ចំណេះដឹង ៖ ធនាគារជាតិ​នៃ​កម្ពុជា ដើរតួ​ជា​អាជ្ញា​ធ័​រ​រូបិយវត្ថុ​យ៉ាងដូចម្ដេច?

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា (National Bank of Cambodia) រឺ​អាច​ហៅថា​ធនាគារកណ្តាល (Central Bank) គឺជា​អាជ្ញា​ធ័​រ​រូបិយវត្ថុ​ជាតិ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ ។

ការដើរ​តួ​ជា​អាជ្ញា​ធ័​រ​រូបិយវត្ថុ​ជាតិ​នេះ គឺ​សំដៅ​ទៅលើ​ការបោះពុម្ព​លុយ​មក​បន្ថែម និង​ប្រមូល​លុយ​ចូល​វិញ​ផងដែរ ករណី​លុយ​ច្រើនពេក​ក្នុង​ទីផ្សារ លុយ​រហែក លុយ​ចាស់​ជាដើម។ ចំណែកឯ​តួនាទី​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ​សំដៅ​ទៅលើ​ការបង្កើត​ច្បាប់ បទបញ្ញត្តិ​ចាំបាច់ផ្សេងៗសម្រាប់​គ្រប់គ្រង​លើ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​ក្នុង​កម្ពុជា ដូច្នេះ​ទើប​ឃើញ​ក្រុមហ៊ុន​ធនាគារឯកជន​ត្រូវ​ទៅ​ស្នើសុំ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​ពី​ធនាគារជាតិ ។

ធនាគារជាតិ​កម្ពុជា​កា​ន់​គោលនយោបាយ​ធំ​មួយ​នោះ​គឺ គោលនយោបាយ​រូបិយវត្ថុ (Monetary Policy) សម្រាប់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ក្របខណ្ឌ​មួយ​ប្រើប្រាស់​ការបោះពុម្ព​លុយ​បន្ថែម និង​ប្រមូល​លុយ​មកវិញ​ដើម្បី​ធានា​ស្ថិរភាព​តម្លៃ​ប្រាក់រៀល​ធៀប​ដុល្លា​លើ​ទីផ្សារ​ក៏ដូចជា​ធានា​ស្ថេរភាព​ទំនិញ​កុំឱ្យ​ឡើងថ្លៃ​ផងដែរ ។

ធនាគារជាតិ​កម្ពុជា​ចាប់កំណើត​ម្តង​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ បន្ទាប់ពី​របប​ប្រល័យពូជសាសន៍​បាន​ដួលរលំ ហើយ​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ទេសាភិបាល លោក ជា ចាន់តូ (អតីតរដ្ឋមន្ត្រី​ក្រសួង​ផែនការ) មាន២១សាខា ក្នុង២៥ ខេត្ត-ក្រុង បុគ្គលិក​សរុប ១៣៦៤ នាក់ ដោយ​ជាទូទៅ​ធនាគារជាតិ​ត្រូវបានចាស់ៗហៅថា ធនាគារ​បង់​ក្រហម ដោយសារ​អាគារ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ស្ថិតនៅតាម​វិថី​ព្រះ​នរោត្តម ម្តុំ​វត្តភ្នំ​លាប​ពណ៌​ក្រហម(បច្ចុប្បន្ន​ត្រូវបាន​វាយកម្ទេច​ដើម្បី​សាងសង់​អគារ​ថ្មី)៕

គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​នៃ​សួន​ប្រចាំ​ខេត្តតាកែវ​សម្រេចបាន​ជាង ៨៥ភាគរយ

ដោយ ៖ រ៉ា​ណេ​ត

តាកែវ ៖ ស្ថិតនៅក្នុង​ផែនការមេ​នៃ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាពិសេស​នៅ​តំបន់​ទីប្រជុំជន​ខេត្តតាកែវ សម្រាប់​តែ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សួន​ដ៏​ធំ​ប្រចាំខេត្ត​ចំនួន​ត្រូវបាន​សម្រេច​ប្រមាណ ៨៥ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅមុន​ពេល​ប្រារព្វ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ។

អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា នៅក្នុង​ខេត្តតាកែវ​នាពេល​បច្ចុប្បន្ន បាន​នឹង​កំពុង​ឈានទៅរក​ចំណុច​អភិវឌ្ឍន៍​ទៅ​មុខជា​បន្តបន្ទាប់ មិនថាតែ​សួនច្បារធំៗទាំងនេះ​នោះទេ គឺមាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ត្រូវបាន​អភិវឌ្ឍ និង​ស្ថាបនា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​លើកកម្ពស់​សោភ័ណភាព​ខេត្ត​ផងដែរ។

លោក​បន្តថា “យើង​បាន​យកចិត្ត​ដាក់​ក្នុងការ​ស្ថាបនា​ផ្លូវថ្នល់​ចាក់ និង​អ៊ុត​កៅស៊ូ មាន​ផ្លូវ​ចាក់​បេតុង​ជាច្រើន​ខ្សែ ដែល​កំពុងផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ដឹកទំនិញ​កសិផល​ម​ក​លក់​នៅតាម​ទីផ្សារ​នានា។ លើសពីនោះ​ទៀត ការស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូបង្ហូរទឹក​មិនឱ្យ​លិច​នេះ ក៏បាន​ធ្វើឱ្យ​ហាងឆេង​ដី​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​មានការ​កើនឡើង​មួយកម្រិត​ថែមទៀត” ។

លោក​បាន​បញ្ជាក់ថា “នៅ​ដើមឆ្នាំ២០២១នេះ យើង​បានសម្រេច​នូវ​ការកែលំអ​ពង្រីក​សួនច្បារ​ថ្មី​នេះ គឺ​សម្រេចបាន៨៥ភាគរយ ហើយនឹង​គ្រោង​បញ្ចប់​គម្រោង​ទាំងមូល​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ហើយ​មិនតែប៉ុណ្ណោះ ខេត្ត​ក៏បាន​ពង្រីក​ប្រព័ន្ធ​សរសៃឈាម​សេដ្ឋកិច្ច ដែល​អាច​និយាយបានថា ជាការ​ជួសជុល ចាក់​ពង្រីក​ថ្នល់​កៅស៊ូ​ប្រភេទ DBST ជាច្រើន​ខ្សែ​ថែមទៀត​នៅតាម​តំបន់​ជាយក្រុង​ដូន​កែវ ត​ភ្ជាប់​ជាមួយ​បណ្តា​ស្រុកផ្សេងៗនៅជាប់​គ្នា ដើម្បី​សម្រួល​ដល់​ការងារ​ដឹកជញ្ជូន​ផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការផ្សេងៗយកមកចែក​ចាយ​លក់​នៅតាម​ទីផ្សារ​ធំ​នៅក្នុង​ចំណុចកណ្តាល​នៃ​បេះដូង​ខេត្តតាកែវ” ។

ជាមួយនឹង​ការទទួលបាន​នូវ​សមិទ្ធផលថ្មីៗទាំងនេះ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ថែរក្សា​ឱ្យបាន​ល្អ និង​យូរអង្វែង​មិន​ថា​ចំពោះ​សួនច្បារ ផ្លូវថ្នល់ នោះទេ ដើម្បី​អាច​បម្រើ​ជា​ប្រយោជន៍​រួម​ទាំងអស់គ្នា​នៅពេល​បច្ចុប្បន្ន និង​បន្តទៅ​ថ្ងៃ​អនាគត៕

កម្ពុជា ត្រៀមខ្លួនក្ដោបយកឱកាសមាសពីវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកដំបូង

ដោយ រ៉ាណេត

ភ្នំពេញ ៖ កម្ពុជាបាន និងកំពុងត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងក្តោមយកឱកាសមាសពីវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកដំបូងដែលនឹងផ្តល់នូវផលប្រយោជន៍យ៉ាងលើសលប់ដល់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់នៅត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានមានប្រសាសន៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ថា ប្រយោជន៍ដែលកម្ពុជានឹងទទួលបានវេទិកាលើកដំបូងនេះមានចំនួន៤សំខាន់ៗ ដែលសុទ្ធតែជាចលករសំខាន់ក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។

តាមរយៈវេទិកានេះ កម្ពុជានូវឱកាសល្អដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ ហើយក៏ផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម។

ជាមួយគ្នានេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ក៏បានរួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ក្រៅពីនេះ ការតភ្ជាប់នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាទិដ្ឋភាពដ៏រស់រវើកបំផុតសម្រាប់កម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅក្នុងបរិបទដែលតំបន់អាស៊ី-អឺរ៉ុប កំពុងតែមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងៗ។

លោកបន្ដថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ លើសពីនេះកិច្ចប្រជុំនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ៕

ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរាតម្លៃ២០០០លានដុល្លារសម្រេចបាន ២៥ភាគរយហើយ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរា តម្លៃ២០០០លានដុល្លារ ដែលវិនិយោ​គដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក សម្រេចបាន២៥ភាគរយហើយ រហូតមកទល់ពេលនេះ ខណៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងមូល គ្រោងបញ្ចប់នៅខែតុលាឆ្នាំ២០២៣។

អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៣ មករានេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋទាំងប្រព័ន្ឋទឹក ភ្លើង ច្រាំងទន្លេ ស្ពាន នៃទីក្រុងកោះនរាទាំងមូល គ្រោងចំណាយប្រាក់២០០០លានដុល្លារអាមេរិក ខណៈគំរោងនេះបាននិងកំពុងឆ្ពោះទៅមុខ ហើយនឹងបញ្ចប់តាមផែនការនៅឆ្នាំ​២០២៣។

លោកបន្តថា “ស្ពានតភ្ជាប់កោះទីក្រុងកោះពេជ្រ និងទីក្រុងនរានឹងបញ្ចប់ការស្ថាបនានៅពេលដំណាលគ្នា នឹងហេដ្ឋារចនាសម្ព័ន្ឋរបស់ទីក្រុងនេះ ដែលមានទំហំសរុប១២៥ហិកតា”។លោកបន្តថា “បច្ចុប្បន្នម្ចាស់ដីនៅតំបន់Zone1 , Zone2 ប្រសិនជាពួកគេចង់​សាងសង់គំរោងអ្វីមួយ អាចចាប់ផ្តើមរៀបចំបានបណ្តើរៗហើយ”។

លោកទូច សំណាងបានបន្តថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះ មានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុននឹងសាងសង់មជ្ឈ​មណ្ឌ​លពាណិជ្ជកម្ម និងគំរោងជាច្រើនទៀត ដែលMaster Planលំអិតរបស់ទីក្រុងនេះមិនអាចបញ្ចេញបាននៅឡើយទេ។

ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ និងកោះនរាបានបើកការដ្ឋានសាងសង់ ក្រោមអធិ​បតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុ ជាកាលពីចុងឆ្នាំមុន ដែលស្ពាននេះ នឹងផ្តល់ការលើកកំពស់សោភ័ណភាព រាជធានីភ្នំពេញបន្ថែមទៀត ពិសេសជួយសម្រួលចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ១ផងដែរ៕

ក្រុមហ៊ុនចំនួនពីរប្រារពពិធីអបអរខុនដូUrban Villageឈ្នះពានរង្វាន់ គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ី

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty បានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Urban Village រៀបចំពិធីជួបជុំ ដើម្បីអបអរសាទរគម្រោងអភិវឌ្ឍន៍ខុនដូUrban Village ទទួលបានពានរង្វាន់ Best Condo Development Cambodia 2019/2020 និង Best Condo Development Asia 2019/2020 ដែលផ្តល់ដោយស្ថាប័នភ្នាក់ងារនិងវាយតម្លៃអចលនៈទ្រព្យអន្តរជាតិ Property Guru។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយភ្ញៀវកិត្តិយសទាំងអស់ដែលត្រូវបានអញ្ជើញ ក៏ដូចជាភ្ញៀវដែលចុះឈ្មោះចូលរួមដោយផ្ទាល់ សុទ្ធតែមិនត្រូវបានចំណាយថវិកានោះឡើយ ហើយថែមទាំងមានឱកាសចាប់ឆ្នោតផ្សងសំណាង ទទួលបានរង្វាន់អនុស្សាវរីយ៍ ជាពិសេសអាចទទួលបានការបញ្ចុះតម្លៃ លើការទិញខុនដូប្រណីតរបស់គម្រោង  Urban Village ថែមទៀតផង។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១២ ខែមករានេះថា កម្មវិធីដ៏អធិកអធអធមនេះ ក្រៅពីត្រូវបានប្រារព្ធធ្វើឡើងដើម្បីអបអរសាទរ ចំពោះគម្រោងខុនដូរUrban Villageដែលបានដើរតួនាទី ជាគម្រោងអភិវឌ្ឍន៍ខុនដូល្អជាងគេ២ឆ្នាំជាប់គ្នា(២០១៩-២០២០) ក៏មានមានការជួបជុំ ជជែកពិភាក្សាការងារលើមុខជំនួញផ្សេងៗ ក៏ដូចជាជំនួញនៅក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា “អ្នកចូលរួមទាំងអស់ នឹងបានជ្រាបពីទីផ្សារអចលនទ្រព្យ នាពេលបច្ចុប្បន្ន ក៏ដូចជាឱកាសវិនិយោគនៅពេលអនាគតផងដែរ ក្រោមការធ្វើបទបង្ហាញដោយអ្នកជំនាញជាតិ និងអន្តរជាតិដោយផ្ទាល់”។លោកបានបញ្ជាក់ថា “កម្មវិធីរបស់យើងខ្ញុំមានការជួបពិភាក្សា សំណេះសំណាលបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា អមដោយការប្រគំតន្ត្រីសម័យ ក្រោមវត្តមានរបស់លោក សុះ ម៉ាច លោក សាន ផាននិត កញ្ញា គង់ វង្សយ៉ាទី ព្រមទាំងតារាចម្រៀងជាច្រើននាក់ទៀត”។

លោកបន្តថា “ក្រៅពីនេះក៏មានការរៀបចំជាកន្លែងក្មេងលេង និងសកម្មភាពកម្សា​ន្ត​នានា រួមជាមួយនឹងការបម្រើសេវាម្ហូបអាហារដ៌ឆ្ងាញ់ពិសា ស្រាបៀរស្រស់ៗ និងស្រាក្រហមជាដើម”។

បន្ថែមពីនេះ លោកអ្នកក៏បានស្គាល់ច្បាស់ពីលក្ខណៈពិសេស និងប្រណីតភាពរបស់គម្រោងខុនដូ Urban Village ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីបំពេញតាមតម្រូវការទីផ្សារផងដែរ។ លោកអ្នកគ្រាន់តែបង់ប្រាក់១០% មុនតែប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ នៃខុនដូដ៏ប្រណីត ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ លើផ្លូវ៦០ម៉ែត្រ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយកាន់តែពិសេសគឺទទួលបានទូរស័ព្ទស្មាតហ្វូន IPHONE 12 ចំនួន១គ្រឿងភ្លាមៗ។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ ចូលកម្សាន្តនៅក្នុងកម្មវិធីដ៏រីករាយនេះ អាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ 016 596 906 / 092 596 906៕

 

ទីតាំងនៃកម្មវិធី ៖ ទល់មុខវត្តចាក់អង្រែលើ  ក្នុងបរិវេណ Factory Phnom Penh ឬទីតាំងគម្រោងអភិវឌ្ឍន៍ខុនដូ Urban Village

អ្នកស្រីកែវ សុចិន្តាលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរវិនិយោគលើខុនដូ ដើម្បីទទួល បានឱកាសចំណេញខ្ពស់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារខុននៅកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងមានភាពរីកចម្រើន និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយក្នុងនោះទាំងអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ ក៏ដូចជាភ្នាក់ងារលក់ កំពុងតែមានភាពមមាញឹកនៅក្នុងទីផ្សារមួយនេះ។

អ្នកស្រី កែវ សុចិន្តា នាយិកាក្រុមហ៊ុនReachny Property Co., Ltd បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារខុនដូនៅពេលបច្ចុប្បន្នកំពុងតែមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ខណៈដែលនៅក្នុងទីក្រុងកាន់តែមានការអភិវឌ្ឍ កំណើនមនុស្សកាន់តែច្រើន ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ តម្រូវឱ្យចំណាយពេលវេលាយូរ ក្នុងការធ្វើដំណើរដែលអាចប៉ះពាល់ដល់ដំណើរការអាជីវកម្ម ក៏ដូចជាការបំពេញការងារជាដើម។

អ្នកស្រីបានបន្តថា “ដោយសារតែខុនដូត្រូវបានគេអភិវឌ្ឍនៅក្នុងក្រុង ហើយដើម្បីជៀសពីបញ្ហាដូចបានលើកឡើងខាងលើនេះ ការស្នាក់នៅក្នុងខុនដូគឺជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នាដែលប្រកបការងារ និងអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះនៅកម្ពុជា ហើយវាក៏ជាការផ្លាស់ប្ដូរនូវបែបផែន នៃជីវិតរស់នៅប្រចាំថ្ងៃបែបទាន់សម័យ និងស៊ីវិល័យផងដែរ”។

អ្នកស្រីបន្តថា ពីមុនយើងគិតថា ការវិនិយោគ និងអភិវឌ្ឍផ្នែកខុនដូ គឺមានតែអ្នកមកពីក្រៅស្រុកតែប៉ុណ្ណោះ ប៉ុន្តែពេលនេះនិន្នាការបានប្រែប្រួល ដោយសារតែប្រជាជនខ្មែរ ចាប់ផ្តើមមានការស្វែងយល់ច្បាស់ពីអត្ថប្រយោជន៍របស់ខុនដូ ដែលកាន់តែពង្រីកទីផ្សារមួយនេះ ឱ្យមានភាពទូលាយជាងមុន។

ជាក់ស្ដែងអតិថិជនដែលទិញខុនដូ នាពេលបច្ចុប្បន្នភាគច្រើនគឺជាជនជាតិខ្មែរ មិនមែនជាជនបរទេសដូចមុននោះទេ។

អ្នកស្រីកែវ សុចិន្តា បានបន្តថា “ការរស់នៅក្នុងខុនដូមានភាពខុសប្លែក ពីការរស់នៅក្នុងផ្ទះល្វែង វីឡា ដោយសារតែនៅក្នុងខុនដូមានអ្វីៗជាច្រើន ដែលជាតម្រូវការប្រចាំថ្ងៃ ទាំងកន្លែងហាត់ប្រាណ កន្លែងលក់ទំនិញបែបទំនើប មណ្ឌលកម្សាន្ត អាហារដ្ឋាន ក៏ដូចជាសេវាកម្មផ្សេងៗជាច្រើនទៀត ហើយអ្វីដែលរឹតតែសំខាន់នោះ គឺផាសុកភាព សុវត្ថិភាព នឹងស្ថិតនៅកណ្តាលក្រុង”។

អ្នកស្រីបានលើកឡើងថា ពេលនេះប្រជាពលរដ្ឋខ្មែរគួរតែវិនិយោគ ឬស្នាក់នៅក្នុងខុនដូ ដោយសារតែកត្តាចំណូលមានការកើនឡើង ពោលគឺសម្រាប់អ្នកដែលមានចំណូ​លមធ្យមត្រឹម១០០០ដុល្លារ ក្នុងមួយខែគឺអាចមានលទ្ធភាព រស់នៅក្នុងខុនដូកណ្តាលក្រុងបាន ខណៈដែលកម្រិតនៃចំណូលនេះ មិនអាចទិញដីក្នុងក្រុងសាងសង់ផ្ទះបាននោះទេ។

អ្នកស្រីកែវ សុចិន្តាបានពន្យល់ថា កត្តាសំខាន់មួយទៀតស្ថិតនៅក្នុងបរិបថនេះ រាល់អ្នកទិញគម្រោងខុនដូ គឺសុទ្ធតែទទួលបាននូវឱកាសចំណេញច្រើន មិនថាចំពោះអ្នកទិញ សម្រាប់តម្រូវការស្នាក់នៅផ្ទាល់ មិនថាចំពោះអ្នកទិញទុក សម្រាប់វិនិយោគយកចំណេញ តាមរយៈការជួល ឬលក់បន្តនោះទេ ព្រោះពេលនេះស្ទើរតែគ្រប់គម្រោងទាំងអស់ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍លើកទឹកចិត្តអថិជន និងជំរុញការលក់ឱ្យបានខ្ពស់ ព្រោះតែអ្នកអភិវឌ្ឍន៍ភាគច្រើនជួបវិបត្តិហិរញ្ញវត្ថុ ដូច្នេះការទិញខុនដូនៅពេលនេះ វាគឺជាឱកាសដ៏ល្អបំផុត ដែលវានឹងកើនឡើងនូវតម្លៃបន្ថែមទៀតនៅឆ្នាំបន្ទាប់ ឬក្រោយពេលវិបត្តិសេដ្ឋកិច្ចត្រូវបានបញ្ចប់ជាស្ថាពរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living solutionបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនចន្លោះ៤,៥ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ ដែលនឹងធ្វើឲ្យនិន្នាការសង្គម និងការរស់នៅផ្លាស់ប្តូរសម្រាប់បែបផែនជីវិត គឺពេលនោះប្រជាជនកម្ពុជានឹងរស់នៅខុនដូកាន់តែច្រើន ដោយសារហេតុផលសំខាន់ៗចំនួនបួន ទី១ ការកកស្ទះចរាចរណ៍ ពិបាកធ្វើដំណើរ ទី២ តម្លៃអចលនទ្រព្យដីធ្លី ផ្ទះសម្បែងឡើងថ្លៃខ្ពស់ខ្លាំងនៅក្នុងទីក្រុង ដែលធ្វើឲ្យប្រជាជនមិនមានលទ្ឋភាពទិញផ្ទះបាន ប៉ុន្តែពួកគេអាចទិញខុនដូបាន ដែលនៅជិតកន្លែងធ្វើការរស់ពួកគេ។

ទី៣ ខុនដូបានផ្តល់នូវការរស់នៅប្រកបដោយផាសុខភាព ទាំងសន្តិសុខ អនាម័យ និងសេវាកម្មអាងហែលទឹក ក្លឹបហាត់ប្រាណ ទី៤ គុណភាពជីវិតនឹងកាន់តែមានភាពប្រសើរឡើង ដោយសារការរីកចម្រើនបច្ចេកវិទ្យា ដែលអ្នកស្នាក់នៅខុនដូអាចកុំម៉ង់ម្ហូបអាហារទទួលទានបាន ដោយមិនចាំបាច់ចំអិនខ្លួនឯង៕

ដំណក់ប្រេងកម្ពុជាលើកដំបូងមានបរិមាណ៣០លានបារ៉ែលត្រូវបានលក់ទៅកាន់ទីផ្សារអន្តរជាតិ ខណៈរោងចក្រចម្រាញ់ប្រេងនៅកម្ពុជាមានបញ្ហា

ដោយៈប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា កម្ពុជាអាចទទួលបាន៣០លានបារ៉ែល ខណៈបរិមាណផលិតជាមធ្យមបាន៧៥០០បារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែដំណក់ប្រេងនេះ ត្រូវបានលក់ទៅកាន់ទីផ្សារអន្តរជាតិ ព្រោះរោងចក្រចម្រាញ់ប្រេងនៅកម្ពុជាកំពុងមានបញ្ហាហិរញ្ញវត្ថុ។

លោកជៀប សួរអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងក្នុងកិច្ចសម្ភាស៍មួយ ដែលចេញផ្សាយបន្តដោយក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា គម្រោងប្រេងកាតប្លុកនេះ គឺស្ថិតនៅដែនសមុទ្រកម្ពុជា ដែលមានចង្ងាយប្រមាណជា១៦០គីឡូម៉ែត្រពីក្រុងព្រះសីហនុនេះ។

លោកបានថ្លែងថា “ផែនការអភិវឌ្ឍន៍គម្រោងនេះ ក្រុមហ៊ុនបានបែងចែកចេញបីដំណាក់កាល។ ដំណាក់កាលទី១ គឺយើងអភិវឌ្ឍន៍នៅតំបន់អប្សរា ដំណាក់ទី២ គឺនៅតំបន់ប៉ូលូវៃនិងបាសិត ហើយដំណាក់ទី៣ គឺតំបន់អង្គារសិល៍្ប ហើយទីតាំងទាំងអស់នេះ គឺស្ថិតនៅក្នុងគម្រោងប្លុកA”។

ក្រុមហ៊ុន KrisEnergy បានប៉ាន់ស្មានពីបរិមាណផលិតបានប្រេង ពីគម្រោងនេះ និងតំបន់អប្សរារួចរាល់ ហើយផ្លេតហ្វមទី១ អាចផលិតបានប្រមាណជា៦លានបារ៉ែល ហើយគិតជាបរិមា គឺអាចផលិតជាមធ្យមបាន៧៥០០បារ៉ែលក្នុងមួយថ្ងៃ។

លោកជៀប សួរបានថ្លែងថា “ប្រសិនបើដំណើរការរបស់ផ្លេតហ្វមទី១ ប្រព្រឹត្តិទៅ​ បានល្អ យើងនឹងដំណើការផ្លេតហ្វមបន្តបន្ទាប់ទៀត ហើយក្នុងតំបន់អប្សរាទាំងមូលនេះ អាចផលិតបាននៅតំណាក់ទី១នេះ ប្រហែលអាចទទួលបាន៣០លានបារ៉ែល”។

លោកបានបន្តទៀតថា ប្រេងទាំងអស់ យើងផលិតបានជាប្រេងឆៅ ហើយប្រសិ​នបើរោងចក្រចម្រាញ់ប្រេងកាត អាចចម្រាញ់បានហើយ យើងអាចចែកចាយសម្រាប់តម្រូវការ ក្នុងស្រុកយើងបាន ប៉ុន្តែដោយការសាងសង់រោងចក្រចម្រាញ់នេះ មានការរអាក់​រអួល ដោយសារក្រុមហ៊ុនដៃគូមានបញ្ហាហិរញវត្ថុ ដូច្នេះប្រេងដែលយើងផលិតបានប្លុកA យើងគ្មានជម្រើសអី្វ ក្រៅពីលក់ទៅទីផ្សារអន្តរជាតិនោះទេ។

លោកបានបញ្ជាក់ថា ការផលិតប្រេងដំបូងរបស់យើងនាពេលនេះ អាចបញ្ជាក់ថា កម្ពុជាជាប្រទេសមានប្រេង ហើយធ្វើឱ្យមានការជឿជាក់ទៅដល់អ្នកវិនិយោគផ្សេងៗ ក្នុងការមកបណ្តាក់ទុនវិនិយោគ និងធ្វើការអភិវឌ្ឍវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

លោកជៀប សួរបានបន្តថា “យើងបានធ្វើឱ្យវិស័យប្រេងកាតនេះ មានការរីកចម្រើន តាមរយៈមន្ត្រីនិងនិសិត្សរបស់យើង មានឱកាសបំពេញការងារក្នុងវិស័យនេះ ហើយបង្កើតចំណូលដល់រដ្ឋ តាមរយៈការយកពន្ធ និងចំណូលទទួលបានពីការបែងចែកចំណែកផលប្រេងដែលផលិតបាន”៕

ប្រធានក្រមប្រឹក្សាភិបាល CREAថា ម្ចាស់គម្រោងទោះអត់អ្នកទិញក៏ត្រូវសាងសង់បញ្ចប់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពដែលប្រឈម ទៅនឹងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្នគម្រោងអភិវឌ្ឍន៍មួយចំនួន ត្រូវបានកត់សម្គាល់ឃើញថា បានផ្អាកសកម្មភាពដំណើរការសាងសង់ ដែលរូបភាពនេះត្រូវបានអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យបញ្ជាក់ថាមិនគួរកើតមាននោះទេ ផ្ទុយទៅវិញម្ចាស់គម្រោងគួរតែបន្តសកម្មភាព ដើម្បីបញ្ចប់គម្រោងសម្រាប់ត្រៀមលក់ចេញក្រោយពេលបញ្ចប់វិបត្តិ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ការផ្អាកសកម្មភាពសាងសង់របស់ម្ចាស់គម្រោងមួយចំនួន គឺជាការដាក់សម្ពាធទៅលើគម្រោងរបស់ខ្លួន ហើយអាចនឹងជួបវិបត្តិទីផ្សារថែមទៀតផង។

លោកបានបន្តថា “សកម្មភាពសាងសង់គឺចលករមួយយ៉ាងសំខាន់ ក្នុងការបង្ហាញឱ្យឃើញពីសក្ដានុពល និងភាពប្រាកដប្រជារបស់គម្រោងទៅដល់អតិថិជន ហើយក៏ជាចំណុចជួយធ្វើឱ្យទីផ្សារ នៃការលក់ទទួលបានភាពជោគជ័យ ក្នុងអត្រាមួយខ្ពស់ផងដែរ”។ អ្វីដែលសំខាន់អតិថិជនគោលដៅ នៃវិស័យសំណង់លំនៅដ្ឋានគឺជាអ្នកនៅក្នុងស្រុក មិនមែនជាជនបរទេសនោះទេ ដូច្នេះការផ្អាកនូវសកម្មភាពសាងសង់ មិនមែនជាវិធីសា ស្ត្រនោះទេ”។

នៅក្នុងដំណាក់កាលនេះ ជាពេលវេលាល្អសម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីបញ្ចប់គម្រោ​ងរបស់ខ្លួន។ ក្នុងកាលទេសៈនេះ កម្លាំងពលកម្មមានច្រើន តម្លៃជួលមិនសូវខ្ពស់ ហើយសម្ភារៈសំណង់ក៏មានតម្លៃទាប ដូច្នេះទាំងអស់នេះសុទ្ធតែជាឱកាសចំណេញ សម្រាប់អ្នកអភិវឌ្ឍន៍ទាំងអស់ ដែលមិនគួរឱ្យរំលងនោះទេ។

លោកឃាង ពុទ្ធី បានមានប្រសាសន៍បន្តថា “យើងសម្រុកសាងសង់នៅពេលនេះ ហើយក្រោយពេលបញ្ចប់វិបត្តិ ក្នុងពេលឆាប់ៗខាងមុខនេះ យើងមានលំនៅដ្ឋាន១០០ភាគរយសម្រាប់លក់។ ធម្មតាបើសំណង់លំនៅដ្ឋានកំពុងសាងសង់ និងលំនៅដ្ឋានដែលបញ្ចប់ការសាងសង់ ដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នា អតិថិជនពិតជាជ្រើសយកលំនៅដ្ឋានបញ្ចប់ការសាងសង់ ដូច្នេះឱកាសនៃការទទួលបានចំណែកទីផ្សារ គឺមានច្រើន ហើយអត្រាចំណេញក៏ខ្ពស់ផងដែរ”៕

រដ្ឋាភិបាលគ្រោងបញ្ចប់អគ្គិសនីភាវូបនីយកម្មជនបទនៅឆ្នាំ២០៣០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលបានប្រកាសកាលបរិច្ឆេទកំណត់គោលដៅឆ្នាំ២០២៣ សម្រាប់ការពង្រាយបណ្តាញអគ្គិសនីដល់ភូមិជនបទរបស់កម្ពុជា ខណៈដែលនៅត្រឹមឆ្នាំ២០២០ ក្រសួងបានព្យាយាមផ្គត់ផ្គង់អគ្គិសនីយ៉ាងហោចណាស់ ៩៩.៤ភាគរយនៃភូមិនៅទូទាំងប្រទេស។

អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោកវិចទ័រ ហ្សូនា បានមានប្រសាសន៍ថា ការអនុវត្ត២០ឆ្នាំកន្លងទៅនេះ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧.៤ភាគរយ ហើយនៅសល់ ២.៦ភាគរយ យើងនឹងអនុវត្តបន្តពីឆ្នាំ២០២១នេះតទៅ។ នៅឆ្នាំ២០២៣ វាខិតទៅ ១០០ភាគរយ តែបើមិនបាន ១០០ភាគរយ ដោយកាលបរិច្ឆេទគោលដៅឆ្នាំ២០២៣ នឹងឃើញថាអគ្គិសនីត្រូវបានបញ្ជូនទៅយ៉ាងហោចក៏វាបានជាង៩៩ភាគរយ។

សម្រាប់ប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីនៅតាមជនបទនៅក្នុងប្រទេសកម្ពុជា គឺជាគម្រោងការធ្វើឱ្យប្រសើរឡើងនៃការពង្រីកបណ្ដាញអគ្គិសនីនៅតាមជនបទនៅកម្ពុជា ដើម្បីរួមចំណែកសម្រេចគោលដៅធំៗរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយការភាយចេញឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងការទទួលបានថាមពលប្រើប្រាស់ជាសកលនៅឆ្នាំ២០៣០។

នៅក្នុងឆ្នាំ២០២០ ការតភ្ជាប់បណ្តាញអគ្គិសនីបានចំនួន ១៣ ៧៩៨ភូមិ ក្នុងចំណោមភូមិសរុប ១៤ ១៦៨ នៅទូទាំងប្រទេស។ ចំនួនភូមិដែលនៅសល់សម្រាប់ប្រើប្រាស់អគ្គិសនីមានចំនួន ៣៧០ អាចនឹងត្រូវបានបំពាក់ដោយបណ្តាញខ្នាតតូច ឬបន្ទះសូឡា។ ចំណុចនេះឃើញថាសមិទ្ធផលទទួលបានប្រមាណជាង៩៧.៤ភាគរយ ហើយនៅសល់ប្រមាណ ២៩.៦ភាគរយ នឹងត្រូវប្រើពេលដល់ទៅ៣ឆ្នាំ (២០២៣)។

យោងតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាបានឱ្យដឹងថា លក្ខណៈពិសេសនៃការអភិវឌ្ឍថាមពលអគ្គីសនីរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២០ ប្រភពថាមពលមានចំនួន ៣៨៩៧ មេហ្គាវ៉ាត់។ បរិមាណថាមពលដែលបានចែកចាយគឺ ១២ ៤៩៩ ជីហ្គាវ៉ាត់ម៉ោង (gWh) ។ ដោយឡែកការផ្គត់ផ្គង់ថាមពលត្រូវបានចែកចាយដោយជំនាន់ក្នុងស្រុក និងនាំចូល។

ការផលិតថាមពលក្នុងស្រុកសរុបមានចំនួន ២ ៩១៦ មេហ្កាវ៉ាត់ ដោយប្រភពនៃបរិមាណនោះគឺ ៦៦៥ វ៉ាត់ពីផលិតកម្មវារីអគ្គិសនី មានប្រភពថាមពលពន្លឺព្រះអាទិត្យមានចំនួន២៣៦.៨០ មេហ្កាវ៉ាត់ និងជីវម៉ាសដែលបង្កើតបាន ៣០.៥៧ មេហ្គាវ៉ាត់។ ប្រទេសកម្ពុជាបាននាំចូលប្រហែល៩៨០ មេហ្កាវ៉ាត់ដែលក្នុងនោះ២៧៧.៣០ មេហ្កាវ៉ាត់ត្រូវបានប្រភពមកពីប្រទេសថៃ ៣៣២.៤៥ មេហ្កាវ៉ាត់ត្រូវបាននាំចូលពីប្រទេសវៀតណាម និង ៣៧១ មេហ្កាវ៉ាត់មកពីប្រទេសឡាវ៕

គម្រោង The Peninsula Private Residences នឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ៗនេះ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ គម្រោង The Peninsula Private Residences ដែលជាគម្រោងទទួលបានពានរង្វាន់ឆ្នើមផ្នែករចនាផ្ទៃក្នុង (Best Interior Design) និង​​ស្នាដៃឆ្នើមផ្នែកស្ថាបត្យកម្ម (Best Architectural Design) នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីកម្ពុជាប្រចាំឆ្នាំ២០១៩​​ នាឱកាសឆ្នាំថ្មី ២០២១​នេះនឹងបញ្ចប់គម្រោងសាងសង់អគារទាំងមូលដែលនឹងលេចត្រដែតនៅច្រកចូលនៃខណ្ឌជ្រោយចង្វារ។​

គម្រោងនេះបង្កើតឡើងដោយមានការគិតគូរយ៉ាងផ្ចិតផ្ចង់ពីម្ចាស់អភិវឌ្ឍនគម្រោងក្នុងការផ្តល់ជូននៅប្រណិតភាព និងភាពស៊ីវិល័យក្នុងការរស់នៅជាមួយនឹងការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបក្នុងអគារទាំងមូលដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅបែបឯកជន និងការផ្តល់ជូននូវសេវាកម្មលំដាប់ខ្ពស់។

ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបានបង្កើតកម្មវិធីសំខាន់ៗជាច្រើនដូចជាកម្មវិធី “Rolling with Passion” ដោយសហការ​ជាមួយក្រុមហ៊ុន The Pacific Cigar Co (Cambodia), Partagas Cigar និង Fat Passion Restaurant និងមានបង្ហាញផ្ទាល់អំពីការមូរស៊ីហ្គាររបស់ Master Cigar Roller Señor Dariel Hernandez ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីដ៏សម្បូរបែបផ្សេងទៀតពីកម្មវិធី។​ ក្រៅពីនេះ សម្រាប់កម្មវិធី“The Peninsula Year-End Sharing Session” ក៏មានការអញ្ជើញឱ្យចូលរួមពីអ្នកជំនាញផ្សេងៗ ជាពិសេសអាជ្ញាធរមូលដ្ឋាន លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក Yong Ching San ប្រធានផ្នែកគ្រប់គ្រងឥណទាននៅក្នុង RHB Cambodia និង លោក Tom O’Sullivan ដែលជាអគ្គនាយកក្រុមហ៊ុន realestate.com.kh ដើម្បីផ្តល់មតិយោបល ការធ្វើបទបង្ហាញលើការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាទាំងមូល។ ដោយឡែកកម្មវិធី “Embracing the New Normal Together”  ក៏បានរៀបចំឡើងនៅ Elephant Bar សណ្ឋាគារ Raffles Hotel Le Royal ដែលអតិថិជន និងដៃគូមានឱកាសជួបជុំគ្នាទទួលអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសានៅក្នុងបរិយាកាសដ៏សែនមនោរម្យនៅបាដ៏ស្រស់ស្អាត។

ជាចុងក្រោយ យើងសូមស្វាគមន៍ដោយក្ដីសោមនស្សរីករាយចំពោះការចូលរួមរបស់ក្រុមហ៊ុន CBRE Cambodia ជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Peninsula Private Residences។ ក្នុងឱកាសដែលយើងរីករាយឆ្នាំថ្មីនេះ ប្រសិនបើលោកអ្នកកំពុងស្វែងរក
លំនៅដ្ឋានថ្មី ឬប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីការជួលអចលនទ្រព្យ សូមអញ្ជើញមកកាន់ការិយាល័យលក់ ស្ថិតនៅផ្លូវកែវ ចិន្ដា ដែលស្ថិតនៅជិតនឹងទីតាំងសំណង់របស់យើង​ ឬទាក់ទងមកយើងខ្ញុំ​តាមរយៈទូរសព្ទលេខ +855 (0)17 222 760។