រ ដែលវិនិយោគដោយក្រុមហ៊ុនWorld Brigde Land Groupនិងក្រុមហ៊ុនOxley Holdingមានមូលដ្ឋាន​នៅប្រទេសសឹង្ហបុរី។

គំរោងGold Tower42

        បើមិនមានការប្រែប្រួលទេនោះ គម្រោងនេះអាចនឹងបញ្ចប់នៅឆ្នាំ២០២១ បន្ទាប់ពីបានពន្យាពេលម្តងហើយម្តងទៀត។ គំរោងនេះដើមឡើយត្រូវបានវិនិយោគដោយក្រុមហ៊ុនYunwoo មកពីប្រទេសកូរ៉េ ប៉ុន្តែតាមព៌តមានជាក់លាក់បានអះអាងថា គម្រោងនេះ​ត្រូវបានទិញដោយក្រុមហ៊ុនចិនរួចហើយ។

វាជាគំរោង ដែលបានពន្យាពេលសាងសង់យូរជាងគេនៅកម្ពុជា ដែលគំរោងនេះរួមមានខុនដូ ផ្សារទំនើប មន្ទីរពេទ្យជាដើម។

គម្រោងThe Gate Way

        គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ក្បែរស្ពានអាកាសតិចណូនេះ មានទស្សនទានអភិវឌ្ឍន៍ចម្រុះរួមមា​ន ការិយាល័យ ខុនដូ អាផាតម៉ិន និងសេវាកម្មជាច្រើនទៀត។

គំរោងនេះបាននិងកំពុងត្រៀមបញ្ចប់ ដោយសារបច្ចុប្បន្នការឌីសាញនៅក្នុងអាគារបានធ្វើឡើងយ៉ាងសកម្ម។ គំរោងនេះមានកំពស់៣៦ជាន់ និង៣៩ជាន់ ដែលកំពុងផ្តល់នូវImage ប្រណីតមួយសំរាប់ក្រុងភ្នំពេញ។

គំរោងThe Parkway

ជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយស្ថិតនៅតំបន់ទួលគោក រាជធានីភ្នំពេញ ដែលរួមបញ្ចូលនូវការិយាល័យ អាផាតម៉ិន ខុនដូ និងសេវាកម្មជាច្រើនទៀត។ គម្រោងនេះបានបញ្ចប់ការសាងសង់ស្ទើរ១០០ភាគរយរួចហើយ។

គម្រោងនេះមានកំពស់៣៦ជាន់ ស្ថិតនៅលើផ្លូវ លេខ២៧៣ ក្នុងសង្កាត់បឹងកង់២ ខ័ណ្ឌទួលគោក។

មជ្ឈមណ្ឌលពាណិជ្ជកម្មBooyoung Town

        គំរោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនBooyoung Group ដែលទំនងជាក្រុមហ៊ុនកូរ៉េដំបូងគេ ដែលបានបញ្ចប់ការសាងសង់គំរោងមុនផែនការ និងមិនបានប្រកាសលក់ភ្លាមៗ ដើម្បីប្រមូលទុននោះទេ ប៉ុន្តែគំរោងនេះបាននិងកំពុងជិតបញ្ចប់ការសាងសង់ ជាមួយនឹងការដាក់ចេញផែនការលក់នាពេលឆាប់ៗខាងមុខ។

មជ្ឈមណ្ឌលពាណិជ្ជកម្មBooyoung Townស្ថិតនៅសង្កាត់ទឹកថ្លា ខ័ណ្ឌពោធិសែ​នជ័យនេះ មានទស្សនទានអភិវឌ្ឍន៍ចម្រុះរួមមានខុនដូ ផ្សារទំនើប សាលសីលល្បះខ្នាតអន្តរជាតិ ភោជនីយដ្ឋានចម្រុះ។

គំរោងនេះមានកំពស់២៤ជាន់ មានអាគារសរុបចំនួន៤ ស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ដំណាក់កាលទី២ និងឈានទៅអភិវឌ្ឍន៍ដំណាក់កាលទី២នាពេលខាងមុខ។

គំរោងPrince international plaza

        គំរោងនេះត្រូវបានអភិវឌ្ឍន៍៍ដោយក្រុមហ៊ុនPrince Real Estate Groupដែលស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ទល់មុខនឹងគំរោងBooyoung Town។ គម្រោងនេះជាគំរោងអភិវឌ្ឍន៍ចម្រុះ រួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ និងមានកំពស់១៦ជាន់។

គំរោងនេះតាមផែនការនឹងបញ្ចប់ការសាងសង់នៅខែ មិនា ឆ្នាំ២០២១ខាងមុខនេះ បើមិនមានការប្រែប្រួលទេនោះ។

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិចុងហ្វាង

មជ្ឈមណ្ឌលអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់មួយនៅរាជធានីភ្នំពេញ។ អគារនេះមានកម្ពស់១៨០ម៉ែត្រ និងមានចំនួន៦០ជាន់ ហើយនឹងត្រូវបញ្ចប់ការសាងសង់
គ្រោងអាគារ នៅធ្នូ ឆ្នាំ២០២០និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១។

មជ្ឈមណ្ឌលអន្តរជាតិចុងហ្វាងនេ ជាអាគារពហុបំណងនេះរួមមាន ធនាគារពាណិ​ជ្ជកម្មចិន មជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា មជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លើសពីនេះ ចំណុចពិសេសជាងគេ គឺភោជនីយដ្ឋាននៅជាន់ខ្ពស់ជាងគេ នៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន៕

 

ប្រជែងឥទ្ឋិពលចិន សហរដ្ឋអាមេរិកលូកដៃកាន់តែជ្រៅចូលមកតំបន់ទន្លេមេគង្គ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ បានផ្តើមកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដោយសហការជាមួយមជ្ឈមណ្ឌល Stimson Center និង Eyes on Earth។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

កម្មវិធីថ្មីតាមដានទំនប់វារីអគ្គិសនី លើទន្លេមេគង្គគឺជាជំហ៊ានសំខាន់មួយ សម្រាប់បង្កើនការយល់ពីស្ថានភាពទឹក នៅក្នុងតំបន់អាងទន្លេមេគង្គ។ ប្រទេសទាំងឡាយមិនអាចគ្រប់គ្រងបានល្អឡើយ លើអ្វីដែលគេមិនអាចធ្វើការវាស់ស្ទង់បាន ហើយអស់រយៈពេលជាយូរមកហើយ ដែលប្រជាជននៅតំបន់ទន្លេមេគង្គ ខ្វះការក្តាប់បានលើធនធានទឹកនៃអាងទន្លេនេះ។

កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ នឹងប្រើការស្វែងយល់ពីចម្ងាយ ពីប្រភពបើកចំហ រូបភាពតាមផ្កាយរណប និងការវិភាគតាមប្រព័ន្ធព័ត៌មានស្តីពី ភូមិសាស្រ្ត ដើម្បីផ្តល់ព័ត៌មានទាន់ពេល ស្តីពីលក្ខណៈអាកាសធាតុ លំហូរនៃទឹកទន្លេ និងស្ថានភាពនៃអាងទឹកទន្លេមេគង្គ។

មធ្យោបាយនេះ ដែលអាចមានសម្រាប់សាធារណៈ នឹងបង្កើនទិន្នន័យទឹកបានយ៉ាងច្រើនសម្រាប់តំបន់នេះ ដោយធ្វើឲ្យប្រជាជនដែលត្រូវការខ្លាំង ទទួលបានព័ត៌មានទាំងនេះ  ដើម្បីឲ្យគេអាចធ្វើការសម្រេចចិត្តបានល្អ ដែលមានផលទៅលើមុខរបរប្រកបជីវភាពរស់នៅ និងសន្តិសុខតំបន់។

ជាយូរមកហើយដែលសហរដ្ឋអាមេរិក បានគាំទ្រការអំពាវនាវរបស់សហគមន៍ នៅក្នុងតំបន់ទន្លេមេគង្គ ដែលចង់បានទិន្នន័យទឹកឲ្យបានច្រើន។ សហរដ្ឋអាមេរិក នឹងបន្តធ្វើជាដៃគូជាមួយគណកម្មការទន្លេមេគង្គ រដ្ឋាភិបាលនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹ​ងសមត្ថភាពរបស់គេ ក្នុងការទទួលបាន និងប្រើប្រាស់ទិន្នន័យល្អៗសម្រាប់ជួយដល់ការសម្រេចចិត្តធំៗផ្អែកលើវិទ្យាសាស្រ្ត។

តាមរយៈកម្មវិធីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកនឹងបន្តលើកកម្ពស់សន្តិសុខទឹកថែមទៀត។

កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ចូលរួមចំណែកដល់គំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត នៅក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យនៃទឹកទន្លេមេគង្គ ដោយសម្របសម្រួលការផ្លាស់ប្តូរគ្នា នូវការប្រតិបត្តិល្អៗ ជំរុញការសម្របសម្រួលគ្នានៃដៃគូអភិវឌ្ឍន៍ និងពង្រឹងវិបុលភាពរបស់សហគមន៍ និងរដ្ឋាភិបាល នៅតំបន់ទន្លេមេគង្គ តាមរយៈការមានធនធានទឹកដែលត្រូវបានគ្រប់គ្រង និងចែករំលែកប្រកបដោយនិរន្តភាព៕

ការនាំចេញរបស់ប្រទេសសិង្ហបុរីបានដាំក្បាលចុះ៤,៩ភាគរយក្នុងខែវិច្ឆិកា

ដោយៈសុខុម

សឹង្ហបុរី: ទិន្នន័យផ្លូវការពីEnterprise Singapore ដែលជាស្ថាប័នចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសនេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ធ្នូនេះថា ការនាំចេញទំនិញក្នុងស្រុកក្រៅពីប្រេងរបស់សិង្ហបុរី បានធ្លាក់ចុះរហូតដល់ទៅ ៤,៩% ឆ្នាំក្នុងខែវិច្ឆិកា។

យោងតាមសារព័ត៌មានCNA បានចុះផ្សាយក្នុងថ្ងៃនេះឱ្យដឹងថា ការធ្លាក់ចុះនេះដែលកើតមានឡើងក្រោយធ្លាក់ចុះ ៣,១% ក្នុងខែតុលា ភាគច្រើនលើទំនិញ ដូចជា សារធាតុគីមី ដែលចម្រាញ់ចេញពីប្រេងឥន្ធនៈ ឱសថ និងមាស បន្ទាប់មកគឺគ្រឿងអេឡិចត្រូនិក។

ពាណិជ្ជកម្មសរុបរបស់សិង្ហបុរី បានធ្លាក់ចុះរហូតដល់ទៅ៨,៧% ក្នុងខែវិច្ឆិកា ក្រោយធ្លាក់ចុះ ៩% ក្នុងខែតុលា។ ការធ្លាក់ចុះនេះភាគច្រើនបណ្ដាលមកពីពាណិជ្ជកម្មប្រេងដែលនៅតែបន្តធ្លាក់ចុះ ស្របពេលតម្លៃប្រេងធ្លាក់ចុះកាន់តែទាប បើធៀបទៅមួយឆ្នាំមុន ក្រោយធ្លាក់ចុះក្នុងខែតុលា។

ចំណែកឯការនាំចេញសរុបបានធ្លាក់ចុះ៨% ក្នុងខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះ៨,៧% ក្នុងខែតុលា។ ការនាំចូលសរុបក៏បានធ្លាក់ចុះ៩,៤% ផងដែរក្នុងខែវិច្ឆិកា ក្រោយធ្លាក់ចុះ ៩,៣%ក្នុងខែតុលា។

ការដឹកជញ្ជូនផលិតផលគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៣,៨% ក្នុងខែវិច្ឆិកា ក្រោ​យធ្លាក់ចុះ០,៥% ក្នុងខែតុលា។ ក្នុងនោះផលិតផលបន្ទះឈីប និង Disk Drive បានធ្លាក់ចុះ៧,៩% ហើយគ្រឿងបង្គុំកុំព្យូទ័របានធ្លាក់ចុះ១២,១%។

ការដឹកជញ្ជូនទំនិញ ក្រៅពីគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ៥,២% ក្នុងខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះ៤%ក្នុងខែតុលា។ ការធ្លាក់ចុះការនាំចេញសារធាតុគីមី ដែលចម្រាញ់ចេញពីប្រេងឥន្ធនៈដែលធ្លាក់ចុះ១៨,៥% គឺរួមចំណែកធំជាងគេ បន្ទាប់មកឱសថដែលធ្លាក់ចុះ១៣,៤ ហើយមាសធ្លាក់ចុះ ១៥,១%។

ការនាំចេញទៅកាន់ទីផ្សារកំពូលៗជារួម បានធ្លាក់ចុះក្នុងខែវិច្ឆិកា ទោះបីជាការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន កោះតៃវ៉ាន់ ម៉ាឡេស៊ី ថៃ និងក្រុងហុងកុង បានកើនឡើងក្ដី។

ទិន្នន័យផ្លូវការដដែលបានបង្ហាញថា ការធ្លាក់ចុះខ្លាំងជាងគេគឺការនាំចេញទៅកាន់ប្រទេសចិន សហភាពអឺរ៉ុប និងឥណ្ឌូនេស៊ី៕