តម្រូវការទីផ្សារក្នុងស្រុកជាឆ្អឹងខ្នងយ៉ាងរឹងមាំសម្រាប់វិស័យលំនៅដ្ឋាននៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ខុសប្លែកពីវិស័យធំៗមួយចំនួនដែលទទួលរងនូវផលប៉ះពាល់យ៉ាងពីវិបត្តិនៃជំងឺឆ្លង សម្រាប់តែទីផ្សារលំនៅដ្ឋាននៅកម្ពុជាគឺនៅតែអាចរក្សាបាននូវភាពរឹងមាំជាមួយសកម្មភាពវិនិយោគ អភិវឌ្ឍន៍ និងតម្រូវការទីផ្សារក្នុងស្រុកនៅតែបន្តមាន។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា ទីផ្សារលំនៅដ្ឋាននៅពេលពេលបច្ចុប្បន្ន គឺនៅតែមានភាពរឹងមាំខុសប្លែកពីវិស័យដទៃទៀតដោយសារតែទីផ្សារ និងតម្រូវការពិតប្រាកដគឺផ្តើមចេញពីអ្នកនៅក្នុងស្រុក។
លោកស្រីបញ្ជាក់ថា “ការះអភិវឌ្ឍន៍នានានៅក្នុងវិស័យលំនៅដ្ឋានគឺផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុកមិនមែនមកពីក្រៅប្រទេសនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏បានសិក្សាយ៉ាងច្បាស់ទៅលើកម្រិតនៃតម្រូវការ រួមជាមួយលទ្ធភាពរបស់អតិថិជនគោលរបស់ពួកគេ ដូច្នេះរាល់គម្រោងអភិវឌ្ឍទាំងអស់ភាគច្រើនមិនជាប់គាំងនោះទេ ហើយមានអត្រាទទួលបានភាពជោគជ័យខ្ពស់”។

លោកស្រីបន្តថា “ខ្ញុំជឿជាក់ថា នៅឆ្នាំ២០២១ខាងមុខនេះ ទីផ្សារអចលនទ្រព្យរួមនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញជាបណ្តើរ ខណៈដែលបច្ចុប្បន្ននេះលទ្ធផលនៃការប្រើប្រាស់ថ្នាំបង្ការ ឬវ៉ាក់សាំងការពារជំងឺឆ្លង ត្រូវបានចាប់ផ្តើមអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួន ហើយរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកវ៉ាក់សាំងមកកាន់កម្ពុជាក្នុងពេលឆាប់ខាងមុខនេះផងដែរ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “វិស័យលំនៅដ្ឋាននៅកម្ពុជានឹងមានសន្ទុះឡើងវិញលឿនជាងវិស័យដទៃទៀត ដែលយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ អាចនឹងមានភាពរស់រវើកដូចឆ្នាំ២០១៩”។

លោកបានបញ្ជាក់ថា “ទីផ្សារលំនៅដ្ឋានដែលអូសបន្លាយរយៈពេលខ្លីជាងផ្នែកដទៃក្រោមវិបត្តិសេដ្ឋកិច្ចនេះ ក៏ព្រោះតែវាមានតម្រូវការខ្ពស់ ចឹងអ្នកដែលគ្មានលំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិនឹងស្វះស្វែងរកវិធីសាស្ត្រក្នុងការទិញដើម្បីបំពេញតម្រូវការរបស់ខ្លួន ដែលខុសពីផ្នែកដទៃទៀតដូចជាការវិនិយោគ និងអភិវឌ្ឍន៍លើសំណង់អគារធំៗ ឬគម្រោងធំៗភាគច្រើនគឺពាក់ព័ន្ធ និងពឹងផ្អែកទៅលើកត្តាសេដ្ឋកិច្ចប្រទេស និងកត្តានយោបាយ ដូច្នេះទាល់តែសេដ្ឋកិច្ច និងនយោបាយមានភាពល្អប្រសើរទើបអាចមានសកម្មភាពឡើងវិញ”។

លោកបញ្ជាក់ថា “បើទោះទីផ្សារលំនៅដ្ឋានមានភាពល្អប្រសើរជាងគេ ប៉ុន្តែវាល្អប្រសើរតែប្រភេទលំនៅដ្ឋានដែលមានតម្លៃសមរម្យសមស្របទៅនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនតែប៉ុណ្ណោះ ពោលគឺជាប្រភេទលំនៅដ្ឋានដែលត្រូវបានដាក់លក់ក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារតែប៉ុណ្ណោះ”៕

អ្នកវិនិយោគក្នុងស្រុកបោះទុនប្រមាណ៤០លានដុល្លារកសាងបុរីថ្មីមួយស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ក្នុងគោលដៅអភិវឌ្ឍន៍នៅមូលដ្ឋានស្រុកពញ្ញាក្រែក ឲ្យមានភាពរីកចម្រើ​ន និងផ្តល់នូវស្តង់ដារស់នៅប្រកបដោយភាពស៊ីវិល័យ អ្នកវិនិយោគក្នុងស្រុកមួយក្រុមបានបោះទុនចន្លោះពី៣០ ទៅ៤០លានដុល្លារ ដើម្បីកសាងបុរីថ្មីមួយនៅទីប្រជុំជនស្រុកខាងលើនេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃបុរីក្រែកស៊ីធី លោកបណ្ឌិតតេង រិទ្ឋីបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ការបោះទុនវិនិយោគនៅទីប្រជុំជនស្រុកពញ្ញាក្រែកនេះ ដោយសារតំបន់នេះមានសក្តានុពលជាច្រើន ដែលប្រជាពលរដ្ឋនៅមូល    ដ្ឋានមានជីវភាពធូរធារ និងទីតាំងគំរោងនេះមានចម្ងាយត្រឹម១៦គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ដែលជាតំបន់សេដ្ឋកិច្ច និងដោះដូរពាណិជ្ជកម្មដ៏សំខាន់មួយ ពិសេ​សបុរីនេះ ព័ទ្ឋជុំវិញដោយរោងចក្រ សហគ្រាស ស្ថាប័នគយ ពិសេសជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន។

លោកបន្តថា “គោលដៅនៃការអភិវឌ្ឍរបស់យើង ដោយសារនៅទីរួមខេត្តថ្មី មានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទិញដីច្រើននៅតំបន់នេះ ពិសេសយើងចង់ផ្តល់នូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅមូលដ្ឋាន”។

បុររីក្រែកស៊ីធី មានទំហំផ្ទៃដី១៦ហិកតា កំពុងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មីនៅមូលដ្ឋាន តាមរយៈការផ្តល់នូវជម្រើសលំនៅដ្ឋាន ដូចជា ផ្ទះអាជីវកម្ម(Shop house) ផ្ទះវីឡាទោល វីឡាភ្លោះ ដែលមានតម្លៃត្រឹម៣៩,០០០ដុល្លារអាមេរិកឡើងទៅ ពិសេសគំរោងនេះមានផ្សារបែបពាក់កណ្តាលទំនើប ដែលមានស្តង់ចំនួន៤០០ស្តង់ ពិសេសផ្សារនិងបុរីនេះមានសួនច្បារ ចំណតរថយន្តធំទូលាយសំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកកាន់កម្ពុជា។

លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា “អ្វីដែលក្រុមហ៊ុនផ្តល់ជូនអតិថិជន គឺជម្រើសនៃការបង់ប្រាក់ដ៏ទាក់ទាញ ជាមួយនឹងគំរោងដែលផ្តោតលើប្រណីតភាព គុណភាព និងបរិយាកាសរស់នៅប្រកបដោយផាសុខភាព”។លោកបន្តថា “យើងក៏បានគិតដល់ការធ្វើដំណើរជុំវិញបុរីនេះផងដែរ ដែលអ្នករស់នៅក្នុងបុរីនេះ អាចធ្វើដំណើរចេញចូលបុរីនេះបានយ៉ាងងាយស្រួល ដោយសារយើងបានរៀបចំផ្លូវតភ្ជាប់ និងព័ទ្ឋជុំវិញបុរីនេះទាំងអស់ ដើម្បីលើកកំពស់ស្តង់ដានៃការរស់នៅ និងបែបផែនជីវិតសម័យថ្មី”។

លោកបន្តថា បច្ចុប្ប​ន្ននេះ យើងបានប្រើប្រាស់គ្រឿងចក្រជាង៣០គ្រឿង ដើម្បីចាក់បំពេញដី ដែលរហូតមកទល់ពេលនេះ ការចាក់ដីបំពេញក្នុងគំរោងទាំងមូលសម្រេចបានប្រមាណ២០ភាគរយនៃគំរោងទាំងមូលរួចហើយ។ លោកបន្តថា តាមពិតយើងចង់បើកការដ្ឋានសម្ភោធសាងសង់បុរីនេះកាលពីពេលថ្មីៗកន្លងមកនេះ ប៉ុន្តែដោយសារជំងឺកូវីដ១៩ យើងបានពន្យាពេល ហេតុនេះកាលបរិច្ឆេតនៃការសម្ភោធបើកការដ្ឋានសាងសង់បុរីក្រែកស៊ីធីថ្មី គ្រោង នឹងចាប់ផ្តើមនៅចុងខែធ្នូខាងមុខឆាប់ៗនេះ។

អតិថិជនចាប់អារម្មណ៍ទិញបុរីនេះសំរាប់រស់នៅ និងទុកចំណេញសូមទាក់ទងតាមរយ

ៈលេខទូរស័ព្ទ ០៩៧ ៧០ ៥៤ ៨៨៨ / ០៩៧ ៧១ ៥៤ ៨៨៨៕

តើផ្នែកអ្វីខ្លះនៃអចលនទ្រព្យនឹងបន្តប្រឈមបញ្ហានៅឆ្នាំ២០២១ខាងមុខ?

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងស្វាគមន៍ឆ្នាំ២០២១ទាំងអស់គ្នា ដែលគ្រប់គ្នាសង្ឃឹមថាអ្វីៗនឹងមានភាពល្អប្រសើរឡើង ខណៈឆ្នាំ២០២០បានធ្វើឲ្យមនុស្សទូទាំងពិភពលោករងការឈឺចាប់ បាត់បង់ញាតិមិត្ត ដែលមិនអាចវិលត្រលប់មកវិញ។

ប៉ុន្តែឆ្នាំ២០២១ បញ្ហាប្រឈមនៅតែកើតមានដដែល ទោះបីសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក៏ដោយ ក៏ផ្នែកខ្លះនៃវិស័យអចលនទ្រព្យនៅតែប្រឈមបញ្ហានៅឡើយ។

ផ្សារទំនើបតូចៗ

        ដោយសារការប្រកួតប្រជែងខ្លាំង ទីផ្សារលក់រាយនៅតែបន្តប្រឈម ព្រោះកំនើនផ្សារសហគមន៍កើនឡើង ដែលនឹងធ្វើឲ្យផ្សារទំនើបតូចៗ ដែលគ្មានស្តង់ដាច្បាស់លាស់ នៅតែប្រឈមមុខនឹងបញ្ហា ក្នុងការទាក់ទាញអតិថិជន ខណៈរបាយការណ៍បានបង្ហាញថា ផ្សារទំនើបតូចៗប្រមាណ២០នឹងបើកដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ។

ជាមួយនឹងកំនើនផ្សារទំនើប បានធ្វើឲ្យការប្រកួតប្រជែង ក្នុងទីផ្សារកាន់តែមានច្រើន បើទោះបីកំលាំងទិញកើនឡើងក៏ដោយ ប៉ុន្តែការរៀបចំស្តង់ដាតម្លៃ សេវាកម្ម និងការឌីសាញមិនសូវមានភាពទាក់ទាញ បានធ្វើឲ្យផ្នែកនេះនៅតែបន្តបញ្ហាប្រឈមសំរាប់ទីផ្សារនាពេលអនាគត។

ដីឡូត៍

        អ្នកជំនាញជាច្រើនបានទទួលស្គាល់ថា ទីផ្សារដីឡូត៍នឹងចាប់ផ្តើមប្រឈមមុខ នឹងកំនើននៃការលក់យឺត ដោយសារគំរោងបុរី លំនៅដ្ឋានកាន់តែច្រើនបាននិងកំពុងកើនឡើងនៅតំបន់ជាយក្រុង ដែលធ្វើឲ្យការលក់ដីឡូត៍តូចៗកាន់តែជួបការលំបាក ដោយសា​រការយល់ដឹងរបស់ប្រជាពលរដ្ឋប្រសើរជាងមុន ពិសេសលក្ខខ័ណ្ឌបង់ប្រាក់​ពីគំរោងលំនៅដ្ឋាន និងបុរីនានាមានភាពងាយស្រួល។

ប៉ុន្តែយ៉ាងណាដីឡូត៍បែបរីសត នឹងបន្តមានសញ្ញាល្អប្រសើរ ដោយសារប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ ដែលពួកគេស្វែងរកកន្លែងលំហែរនៅតាមបណ្តាខេត្តកាន់តែច្រើន។

អាផាតម៉ិន

        ការជួលអាផាតម៉ិនបាន និងកំពុងដាំក្បាលចុះនៅឆ្នាំ២០២១នេះ និងបន្តអូសបន្លា​យដល់ឆ្នាំ២០២១ ដោយសារការកើនឡើងនូវការផ្គត់ផ្គង់អាផាតម៉ិន នៅតាមតំបន់នានានៃទីក្រុងភ្នំពេញ ដោយសារការមកដល់ នៃអ្នកវិនិយោគអន្តរជាតិមិនទាន់ខ្លាំង និងការប្រ​កួតប្រជែងបន្តកើនឡើងខ្ពស់។

អាផាតម៉ិន ក៏ប្រឈមមុខនឹងការប្រកួតប្រជែងពីខុនដូ ដែលកំពុងកើនឡើងយ៉ាងគំហុកនៅទីក្រុងភ្នំពេញផងដែរ ព្រោះអ្នកវិនិយោគខុនដូមួយចំនួនបានទិញទុកសំរាប់ជួលជាជាងទិញសំរាប់រស់នៅ។

ការិយាល័យ

        ទំហំការិយាល័យសរុបនៅទីក្រុងភ្នំពេញ បាននិងកំពុងកើនឡើងដល់ប្រមាណ៤៥ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីផ្សារដែលទើបនឹងមានភាពរីកចម្រើននេះ ប៉ុន្តែកំនើននៃការផ្គត់ផ្គង់បាននិងកំពុងធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពប្រកួតប្រជែង ខណៈលំហហូរវិនិយោគិនអន្តរជាតិ មិនត្រូវបានគេមើលឃើញថាកើនឡើងគំហុកខ្លាំង នៅឆ្នាំ២០២១នោះទេ។

ប៉ុន្តែអាគារការិយាល័យកម្រិតB, និងកម្រិតC ជាប្រភេទការិយាល័យនឹងងើបឡើងលឿនជាងគេ ហើយការិយាល័យបែបសហកម្មសិទ្ឋ នឹងមានសញ្ញាល្អប្រសើរផងដែរ។

សណ្ឋាគារ

        ឆ្នាំ២០២១ នៅតែជាឆ្នាំមិនទាន់មានសញ្ញាល្អខ្លាំង សំរាប់វិស័យទេសចរណ៍នៅឡើយទេ ហេតុនេះវិស័យបដិសណ្ឋារកិច្ចនៅតែបន្តរងផលប៉ះពាល់នៅឡើយ ស្របពេល​ដែលសណ្ឋាគារភាគច្រើននៅក្រុងសៀមរាបបិទទ្វារ។

សណ្ឋាគារតូចៗ ដែលគ្មានស្តង់ដាច្បាស់លាស់ អាចបន្តប្រឈមមុខនឹងផលវិបាក​រយៈពេលយូរ ខណៈដែលសណ្ឋាគារធំៗក៏ប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារថ្លៃ​ប្រតិបត្តិការខ្ពស់ ខណៈកំនើនភ្ញៀវទេសចរណ៍ត្រូវរំពឹងថា នឹងកើនឡើងយឺតនាឆ្នាំខាងមុខនេះ។

ប៉ុន្តែអ្នកជំនាញជាច្រើនបានអះអាងថា នៅត្រីមាសទី២ឆ្នាំ២០២១ អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ ដោយសារវ៉ាក់សាំងបង្ការជំងឺកូវីដ នឹងត្រូវចែកចាយនៅទូទាំងពិភពលោក៕

រដ្ឋបាលខេត្តពោធិ៍សាត់សម្រេចយកដី៧០ហិកតា សាងសង់រដ្ឋបាលប្រមូលផ្តុំគំរូ

ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់បានសម្រេចធ្វើការអភិវឌ្ឍ និងសាងសង់សំណង់រដ្ឋបាលប្រមូលផ្តុំគំរូនៅលើផ្ទៃដីសរុបទំហំប្រមាណ៧០ហិកតា ដើម្បីឱ្យមានសោភ័ណភាពប្រចាំតំបន់ និងសម្រាប់ជាទីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ថា គម្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំរបស់ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ នឹងក្លាយជារដ្ឋបាលគំរូដ៏ល្អមួយ ដែលមានភាពទាក់ទាញ និងស្រស់ស្អាត ស័ក្ដិសមជាទីកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកបានបន្តថា សំណង់អគាររដ្ឋបាលប្រមូលផ្តុំនេះនឹងបម្រើសេវានៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ លើផ្ទៃដីបម្រុងទុករបស់រដ្ឋប្រមាណជាង៧០ហិកតា ក្នុងភូមិសាស្ត្រឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលាក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។

ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ ដែលត្រូវសាងសង់នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ក្នុងនោះមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន សម្រាប់ច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ សម្រាប់កម្រិតនៃការអុំទូកថ្នាក់ខេត្ត ៕

ការនាំចូលទំនិញរបស់អាមេរិកពីចិននៅតែកើនឡើង ទោះមានពន្ធខ្ពស់និងវិបត្តិកូវីដ១៩ក៏ដោយ

ដោយ៖ វុទ្ធី

អន្តរជាតិ៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃពុធថា ទោះបីជាការដាក់ពន្ធរបស់រដ្ឋបាល Trump លើទំនិញចិន និងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន កំពុងកើនឡើង ខណៈឆ្នាំ២០២០ ខិតជិតនឹងបញ្ចប់។

បើតាមរបាយការណ៍ បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលមានផលិតផលជាច្រើន ដោយជនជាតិអាមេរិកអាចចំណាយលើការកំសាន្ត ភាពយន្ត អាហារ របស់របរប្រើប្រាស់ក្នុងផ្ទះ ដូចជាភ្លើងសម្រាប់ការិយាល័យ និងផ្ទះ ឧបករណ៍ហាត់ប្រាណ និងប្រដាប់ប្រដាក្មេងលេង ដើម្បីឱ្យកូនៗលេងកំសាន្តនៅផ្ទះ។

ទិន្នន័យពាណិជ្ជកម្មក្នុងរយៈពេល ១០ខែដំបូង ឆ្នាំនេះ ដែលត្រូវបានប្រមូលពីទិន្នន័យគយសហរដ្ឋអាមេរិកដោយក្រុមហ៊ុន IHS Markit បង្ហាញថា ការនាំចូលមានដូចជាគ្រឿងអេឡិចត្រូនិក ម៉ាស និងឧបករណ៍ការពារផ្ទាល់ខ្លួនដទៃទៀតពីប្រទេសចិន ដែលមានសន្ទុះខ្លាំង នៅពេលមានការរីករាលខ្លាំង។
នៅក្នុងខែវិច្ឆិកា ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៤៦,១ ភាគរយ ក្នុងទំហំទឹកប្រាក់ ៥១,៩៨ ពាន់លានដុល្លារអាមេរិក។
ការកើនឡើងនៃការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន ផ្ទុយពីការរំពឹងទុករបស់អ្នកនយោបាយអាមេរិកនៃគណបក្សទាំងពីរ ដែលកាលពីដើមឆ្នាំនេះ បានព្យាករណ៍ថា ជំងឺរាតត្បាតនឹងក្លាយជាពេលវេលាសម្រាប់ការកាត់បន្ថយពាណិជ្ជកម្មជាមួយប្រទេសចិន ហើយទីបំផុតនឹងនាំរោងចក្រត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
របាយការណ៍បានរកឃើញថា “មានសញ្ញាតិចតួចណាស់ ដែលសង្វាក់ផ្គត់ផ្គង់សកល នឹងវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ” ទោះបីជារដ្ឋបាលរបស់លោក Trump ដាក់ពន្ធលើការនាំចូលរបស់ចិន ដែលមានតម្លៃជាង ៣៦០ពាន់លានដុល្លារក៏ដោយ។ ផ្ទុយទៅវិញផលប៉ះពាល់ ដែលបានអូសបន្លាយពេលនៃជំងឺរាតត្បាតលើសហរដ្ឋអាមេរិក ហាក់ដូចជាបានផ្ដល់ផលវិជ្ជមានឱ្យចិនទៅវិញ។

សារព័ត៌មាន The New York Times បានដកស្រង់សម្តី Mary E. Lovely សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិថា “សរុបមកវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងផលិតផលរបស់ដែលជនជាតិអាមេរិកចង់បាន កំឡុងពេលមានរោគរាតត្បាត មានផលប៉ះពាល់លើគោលនយោបាយពន្ធគយរបស់លោក Trump៕

ធនាគារពិភពលោក៖ កម្ពុជា​ចាំបាច់​ជំរុញ​ការវិនិយោគ​ក្នុងស្រុក​និង​ពី​បរទេស​ដើម្បី​ងាក ចេញពី​វិបត្តិ​ឲ្យ​បាន​លឿន

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ ក្នុង​ការជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ ក្នុងស្រុក និង​ពី​បរទេស​ឱ្យ​ទាញយក​ផលចំណេញ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ក្នុង​តំបន់ ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ ដើម្បីឱ្យ​ឆាប់​រើខ្លួន​ចេញពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។ នេះ​បើ​យោងតាម​ការ​អនុសាសន៍​របស់​ធនាគា​រ​ពិភពលោក (World Bank) កាលពី​ម្សិលមិញ។

លោកស្រី​អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារពិភពលោក មានប្រសាសន៍ថា “ឆ្ពោះទៅ​ពេលខាងមុខ ជាការ​ចាំបាច់​ដែល​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ឱ្យ​ទាញយក​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ” ។

លោកស្រី​បន្តទៀតថា “លទ្ធភាព​នេះ​អាចធ្វើ​ទៅរួច តាមរយៈ​ការដាក់ចេញ​ឱ្យបាន​ឆាប់រហ័ស​នូវ​ច្បាប់ វិនិយោគ​មាន​ភាព​ប្រកួតប្រជែង និង​ប្រការ​លើកទឹកចិត្ត​នានា​ដល់​ការវិនិយោគ អមដោយ​វិធានការ​ទាំងឡាយ សំដៅ​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើ​អាជីវកម្ម ផងដែរ” ។

ក្នុង​គោលបំណង​ជួយ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ឆាប់​រើខ្លួន​ចេញពី​ការ​រាតត្បាត​ជំងឺ​នេះ ជា​អនុសាសន៍ របាយការណ៍​របស់ World Bank បាន​ស្នើឱ្យ​បង្កើន​ការវិនិយោគ​សាធារណៈ​ស​ម្រា​ប់​ជួយ​ដល់​ជន​ក្រី​ក្រី និង​សម្រាប់​ជំរុញ​កំណើន រួមមាន​ទាំង​កម្មវិធី​បង្កើត​ការងារ​ជា​ថ្នូរ​យកប្រាក់​កម្រៃ​ប្រចាំថ្ងៃ (cash-for-work projects) ទន្ទឹមគ្នានេះ លើកកម្ពស់​វិស័យ​អតិពលកម្ម​នានា ដើម្បី​បង្កើត​ការងារ​ក្នុងឱកាស ដែល​មានការ​ងើបឡើង​ឆាប់រហ័ស​នៃ​តម្រូវការ​ទំនិញប្រើប្រាស់​ក្នុងស្រុក។

របាយការណ៍​ក៏បាន​លើកឡើង​ដែរ នូវ​ឱកាស​នានា​សម្រាប់​សម្រួល​ការពង្រីក ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន និង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)។

របាយការណ៍​នេះ បានចង្អុលបង្ហាញ​ដែរ អំពី​សារៈសំខាន់​ចាំបាច់​បំផុត​នៃ​ការរៀបចំ​បង្កើន​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ សម្រាប់​វ៉ាក់សាំង​កូ​វី​ឌ១៩ ក៏ដូចជា​ការតាមដាន​ឱ្យបាន​ដិតដល់​ផងដែរ នូវ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​បង្កដោយ​កំណើន​អូសបន្លាយ​យូរពេក របស់​វិស័យ​សំណង់ និង​អចលនទ្រព្យ។

ការស្ទង់មតិ​តាម​ទូរស័ព្ទ ដែល​ធនាគារពិភពលោក​បានធ្វើ​ពីរដង ក្នុង​រយៈពេល​កន្លងទៅ​បានឱ្យដឹងថា ចំនួន​អ្នកផ្តល់​ចម្លើយ ដែល​កំពុងធ្វើការ​ក្នុងពេល​ស្ទង់​មតិ មានការ​ធ្លាក់ចុះ​ពី៨២ភាគរយ នៅពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ដំបូង មក​នៅត្រឹម៧១ភាគ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ហើយ​តួលេខ​នេះ ហាក់ដូចជា​នៅ​ដដែល​ក្នុង​ខែសីហា ឆ្នាំ២០២០ ។

ការ​រាតត្បាត​ជំងឺ​នេះ នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ទៅលើ​សកម្មភាព​ធុរកិច្ច ដែល​មិនមែនជា​ការដាំដុះ ប៉ុន្តែ​ក្នុង​សភាព​មួយ​ដែល​មិនសូវ​ធ្ងន់ធ្ងរ​ណាស់ណា​ទេ បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​វិបត្តិ​នេះ​បាន​ផ្ទុះឡើងភ្លាម។

ការបាត់បង់​ចំណូល នៅតែមាន​ទំហំធំធេង​នៅឡើយ បើទោះជា​ការធ្លាក់ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ ក្រោយពី​រដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ថ្មី​មួយ សម្រាប់​ផ្ទេរ​សាច់ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។ ការស្ទង់មតិ​ទាំងនោះ​បង្ហាញថា ជិត៩០ភាគរយ​នៃ​ក្រុមគ្រួសារ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា ជា​អ្នក​ក្រក្រី ដែល​ពួកគេ​បាន​រាយការណ៍​ថា បានទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែសីហា និង​កញ្ញា។

របាយការណ៍​នេះ មាន​ជំពូក​ពិ​សេសមួយ​ផ្តោតទៅលើ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​កម្ពុជា (Cambodia Business Pulse Surveys/BPS) ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​ស្វែងយល់​អំពី ផលប៉ះពាល់​របស់​កូ​វីដ១៩ទៅលើ​ធុរកិច្ច។ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​នេះ ត្រូវបានធ្វើ​ជាមួយ​ក្រុម​ហ៊ុន​ជាង៥០០ក្រុមហ៊ុន ដែល​បានចាប់ផ្តើម​ពី​ខែមិថុនា​ដល់​ខែកញ្ញា ហើយ​លទ្ធផល​បង្ហាញថា អាជីវកម្ម​ជាច្រើន​បាន​បើកទ្វារ​ឡើងវិញ​ហើយ​តាំងពី​ខែមិថុនា​មក។

យ៉ាងណាក្តី ការលក់​នៅមានកម្រិត​ទាប​ខ្លាំង ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម និង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ជាច្រើន​នៅ​ខេត្តសៀមរាប៕

ក្រុមហ៊ុន​ម៉ាឡេស៊ី Lion Industries កាត់​យក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ចិន​ដើម្បី​ទូទាត់​បំណុល

ដោយៈ​សុខុម

គូ​ឡា​ឡាំ​ពួ:  វា​ជា​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​ក្រុម​ហ៊ុម​ផលិត​ដែក​ដ៏​ធំ​របស់​ម៉ាឡេស៊ី Lion Industries Corp Bhd (LICB) នឹង​កាត់​យក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន Well Morning Ltd ជាការ​ទូទាត់​បំណុល​ចំនួន២១០,៣៥ លាន​រីង​ហ្គី​ត ស្មើនឹង៥២ លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​យោងតាម​សារព័ត៌មាន TheEdgeMarkets បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី១៦ ធ្នូ​កន្លងមកនេះ។

ក្នុង​បំណុល​មិនទាន់​សង​សរុប​ទាំង ២១០,៣៥លាន​រីង​ហ្គី​ត ក្រុមហ៊ុន LDHB ជំពាក់​ក្រុមហ៊ុន Antara Steel Mills Sdn Bhd ចំនួន ២៦,៧៩ លាន​រីង​ហ្គី​ត (៦,៦ លាន​ដុល្លារ) និង​ជំពាក់​ក្រុមហ៊ុន Lion Waterway Logistics Sdn Bhd ចំនួន ៣៥,១៧ លាន​រីង​ហ្គី​ត (៨,៧ លាន​ដុល្លារ) ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ សុទ្ធតែជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន LICB ព្រមទាំង​ជំពាក់​ក្រុមហ៊ុន Posim Marketing Sdn Bhd ដែលជា​បុត្រ​សម្ព័ន្ធ​ប្រយោល​កាន់កាប់​ភាគហ៊ុន ៧៤%) នៃ​ក្រុមហ៊ុន LICB ចំនួន ១៤៨,៣៩ លាន​រីង​ហ្គី​ត (៣៦,៦ លាន​ដុល្លារ)។

សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា  ក្រុមហ៊ុន Well Morning Ltd ដែលជា​បុត្រ​សម្ព័ន្ធ​កាន់កាប់​ផ្ដាច់មុខ របស់​ក្រុមហ៊ុន LDHB គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

ក្រុមហ៊ុន​ជា​ម្ចាស់បំណុល LICB បាន​បញ្ជាក់ថា ក្រុមហ៊ុន LDHB ត្រូវបាន​តុលាការ​កំពូល​របស់​ម៉ាឡេស៊ី បង្គាប់​កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឱ្យ​ទូទាត់​សងបំណុល​នេះ​ក្រោម​ច្បាប់​គ្រប់គ្រង​ក្រុមហ៊ុន​ឆ្នាំ២០១៦ (Companies Act 2016) ៕

ADB អនុម័ត​កញ្ចប់​កម្ចី​ចំនួន ១២៣លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ថ្មើរ ជើង​នៅក្នុង​ទីក្រុង

ដោយ​វុត្ថា

ទីក្រុង​ម៉ានីលៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ផ្តល់ប្រាក់​កម្ចី​ចំនួន ១២៣លាន​ដុល្លារ ដល់​ប្រទេស​ហ្វីលីពីន ដើម្បី​សាងសង់​ផ្លូវ​ថ្មើ​ជើង​ឱ្យមាន​សុវត្ថិភាព ទូលាយ​និង​ស្អាត ព្រមទាំង​មាន​ភាព​ធន់​នឹង​គ្រោះមហន្តរាយ សម្រាប់​អ្នក​ថ្មើរជើង​នៅតាម​បណ្តោយ​មហាវិថី​ដែលមាន​ការកកស្ទះ​បំផុត​របស់​ទីក្រុង​ម៉ានីល។

គេហទំព័រ www.devdiscourse.com  បាន​ចុះផ្សាយ​ឱ្យដឹង​កាលពី​ថ្ងៃទី១៦ ខែធ្នូ​ម្សិលមិញ​នេះ​ថា គម្រោង EDSA Greenways Project នឹង​ជួយ​រដ្ឋាភិបាល ក្នុង​ការកសាង​ផ្លូវ​ដើរ៥គីឡូម៉ែត្រ ដែល​នឹងត្រូវ​ភ្ជាប់​ទៅនឹង​ស្ថានីយ៍ ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​មហាវិថី Epifanio de Los Santos Avenue ឆ្ពោះទៅកាន់​ស្ថានីយ៍​រថភ្លើង Balintawak ស្ថានីយ៍​រថភ្លើង Cubao ស្ថានីយ៍​រថភ្លើង Guadalupe និង ស្ថានីយ៍​រថភ្លើង Taft ។

គេហទំព័រ​ដដែល​បន្ត​ថា សំណង់​ថ្មើរជើង​នេះ​មាន​ទទឹង៥ម៉ែត្រ បំពាក់​ដោយ​ជណ្តើរយន្ត និង​ប្រព័ន្ធ​ត្រួតពិនិត្យ​នឹងមាន​ភាពងាយស្រួល សម្រាប់​អ្នក​ថ្មើរជើង​រួមទាំង​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ កុមារតូចៗ និង​ជនពិការ។

នាយក​ផ្នែក​គមនាគមន៍ និង​ទំនាក់ទំនង​អាស៊ីអាគ្នេយ៍ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី  លោក Hiroaki Yamaguch ឱ្យដឹងថា គម្រោង EDSA Greenways Project គឺជា​ផ្នែក​សំខាន់​មួយ នៃ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​ទីក្រុង​មេន​ម៉ានីល​ក្លាយជា​កន្លែង​រស់នៅ កន្លែងធ្វើការ និង​កន្លែង​កម្សាន្ត​មាន​ភាពល្អប្រសើរ​ជាង​មុន។

លោក​បន្តថា “គម្រោង​នេះ​គឺជា​ផ្នែក​សំខាន់​មួយ នៃ​ការចូលរួមចំណែក​រប​ស់​យើង​ក្នុង​ការជួយ​ធ្វើឱ្យ​ចក្ខុ​វិស័យនេះ ក្លាយជា​ការពិត​សម្រាប់​ប្រជាជន​ហ្វីលីពីន។លោក​បន្ថែមថា “គម្រោង​នេះ​ជា​ផ្នែក​មួយ នៃ​កម្មវិធី​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន “Build, Build, Build” របស់​រដ្ឋាភិបាល​ដែលមាន​គោលបំណង ជំរុញ​ការចំណាយ​សាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ផ្តល់​ការតភ្ជាប់​ល្អប្រសើរ និង​ជំរុញ​កំណើនសេដ្ឋកិច្ច។

អ្នកឯកទេស​ខាង​ដឹកជញ្ជូន​ជាន់ខ្ពស់ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Shuji Kimura ឱ្យដឹងថា​ថា ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប សម្រាប់​ផ្លូវ​ដើរ​ពីលើ​អាកាស​នឹង​ជួយផ្តល់​ភាពងាយស្រួល និង​ទទួលបាន​ការធ្វើដំណើរ ប្រកបដោយ​សមធម៌​សម្រាប់​អ្នកដំណើរ ខណៈពេលដែល​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច។

លោក​បន្តថា គម្រោង Metro Manila ត្រូវបាន​គេ​ចាត់ទុកថា ជាទី​ក្រុង​ដែលមាន​ការកកស្ទះ​បំផុត​នៅក្នុង​ទ្វីបអាស៊ី ទាក់ទង​នឹង​ចំនួន​ប្រជាជន​ផ្ទៃដី និង​បណ្តាញ​ផ្លូវថ្នល់​ដោយ​ផ្អែកលើ​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ ២០១៩ របស់ ADB” ៕

ផ្លូវ​កំពុង​ធ្វើ​បណ្តើរ អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ចាប់ផ្តើម​ពង្រីក​ខ្លួន​នៅតាមតំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ខណៈ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣កំពុង​ស្ថាបនា អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នានា​បាន​ពង្រីក​មូលដ្ឋាន​វិនិយោគ​របស់​ពួកគេ ខណៈ​អ្នកជំនាញ​ព្យាករណ៍​ថា ក្នុង​រយៈពេល៥ ទៅ១០ឆ្នាំ​ខាងមុខ​ទៀត វិស័យ​អចលនទ្រព្យ​នឹង​កើនឡើង​រាប់ពាន់​ហិច​តា ជាពិសេស​គម្រោង​លំនៅឋាន​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ។


លោកស្រី​តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service  បាន​ប្រាប់​គេហទំព័រ Propertyarea.asia ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​លំនៅឋាន​នឹង​ពង្រីក​នៅតាម​តំបន់​មួយចំនួន ជាពិសេស​តាមផ្លូវ​ក្រវ៉ាត់​ក្រុង ទី៣ខេត្តកណ្តាល​ឬក៏​ថា៣០ទៅ៤០ គីឡូម៉ែត្រ​ចូល​ក្រុង។

លោកស្រី​បន្តថា “ការពង្រីក​នេះ ដោយសារ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ មានការ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ទាម​ឱ្យមាន​លំនៅឋាន​កាន់តែច្រើន នៅតាម​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីក្រុង​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ធ្វើឱ្យ​គម្រោង​បុរី និង​លំនៅឋាន​ទៅ​វិនិយោគ​នៅ​ទីនោះ” ។


លោកស្រី​បន្ថែមថា ម្យ៉ាងទៀត​តាម​ផែនការ​របស់​រដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជំ​រុញឱ្យ​រោងចក្រ សហគ្រាស និង​សិប្បកម្មផ្សេងៗ ឱ្យទៅ​បោះ​ទីតាំងនៅ​ជាយក្រុង​ជាពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​នានា ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​កាត់បន្ថយ​ការកកស្ទះ​នូវ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ។

អភិបាលរ​ជ​ធានី​ភ្នំពេញ  លោក  ឃួ​ង  ស្រេង  បានឱ្យដឹង​កាលពីពេលថ្មីៗនេះ ថា ទី​ក្រង​ភ្នំពេញ​មានការ​រីកចំរើន ដែល​អ្នកសេដ្ឋកិច្ចវិទូ​មិន​ស្មាន​ដល់ ជាមួយនឹង​កំណើន​ប្រជាសាស្ត្រ​ដែល​ស្នាក់នៅ និង​ចរាចរណ៍​នៅក្នុង​ទីក្រុង​កើន​ជាង៣លាន​នាក់ និង​ពង្រីក​ក្រុង​ពី៣០០ ទៅ៧០០ម៉ែត្រក្រឡា។

លោក​បន្តថា ជាមួយនឹង​ការរីកចំរើន​នេះ បានធ្វើឱ្យ​តំបន់​មួយចំនួន​នៃ​ជាយក្រុង​ភ្នំពេញ​មានការ​រីកចំរើន ជាពិសេស​តំបន់​ភាគ​ខាងលិច ដែល​កាលពី​មុខជា​តំបន់​វាលស្រែ បាន​ក្លាយជា​តំបន់​លំនៅឋាន រោងចក្រ​សហគ្រាស និង​សិប្បកម្មផ្សេងៗជាច្រើន​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍ថា គំរោង​អភិវឌ្ឍន៍​ជាច្រើន ពិតជា​បាន​បាញ់​ឆ្ពោះទៅ​តំបន់​ជាយក្រុង​ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មាន​ភាពល្អប្រសើរ ពិសេស​តំបន់​ផ្លូវជាតិ​លេខ២ លេខ៣ លេខ៤ ដែលមាន​កំនើន​គំរោង​លំនៅដ្ឋាន​ច្រើន។


លោក​បន្តថា “តំបន់​ផ្លូវជាតិ​លេខ២ចាប់ពី​តំបន់​កួរស្រូវ ឆ្ពោះទៅ​ស្រុក​បាទី​នឹងមាន​គំរោង​អភិ​វ​ឌ្ឈ​ន៍​លំនៅដ្ឋាន រោងចក្រ សហគ្រាស​ច្រើន​សាងសង់​នៅ​តំបន់​នេះ ក្រោយពេល​ផ្លូវជាតិ​លេខ២បាន​ស្ថាបនា និង​ពង្រីក​រួច” ៕

គម្រោង​សំណង់​បំរើឱ្យ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​ខេត្តកំពត​មានការ​សាងសង់​ច្រើន

ដោយៈ​វុត្ថា

ភ្នំពេញៈ គម្រោង​សំណង់ ដែល​បំរើឱ្យ​វិស័យ​បដិសណ្ឋារកិច្ច​ទេសចរណ៍ នៅក្នុង​ខេត្តកំពត មានការ​ការសាងសង់​ច្រើន ទាំង​នៅក្នុង​ក្រុង តាម​ដងព្រែក និង​ជើងភ្នំ​មាន​ចំនួន​ច្រើន បើទោះបី​កម្ពុជា​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ឆ្នាំ២០២០នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុល បាន​ប្រាប់​គេហទំព័រ​Propertyarea.asia កាលពី​ថ្ងៃទី ១៦ ខែធ្នូ​ម្សិលមិញ​នេះ​ថា លោក​បាន​មិនដឹង​ច្បាស់​នៅ​ខេត្ត​ណា​ផ្សេង ក្រៅពី​ខេត្តកំពត​មានការ​អភិវឌ្ឍន៍ ឬ​សាងសង់​សំណង់​សម្រាប់​បំរើឱ្យ​វិស័យ​បដិសណ្ឋារកិច្ច ជួប​បញ្ហា​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ឬក៏​អត់​ទេ ប៉ុន្តែ​សម្រាប់​ខេត្តកំពត គឺ​មិនមាន​បញ្ហា​នោះទេ។

លោក​បញ្ជាក់ថា “នៅក្នុង​ឆ្នាំ២០២០នេះ យើង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ មែន ប៉ុន្តែ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​សេវា និង​សំណង់​ដែល​បំរើឱ្យ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តកំពត​នៅតែមាន​ជា​រៀងរាល់ថ្ងៃ” ។ លោក​បន្តថា “យើង​សង្កេតឃើញថា សំណង់​ដែល​សាងសង់​រួចរាល់ និង​សំណង់​ដែល​កំពុង​សាងសង់ មានការ​រីកដុះដាល​ច្រើន​ទាំង​នៅក្នុង​ក្រុង និង នៅតាម​ដងព្រែក​នៃ​ខេត្តកំពត” ។


លោក​សយ ស៊ី​ណុល​បាន​បន្ថែមថា បើ​យើង​ប្រៀបធៀប​ជាមួយនឹង​វិបត្តិ គ៏​មាន​បញ្ហា​ហើយ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ខេត្តកំពត​នេះ កំពុងតែបន្ត​ដំណើរកា​រ​ទៅមុខ​ដោយ​គ្មាន​ការរាំងស្ទះ​នោះទេ ស្ទើរ​គ្រប់​គម្រោង។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បើតាម​លោក ប្រធាន​រូបនេះ មិនបាន​បញ្ជាក់​ពី​ចំនួន​គម្រោង​សាងសង់​សំណង់ ដែល​បំរើឱ្យ​វិស័យ​ទេសចរណ៍ មាន​ប៉ុន្មាន​នោះទេ ដោយ​លោក​មិនទាន់​បានធ្វើ​ការសិក្សា​តួលេខ​ជាក់ស្តែង។

លោក បែន រតនា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​វិឡា​លម្ហែកាយ នៅក្នុង​ខេត្តកំពត​បានឱ្យដឹង​ដែរ​ថា នៅក្នុង​ខេត្តកំពត​នេះ មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​លម្ហែកាយ និង​សំណង់ផ្សេងៗនៅតែ​ដំណើរការ និង​មានការ​កើនឡើង​ច្រើន នៅក្នុង​រយៈពេល​កន្លងមក​នេះ  ដោយសារ​ខេត្ត​នេះ មាន​ភាព​អំណោយផល​ទាំង​ភូមិសាស្ត្រ និង​តំបន់​ដែលមាន​ការទាក់ទាញ​ខ្លាំង។

លោក​បន្តថា “សម្រាប់​ខេត្តកំពត​នេះ បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ មានការ​រីក​ចំ​រើ ដោយ​ក្នុងនោះ យើង​ឃើញជាក់ស្តែង​មានការ​អភិវឌ្ឍន៍ វិស័យ​ឡូ​តិ៍ ផ្ទះល្វែង  រមណីយដ្ឋាន ជាពិសេស​វិឡា​បែប​លម្ហែកាយ​ច្រើន សម្រាប់​បំរើឱ្យ​វិស័យ​ទេសចរណ៍” ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់បាន​ឱ្យដឹង​កន្លង​មកនេះ​ថា ខេត្តកំពត គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​របស់​កម្ពុជា ដែលមាន​ការរីកចំរើន​ទាំង​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ និង​សំណង់  និង​មាន​សក្តានុពល​ខ្ពស់ ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ពី​ភ្នំពេញ។


លោក​បាន​ព្យាករ​ថា“ខេត្តកំពត នឹងត្រូវ​បានជ្រើសរើស​ជា​ខេត្ត​គោលដៅ​យ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​របស់​រាជរដ្ឋាភិបាល បន្ទាប់ពី​ខេត្តសៀមរាប” ៕