លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះបើកការដ្ឋានអ៊ុតកៅស៊ូបេទីមលើផ្លូវទាំង៣៤ខ្សែ ចុងក្រោយនៅខេត្តព្រះសីហនុ

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ នៅត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់០.០៧ម៉ែត្របន្ថែមពីលើបេតុងដែលបានចាក់រួចជាបន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ បន្ទាប់ពីថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានសម្ពោធបើកឱ្យដំណើរការនូវការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៃផ្លូវទាំងនេះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា “នេះជាជំហានដំបូង ដោយក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាពក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ”។

ចំពោះក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុមានចំនួន៣ក្រុមហ៊ុនគឺ៖
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន០៥ខ្សែ ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែករាម ជាប់ (ផ្លូវជាតិលេខ៤)។

២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃ នប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។

៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ខ្សែ ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយក្រុមហ៊ុនទាំង៣នេះកំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខ ៕

ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យកម្លាំង៩០មេហ្គាវាត់ នៅខេត្តពោធិ៍សាត់នឹងដំណើរការនៅដើមឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ពោធិ៍សាត់ ៖ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ឬបន្ទះសូឡា ដែលមានអនុភាពសរុបចំនួន៩០មេហ្គាវាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្នលទ្ធផលនៃការសាងសង់ជិតបញ្ចប់ក្នុងដំណាក់កាលដំបូងហើយ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ថា គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យខាងលើត្រូវបានវិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd នៅលើផ្ទៃដីសរុប១៣៥ហិចតា ជាមួយដើមទុនប្រមមាណ២៨លានដុល្លារ សម្រាប់ប្រើប្រាស់ដាក់ផ្ទាំងសូឡាសាងសង់អគារ ផ្លូវ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត ដែលមានអានុភាពផលិតបច្ចុប្បន្ន៦០មេហ្គាវ៉ាត់ ដោយឡែក៣០មេហ្គាវ៉ាត់ទៀត នឹងបញ្ចប់គម្រោងនៅដើមឆ្នាំ២០២១ខាងមុខ។

លោកបានបន្តថា “កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ស្ថានីយផលិតអគ្គិសនីដែលស្ថិតនៅក្នុងភូមិអន្សរក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់មួយនេះបានផលិតថាមពល និងដាក់បញ្ចូលទៅក្នុងបណ្តាញជាតិកម្រិត៣០មេហ្គាវាត់រួចមកហើយ ដោយឡែកដំណាក់កាលបន្ទាប់នៅត្រឹមខែមករា ឬកុម្ភៈ ដើមឆ្នាំ២០២១ខាងមុខនេះ ស្ថានីយនឹងមានលទ្ធភាពក្នុងការផលិត និងដាកើបញ្ចូលបន្ថែមចំនួន៦០មេហ្គាវាត់ ដែលសរុបទាំងអស់មានអនុភាពរហូតដល់៩០មេហ្គាវាត់ ដូចដែលបានគ្រោងទុកនៅក្នុងផែនការមេ”។

សម្រាប់ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងបង្កើតប្រភពផលិតផលិតថាមពលអគ្គិសនីចំនួន២ ទី១គឺស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងដូចបានលើកឡើងខាងលើនេះ ហើយទី២ គឺគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានអនុភាព ៨០មេហ្គាវាត់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងតំបន់ និងចែកចាយបន្តទៅកាន់បណ្តាខេត្តដែលស្ថិតនៅក្បែរគ្នា៕

KITA៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានដល់ ៧២៤លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងមានតម្លៃប្រមាណ ៧២៤ លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២៦៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងគឺធ្លាក់ចុះ ៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ ៤៥៧ លានដុល្លារពោលគឺថយចុះ ២១ ភាគរយ។

ផលិតផលរបស់ប្រទេសកម្ពុជាដែលនាំចេញទៅប្រទេសកូរ៉េភាគច្រើនគឺ សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម រីឯការនាំចូលសំខាន់ៗពីប្រទេសកូរ៉េចូលមកកម្ពុជាគឺ យានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈឱសថ និងផលិតផលប្លាស្ទិក។

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ៦ ភាគរយ ដល់ជាង ១០០០លានដុល្លារអាមេរិកដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៣៦ លានដុល្លារ។

ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់នៅពេលកិច្ចពិភាក្សាកំពុងបន្តស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានបញ្ចប់ ហើយកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន។ ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងទើបតែបញ្ចប់ការចរចា FTA លើកទី ៤ របស់ពួកគេ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា លទ្ធផលនៃការចរចារនេះបានបង្ហាញពីវឌ្ឍនភាពវិជ្ជមានហើយ មានតែចំណុចដែលទាក់ទងនឹងទំនៀមទម្លាប់ដែលនៅសេសសល់ នឹងត្រូវពិភាក្សានៅក្នុងកិច្ចចរចានាពេលខាងមុខ៕

អ្នកជំនាញៈទីផ្សារបុរីលំនៅដ្ឋាននៅកម្ពុជាផ្តោតលើអតិថិជនក្នុងស្រុកទិញសម្រាប់រស់នៅ

ដោយ ហ្សូលី

ភ្នំពេញៈ គម្រោងបុរីលំនៅដ្ឋាននៅកម្ពុជា កំពុងមានកំណើនជាបន្តបន្ទាប់។ ចំណែកការអភិវឌ្ឍនៅតែដំណើរការជាធម្មតាដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

អ្នកជំនាញបានលើកឡើងថាបុរីលំនៅដ្ឋានភាគច្រើនផ្តោតលើអតិថិជនក្នុងស្រុកដែលមានគម្រោងទិញសម្រាប់រស់នៅលក្ខណៈគ្រួសារ។

អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការបុរីលំនៅដ្ឋាននៅតែរក្សាបានដំណើរការល្អប្រសើរព្រោះម្ចាស់គម្រោងភាគច្រើនកំពុងទាក់ទាញអតិថិជនក្នុងស្រុក។ចំណែកឯការអភិវឌ្ឍនៅតែរក្សាបានដំណើរការសាងសង់និងមានបុរីខ្លះបានប្រគល់សោជូនដល់អតិថិជនខ្លះទៅហើយ។

លោកស្រីបន្តថា នៅកម្ពុជាមិនទាន់មានសញ្ញាណាមួយដែលបញ្ជាក់ថា ការផ្គត់ផ្គង់លើផ្នែកបុរីលំនៅដ្ឋាននេះ លើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងម្ចាស់គម្រោងនិមួយៗរិះរកយុទ្ធសាស្រ្ត សម្រាប់ផ្តល់លក្ខខណ្ឌក្នុងការលក់ ទៅឱ្យអតិថិជនឱ្យមានភាពងាយស្រួលជាងពេលមុនៗ

នាយិការូបនេះបញ្ជាក់ថាអតិថិជនដែលទិញបុរីលំនៅដ្ឋានភាគច្រើនទិញទុកសម្រាប់រស់នៅលក្ខណៈគ្រួសារមិនមែនសម្រាប់ទុកវិនិយោគបន្តអ្វីនោះទេ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់មានប្រសាសន៍កាលពីពេលថ្មីៗថា តម្រូវការលំនៅឋាននៅតែបន្តមានពីសំណាក់ពលរដ្ឋកម្ពុជា រីឯតម្លៃវិញក៏មិនចុះផងដែរ ដើម្បីឆ្លើយតបទៅតម្រូវការនេះ អ្នកអភិវឌ្ឍន៍បន្តអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទាំងតម្លៃកម្រិតមធ្យម និងកម្រិតខ្ពស់។

លោកបន្តថា តាមការមើលឃើញជាក់ស្តែង នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗចេញពីភ្នំពេញទៅតាមបណ្តាខេត្ត មានគម្រោងអភិវឌ្ឍន៍ទាំងលំនៅឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ជាច្រើនមានការកើនឡើងច្រើន និងបន្តរីកចំរើនបន្ថែមទៀត

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែមុនបានឱ្យដឹងថា គម្រោងបើកដំណើរការថ្មីទាំងនេះ គ្របដណ្តប់ក្នុងខណ្ឌចំនួន៦ មានដូចជា ខណ្ឌសែនសុខ កំបូល ព្រែកព្នៅ ដង្កោ ជ្រោយចង្វារ និងខណ្ឌមានជ័យ។ ក្នុងចំណោមនោះ ខណ្ឌសែនសុខ មានចំណែក៦០ភាគរយនៃគម្រោង លំនៅឋានថ្មីសរុបដែលបើកដំណើរការ៕

រដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីទៅជាមជ្ឈមណ្ឌល សេដ្ឋកិច្ចពហុបំណង

ដោយៈរ៉ាណេត

មណ្ឌលគីរីៈ នៅក្នុងផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២០-២០៣៥ គ្រោងអភិវឌ្ឍន៍ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលស្ថិតនៅប៉ែកឦសានប្រទេស ទៅជាក្រុងពហុបំណង ដែលជាបណ្តុំពាណិជ្ជកម្មទេសចរណ៍ និងមណ្ឌលកម្សាន្តយ៉ាងសម្បូរបែប។

ក្រសួងទេសចរណ៍កាលពីសប្តាហ៍មុន បានបង្ហើបពីគម្រោងនៃផែនការមេឆ្នាំ២០២០-២០៣៥ ក្នុងការអភិវឌ្ឍន៍ និងកែប្រែមុខមាត់ខេត្តមណ្ឌលគីរីឱ្យក្លាយទៅជាគោលដៅទេសចរណ័លំដាប់អន្តរជាតិកម្រិតខ្ពស់ ជាពិសេសក្រោយពេលគម្រោងសាងសង់ព្រលានយន្តហោះ ដែលស្ថិតនៅក្នុងស្រុកអូរាំងត្រូវបានបញ្ចប់ជាស្ថាពរ។

នៅក្នុងផែនការមេដែលគ្រោង នឹងដាក់ឆ្លងការសម្រេចពីសំណាក់រាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយនេះ នឹងមានការអភិវឌ្ឍន៍ជាច្រើនកន្លែង រួមជាមួយនឹងការបង្កើនតំបន់ទេសចរធម្មជាតិកែច្នៃ ដែលជាផលិតផលទេសចរណ៍ថ្មីៗទាំងនៅក្នុងក្រុង និងតំបន់ជាប់ក្រុងសែនមនោរម្យ ហើយក្នុងនោះក៏មានគម្រោងកែប្រែ ស្រុកអូររាំងទៅជាក្រុងរណបផងដែរ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់កម្សាន្តនៅក្នុងខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថា គ្រប់ផែនការ និងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តរហូតមកដល់ពេលនេះ ដូចជា មិនទាន់មានគម្រោងណាមួយដែលធ្វើមិនបាននោះទេ ផ្ទុយទៅវិញគឺមានតែការអនុវត្តលឿននិងបញ្ចប់មុនផែនការ។

លោកឧកញ៉ាបានបន្តថា“ក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោហ៊ុន សែន គឺតែងទទួលបាននូវភាពជោគជ័យ ជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទន ស្ទើរគ្រប់ផ្នែក ដែលក្នុងនោះមិនថាការបង្កើតក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ”។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បន្តថា នៅក្នុងផែនការមេដែលលើកឡើង ដោយក្រសួងទេសចរណ៍ខាងលើនេះ គឺមិនមានអ្វីខុសឆ្គង់នោះទេ ពោលគឺស្របទៅនឹងសក្ដានុពលរបស់ខេត្តដែលមានស្រាប់ បន្ថែមនូវការអភិវឌ្ឍន៍បន្ថែមក្រោមការចូលរួមពីវិស័យឯកជន។ ជាក់ស្ដែង នៅត្រឹមដំណាក់កាលនាពេលនេះ យើងឃើញមានវិស័យឯកជនបានបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ធាប់ ទៅលើការវិនិយោគក្នុងវិស័យទេសចរណ៍ដូចជាការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរដែលកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តមួយនេះ ហើយទាំងអស់នេះ ក៏ជាផ្នែកមួយស្ថិតនៅក្នុងផែនការមេរបស់ក្រសួងទេសចរណ៍រួចជាស្រេច។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានបង្ហា​ញពីក្ដីសាទរចំពោះគម្រោង និងផែនការមេដែលលើកឡើង ដោយក្រសួងទេសចរណ៍ខាងលើនេះ ដែលតាមរយៈផែនការដ៏សំខាន់នេះ នឹងកែប្រែខេត្តមណ្ឌលគីរី ក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតខ្ពស់។

លោកស្រីបានបន្តថា “សក្ដានុពលរបស់ខេត្តមណ្ឌលគីរី គឺមានច្រើនដែលនៅរង់ចាំតែការចូលរួមសហការ ពីវិស័យឯកជាមួយនឹងរាជរដ្ឋាល ដើម្បីជំរុញឱ្យខេត្តមួយនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សតែប៉ុណ្ណោះ”។

លោកស្រីបន្តថា បច្ចុប្បន្នមណ្ឌលគីរី បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរួចទៅហើយ ហើយប្រសិនបើការអនុវត្តតាមផែនការមេ ដូចដែលបានគ្រោងទុកប្រកបដោយភាពជោគជ័យ នោះគឺជាការសម្រេចបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀតសម្រា​ប់ខេត្តមួយនេះ៕

ផ្សារទំនើប AEON ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យដំណើរការឡើងវិញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្សារទំនើប AEON I ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញហើយនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីបានផ្អាកបណ្តោះអាសន្នចំនួន៣ថ្ងៃ ដើម្បីពិនិត្យ និងធ្វើតេស្តទៅលើអ្នកជាប់ពាក់ព័ន្ធដោយប្រយោលជាមួយនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ជាង២០០នាក់ជាមួយនឹងលទ្ធផលអវិជ្ជមាន។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យផ្សារទំនើប AEON I បើកឡើងវិញ ចាប់ពីថ្ងៃទី២ ខែធ្នូនេះតទៅក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។

លោកស្រីបានបញ្ជាក់ថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឱ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ៕

ចំណេះដឹង! តើ​ការចុះកិច្ចសន្យា​ជួល​រយៈ​ពេល​វែង​មាន​ផលប្រយោជន៍​អ្វីខ្លះ?

ដោយៈ​វុត្ថា

ភ្នំពេញៈ ការ​ការចុះ​កិច្ចសន្យាជួល​អចលនទ្រព្យ ក្នុង​រយៈពេល​វែង​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​អ្នក​ជួល​ផ្ទាល់ ដូចជា​ការជួយ​សន្សំ​បន្ថែម​លើ​តម្លៃ​ដែល​នឹង​អាច​កើនឡើង នៅពេលដែល​កិច្ចសន្យា ជួល​ត្រូវ​បានបញ្ចប់ ហើយ​ពេលនោះ​អ្នក​មិនអាច​រកបាន​លំនៅឋាន​ណាមួយ ដែលមាន​ស្ថានភាព​ដូចគ្នា​នឹង​តម្លៃ​ដូចគ្នា​នោះឡើយ។

មួយវិញទៀត ការចំណាយ​លើ​ការ​ថ្លៃ​ជួល​នឹង​នៅ​ថេរ ព្រោះ​តម្លៃ​ជួល​កើនឡើង​ពី ១០ ទៅ១៥ភាគរយ​ប្រចាំឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ទីក្រុង និង​តំបន់​ទេសចរណ៍ ហើយ​ខណៈដែល​សំណង់​អគារថ្មីៗ ដែលមាន​បំពាក់​គ្រឿង​បរិក្ខារទំនើបៗបន្ត​មាន​វត្តមាន លើ​ទីផ្សារ​ជួល​អចលនទ្រព្យ នោះ​តម្លៃ​ជួល​ក៏​បន្ត​កើនឡើង​តាម​នោះដែរ។ការចុះកិច្ចសន្យា​រយៈពេល​វែង ក៏​អាចជួយ​អ្នក​ឲ្យ​មាន​សិ​ទិ្ធ​ក្នុង​ការចរចា​ព្រមព្រៀងគ្នា។

គួរ​ចងចាំ​ថា​ម្ចាស់​លំនៅឋាន​ភាគច្រើន ក៏​ចង់​បង្កើត​នឹង​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ជួល​ដែរ។ កិច្ចសន្យាជួល​រយៈពេល​វែង អាចបង្កើត​ភាព​ទុកចិត្ត​លើ​គ្នា​ទៅវិញទៅមក​បាន​ច្រើនជាង។

ប្រសិនបើ​លោក អ្នករក្សា​កិច្ចសន្យាជួល​វែង​ជាង រយៈ​ពេលដែល​អ្នកស្នាក់នៅ​ប្រទេស​កម្ពុជា មាន​ជនបរទេស​មក​ធ្វើការ​ក្នុងប្រទេស​នេះ ឬ​អ្នករស់នៅ​ក្នុងស្រុក​ជាច្រើន​ក៏​កំពុង​រក​កិច្ចសន្យាជួល​បណ្តោះអាសន្ន ដែលមាន​រយៈពេល​ខ្លី​ដែរ។ វា​អាច​ផ្តល់ឱកាស​ឲ្យ​អ្នក​បញ្ចប់​ការបង់ប្រាក់ តាម​កិច្ចសន្យាជួល​ដោយ​ធ្វើឡើង តាមរយៈ​ការចុះកិច្ចសន្យា​បណ្តោះអាសន្ន សម្រាប់​អ្នក​ជួល​រយៈពេល​ខ្លី ក្រោយមកទៀត​វា​មាន​សារៈសំខាន់​ក្នុងការ​សាកសួរ​ម្ចាស់​លំនៅឋាន​ថា តើ​លក្ខខណ្ឌ​នេះ​អាច​ប្រើប្រាស់​បាន ឬក៏​អត់​មុនពេល​អ្នកធ្វើ​កិច្ចសន្យាជួល​នោះ។

ជា​ជម្រើស​ម្ចាស់​ដីធ្លី អាច​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរ​កិច្ចសន្យា​នោះ ទៅកាន់​អ្នក​ជួល​ថ្មី​ដែល​អ្នក​អាច​រកបាន ក្នុងករណី​ដែល​អ្នក​មិនអាច​បញ្ចប់​កុងត្រា​នោះបានទេ អ្នក​គួរតែ​សាក​សួរថា តើ​ម្ចាស់​លំនៅឋាន​នោះ​អនុញ្ញាត ឲ្យ​អ្នក​ផ្ទេរ​កុងត្រា​នេះ​ដល់​អ្នក​ជួល​ក្រោយ​ដែល​ចុះ​កិច្ចសន្យាជួល​បណ្តោះអាសន្ន​ដែរឬទេ?។

ប្រសិនបើ​ពួកគេ​យល់ព្រម លើ​លក្ខខណ្ឌ​ទាំងនេះ​អ្នក​ត្រូវ​ផ្តល់ដំណឹង​ថា ពួកគេ​អាច​ពិនិត្យមើល​ស្ថានភាព​អ្នក​ជួល​ថ្មី ក្នុង​កិច្ចសន្យា​បណ្តោះអាសន្ន​នោះបាន មុនពេល​ធ្វើការ​សម្រេច​ទទួលយក​អ្នក​ជួល​ទាំងនោះ៕

កម្ពុជា-រុស្សី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ក្នុង​បរិបទ​កូ​វីដ-១៩

ដោយៈ​វុត្ថា

ភ្នំពេញៈ កម្ពុជា-រុស្សី​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ទ្វេភាគី​ក្នុង​បរិបទ​កូ​វីដ-១៩ និង​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា ព្រមទាំង​ការពិនិត្យ​លទ្ធភាព​ក្នុងការ​សិក្សា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-រុស្សី នាពេល​អនាគត។

លោក​សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី១ ខែធ្នូ​ឆ្នាំ ២០២០នេះ​បាន​សង្កត់ធ្ងន់ថា មេរោគ​នេះ បាន​នឹង​កំពុង​បង្ក​ការរាំងស្ទះ​ដល់​ការប្រើប្រាស់ ការបញ្ជាទិញ និង​ការដឹកជញ្ជូន​ទំនិញ​ទូទាំង​សកលលោក និង​បាន​ចូលរួមចំណែក​យ៉ាង​ធំ ក្នុងការ​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា -រុស្សី​ធ្លាក់ចុះ​ប្រមាណ១៨% នៅ១០ខែ​ដើមឆ្នាំ២០២០នេះ។

លោក​រដ្ឋលេខាធិការ​ក៏បាន​លើកឡើង ពី​ការ​ម្រេច​បាន​នូវ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (CCFTA) កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ និង​ដំណើរ​ការចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណៈរដ្ឋ​កូរ៉េ (CKFTA) ដែល​បានបញ្ចប់​ជុំ​ទី៤ នៅ​ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

លោក​បន្ថែមថា មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែម​លើ​កិច្ចព្រមព្រៀង ដែលមាន​ស្រាប់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន+១ (ជាមួយ​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​និង​ណូ​វែ​ល​សេ​ឡង់ និង​ហុងកុង) បាននិងកំពុង​ផ្តល់​ទីផ្សារ​ដ៏​យ៉ាង​ធំ​ទូលាយ​ដល់​កម្ពុជា។

លោក​បញ្ជាក់ទៀតថា “ក្នុង​បរិការណ៍​នេះ កម្ពុជា​ត្រូវការ​ការវិនិយោគ​បន្ថែមទៀត​ពី​សហព័ន្ធ​រុស្សី ពិសេស​ផ្នែក​ម៉ាស៊ីន​ធុន​ស្រាល​និង​មធ្យម ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្ពុជា សម្រាប់​បង្កើន​ការប្រកួតប្រជែង​ក្នុងការ​នាំចេញ” ។ លោក​បន្តថា “ក្នុង​ស្មារតី​នេះ កម្ពុជា​បង្ហាញ​បំណង​សិក្សា ពី​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-រុស្សី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន” ។

លោក​រដ្ឋលេខាធិការ​បា​ន​ស្នើ​ភាគី​រុស្សី អញ្ជើញ​ធុរជន និង​វិនិយោគិន​កម្ពុជា​ចូលរួម​កម្មវិធី​នានា​របស់​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​រុស្សី​នាពេលខាងមុខ ដើម្បី​ទទួលបាន​កាលានុវត្តភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ផ្តល់​ដោយ​សហព័ន្ធ​រុស្សី និង​ស្នើ​ភាគី​រុស្សី​ជួយផ្តល់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ-១៩ ជូន​កម្ពុជា ប្រសិនបើ​ភាគី​រុស្សី​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការផលិត​វ៉ាក់សាំង​នេះ​នាពេលខាងមុខ។

លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា បាន​ទទួលយក​សំណើ​ទាំងនេះ ដើម្បី​ជម្រាបជូន​រដ្ឋាភិបាល​រុស្សី និង​សន្យាថា នឹង​ផ្តល់ព័ត៌មាន​មក​ភាគី​កម្ពុជា​វិញ​នាពេលឆាប់ៗខាងមុខ៕

ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​នឹង​កើន​ឡើងដល់​ជិត១៧ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០២១

ដោយ​វុត្ថា

ភ្នំពេញៈ ទុនបម្រុង​អន្តរជាតិ​សរុប​នៅក្នុង​ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបាន​ព្យាករ​ថា នឹង​កើន​ឡើងដល់១៦,៩៨១លាន​ដុល្លារ​អាមេរិក និង​ធានា​ការនាំ​ចូល​បា៨,០ខែ ដោយហេតុថា ការនាំ​ចូល​របស់​កម្ពុ​ជា​ក៏​នឹង​ងើប​ឡើងវិញ​បន្តិច។

យោងតាម​ខ្លឹមសារ​សង្ខេប នៃ​ច្បាប់​គ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ ២០២១ ដែល​រដ្ឋសភា​អនុម័ត​កាលពីពេលថ្មីៗនេះ​ឱ្យដឹងទៀតថា សម្រាប់​អតិផរណា ជាធ​ម្យ​ម​ប្រចាំឆ្នាំ​ត្រូវបាន​ប៉ាន់​ស្មានថា ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ក្នុង​អត្រា៣,១ភាគរយ ក្នុង​ឆ្នាំ២០២១ ដោយសារ​ការរំពឹងទុក នៃ​ការកើនឡើង​ថ្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ឆ្នាំ២០២០ ។

ចំណែកឯ​អត្រា​ប្តូរ​ប្រាក់រៀល ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​នៅតែ​បន្ត​មាន​ស្ថេរភាព ក្នុង​រង្វង់៤០៦៥រៀល ក្នុង​មួយ​ដុល្លារ​ក្នុង​ឆ្នាំ២០២១ ដោយសារ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​សាធារណជន លើ​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​ការអនុវត្ត​វិធានការ​លើកកម្ពស់ ប្រាក់រៀល​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង​បន្ត​ពង្រឹង​គោ​លន​បាយ​គ្រប់គ្រង​សាច់ប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ឱនភាព​គណនី​ចរន្ត (រួមបញ្ចូល​បង្វែរ) ត្រូវបាន​ព្យាករ​ថា នឹង​រួម​តូច​បន្តិច​មក​ត្រឹម ១៧,៣ ភាគរយ​នៃ​ផសស ដោយសារ​ការរំពឹង​នៃ​ការ​ងើប​ឡើងវិញសន្សឹមៗ នូវ​ការនាំចេញ និង​វិស័យ​ទេសចរណ៍។

ជារួម​ទោះបីជា​សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំ ២០២១ ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា​ដូចខាងលើ​ក៏ដោយ សេដ្ឋកិច្ចកម្ពុជា​ក៏ត្រូវ​ជួប​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយចំនួន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច និង​បង្ក​ឲ្យ​មាន​ភាពរអាក់រអួល​ដ​ល់​ការអភិវឌ្ឍន៍​រួម។

ក្នុងន័យនេះ រាជ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​ដាក់ឱ្យអនុវត្ត​នូវ​វិធានការ​អន្តរាគមន៍ សមស្រប និង​ទាន់ពេលវេលា តាមរយៈ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ គោលនយោបាយ​រូបិយវត្ថុ និង​គោលនយោបាយ​រចនាសម្ព័ន្ធ ក្នុង​គោលបំណង​រក្សា​លំនឹង​សង្គម-សេដ្ឋកិច្ច ស្តារ និង​ជំរុញ​កំណើន​ជាថ្មី​ឡើងវិញ។

តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា២០២០ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​អត្រា​ដាំ​ក្បាល​ចុះ-០,៩ភាគរយ ក្នុងពេលដែល​ការវាយតម្លៃ​ឡើងវិញ​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិធំៗ នាពេល​កន្លងមកនេះ បាន​ខិតខំ​មក​គៀក​នឹង​កម្រិត​អវិជ្ជមាន    -២ ភាគយ ។

ដោយឡែក​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ២០២១ ត្រូវបាន​វាយ​ម្លៃ​ថា​នឹង​ងើប​ឡើងវិញ ហើយ​រំពឹងថា នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់៣,៥ភាគរយ ដែល​ធ្វើឱ្យ​ផលទុនជាតិ​សរុប(ផសស)ថ្លៃ​បច្ចុប្បន្ន ស្ថិតនៅក្នុង​រង្វង់១១៧,៩៣៨ពាន់​លាន​រៀល សមមូល​នឹង​ប្រមាណ២៩,០១៣លាន​ដុល្លារ​អាមេរិក ស្របពេល​ដែល​ផសស សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើនឡើង១៧៧១ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ ២០២០មាន​ត្រឹម ១៦៨៣ដុល្លារ​អាមេរិក ។ កំណើន​នេះ​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង វិស័យ​កសិកម្ម។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ បាន​ចេញមក​បញ្ជាក់​ឱ្យដឹងថា គិត​មក​ត្រឹម​ចុងខែ​មិថុនា​កន្លងទៅ​នេះ កម្ពុ​ជាមាន​ទុនបម្រុង​អន្តរជាតិ​ចំនួន១៩,៥ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​មាស​រក្សាទុក​ចំនួន៣៦,៥តោន៕

កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន៧ទីតាំង​កំពុងដំណើរការ​ដែល​អាច​ផ្គត់ផ្គង់​ការប្រើប្រាស់នៅ​ទូទាំងប្រទេស

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅពេល​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន៧កន្លែង កំពុងដំណើរការ ដោយ​ក្នុងនោះ​មាន៦ទីតាំង ស្ថិតនៅ​ភាគខាងត្បូង​ឈៀង​ខាងលិច នៃ​ប្រទេស​កម្ពុជា ដែលជា​តំបន់​មាន​សក្តានុពល​សំរាប់​ការស្ថាបនា​វា​រី​អគ្គិសនី។

ទីតាំង​ទាំងនោះ​រួមមាន​ដូចជា៖ វា​រី​អគ្គិសនី​អា​តៃ ឫស្សី​ជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និង​វា​រី​អគ្គិសនី​តា​តៃ។ ចំណែក​មួយកន្លែង​ទៀត គឺ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ ស្ថិតនៅ​ខេត្តស្ទឹងត្រែង​ភាគ​ឦ​ឥសាន​នៃ​ប្រទេស​កម្ពុជា។

វា​រី​អគ្គិសនី​គីរីរម្យ១

ជា​គម្រោង​វា​រី​អគ្គិសនី​ទី១របស់​កម្ពុជា ដែល​បាន​ស្តារឡើងវិញ​នៅ​ឆ្នាំ២០០២ មាន​អានុភាព​ផលិត​អគ្គិសនី​បាន១២មេ​ហ្កា​វ៉ា​ត់។ វា​រី​អគ្គិសនី​នេះ មាន​ទីតាំង​គម្រោង​ស្ថិតនៅ​ស្ទឹងច្រាល មាន​ទំនប់​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ និង​ស្ថានីយ​វា​រី​អគ្គិសនី ស្ថិត​ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។

ក្រុមហ៊ុន  CETIC International Hydropower Development Co.,Ltd ជា​ក្រុមហ៊ុន​ទទួល​វិនិយោគ លើ​គម្រោង​វា​រី​អគ្គិសនី​ដំបូង​គេ​របស់​កម្ពុជា ដែលមាន​ទុនវិនិយោគ ២៦លាន​ដុល្លារ។

វា​រី​អគ្គិសនី​កំចាយ ខេត្តកំពត

ជា​គម្រោង​វា​រី​អគ្គិសនី​ទី២ មាន​អានុភាព​ផលិត​អគ្គិសនី ១៩៤.១ មេ​ហ្កា​វ៉ា​ត់ និង​ជា​គម្រោង​វា​រី​អគ្គិសនី​ទី២របស់​កម្ពុជា ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project។

វា​រី​អគ្គិសនី​គីរីរម្យ៣

វា​រី​អគ្គិសនី​មួយ​នេះ​ជា​គម្រោង​ទី៣ មាន​អានុភាព​ផលិត​អគ្គិសនី១៨មេ​ហ្កា​វ៉ា​ត់ និង​ជា​គម្រោង​វា​រី​អគ្គិសនី​ទី៣របស់​កម្ពុជា ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៣ មាន​ទីតាំង​ស្ថិតនៅតាម​ដងស្ទឹង​ព​ង្រួ​ល ដែលជា​ដៃ​មួយ​របស់​ព្រែក​កំពង់សោម ក្នុង​ឃុំ​ដងព្រែក ស្រុកស្រែ​អំបិល ខេត្តកោះកុង វិនិយោគ​ដោយ​ក្រុមហ៊ុន CETIC International Hydropower Development Co.,Ltd ។

វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ

ជា​វា​រី​អគ្គិសនី​ទី៤របស់​កម្ពុជា មាន​អានុភាព​ផលិត​អគ្គិសនី១២០មេ​ហ្កា​វ៉ា​ត់ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៤ ។ វា​រី​អគ្គិសនី​នេះ មាន​ទីតាំង​ក្នុង​តំបន់ត្រីកោណ ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ (ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់)។

វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co.,Ltd ដែលមាន​អានុភាព​តម្លើង ១២០មេ​ហ្កា​វ៉ា​ត់។

វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ

ជា​វា​រី​អគ្គិសនី​ទី៥ របស់​កម្ពុជា មាន​អានុភាព​ផលិត​អគ្គិសនី៣៣៨មេ​ហ្កា​វ៉ា​ត់ និង​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៥ ។ វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម មាន​ទីតាំង​គម្រោង នៅ​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។ ក្រុមហ៊ុន​វិនិយោគ China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។

វា​រី​អគ្គិសនី​តា​តៃ

ជា​វា​រី​អគ្គិសនី​ទី៦មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ប្ញ​ស្សី​ជ្រុំ និង​ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង មាន​កម្លាំង​ថាមពល២៤៦មេ​ហ្កា​វ៉ា​ត់ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​ផ្តើម​សាងសង់​កាលពីដើមឆ្នាំ២០១១ ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន​ឈ្មោះ China National Heavy Machinery ចំណាយ​ថវិកា​ប្រមាណ ៥៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក។

វា​រី​អគ្គិសនី​សេសា​ន​ក្រោម២

ជា​វា​រី​អគ្គិសនី​ទី៧ ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង​មួយ​នេះ ផ្តល់​ថាមពល​អនុភាព400មេ​ហ្គា​វ៉ា​ត់ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​រវាង​ក្រុមហ៊ុន​ចំនួន​បី រួមមាន​ក្រុមហ៊ុន Hydrolancang International Energyរបស់​ចិន ដាក់ទុន​វិនិយោគ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់​ខ្មែរ​ដាក់ទុន៣៩ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ដាក់ទុន​វិនិយោគ១០ភាគរយ។ វា​រី​អគ្គិសនី​សេសា​ន​ក្រោម២ ប្រើ​ទុនវិនិយោគ​សរុប​ជិត ៨០០លាន​ដុល្លារ​អាមេរិក៕