គម្រោង The Peninsula Private Residences នឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ៗនេះ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ គម្រោង The Peninsula Private Residences ដែលជាគម្រោងទទួលបានពានរង្វាន់ឆ្នើមផ្នែករចនាផ្ទៃក្នុង (Best Interior Design) និង​​ស្នាដៃឆ្នើមផ្នែកស្ថាបត្យកម្ម (Best Architectural Design) នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីកម្ពុជាប្រចាំឆ្នាំ២០១៩​​ នាឱកាសឆ្នាំថ្មី ២០២១​នេះនឹងបញ្ចប់គម្រោងសាងសង់អគារទាំងមូលដែលនឹងលេចត្រដែតនៅច្រកចូលនៃខណ្ឌជ្រោយចង្វារ។​

គម្រោងនេះបង្កើតឡើងដោយមានការគិតគូរយ៉ាងផ្ចិតផ្ចង់ពីម្ចាស់អភិវឌ្ឍនគម្រោងក្នុងការផ្តល់ជូននៅប្រណិតភាព និងភាពស៊ីវិល័យក្នុងការរស់នៅជាមួយនឹងការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបក្នុងអគារទាំងមូលដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅបែបឯកជន និងការផ្តល់ជូននូវសេវាកម្មលំដាប់ខ្ពស់។

ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបានបង្កើតកម្មវិធីសំខាន់ៗជាច្រើនដូចជាកម្មវិធី “Rolling with Passion” ដោយសហការ​ជាមួយក្រុមហ៊ុន The Pacific Cigar Co (Cambodia), Partagas Cigar និង Fat Passion Restaurant និងមានបង្ហាញផ្ទាល់អំពីការមូរស៊ីហ្គាររបស់ Master Cigar Roller Señor Dariel Hernandez ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីដ៏សម្បូរបែបផ្សេងទៀតពីកម្មវិធី។​ ក្រៅពីនេះ សម្រាប់កម្មវិធី“The Peninsula Year-End Sharing Session” ក៏មានការអញ្ជើញឱ្យចូលរួមពីអ្នកជំនាញផ្សេងៗ ជាពិសេសអាជ្ញាធរមូលដ្ឋាន លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក Yong Ching San ប្រធានផ្នែកគ្រប់គ្រងឥណទាននៅក្នុង RHB Cambodia និង លោក Tom O’Sullivan ដែលជាអគ្គនាយកក្រុមហ៊ុន realestate.com.kh ដើម្បីផ្តល់មតិយោបល ការធ្វើបទបង្ហាញលើការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាទាំងមូល។ ដោយឡែកកម្មវិធី “Embracing the New Normal Together”  ក៏បានរៀបចំឡើងនៅ Elephant Bar សណ្ឋាគារ Raffles Hotel Le Royal ដែលអតិថិជន និងដៃគូមានឱកាសជួបជុំគ្នាទទួលអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសានៅក្នុងបរិយាកាសដ៏សែនមនោរម្យនៅបាដ៏ស្រស់ស្អាត។

ជាចុងក្រោយ យើងសូមស្វាគមន៍ដោយក្ដីសោមនស្សរីករាយចំពោះការចូលរួមរបស់ក្រុមហ៊ុន CBRE Cambodia ជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Peninsula Private Residences។ ក្នុងឱកាសដែលយើងរីករាយឆ្នាំថ្មីនេះ ប្រសិនបើលោកអ្នកកំពុងស្វែងរក
លំនៅដ្ឋានថ្មី ឬប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីការជួលអចលនទ្រព្យ សូមអញ្ជើញមកកាន់ការិយាល័យលក់ ស្ថិតនៅផ្លូវកែវ ចិន្ដា ដែលស្ថិតនៅជិតនឹងទីតាំងសំណង់របស់យើង​ ឬទាក់ទងមកយើងខ្ញុំ​តាមរយៈទូរសព្ទលេខ +855 (0)17 222 760។

ផ្សារហ៊ុននៅ Wall Street ដ៏ល្បីល្បាញរបស់អាមេរិកចាប់ផ្តើមងើបឡើងវិញ ខណៈលោកចូ បៃឌិនត្រៀមចូលកាន់តំណែង

ដោយៈសុខុម
ញូយ៉កៈ សង្កាត់ហិរញ្ញវត្ថុ Wall Street ក្នុងក្រុងញូវយ៉ក បានបោះជំហានឆ្ពោះទៅរកការចាប់ផ្ដើមដ៏រឹងមាំ កាលពីថ្ងៃអង្គារ ទី១២ ខែមករា នៅពេលការលក់ចេញសញ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យតម្រូវការរូបិយប័ណ្ណដុល្លារកើនឡើង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា សកម្មភាពទិញចូលភាគហ៊ុនអឺរ៉ុបតិចតួចបូករួមគ្មានដំណឹងសំខាន់ៗអំពីក្រុមហ៊ុនសាជីវកម្ម ឬទិន្នន័យសេដ្ឋកិច្ចផងនោះ បានផ្ដល់សញ្ញាតិចតួចណាស់អំពីការតម្រង់ទិសទីផ្សារ។
លោកNed Rumpeltin ប្រធានផ្នែកយុទ្ធសាស្ត្ររូបិយប័ណ្ណនៅធនាគារ TD Securities ដែលជាធនាគារវិនិយោគពហុជាតិសាសន៍របស់ប្រទេសកាណាដាបានថ្លែងថា ទីផ្សារនានាកំពុងតែបញ្ជូនសារចម្រុះសម្រាប់ដើមឆ្នាំ២០២១នេះ នៅពេលដែលភាគហ៊ុនហក់ឡើងខ្ពស់ ហាងឆេងមាស និងរូបិយប័ណ្ណដុល្លារហាក់នៅទ្រឹង ហើយសញ្ញាប័ណ្ណធ្លាក់ចុះ។
លោកបានបន្ថែមថា “វាជាសប្ដាហ៍ដែលតានតឹងខ្លាំងនៅឡើយ សម្រាប់នយោបាយរបស់សហរដ្ឋអាមេរិក ហើយរយៈពេលពីរបីថ្ងៃខាងមុខ អ្វីៗក៏អាចកើតឡើងបានដែរ។ នោះនឹងធ្វើឱ្យបណ្ដាវិនិយោគិនប្រយ័ត្នប្រយែងបន្តិចហើយ”។


បក្សប្រជាធិបតេយ្យបានប្រកាសថា ខ្លួននឹងទុកឱកាសជាលើកចុងក្រោយឱ្យប្រធានាធិបតីដូណាល់ ត្រាំ ចុះចេញពីតំណែងមុនពេលកំណត់ ដោយមិនបាច់រង់ចាំដល់អាណត្តិរបស់លោកផុតជាផ្លូវការនៅថ្ងៃទី២០ មករា ដ៏ខ្លីខាងមុខនេះឡើយ ដោយសារតែលោកបានញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើការប្រហារទៅលើវិមានរដ្ឋសភាកាពីតូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ មករា កន្លងទៅនេះ។

ក្រឡេកមកមើលផ្សារភាគហ៊ុនវិញឃើញថា ផ្សារភាគហ៊ុន Dow Jones បានហក់ឡើង០,២% ហើយផ្សារភាគហ៊ុន S&P 500 បានហក់ឡើង០,២៦%។ ចំណែកឯផ្សារភាគហ៊ុន Nasdaq បានហក់ឡើង០,៣%។
ក្រុមអ្នកវិភាគលើកឡើងថា ការលក់ចេញសញ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិកធ្វើឡើងដោយសារមានការរំពឹងទុកថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកចូ បៃឌិន ដែលនឹងចូលកាន់តំណែងនៅសេតវិមានសប្ដាហ៍ក្រោយនឹងបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចបន្ថែមទៀត៕

ខេត្តកំពតប្រមូលចំណូលពន្ធសួយសារពីអាជីវកម្មរ៉ែបានជិត៥លានដុល្លារ

ដោយ ៖ រ៉ាណេត

កំពត ៖ ជាមួយនឹងកំណើននៃចំនួនគម្រោងវិនិយោគ និងអាជីវកម្មជាច្រើន ខេត្តកំពតបាន និងកំពុងបង្កើនសកម្មភាពអភិវឌ្ឍន៍ទាំងក្នុង និងក្រៅក្រុង ខណៈដែលការប្រមូលចំណូលពន្ធសួយសារពីអាជីវកម្មរ៉ែមិនរាប់បញ្ចូលអាជីវកម្មផ្សេងបានប្រមាណជិត៥លានដុល្លារ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញឱ្យដឹងថា ក្នុងឆ្នាំ២០២០ ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារពីការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទនៅក្នុងខេត្តអនុវត្តន៍បាន៩៧ភាគរយនៃផែនការ ស្មើនឹងជាង៤លាន៩សែនដុល្លារ ដោយក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកា៥០ភាគរយពីការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។

លោកសោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ ផែនការប្រមូលចំណូល មានជាង ៥លានដុល្លារ អនុវត្តន៍បានជាង៤លាន៩សែនដុល្លារ ស្មើនឹង៩៧ភាគរយ។ ក្នុងនោះប្រាក់ ចំណូលសម្រាប់ខេត្តអនុវត្តន៍បានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយនៃផែនការ។
លោកបានបញ្ជាក់ដែរថា ប្រាក់ចំណូលពីសួយសារលើអាជីវកម្មរ៉ែ ដែលផ្តល់អាជ្ញាប័ណ្ណដោយថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានបែងចែកសម្រាប់រដ្ឋ ខេត្ត និងប្រាក់អំណោយលើកទឹកចិត្តដល់មន្ត្រីអនុវត្តន៍។

សម្រាប់ខេត្តកំពត ក្រៅពីមានអាជីវកម្មរ៉ែជាច្រើនប្រភេទ ក្នុងនោះក៏មានសក្ដានុពលនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យផងដែរ ដែលភាគច្រើនជាការវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ ក៏ដូចជាសំណង់នៅដ្ឋានបែបលំហែរជាច្រើនគម្រោង៕

ការបន្ត​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗរបស់​រដ្ឋាភិបាល បានផ្តល់​ទំនុកចិត្ត​ដល់ទី​ផ្សារ​អចលនទ្រព្យ

ដោយៈ រ៉ាវី

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​កំពុង​សាងសង់​នាពេល​បច្ចុប្បន្ននេះ និង​មិន​ត្រូវបាន​ផ្អាក បាន​នឹង​កំពុង​ជួយ​ជំរុញឱ្យមាន​ការរីកចំរើន លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ចផ្ទួនៗយ៉ាងណាក្តី។

អគ្គនាយក​ក្រុម​ហ៊ុ Century 21 Advance លោក​ឡុង គឹមសួគ៌​បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ចុង​សប្តាហ៍​មុន​ថា នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ​មាន​ស្ថានភាព​ល្អប្រសើរ ដោយសារតែ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​មិនត្រូវ​បាន​ផ្អាក បើទោះបី​ស្ថិតនៅក្នុង​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ។

លោក​ថ្លែងថា  “យើង​សង្កេតឃើញថា គម្រោងធំៗរបស់​រាជរដ្ឋាភិបាល ដូចជា ព្រះ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ព្រ​លា​យន្តហោះ​ខេត្តសៀមរាប  គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង មិនត្រូវ​បង្អាក​ដោយ​ជំងឺ​កូ​វីដ១៩ នោះទេ” ។

លោក​បន្តថា ក្រៅពីនេះ​ដូចជា​គម្រោង​ផ្លូវជាតិ​លេខ២  គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៣ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ  និង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទីតាំងផ្សេងៗទៀត​ជាដើម មិន​ត្រូវបាន​បង្អាក់ ដែល​ទាំងនេះ​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីកចំរើន ជាពិសេស​វិស័យ​ដីធ្លី។

លោក​បញ្ជាក់​បន្ថែមទៀត​ថា “អ្វីដែល​សំខាន់​ជាង​នេះ គឺ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុត្ត​សាស្ត្រ​ច្បាស់លាស់ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍​ប្រទេស ឱ្យមាន​ការរីកចំរើន ដូច​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះ​សី​នុ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ សៀមរាប និង​ខេត្តកំពត-កែប​ជាដើម ក៏​នឹង​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ​រីកចំរើន​ដែរ” ។

ជាមួយគ្នានេះ លោក​បណ្ឌិត គី សិរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏បាន​ធ្លាប់​ទទួលស្គាល់​ដែរ​ថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​ប្រឈម​ទៅនឹង​ជំងឺ​កូ​វីដ ១៩ និង​ជំនន់​ទឹកភ្លៀង​នៅក្នុង​ប្រទេស ក៏​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ការធ្លាក់​ចុះមក​នៅក្នុង​កម្រិត​សូន្យ​នោះទេ ពោះ​គឺ​កំពុងមាន​ដំណើរ​ការជាប​ណ្តើរ។

លោក​បណ្ឌិត​បន្តថា “វិស័យនេះ ក៏​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​បន្ថែមទៀត ដូចជា ផ្ទះល្វែង ខុន​ដូ និង​ដីធ្លី​ក្នុងតម្លៃ​ដែលមាន​ការគ្រោងទុក អ៊ីចឹង កាលណា​តម្លៃ​អចលនទ្រព្យ​មិនទាន់បាន​ឡើង និង​មិនទាន់មាន​សន្ទុះ​ឡើង​លឿន ដោយសារ​កត្តា​បែបនេះ។លោក​បន្ថែមថា “ដូច្នេះ​ការទិញ​លក់​អចលនទ្រព្យ នៅក្នុង​រដូវ​កាល​នេះ ក៏​ជា​ឱកាស​ចំណេញ​នៅ​ថ្ងៃក្រោយ​ផងដែរ” ។

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹង​ដែរ​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ចាប់​តាំ​ពី​ដើមឆ្នាំ ២០២០នេះ (ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ) តាមរយៈ​ការធ្លាក់ចុះ​នូវ​ការទិញ​លក់ ហើយ​បច្ចុប្បន្ននេះ វិនិយោគិន​ក្នុង​វិស័យ​អចលនទ្រព្យ មានតែ​នៅក្នុង​ស្រុក។

លោក​បន្តថា “វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​សកម្មភាព ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន​នៅក្នុង​ស្រុក ជាពិសេស​ដោយសារ​មានការ​គាំទ្រ ពី​រាជរដ្ឋាភិបាល តាមរយៈ​គោលនយោបាយ​ដីធ្លី។លោក​បន្ថែមថា “ការគាំទ្រ​ពី​ធន​គារ​នៅក្នុង​ស្រុក ដោយ​នៅតែ​បន្ត​ផ្តល់​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ ហើយ​នេះ​គឺជា​រឿង​ល្អ ដែល​ធ្វើឱ្យ​វិស័យនេះ​នៅតែមាន​ភាពល្អប្រសើរ បើទោះបី​ស្ថិតនៅក្នុង​វិបត្តិ​យ៉ាងណាក៏ដោយ” ៕

ការចង្អុលបង្ហាញ៖ អ្នកជំនាញ​ថា​វិនិយោគ​ដី​នៅ​ជាយក្រុង ឬ​តាម​ខេត្ត​សុទ្ធតែមាន​ឱកាស​ចំណេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជម្រើស​នៃ​ការទិញ​អចលនទ្រព្យ ក៏ដូចជា​ដីធ្លី​នៅតាម​បន់​ណា ដែល​អាច​ទទួលបាន​ចំណេញ​ខ្ពស់ នៅតែ​ជា​ប្រធានបទ​មួយ ដែលមាន​ប្រជាប្រិយភាព និង​ជាការ​ចង់ដឹង​ពី​សំណាក់ អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល។

អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Advance Property លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅក្នុង​សប្ដាហ៍​នេះ​ថា មិន​ថា​ទោះជា​ទិញ​នៅ​តំបន់​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត ដែល​ឃ្លាតឆ្ងាយ​ពី​ក្រុង​នោះទេ អត្រា​ទទួលបាន​ចំណេញ​នៅតែមាន ប្រសិនបើ​អ្នកទិញ​មាន​ភាព​ឆ្លាត​វៃ និង​បាន​សិក្សា​លម្អិត​ពី​តំបន់ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ពាក់ព័ន្ធ។

លោក​បញ្ជាក់ថា “ខ្ញុំ​និយាយ​តែ​ផ្នែក​ដីធ្លី មាន​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​យកចំណេញ បាន​ជ្រើស​ទីតាំងផ្សេងៗគ្នា​ជាមួយនឹង​ក្ដី​រំពឹងថា អាច​ទទួលបាន​ចំណេញ​នៅពេល​លក់​ចេញ​វិញ” ។ លោក​បន្តថា “មិន​ថា​ពួកគាត់​ទិញ​ទៅ​ទីណា​នោះទេ អត្រា​ដែល​ទទួលបាន​ចំណេញ​គឺ​សុទ្ធ​តែមាន ឱ្យតែ​ពួកគាត់​ទិញ​ដោយ​ការពិចារណា និង​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ៛” ។

លោក​គឹមសួគ៌​បាន​បន្តថា អ្នកខ្លះ​គាត់​មិន​បានដឹង​លម្អិត​ពី​ព័ត៌មាន និង​គម្រោង​អភិវឌ្ឍន៍ ដែល​ជម្រុញឱ្យមាន​តម្រូវការ​ទីផ្សារ​នោះទេ ហើយ​ទិញ​តាម​គេ​ផ្អើល តែ​ក៏​អាច​ទទួលបាន​ចំណេញ​ដូច​គេ ដែល​ការ​ចំណេញ​នេះ វា​គឺជា​រឿង​ចៃដន្យ​សម្រាប់​គាត់។ ចំពោះ​ករណីបែបនេះ​មិនមែន​ចេះតែ​ទទួលបាន​រហូត​នោះទេ” ។

លោក​ឡុង គឹមសួគ៌ បាន​បន្តថា មាន​អ្នកខ្លះ គាត់​មាន​ធនធាន​តិចតួច ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ឥត​ស្ទាក់ស្ទើរ ក្នុង​ការទិញ​ដី​នៅ​ជាយក្រុង​ទុក ជាពិសេស​នៅក្បែរ​គម្រោង​អភិវឌ្ឍន៍​ដែលមាន​សកម្មភាព ដូច្នេះ​ភាគរយ​ចំណេញ​របស់​ពួកគាត់​គឺមាន​ច្រើន ហើយ​រហ័ស​ទៀត។ ប្រសិនបើ​ពួកគាត់​សម្រេច​លក់ ក្នុងតម្លៃ​ចរចា​ណាមួយ ដែល​អាច​ទទួលបាន​ចំណេញ ហើយ​យកទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​ផ្សេងទៀត ដែលមាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ នោះ​កំណើន​នៃ​ភាគលាភ​របស់គាត់ នឹង​កើនឡើង​ច្រើនជាង​អ្នក​ដែលមាន​លុយ​ច្រើន​ដែល​ទិញ​ដី​ទំហំ ប៉ុន្តែ​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនមាន​គម្រោង​អភិវឌ្ឍន៍។

លោក​បាន​បញ្ជាក់ថា មិន​ថា​ទោះជា​នៅ​តំបន់​ជាយក្រុង ឬ​នៅក្នុង​ខេត្ត​ណាមួយ​នោះទេ ភាគរយ​ចំណេញ​នៅតែមាន​ដូចគ្នា សំខាន់​ត្រង់​ថា​មុនពេល​ទិញ​សម្រាប់​ទុក​វិនិយោគ ត្រូវតែ​ចេះ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​គម្រោង​នៃ​ការអភិវឌ្ឍ​ឱ្យបាន​គ្រប់​ជុង​ជ្រោយ​យ៉ាង​លម្អិត ទើប​ការវិនិយោគ​មិន​ជួប​ភាពបរាជ័យ៕

កត្តា​ភូមិសាស្ត្រ៖ ខេត្តកណ្តាល​កំពុង​បង្កើនល្បឿន​យ៉ាង​លឿន​ការអភិវឌ្ឍ​ផ្នែក​លំនៅដ្ឋាន

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានបង្ហាញ​ខ្លួន​នៅ​ខេត្តកណ្តាល ដែល​បានធ្វើ​ឲ្យ​ខេត្ត​មាន​ភូមិសាស្ត្រ​ព័​ទ្ឋ​ជុំវិញ​រាជធានី​នេះ ទាក់ទាញ​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កាន់តែច្រើន។

លោក​អភិបាល​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ស្ទើរតែ​គ្រប់​តំបន់​នៅក្នុង​ខេត្តកណ្តាល ជាពិសេស​នៅតាម​តំបន់​មួយចំនួន ដែល​ស្ថិតនៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​សក្ដានុពល​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​សមរម្យ​បាន​ដើរតួ​ឈានមុខ​គេ ស្រប​ពេលដែល​កំណើន នៃ​ចំនួន​ប្រជាជន​បាន​កើនឡើង​រហូតដល់​ជាង១លាន​នាក់។

លោក​បន្តថា “ក្រៅពី​ក្រុង​តាខ្មៅ ដែលជា​មណ្ឌល​ពាណិជ្ជកម្ម​ប្រចាំខេត្ត គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​ជាច្រើន បានបង្ហាញ​វត្តមាន​នៅតាម​តំបន់ ដែលមាន​សក្ដានុពល​នានា ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ” ។ លោក​បាន​បន្តទៀតថា “ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​ទាំងអស់នេះ កើតឡើង​ដោយសារតែ​ភាពល្អប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ក្នុង​តំបន់​ជ្រក​ក្រោម​ម្លប់​សន្តិភាព ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា” ។

ជាក់ស្តែង​បុរី​ថ្មី GB Resident ដែល​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជាង១០ហិកតា បាននិងកំពុង​បង្ហាញ​រូបរាង​នៅ​តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​តំបន់​មាន​សក្តានុពល និង​មាន​ទីតាំងនៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group លោក​បណ្ឌិត​តេង រិទ្ធី បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ននេះ ស្ទើរតែ​គ្រប់​តំបន់​ទូទាំង​ខេត្តកណ្តាល សុទ្ធ​តែមាន​សក្ដានុពល ស្រប​ពេលដែល​គម្រោង​នៃ​ការអភិវឌ្ឍ​ជាច្រើន ត្រូវបាន​ចាប់​អនុវត្ត។

លោក​បណ្ឌិត​បន្តថា “ក្រៅពី​តំបន់​កណ្តាល​ក្រុង​តាខ្មៅ ដែល​កំពុង​តែមាន​សក​ម្ម​ភាព​អភិវឌ្ឍន៍ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់ រួមមាន​គម្រោង​លំនៅដ្ឋាន​កម្រិត​មធ្យម​និង​កម្រិត​ខ្ពស់ ក៏មាន​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ” ។

លោក​បណ្ឌិត​បាន​បន្តថា តំបន់​ដែល​ត្រូវបាន​ក្លាយជា​គោលដៅ​វិនិយោគ ក្នុង​វិស័យ​លំនៅដ្ឋាន រួមមាន​តំបន់​ជាយក្រុង​តាខ្មៅ​ដូចជា​តំបន់​ព្រែក​ហូរ ព្រែក​កំ​ពឺ​ស  និង​តំបន់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២១A (ស្រុក​ស្អាង) ហើយ​ក្រៅពីនេះ​នៅ​ច​មាន​តំបន់​ផ្លូវជាតិ​លេខ២ (ម្ដុំ​រង្វង់​មូល​គួរ​ស្រូវ) តំបន់​ផ្លូវជាតិ​លេខ៣ ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង តំបន់​ផ្លូវជាតិ​លេខ៤ ក្នុងស្រុក​អង្គស្នួល តំបន់​ផ្លូវជាតិ​លេខ៥ ស្រុក​ពញាឮ តំបន់​ផ្លូវជាតិ​លេខ៦ ស្រុក​មុខកំពូល និង​តំបន់​ផ្លូវជាតិ​លេខ១ ស្ថិតនៅ​ក្នុងស្រុក​កៀនស្វាយ” ។

ជាមួយគ្នានេះ លោក​ឧកញ៉ា​ឡាយ លន់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Black Eagle International Co.,Ltd ធ្លាប់បាន​បង្ហាញ​ពី​សក្ដានុពល និង​ការអភិវឌ្ឍ​យ៉ាង​លឿន​នៅ​ទូទាំង​ខេត្តកណ្តាល​កាលពីពេល​កន្លងទៅ​ថា ខេត្ត​កណ្តា​កមាន​កត្តា​ភូមិសាស្ត្រ​ល្អ ជាពិសេស បណ្តា​ស្រុក​មួយចំនួន​របស់​ខេត្ត គឺ​ស្ថិតនៅ​ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​នៅពេល​បច្ចុប្បន្ននេះ មាន​តំបន់​មួយចំនួន​បាន​កាត់​ចូលមក​ចំណុះ​រាជធានី​ភ្នំពេញ ហើយ​សល់​ប៉ុន្មាន​បានក្លាយ​ជា​ជា​តំបន់​ជាយក្រុង ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។

លោក​ឧកញ៉ា​បន្តថា “ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​របស់​ខេត្តកណ្តាល មាន​លក្ខណៈពិសេស​ខុសពី​ខេត្ត​ផ្សេង ហើយ​តម្លៃ​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់” ។ លោក​បន្តថា “តម្លៃ​ដីធ្លី​ដែល​ស្ថិតនៅក្នុង​តំបន់​មិនទាន់មាន​ការអភិវឌ្ឍ គិត​ជា​មធ្យម​អាច​ឡើង​ក្នុង​អត្រា១០ទៅ២៥ភាគរយ។ ដោយឡែក​តម្លៃ​ដី ដែល​ស្ថិតនៅក្នុង​តំបន់​មានការ​អភិវឌ្ឍ គិត​ជា​មធ្យម​មាន​កំណើន​ក្នុង​ចន្លោះ​ចាប់ពី៥០-១២០ភាគរយ​ក្នុង​មួយឆ្នាំ” ៕

ប្រទេស​ចិន​ចំណាយ​ប្រាក់ ១៧០០លាន​ដុល្លារ​សាងសង់​កីឡដ្ឋាន​ធំជាងគេលើ​ពិភពលោក

ដោយៈ​សហការី

ក្វាង​ចូ​វៈ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ EverGrande បានប្រកាសថា កីឡដ្ឋាន​បាល់ទាត់​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដែលមាន​ទំហំ​វិនិយោគ​ប្រមាណ​ជា ១,៧ ពាន់​លាន​ដុល្លារ បានចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ។

កីឡដ្ឋាន​នេះ​មាន​អាច​ផ្ទុក​កន្លែង​អង្គុយ​ទស្សនា បាន​សរុប​ចំនួន ១០០,០០០កន្លែង ដែល​នឹង​ក្លាយជា​កីឡដ្ឋាន​បាល់ទាត់ ធំជាងគេ​បំផុត​នៅលើ​ពិភពលោក។ កីឡាដ្ឋាន​យក្ស​នេះ នឹងត្រូវ​បាន​រចនា​ឡើងជា​រូបរាង​ផ្កាឈូក ហើយ​គ្រោង​និង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ២០២២ ។

ការ​រចនា​នៃ​ពហុកីឡាដ្ឋាន​នេះ គឺជា​ស្នាដៃ​របស់​អ្នក​រចនា​ជនជាតិ​អាមេរិក ដែលមាន​ឈ្មោះថា Hasan Syed ដែលមាន​មូលដ្ឋាន​នៅ​សៀង​ហៃ ដោយ​ធ្វើតាម​គំនិត​ដំបូង​ពី​ប្រធាន​ក្រុមហ៊ុន Evergrande Group Xu Jiayin ។ ការ​រចនា​ផ្កាឈូក​មាន​ប្រភព​ចេញពី​ទីក្រុង​ក្វាង​ចូ​វ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​ក្រុង​ផ្កា។

ពហុកីឡាដ្ឋាន​នេះ រួមមាន​បន្ទប់​ឯកជន VIP ចំនួន១៦ បន្ទប់​ឯកជន VIP ចំនួន១៥២ តំបន់ FIFA តំបន់​អត្តពលកម្ម​តំបន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បន្ទប់​សារព័ត៌មាន។

យោងតាម​សារព័ត៌មាន ESPN បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន Evergrande គ្រោង​សាងសង់​ពហុកីឡាដ្ឋាន​ចន្លោះ​ពី៣ ទៅ៥ទៀត ដែលមាន​សមត្ថភាព​ផ្ទុក​ដល់៨០,០០០ ទៅ១០០,០០០ នៅ​ជុំវិញ​ប្រទេស​ចិន។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ EverGrande លោក Xia HaiJun បាន​មានប្រសាសន៍ថា ការងារ​សាងសង់​បានចាប់ផ្តើម​ដំណើរការ កាលពី​សប្តាហ៍​មុន ដោយមាន​គោលដៅ ដើម្បី​ក្លាយជា “និមិត្តសញ្ញា​ថ្មី​លំដាប់​ពិភពលោក ដែល​អាច​ប្រៀបធៀប​បាន​ទៅនឹង​អគារ​Sydney Opera House និង អគារ​Burj Khalifa នៅ​ឌូ​បៃ។

សមត្ថភាព​នៃ​កីឡដ្ឋាន​នេះ នឹង​បំបែក​ឯកទគ្គកម្ម​រប​ស់​កីឡដ្ឋាន Camp Nou នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ ដែល​អាច​ផ្ទុក​បាន​ចំនួន៩៩,៣៥៤ កន្លែង៕ ប្រភព(CNN)

រដ្ឋមន្ត្រី​កសិកម្ម៖ កម្ពុជា​ទ​ទួ​បាន​ចំណូល​ប្រមាណ ១២៦០លាន​ដុល្លារ​ពី​ការនាំចេញ​ស្រូវ-អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែងថា នៅក្នុង​ឆ្នាំ២០២០កន្លងទៅនេះ វិស័យ​កសិកម្ម បាន​នាំ​ចំណូល​ដល់​កម្ពុ​ជាជាង ១២៦០លាន​ដុល្លារ តាមរយៈ​ការនាំចេញ​ស្រូវ-អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ប្រទេស​ចិន។

លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍​ក្នុង​កិច្ចសម្ភាសន៍៍​ពិសេស​នា​ព្រេ​ក​ថ្ងៃទី១២ មករា​នេះ​ថា កម្ពុជា​បាន​ឆ្លង​ផុត​ក្នុងនាម​ប្រទេស​ខ្វះ​ស្បៀង​មុន​ឆ្នាំ១៩៩៥ ហើយ​បាន​ក្លាយទៅជា​ប្រទេស ដែលមាន​ស្បៀង​គ្រប់គ្រាន់ តាមរយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​ទទួលបាន​នូវ​សុខសន្ដិភាព យ៉ាង​ពេញលេញ និង​ឈានដល់​ការដាក់ចេញ នូវ​គោលនយោបាយ​នាំចេញ​ស្រូវ អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

លោ​បន្តថា “នៅត្រឹម​ឆ្នាំ២០១០យើង​បាន​នាំចេញ​អង្ករ​ជាជំហានៗ ដែល​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​ជាពិសេស​នៅមុន​ពេល​មាន ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ១៩ វិស័យ​កសិកម្ម​បាន​ចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​រង្វង់​ជាង៧ភាគរយ​ក្នុង​មួយឆ្នាំ ដែល​ធ្វើឱ្យ​ស្ថានភាព​នៅ​កម្ពុជា​មានការ​ផ្លាស់ប្ដូរ​មុខមាត់​ច្រើន ទាំង​ជីវភាព​នៃ​ការរស់នៅ ក៏ដូចជា​ការហូបចុក​ប្រកបដោយ​សុវត្ថិភាព” ។

ដោយឡែក​ស្ថិតនៅ​ក្នុងអំឡុងពេល នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ជាពិសេស​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន រួម​ជាមួយនឹង​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ផលិត​ផ្នែក​កសិកម្ម ពង្រឹង​សន្ដិសុខ​ស្បៀង​ឱ្យបាន​រឹងមាំ ដើម្បី​ទ្រទ្រង់ និង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា ក្នុង​កាលទេសៈ​ដែល​លំបាក ដែល​កើតមានឡើង​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​សាកល ដោយ​ធ្វើយ៉ាងណា​ប្រែក្លាយ​ពី​វិបត្តិ ឱ្យទៅជា​ឱកាស​មាស​សម្រាប់​កសិក​រ​កម្ពុជា។

លោក​បន្តថា បន្ថែម​ពីនេះ នៅ​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ឡើងវិញ​នូវ​ការ​ប្រែក្លាយ​ពី​ឱកាស​ដ៏​លំបាក នៃ​ភាព​ប្រឈម​ទៅជា​ឱកាស​មាស ដែល​អាចជួយ​សម្រួល​ដ​ល់​កម្រិតជីវភាព អាច​ទទួលបាន​នូវ​ប្រាក់ចំណូល​បន្ថែម​នៅក្នុង​កំឡុងពេល​នៃ​វិបត្តិ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “ជា​លទ្ធផល នៅក្នុង​ឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជា​កម្ពុជា មាន​បញ្ហា​ប្រឈម​ជាមួយនឹង​កូ​វីដ១៩ និង​គ្រោះរាំងស្ងួត​នៅ​ដើមរដូវ​វស្សា រួមជាមួយ​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​បាន​កើតឡើង​នៅ​ចុងឆ្នាំ២០២០យ៉ាងណាក្ដី ប៉ុន្តែ​យើង​បាន​រៀនសូត្រ​ពី​កត្តា​ធម្មជាតិ ហើយ​ថែមទាំង​អាច​ដោះស្រាយ​បញ្ហា​បាន” ។ លោក​បន្តថា “ក្រោម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា យើង​ឃើញថា​ផលដំណាំ​ស្រូវ​ទាំង​រដូវ និង​រដូវវស្សា​ក្នុង​ឆ្នាំ២០២០កន្លងទៅ​សម្រេចបាន​នូវ​ភាពល្អប្រសើរ​ក្នុង​កំណើន០,២៤ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៩” ។

លោក​វេ​ង សាខុន​បាន​បន្តថា ជារួម​នៅក្នុង​ឆ្នាំ២០២០ យើង​ផលិត​បាន​ស្រូវ​សរុប​ចំនួន ១០,៩លាន​តោន ហើយ​ស្បៀង​ដែល​នៅសល់​មាន​ប្រមាណ៥,៩តោន។ ដោយឡែក​ការនាំចេញ​អង្ករ កាលពី​ឆ្នាំ២០២០មាន​ចំនួន៦៩ម៉ឺន​តោន កើនឡើង ១១,៣១ភាគរយ ធៀប​ទៅនឹង​ឆ្នាំ២០១៩ ដែលមាន​ត្រឹម៦២ម៉ឺន​តោន​តែប៉ុណ្ណោះ ខណៈដែល​ការនាំ​ស្រូវ​ចេញទៅ​ក្រៅប្រទេស​បាន​ប្រមាន២,៩លាន​តោន ហើយ​គិត​ជា​ចំណូល​សរុប​ពី​ការនាំចេញ​ស្រូវ-អង្ករ​សរុប​បាន​ប្រមាណ ១២៦០លាន​ដុល្លារ” ។

លោក វេ​ង សាខុន បាន​មានប្រសាសន៍​បន្តថា គ្រប់គ្នា​បានដឹងហើយថា អ្វី​ជា​ទស្សនៈវិស័យ​របស់​ស​ម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​ដាក់ចេញ​ជា​យុទ្ធសាស្ត្រ ក្នុងការ​អភិ​វ  ឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ក្រសួងកសិកម្ម​បាន​ចាប់​ច្បាម​យក​នូវ​អ្វី ដែលជា​ទស្សនៈវិស័យរ​បស់​សម្ដេច​មក​អនុវត្ត  និង​ធ្វើជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ក្នុង​ចូលរួម​ជំរុញ និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ឱ្យ​ឈាន​ទៅជា​ប្រទេសមួយ ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅក្នុង​ឆ្នាំ២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៥០ ខណៈដែល​ក្រសួង​ក៏បាន​រៀបចំ​ផែនការមេ សម្រាប់​អនុវត្ត​រហូតដល់​ឆ្នាំ២០៣០ ពី​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ប្រកបដោយ​ការប្រកួតប្រជែង​បរិ​យាប​ន្ន ធន​ជាមួយ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ស្បៀង និង​អាហារូបត្ថម្ភ​កម្ពុជា រួម​ជាមួយនឹង​ការជំរុញ​ការផលិត​ប្រកបដោយ​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាជន។

ជាមួយនឹង​ការធ្វើ​ពិពិធ​ម្ម នៃ​វិស័យ​កសិកម្ម​បែប​ទំនើបកម្ម ស្របតាម​ផែនការមេ​ដែលជា​យុទ្ធសាស្ត្រ​នេះ តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កម្ពុជា​បាន​សហការ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន ក៏ដូចជា​ស្ថាប័ន​កំពូល​ពិភពលោក​ដូចជា​មូលនិធិ​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភព លោក​ជាដើម ដើម្បី​ធ្វើយ៉ាងណា​អាច​ប្រមូលផ្តុំ និង​ការផ្សារភ្ជាប់​ជា​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ចេញ​ពីមួយ​ទៅមួយ ដើម្បី​ធានា​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាកសិករ ដែលជា​អ្នក​ផលិត​មាន​ទីផ្សារ​ល្អ រួម​ជាមួយនឹង​ការទទួលបាន​តម្លៃ​ខ្ពស់៕

ឆ្លងកាត់​បី​សម័យកាលធំៗបានធ្វើ​ឲ្យ​កម្ពុ​ជាមាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​អចលនទ្រព្យ​ជាច្រើន តើ​វា​នៅមាន​សុពលភាព​ឬទេ

ដោយ​គង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពី​យុគសម័យ​ដ៏​ងងឹត កម្ពុជា​បាន​ឆ្លងកាត់​សម័យកាលធំៗចំនួន​បី ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តើ​ប័ណ្ណ​កម្ម​សិ​ទ្ខចាស់ៗនៅមាន​សុពលភាព​ឬទេ?។

គេហទំព័រ Propertyarea.asia សូម​លើកយក​ចំណេះដឹង​ពី​ផ្នែក​នេះ ដើម្បី​ផ្តល់ជូន​អ្នកអាន​បាន​សិក្សា​ស្ប​វែង​យល់​បន្ថែម។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការគ្រប់គ្រង​តាមរយៈ​ប័ណ្ណ​សម្គាល់ ឬ​វិញ្ញាបនបត្រ​គ្រប់គ្រង​អចលនទ្រព្យ​នៅ​កម្ពុជា ពិត​ជាមាន​ច្រើន​ប្រភេទ​នៅ​កម្ពុជា ដែល​ប័ណ្ណ​ឬ​វិញ្ញាបនបត្រ​ទាំងនោះ​មាន ដូចជា ទី១ ចន្លោះ​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៨៥ កម្ពុ​ជាមាន​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ដែល​គេ​ហៅថា “ប័ណ្ណ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា” ។ ប័ណ្ណ​ប្រភេទ​នេះ​នៅ​បន្សល់​ទុកតិ​ត​ច​តួច​ប៉ុណ្ណោះ ក្នុងករណី​ម្ចាស់​ដី​មិន​ផ្លាស់ប្តូរ​ប័ណ្ណ និង​ភាគច្រើន​ស្ថិតនៅ​តំបន់​ជនបទ​ដាច់ស្រយាល។

ទី២ គិត​ចាប់ពី​កំឡុង​ឆ្នាំ១៩៨៥ ដល់​ដើម​ទសវត្សរ៍១៩៩០ កម្ពុជា​បាន​ផ្លាស់ប្តូរ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​អចលនទ្រព្យ​ថ្មី​មួយទៀត ដែល​គេ​និយម​ហៅថា “ប័ណ្ណ​ស្លាបមាន់” ដែល​ប័ណ្ណ​ប្រភេទ​នេះ នៅតែមាន​ការប្រើប្រាស់រ​ហូត​ដល់​បច្ចុប្បន្ននេះ​ផងដែរ។ ទី៣ ប្លង់​កាន់កាប់​ឬ​គ្រប់គ្រង​អចលនទ្រព្យ ដែលមាន​ការចេញ​ឲ្យ​ប្រើប្រាស់​កំឡុង​ឆ្នាំ១៩៩៣ មកដល់​បច្ចុប្បន្ន (ហៅថា​ប្លង់​ទន់) ដែល​ប័ណ្ណ​ប្រភេទ​នេះ​មានការ​ពេញនិយម ប្រើប្រាស់​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ននេះ។

ប័ណ្ណ​ប្រភេទ​នេះ មានការ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​ឃុំ សង្កាត់ និង​តាម​បណ្តា​ស្រុក​នានា។

ទី៤ បច្ចុប្បន្ន​មាន​ប័ណ្ណ​មួយទៀត ដែល​ហៅថា​ប្លង់​រ៉ឹង ឬ​វិញ្ញាបនបត្រ​ដែលមាន​ការទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត។ប័ណ្ណ​នេះ​មាន​ពីរ​យ៉ាង ដែល​ខ្លះ​គេ​ហៅថា L MAP និង​ខ្លះទៀត​ហៅ​ប័ណ្ណ​បំបែក​ក្បាលដី។

រហូតមកទល់​ពេលនេះ ដើម្បី​ទប់ស្កាត់​ទំនាស់​ដីធ្លី និង​ប័ណ្ណ​និមួយៗមាន​សុពលភាព​ផ្លូវច្បាប់ គឺ​ពេល​ចុះ​វាស់វែង​ដីធ្លី តែងតែមាន​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​ចូលរួម ទោះជា​ធ្វើ​ប្លង់​ឬ​ប្លង់​រ៉ឹង​ក៏ដោយ។

ប័ណ្ណ​ទាំង៤ប្រភេទ​ខាងលើនេះ សុ​ទ្ឋ​តែមាន​សុពលភាព​ផ្លូវច្បាប់ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ហានិភ័យ​ពី​ការរំលោភបំពាន​ដីធ្លី អ្នកកាន់កាប់​អចលនទ្រព្យ​ដែលមាន​ប្លង់​របប​សាធារណៈរដ្ឋ ប័ណ្ណ​ស្លាបមាន់ និង​ប្លង់​ទន់​គួរតែរៀបចំ​ឯកសារ​រ​បស់​ខ្លួន ដើម្បី​ស្នើសុំ​ធ្វើ​ប្លង់​រ៉ឹង ដែលមាន​ការទទួលស្គាល់​ពី​មន្ទីរ និង​ក្រសួង​ជំនាញ​ជាក់លាក់” ។

ការកាន់កាប់​អចលនវត្ថុ​អ្វីមួយ ដែលមាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ច្បាស់លាស់​ពី​សំណាក់​អាជ្ញាធរ​ជំនាញ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នាពេល​អនាគត” ។

ទោះជា​យ៉ាងណា​បច្ចុប្បន្ននេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាននិងកំពុង​បញ្ជូន​មន្ត្រី​ជំនាញ​របស់ខ្លួន ចុះ​ធ្វើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដីធ្លី​ថ្មី ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ ឃុំ​នៃ​បណ្តា​រាជធានី ខេត្ត​ទាំង២បណ្តើរៗហើយ៕

អបអរសាទរគម្រោងខុនដូUrban Village ឈ្នះពានរង្វាន់ គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ី

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការអបអរសាទរគម្រោងអភិវឌ្ឍន៍ខុនដូUrban Village ទទួលបានពានរង្វាន់ Best Condo Development Cambodia 2019/2020 និង Best Condo Development Asia 2019/2020 ដែលផ្តល់ដោយស្ថាប័នភ្នាក់ងារនិងវាយតម្លៃអចលនៈទ្រព្យអន្តរជាតិ Property Guru ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty បានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Urban Village រៀបចំពិធីជួបជុំជប់លៀងទទួលទានអាហារ និងភេសជ្ជៈចម្រុះ ជាលក្ខណៈគ្រួសារស្និទ្ធស្នាល ដោយមានការប្រគំតន្ត្រីសម័យ មានកន្លែងក្មេងលេង និងការចាប់ឆ្នោតយករង្វាន់ជាច្រើន។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយភ្ញៀវកិត្តិយសទាំងអស់ដែលត្រូវបានអញ្ជើញ ក៏ដូចជាភ្ញៀវដែលចុះឈ្មោះចូលរួមដោយផ្ទាល់ សុទ្ធតែមិនត្រូវបានចំណាយថវិកានោះឡើយ ហើយថែមទាំងមានឱកាសចាប់ឆ្នោតផ្សងសំណាង ទទួលបានរង្វាន់អនុស្សាវរីយ៍ ជាពិសេសអាចទទួលបានការបញ្ចុះតម្លៃ លើការទិញខុនដូប្រណីតរបស់គម្រោង Urban Village ថែមទៀតផង។

 

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១២ ខែមករានេះថា កម្មវិធីដ៏អធិកអធអធមនេះ ក្រៅពីត្រូវបានប្រារព្ធធ្វើឡើងដើម្បីអបអរសាទរចំពោះគម្រោងខុនដូរUrban Villageដែលបានដើរតួនាទីជាគម្រោងអភិវឌ្ឍន៍ខុនដូល្អជាងគេ២ឆ្នាំជាប់គ្នា(២០១៩-២០២០) ក៏មានមានការជួបជុំ ជជែកពិភាក្សាការងារលើមុខជំនួញផ្សេងៗ ក៏ដូចជាជំនួញនៅក្នុងវិស័យអចលនទ្រព្យ។ អ្នកចូលរួមទាំងអស់នឹងបានជ្រាប ពីទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ក៏ដូចជាឱកាសវិនិយោគនៅពេលអនាគតផងដែរ ក្រោមការធ្វើបទបង្ហាញដោយអ្នកជំនាញជាតិ និងអន្តរជាតិដោយផ្ទាល់។

លោកបានបញ្ជាក់ថា “កម្មវិធីរបស់យើងខ្ញុំមានការជួបពិភាក្សា សំណេះសំណាលបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា អមដោយការប្រគំតន្ត្រីសម័យ ក្រោមវត្តមានរបស់លោក សុះ ម៉ាច លោក សាន ផាននិត កញ្ញា គង់ វង្សយ៉ាទី ព្រមទាំងតារាចម្រៀងជាច្រើននាក់ទៀត”។ លោកបន្តថា “ក្រៅពីនេះក៏មានការរៀបចំជាកន្លែងក្មេងលេង និងសកម្មភាពកម្សាន្តនានា រួមជាមួយនឹងការបម្រើសេវាម្ហូបអាហារដ៌ឆ្ងាញ់ពិសា ស្រាបៀរស្រស់ៗ និងស្រាក្រហមជាដើម”។

បន្ថែមពីនេះ លោកអ្នកក៏បានស្គាល់ច្បាស់ពីលក្ខណៈពិសេស និងប្រណីតភាពរបស់គម្រោងខុនដូ Urban Village ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីបំពេញតាមតម្រូវការទីផ្សារផងដែរ។ លោកអ្នកគ្រាន់តែបង់ប្រាក់១០% មុនតែប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ នៃខុនដូដ៏ប្រណីត ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ លើផ្លូវ៦០ម៉ែត្រ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយកាន់តែពិសេសគឺទទួលបានទូរស័ព្ទស្មាតហ្វូន IPHONE 12 ចំនួន១គ្រឿងភ្លាមៗ។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ ចូលកម្សាន្តនៅក្នុងកម្មវិធីដ៏រីករាយនេះ អាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ 016 596 906 / 092 596 906។

ទីតាំងនៃកម្មវិធី ៖ ទល់មុខវត្តចាក់អង្រែលើ ក្នុងបរិវេណ Factory Phnom Penh ឬទីតាំងគម្រោងអភិវឌ្ឍន៍ខុនដូ Urban Village