អ្នកជំនាញ: កម្ពុជាមានសណ្ឋានដីល្អសម្រាប់ការសាងសង់ ទោះមានការប្រែប្រួលអាកាសធាតុលើពិភពលោក

ដោយៈម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការប្រែប្រួលអាកាសធាតុលើពិភពលោក មិនបានបង្កប៉ះពាល់ដល់ការសាងសង់សំណង់ ឬសំណង់គ្រឹះនៅកម្ពុជានោះទេ ដោយសារតែកម្ពុជាមានភាពអំណោយផលចំពោះអាកាសធាតុ និងមានសណ្ឋានដីល្អសម្រាប់ការសាងសង់។

លោកសាស្ត្រាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបានថ្លែងប្រាប់Propertyarea.asia នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា ប្រទេសកម្ពុជាមានភាពអំណោយផលលើការអាកាសធាតុ ដោយសារកម្ពុជាមានប្រព័ន្ធអេកូឡូស៊ី និងមានដើមឈើច្រើន ហើយបានលក់កាបូនជាច្រើន ដើម្បីរក្សាព្រៃឈើ ដែលធ្វើឱ្យមានលំនឹងអាកាសធាតុ។

លោកបានថ្លែងថា “ការប្រែប្រួលអាកាសធាតុនេះ កើតឡើងនៅប្រទេសគេ ដូច្នេះវាមិនបង្កផលប៉ះពាល់ដល់ការសាងសង់សំណង់ ឬគ្រឹះសំណង់នៅកម្ពុជានោះទេ”។លោកបានថ្លែងថា “ខ្ញុំមើលឃើញថា ស្រទាប់ដីនៅក្នុងទីផ្សារក្រុងភ្នំពេញ ដូចជាព្រះប្រទានពរឱ្យ ព្រោះស្រទាប់ដីចាប់៣០ម៉ែត្រចុះទៅក្រោម គឺរឹងល្អសម្រាប់ការសាងសង់ ហើយចាប់ពី៤០ទៅ៥០ម៉ែត្រកាន់តែល្អ ដូច្នេះការសាងសង់កាន់តែខ្ពស់ គឺត្រូវខួងឱ្យចំណុច៤០ ទៅ៥០ម៉ែត្រ ដោយសារដីមានភាពរឹងមុំាល្អ ដូច្នេះការសាងសង់គ្រឹះអាគារនៅទីក្រុងភ្នំពេញមិនធ្វើឱ្យមានការព្រួយបារម្ភទេ”។

ជប៉ុនធ្លាប់ធ្វើការសិក្សាពីតំបន់បន្ទុះភ្នំភ្លើងនៅតំបន់អាស៊ី ក្នុងនោះ ថៃ ឡាវ និងមីយ៉ានម៉ាធ្លាប់ប្រវត្តិផ្ទុះភ្នំភ្លើង និងរញ្ជួយដី ហើយចាប់ពីឆ្នាំ១៩៣០ ដល់បច្ចុប្បន្ន បន្ទាត់ភ្នំភ្លើងគឺស្ថិតនៅជំវុញប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជាមិនស្ថិតនៅលើបន្ទាប់នោះទេ។

លោកសាស្ត្រាចារ្យបានថ្លែងថា “ទោះបីជាយ៉ាងណាក៏ដោយ អាគារខ្ពស់ៗរបស់យើងបច្ចុប្បន្ននេះ ក៏ត្រូវបានយកចិត្តទុកខ្ពស់ដែរក្នុងការសាងសង់ ហើយអាគារនិមួយៗត្រូវការទប់លំនឹងនៃអាគារខ្លួនឯង ដែលគេហៅថា “បន្ទុករស់ បន្ទុកងាប់”។

លោកបានពន្យល់ថា បន្ទុករស់ បន្ទុកងាប់ មានន័យថា បើគណនាពីរឿងគ្រឹះ គ្រឹះត្រូវសាងសង់ ដើម្បីទ្រទម្ងន់អាគារខ្លួន ដែលគេហៅបន្ទុករស់ ហើយទម្ងន់អាគារខ្លួនឯងនេះ គេហៅថា បន្ទុកងាប់។

លោកសាស្រ្តាចារ្យទួស សាភឿនបានពន្យល់ថា ឧទាហរណ៍ អាគារមានកម្ពស់៥០ជាន់ ស្មើនឹង៥០ម៉ឺនតោន ដែលជាបន្ទុកងាប់ ដូច្នេះគ្រឹះ (បន្ទុករស់) ត្រូវសាងសង់ដើម្បីទ្របានលើស៣០ភាគរយ នៃបន្ទុកងាប់ (អាគារទាំងមូល)៕

រដ្ឋបាលរាជធានីភ្នំពេញបន្តសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាកថ្មីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីបន្ថែមទៀតដើម្បីកាត់បន្ថយជំនន់នៃការកក់ស្ទះចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃនៅផ្លូវជាតិលេខ១ និងតំបន់ទីប្រជុំជនច្បារអំពៅចូលមករាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការគ្រប់គ្រង និងដឹកនាំដោយលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបង្កើតគណៈកម្មការសិក្សាពីគម្រោងនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ដែលនឹងត្រូវធ្វើការតភ្ជាប់ពីតំបន់ព្រែកប្រាខណ្ឌច្បារអំពៅ មកកាន់ត្រើយម្ខាងស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបញ្ជាក់ថា “បើតាមគម្រោងក្នុងជំហានបឋមរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណកម្មការសិក្សាពីគម្រោងសាងសង់ស្ពាននេះតាមរយៈសេចក្ដីប្រកាសលេខ ៣៨១/១៩ សសរ.រ ចុះហត្ថលេខាដោយលោកអភិបាលរាជធានីភ្នំពេញតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដោយមានសមាសភាពចំនួន២១នាក់ដែលជាមន្ត្រីជំនាញ និងមន្ត្រីអជ្ញាធរដែលពាក់ព័ន្ធ ប៉ុន្តែរហូតមកដល់ពេលនេះអាចនឹងមានការកែប្រែ និងបន្ថែមសមាសភាពមន្ត្រីជំនាញខ្លះទៀតតាមភាពជាក់ស្ដែងនៃតម្រូវ”។

គម្រោងសាងសង់ស្ពាននេះអាចនឹងដាក់គល់ស្ពាននៅក្បែរតំបន់សិប្បកម្មផលិតទឹកកកក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ហើយត្រៀងម្ខាងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយភ្ជាប់មកកាន់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែនៅតំបន់នេះមានឧបសគ្គច្រើនដែលត្រូវដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋច្រើនគ្រួសារ។

ដោយឡែក គណៈកម្មការដែលចុះសិក្សាត្រូវកំណត់ពីទីតាំងដែលត្រូវសាងសង់ ចុះស្រង់ស្ថិតិប្រជាជនដែលរងនូវផលប៉ះពាល់ទៅនឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់មួយនេះរួមជាមួយនឹងការធ្វើរបាយការណ៍សំខាន់ដែលពាក់ព័ន្ធផងដែរ៕

ការ​ព្យាករ៖ ប្រាក់ចំណេញ​ប្រចាំត្រីមាស​របស់​ធនាគារ​អាមេរិកធំៗនឹង​ដាំ​ក្បាលចុះ​ជាថ្មី​ម្តងទៀត

ដោយៈ​សុខុម

ញូវយ៉ក:  នៅពេល​ធនាគារ​អាមេរិកធំៗ បានចាប់ផ្ដើម​បញ្ចេញ​របាយការណ៍​រប​ស់​ខ្លួន​សម្រាប់​ត្រីមាស​ទី៤ កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ជា​លទ្ធផល​មួយចំនួន​បង្ហាញថា ប្រាក់ចំណេញ​របស់ខ្លួន បាន​ធ្លាក់ចុះ​រហូតដល់​ទៅ៤០% គិត​ចាប់តាំងពី​ឆ្នាំ២០១៨ មុនពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី១១ មករា។

ទោះជា​យ៉ាងណា បណ្ដា​វិនិយោគិន​នឹង​ផ្តោត លើ​ការស្វែងរក​វិធី​ធ្វើយ៉ាងណា​ឱ្យប្រាក់​ចំណេញ​កើនឡើង​វិញ​ក្នុង​ឆ្នាំ២០២១ ។

លោក Jason Goldberg អ្នកវិភាគ​ប្រចាំ​ធនាគារ​វិនិយោគ ពហុ​ជាតិ​សាសន៍​អង់គ្លេស Barclays បាន​លើកឡើងថា គួរ​ចាត់ទុក​ត្រីមាស​ទី៤ ជា​ត្រីមាស​អន្តរកាល ហើយ​សម្លឹង​ឆ្ពោះទៅរក​ស្ថានភាព​ប្រសើរឡើង​ក្នុង​ឆ្នាំ២០២១ ។

អ្នកវិភាគ​រូបនេះ​បន្ថែមទៀតថា “ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បានធ្វើឱ្យ​អត្រា​ការប្រាក់ និង​ប្រាក់ចំណេញ​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន” ។ លោក​បន្តថា “ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ក៏បាន​ជំរុញ​ឱ្យ​ធនាគារ​អាមេរិកធំៗ បាន​លៃ​ទុក​ថវិកា​ជាង៦៥ពាន់​លាន​ដុល្លារ សម្រាប់​ការខាតបង់​ឥណទាន​រំពឹងទុក​ផងដែរ។

យោងតាម​ការព្យាករណ៍​របស់​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក Refinitiv ប្រាក់ចំណេញ​របស់​ធនា​គារ​នានា នឹង​កើនឡើង​លើស​ទ្វេដង​ក្នុង​ត្រីមាស​ទី១ និង​ត្រីមាស​ទី២ ដើមឆ្នាំ២០២១ ។

ភាគហ៊ុន​របស់​ធនាគា​រ​បាន​ហក់​ឡើង៣៥% គិត​ចាប់​តាំងពីដើម​ខែវិច្ឆិកា ចុងឆ្នាំ២០២។ ចាប់តាំងពី​ពេលនោះ​មក វ៉ាក់សាំង​កូ​វីដ-១៩ ដែលមាន​ប្រសិទ្ធភាព​ត្រូវបាន​ចាប់ផ្តើម​ចែកចាយ ហើយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ ក៏បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក ដោយ​គណបក្ស​ឈ្នះឆ្នោត បាន​សន្យា​បញ្ចេញ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​បន្ថែមទៀត។

ធនាគារកណ្ដាល​អាមេរិក​Federal Reserve និយាយថា ខ្លួន​នឹង​អនុញ្ញាតឱ្យ​ធនាគារ​នានា ទិញយក​ភាគហ៊ុន​ឡើងវិញ​ជាថ្មី​ម្តងទៀត ដែល​នឹង​ធ្វើឱ្យ​ប្រាក់ចំណូល​ក្នុង​មួយភាគហ៊ុនៗកើនឡើង។

គិត​ត្រឹម​ថ្ងៃ​សុក្រ សប្ដាហ៍​មុន របាយការណ៍​របស់​ធ​នាគារ​Citigroup Inc បង្ហាញថា ប្រាក់ចំណេញ​របស់ខ្លួន ប្រចាំត្រីមាស​ទី៤ បាន​ធ្លាក់ចុះ៤២% ហើយ​ប្រាក់ចំណេញ​របស់​ធនាគា​រ Wells Fargo & Co បាន​ធ្លាក់ចុះ ៣៩% ចំណែកឯ​ប្រាក់ចំណេញ​របស់​ធនាគា​រ JPMorgan Chase & Co បាន​ធ្លាក់ចុះ​ត្រឹមតែ​ជាង៥% ប៉ុណ្ណោះ។

ធនាគារ​ទាំងបី​នេះ បាន​បញ្ចេញ​របាយការណ៍​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន។ នៅ​សប្តាហ៍​បន្ទាប់ ប្រាក់ចំណេញ​ប្រចាំត្រីមាស​របស់​ធនាគារ Bank of America Corp ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ៣៣% ។

តាម​រំពឹងទុក​ថា ប្រាក់ចំណេញ​របស់​ធនា​គារ Morgan Stanley នឹង​កើនឡើង ១% ហើយ​ប្រាក់ចំណេញ​របស់​ធនាគា​រ Goldman Sachs Group Inc នឹង​កើនឡើង​រហូតដល់៤៣% ដោយសារ​ការឡើង​ថ្លៃ​ភាគហ៊ុន​ក្នុង​ទីផ្សារ​មូលធន៕

សក្តានុពល​ខេត្តពោធិសាត់៖ ផ្លូវ​ត​ភ្ជាប់​ព្រំដែន​ថៃ-កម្ពុជា​ក្នុងស្រុក​វាលវែង​នឹង​ក្លាយជា​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត

ដោយៈ​ប៊ី

ពោធិ៍សាត់ៈ គម្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​រវាង​ភូមិ​ថា​សេន ឃុំ​ឡែ​មកា​ត់ ស្រុ​ម​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ មកកាន់​ច្រកព្រំដែន​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ របស់​ប្រទេស​កម្ពុជា ក្រោម​ការចំណាយ​របស់​ថៃ​ត្រូវបាន​បញ្ចប់ ការសាងសង់​ជា​ស្ថាពរ​ហើយ។


អភិបាលខេត្ត​ពោធិ៍សាត់ លោក​ម៉ៅ ធនិន បាន​មានប្រសាសន៍​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ​ថា ការតភ្ជាប់​ផ្លូវ​មួយ​ខ្សែ​នេះ ជាការ​បង្កើត​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​ប្រទេស​កម្ពុជា-ថៃ ជាពិសេស​ធ្វើឱ្យ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​សក្តា​នុ​ពេល​សេដ្ឋកិច្ច​ថែម​មួយកម្រិត​ទៀត។

លោក​បាន​ថ្លែងថា “កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រាល​កៅស៊ូ​ប្រភេទ AC មាន​ទឹង១៤ម៉ែត្រ ប្រវែង​ជិត ២០០០ម៉ែត្រ​ចែកចេញជា៤គន្លង” ។

លោក​បន្តថា ការសម្រេច​សាងសង់​កំណាត់​ផ្លូវ​នេះ គឺ​បន្ទាប់ពី​សភា​ថៃ​បានអនុម័ត ក្រោម​កិច្ច​ចុះហត្ថលេខា​របស់លោក​ឆ័​ត្រ​ប្រ​ឆៃ ផន​ម៉ន​ឡឺដ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ ឯកភាព​តាម​សំណើ​របស់​អភិបាលខេត្ត​ត្រាត កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ​ពាក់ព័ន្ធ​ការ​ព​ន្លឿ​ន​បើក​ច្រកព្រំដែន​អន្តរជាតិ​នេះ។

លោក​បាន​ឱ្យដឹងទៀតថា “ការតភ្ជាប់​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ការចង់​ឃើញ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ផ្ទាល់​តែម្តង ដើម្បី​បង្កើត​នូវ​ចរន្ត​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា” ។

ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលជា​តំបន់​ដាច់ស្រយាល​មួយ ពី​អតីត​កាលនោះ បាននិងកំពុង​ក្លាយទៅជា​តំបន់ មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម បន្ទាប់ពី​ផ្លូវ​មួយ​ជាតិ​មួយ​ខ្សែ គឺ​ផ្លូវជាតិ​លេខ៥៥ ត្រូវបាន​សាងសង់​រួចរាល់ និង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​កាលពី​ឆ្នាំ២០២០កន្លងទៅ។

ស្រុក​នេះ​ក៏​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ មាន​ទឹកជ្រោះ និង​ជួរ​ភ្នំ ខណៈ​ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ ជា​តំបន់​ទេសចរណ៍​ជាប់មាត់​សមុទ្រ។ ការតភ្ជាប់​ផ្លូវ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល រវាង​ខេត្តពោធិ៍សាត់​របស់​កម្ពុ​ជា និង​ខេត្ត​ត្រាត របស់​ថៃ តាម​ច្រក​ថ្មដា នឹង​ទាក់ទាញ​កាន់តែខ្លាំង​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ទាំងពីរ។

បច្ចុប្បន្ននេះ​នៅ​ច្រក​ថ្មដា​នេះ នៅ​ខាង​ទឹកដី​កម្ពុជា មានការ​វិនិយោគ​អភិវឌ្ឍ​លំនៅឋាន សណ្ឋាគារ និង​កន្លែង​លំហែកាយ​ជាច្រើន។ ក្រៅតែពី​វិស័យ​ទេសចរណ៍ ការតភ្ជាប់​ខេត្ត​ទាំងពីរ​តាមរយៈ​ច្រក​ថ្មដា នឹង​បង្ក​ភាពងាយស្រួល ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ៕

ខេត្តកំពត​នៅតែ​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគធំៗតម្លៃ​រាប់សិប​លាន​ដុល្លារ

ដោយៈ រ៉ា​ណេ​ត 

កំ​ពតៈ ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ប្រែក្លាយ​ខេត្ត​ជាប់មាត់​សមុទ្រ ឱ្យទៅជា​តំបន់​កម្សាន្ត​ដ៏​ទាក់ទាញ​លំដាប់​អន្តរជាតិ ប​ច្ចុ​ប្ប​នេះ ខេត្តកំពត នៅតែ​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍ធំៗជាច្រើន​ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ភ្ជាប់​ជាមួយនឹង​ការទទួលបាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​នៅ​ទូទាំង​ខេត្តកំពត លោក​បណ្ឌិត តេង រិទ្ធី ដែលជា​អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group នៅ​ល្ងាច​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញ​ពី​ក្ដី​សាទរ ទៅនឹង​អ្វីដែល​ខេត្តកំពត​ទទួលបាន​នៅពេលនេះ ជាមួយនឹង​ការបញ្ជា​ក់ថា គម្រោង​បណ្តាក់​ទុនវិនិយោគ​ដែលមាន​ទំហំ​ជាច្រើន​លាន​ដុល្លារ​ខាងលើនេះ ដែល​ភាគច្រើន​ជាការ​វិនិយោគ​ទៅលើ​ការបង្កើត​តំបន់​កម្សាន្ត​ទ្រង់ទ្រាយ​ធំ រួម​ជាមួយនឹង​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​បណ្ឌិត តេង រិទ្ធី ក៏បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​លំនៅដ្ឋាន​បែប​លំហែរ​មួយ​ខ្នង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​មានប្រសាសន៍​ផងដែរ​ថា សព្វថ្ងៃនេះ​មាន​គម្រោង​វិនិយោគ លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន នៅក្នុង​ខេត្តកំពត ជាពិសេស គម្រោង​រមណីយដ្ឋាន សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅតាម​ដងព្រែក​នានារ​បស់​ខេត្តកំពត។

លោក​បន្តថា “នៅពេល​ដែលមាន​គម្រោង​វិនិយោគ ផ្នែក​បដិសណ្ឋារកិច្ច​ច្រើន​នៅក្នុង​ខេត្ត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​នៃ​ភាពល្អប្រសើរ និង​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា នៅក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ធានាបាន​នូវ​គុណភាព​ខ្ពស់” ។លោក​បន្ថែមថា “ធម្មតា​នៅក្នុង​ធ្វើ​ពាណិជ្ជកម្ម ឬ​មុខ​ជំនួញ​ណាមួយ​ដែលមាន​ការប្រកួតប្រជែង វា​នឹង​ធានាបាន​នូវ​គុណភាព និង​កម្រិតស្តង់ដារ​មួយ ហើយ​យើង​ក៏​ចង់បាន​ការប្រកួតប្រជែង​បែបនេះ​ឱ្យបាន​ច្រើន ដើម្បី​ជំរុញ​ទៅដល់​ការលើកកម្ពស់​កម្រិត​គុណភាព” ។

លោក​សយ ស៊ី​ណុល បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា មិនមែន​មានការ​ប្រកួត​ប្រជែង​តែ​នៅក្នុង​ស្រុក​នៅទេ គឺ​កម្ពុជា​បាននិងកំពុង​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ។ ការទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​ទាមទារ​ឱ្យមាន​គុណភាព និង​ស្តងដារ​ចាំបាច់​បំផុត ដូច្នេះ នៅពេល​មានការ​ប្រកួតប្រជែង​កាន់តែច្រើន​វា​កាត់​តែ​ល្អ ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ និង​ជាតិ​អន្តរជាតិ៕

Angkor Grace Resort បង្ហាញ​ពី​រតនសម្បត្តិ​ថ្មី​នៅក្នុង​ខេត្តសៀមរាប

ដោយ មករា

សៀមរាប៖ សៀមរាប​គឺជា​តំបន់​ទេសចរណ៍ ដ៏​សំខាន់​ជាងគេ​របស់​ប្រទេស​កម្ពុជា ដែលមាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ជាង 2លាន​នាក់មក​ទស្សនា​ជា​រៀងរាល់ឆ្នាំ និង​ជាទី​ក្រុង​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​បំផុត បន្ទាប់ពី​រាជធានី​ភ្នំពេញ។ ដោយមាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​តាំងពី​ឆ្នាំ802 សៀមរាប គឺជា​ទីក្រុង​ដែលមាន​ទីតាំងនៅ​ជិត​បំផុត នៃ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​នៅក្នុង​ពិភពលោក ស្ថិតនៅ​ភាគ​ខាងជើង។

ទីក្រុង​របស់​កម្ពុជា​នេះ មាន​ភាព​លេចធ្លោ​ទាំងពីរ គឺ​អតីតកាល​ដ៏​រុងរឿង និង​បច្ចុប្បន្នកាល​ដ៏​រស់​រវើក។ បច្ចុប្បន្ន​ទីក្រុង​ប្រវត្តិសាស្ត្រ​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ផ្លាស់ប្ដូរ ដែលជា​ការចាប់​ផ្ដើមឡើង​វិញ​ដ៏​ធំ​បំផុត នៅក្នុង​ប្រវត្តិ​សម័យ​ទំនើប​របស់ខ្លួន តាមរយៈ​កម្មវិធី​ការងារ​ដ៏​ធំ​របស់​រដ្ឋាភិបាល ដែលមាន​ឈ្មោះថា គម្រោង​សាងសង់​ផ្លូវ​ទាំង 38 ខ្សែ និង​ការបង្កើត​ម្រោ​ង​វិនិយោគ​បរទេសធំ។

ការអភិវឌ្ឍ​ឯកជន​ខ្នាត​ធំ ដែល​ភាគច្រើន​ដំណើរការ ដោយ​លំហូរ​មូលធន​បរទេស រួមមាន បឹង​អង្គរ​អច្ឆរិយ ជា​គំរោង​អភិវឌ្ឍ​ដែលមាន​ទឹកប្រាក់350លាន​ដុល្លារ នៅ​ឆាយ​ណា​ថោ​ន​សៀមរាប ដែលមាន​ហាង​លក់ទំនិញ សួន​ទឹក សួន​ទស្សនីយភាព​បច្ចេកវិទ្យា​ខ្ពស់ ប្រឡាយទឹក សណ្ឋាគារទំនើបៗ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដែល​នឹង​ដំណើរការ​នាពេលខាងមុខ។ គំរោង​នេះ​ជាការ​វិនិយោគ​របស់​ប្រទេស​ចិន ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ 880លាន​ដុល្លារ នៅលើ​ផ្ទៃដី​ទំហំ 700ហិកតា។

ក្រៅពីនេះ ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​កំពុង​អភិវឌ្ឍ​នៅឡើយ បច្ចុប្បន្ន​រដ្ឋាភិបាល កំពុងធ្វើការ​សិក្សា​គម្រោងធំៗចំនួន20បន្ថែមទៀត។

គម្រោង​សាងសង់​ផ្លូវ​ទាំង 38ខ្សែ ដែលមាន​ប្រវែង 108.74 គីឡូម៉ែត្រ ដែលមាន​ការសាងសង់​ផ្លូវ​ថ្មី ស្ដារ​ស្ទឹង​សៀមរាប និង​កែលម្អរ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ កាមេរ៉ា​សុវត្ថិភាព ប្រព័ន្ធ​លូ ចិញ្ចើមផ្លូវ និង​បរិវេណ​សាធារណៈ។ ប្រសិនបើ​ការបង្ហាញ​រៀបរាប់​ខាងលើ​ក្លាយជា​ការពិត នោះ​សៀម​រាបនឹង​ស្ថិតក្នុង​ការផ្លាស់ប្ដូរ និង​ការធ្វើ​ទំនើបកម្ម​កាន់តែ​អស្ចារ្យ។

នៅពេល​ស្ថានភាព​ជំងឺ​រាតត្បាត​មាន​ភាពប្រក្រតី នោះ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​នឹងមាន ការរីកចម្រើន​ឡើងវិញ​នៅក្នុង​ឆ្នាំ2021 ។ កត្តា​នេះ​គឺ​ដោយសារតែ​អង្គរវត្ត​នៅតែ​ត្រូវបាន​ទទួលស្គាល់ថា ជា​តំបន់​ទេសចរណ៍​មួយ​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​នៅក្នុង​ពិភពលោក។

ជាងនេះទៅទៀត តម្រូវការ​ដំណើរ​កម្សាន្ត​តាម​នាវា​នា ដង​ទន្លេ​ខេត្តសៀមរាបកាន់តែ​មាន​ភាព​ពេញនិយម មុនពេល​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត ហើយ​ត្រូវបាន​រំពឹងថា នឹងត្រូវ​បានដាក់​ដំណើរការ​ឡើងវិញ​នៅក្នុង​ឆ្នាំ2021 បន្ទាប់ពី​ផ្អាក​ដំណើរការ​មួយរយៈ។

ជាមួយនឹង​ទីតាំង​យុទ្ធសាស្ត្រ នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ទីក្រុង ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​សណ្ឋាគារ​ផ្កាយ 5 និង​ស្ថិតក្នុង​ចម្ងាយ​ត្រឹមតែ 10 នាទី ពី​ទីតាំង​បេតិកភណ្ឌ​យូណេស្កូ ដែលមាន​តែមួយ​នៅក្នុង​ពិភពលោក គឺ​ប្រាសាទ​អង្គរ។ រមណីយដ្ឋាន Angkor Grace Resort គឺជា​កន្លែង​កម្សាន្ត​សហ​សម័យ លក្ខណៈ​គ្រួសារ​ដ៏​អស្ចារ្យ នៅ​ចំ​កណ្ដាល​ទីក្រុង​ដ៏​រស់​រវើក។ បែបបទ​ស្ថាបត្យកម្ម​លក្ខណៈ​ធម្មជាតិ របស់​រមណីយដ្ឋាន Angkor Grace Resort បង្ហាញ​អំពី​សម្បត្តិ​បេតិកភណ្ឌ​អង្គរ និង​ការ​រចនា​បែប​សហ​សម័យ នៃ​ទីក្រុង​សៀមរាប​ដ៏​អស្ចារ្យ ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅក្នុង​ពិភពលោក។ ជាពិសេស​រមណីយដ្ឋាន Angkor Grace Resort គឺជា​ទីកន្លែង​ត​ភ្ជាប់​ឡើងវិញ​នូវ​ធម្មជាតិ ព្រមទាំង​ផ្ដល់នូវ​ផាសុខភាព បែប​ទំនើប និង​ប្រ​ណឹ​ត​ភាព ដើម្បី​ការរស់នៅ​ដ៏​រីករាយ។

ដោយ​ផ្អែកលើ​ការមើលឃើញ​ជាក់ស្តែង ដែល​ផ្ដោតទៅលើ​ការ​សន្សំសំចៃ​ថាមពល តាមរយៈ​ការបង្កើន​លំហូរ​ខ្យល់​នៅលើ​ទីតាំង​គម្រោង​ទាំងមូល និង​ផ្ដល់នូវ​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ រួម​ជាមួយនឹង​រុក្ខជាតិ​បៃតង​ត្រូ​ពិ​ក និង​អាងទឹក​នៅ​ជុំវិញ​បរិវេណ​នៃ​ការរស់នៅនីមួយៗ គម្រោង Angkor Grace Resort រៀបចំឡើង​ដើម្បី​ផ្ដល់ជូន​លោកអ្នក​នូវ​បទពិសោធន៍ ដ៏​រីករាយ​ជាមួយនឹង​ភាពស្រស់ស្អាត នៃ​បេតិកភណ្ឌ​ជាតិខ្មែរ ដែលមាន​នៅក្នុង​លំនៅដ្ឋាននីមួយៗរបស់​អ្នក។

ជាមួយនឹង​ការបំពាក់​គ្រឿង​បរិក្ខារ​ពេញលេញ នៅក្នុង​បន្ទប់ទទួលភ្ញៀវ &ផ្ទះបាយ ដែល​អ្នក នឹង​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការរស់នៅ​ដ៏​រីករាយ នា​ថ្ងៃ​ឈប់សម្រាក​ជាមួយ​ក្លឹប​កំសាន្ត​ផ្សេង និង​ទេសភាព​ដ៏​ស្រស់ស្អាត នៅក្នុង​ទីក្រុង​ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ។ គម្រោង​នេះ អាចឱ្យ​អ្នកទទួលបាន​នូវ​អារម្មណ៍​ពិតប្រាកដ​នូវ​អ្វី ដែល​ប្រាសាទ​អង្គរ និងខេត្តសៀមរាប ផ្ដល់ជូន​លោកអ្នក​សម្រាប់​ការ​សម្រាក​វិស្សមកាល​ដ៏​រីករាយ។

តាមរយៈ​ការផ្ដល់ជូន​ពិសេស​ជាងគេ ដែលមាន​កម្មវិធី​ជួល​ត្រលប់​មកវិញ​រយៈពេល10ឆ្នាំ ជាមួយនឹង​អត្រា​ចំណេញ​សុទ្ធ6% សម្រាប់​រយៈពេល5ឆ្នាំ​ដំបូង និង7%សម្រាប់​រយៈពេល5ឆ្នាំ​បន្ទាប់ និង​តម្លៃ​ទាប​ត្រឹមតែ145,000ដុល្លារ​អាមេរិក តែប៉ុណ្ណោះ​ចំពោះ​ការបើក​លក់​តំបូង។

គម្រោង Angkor Grace Resort ក៏​ផ្ដល់ជូន​ផងដែរ នូវ​ការ​ស្នាក់នៅ​រយៈពេល14ថ្ងៃ​ក្នុង​មួយឆ្នាំ ជាមួយនឹង​ការប្រើប្រាស់​ពេញលេញ នូវ​បរិក្ខារ​របស់​គម្រោង។ ចំណុច​នេះ​ផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ពិសេស ចំពោះ​អ្នកធ្វើដំណើរ ដើម្បី​ការងារ​ទៅកាន់​ខេត្ត​សៀម​ជា​ច្រើនដង​ក្នុង​មួយឆ្នាំ។

ជាងនេះទៅទៀត ប្រសិនបើ​អតិថិជន​ត្រូវការ​ឥណទាន អតិថិជន​អាច​ទទួលបាន​នូវ​កម្ចី​ឥណទាន​រហូត​ទៅដល់70%។ ក្នុងករណី​ដែល​លោក អ្នក​ចង់បាន​នូវ​គ្រឿង​បរិក្ខារ​ពេញលេញ​ប្រកប ដោយ​គុណភាព​ខ្ពស់​តាម​ស្តង់ដារ​អន្តរជាតិ និង​ការ​រចនា​ផ្ទៃ​ខាងក្នុង​ដ៏​ស្រស់ស្អាត បន្ថែម​ទៅលើ​គ្រឿង​សង្ហា​រឹម​មួយ​ចំនូ​ន ដែល​គម្រោង​ផ្តល់ជូន ដោយ​លោកអ្នក​គ្រាន់តែ​ចំណាយ​ប្រាក់​បន្ថែម ត្រឹមតែ10,000ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ។.

តាមរយៈ​ការអភិវឌ្ឍ​គម្រោង ប្រកបដោយ​ភាពល្បីល្បាញ និង​ឈ្នះ​ពានរង្វាន់​ស្នាដៃ​ឆ្នើម​ដូចជា គម្រោង​សាងសង់​ខុន​ដូ240 Phnom Penh និង​The Peninsula Private Residences គម្រោង​Angkor Grace Resort ធានា​ដល់​ទំនុកចិត្ត និង​ផាសុខភាព សម្រាប់​វិនិយោគិន និង​អ្នក​ជួល​អចលនទ្រព្យ​នាពេលខាងមុខ។ សម្រាប់​អតិថិជន​ដែល​ចង់បាន​ការរស់នៅ​បែប​រី​សត ក្នុងតម្លៃ​សមរម្យ ឬ​ធ្វើ​វិនិយោគ​ដែលមាន​ផលចំណេញ​ខ្ពស់ សូម​ស្វែងយល់​បន្ថែម​អំពី​គម្រោង Angkor Grace Resort នៅថ្ងៃនេះ ដោយ​ចូល​មើល​ទំព័រ Facebook page ឬ​ទាក់ទង​តាមរយៈ​ទូរ​សព្ទ​លេខ +855 (0)92 161 743/ +855 (0)15 693 445

ប្រធាន CVEA ប្រាប់ថា មុន​សម្រេចចិត្ត​ទិញ​លំនៅឋាន គួរ​ពិចារណា​លើ​ចំណុច ៥យ៉ាង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​លំនៅឋានរ​បស់​ពលរដ្ឋ​កម្ពុ​ជាមាន​សន្ទុះ​យ៉ាងខ្លាំង ជាពិសេស​គូរ​ស្វាមី ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីថ្មោង ដែល​គិត​ជា​មធ្យម​ប្រមាណ៥ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ។

ជាមួយនឹង​កំណើន​នៃ​តម្រូវការ​ទាំងនេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងមាន​ភាព​មមាញឹក ក្នុងការ​សាងសង់​លំនៅឋាន ដូចជា​បុរី បណ្ដុំ​ផ្ទះល្វែង និង​ខុន​ដូរ​ជាដើម ដើម្បី​ផ្តល់​ជា​ជម្រើស​សម្រាប់​អ្នក ដែល​ប្រាថ្នា​ចង់បាន​លំនៅដ្ឋាន​ជា​កម្មសិទ្ធិ ប៉ុន្តែ​អ្វីដែល​សំខាន់​នៅត្រង់ថា មុនពេល​សម្រេចចិត្ត​គួរ​ពិចារណា​ទៅលើ​ចំណុច​ទាំង៥ជា​ចម្បង​ជាមុនសិន។

លោក​បាន​បញ្ជាក់ថា  សម្រាប់​អតិថិជន​ដែលជា​អ្នកទិញ ដើម្បី​ជៀសវាង​នូវ​ហា​នី​ភ័យផ្សេងៗ ក្រោយពេល​ទិញ​ក៏​ត្រូវតែ​យល់ដឹង​គន្លឹះខ្លះៗ មុននឹង​សម្រេចចិត្ត​ទិញ​ដូចជា

លំនៅឋាន​នៅ​ជិត​ផ្សារ និង សាលារៀន

លោក-អ្នកទិញ​លំនៅដ្ឋាន ត្រូវ​គិតដល់​ទីតាំងនៅ​ឋាន​ដែល​ជិត​ផ្សារ និង​សាលារៀន​ដើម្បី​មាន​ភាពងាយស្រួល​ក្នុង ធ្វើដំណើរ​ទៅ​ផ្សារ​ទិញ​របស់របផ្សេងៗ និង​មាន​ភាពងាយស្រួល​ជូន​កូន​ទៅ​សាលារៀន កុំ​ឲ្យ​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។

២ លំនៅឋាន​នៅ​ជិត​កន្លែងធ្វើការ

លោក-អ្នកទិញ​លំនៅដ្ឋាន​ត្រូវ​គិតដល់​ទីតាំងនៅ​ឋាន ដែល​នៅ​ជិត​កន្លែងធ្វើការ​របស់​អស់លោក អ្នក ដើម្បី​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ដំណើរ និង​ចំណាយពេល​តិច ព្រោះថា​បច្ចុប្បន្ន​បញ្ហា​កកស្ទះ​ចរាចរណ៍​បង្ករ ឪ្យ​អស់លោកអ្នក​ខាត​ពេល និង​ចំណាយ​ច្រើន​ជាដើម។

៣ លំនៅឋាន​នៅជាប់​នឹង​ផ្លូវធំ

លំនៅឋាន​នៅជាប់​នឹង​ផ្លូវធំ​មាន​ភាពងាយស្រួល ក្នុង​បង្កើត​មុខរបរ​អាជីវកម្មផ្សេងៗ ព្រោះ​មាន​មនុស្ស​ចេញចូល និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន។

៤ លំនៅឋាន​មាន​សុវត្ថិភាព

បញ្ហា​សុវត្ថិភាព គឺជា​រឿង​ចម្បង​របស់​មនុស្ស​ចឹ​ង​ទេ លោកអ្នក​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ល្អិតល្អន់ ទៅលើ​ការសាងសង់​លំនៅឋាន​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​បច្ចេកទេស​ត្រឹមត្រូវ​តាម​ស្តង់​ស្តារ រួមទាំង​ប្រព័ន្ធ​លូ ទឹក​និង​ភ្លើង​ដែរឬទេ? ម្យ៉ាងទៀត​ត្រូវ​មើល​ជុំ​ហ្នឹង​មាន​បញ្ហា​ចោរកម្ម និង​បញ្ហាផ្សេងៗទៀត​ដែល​បង្ករ​ឪ្យ​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។

៥ បរិយាកាស​គួរអោយ​ចង់​រស់នៅ និង​មាន​តំលៃ​សមរម្យ

ចំណុច​ក្រោយនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អស់លោកអ្នក​មានបំណង​ក្នុង​ការទិញ​លំនៅឋាន ត្រូវ​គិតពី​បរិយាកាស និង​បរិស្ថាន​ជុំវិញ​ល្អ​គួរ​ឲ្យ​ចង់​រស់នៅ​ដែរ​ទេ? សម្រាប់​តម្លៃ​លំនៅឋាន​វិញ សាក​សម​ជាមួយនឹង​លទ្ធភាព នៃ​ចំណូល​របស់​យើង​ដែរឬទេ?៕

អ្នកជំនាញ៖ ការវិនិយោគ​លើ​ទីផ្សារ​ដីធ្លី នៅតែមាន​ឱកាស​ចំណេញ

ដោយៈ រ៉ា​ណេ​ត 

ភ្នំពេញៈ នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​បែង​ចែកចេញជា​ផ្នែកផ្សេងៗជាច្រើន ដែល​ក្នុងនោះ​អ្នកវិនិយោគ​បាន​សំឡឹង​ឃើញ ពី​ឱកាស​ដែល​អាច​ទទួលបាន​ផលចំណេញផ្សេងៗគ្នា មិន​ថា​ផ្នែក​សំណង់ ដីធ្លី ការអភិវឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​ការសាងសង់​អគារ​សម្រាប់​ជួល។

បើ​និយាយ​ពី​ឱកាស​ចំណេញ ដែល​អាច​ទទួលបាន​ពី​ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​អ្នកប្រតិបត្តិ​នៅក្នុង​វិស័យនេះ​អះអាងផ្សេងៗពីគ្នា ដោយ​ការ​លើកយក​ហេតុផល​មក​បញ្ជាក់​ផងដែរ។

ដោយឡែក​សម្រាប់​លោក ម៉ាន់ ច័ន្ទ​ឌី​អគ្គនាយក​ក្រុមហ៊ុន PREMIUM Group ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ និង​ច្រើន​ផ្នែក​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា សម្រាប់​ទស្សនៈ​របស់លោក ផលចំណេញ​ពី​ការវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​អាច​ទទួលបាន​ចមណេញ​ច្រើន គឺ​ការទិញ​លក់​ដី។

លោក​បន្តថា “នៅក្នុង​វិស័យ​អចលនទ្រព្យ ខ្ញុំ​បាន​វិនិយោគ​ទៅក្នុង​ផ្នែក​ជាច្រើន ដូចជា​ការវិនិយោគ​ទៅលើ​ការអភិវឌ្ឍន៍ បណ្តុំ​លំនៅដ្ឋាន​កម្រិត​សមរម្យ ការវិនិយោគ​ទៅលើ​ការ​នាំចូល​គ្រឿងសំណង់ ការវិនិយោគ​ទៅលើ​ការផ្តល់​កម្ចី សម្រាប់​ទិញ​លំនៅដ្ឋាន ក៏ដូចជា​ការវិនិយោគ​ទៅលើ​ផ្នែក​ដីធ្លី ទាំង​ដី​សម្រាប់​ជួល និង​ដី​សម្រាប់​លក់​ចេញ​យកចំណេញ” ។ លោក​បាន​បញ្ជាក់ថា “តាម​ការកត់សម្គាល់ និង​ជា​ទស្សនទាន​របស់ខ្ញុំ ឱកាស​នៃ​ការទទួលបាន​ផលចំណេញ​ច្រើនជាងគេ នៅក្នុង​ចំណោម​មុខ​ជំនួញ​ខាងលើ គឺ​ការវិនិយោគ​ទៅលើ​ដីធ្លី(ទិញ-លក់) ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី យើង​អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ស្ទើរតែ ១X ២ ឬ ១X៣ ក៏មានដែរ អាស្រ័យ​ទៅតាម​ទីតាំង និង​តម្រូវការ​ជាក់ស្ដែង​រប​ស់​ទីផ្សារ” ។

នៅពេល​សំណួរ​សួរថា បើ​វិនិយោគ​ទៅលើ​ដីធ្លី អាច​ទទួលបាន​ចំណេញ​ច្រើនជាងគេ តើ​ហេតុអ្វី​លោក​ត្រូវធ្វើ​ការវិនិយោគ​ទៅលើ​ផ្នែក​ដទៃទៀត?

លោក ម៉ាន់ ច័ន្ទ​ឌី បញ្ជាក់ថា “ថ្វី​ត្បិត​ការវិនិយោគ​ទៅលើ​ដីធ្លី អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ប៉ុន្តែ​យើង​ក៏ត្រូវ​ការ​ផ្នែក​ដទៃទៀត មក​ធ្វើការ​រួមផ្សំ​ផងដែរ។ លោក​បន្តថា “ខ្ញុំ​ទិញ-លក់​ដី បើ​ចំណេញ​ច្រើន​ខ្ញុំ​នឹង​លក់​ចេញភ្លាមៗ បើ​ចំណេញ​តិច ឬ​អាច​វិនិយោគ​ទៅ​ផ្នែក​ដទៃទៀត ដែល​អាច​ទទួល​ចំណេញ​ច្រើនជាង ដូចជា​ការសង់​ផ្ទះ​លក់​ជាដើម ខ្ញុំ​ក៏ត្រូវ​ពិចារណា” ។

លោក​បាន​បន្ត​ពន្យល់ថា “បើ​ត្រូវ​សាងសង់​ផ្ទះ​លក់ លោក​ក៏មាន​ក្រុមហ៊ុន​សាងសង់ បើ​ត្រូវការ​គ្រឿងសំណង់ លោក​ក៏មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់ ហើយ​បើ​ត្រូវការ​ស្ថាប័នហិរញ្ញវត្ថុ​សម្រាប់​ជួយ​ជ្រោមជ្រែង ដល់​ការផ្តល់​លក្ខខណ្ឌ​បង់​រំលស់​លោក​ក៏មាន ដូច្នេះ   អ្វីៗទាំងអស់នេះ ជា​បណ្តុំ​នៃ​មុខ​ជំនួញ​ពាក់ព័ន្ធ​របស់ តែប៉ុណ្ណោះ។

លោក​បន្ថែមថា “ប៉ុន្តែ​បើ​សួរថា មួយណា​ចំណេញ​ជាង ខ្ញុំ​នៅតែ​អះអាងថា​ការទិញ-លក់​ដី​គឺមាន​ឱកាស​ចំណេញ​ច្រើន និង​ក្លាយជា​អ្នកមាន​លឿន​ជាងគេ” ៕

សូចនាករឆ្នាំឆ្នាំ២០២១ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញធ្វើពិពិធកម្មពាណិជ្ជកម្ម ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងធំៗដែលជាយុទ្ធវិធីនៃការជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអនុវត្ត ដើម្បីធ្វើយ៉ាងអាចសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។

ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន បាននឹងកំពុងដំណើរការយ៉ាងរលូន ដែលក្នុងនោះរួមមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេសដូចជាផ្លូវជាតិសំខាន់ៗ ការពង្រីកកំពង់ផែទឹកជ្រៅ គម្រោងសាងសង់អាកាសយានដ្ឋាន ការចុះកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរី រួមជាមួយនឹងការធ្វើវិសោធនកម្មច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជាជាដើម។

លោកបណ្ឌិតហុង វណ្ណៈ អ្នកវិភាគ និងស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា គ្រប់គម្រោងទាំងអស់ដូច ដែលបានលើកឡើងខាងលើនេះ គឺជាយុទ្ធវិធីយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើង និងកំពុងអនុវត្តទៅតាមជំហានដែលគ្រោងទុក ក្នុងគោលបំណងកែប្រែ និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើរ។

លោកបានបញ្ជាក់ថា “ដូចដែលយើងបានឃើញហើយថា នៅក្នុងយុទ្ធវិធីក៏ដូចជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាអាចបង្កភាពងាយស្រួល ដល់បណ្តាវិនិយោគិនទាំងអស់ ដែលមានបំណងចងសម្ព័ន្ធវិនិយោគ ពាណិជ្ជកម្មជាមួយកម្ពុជាតាម       រយៈការយកចិត្តទុកដាក់ លើការសម្រួលដល់ច្បាប់វិនិយោគថ្មី ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូន ការចងសម្ព័ន្ធជាដៃគូយុទ្ធសាស្ត្រ ជាមួយបណ្តាប្រ​ទេ​សនាននៅក្នុងតំបន់ ក៏ដូចជានៅលើសាកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”។

លោកបន្តថា នៅក្នុងឆ្នាំ២០២១នេះ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួន ដូចជា មហាអំណាចសេដ្ឋកិច្ចចិន កូរ៉េ ជប៉ុន ឥណ្ឌ ក៏ដូចជាចក្រភពអង់គ្លេង ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូសាកល(RCEP) ដែលជាទីផ្សារដ៏ធំជាសាកល រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជាតិសំខាន់ៗជាច្រើន ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៣៣ លេខ៤១ លេខ២ ក៏ដូចជាផ្លូវនៅទូទាំងក្រុងព្រះសីហនុ និងផ្លូវ៣៨ខ្សែនៅក្រុងសៀមជាដើម។

បន្ថែមពីនេះនៅមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមជាមួយនឹងផ្លូវដែកឆ្លងប្រទេសផងដែរ។

លោកបណ្ឌិតហុង វណ្ណៈ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រៅពីគម្រោងខាងលើនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងអភិវឌ្ឍន៍ពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានជាច្រើនទីតាំង រួមមាន អាកាសយានដ្ឋានភ្នំពេញអន្តរជាតិថ្មី អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋានកងកេង គម្រោងអាកាសយានដ្ឋានចំនួន២នៅខេត្តកោះកុង គម្រោងអាកាសយាដ្ឋាននៅខេត្តបាត់ដំបង រួមជាមួយនឹងគម្រោងអាកាសយានដ្ឋាន ក្នុងតំបន់ខេត្តមណ្ឌលគីរី ដែលកំពុងទទួលសិទ្ធិសិក្សាដោយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព៏ន្ឋទាំងអស់នេះ គឺជាផ្នែកមួយនៃគម្រោងផែនការរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា សម្រាប់តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការធ្វើពិពិធកម្ម នៃការផលិតសម្រាប់នាំចេញ ថែមទាំងអាចអាចទាក់ទាញប ណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនមកកាន់កម្ពុជាផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងសិក្សាទៅលើសេច​ក្ដីព្រាងច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល ក៏ដូចជាជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិនានានៅលើសាកលលោក ឱ្យចូលមកកាន់កម្ពុជាបន្ថែម តាមរយៈការកាត់បន្ថយនូវនិតិវិធីកាត់បន្ថយពេលវេលា និងផ្តល់ឱកាសចំណេញច្រើន”។

លោកឧកញ៉ាលឹម ហេងបានបន្តថា អ្វីដែលកាន់តែជាឱកាសមាស ចំណេញលើចំណេញទៀតនោះគឺ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ដែលមានទីផ្សាររហូតដល់ប្រមាន១៤០០លាននាក់ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងអាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់។

បន្ថែមពីនេះ ក៏មានការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដូចជា ប្រទេសកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងឥណ្ឌា ជាដើម ដែលទាំងអស់នេះ សុទ្ធតែជាចំណុចខ្លាំងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិទាំងអស់៕

តើវឌ្ឈនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេច បានបែបណាហើយ

ដោយៈលក្ខិណា

ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ តាំងពីអំឡុងខែមីនាឆ្នាំ២០១៩ កន្លងទៅ  គឺមានរយៈពេលជិត២ឆ្នាំហើយ តែលទ្ធផលដែលសម្រេចបានលើគម្រោងមួយនេះ គឺទើបតែបានជាង៣០ភាគរយប៉ុណ្ណោះ គិតត្រឹមដើមឆ្នាំ ២០២១នេះ។

លោកវ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូនបានឱ្យដឹងតាម​ទូរស័ព្ទនារសៀលថ្ងៃទី១១ មករានេះថា កត្តាមួយចំនួនដែលធ្វើឱ្យគម្រោងផ្លូវនេះ ទើបតែសម្រេចបានជាង៣០ភាគរយ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ។

លោកបន្តពន្យល់ថា “ការសាងសង់ផ្លូវឬអ្វីមួយ ពិបាកបំផុតនិងយូរនោះ គឺបាតគ្រឹះរបស់វា ហើយនៅពេលបាតគ្រឹះត្រូវបានធ្វើរួចរាល់ វាប្រើពេលមិនយូរទេ ក្នុងការស្ថាបនា ។ ជាក់ស្ដែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក៏ត្រូវពង្រឹងគុណភាពបាតគ្រឹះផងដែរ ទើបក្នុងរយៈពេលជិត២ឆ្នាំមកនេះ សម្រេចបានជាង៣០ភាគរយ”។

លោកសូរិយាបានបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជានិងពិភពលោកក៏បានជួបវិបត្តិ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ផងដែរ ហើយកម្មករមួយចំនួនក៏ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដែលធ្វើឱ្យខ្វះកំលាំងក្នុងការស្ថាបនា តែយ៉ាងណាក៏មិនបានផ្អាកគម្រោងដែរ គឺនៅតែបន្តទៅមុខជាលំដាប់ ដើម្បីឱ្យបញ្ចប់នៅតាមការគ្រោងទុក របស់ក្រុមការងារ ។ នៅពេលគេធ្វើបាតគ្រឹះរួចរាល់ ជំហានបន្ទាប់គឺនឹងលឿនជាងធម្មតា។

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ក្រុងព្រះសីហនុ បានចំណាយទឹកប្រាក់ប្រ​មា​​ណជិត២ពាន់លានដុល្លារអាមេរិក ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ។ នៅពេលគម្រោងនេះស្ថាបនារួចរាល់ សសៃឈាមសេដ្ឋកិច្ចនេះ នឹងជំរុញការដឹកជញ្ជូន ការធ្វើដំណើរបានឆាប់រហ័សរវាងភ្នំពេញ និងក្រុងព្រះសីហនុ។

បើតាមអ្នកជំនាញបច្ចេកទេសផ្លូវនេះបានឲ្យដឹងថា ពេលដាក់ដំណើរការ នឹងអនុ​ញ្ញាតសម្រាប់តែយានយន្ត ដែលមានកំលាំងម៉ាស៊ីនលើសពី១២៥ សេសេឡើងទៅចរាចរណ៍លើវិថីនេះ ក្រៅពីនោះមិនអនុញ្ញាតឡើយ៕