រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជាទទួបានចំណូលប្រមាណ១២៦០លានដុល្លារពីការនាំចេញស្រូវ-អង្ករទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ វិស័យកសិកម្ម បាននាំចំណូលដល់កម្ពុជាជាង១២៦០លានដុល្លារ តាមរយៈការនាំចេញស្រូវ-អង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។

លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍៍ពិសេសនាព្រេកថ្ងៃទី១២ មករានេះថា កម្ពុជាបានឆ្លងផុតក្នុងនាមប្រទេសខ្វះស្បៀងមុនឆ្នាំ១៩៩៥ ហើយបានក្លាយទៅជាប្រទេស ដែលមានស្បៀងគ្រប់គ្រាន់ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលទទួលបាននូវសុខសន្ដិភាព យ៉ាងពេញលេញ និងឈានដល់ការដាក់ចេញ នូវគោលនយោបាយនាំចេញស្រូវ អង្ករទៅកាន់ទីផ្សារអន្តរជាតិ។

លោបន្តថា “”នៅត្រឹមឆ្នាំ២០១០យើងបាននាំចេញអង្ករជាជំហានៗ ដែលទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ហើយជាពិសេសនៅមុនពេលមាន ការរីករាលដាលនូវជំងឺកូវីដ១៩ វិស័យកសិកម្មបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់ជាង៧ភាគរយក្នុងមួយឆ្នាំ ដែលធ្វើឱ្យស្ថានភាពនៅកម្ពុជាមានការផ្លាស់ប្ដូរមុខមាត់ច្រើន ទាំងជីវភាពនៃការរស់នៅ ក៏ដូចជាការហូបចុកប្រកបដោយសុវត្ថិភាព”។

ដោយឡែកស្ថិតនៅក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន រួមជាមួយនឹងការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតផ្នែកកសិកម្ម ពង្រឹងសន្ដិសុខស្បៀងឱ្យបានរឹងមាំ ដើម្បីទ្រទ្រង់ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជា ក្នុងកាលទេសៈដែលលំបាក ដែលកើតមានឡើងនៅក្នុងវិបត្តិសេដ្ឋកិច្ចជាសាកល ដោយធ្វើយ៉ាងណាប្រែក្លាយពីវិបត្តិ ឱ្យទៅជាឱកាសមាសសម្រាប់កសិករកម្ពុជា។

លោកបន្តថា បន្ថែមពីនេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញនូវការប្រែក្លាយពីឱកាសដ៏លំបាក នៃភាពប្រឈមទៅជាឱកាសមាស ដែលអាចជួយសម្រួលដល់កម្រិតជីវភាព អាចទទួលបាននូវប្រាក់ចំណូលបន្ថែមនៅក្នុងកំឡុងពេលនៃវិបត្តិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ជាលទ្ធផល នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជាកម្ពុជា មានបញ្ហាប្រឈមជាមួយនឹងកូវីដ១៩ និងគ្រោះរាំងស្ងួតនៅដើមរដូវវស្សា រួមជាមួយនឹងគ្រោះជំនន់ទឹកភ្លៀង ដែលបានកើតឡើងនៅចុងឆ្នាំ២០២០យ៉ាងណាក្ដី ប៉ុន្តែយើងបានរៀនសូត្រពីកត្តាធម្មជាតិ ហើយថែមទាំងអាចដោះស្រាយបញ្ហាបាន”។ លោកបន្តថា “ក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងឃើញថាផលដំណាំស្រូវទាំងរដូវ និងរដូវវស្សាក្នុងឆ្នាំ២០២០កន្លងទៅសម្រេចបាននូវភាពល្អប្រសើរក្នុងកំណើន០,២៤ភាគរយធៀបទៅនឹងឆ្នាំ២០១៩”។

លោកវេង សាខុនបានបន្តថា ជារួមនៅក្នុងឆ្នាំ២០២០ យើងផលិតបានស្រូវសរុបចំនួន១០,៩លានតោន ហើយស្បៀងដែលនៅសល់មានប្រមាណ៥,៩តោន។ ដោយឡែកការនាំចេញអង្ករ កាលពីឆ្នាំ២០២០មានចំនួន៦៩ម៉ឺនតោន កើនឡើង១១,៣១ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩ ដែលមានត្រឹម៦២ម៉ឺនតោនតែប៉ុណ្ណោះ ខណៈដែលការនាំស្រូវចេញទៅក្រៅប្រទេសបានប្រមាន២,៩លានតោន ហើយគិតជាចំណូលសរុបពីការនាំចេញស្រូវ-អង្ករសរុបបានប្រមាណ១២៦០លានដុល្លារ”។

លោក វេង សាខុន បានមានប្រសាសន៍បន្តថា គ្រប់គ្នាបានដឹងហើយថា អ្វីជាទស្សនៈវិស័យរបស់សម្ដេចតេជោហ៊ុន សែន ដែលបានដាក់ចេញជាយុទ្ធសាស្ត្រ ក្នុងការអភិ​វ  ឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្រសួងកសិកម្មបានចាប់ច្បាមយកនូវអ្វី ដែលជាទស្សនៈវិស័យរបស់សម្ដេចមកអនុវត្ត  និងធ្វើជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងចូលរួមជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅជាប្រទេសមួយ ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៥០ ខណៈដែលក្រសួងក៏បានរៀបចំផែនការមេ សម្រាប់អនុវត្តរហូតដល់ឆ្នាំ២០៣០ ពីការធ្វើទំនើបកម្មកសិកម្មប្រកប​ដោយការប្រកួតប្រជែងបរិយាបន្ន ធនជាមួយការប្រែប្រួលអាកាសធាតុក្នុងគោលបំណងជំរុញផលិតកម្មស្បៀង និងអាហារូបត្ថម្ភកម្ពុជា រួមជាមួយនឹងការជំរុញការផលិតប្រកប​ដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជន។

ជាមួយនឹងការធ្វើពិពិធម្ម នៃវិស័យកសិកម្មបែបទំនើបកម្ម ស្របតាមផែនការមេដែលជាយុទ្ធសាស្ត្រនេះ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបានសហការជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ជាច្រើន ក៏ដូចជាស្ថាប័នកំពូលពិភពលោកដូចជាមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម ដើម្បីធ្វើយ៉ាងណាអាចប្រមូលផ្តុំ និងការផ្សារភ្ជាប់ជាខ្សែច្រវ៉ាក់ផលិតកម្មចេញពីមួយទៅមួយ ដើម្បីធានាបង្កើនទំនុកចិត្តដល់ប្រជាកសិករ ដែលជាអ្នកផលិតមានទីផ្សារល្អ រួមជាមួយនឹងការទទួលបានតម្លៃខ្ពស់៕

លោកបណ្ឌិតហ៊ុន ម៉ាណែតពង្រឹកទំនាក់ទំនងល្អរវាងយុវជនកម្ពុជា ចិន

ដោយៈ គង់ ម៉ាលីន

                  ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានជួបជាមួយទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក Wu Chuanbing ដើម្បីពង្រឹងទំនាក់ទំនងយុវជននៃប្រទេសទាំងពីរ។

លោកWu Chuanbing បានមានប្រសាសន៍ក្នុងជំនួបជាមួយលោកបណ្ឌិតហ៊ុន ម៉ាណែតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា កម្ពុជា-ចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ។

លោកបន្តថា “ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃ​ណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន”។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ក្នុងនាមយុវជនកម្ពុជា បានបង្ហាញសេចក្តីរីករាយ ដែលបានឃើញថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានថែបំប៉នឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត”។

លោកបានបញ្ជាក់ថា “ជំនួបថ្ងៃនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង រវាងកម្ពុជាចិនលើគ្រប់វិស័យ”។

រដ្ឋាភិបាលចិន តាមរយៈស្ថានទូតសាធារណៈរដ្ឋ ប្រជាមានិតចិនប្រចាំនៅកម្ពុជាកំពុងផ្សារភ្ជាប់កិច្ចទំនាក់ទំនងល្អរវាងយុវជនចិន និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធ ហើយប្រែក្លាយឱ្យទៅជាគុណតម្លៃនៃប្រជាជននៃប្រទេសទាំង២។

លោកបានបន្តថា “តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនេះ ប្រទេសយើងទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ និងស្ថាប័ន។

ជាមួយគ្នានេះ កម្ពុជា-ចិន ក៏មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ”៕

 

បច្ចុប្បន្នភាពៈការអភិវឌ្ឍអចលនទ្រព្យនៅក្រុងព្រះសីហនុកំពុងវិវត្តន៍បែបណា?

        ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ឆ្នាំ២០២០ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថា មានការថមថយកំសួសបន្តិច បើធៀបនឹងខេត្តកំពត និងកែប។

អ្នកជំនាញលើកឡើងថា នៅក្នុងវិបត្តិកូវីដ១៩ អចលនទ្រព្យភាគច្រើននៅកម្ពុជា គឺទទួលបានការវិនិយោគពីវិនិយោគិនក្នុងស្រុក ខណៈវិនិយោគិនបរទេស ធ្លាក់ចុះច្រើន។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Advance បានមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុន ការអភិវឌ្ឍតាមខេត្តក្រៅពីភ្នំពេញ គេឃើញថាខេត្តព្រះសីហនុ គឺមានសន្ទុះជាងគេទៅហើយ ហើយមកដល់ឆ្នាំ២០២០កន្លងទៅនេះ ការវិនិយោគលើសំ​ណ​​ង់គឺវាមានភាពឆ្អែតទៅហើយ ជាក់ស្ដែងអគារដែលបានសាងសង់ពីមុនៗនោះ ក៏បានរួចរាល់ និងសម្រាប់ផ្ដល់ជូនវិនិយោគិនបរទេស ។

លោកបន្តថា “ឆ្នាំ២០២០ ជាឆ្នាំដែលកើតវិបត្តិ ហើយនៅក្នុងឆ្នាំនោះដែរ វិនិយោ​គិនបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជាក៏បានថមថយ ដែលធ្វើឱ្យការវិនិយោគនៅក្នុងខេត្តព្រះសីហនុ មានការថមថយជាងឆ្នាំមុនៗ”។ លោកបន្តថា “ឆ្នាំ ២០២០គឺជាឆ្នាំដែលវិនិយោគិនក្នុងស្រុកដាក់ទុនវិនិយោគ ហើយពួកគេត្រូវការដីដែលមានតម្លៃទាប”។

ចំណែកកំពង់សោម តម្លៃដីខ្ពស់ណាស់ទៅហើយ ដែលធ្វើឱ្យវិនិយោគិនក្នុងស្រុកត្រូវបង្វែទិសដៅទៅកាន់ខេត្តកំពត និងកែប ព្រោះទីនោះដីធ្លីមានតម្លៃទាបនៅឡើយធៀបនឹងក្រុងព្រះសីហនុ។

លោកបន្ថែមថា នៅក្នុងខេត្តព្រះសីហនុ បើនិយាយនៅទីប្រជុំជន គឺផ្ដោតលើតំបន់ពាណិជ្ជកម្ម ដូចជាកាស៊ីណូ សណ្ឋាគារជាដើម តែក៏មានតំបន់ខ្លះសម្រាប់សាងសង់ជាតំបន់លំនៅឋានដែរ ដូចជាតំបន់ភ្នំរាម និងតំបន់ជាយៗក្រុងទៀត ។

លោកបន្ថែមទៀតថា បើនិយាយពីខេត្តកំពតវិញ ឃើញថាមួយរយៈនេះ វិនិយោ​គិនក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍និងបោះទុនវិនិយោគជាហូរហែរ ដោយសារកត្តាមួយចំនួន ដូចជា ស្ថានភាពផ្លូវកាន់តែស្រួល ជាក់ស្ដែងផ្លូវជាតិលេខ៣ ឃើញថាក៏កាន់តែជិតរួចរាល់ និងអាចធ្វើដំណើរទៅមកបានស្រួល ។

ជាមួយគ្នានេះប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ វិស័យនេះពិតជាមានបញ្ហានិងមានការធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ មិនមែនមានតែក្នុងប្រទេសកម្ពុជានោះឡើយ ដោយសារតែវិបត្តិនៃការរាត​ត្បាតនៃជំងឺកូវីដ១៩។

លោកបន្តថា “សម្រាប់ឆ្នាំ២០២១វិស័យនេះ ខ្ញុំរំពឹងថានឹងអាចមានកំណើនល្អប្រសើរឡើងវិញដូចមុនពេលមានវិបត្តិ”។

អ្នកនាំាំពាក្យរដ្ឋបាលក្រុងព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយសា​រការរីករាលដាលមេរោគកូវីត១៩ ប៉ុន្តែនៅពេលស្ថានភាពជំងឺនេះបានធូរស្រាល និងវ៉ាក់សាំងមានប្រសិទ្ឋភាព ក្រុងព្រះសីហនុនឹងមានការរីកចម្រើនឡើងវិញ ខណៈបច្ចុប្បន្នមានជើងហោះហើរពីប្រទេសចិន៣ បួនលើកប៉ុណ្ណោះក្នុងមួយសប្តាហ៍ បានចុះចតនៅព្រលានយន្តហោះក្រុងព្រះសីហនុ។

លោកបន្តថា “ខ្ញុំជឿថាសេដ្ឋកិច្ចក្រុងព្រះសីហនុ នឹងមានការររីកចម្រើនឡើងវិញលឿន នៅពេលដែលជំងឺកូវីដបានធូរស្រាល ដែលអ្នកធ្វើដំណើរអាចធ្វើដំណើរបានងាយស្រួលនាពេលខាងមុខ”៕

សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុងហក់ឡើងខ្ពស់បំផុត ក្រោយក្រុងប៉េកាំងជះលុយ ២,៥ពាន់លានដុល្លារទិញយកភាគហ៊ុននេះ

ដោយៈសុខុម

ហុងកុង:  ភាគហ៊ុនក្រុងហុងកុង បានហក់ឡើងក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល

១១ ខែដោយសារបណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមថា មូលនិធិរបស់ចិនប៉េកាំងនឹងជួយទ្រទ្រង់ដល់មូលធន ដែលកំពុងសំយ៉ុងក្បាលចុះ ដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១២ មករានេះ។

សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index បានបន្ថែម ០,៥% ដល់ ២៨.០៣៧,៥១ នៅពេលបិទការជួញដូរកាលពីថ្ងៃអង្គារនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០មក។ ការហក់ឡើង១,១% របស់ទីផ្សារភាគហ៊ុននេះ អាចប៉ះប៉ូវរាល់ការខាតបង់ទាំងអស់ចាប់តាំងពីប្រទេសចិន បិទក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចផ្ទុះវីរុសកូវីដ-១៩ កាលពីប្រមាណ ១ ឆ្នាំមុន។

រីឯសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Shanghai Composite Index បានហក់ឡើង ០,៨% ក្រោយធ្លាក់ចុះ ១,១% កាលពីថ្ងៃច័ន្ទ ទី១១ មករា ដែលជាការធ្លាក់ថ្លៃខ្លាំងបំផុតក្នុងរយៈពេល៣សប្ដាហ៍។

ក្រុមអ្នកជួញដូរភាគហ៊ុនមកពីចិនប៉េកាំង បានបន្តហក់ចូលប្រឡូកក្នុងផ្សារភាគហ៊ុនក្រុងហុងកុង បន្ទាប់ពីពួកគេបានទិញយកភាគហ៊ុននេះ ក្នុងទំហំទឹកប្រាក់១៩,៥ ពាន់លានដុល្លារហុងកុង (២,៥ ពាន់លានដុល្លារអាមេរិក) តាមរយៈកម្មវិធីទិញភាគហ៊ុនឆ្លងដែន Stock Connect Programme កាលពីថ្ងៃច័ន្ទ ទី១១ មករា។

យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg បង្ហាញថា ពួកគេបានបោះទុនចំនួន៥,៥ពាន់លានដុល្លារហុងកុង បន្ថែមទៀតកាលពីថ្ងៃអង្គារ ទី១២ មករានេះ។

ទន្ទឹមនេះភាគហ៊ុនរបស់ក្រុមហ៊ុនចិនធំៗ រួមមាន ក្រុមហ៊ុនChina Mobile ក្រុមហ៊ុន China Unicom ក្រុមហ៊ុន China Telecom បានហក់ឡើងយ៉ាងតិច៤% បន្ថែមពីលើការហក់ឡើងកាលពីថ្ងៃច័ន្ទ ដោយសារមានការប៉ាន់ស្មានថា ក្រុមអ្នកជួញដូរមកពីចិនប៉េកាំង នឹងទិញយកភាគហ៊ុនដែលធ្លាក់ចុះ ក្រោយលក់ចេញកាលពីសប្ដាហ៍មុន។

ពេលនេះក្រុមហ៊ុនធំៗទាំង៣ខាងលើ បានស្ថិតក្រោមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដោយចាប់ផ្ដើមពីសប្ដាហ៍នេះទៅ តាមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ដែលបានដាក់ចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ចុងឆ្នាំ២០២០៕

អ្នកឧកញ៉ាសៀ រិទ្ធី បញ្ជាក់សក្តានុពលរបស់ក្រុមហ៊ុនថ្មីគ្រប់គ្រងផ្សារទំនើប ក្នុងគម្រោងThe Peak

        ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុនសម្ព័ន្ធBluebell Group បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា ដោយទទួលបានឳកាសគ្រប់គ្រងគម្រោងផ្សារទំនើបដ៏ធំ ក្នុងគម្រោងThe Peak នៅក្រុងភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd  និងក្រុមហ៊ុន CapitaLand Retail បានបញ្ចប់ជាស្ថាពរតាមរយៈការព្រមព្រៀងទ្វេរភាគីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

អ្នកឧកញ៉ាសៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងតំណាងក្រុមហ៊ុនOxley Gem (Cambodia) Co., Ltd បានបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃទី១២ មករានេះថា ក្រុមហ៊ុន Capital Mall គ្រាន់តែជាអ្នកផ្តល់ប្រឹក្សា លើការគ្រប់គ្រងផ្សារទំនើប ហើយឥឡូវនេះ ក្រុមហ៊ុនផុតកុងត្រា ក្នុងការផ្តល់ប្រឹក្សាដល់ការរៀបចំផ្សារទំនើប ក្នុងគម្រោង The Peak។

អ្នកឧកញ៉ាសៀ ឫទ្ធីបានថ្លែងបន្តទៀតថា “ក្រុមហ៊ុន BlueBell ដែលយើងទើបតែតែងតាំង គឺអ្នកគ្រប់គ្រងផ្សារទំនើប ហើយBlueBell គឺជាក្រុមហ៊ុនមួយ ដែលចាប់ផ្តើមតាំងពីអំឡុងឆ្នាំ១៩៥០ នៅប្រទេសជប៉ុន និងកូរ៉េ និងជាក្រុមហ៊ុន ដែលមានបណ្តាញក្នុងការទាក់ទាញយកក្រុមហ៊ុនម៉ាកល្បីៗពីប្រទេសក្រៅ ហើយនិងមានចំណូលដល់រាប់ពាន់លានដុល្លារ”។

Bluebell Group ជាក្រុមហ៊ុនឈានមុខគេមានភាពជោគជ័យ ក្នុងការបង្កើតម៉ាកផលិតផលមួយចំនួន នៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក។ ក្នុងនាមជាជំរើសដៃគូអាជី​វកម្មនៅអាស៊ី ក្រុមហ៊ុនសម្ព័ន្ធBluebell Group បច្ចុប្បន្នមានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង សាធារណៈប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ។

បណ្តាញចែកចាយរបស់ក្រុមហ៊ុនសម្ព័ន្ធនេះ រួមបញ្ចូលទាំងខ្សែសង្វាក់ផ្សារទំនើបដើម្បីលើកកំពស់ប្រជាប្រិយភាពផលិតផល បណ្តាហាងទំនិញនានា បញ្ជរលក់ទំនិញនានា រចនាបទនៃបណ្តុំម៉ាកផលិតផលរបស់ខ្លួនជាដើម ក៏ដូចជា បណ្តាញបោះដុំដែលបានឆ្លងកាត់ការជ្រើសរើសកំរិតគុណភាពខ្ពស់ រួមនឹងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងអាជីវកម្ម តាមទីផ្សារដោយផ្ទាល់ទាំងក្នុងស្រុក និងផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរផ្សេងៗ។

ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏បានដាក់ឱ្យដំណើរការ នូវប្រភេទផលិតផលមួយចំនួនដូចជា៖ សំភារៈលម្អ ស្បែកជើង សំលៀកបំពាក់ គ្រឿងក្រអូប ផលិតផលថែរក្សាសម្រស់ ភោជនីយអាហារ គ្រឿងអលង្ការ នាឡិកា វ៉ែនតា និងថ្នាំជក់ជាដើម។

ទោះបីជាក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ជាក្រុមហ៊ុនសម្ព័ន្ធមួយមានលក្ខណៈគ្រួសារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុននេះ មានបុគ្គលិកបច្ចុប្បន្នចំនួនប្រមាណជាង៤,០០០នាក់ ដោយមានទីតាំងលក់ទំនិញចំនួន១.០០០កន្លែង និងចំណូលសរុបប្រមាណ២.៥០០លានដុល្លារអាមេរិក៕

តើក្រុមហ៊ុនCapital Land Retailពង្រីកខ្លួនដូចម្តេចក្នុងវិស័យផ្សារទំនើបនៅនៅអាស៊ី

ដោយៈម៉ាណេត

សឹង្ហបុរីៈ ក្រុមហ៊ុនCapitaLand Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Capital Land មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជាប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា។

ក្រុមហ៊ុន CapitaLand Limited (CapitaLand) គឺជាក្រុមអចលនទ្រព្យចម្រុះដ៏ធំបំផុតមួយនៅអាស៊ី។ ដោយមានការិយាល័យកណ្តាល និងបានចុះបញ្ជីនៅប្រទេសសិង្ហបុរី ក្រុមហ៊ុនជាម្ចាស់ និងគ្រប់គ្រងផលប័ត្រសកលតម្លៃ ប្រមាណ១៣៣,៣ពាន់លានដុល្លារសិង្ហបុរី គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ផលប័ត្ររបស់ក្រុមហ៊ុន CapitaLand មានអចលនទ្រព្យចម្រុះ ដូចជា អចលនទ្រព្យបែបពាណិជ្ជកម្ម ផ្សារទំនើប ឧស្សាហកម្ម និងភស្តុភារ ការអភិវឌ្ឍចំរុះ ការអភិវឌ្ឍទីក្រុង ក៏ដូចជាកន្លែងស្នាក់នៅ និងលំនៅដ្ឋាន។

ដោយមានវត្តមាននៅទូទាំងទីក្រុងចំនួន២២០ ក្នុងប្រទេសជាង៣០ ក្រុមហ៊ុននេះផ្តោតសំខាន់លើសិង្ហបុរី និងចិន ដែលជាទីផ្សារស្នូលរបស់ខ្លួន ខណៈក្រុមហ៊ុនេះនៅតែបន្តពង្រីកទីផ្សារដូចជាប្រទេសឥណ្ឌា វៀតណាម អូស្ត្រាលី អឺរ៉ុប និងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនCapitaLand មានអាជីវកម្មគ្រប់គ្រងអចលនទ្រព្យធំជាងគេបំផុតមួយនៅទូទាំងពិភពលោក។ ក្រុមហ៊ុន គ្រប់គ្រងការវិនិយោគលើអចលនទ្រព្យចំនួន៦ (REITs) ដែលបានចុះបញ្ជី និងអាជីវកម្មជាច្រើនទៀត របស់មូលនិធិឯកជនជាង២០ផងដែរ។

ក្រុមហ៊ុន CapitaLand បានបើកដំណើរការ REIT ដំបូងនៅសិង្ហបុរីក្នុងឆ្នាំ២០០២ ហើយបច្ចុប្បន្ន ក្រុមហ៊ុនCapitaLand មានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចក្រុមហ៊ុនCommercial​Trust ក្រុមហ៊ុន Ascendas Real Estate Investment Trust ក្រុមហ៊ុន Ascott Residence Trust ក្រុមហ៊ុន CapitaLand Retail China Trust ក្រុមហ៊ុន Ascendas India Trust និងក្រុមហ៊ុន CapitaLand Malaysia Mall Trust។

ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យ ប្រកបដោយការទទួលខុសត្រូវ ក្រុមហ៊ុនCapitaLand ចូលរួមចំណែកដល់ការជួយបរិស្ថាន និងសុខុមាលភាពសង្គមរបស់សហគមន៍ ដែលខ្លួនធ្វើប្រតិបត្តិការ ព្រោះវាផ្តល់តម្លៃសេដ្ឋកិច្ចរយៈពេលវែងដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។

កន្លងមកនេះ CapitaLand Retail ក៏ធ្លាប់ជាក្រុមហ៊ុនទទួលបានការតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុនសម្ព័ន្ធ ដែលមានទីតាំងស្ថិតនៅអគារ The Peak នៃរាជធានីភ្នំពេញ។

ប៉ុន្តែក្រុមហ៊ុន Oxley Gem (Cambodia) Co. , Ltd និងក្រុមហ៊ុន CapitaLand Retail បានបញ្ចប់ជាស្ថាពរ តាមរយៈការព្រមព្រៀងទ្វេរភាគីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ៕

CVEA សម្រេចតែងតាំងបុគ្គលដែលមានសក្ដានុពលក្នុងវិស័យអចលនទ្រព្យចំនួន៦រូបជាអនុប្រធានសមាគម

ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានសម្រេចតែងតាំងបុគ្គលដែលមានសក្ដានុពលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាចំនួន៦រូបធ្វើជាអនុប្រធានសមាគមសម្រាប់អាណត្តិទី៧ ឆ្នាំ២០២១-២០២២។

បុគ្គលដែលមានសក្ដានុពល និងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលត្រូវបានតែងតាំងជាអនុប្រធានរួមមាន ៖

-លោក សន សៀប ជាអនុប្រធានប្រតិបត្តិសមាគម ទទួលបន្ទុកការងារវាយតម្លៃអចលនវត្ថុ ។

-លោក ម៉ាន់ ច័ន្ទឌី ជាអនុប្រធានសមាគម ទទួលបន្ទុកការងារវិនិយោគ និងអភិវឌ្ឍន៍។

-លោក គុយ ញ៉េន ជាអនុប្រធានសមាគម ទទួលបន្ទុកការងារគៀងគរថវិកា ។

-លោក ពឹង សេរី ជាអនុប្រធានសមាគម ទទួលបន្ទុកការងារទំនាក់ទំនងសាធារណៈ ។

-លោក ឡុង គឹមសួគ៌ ជាអនុប្រធានសមាគម ទទួលបន្ទុកការងារភ្នាក់ងារអចលនវត្ថុ ។

-លោក ហុន ម៉េងហៀង ជាអនុប្រធានសមាគម ទទួលបន្ទុកការងារបណ្តុះបណ្តាលវិជ្ជាជីវៈអចលនវត្ថុ ។

ការតែងតាំងខាងលើនេះ ដើម្បីបន្ដផ្ដល់សេវាកម្ម លើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យអចលនវត្ថុ ជួយដល់សមាជិក-សមាជិកាទាំងអស់ឱ្យទទួលបានភាពរីកចម្រើន និងជោគជ័យក្នុងអាជីវកម្មនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា៕

ទីផ្សាអាផាតមុិនចាប់ផ្តើមមានសញ្ញាល្អឡើងវិញនៅដើមឆ្នាំ២០២១នេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្រដៀងគ្នាទៅនឹងផ្នែកផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាដែលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសាកល សម្រាប់ទីផ្សារអាផាតមុិនក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែស្ថានការអាចនឹងចាប់ផ្តើមកើនឡើងវិញក្នុងឆ្នាំ២០២១នេះ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Town City លោកវន ចាន់ថន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារអាផាតមុិនដែលមានការធ្លាក់ចុះកាលពីពាក់កណ្តាលឆ្នាំ២០២០នោះ បានចាប់ផ្តើមកម្រើកឡើងវិញជាបណ្ដើរៗ ខណៈដែលតម្លៃនៃការជួលក៏មានការកើនឡើងផងដែរ។

លោកបន្តថា “ស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងជំងឺកាលពីពេលកន្លងទៅ សម្រាប់ទីផ្សារអាផាមុិនក៏មិនសូវខុសពីផ្នែកដទៃទៀតនោះដែរ។ ការជួលអាផាតមុិនភាគច្រើនត្រូវបានចុះកុងត្រាជួលក្នុងរយៈពេលយូរ ប៉ុន្តែអ្វីដែលសំខាន់គឺភាគច្រើនជាជនបរទេសច្រើនជាងអ្នកនៅក្នុងស្រុក អត្រាចំនួននៃការជួលអាចមានច្រើន ប៉ុន្តែចំពោះតម្លៃគឺធ្លាក់ចុះ ដោយសារតែម្ចាស់អគារបានជួយសម្រួលទម្លាក់ចុះនូវតម្លៃក្នុងចន្លោះពី២០-៣០ភាគរយទៅដល់អតិថិជនរបស់ខ្លួនដែលជាអ្នកក្នុងស្រុកផ្ទាល់ ដោយឡែកសម្រាប់អតិថិជនជាជនជាតិបរទេសនៅមិនទាន់បានវិលចូលប្រទេសកម្ពុជាវិញនោះទេ”។

លោកបានបន្តថា “ដោយឡែកសម្រាប់ដើមឆ្នាំ២០២១នេះ ខណៈពេលដែលស្ថានភាពនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរមនុស្សចាប់ផ្តើមចេញដើរប្រកបមុខរបរ និងធ្វើជំនួញ និងបំពេញការងារឡើងវិញ តម្រូវការទីផ្សាមួយនេះក៏បានចាប់ផ្តើមប្រែរកស្ថានភាពល្អជាបណ្តើរៗ ហើយតម្លៃទៀតសោតក៏បានកើនឡើងវិញផងដែរ។ ខ្ញុំគិតថា មិនយូរទេ ទីផ្សារអាផាតមិននឹងងាកមករកភាពល្អប្រសើរវិញខណៈបណ្តាប្រទេសមួយចំនួនចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ជាពិសេសប្រទេសចិន ដែលមានប្រជាជនជាច្រើនចូលមករស់នៅ និងប្រកបការងារនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅក្នុងអគារអាផាតមុិន”។

នាយិការប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា នៅឆ្នាំ២០២១នេះផ្នែកជាច្រើននៅក្នុងវិស័យអចលនទ្រព្យនឹងចាប់ផ្តើមមានកំណើនឡើងវិញ ប៉ុន្តែនៅមិនទាន់ខ្លាំងក្លានោះទេ ដែលយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល៦ខែទៀត។

លោកស្រីបានបន្តថា “ទីផ្សារអាផាតមុិនកាលពីពេលកន្លងទៅក៏ទទួលរងនូវផលប៉ះពាល់ធ្ងន់ដែរ ដោយសារតែអតិថិជនភាគច្រើនជាជនបរទេសច្រើនជាងខ្មែរដែលនៅក្នុងស្រុក”។

លោកស្រីបញ្ជាក់ថា ពេលនេះសម្រាប់អ្នកដែលចូលទៅរស់នៅក្នុងអាផាតមុិនគឺភាគច្រើនជាជនជាតិខ្មែរ ដោយឡែកសម្រាប់អតិថិជនបរទេសនៅមិនទាន់វិលមកវិញនោះទេ ដោយសារតែប្រទេសនីមួយៗនៅមិនទាន់បើកទូលាយឱ្យធ្វើដំណើរចេញចូលនៅឡើយ។ ទីផ្សារមួយនេះអាចដំណើរការល្អវិញបាន យ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ២០២១ បន្ទាប់ពីការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាព និងជាសាកល ដែលអាចទប់ស្កាត់ការចម្លងជំងឺបាន១០០ភាគរយ ហើយវិនិយោគិន ក៏ដូចជាកម្លាំងជំនាញរបស់ជនបរទេសវិលមកប្រកបជំនួញ ឬបម្រើការងារនៅក្នុងប្រទេសកម្ពុជាវិញបាន៕

សហភាពអឺរ៉ុប និងដៃគូបានផ្តល់ហិរញ្ញប្បទានសរុប៤២០០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស

ដោយៈ រ៉ាណេត

ភ្នំពេញៈ សហភាពអឺរ៉ុប និងដៃគូអឺរ៉ុបដែលមានសមាជិកចំនួន១០ប្រទេស ព្រមទាំងសហព័ន្ធស្វីស បានផ្តល់ហិរញ្ញប្បទានសរុបចំនួន៤២០០លានដុល្លារ ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា សហភាពអឺរ៉ុប និងប្រទេសដៃគូអឺរ៉ុប គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ហើយក៏ជាទីផ្សារយ៉ាងសំខាន់របស់កម្ពុជាផងដែរ។

ចន្លោះឆ្នាំ១៩៩២-២០២០ ដៃគូអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន ១០ ព្រមទាំងសហព័ន្ធស្វីស ) បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុបប្រមាណ៤ ២០០លានដុល្លារ សមមូលនឹង១៩នៃហិរញ្ញប្បទានសរុប ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា។

ដោយឡែក សម្រាប់ផែនការយុទ្ធសាស្ត្រ សម្រាប់សហប្រតិបត្តិការនៃសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបនៅកម្ពុជា សម្រាប់កិច្ចអភិវឌ្ឍន៍នៅកម្ពុជាឆ្នាំ២០២១-២០២៧ ក៏ត្រូវបានលើកយកមកពិភាក្សា និងអនុវត្តបន្តផងដែរ។

ភាគីពាក់ព័ន្ធបានឯកភាពជាគោលការណ៍ លើអាទិភាពសម្រាប់យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ដូចមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការងារ និងការអភិវឌ្ឍប្រកប​ដោ​យចីរភាព និងបរិយាប័ន្ន។

លោកឈៀង យ៉ាណារ៉ាបានបញ្ជាក់ថា “ការអនុវត្តនូវយុទ្ធសាស្ត្ររួមគ្នារបស់អឺរ៉ុបស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០១៤-២០២០ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ២០១៤-២០២០ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាគឺប្រព្រឹត្តទៅបានដោយរលូន ជាមួយនឹងការទទួលបានលទ្ធផល គួរឱ្យកត់សម្គា​ល់”។

តំណាងដៃគូអឺរ៉ុបដែលមានចំនួន៥ប្រទេសដូចជា ឆែក បារាំង អាល្លឺម៉ង់ ស៊ុយអ៊ែត និងស្វីស បានវាយតម្លៃយ៉ាងខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ និងសម្រេចបានតាមរយៈវឌ្ឍនាភាពវិស័យអាទិភាពចំនួន៤រួមមាន ទី១ ការអភិវឌ្ឍវិស័យសង្គមកិច្ច ទី២ ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព ទី៣ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង និងជនបទ និងទី៤ អភិបាលកិច្ច និងអន្តរវិស័យ។

សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏ដូចជាសហព័ន្ធស្វីស សម្រាប់ដំណើរការនៃកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ តំណាងដៃគូអឺរ៉ុបក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងគ្រប់ដៃគូអឺរ៉ុបទាំងអស់ប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អ្នកជំនាញ: កម្ពុជាមានសណ្ឋានដីល្អសម្រាប់ការសាងសង់ ទោះមានការប្រែប្រួលអាកាសធាតុលើពិភពលោក

ដោយៈម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការប្រែប្រួលអាកាសធាតុលើពិភពលោក មិនបានបង្កប៉ះពាល់ដល់ការសាងសង់សំណង់ ឬសំណង់គ្រឹះនៅកម្ពុជានោះទេ ដោយសារតែកម្ពុជាមានភាពអំណោយផលចំពោះអាកាសធាតុ និងមានសណ្ឋានដីល្អសម្រាប់ការសាងសង់។

លោកសាស្ត្រាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបានថ្លែងប្រាប់Propertyarea.asia នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា ប្រទេសកម្ពុជាមានភាពអំណោយផលលើការអាកាសធាតុ ដោយសារកម្ពុជាមានប្រព័ន្ធអេកូឡូស៊ី និងមានដើមឈើច្រើន ហើយបានលក់កាបូនជាច្រើន ដើម្បីរក្សាព្រៃឈើ ដែលធ្វើឱ្យមានលំនឹងអាកាសធាតុ។

លោកបានថ្លែងថា “ការប្រែប្រួលអាកាសធាតុនេះ កើតឡើងនៅប្រទេសគេ ដូច្នេះវាមិនបង្កផលប៉ះពាល់ដល់ការសាងសង់សំណង់ ឬគ្រឹះសំណង់នៅកម្ពុជានោះទេ”។លោកបានថ្លែងថា “ខ្ញុំមើលឃើញថា ស្រទាប់ដីនៅក្នុងទីផ្សារក្រុងភ្នំពេញ ដូចជាព្រះប្រទានពរឱ្យ ព្រោះស្រទាប់ដីចាប់៣០ម៉ែត្រចុះទៅក្រោម គឺរឹងល្អសម្រាប់ការសាងសង់ ហើយចាប់ពី៤០ទៅ៥០ម៉ែត្រកាន់តែល្អ ដូច្នេះការសាងសង់កាន់តែខ្ពស់ គឺត្រូវខួងឱ្យចំណុច៤០ ទៅ៥០ម៉ែត្រ ដោយសារដីមានភាពរឹងមុំាល្អ ដូច្នេះការសាងសង់គ្រឹះអាគារនៅទីក្រុងភ្នំពេញមិនធ្វើឱ្យមានការព្រួយបារម្ភទេ”។

ជប៉ុនធ្លាប់ធ្វើការសិក្សាពីតំបន់បន្ទុះភ្នំភ្លើងនៅតំបន់អាស៊ី ក្នុងនោះ ថៃ ឡាវ និងមីយ៉ានម៉ាធ្លាប់ប្រវត្តិផ្ទុះភ្នំភ្លើង និងរញ្ជួយដី ហើយចាប់ពីឆ្នាំ១៩៣០ ដល់បច្ចុប្បន្ន បន្ទាត់ភ្នំភ្លើងគឺស្ថិតនៅជំវុញប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជាមិនស្ថិតនៅលើបន្ទាប់នោះទេ។

លោកសាស្ត្រាចារ្យបានថ្លែងថា “ទោះបីជាយ៉ាងណាក៏ដោយ អាគារខ្ពស់ៗរបស់យើងបច្ចុប្បន្ននេះ ក៏ត្រូវបានយកចិត្តទុកខ្ពស់ដែរក្នុងការសាងសង់ ហើយអាគារនិមួយៗត្រូវការទប់លំនឹងនៃអាគារខ្លួនឯង ដែលគេហៅថា “បន្ទុករស់ បន្ទុកងាប់”។

លោកបានពន្យល់ថា បន្ទុករស់ បន្ទុកងាប់ មានន័យថា បើគណនាពីរឿងគ្រឹះ គ្រឹះត្រូវសាងសង់ ដើម្បីទ្រទម្ងន់អាគារខ្លួន ដែលគេហៅបន្ទុករស់ ហើយទម្ងន់អាគារខ្លួនឯងនេះ គេហៅថា បន្ទុកងាប់។

លោកសាស្រ្តាចារ្យទួស សាភឿនបានពន្យល់ថា ឧទាហរណ៍ អាគារមានកម្ពស់៥០ជាន់ ស្មើនឹង៥០ម៉ឺនតោន ដែលជាបន្ទុកងាប់ ដូច្នេះគ្រឹះ (បន្ទុករស់) ត្រូវសាងសង់ដើម្បីទ្របានលើស៣០ភាគរយ នៃបន្ទុកងាប់ (អាគារទាំងមូល)៕